|
អធិប្បាយចុងក្រោយ
|
| អវសានល្បែងភ្នាល់នៅកម្ពុជាៈ កំបូស៊ិកត្រូវរងគ្រោះយ៉ាងដំណំ |
| ដោយ រស់ ឌីណា | | | ២៧-០២-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៦ កុម្ភៈ ២០០៩៖ ក្រុមហ៊ុនភ្នាល់បាល់ កំបូស៊ិកត្រូវបានបិទ គ្រប់សាខាទាំងអស់ បន្ទាប់ពីមានសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន © វណ្ឌី រតនានាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសសង្គ្រាមជាមួយឧស្សាហកម្មល្បែងភ្នាល់។ តួយ៉ាង សម្តេចបានចាត់វិធានការជំហានដំបូង កាលពីថ្ងៃពុធ ទិ២៥ ខែកុម្ភៈ ដោយបញ្ជាអោយបិទក្រុមហ៊ុនកំបូស៊ិក ដែលជាក្រុមហ៊ុនភ្នាល់បាល់តែមួយគត់ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយអាជ្ញាធរកម្ពុជា។ សម្តេចបានបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុននេះយ៉ាងដាច់ណាត់ បើទោះបីជាអាជ្ញាប័ណ្ណនេះនៅមានសុពលភាពរហូតដល់ឆ្នាំ២០១១ក៏ដោយ។ បើតាមវិបសាយរបស់ក្រុមហ៊ុន ក្រុមហ៊ុនកំបូស៊ិកបានចាប់ផ្តើមប្រតិបត្តិការនៅលើទឹកដីកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០០២មកម្ល៉េះ។ ចំណែកអាជីវកម្មល្បែងកំសាន្តអេឡិចត្រូវនិច និងមេកានិចគ្រប់ប្រភេទ (ស្លុតម៉ាស៊ីន) និងល្បែងភ្នាល់ផ្សេងទៀតក៏កំពុងស្ថិតនៅក្រោមការតាមដានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់រាជរដ្ឋាភិបាលផងដែរ បន្ទាប់ពីបានបិទទ្វារក្រុមហ៊ុនកំបូស៊ិករយៈពេល២ថ្ងៃមក។ សម្តេចហ៊ុន សែន ព្រមានអភិបាលខ័ណ្ឌថា៖ បិទ រឺអស់លោកត្រូវដកចេញពីតំណែង! នៅក្នុងពិធីប្រគល់សញ្ញាបត្រមួយ នាទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសអំពីការបិទក្រុមហ៊ុននេះ បន្ទាប់ពីបានលើកឡើងអំពីគុណវិបត្តិនៃល្បែងភ្នាល់ទាំងនេះ។ សម្តេចបានព្រមានអភិបាលខ័ណ្ឌនាទីក្រុងភ្នំពេញ ដែលមិនអនុវត្តតាមបទបញ្ជាថ្មីនេះថា «តើអស់លោកខ្លាចនរណា? នាយករដ្ឋមន្រ្តី រឺមនុស្សនៅពីក្រោយខ្នងកន្លែងលេងល្បែងទាំងនេះ? ប្រសិនជាអស់លោកមិនអនុវត្តតាមនោះទេ អស់លោកនឹងបាត់បង់តំណែងមិនខាន តើនេះគឺជាអ្វីដែលអស់លោកចង់បានឬ?»
បញ្ហាសន្តិសុខ និងសីលធម៌ សម្តេចហ៊ុន សែនបានពន្យល់ថា គោលបំណនៃការបិទទ្វារនេះ គឺពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម។ សម្តេចមានប្រសាសន៍លំអិតថា ឧស្សាហកម្មល្បែងភ្នាល់គឺជាប្រភពនៃជម្លោះនិងអំពើហិង្សានៅក្នុងគ្រួសារ និងជាប្រភពនៃឃាតកម្មនៅក្នុងសង្គម។ សម្តេចមិនមែនជាមនុស្សតែម្នាក់ ដែលយល់ឃើញដូច្នេះឡើយ។ សម្តេចបានអោយដឹងទៀតថា ក្រុមប្រឹក្សាលើកកម្ពស់សីលធម៌ស្រ្តី ដែលមានភរិយាសម្តេចគឺជាប្រធានកិត្តិយស បានសំដែងការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំមួយ អំពីការធ្លាក់ចុះតម្លៃសីលធម៌នៅក្នុងសង្គមកម្ពុជា ដែលបណ្តាលមកពីល្បែងភ្នាល់។ សម្តេចបានសំដែងការសោកស្តាយថា ពលរដ្ឋកម្ពុជាត្រូវបានហាមឃាត់មិនអោយចូលលេងល្បែងប្រភេទនេះ តែក្រុមហ៊ុនល្បែងភ្នាល់បិទភ្នែក មិនអនុវត្តតាមច្បាប់ ដោយអនុញ្ញាតអោយអតិថិជនក្នុងស្រុកចូលលេង។
សម្តេចបានអះអាងថាអាជីវកម្មល្បែងភ្នាល់នាំប្រាក់ចំណូលដល់រដ្ឋតិចតួចណាស់។ ប៉ុន្តែ កាលពីសប្តាហ៍មុននេះ លោកជា ប៉េងឈាង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានប្រកាសប្រាប់អ្នកយកព័ត៌មានថាឧស្សាហកម្មល្បែងភ្នាល់ផ្តល់ពន្ធរដ្ឋប្រមាណជាង២០លានដុល្លារ សម្រាប់ឆ្នាំ២០០៨ ហើយលោករំពឹងទុកថាពន្ធដែលបានមកពីវិស័យនេះនៅឆ្នាំ២០០៩ នឹងកើនឡើង។ ដោយឡែក មន្រ្តីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា រដ្ឋាភិបាលមិនមានឆន្ទៈហាមឃាត់សកម្មភាពរកស៊ីទាំងនេះនោះទេ រដ្ឋាភិបាលត្រូវការអោយការរីកចម្រើននៃក្របខ័ណ្ឌច្បាប់ និងការប្រមូលពន្ធ ជាងអនុវត្តនយោបាយហាមឃាត់។ ដូចនេះ សេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីហាក់ដូចជាផ្ទុយទៅនឹងការអះអាងរបស់លោករដ្ឋលេខាធិការ។
