| វិបត្តិវិស័យកាត់ដេរនៅកម្ពុជាៈ រវាងការព្រួយបារម្ភ និងការពិត |
| ដោយ អាន-ឡូ ប៉ូរ៉េ និងរស់ ឌីណា | |
| ១៦-០៣-២០០៩ |
 ចោមចៅ (ភ្នំពេញ កម្ពុជា) ថ្ងៃទី១០ មីនា ២០០៩៖ បងប្រុសម្នាក់មករកប្អូនស្រី ដែលជាកម្មការិនីរោងចក្រកាត់ដេរនៅជាយក្រុងភ្នំពេញ ដើម្បីត្រឡប់ទៅភូមិវិញ ចន វីង / Magnum ថ្ងៃអង្គារ ទី១០ ខែមីនា គឺជាថ្ងៃបើកប្រាក់ខែ នៅសួនឧស្សាហកម្មកាណាឌីណា ស្ថិតនៅជាយទីក្រុងភ្នំពេញ។ កម្មករ-កម្មការិនីកំពុងឈរក្រោមម្លប់ឈើ ជាក្រុមតូចៗ នៅតាមផ្លូវវែងមួយខ្សែ ជាប់នឹងរោងចក្រពណ៌លឿង ដើម្បីរង់ចាំអោយរោងចក្របើកទ្វារ ហើយរង់ចាំអោយអ្នកយាមហៅពួកគេ។ តុំ កម្មការិនីរោងចក្រ អាយុ២២ឆ្នាំ បានដើរទៅមុខ ទាំងទឹកមុខស្រពាបស្រពោន។ ២០នាទីក្រោយមក តុំចេញមកវិញ ដោយមានកាត់ប្រាក់មួយចំនួន ជាមួយនឹងប័ណ្ណបើកប្រាក់ខែ។ កម្មការិនីរូបនេះបានសម្រេចចិត្តធ្វើដំណើរតាមរថយន្តក្រុង ត្រឡប់ទៅភូមិកំណើត នៅខេត្តកំពង់ធំវិញ នៅថ្ងៃស្អែកនេះ។ ភាពមិនប្រាកដប្រជានៃការងារឆ្ងាយពីផ្ទះសំបែងមិនសូវជាធ្វើអោយតុំសប្បាយរីករាយប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះ តុំត្រូវចំណាយថវិកាអស់ច្រើនទៀតផង។ អស់រយៈពេលមួយខែមកហើយ ដែលកម្មការិនីរោងចក្រផលិតស្បែកជើងចំនួន៤៣នាក់ បានមករង់ចាំបើកប្រាក់៥០%នៃប្រាក់ខែគោលរបស់ពួកគេ គឺស្មើនឹង ២៥ដុល្លារ។ ប្រាក់នេះមិនគ្រប់គ្រាន់ផ្តត់ផ្គង់ថ្លៃជួលផ្ទះ និងថ្លៃម្ហូបអាហារនោះទេ។ ពួកនាងបានលឺព័ត៌មានថារោងចក្ររបស់ខ្លួននឹងបិទទ្វារ បន្ទាប់ពីការបើកប្រាក់ខែនេះរួច។ ពាក្យចចាមអារ៉ាមនេះបានជះឥទ្ធិពលអាក្រក់ផ្នែកស្មារតី ទៅលើផ្សារជាប់នឹងរោងចក្រនេះ ដែលកំពុងទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃការលក់របស់ពួកគេ ចាប់តាំងពីពិធីបុណ្យអ៊ុំទូករួចមក។ ប៉ុន្តែ សម្រាប់កម្មការិនីរោងចក្រទាំងនេះវិញ ការបិទទ្វារ រឺការផ្អាកសកម្មភាពរោងចក្រ មានតម្លៃស្មើគ្នា គឺពួកគេនឹងឈប់ធ្វើការ នៅខែមីនា។ ភាគច្រើននិយាយថាពួកគេនឹងមិននៅរង់ចាំមួយខែទៀតនោះទេ ពួកគេត្រូវត្រឡប់ទៅ«ធ្វើស្រែ» «ធ្វើចំការ» រឹចិញ្ចឹមសត្វ នៅផ្ទះវិញ។ បើយោងតាមអ្នកតាមដានសេដ្ឋកិច្ចមួយចំនួន និយោជកពិតជាបានបញ្ឈប់កម្មករ ដើម្បីកាត់បន្ថយចំនួនកម្មកររបស់ពួកគេ។
