| សហជីពកម្មករប្រឆាំងទៅនឹងគម្រោងធ្វើវិសោធនកម្មច្បាប់ការងារ ដែលអាចធ្វើអោយសន្តិសុខការងារចុះទន់ខ្សោយ |
| ដោយ ដួង សុខា | |
| ០៣-០៣-២០០៩ |
ទួលសង្កែ (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៨ កញ្ញា ២០០៨៖ អ្នកលក់សំលៀកបំពាក់ នៅមុខរោងចក្រកាត់ដេរមួយ នៅរាជធានីភ្នំពេញ © វណ្ឌី រតនា
សហព័ន្ធសហជីពសំខាន់ៗជាច្រើនបានធ្វើការប្រឆាំងជាថ្មីទៅនឹងពង្រាងមួយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ការងារ ត្រង់មាត្រា៦៧ និងមាត្រា៧៣ ដែលពាក់ព័ន្ធនឹងកិច្ចសន្យាការងារ។ ការធ្វើវិសោធនកម្មមាត្រាទាំងនេះ ដែលផ្តួចផ្តើមដោយនិយោជករោងចក្រកាត់ដេរ មានបំណងកាត់បន្ថយប្រាក់កំរៃកម្លាំងពលកម្ម នៅអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយបត់បែនទៅតាមទីផ្សារការងារ ដូចបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ការព្រួយបារម្ភខ្លាចក្រែងប៉ះពាល់សេរីភាពសហជីព មេដឹកនាំសហជីពជាច្រើន ដូចជាសហភាពការងារកម្ពុជា សហព័ន្ធសហជីពខ្មែរ រឺ សហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Ituc-AP) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញ នាថ្ងៃទី២ ខែមីនានេះថា ពួកគេបានទទួលដំណឹងអំពីការធ្វើវិសោធនកម្មច្បាប់នេះ ពីក្រសួងការងារ កាលពីខែធ្នូ ឆ្នាំ២០០៨ ហើយពង្រាងវិសោធនកម្មច្បាប់នេះបានចែងជាពិសេសថាកិច្ចសន្យាការងាររយៈពេលកំណត់អាចនឹងត្រូវបន្តមិនកំណត់បាន។
លោក Noriyuki Suzuki អគ្គលេខាធិការ Ituc-AP ដែលមានសមាជិក១៩លាននាក់ មកពីសហជីពទាំង៤៩ នៅក្នុង២៤ប្រទេសនៃតំបន់អាស៊ីប៉ាស៊ីហ្វិក យល់ឃើញថាវិធានការនេះអាចនឹងកាត់បន្ថយសេរីភាពសហជីពតិចរឺច្រើន ហើយសហជីពនឹងលែងហ៊ានបញ្ចេញមតិផ្សេងៗ ដោយខ្លាចទទួលរងនូវការដាក់ទោស តាមរយៈការមិនបន្តកិច្ចសន្យារបស់ពួកគេ។ អ្នកសហជីពជនជាតិជប៉ុនរូបនេះបានកត់សម្គាល់ថា «នេះគឺជាការប្រមាថអតីតភាពការងារ របស់កម្មករ និងធ្វើអោយសន្តិសុខការងារចុះទន់ខ្សោយ»។ លោកបានលើកឧទាហរណ៍មួយនៅក្នុងប្រទេសជប៉ុន ថាដើម្បីប្រឈមមុខនឹងការធ្លាក់ចុះវិស័យសេដ្ឋកិច្ច ប្រទេសជប៉ុនបានប្រើប្រាស់វិធានការបែបនេះ ដែលនាំអោយមានការបាត់បង់ការងារកម្មករប្រមាណ ១៣ ០០០នាក់។
ចំណែក លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានទាយទុកជាមុនថា ប្រសិនជាតំណាងរាស្រ្តអនុម័តវិសោធនកម្មបែបនេះ កម្មករនិយោជិតនឹងលែងហ៊ានទាមទារសិទ្ធិរបស់ពួកគេ ដោយខ្លាចនិយោជកក្រុមហ៊ុនបញ្ចប់កិច្ចសន្យា ដោយមិនជូនដំណឹងជាមុន ហើយសហជីពនឹងក្លាយជាមនុស្សដំបូងគេ ដែលត្រូវអនុវត្តកិច្ចសន្យារយៈពេលខ្លីទាំងនេះ។ ដោយឡែក លោកបានបន្ថែមទៀតថា ការរើសអើងក៏អាចកើតមាននៅចំណោមស្រ្តីមានផ្ទៃពោះផងដែរ។ លោកបានសង្កត់ធ្ងន់ថា «នៅពេលត្រឡប់មកពីការលំហែមាតុភាពរយៈពេល៣ខែរួចមក គាត់អាចនឹងលែងមានការងារធ្វើ។ សរុបមក និយោជកអាចនឹងមានសិទ្ធិ បញ្ចប់កិច្ចសន្យា តាមទំនើងចិត្តរបស់ខ្លួន»។
