កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
បណ្តាញ Wimax ថ្មី​នៅកម្ពុជាៈ​ បដិវត្តន៍​ពិត​ប្រាកដ​​​ រឺគ្រាន់​តែ​ជាអន្ទាក់​បោក​ប្រាស់?
ដោយ កូរីន កាឡឺបូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៨-០៣-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៦ កុម្ភៈ ២០០៩៖ ​ព្រះសង្ឃ​មួយ​អង្គ​ចូល​បើក​មើល​អ៊ីនធឺណែត នៅ​អ៊ីន​ធឺណែត​កាហ្វេ
© វណ្ឌី រតនា


កាល​ពី​​​ពាក់​កណ្តាល​ខែ​កុម្ភៈ​កន្លង​មក​នេះ ព័ត៌មាន​ថ្មី​​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅតាម​ ប្រព័ន្ធ​​​ផ្សព្វផ្សាយ​សេដ្ឋកិច្ច​ជា​ច្រើន​នៅ​ប្រទេស​បារាំង ដែល​​ថា ក្រុមហ៊ុន Alcatel Lucent ត្រូវ​បាន​​ជ្រើស​រើស​ដោយ​ក្រុមហ៊ុន Chuan Wei ដើម្បី​រៀប​ចំ​បង្កើត​បណ្តា​ញ Wimax Rev-e ថ្នាក់​ជាតិ​មួយ​នៅ​ប្រទេស​កម្ពុជា។ បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​​ Wimax Rev-e គឺជា​បង​ប្អូន​នៃ​បណ្តាញ​ Wimax Rev-d ដែល​ត្រូវ​បាន​តំឡើង​រួចហើយ​នៅ​ប្រទេសកម្ពុជា និង​ត្រូវ​បាន​ប្រើ​ប្រាស់​​​ដោយ​​ក្រុមហ៊ុន​​​ផ្គត់​ផ្គង់​​​សេវាកម្ម​អ៊ីនធឺណែត​ជាច្រើន​។ បច្ចេក​វិទ្យា​ថ្មីនេះ​មិនត្រឹមតែ​អនុញ្ញាត​អោយ​​ត​ភ្ជាប់​បណ្តាញ​នៅតាម​ផ្ទះ​នៅ​ក្នុង​បរិវេណ​កំណត់ដ៏​ឆ្ងាយ មិន​តូច​ចង្អៀត​​​​​ប្រហែល​១០០​ម៉ែត្រ​ ដូច​បណ្តាញ​ Wi-fi (បណ្តាញ​អត់ខ្សែ) ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ក៏​អនុញ្ញាត​អោយ​ត​ភ្ជាប់​ទៅ​កាន់​​បណ្តាញ (Web) ដោយមិនប្រើ​ខ្សែ និង​មាន​ល្បឿន​លឿន ជាលក្ខណៈ​ចល័ត តាម​រយៈ​​​ទូរស័ព្ទ រឺ​កុំព្យូទ័រ​យួរ​ដៃ ដូចជា​នៅ​តាម​ផ្លូវ​ជាដើម​​។ ក្រុមហ៊ុន​Chuan Wei មាន​​សុទិដ្ឋិនិយម​ថា​ក្រុមហ៊ុន​នឹង​ពឹង​ផ្អែកទៅលើ​​អ្នក​ជាវ​មួយ​លាន​នាក់ ក្នុង​រយៈ​ពេល​២​ឆ្នាំ ចាប់​​​​ពី​ការ​​បើក​​សេវាកម្ម​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០០៩​តទៅ​​​។ ​​នៅ​លើ​​​ក្រដាស​​ស្នាម បណ្តាញ​ Wimax Rev-e មើលទៅ​ហាក់ដូច​ជា​​ល្អ​ឥត​ខ្ចោះ​ ប៉ុន្តែ អ្នកឯក​ទេស​អ៊ីន​ធឺណែត​នៅ​ប្រទេស​កម្ពុជា​មួយ​ចំនួន​នៅមិន​ទាន់​ទុក​ចិត្ត​​​ទាំង​ស្រុង​នោះទេ។ ​ចំណុច​ខ្សោយ​​មាន​​ដូចជា​ការ​​​បំពាក់​ម៉ូដឹម (modem) និង​ឧបករណ៍​ជួយ​ក្នុងការ​តំឡើង​បណ្តាញ​ Wimax។ ក្រៅពីនេះ អ្នកឯក​ទេស​ខ្លះ​បាន​គូស​បញ្ជាក់​ថា​បច្ចេក​វិទ្យា​ថ្មី​នេះ​អាច​នឹង​មាន​ការ​លំបាក ក្នុងការ​រៀប​ចំ​តំឡើង ហើយនៅចុង​ក្រោយ គេផ្តល់​បាន​ត្រឹម​តែ​ប្រព័ន្ធ​អ៊ីនធឺណែត​មួយ​ដែល​មាន​គុណ​ភាព​​​​ទាបជាងបណ្តាញ​ ADSL (បណ្តាញ​ប្រើ​ខ្សែ) រឺ ខ្សែអុបទិច​ប៉ុណ្ណោះ​។ នៅ​លើ​ទីផ្សារ​​ទើប​រីកចម្រើន​និង​មាន​ការ​​ប្រកួត​ប្រជែងបំផុត​​ ការ​តស៊ូ​ត្រូវ​ធ្វើ​ឡើង​ទាំង​នៅលើ​បច្ចេកវិទ្យា ទាំង​ការ​ទំនាក់​ទំនង។