លែងមានការងារបន្ថែមម៉ោង ដើម្បីជៀសវាងការបញ្ចប់សកម្មភាពរបស់រោងចក្រ យុទ្ធសាស្រ្តផ្សេងៗត្រូវបានដាក់អោយដំណើរការ។ នៅសង្កាត់ចោមចៅ សុជាតា បានរៀបរាប់ថា ថៅកែរោងចក្ររបស់នាង បានបញ្ឈប់ការងារកម្មករពេញសិទ្ធិចំនួន៥% ដោយត្រូវជំនួសដោយកម្មករដែលស្ថិតនៅរយៈពេលសាកល្បងការងារ ហើយរយៈពេលនៃការងាររបស់ពួកគេមិនលើសពី១ ទៅ២ខែនោះទេ។ នៅសង្កាត់នេះ និន្នាការបញ្ចប់ការងារបន្ថែមម៉ោងទំនងជាបានក្លាយទៅជារឿងទូទៅទៅហើយ ជាហេតុធ្វើអោយប្រាក់បៀវត្សរបស់កម្មករត្រូវបានថយចុះ។ លោកក្រូច ផាន អភិបាលខ័ណ្ឌដង្កោ បានអះអាងថា ចំណោមរោងចក្រចុះបញ្ជីធំៗចំនួន១៥០ និងរោងចក្រទទួលធ្វើការបន្តចំនួនជាង៥០ មានរោងចក្រត្រឹមតែ៤ប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ។ លោកបានបញ្ជាក់ថា «គឺរោងចក្រទទួលធ្វើការបន្ត ដែលទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះការបញ្ជាទិញមុនគេ»។
ចាន់ហ៊ន អាយុ២៣ឆ្នាំ មានប្រាក់ខែគោល ៦០ដុល្លារ ប៉ុន្តែ នាងបានធ្វើការបន្ថែមម៉ោង ដោយអាចទទួលប្រាក់ចំណូលពី៨០ ទៅ៩០ដុល្លារ ក្នុងមួយខែ។ «ចាប់តាំងពៅបុណ្យអ៊ុំទូកមក ខ្ញុំចេញពីធ្វើការនៅម៉ោង៣រសៀល។ ការងារមានធ្វើ ប៉ុន្តែ លែងមានម៉ោងបន្ថែម រហូតដល់ម៉ោង៥ រឺម៉ោង៧ល្ងាច ដូចមុនទៀតហើយ»។ សុជាតា អាយុ១៩ឆ្នាំ ចូលចិត្តធ្វើការនៅថ្ងៃអាទិត្យ ព្រោះថ្ងៃនោះ នាងអាចទទួលប្រាក់ច្រើន គឺ៣,៨៥ដុល្លារ ប៉ុន្តែ លែងមានទៀតហើយ។ ប៊ុនថុន អាយុ១៩ឆ្នាំ ជាអ្នកបិទទ្រនាប់បាតស្បែកជើងដោយប្រើម៉ាស៊ីន រយៈពេលជាងមួយឆ្នាំមកហើយ។ រយៈពេល២ខែនេះ ប៊ុនថុនមិនបានធ្វើការបន្ថែមម៉ោងទេ។ ជាការពិតណាស់ ការព្រួយបារម្ភរបស់កម្មកររឹតតែកើតមានឡើង ខណៈពេលប្រាក់ខែត្រូវបានកាត់បន្ថយ ដោយមិនគិតទាំងការធ្លាក់ចុះវិបត្តិសេដ្ឋកិច្ចផង...។
និយាយតៗគ្នារឿងបិទរោងចក្រ នៅក្នុងបន្ទប់គេង ទំហំ៩ម៉ែត្រការ៉េ របស់កម្មការិនីរោងចក្រនៅសង្កាត់ចោមចៅ ដែលមានគ្នាស្នាក់នៅចាប់ពី៣ទៅ១០នាក់ គ្មានវិទ្យុ រឺទូរទស្សន៍ណាមួយប្រកាសអាសន្នអំពីរឿងនេះឡើយ។ ព័ត៌មានទាំងនេះមិនបានស្តែងឡើង តាមរយៈពាក្យសំដីនោះទេ ប៉ុន្តែតាមរយៈសកម្មភាព៖ រោងចក្រមួយបិទទ្វារ កម្មករផ្លាស់ទីលំនៅ បន្ទប់នៅទំនេរចោល។ ម្ចាស់ផ្ទះជួលម្នាក់នៅសង្កាត់ចោមចៅ បានពន្យល់ថា «នៅអំឡុងរយៈពេល៣ខែនេះ ខ្ញុំបានបាត់បង់អ្នកជួលបន្ទប់ពាក់កណ្តាល។ សម្រាប់អ្នកដែលធ្លាប់ជួលរួមគ្នាពី៥ រឺ១០នាក់ ក្នុងមួយបន្ទប់ សព្វថ្ងៃនៅសល់ត្រឹមតែ២នាក់ប៉ុណ្ណោះ។ ការចាកចេញរបស់អ្នកទាំងនោះបានក្លាយជាបន្ទុកដ៏ធ្ងន់ សម្រាប់អ្នកបន្តស្នាក់នៅ។ ដូចនេះ អ្នកដែលនៅសេសសល់ បានបង្ខំចិត្តនេះច្របាច់បញ្ចូលគ្នា ដើម្បីទប់នឹងថ្លៃផ្ទះ២៥ដុល្លារ ក្នុងមួយខែ។ យើងសង្ឃឹមថារោងចក្រនឹងមិនបិទឡើយ បើមិនដូច្នោះទេ គឺជារឿងគ្រោះថ្នាក់! គ្មានអ្នកជួល ខ្ញុំនឹងមិនអាចសងបំណុលបានឡើយ»។
នៅតាមភូមិ ដំណឹងទាំងនេះក៏លេចលឺយ៉ាងឆាប់រហ័សផងដែរ។ ដោយសារកម្មការិនីជិតខាងរបស់ខ្លួន ទើបលីដាដឹងនៅចុងសប្តាហ៍នេះថាមានរោងចក្រមួយចំនួនបានបិទទ្វារ។ ស៊ីនួន ទទួលស្គាល់ថា «នៅភូមិ ប្រជាជនគ្រប់រូបសុទ្ធតែមានសមាជិកម្នាក់ធ្វើការនៅរោងចក្រ លើកលែងតែក្រុមគ្រួសារធូរធារ»។ ជួនកាល មានកូនជាច្រើននាក់ចូលធ្វើការជាកម្មករ។ ចាន់ហ៊ន មានបងប្អូនស្រី២នាក់ ដែលធ្វើការនៅរោងចក្រផ្សេងៗគ្នា។ សម្រាប់បងប្អូនចាន់ហ៊នទាំងបីបានផ្ញើប្រាក់ខែពី៦០ ទៅ៩០ដុល្លារ ក្នុងមួយខែ អោយទៅឪពុកម្តាយរបស់ពួកគេ។
«មិនមែនជារដូវធ្វើស្រែ» ប្រសិនជាសកម្មភាពបានបញ្ចប់ ពួកនាងនឹងស្វែងរកការងារធ្វើនៅរោងចក្រមួយផ្សេងទៀត រឺត្រឡប់ទៅភូមិកំណើតវិញ។ ពួកនាងសើច ព្រោះវាមិនចោទជាបញ្ហានោះទេ ពួកនាងគ្មានជម្រើសផ្សេងឡើយ។ សុជាតាបានពន្យល់ថា «រស់នៅជិតរោងចក្រ មានន័យថាត្រូវបង់ថ្លៃជួលបន្ទប់ ថ្លៃអាហារ...។ ប្រសិនជាខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំនឹងមិនចំណាយប្រាក់លើថ្លៃទាំងនេះឡើយ។ ប៉ុន្តែ នៅពេលនេះ នៅឯស្រែគ្មានការងារធ្វើទេ ព្រោះវាមិនមែនជារដូវធ្វើស្រែ។ ស្ថានភាពលំបាកណាស់។ ជាមួយនឹងការធ្វើស្រែលើផ្ទៃដីទំហំ ២៥០០ម៉ែត្រការ៉េ ឪពុកម្តាយរបស់ខ្ញុំ អាចញាំបានតែរយៈពេល៦ខែ ក្នុងមួយឆ្នាំ។ ៦ខែផ្សេងទៀត គឺជាប្រាក់ខែរបស់ខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ»។ ប្រសិនជាអត់ការងារធ្វើ សុជាតាបានត្រិះរិះពិចារណាគ្រប់លទ្ធភាពទាំងអស់។ ប្រសិនជានាងគ្មានជម្រើសអ្វីផ្សេង នាងនឹងត្រឡប់ទៅរកស៊ីមុខរបរចាស់ គឺជាអ្នកលក់នំ។ ផ្ទុយទៅវិញ លីណា បានអះអាងថានាងមិនអាចរស់នៅយូរអង្វែងជាមួយឪពុកម្តាយបានឡើយ។ «ខ្ញុំនឹងត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដើម្បីស្វែងរកការងារនៅរោងចក្រមួយផ្សេងទៀត»។
