| បឹងកក់ៈ ប្រជាពលរដ្ឋប្រឈមនឹងការបណ្តេញចេញច្រានចោលប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានមិនពិត |
| ដោយ រស់ ឌីណា | |
| ១៩-០៣-២០០៩ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៩ មីនា ២០០៩៖ តំណាងគ្រួសាររស់នៅបឹងកក់ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ ©ចន វីង/ Magnum ប្រជាពលរដ្ឋរស់នៅបឹងកក់នៃរាជធានីភ្នំពេញប្រមាណជាង៣០នាក់ តំណាងអោយសហគមន៍៤២៥២គ្រួសារ ដែលប្រឈមមុខនឹងការបណ្តេញចេញពីលំនៅដ្ឋាន បានធ្វើការបរិហារជាសាធារណៈ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា «អំពីការផ្សព្វផ្សាយព័ត៌មានមិនពិត» ដែលត្រូវបានចាក់ផ្សាយនៅលើបណ្តាញទូរទស្សន៍បាយ័ន។ បទយកការណ៍មួយរបស់ទូរទស្សន៍នេះបានអះអាងថា ប្រជាជន៧០%បានយល់ព្រមចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីទុកតំបន់ដ៏ធំល្វឹងល្វើយនិងស្មុគស្មាញនេះអោយក្រុមហ៊ុនឯកជន ស៊ូកាគូ អ៊ីន (Shukaku Inc) ធ្វើការអភិវឌ្ឍន៍។ នៅទីស្នាក់ការរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អ្នកស្រីឌួង បុប្ផារី អ្នកតំណាងអោយសហគមន៍បឹងកក់បានថ្លែងនៅចំពោះមុខអ្នកយកព័ត៌មាននិងសមាជិកអង្គការក្រៅរដ្ឋាភិបាល ដោយបានបដិសេធជាផ្លូវការនូវតួលេខ ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកយកព័ត៌មានម្នាក់របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលមានលោកស្រី ហ៊ុន ម៉ាណា ជាអគ្គនាយិកាទូរទស្សន៍[ជាកូននិងជាទីប្រឹក្សារបស់សម្តេចហ៊ុន សែន]។ បើតាមសំដីរបស់អ្នកតំណាងរូបនេះបានអោយដឹងថា គិតមកទល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋត្រឹមតែ២០%ប៉ុណ្ណោះ ដែលបានយល់ព្រមចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលកាន់កាប់ផ្ទះតូចៗនៅលើផ្ទៃទឹក ក្នុងក្រុមទី២ និងទី៤ នៃបឹងកក់ ហើយផ្ទះទាំងនេះស្ថិតនៅជាប់នឹងបំពង់ទុយោសម្រាប់បូមខ្សាច់ចាក់បំពេញបឹង។
បទយកការណ៍មួយរបស់ស្ថានីយទូរទស្សន៍ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ បានបង្ហាញទិដ្ឋភាពនៅបឹងកក់ កាលពីខែកុម្ភៈ ព្រមទាំងមានការធ្វើសេចក្តីអត្ថាធិប្បាយរបស់អ្នកយកព័ត៌មានម្នាក់ ដែលបានអះអាងថាក្រុមហ៊ុនស៊ូកាគូអ៊ីន បានចាប់ផ្តើមអភិវឌ្ឍតំបន់នេះ ហើយប្រជាពលរដ្ឋនៅសហគមន៍នេះចំនួនប្រហែល៧០%បានយល់ព្រមផ្លាស់ប្តូរលំនៅដ្ឋានទៅរស់នៅកន្លែងផ្សេង។ អ្នកយកព័ត៌មានរូបនោះបានគូសបញ្ជាក់ថាការស្ម័គ្រចិត្តទទួលយកការដោះដូរនេះជាការចូលរួមចំណែកមួយ ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍទីក្រុងទំនើបថ្មីមួយ នៅលើទឹកដីនេះ។ នៅក្នុងបទយកការណ៍នេះផងដែរ ឧកញ៉ា ឡាវ វ៉ាន់ តំណាងក្រុមហ៊ុនទទួលសិទ្ធិធ្វើសម្បទានតំបន់នេះ បានលើកសរសើរអត្ថប្រយោជន៍ដែលផ្តល់ជូនដោយក្រុមហ៊ុនរបស់ខ្លួន ចំពោះប្រជាពលរដ្ឋបឹងកក់។ អ្នកជំនួញរូបនោះបានពន្យល់ថា «ពួកគាត់មានឱកាសផ្លាស់ប្តូរជីវិតរស់នៅ ពីការរស់នៅក្នុងផ្ទះលើទឹក នៅក្នុងបរិស្ថានមិនល្អ គ្មានអនាម័យ មកជាការរស់នៅក្នុងផ្ទះមួយដ៏ពិតប្រាកដ។ លើសពីនេះ ពួកគាត់អាចលក់ [ផ្ទះថ្មីរបស់ពួកគាត់] ប្រសិនជាពួកគាត់ចង់លក់ ហើយខ្ញុំជឿជាក់ថាតម្លៃលក់នោះអាចកើនឡើងទ្វេដង! ផ្ទុយទៅវិញ តម្លៃផ្ទះនៅបឹងកក់របស់ពួកគាត់ ដែលរស់នៅរយៈពេល២០ឆ្នាំមកហើយនោះ មិនត្រូវបានអោយតម្លៃខ្ពស់នោះទេ។ ម្យ៉ាងទៀត ពួកគាត់មិនអាចទិញ លក់បានទេ ព្រោះ ពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់»។ លោកឧកញ៉ាបានអបអរសាទរចំពោះការផ្លាស់ប្តូរតំបន់បឹងកក់ និងដីជាប់បឹង ដែលមានទំហំសរុប១៣៣ហិចតានេះ ទៅជាទីក្រុងរណបទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ធនាគារ និងសាលសន្និសីទ។
ទោះយ៉ាងណា នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះ តំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់មិនបានសុទិដ្ឋិយមបែបនេះឡើយ។ ប្រជាពលរដ្ឋទាំងនេះបានលើកឡើងជាពិសេសថា ក្រុមហ៊ុនស៊ូកាគូ អ៊ីន អាចនឹង«ដើរតាមគំរូ» របស់ក្រុមហ៊ុនឯកជនមួយ គឺក្រុមហ៊ុន 7NG [សូមអានអត្ថបទ ជម្លោះដីធ្លីនៅកម្ពុជា : តំបន់ដីក្រហមត្រូវបានបោសសម្អាតនៅក្នុង ការបណ្តេញដ៏ហិង្សាមួយ] ហើយនិងផ្តល់ដំណោះស្រាយ៣ សម្រាប់ប្រជាជន គឺក្លាយជាម្ចាស់កម្មសិទ្ធិផ្ទះមួយខ្នងនៅបុរីសន្តិភាព២ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន…7NG នៅតំណាក់ត្រយឹង, ទទួលបានសំណងជាថវិកាចំនួន៨ពាន់ដុល្លារ និង២លានរៀល (៥០០ដុល្លារ) រឺទទួលបានផ្ទះថ្មី នៅតំបន់នេះដដែល។ អ្នកតំណាងសហគមន៍បានបរិហារថា នៅចំណោមជម្រើសទាំង៣ មានតែជម្រើស២ដំបូងប៉ុណ្ណោះ ដែលត្រូវបានស្នើដល់ប្រជាជន ចំណែកដំណោះស្រាយទី៣ មិនមានទាល់តែសោះ។ លោកជួង ជូងី មេធាវីប្រជាពលរដ្ឋបឹងកក់បានលើកហេតុផលថា «លិខិតមួយច្បាប់របស់សាលាក្រុងភ្នំពេញ ឆ្លើយតបទៅនឹងសំណួររបស់រដ្ឋសភា ស្តីពីបញ្ហានេះ ចុះថ្ងៃទី២៥ មេសា ២០០៨ បានសរសេរថាការចរចាកំពុងដំណើរការជាមួយប្រជាពលរដ្ឋ ដើម្បីសិក្សាដំណោះស្រាយទាំង៣ខាងលើនេះ។ ប៉ុន្តែ នៅក្នុងការអនុវត្តវិញ វាមិនមែនដូច្នោះនោះទេ»។