ការដើរថយក្រោយមួយ យ៉ាងណាមិញ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ក៏បានពន្យល់ផងដែរថាពង្រាងច្បាប់នេះអាចនឹងធ្វើអោយបាត់បង់អត្ថប្រយោជន៍សង្គមផ្សេងៗ។ មជ្ឈមណ្ឌលនេះបានរម្លឹកថាក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលត្រូវបានបង្កើត និងគាំទ្រដោយអង្គការពលកម្មអន្តរជាតិ បានធ្វើការបកស្រាយនៅច្បាប់ការងារថា រាល់កិច្ចសន្យារយៈពេលកំណត់ នឹងក្លាយជាកិច្ចសន្យារយៈពេលមិនកំណត់ដោយស្របច្បាប់ នៅពេលរយៈពេលនៃការបន្តកិច្ចសន្យាមានរយៈពេលលើសពី២ឆ្នាំឡើងទៅ។
លោកជួន ម៉ុមថុល ប្រធានសហព័ន្ធសហជីពខ្មែរ ដែលជាសហជីពមួយត្រូវបានចាត់ទុកថាស្និទ្ធិនឹងរដ្ឋាភិបាល បានធ្វើការគាំទ្រគោលជំហររបស់ដៃគូរបស់លោក ដោយបានធ្វើការរិះគន់ និងសំដែងការព្រួយបារម្ភអំពីគម្រោងធ្វើវិសោធនកម្មច្បាប់នេះ។ បើតាមប្រសាសន៍របស់លោក ការកែប្រែច្បាប់ការងារ «មិនមែនជារឿងបន្ទាន់ និងចាំបាច់ទេ»។ វិធាននេះគួរ ត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសកុម្មុយនីស្ត ដូចជាប្រទេសចិន វៀតណាម ឡាវ រឺភូមា។ លោកជឿជាក់ថា «ប្រតិកម្មទាំងនេះមានសន្ទុះខ្លាំងក្លា ទាំងនៅចំណោមសហជីពអន្តរជាតិសំខាន់ៗ ក៏ដូចជានៅចំណោមអ្នកបញ្ជាទិញអាមេរិក។ ខ្ញុំជឿជាក់ថារដ្ឋាភិបាលនឹងត្រូវដើរថយក្រោយជាក់ជាមិនខាន»។ លោកបានព្រមានថាកម្មករនឹងធ្វើកូដកម្ម ប្រសិនជារដ្ឋាភិបាលនៅតែមិនធ្វើតាមការអំពាវនាវរបស់ពួកគេ។
សហជីពអំពាវនាវដល់រដ្ឋាភិបាល លោក Noriyuki Suzuki បានប្រកាសអំពីការមិនពេញចិត្តរបស់អ្នកសហជីព ប្រាប់ដល់ក្រសួងការងារ នៅថ្ងៃច័ន្ទ ទី២ មីនា ថាសហជីពទាំងនោះបានសន្យាថានឹងធ្វើការអំពាវនាវដល់រដ្ឋាភិបាល នៅអំឡុងពេលរង់ចាំការចរចាថ្មីរវាងអាជ្ញាធរ សហជីព និងនិយោជក។
កាលពីពាក់កណ្តាលខែកុម្ភៈ លោក Neil Kearney អគ្គលេខាធិការសហព័ន្ធអន្តរជាតិវាយនភ័ណ្ឌ កាត់ដេរ និងស្បែក ដែលមានសហជីពជាសមាជិកនៅក្នុង១១០ប្រទេស បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីស្នើសុំសម្តេចអោយ «បោះបង់ការព្យាយាមពង្រីកការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី ហើយចាត់វិធានការនានា ដើម្បីធានាសន្តិសុខការងារជូនកម្មករ»។ លោកបានបញ្ជាក់ថា «លោកដឹងថាមានសេចក្តីរាយកការណ៍អំពីរោងចក្រធំៗមួយចំនួន ថាបានធ្វើការផ្លាស់ប្តូរពីកិច្ចសន្យាជាកម្មករជាប់លាប់ទៅជាកិច្ចសន្យាខ្លីៗរួចទៅហើយ»។ អគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា «គម្រោងធ្វើវិសោធនកម្មនេះនឹងធ្វើអោយប្រទេសកម្ពុជាធ្លាក់ចុះនូវកម្លាំងប្រកួតប្រជែងរបស់ខ្លួន បើគិតពីការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស»។
អានបន្ថែមនៅលើ កាសែត -គ្រោះថ្នាក់ការងារៈ ជំហានស្ទាក់ស្ទើរនៃការចាប់ផ្តើមអនុវត្តប្រព័ន្ធសន្តិសុខសង្គមមួយនៅកម្ពុជា (២៦-០២-២០០៩) -តើអាស៊ានគឺជាមធ្យោបាយចុងក្រោយសម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជារឺ? (១២-០១-២០០៩) -តើប្រទេសកម្ពុជានឹងមានគណៈកម្មាធិការជាតិសិទ្ធិមនុស្សដែលមានអំណាចធំទូលាយដែរឬទេ? (១៥-១២-២០០៨) -ប្រឈមមុខនឹងវិបត្តិ កម្ពុជាត្រូវបង្កើតសមត្ថភាពប្រកួតប្រជែង និងបរិយាកាសវិនិយោគទុន (១១-១២-២០០៨) -វិស័យកាត់ដេរនៅកម្ពុជាៈ តើនិយោជក និងកម្មករនឹងឈានទៅដល់ការជជែកគ្នាអំពីរបៀប របបការងារថ្មីឬ? (២៤-១១-២០០៨) -សម្តេចហ៊ុន សែន យល់ព្រមបន្ថយពន្ធនាំចេញ១០%សម្រាប់វិស័យវាយនភ័ណ្ឌ GMAC ទាមទារ៣០% (២១-១១-២០០៨)
|