|
អធិប្បាយចុងក្រោយ
|
| អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទចូលរួមក្នុងជួររាជរដ្ឋាភិបាល ជាមួយនឹងសមាជិកថ្មី៩រូបផ្សេងទៀត |
| ដោយ ដួង សុខា | | | ១២-០៣-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី៧ កក្កដា ២០០៧៖ មន្រ្តីយោធាថតរូបអនុស្សាវរីយ៍ នៅក្នុងពិធីសម្ពោធវិមានរដ្ឋសភាថ្មី។ ថ្ងៃទី១២ មីនា តំណាងរាស្រ្តបានផ្តល់ទំនុកចិត្តរបស់ខ្លួន ដល់លោកកែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលត្រូវបានដកចេញពីតំណែង អោយធ្វើជាឧបនាយករដ្ឋមន្រ្តី © ចន វីង/ Magnum រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានរិះគន់ថាមានចំនួនរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការច្រើនជាង៣៦០នាក់ នឹងទទួលស្វាគមន៍សមាជិកថ្មី១០រូបបន្ថែមទៀត។ នៅក្នុងសម័យប្រជុំវិសាមញ្ញខ្លីមួយរបស់រដ្ឋសភាជាតិ នាថ្ងៃព្រហស្បតិ៍ ទី១២ ក្រោមវត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន តំណាងរាស្រ្ត៨៦រូប ក្នុងចំណោមតំណាងរាស្រ្ត៨៧រូប (អនុប្បវាទម្នាក់) បានបោះឆ្នោតផ្តល់ទំនុកចិត្តលើការតែងតាំងសមាជិករដ្ឋាភិបាលថ្មីចំនួន១០រូប។ ក្នុងចំណោមសមាជិកថ្មីទាំងនេះ លោកកែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី២២ ខែមករា ដោយព្រះរាជក្រឹត្យមួយ តាមសំណើរបស់នាយករដ្ឋមន្រ្តី ត្រូវបានតែងតាំងជា «ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ ការតែងតាំងនេះបានធ្វើអោយមន្រ្តីជាន់ខ្ពស់រូបនេះបានក្លាយជាឧបនាយករដ្ឋមន្រ្តីទី១០នៃរាជរដ្ឋាភិបាល។ គណបក្សប្រឆាំងពីរ គឺគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានធ្វើពហិការមិនចូលរួមសម័យប្រជុំលើកនេះ។ ដោយឡែក លោកសម រង្ស៊ី ត្រូវបានរដ្ឋសភាប្រគល់អភ័យឯកសិទ្ធិវិញ កាលពីពីរថ្ងៃ មុនសម័យប្រជុំនេះ។ រវាងការធ្វើនីតិសម្បទា និងការតែងតាំង តំណាងរាស្រ្តភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ហើយនិងតំណាងរាស្រ្ត៤រូបផ្សេងទៀតមកពីគណបក្សរាជានិយម គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ សរុបមានតំណាងរាស្រ្តចំនួន៨៧រូប ក្នុងចំណោមតំណាងរាស្រ្តក្នុងរដ្ឋសភាទាំង១២៣រូប មានវត្តមាននៅក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនានេះ ដើម្បីបោះឆ្នោតទុកចិត្តលើការតែងតាំងសមាជិករាជរដ្ឋាភិបាលចំនួន១០រូប។
បន្ទាប់ពីលេចលឺព័ត៌មានថាការដកលោក កែ គឹមយ៉ាន ចេញពីតំណែងកាលពីចុងខែមករាកន្លងទៅនេះ បណ្តាលមកពីទំនាស់ផ្ទៃក្នុងរវាងសម្តេចហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតនៃគណបក្សកាន់អំណាច លោកកែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចូលរួមនៅក្នុងជួររាជរដ្ឋាភិបាលជាផ្លូវការ ដោយទទួលតំណែងជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាតំណែងមួយដ៏ថ្មីស្រឡាង ដែលទើបតែនឹងបង្កើតឡើង។ ការតែងតាំងទាំងនេះបានបន្តធ្វើអោយចំនួនសមាជិករាជរដ្ឋាភិបាលកាន់តែច្រើនឡើងៗ។
ដោយឡែក លោកសេរី កុសល អតីតសមាជិកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបានចូលរួមជាមួយគណបក្សកាន់អំណាច កាលពីចុងឆ្នាំ២០០៨ ត្រូវបានតែងតាំងជាទេសរដ្ឋមន្រ្តី «ទទួលបន្ទុកបេសកកម្មពិសេស» ចំណែកឥស្សរជនជាន់ខ្ពស់៨រូបផ្សេងទៀតត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៅតាមបណ្តាក្រសួងចំនួន៥។