 

នៅ​ថ្ងៃទី​១៧ កុម្ភៈ ២០០៩ ក្រោយ​បញ្ចប់​សន្និបាត​ពិភព​លោក​នៃ​ទូរស័ព្ទ​ដៃ នៅ​ទីក្រុង​ប៉ាសេឡូណា (ប្រទេស​អេស្ប៉ាញ) ​ក្រុមហ៊ុន​បារាំង​ Alcatel Lucent     បាន​ប្រកាស​ថា​ក្រុមហ៊ុន​​ត្រូវ​បានជួល​​​ដោយ​ក្រុមហ៊ុន Chuan Wei ដើម្បី​​ដាក់​ពង្រាយ​​បណ្តាញ​Wimax Rev-e ថ្នាក់​ជាតិ​មួយ​​ជាលើក​ដំបូង​ ​នៅ​ប្រទេស​កម្ពុជា។ ដូចនេះ អ្នក​​ឯក​ទេស​ទូរគមនាគមន៍​ជន​​ជាតិ​បារាំង​​នឹង​ត្រូវ​ទទួល​បន្ទុក​​រៀប​ចំតំឡើង​អង់តែន​ ដែល​នឹង​​ផ្លាស់​ប្តូរ​ប្រព័ន្ធ​រលក​ធាតុអាកាស​ ដើម្បីទទួលបាន​សេវាអ៊ីន​ធឺណែត​មិនប្រើខ្សែ​មួយ ជាមួយ​​នឹង​​ល្បឿន​លឿន។ ក្រុមហ៊ុន Alcatel Lucent គឺ​ជា​ក្រុម​ហ៊ុន​ឯក​ទេស​​ខាង​រៀប​ចំ​បេសកកម្ម​​ត​ភ្ជាប់​បណ្តាញ​នេះ បន្ទាប់ពី​​ធ្លាប់បានអនុវត្តការងារ​នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ជាច្រើន​រួចមក។ ក្រុមហ៊ុនប្រតិបត្តិករ Chuan Wei ដែលត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន​ ថៃប៊ុនរ៉ុង អិលធីឌី  (Thai Boon Roon Ltd) និង​ជា​ក្រុមហ៊ុន​តែមួយ​គត់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​​អាជីវកម្ម​ពី​រដ្ឋាភិបាល​ គ្រោង​នឹង​បើក​សេវាកម្ម​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ពាក់កណ្តាលឆ្នាំ​២០០៩​ទៅ ហើយ​ក្រុមហ៊ុន​ពឹង​ផ្អែក​អ្នក​ជាវ​មិនតិច​ជាង​១លាននាក់នោះ​ទេ​ ក្នុងរយៈ​ពេល​២​ឆ្នាំ!