បន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីណែនាំមួយ ក្រសួងសេដ្ឋកិច្ចក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាអោយបិទអាជីវកម្មល្បែងកំសាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ (ស្លុតម៉ាស៊ីន)នៅទូទាំងប្រទេស ព្រមទាំងចាត់ទុកជានិរាករណ៍រាល់អាជ្ញាប័ណ្ណទាំងអស់ ដែលមិនទាន់ផុតសុពលភាព។ សេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោកគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានព្រមានថាអ្នកដែលចចេសរឹងរូស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ លោករដ្ឋមន្រ្តីក៏បានអំពាវនាវអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការបង្ក្រាប លុបបំបាត់រាល់ល្បែងស៊ីសងលួចលាក់ខុសច្បាប់គ្រប់ប្រភេទ តាមសមត្ថកិច្ច។
មិនមានសំណងសម្រាប់កំបូស៊ិក នៅក្រោយកិច្ចប្រជុំមួយជាមួយដៃគូអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ លោកគាត ឈន់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាពន្ធដែលបានមកពីកំបូស៊ិក ដែលមានជាង២០សាខានៅទូទាំងប្រទេស មានប្រហែល១លានដុល្លារ ក្នុងមួយឆ្នាំ។ ឆ្លើយតបទៅនឹងសំណួរថាតើក្រុមហ៊ុនកំបូស៊ិកនឹងទទួលបានថ្លៃសងការខូចខាត សម្រាប់ដកហូតអាជ្ញាប័ណ្ណដោយមិនប្រាប់ជាមុននេះដែររឺទេ លោករដ្ឋមន្រ្តីបានឆ្លើយតបថាទោះបីជារដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរហូតដល់ឆ្នាំ២០១១ក៏ដោយ «ក៏កិច្ចសន្យាគ្មានចងគ្នាទៅវិញទៅមកទេ»... មានន័យថា ក្រុមហ៊ុនកំបូស៊ិកនឹងមិនទទួលបានសំណងថ្លៃខូចខាតណាមួយឡើយ។ លោកគាត ឈន់បានអះអាងថា គ្រឹះស្ថានល្បែងភ្នាល់ទាំងអស់ រាប់ទាំងកន្ទុយលេខ នឹងក្លាយជាគោលដៅចុះបង្រ្កាបរបស់អាជ្ញាធរ។
វិធានការ ដែលត្រូវបានអនុវត្តជាបន្ទាន់... កាលពីខែធ្នូ ឆ្នាំ២០០៨ សម្តេចហ៊ុន សែន បានបញ្ជាអោយនគរបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយចុះផ្ទៀងផ្ទាត់អាជ្ញាប័ណ្ណអាជីវកម្មស្លុតម៉ាស៊ីនទាំងអស់ និងបិទអាជីវកម្មណាដែលមិនអនុវត្តតាមច្បាប់។ សម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើក្រសួងសេដ្ឋកិច្ច អោយចុះស៊ើបអង្កេតនៅតាមសណ្ឋាគារ ដែលមានរៀបចំល្បែងអេឡិចត្រូនិច ដើម្បីធានាថាសណ្ឋាគារទាំងនោះបានហាមឃាត់មិនអោយពលរដ្ឋកម្ពុជាចូលលេង បើមិនដូច្នោះទេ នឹងត្រូវដកហូតអាជ្ញាប័ណ្ណក្នុងរយៈពេល២៤ម៉ោង។ ប្រតិបត្តិការកណ្តាប់ដៃដែកនេះមិនសូវជាទទួលបានលទ្ធផលប៉ុន្មាននោះទេ ... ។ ប៉ុន្តែ នៅក្នុងករណីនេះវិញ គេសង្កេតឃើញថាបណ្តាញការិយាល័យកំបូស៊ិកត្រូវបានរុះរើភ្លាមៗ ប្រកបដោយប្រសិទ្ធភាពដ៏គួរសង្ស័យ។
វិធានការហាក់ដូចជាទទួលបានស្វាគមន៍ ជាងភ្លើងវ័យក្មេងមួយនាក់ ដែលតែងតែទៅភ្នាល់បាល់នៅក្រុមហ៊ុនកំបូស៊ិក ដោយចំណាយប្រាក់៥ដុល្លារ ក្នុងមួយសប្តាហ៍ បានសំដែងការភ្ញាក់ផ្អើលចំពោះព័ត៌មានថ្មីនេះ។ «ខ្ញុំ និងមិត្តភក្តិ លែងបានចូលចាក់បាល់ទៀតហើយ។ វាគឺជាចំណង់ចំណូលចិត្តរបស់យើង! ខ្ញុំបានសន្សំប្រាក់សម្រាប់អាហារពេលព្រឹករបស់ខ្ញុំ ដើម្បីយកទៅចាក់បាល់... ប៉ុន្តែ ឪពុកម្តាយរបស់ខ្ញុំ និយាយប្រាប់ខ្ញុំ ក្រោយពេលលឺព័ត៌មាននេះថា ពីពេលនេះទៅ ខ្ញុំអាចសល់លុយ និងមិនសូវមើលទូរទស្សន៍ អស់ភ្លើងច្រើនដូចមុន...»។
|
|
|