គណបក្សប្រឆាំងបរិហារថាមុខតំណែងច្រើនឥតប្រយោជន៍ តំណាងរាស្រ្តមកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានធ្វើពហិការមិនចូលរួមសម័យប្រជុំនេះ បានបរិហារថាការតែងតាំងទាំងនេះជារឿងឥតប្រយោជន៍ និងមិនចាំបាច់ព្រោះរាជរដ្ឋាភិបាលសព្វថ្ងៃមានសមាជិក (រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ) ច្រើនជាងតំណាងរាស្រ្តរដ្ឋសភា ជិត៣ដងទៅហើយ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី មានប្រសាសន៍ថាចំនួនសមាជិករដ្ឋាភិបាលដ៏ច្រើនលើសលុប គឺជាចំណាយខ្ជះខ្ជាយ។ សមាជិកគណបក្សប្រឆាំងរូបនេះបានគូសបញ្ជាក់ថា សមាជិកទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសចិន ដែលជាប្រទេសមួយមានប្រជាជនប្រមាណជាង ១ ៣០០ពាន់លាននាក់ មានចំនួនតិចជាងសមាជិកទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដែលមានប្រជាជនតិចជាងប្រទេសចិន ដល់ទៅ១០០ដង។ តំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សសម រង្ស៊ីរូបនេះបានស្នើថា «ការបង្កើនចំនួនសមាជិករដ្ឋាភិបាល គឺជាការបង្កើនការចំណាយរបស់រដ្ឋ ការិយាល័យធិបតេយ្យ និងអំពើពុករលួយ។ រដ្ឋាភិបាលគួរពិចារណាស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហា ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក ការធ្លាក់ចុះចំនួនវិនិយោគិន ចំនួនភ្ញៀវទេសចរបរទេស និងការធ្លាក់ចុះការនាំចេញនៃវិស័យកាត់ដេរ ជាជាងបង្កើនមុខតំណែងនៅក្នុងជួររដ្ឋាភិបាល»។
យ៉ាងណាមិញ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់អំពីការធ្វើពហិការមិនចូលរួមប្រជុំនេះថា ជាធម្មតា សម័យប្រជុំវិសាមញ្ញធ្វើឡើង លុះត្រាតែ តំណាងរាស្រ្តពិនិត្យមើលបញ្ហាសំខាន់របស់ប្រទេសជាតិ។ ប៉ុន្តែ បើតាមប្រសាសន៍របស់លោក ការតែងតាំងសមាជិករដ្ឋាភិបាលថ្មីទាំងនេះមិនមែនជារឿងបន្ទាន់ និងចាំបាច់នោះទេ។ តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះបានបរិហារថា «សមាជិករដ្ឋាភិបាលសព្វថ្ងៃមានចំនួនច្រើនហួសហេតុ ធៀបទៅនឹងបណ្តាប្រទេសដទៃទៀត ដែលប្រទេសខ្លះមានចំនួនប្រជាជនជាងរាប់រយលាននាក់។ អនុរដ្ឋលេខាធិការនិងរដ្ឋលេខាធិការជាច្រើន ដើរលេង និងមិនមានការងារធ្វើសោះ!»។
អភ័យឯកសិទ្ធិរបស់លោកសម រង្ស៊ី ត្រូវបានប្រគល់មកវិញ របៀបវារៈនៃសម័យប្រជុំវិសាមញ្ញ នាថ្ងៃព្រហស្បតិ៍ ទី១២ មីនានេះមានត្រឹមតែការបោះឆ្នោតទុកចិត្តលើការតែងតាំងសមាជិករដ្ឋាភិបាល១០រូបថ្មីប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់សម័យប្រជុំភ្លាម ការប្រគល់អភ័យឯកសិទ្ធិអោយលោកសម រង្ស៊ីវិញ (បច្ចុប្បន្ន កំពុងស្ថិតនៅទ្វីបអឺរុប) ត្រូវបានប្រកាសឡើងយ៉ាងស្ងៀមស្ងាត់។ លោកងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានប្រកាសប្រាប់អ្នកយកព័ត៌មានថា តាមសំណើរបស់តុលាការក្រុងភ្នំពេញ និងក្រសួងយុត្តិធម៌ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានប្រគល់អភ័យឯកសិទ្ធិអោយលោកសម រង្ស៊ី កាលពីថ្ងៃទី១០ ខែមីនា។ លោកសម រង្ស៊ីត្រូវបានព្យួរអភ័យឯកសិទ្ធិកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយសារលោកមិនព្រមបង់ប្រាក់ពិន័យ១០លានរៀល (២ ៥០០ដុល្លារ) បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការផាកពិន័យលោក ពីបទប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០០៨។ នៅចុងក្រោយ លោកសម រង្ស៊ីបានសម្រេចបង់ប្រាក់ពិន័យនេះ បន្ទាប់ពីការព្យួរអភ័យឯកសិទ្ធិរបស់លោកបានបន្តិចក្នុងថ្ងៃតែមួយ។
អានបន្ថែមលើកាសែត
-នៅកម្ពុជារដ្ឋាភិបាលថ្មីនឹងរីកធំឡើង...ចុះការចំណាយវិញ? (២៥-០៨-២០០៨) -ថវិកាជាតិនៃប្រទេសកម្ពុជាកើនឡើងច្រើនជាងមុនថវិកាសម្រាប់វិស័យការពារជាតិត្រូវបង្កើន (០៧-១១-២០០៨)
|
|
|