លោក​ ហ្សាវីយ៉េ ឡាហ៊្វុយ (Xavier Lafut) នាយក​ក្រុមហ៊ុន AsiaForm   ដែលជា​ក្រុម​ហ៊ុន​ឯកទេស​ខាង​ការ​អភិវឌ្ឍន៍​ដោះ​ស្រាយ​ផ្នែក​​ព័ត៌មាន​​វិទ្យា បានចោទ​សួរ​ថា «ខ្ញុំចង់ដឹង​ថា​តើ​ពួក​គេ​នឹង​ស្វែងរក​អ្នកជាវ​នៅឯណា? សព្វ​ថ្ងៃ​​​នេះ នៅក្នុង​ប្រទេស​ គេ​សង្កេត​ឃើញ​មាន​អ្នកជាវ​ប្រហែល​២ម៉ឺននាក់ ហើយ​មនុស្ស​ចំនួន​១៥​​ម៉ឺន​នាក់​ ដែល​ប្រើប្រាស់​សេវាកម្មអ៊ីន​ធឺណែត នៅ​តាម​ហាង​អ៊ីន​ធឺណែត​។ តាមគំនិត​របស់​ខ្ញុំ ​ចំនួន​អ្នកជាវ​ដែល​ចាប់​​​អារម្មណ៍​​អាច​មាន​ចំនួនដល់ទៅជិត​២០ម៉ឺននាក់ គឺ​មិនលើស​ពីចំនួន​នេះ​ទេ...»។​

សុទិដ្ឋិនិយម​ដ៏ម៉ឺងមាត់សម្រាប់​ក្រុមហ៊ុន​​រៀប​ចំផ្គត់ផ្គង់​​​បណ្តា​ញ Wimax
ទោះ​យ៉ាងណា ក្រុមហ៊ុន​ Alcatel Lucent និង​ក្រុមហ៊ុន​Chuan Wei នៅតែមាន​​សុទិដ្ឋិនិយម​​។ លោក អាឡាំង ខូវ ប្រធាន​​ក្រុមហ៊ុន Chuan Wei បានមាន​ប្រសាសន៍​ថា «តាង​នាម​ជា​អ្នក​​ផ្គត់​​ផ្គង់​សេវាកម្ម​បណ្តាញ​ Wimax Rev-e ថ្នាក់​ជាតិ​មួយ​​ជាលើក​ដំបូង ក្រុមហ៊ុន​ Chuan Wei នឹង​ផ្គត់ផ្គង់​បណ្តាញ​ទំនាក់ទំនង​​នៅ​ក្នុង​តំបន់​នា​ថ្ងៃ​​អនាគត។ បណ្តាញ​នេះ​នឹង​ជួយ​ធ្វើ​អោយ​​​​មាន​​កំណើន​សេដ្ឋកិច្ច​ដ៏​គួរ​អោយ​កត់សម្គាល់ តាម​រយៈ​ការ​អភិវឌ្ឍន៍​ការ​ទំនាក់​ទំនង​​ ដោយ​​អនុញ្ញាត​អោយ​សហគ្រាស​ក្នុង​ស្រុក​ និងក្រុមហ៊ុនបរទេស​​ធ្វើការ​អភិវឌ្ឍន៍​ខ្លួន​ឯង​»។

