|
អធិប្បាយចុងក្រោយ
|
| រូបចាម (៧) : បន្ទប់សូត្រធម៌នៅព្រលានយន្តហោះពោធិ៍ចិនតុង |
| ដោយ អេមីកូ ស្តក់ | | | ២០-០៣-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី៩ មករា ២០០៩៖ សញ្ញាព្រួយសម្គាល់ទិសដៅចូលទៅក្នុងបន្ទប់សូត្រធម៌របស់ឥស្លាមសាសនិក នៅព្រលានយន្តហោះពោធិ៍ចិនតុង ©វណ្ឌី រតនាយើងអាចស្ទាបស្ទង់ដឹងពីភាពតានតឹងនៃកិច្ចរៀបចំខ្លួនចុងក្រោយ។ ទាំងវ៉ាលីស៍ ទាំងអ្នកដំណើរមកផ្តុំគ្នាយ៉ាងប្រញាប់ប្រញាល់ក្នុងរថយន្ត Toyota Camry ឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុង។ លោកអាសម៉ាត៍ចាកចេញពីគីឡូម៉ែត្រលេខ៩ទាំងអារម្មណ៍មិនសប្បាយចិត្ត។ គាត់បាននិយាយទៅកាន់ស្រីៗយ៉ាងច្បាស់ថាកុំអោយទៅយឺត ព្រោះគាត់ចង់ធ្វើការសូត្រធម៌ជាចុងក្រោយមុននឹងចេញដំណើរ...។ «ពេលមកដល់ព្រលានយន្តហោះ គ្មានកន្លែងសម្រាប់សូត្រធម៌ទេ។ កាលពេលទៅចូលរួមពិធីបុណ្យហាច [ការធ្វើដំណើរស្វែងរកបុណ្យទៅទីក្រុងម៉ាកាស] មានជនជាតិឥស្លាមផ្សេងទៀតជាច្រើននាំគ្នាសូត្រធម៌នៅចំណតរថយន្ត ប៉ុន្តែពេលនេះ ខ្ញុំមិនអាចធ្វើតែឯងបានទេ!»។ កាលពីមួយឆ្នាំមុន អាសម៉ាត៍បានជិះយន្តហោះទៅសួរសុខទុក្ខកូនស្រីនៅប្រទេសម៉ាឡេស៊ី ចំម៉ោងត្រូវសូត្រធម៌មួយនៃធម៌សាឡាត(salat)ទាំង៥ ដែលត្រូវសូត្រប្រចាំថ្ងៃ។ ថ្ងៃនេះ អាសម៉ាត៍ជិះយន្តហោះដដែលដើម្បីទៅមើលចៅប្រុសដែលទើបនឹងកើត...។ ហើយមានអ្វីម្យ៉ាងត្រូវបានផ្លាស់ប្តូរនៅពោធិ៍ចិនតុង។ ឥឡូវ ព្រលានយន្តហោះនេះ មាន Musallas ពីរ ដែលអនុញ្ញាតអោយអ្នកដំណើរជាជនជាតិឥស្លាមចូលធ្វើការស្មឹងស្មាធិ៍។
បន្ទប់តូចៗពណ៌សចំនួនពីរ សឹងតែគ្មានអ្វីសោះ មានតែភាពស្ងៀមស្ងាត់...។ ភាពស្ងប់ស្ងាត់នេះអាចធ្វើអោយអ្នកមួយចំនួននឹកទៅដល់ពុទ្ធសាសនានៅជប៉ុន។ រីឯអ្នកផ្សេងទៀតនឹកទៅដល់ការយកលំនាំតាមការរចនាម៉ូដបែបសន្សំសំចៃ។ ការរចនានៅក្នុងបន្ទប់នោះគឺមានតែព្រួញមួយចង្អុល Qiblah ទិសឆ្ពោះទៅកាន់ទីក្រុងម៉ាកាស ដែលតម្រង់ទិសនៃការសូត្រធម៌ និងអេក្រង់មួយបញ្ជាក់ពីម៉ោងជើងហោះហើរ ដើម្បីភ្ជាប់ឥស្លាមសាសនិកទៅនឹងតថភាពពិតនៃជើងមេឃផ្សេងទៀត...