យោងតាមអ្នកស្រីឌួង បុប្ផារី តំណាងរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីនមិនដែលមកពិភាក្សាជាមួយប្រជាពលរដ្ឋនោះទេ។ តំណាងសហគមន៍បឹងកក់រូបនេះបានចោទសួរថា «សព្វថ្ងៃនេះ យើងមិនទាន់យល់ច្បាស់អំពីលក្ខន្តិកៈរបស់ក្រុមហ៊ុនទេ។ តើមានភាពខុសគ្នារវាងអ្នកភូមិដែលរស់នៅលើផ្ទះទឹក និងផ្ទះលើគោករឺទេ? នៅលើដី អ្នកភូមិមានផ្ទះធំ មានផ្ទះសំណាក់…។ តើអ្វីជាសំណងសម្រាប់ពួកគាត់?» អ្នកស្រីបានស្នើសុំអោយមានពិចារណាស្វែងរកដំណោះស្រាយដាច់ដោយឡែក និង «សមស្រប»សម្រាប់ប្រជាជនទាំងអស់ និងគោរពសិទ្ធរបស់ពួកគេ ជាជាងយកលំនាំតាមអ្វីដែលធ្លាប់បានកើតមានឡើងនៅតំបន់ផ្សេងទៀត នាទីក្រុងភ្នំពេញ។
អ្នកស្រី ឌួង បុប្ផារី បានរម្លឹកថា ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់លើផ្ទៃទឹក៩៣ហិចតា និងដីគោក៤០ហិចតា ដែលជាប់ពាក់ព័ន្ធនឹងការបណ្តេញចេញនេះ ភាគច្រើនសុទ្ធសឹងជាមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល ដែលបានមករស់នៅទីនេះចន្លោះឆ្នាំ១៩៨០ និងឆ្នាំ១៩៨១។
ទោះបីជាមិនមានការឯកភាពជាមួយប្រជាពលរដ្ឋក៏ដោយ ក៏ការងារចាក់ខ្សាច់បំពេញបឹងបានចាប់ផ្តើមទៅហើយ ដែលបណ្តាលអោយមានទឹកជំនន់ ហើយផ្លូវខ្លះមិនអាចចូលបាន។ ផ្ទះសំបែងជាច្រើនខ្នងត្រូវបានបំផ្លាញ បន្ទាប់ពីការបូមខ្សាច់មក។ នេះគឺជាករណីផ្ទះរបស់ ម៉ាឡៃ ស្រ្តីមេម៉ាយមួយរូប។ ក្រុមហ៊ុនមិនបានអនុញ្ញាតអោយគាត់សាងសង់ផ្ទះសាជាថ្មីនោះទេ ហើយបានស្នើសំណងនៃការខូចខាតជាទឹកប្រាក់២០០ដុល្លារ សម្រាប់គាត់ ប៉ុន្តែ គាត់បានបដិសេធមិនព្រមទទួល។
នៅលើវិបសាយ -គេហទំព័រនៃយុទ្ធនាការ «រក្សាបឹង រក្សាផ្ទះ » ដែលរៀបចំដោយអង្គការ Housing Rights Task Force
អានបន្ថែមលើកាសែត - បទយកការណ៍រូបថតនិងសម្លេងៈ ជម្លោះដីធ្លី (២៥-០១-២០០៩) -សំណងជាផ្ទះល្វែង មិនមែនជាប្រាក់ៈ សំណងសម្រាប់ប្រជាពលរដ្ឋដីក្រហមដែលត្រូវបានបណ្តេញចេញត្រូវបាន ពិនិត្យនិងកែសម្រួលឡើងវិញ (២៧-០១-២០០៩) -ប្រតិកម្មរបស់អ្នកប្រើប្រាស់អ៊ីនធឺណែតទៅនឹងការបណ្តេញប្រជាពលរដ្ឋនៅតំបន់ដីក្រហម (៣០-០១-២០០៩) -ជម្លោះដីធ្លីនៅកម្ពុជា : តំបន់ដីក្រហមត្រូវបានបោសសម្អាតនៅក្នុងការបណ្តេញដ៏ហិង្សាមួយ (២៤-០១-២០០៩) -អ.ស.បៈ ការបណ្តេញគ្រួសារចុងក្រោយនៅដីក្រហមអាចបញ្ចៀសបាន (២៩-០១-២០០៩)
|