ដោយ​ឡែក លោក​ Mike Iandolo ប្រធាន​ក្រុមហ៊ុន Alcatel Lucent ​បាន​អះអាង​ថា​ ​«យើង​​គិត​​ថា​​ទីផ្សារ DSL (Digital subscriber line) ដោយមិនប្រើ​ខ្សែ នឹង​ជួយ​ធ្វើអោយមាន​ការ​អភិវឌ្ឍន៍​​ដ៏​គួរ​អោយ​កត់សម្គាល់​មួយ​នៅ​អំឡុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ហើយ​និង​នៅ​ក្នុង​​ពិភព​​លោក​​ទាំងមូល​ ព្រោះ​​៩០%​នៃ​អ្នកជាវ​ប្រព័ន្ធ​ ​ Wimax Rev-e នឹង​ប្រើប្រាស់​សេវា​កម្ម​​​ប្រភេទ​​​នេះ​ចាប់​ពីពេល​នេះ រហូតដល់​ឆ្នាំ​២០១៣»។​ ជាការ​ពិត បើ​ពិនិត្យមើល​​មុន​ដំបូង ការ​ផ្តល់ជូន​នេះ​មាន​លក្ខណៈ​គួរ​អោយ​ពេញចិត្ត​ ព្រោះ​​ដោយសារ​មាន​បណ្តាញ​ Wimax Rev-e មនុស្ស​មួយ​ចំនួន​នឹង​អាច​ទទួល​តំណភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណែត​អត់ខ្សែ​ និង​មាន​ល្បឿន​​លឿន​​​ ​បាន​​នៅ​គ្រប់​កន្លែង​ទោះ​ជា​នៅទីណា​ក៏ដោយ។ ក្រុមហ៊ុន​ Alcatel Lucent កត់​សម្គាល់​​ថា​ «តាម​​រយៈ​​អង់តែន​ត​ភ្ជាប់ ​បណ្តាញ​Wimax Rev-e អាច​ចែកចាយ​បាន​បរិវេណ​ចម្ងាយ​ជាង​​៥០គីឡូម៉ែត្រ​ និង​គ្រប​ដណ្តប់​តំបន់​ដាច់​ស្រយាល​ ទីក្រុង​សំខាន់ៗ ព្រមទាំង​កំពង់ផែ។ ការ​​តំឡើង​បណ្តាញ​នេះ​មាន​លក្ខណៈងាយ​ស្រួល​ណាស់ ព្រោះ​យើង​អាច​តំឡើង​អង់តែ​ន​នៅ​​ទីណា​ក៏​បានដែរ។ ដូចនេះ នេះគឺជា​ភាព​អស្ចារ្យ​មួយ​សម្រាប់​ប្រទេសមួយ ដូចជា​ប្រទេស​​កម្ពុជា»។​

បើតាម​អ្នក​ជំនាញការ គំនិតនេះ​នៅ​មិនទាន់​ម៉ឺង​ម៉ាត់
លោក​ហ្សាវីយ៉េ ឡាហ៊្វុយ ​បាន​មាន​ប្រសាសន៍​​ថា «វា​គឺជាការ​ល្អ សម្រាប់ការ​រៀប​ចំ​បច្ចេកវិទ្យា​បែបនេះ ហើយ​ជាក់ស្តែង បើពិនិត្យ​មើលពីចម្ងាយ បច្ចេកវិទ្យា​នេះ​មាន​គ្រប់​​យ៉ាង។ ប៉ុន្តែ គេ​ត្រូវ​​​ចូល​ទៅកាន់​សេវាកម្ម​ទាំង​នេះ​បាន​ មាន​ន័យ​ថា​​មាន​​​ឧបករណ៍​សម​ស្រប​តាម​ប្រព័ន្ធ​ថ្មីនេះ​»។ ជា​ការពិត ការ​លំបាក​មួយក្នុង​ចំណោមការ​លំបាក​សំខាន់ៗ​សម្រាប់​​ការ​អភិវឌ្ឍន៍​បណ្តាញ Wimax គឺ​នៅ​ត្រង់​ថា​​អ្នក​ប្រើប្រាស់​ចាំបាច់​ត្រូវ​បំពាក់​​ម៉ូដឹម​​ពិសេស រឺ​ឧបករណ៍ដែល​អាច​ដំណើរការ​ជាមួយ​បច្ចេក​វិទ្យា​នេះ​បាន។ ដើម្បីអាច​ប្រើប្រាស់​វា​​បាន អ្នកជាវ​ត្រូវ​ការ​ស្ថានីយ៍ (Terminal) មួយ​នៃ​ប្រភេទ​ម៉ូដឹម គោរព​តាម​ស្តង់ដារ ដើម្បី​ត​ភ្ជាប់​​ទៅនឹង​កុំព្យូទ័រ (ដើម្បី​បញ្ជូន​ទិន្នន័យ រឺ​ចូលបើកអ៊ីនធឺណែត) រឺ ទៅ​នឹង​ទូរស័ព្ទ​ដៃ (ដើម្បី​ធ្វើ​ការ​ហៅចេញ​លើ IP ) រឺ ត្រូវការ​ USB មួយ ដែលអនុញ្ញាតអោយ​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ​ ជា​​ប្រភេទ Nomad។