ចុះចំណែកអ្នកគ្មានដីស្រែ? ការជ្រើសរើសបែបនេះអាចជាការស្មុគស្មាញមួយ ដោយសារតួលេខដ៏អាក្រក់ចុងក្រោយ ត្រូវបានប្រកាសអោយដឹងថា ការនាំចេញសំលៀកបំពាក់បានធ្លាក់ចុះពាក់កណ្តាល ធៀបទៅនឹងពីរខែដំបូងនៅឆ្នាំ២០០៨ ហើយកម្មករ១ភាគ៧ ត្រូវអត់ការងារធ្វើ នៅរយៈពេល៦ខែចុងក្រោយនេះ បើយោងតាមលោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយតួលេខនៃអត្រាកំណើនសេដ្ឋកិច្ចនៅតែបន្តធ្លាក់ចុះ។ ទាក់ទងនឹងការប៉ាន់ប្រមាណទាំងនេះ លោក រ៉ូជើ តាន អគ្គលេខាធិការសមាគមនិយោជកកាត់ដេរកម្ពុជា មានការរារែកចិត្ត មុននឹងមានប្រសាសន៍ថា «ការបញ្ជាទិញបានធ្លាក់ចុះ។ ក្រោយខែមេសា មិនមានអ្នកណាដឹងថានឹងមានអ្វីកើតឡើងនោះទេ»។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រកាសកាលពីដើមសប្តាហ៍ ថាស្ថាភាពបច្ចុប្បន្ននេះនៅតែល្អប្រសើរជាងសម័យខ្មែរក្រហម...។ សម្តេចបានលើកអំណះអំណាងថា «ស្រែចំការរង់ចាំការត្រឡប់របស់កម្មករ […]។ នៅប្រទេសក្រៅ រឺប្រទេសឧស្សាហកម្ម កម្មកស្ថិតនៅក្នុងស្ថានភាពលំបាកជាងនេះ ព្រោះពួកគេគ្មានដីធ្វើស្រែចំការ»។ ប៉ុន្តែ ស្រ្តីចំណាស់ម្នាក់ ឈ្មោះចាន់ ដែលកំពុងចោលកន្ទុយភ្នែកសំឡឹងមើលចៅទាំងពីររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ បាននិយាយផ្ទុយទៅវិញថា «ប្រាក់ខែមួយខែត្រូវចាយអស់។ ប្រសិនជាកូនៗរបស់ខ្ញុំធ្លាក់ខ្លួនឈឺ យើងគ្មានអ្វីសេសសល់ ដើម្បីព្យាបាលពួកគេឡើយ។ កូនប្រសារខ្ញុំធ្វើការនៅការដ្ឋានសំណង់មួយកន្លែង កូនស្រីខ្ញុំធ្វើការនៅរោងចក្រ ប្រសិនជាការដ្ឋានបិទទ្វារ ប្រសិនជារោងចក្របិទ យើងមិនមានដីធ្វើស្រែចំការឡើយ»។
អានបន្ថែមលើកាសែត
-ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅកម្ពុជា? (១២-០៣-២០០៩) -សហជីពកម្មករប្រឆាំងទៅនឹងគម្រោងធ្វើវិសោធនកម្មច្បាប់ការងារ ដែលអាចធ្វើអោយសន្តិសុខការងារចុះទន់ខ្សោយ (០៣-០៣-២០០៩) -ការព្យាករណ៍អំពីសេដ្ឋកិច្ចប្រទេសកម្ពុជាពីសំណាក់អង្គការនានាៈ មេឃស្រឡះល្អ រឺកំពុងជួបព្យុះភ្លៀង? (២៤-០២-២០០៩) -ប្រឈមមុខនឹងវិបត្តិ កម្ពុជាត្រូវបង្កើតសមត្ថភាពប្រកួតប្រជែង និងបរិយាកាសវិនិយោគទុន (១១-១២-២០០៨) -វិស័យកាត់ដេរនៅកម្ពុជាៈ តើនិយោជក និងកម្មករនឹងឈានទៅដល់ការជជែកគ្នាអំពីរបៀប របបការងារថ្មីឬ? (២៤-១១-២០០៨)
|