ក្រុមហ៊ុន​ Alcatel Lucent បានបញ្ជាក់ថា នេះជា​ឧបសគ្គ​​មួយ ដែល​អាច​នឹង​ត្រូវ​ដោះស្រាយ​ចេញបាន។ «គេ​រំពឹង​ទុក​ថា​កុំព្យូទ័រ​ដែល​ដាក់​លក់នៅទ្វីប​អឺរុបនិង​នៅ​ទ្វីប​ផ្សេងៗទៀត​ នឹង​ដាក់​​បញ្ជូល​​បន្ទះសៀគ្វីតូច (រឺ​បន្ទះ​​ Wimax) ​មួយ​​នៅ​ក្នុង​នោះ​​»។ ប៉ុន្តែ លោក​ហ្សាវីយ៉េ ឡាហ៊្វុយ បាន​កត់​សម្គាល់​​ថា «​សម្រាប់​​ពេល​​នេះ កុំព្យូទ័រ​មិនមាន​បន្ទះ​សៀគ្វី​ Wimax​នេះ​ នោះ​​ទេ។ ប្រជាជន​​​កម្ពុជា​មិន​អាច​ចំណាយលើ​ថ្លៃឧបករណ៍​ទាំងនេះ​បានឡើយ។ ខ្ញុំគិត​ថា​ប្រតិបត្តិការ​​​ត្រូវ​ផ្គត់ផ្គង់​បន្ទះ​នេះ ជាមួយ​នឹង​ការ​ជាវ​ថ្លៃសេវាកម្ម ដើម្បីដំណើរការបាន​​»។ នេះ​ជា​លទ្ធភាពមួយ ដែល​​​មិន​អាច​បញ្ចៀស​បាន​នោះទេ សម្រាប់​ពេលនេះ។

ការ​ប្រើប្រាស់​នៅលើ​ទូរស័ព្ទ​ដៃ៖ ពេល​វេលា​ដែលមិននៅឆ្ងាយខ្លាំង?​
ចំណែក​ការ​ប្រើប្រាស់​បណ្តាញ​Wimax Rev-e នៅលើ​ទូរស័ព្ទ​ដៃ ស្ថិតនៅក្នុង​គម្រោង​នា​ថ្ងៃ​អនាគត ព្រោះ​ ក៏ដូចជា​កុំព្យូទ័រ មាន​តែ​ទូរស័ព្ទ​ដៃ​ដែល​មាន​បន្ទះ​Wimax ប៉ុណ្ណោះ ដែល​អាច​ដំណើរ​ការ​ជាមួយ​បច្ចេក​វិទ្យា​នេះ​បាន។​ លោក​ហ្សាវីយ៉េ ឡាហ៊្វុយ បាន​វាយ​តម្លៃ​ថា​«ឧបករណ៍​ទូរស័ព្ទ​ភាគច្រើន​ ប្រភេទ​ MID (Mobile Internet Device) រឺ UMPC (UltraMobile PC) នៅ​តែរក្សា​ជា​គំរូដើម​ដដែល។ ឧបករណ៍​​ទាំងអស់​នឹង​អាច​ដាក់អោយ​ប្រើប្រាស់​បាន ​រហូត​ទាល់​តែ​​នៅ​​ចុង​ឆ្នាំ​២០០៩/​២០១០»​។ ម្យ៉ាង​វិញទៀត ​​ឧបករណ៍​ប្រភេទ​ទាំងនេះ​អាច​នឹង​​មាន​តម្លៃ​ខ្ពស់ ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​មិនអាច​ទិញ​បាន។

យ៉ាង​ណា​មិញ លោក Mark Health   អ្នក​ជំនាញ​ផ្នែកព័ត៌មាន​វិទ្យា​ បាន​ពន្យល់​នៅក្នុង​របាយ​ការណ៍​​មួយ ចេញផ្សាយ​ដោយ​ខុទ្ទកាល័យ​សិក្សា​វិភាគ តាំងពី​ឆ្នាំ​២០០៦ ថា «សម្រាប់​បណ្តាញ​ Wimax ​ទស្សនវិស័យ​នៃការ​អភិវឌ្ឍន៍​នឹង​ត្រូវ​កំរិត​យ៉ាង​តឹង​រ៉ឹង ដោយសារ​កង្វះ​ខាត​កុំ​ព្យូទ័រ ព្រម​ទាំង​​ភាព​ទន់ខ្សោយនៃអំណាច​ទិញ ហើយ​និង​កំណើនខ្លាំង​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​​ទូរស័ព្ទដៃ​​​»។ សេវាកម្ម​ទូរស័ព្ទ​ត្រូវ​បាន​ទាក់​ទាញ​​កាន់តែ​ច្រើនឡើង​ ចំពោះ​អ្នក​រស់​នៅ​​ក្នុង​ប្រទេស​ទាំងនេះ​ ព្រោះ​ទូរស័ព្ទ​នៅទីនោះ​មា​ន​តម្លៃ​ថោក»។​

អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណែត​​មិនសូវមាន​ប្រតិកម្ម​
ដោយ​ឡែក ក្រុមហ៊ុន​​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណែត​ ដែលប្រតិបត្តិការនៅប្រទេស​កម្ពុជា មិន​ចង់​​​ធ្វើ​អធិប្បាយ​ទាក់​ទង​នឹង​សេវាកម្ម​នេះ​ទេ។ មាន​តែក្រុមហ៊ុនផ្គត់ផ្គង់​តែមួយគត់ ដែល​បាន​​ប្រតិកម្ម​ទៅនឹង​ប្រធាន​បទ​ខាង​លើ​នេះ ដោយសុំមិនបញ្ចេញឈ្មោះ​របស់​ក្រុមហ៊ុន​។  ដោយ​​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា អស់​រយៈ​ពេល​១០​ឆ្នាំ​មកហើយ អ្នកទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​​​នោះ​បាន​និយាយ​ថា លោក​បង្ហាញ​មន្ទិល​សង្ស័យ​​​ចំពោះការ​មកដល់​បណ្តាញ Wimax Rev-e នេះ។ ​លោក​បាន​ពន្យល់​ថា «ខ្ញុំ​​មិនមែន​ព្រួយបារម្ភទាំង​ស្រុង​ ចំពោះ​ការ​មក​ដល់​​បណ្តាញ​​Wimax Rev-e​នៅ​ប្រទេស​កម្ពុជា​​នោះទេ។ ជា​​បឋម ខ្ញុំ​មិនយល់​ថា​តើ​ក្រុមហ៊ុន Alcatel Lucent នឹង​អាច​តំឡើង​អង់តែន​​​​​​ថ្មីបាន​យ៉ាង​​ដូច​​ម្តេច ខណៈ​ពេល​ដែល​ការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​ប្រភេទនេះ​ ត្រូវ​​​​​​បាន​​​​ហាមឃាត់។​ ក្រៅ​ពីនេះ វា​អាច​​ប៉ះ​ពាល់​​​ជាមួយ​​បណ្តាញ​​ Wi-fi ដែលមាន​ស្រាប់។ លើស​​​ពី​នេះ បញ្ហារបស់ Wimax គឺ​ថា​វា​មិន​អាច​​ធន់នឹង​កំរិត​​​ល្បឿន​លឿន​បាន​នោះទេ។ ប៉ុន្តែ ការ​​​អភិវឌ្ឍន៍​​​សេវាអ៊ីន​​ធឺណែត​​នៅក្នុង​តំបន់ ទាម​ទារ​អោយមាន​​​ទំហំ ១០ MB ដូច​​នេះ​​​បណ្តាញ Wimax មិន​បាន​ផ្គត់​ផ្គង់​បាន​កំរិត​នេះ​​ឡើយ។​ នៅ​ ឆ្នាំ​២០១១ គេ​ត្រូវការ​កំរិត​បញ្ជូន(bandwidth)​ជា​​មធ្យម​ ​១ MB ហើយ​នៅឆ្នាំ​២០១២ ចន្លោះ ៣ ទៅ៦MB។ នេះ​​ក៏​​ជា​បេសកកម្ម​មិន​អាច​ទៅរួច​សម្រាប់​បណ្តាញ Wimax។ តើ​គេ​អាច​ទាក់​ទាញ​​សហគ្រាស​អោយ​ចាប់​អារម្មណ៍​​បាន​​ដូច​ម្តេច បើ​លទ្ធភាព​មាន​តិច​តួច?​ ប៉ុន្តែ អ្វីដែល​គេ​សំ​ដៅ​ទៅរក គឺ​៨០%​នៃ​ក្រុមហ៊ុន​​​កម្ពុជា! មាន​តែ​បណ្តាញ​ខ្សែកាប​អុប​ទិច​ប៉ុណ្ណោះ ដែល​អាច​​ចែកចាយ​ជាមួយ​ល្បឿន​លឿន​បែប​នេះ​បាន»។​

តើ​មានដំណោះស្រាយ​អ្វី សម្រាប់ប្រព័ន្ធ​អ៊ីន​ធឺណែត​ នា​ពេល​ខាង​មុខ​​?​
បច្ចុប្បន្ន​នេះ ដំណោះ​ស្រាយ​មាន​ច្រើន សម្រាប់អ្នកដែល​ចង់​ធ្វើការ​រុក​រក​នៅលើ​អ៊ីន​ធឺណែត​ រឺ​បើកមើល​​អ៊ីម៉ែល​របស់​ខ្លួន។ តួយ៉ាង ក្រុមហ៊ុន​​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណែត​​ជា​ច្រើន ដូចជា Online Angkornet រឺ Ezecom បាន​រៀប​ចំ​បណ្តាញ Wimax Rev-d សម្រាប់ការ​ប្រើប្រាស់​​មានកំណត់​ ព្រោះ​​ការ​គ្រប​ដណ្តប់​បណ្តាញ​នេះ​មានកំរិត​ត្រឹម​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​។ សព្វ​ថ្ងៃនេះ អ្នក​ប្រើប្រាស់​អ៊ីន​ធឺណែត​អាច​មករក​ជាវ​សេវាកម្ម​នៅទីក្រុងភ្នំពេញ ដែល​​មានតម្លៃ​ប្រហែល​៤០​ដុល្លារ ធៀប​នឹង​១០០ដុល្លារ​ជា​មធ្យម កាលពីមួយ​​ឆ្នាំ​កន្លះ​មុន​ ហើយ​​នៅ​ឆ្នាំនោះ ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ QB អនុញ្ញាត​អោយ​ប្រើប្រាស់​សេវាកម្មអ៊ីនធឺណែត​មិន​​កំណត់​ពេលវេលា ដោយ​មាន​តម្លៃ​៣៥ដុល្លារ ក្នុង​មួយ​ខែ។ ប៉ុន្តែ ការ​ប្រើ​ប្រាស់​ទាំងនេះ​ត្រូវ​បាន​កំណត់​ សម្រាប់​តែការ​ប្រើប្រាស់​ឯក​ជន និង​នៅតែ​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។​

ប៉ុន្តែ ចំណុច​ខ្សោយវិញ​​គឺការ​ប្រើប្រាស់​ជាលក្ខណៈក្រុមហ៊ុន​​​។ លោកហ្សាវីយ៉េ ឡាហ៊្វុយ​បាន​​អោយ​ដឹង​ថា «បច្ចុប្បន្ន បណ្តាញដែល​​អាច​ទទួល​យក​បាន​ សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​​ក្រុមហ៊ុន ដូចជា​ក្រុមហ៊ុន​របស់ខ្ញុំ​ជាដើម គឺជា​បណ្តាញ​ប្រើ​ខ្សែអុប​ទិច​»។​  ជាការ​ពិត បណ្តាញ​​ADSL អាស្រ័យ​លើបណ្តាញ​ទូរស័ព្ទ​ដែលមាន​ស្រាប់ ជាហេតុធ្វើអោយ​ចោទ​ជា​បញ្ហា​ ដូចជា​​ការ​កាត់​​ផ្តាច់​ជា​ញឹកញាប់​ មាន​​ដៃគូ​សន្ទនា​ច្រើន​ ក្នុងករណី​បណ្តាញ​មាន​បញ្ហា...។ ដំណោះ​ស្រាយ Wimax សព្វ​ថ្ងៃនេះ​មិន​អនុញ្ញាត​អោយមានកំរិត​ល្បឿន​លឿន​បាន​​នោះទេ ពោល​គឺ អតិបរមា​ ៥១២ kbក្នុង​មួយវិ​នាទី  និង​ជាទូទៅ ២៥៦ kbក្នុង​មួយ​​វិនាទី»​។​ តម្លៃនៃការ​ត​ភ្ជាប់​បណ្តាញ​ប្រើប្រាស់​ជាលក្ខណៈ​ក្រុមហ៊ុនគឺ​ជា​ង ១០០ រឺអាចឈាន​រហូត​ដល់​រាប់ពាន់​ដុល្លារ។

ប្រធាន​ក្រុមហ៊ុន AsiaForm រូប​នេះ​បាន​បញ្ជាក់​ថា «បញ្ហា​នៅ​ត្រង់​ថា​​ប្រទេស​កម្ពុជា​មិន​មាន​ចំណុច​​នៃការ​ចូល​ទៅកាន់ប្រព័ន្ធ​អ៊ីនធឺណែត​ដោយ​ផ្ទាល់។ ក្រុមហ៊ុន​​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណែត​​​​ត្រូវ​ទិញ​​កំរិត​បញ្ជូន​ (bandwidth) នៅ​​​ប្រទេស​​ថៃ រឺ​ប្រទេស​វៀត​ណាម ដែល​មាន​តម្លៃ​​​ខ្ពស់។ បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អ៊ីនធឺណែត​នៅប្រទេស​កម្ពុជាមាន​តម្លៃ​ថ្លៃជាង​​បណ្តាញ​ប្រទេស​​ផ្សេង​នៅក្នុង​តំបន់ ពី​១០ ទៅ​១៥ដង។ ប៉ុន្តែ ដើម្បីធ្វើអោយ​តម្លៃ​នេះ​ធ្លាក់ចុះ គេ​ត្រូវ​មាន​​តម្រូវ​ការ​កំរិត​បញ្ជូន​ច្រើន។ តាម​វិធីនេះ ក្រុមហ៊ុនផ្គត់ផ្គង់​សេវាកម្មអ៊ីនធឺណែត​​អាច​អភិវឌ្ឍន៍​បណ្តាញ​របស់​ខ្លួន ហើយ​ល្បឿន​នឹងកើនឡើង។ «ក្រុមហ៊ុនផ្គត់​ផ្គង់​សេវាកម្ម​ភាគ​ច្រើន​កំពុង​ធ្វើការងារ​ និង​ព្យាយាម​ពង្រីក​តំបន់​គ្រប​ដណ្តប់​របស់ខ្លួន និង​បណ្តាញខ្សែ​អុប​ទិច​។ ក្រុមហ៊ុន​នីមួយៗនៅរក្សា​ភាព​សម្ងាត់​ ទាក់ទង​នឹងការ​វិវត្តន៍​នាថ្ងៃ​អនាគត។ ប៉ុន្តែ ប្រទេស​កម្ពុជា​​ហាក់​ដូចជា​នៅមាន​ដំណើរផ្លូវ​វែង​ឆ្ងាយ​នៅ​ឡើយ ចំពោះ​បណ្តាញ​Wimax ខ្សែ​អុប​ទិច រឺ​ ADSL មុន​នឹង​ក្លាយជា​ប្រទេស​ដែលមាន​បច្ចេក​វិទ្យា​ព័ត៌មាន​ខ្ពស់​មួយ​​។​



បន្ថែម
បណ្តាញ​ Wimax នៅលើ​វិបសាយៈ​
-អត្ថបទ​ជា​ភាសា​បារាំង   ដែលត្រូវ​បាន​ចេញផ្សាយ​នៅលើ​វិប​សាយ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ (RFI) ស្តីពីអនាគត Wimax និង​ 4G
-បច្ចុប្បន្នភាព​នៃបណ្តាញ Wimax   នៅលើវិបសាយ Wimax-Fr



បន្ថែមលើកាសែត

 -យុវជន​ខ្មែរ​​ធ្វើ​ការ​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណែត (០២-០៣-២០០៩)
-ចាក់ សុភាព "អ្នក​សរសេរ​ប្លក" : "នៅ​សករាជ​ឌីជីថល សេរីភាព​បញ្ចេញ​មតិ​គួរ​ត្រូវ​បាន​ធានា" (០២-០៣-២០០៩)
-ក្រសួង​ព័ត៌មាន​មាន​បំណង​ធ្វើ​និយ័តកម្ម​លើ​​ការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត (០៥-០១-២០០៩)
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