Musalla ទី១ស្ថិតនៅជិតកន្លែងអ្នកដំណើរអង្គុយរង់ចាំ ហើយអាចទទួលឥស្លាមសាសនិកបាន២៥នាក់នៅក្នុងបន្ទប់ទំហំ៣៦ម៉ែត្រការ៉េ រីឯបន្ទប់ទី២មានទំហំ២០ម៉ែត្រការ៉េ ស្ថិតនៅជាន់លើ នៅបរិវេណកន្លែងឡើងយន្តហោះ ដែលអាចទទួលមនុស្សបាន១០នាក់ដើម្បីបំពេញការសូត្រធម៌សាឡាតទាំងអស់គ្នា។
ខ្មែរ-ឥស្លាមប្រហែលមិនអាចនៅចិត្តរឹងដូចថ្មចំពោះកាយវិការរបស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) នេះទេ។ លោកអាម៉ាត់ យ៉ះយ៉ា ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីសម្រាប់កិច្ចការទាក់ទងនឹងសាសនាឥស្លាម និងជាអ្នកទទួលខុសត្រូវកិច្ចការនេះ បានអធិប្បាយថា៖ «ជនរួមជាតិខ្មែរ-ឥស្លាមរបស់ខ្ញុំតែងមកអរគុណខ្ញុំដែលបានចូលរួមផ្តល់កន្លែងស្មឹងស្មាធិ៍នេះដល់ពួកគេ។ ក្នុងគ្រប់ប្រទេសជាច្រើន ជាពិសេសក្នុងប្រទេសដែលមានជនជាតិឥស្លាម គឺតែងតែមានបន្ទប់មួយសម្រាប់សូត្រធម៌ដែលសំខាន់បំផុតនៅក្នុងសាសនាយើង។ យើងត្រូវមានបន្ទប់នេះមួយដែរនៅកម្ពុជា ទាំងសម្រាប់ជនជាតិខ្មែរ-ឥស្លាមនៅពេលចេញដំណើរ ទាំងសម្រាប់អ្នកដំណើរបរទេសឆ្លងកាត់»។
លោកអាម៉ាត់ យ៉ះយ៉ា ប្រហែលជាមានតួនាទីសំខាន់នៅក្នុងរបត់មួយនេះដែលលោកចាត់ទុកថាជា«ប្រវត្តិសាស្រ្ត»សម្រាប់ខ្មែរ-ឥស្លាម។ នៅខែកុម្ភៈ ឆ្នាំ២០០៨ លោកបានសរសេរពាក្យស្នើសុំមួយទៅសម្តេចនាយករដ្ឋមន្ត្រី ហើយសម្តេចក៏បានឆ្លើយយល់ព្រមពីរសប្តាហ៍ក្រោយមកទៀត។ បន្ទាប់មក គ្រប់គ្នាក៏មកចូលរួមយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេលតែ១ខែ រដ្ឋាភិបាលនានាជួបជុំគ្នា ហើយបានប្រគល់បេសកកម្មនេះទៅអោយក្រុមហ៊ុន SCA។ ក្រុមហ៊ុននេះមិនយឺតយ៉ាវក្នុងការឆ្លើយតបនោះទេ។ អ្នកទទួលខុសត្រូវម្នាក់របស់ក្រុមហ៊ុន SCA ពន្យល់ថា៖ «យើងមានធ្លាទំនេរតូចនៅព្រលានយន្តហោះ យើងអាចសាងសង់ការិយាល័យថ្មីទាំងពិបាក។ ដូច្នេះ យើងបានជ្រើសរើសបន្ទប់ទំនេរ ដែលយើងដាក់ស្នើទៅដៃគូសន្ទនាជាជនជាតិឥស្លាមរបស់យើង។ បន្ទាប់មក ពួកយើងបានពិភាក្សាពីតម្រូវការពិសេសនៃទីកន្លែងនោះ ដូចជានៅជិតបង្គន់សម្រាប់ការយកទឹកសូត្រធម៌ ការដាក់អោយមានគម្ពីរគូអាន ព្រំសម្រាប់សូត្រធម៌ និងការចង្អុលទិស Qiblah »។
បើតាមអ្នកខ្លះ គម្រោងនេះលេចចេញរូបរាងពិតប្រាកដបន្ទាប់ពីទស្សនកិច្ចរបស់គណៈប្រតិភូគុយវ៉េតមួយក្រុមមកកាន់កម្ពុជា។ គំនិតនៃការបង្កើតបន្ទប់បែបនេះត្រូវបានលោកមូហ្វី សុះ កាម៉ារី មេដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា អះអាងថា ៖ «គំនិតនេះមានតែក្នុងខ្យល់យូរហើយ។ ជាច្រើនឆ្នាំហើយដែលខ្ញុំឮគេនិយាយពីគម្រោងនេះ ដែលផ្តួចផ្តើមដោយក្រុមហ៊ុន SCA តាំងពីពេលពួកគេចាប់ផ្តើមសាងសង់ព្រលានយន្តហោះឡើងវិញម្ល៉េះ។ ហេតុនេះហើយបានជាយើងដឹងគុណចំពោះពួកគេ និងរដ្ឋាភិបាល ។ យើងមិនដែលសុំអ្វីទេ ហើយពួកគេជាអ្នកមានគំនិតផ្តល់កាដូនេះដល់ពួកយើង»។
ខុសពីព្រះវិហារឥស្លាម និងសុយរ៉ាវ (Suraos) នៅទូទាំងប្រទេស កាដូមួយនេះហួសពីកិច្ចព្រមព្រៀងធម្មតានៃការសាងសង់របស់លោកមូហ្វី និងក្រសួងធម្មការ និងសាសនា : « Musalla មានទិសដៅផ្សេង។ ព្រះវិហារត្រូវប្រមូលផ្តុំឥស្លាមសាសនិកយ៉ាងតិច៤០នាក់ ក្រោមការដឹកនាំរបស់អ៊ីម៉ាំម្នាក់ ហើយប្រើសម្រាប់ការសូត្រធម៌សាឡាតទាំង៥ប្រចាំថ្ងៃ និងជូម៉ាត(Jumat) ដែលជាធម៌សំខាន់ប្រចាំសប្តាហ៍ សូត្រនៅរសៀលថ្ងៃសុក្រ។ សុយរ៉ាវគឺចាំបាច់សម្រាប់ភូមិតូចៗមានប្រជាជនតិច ដែលនៅឆ្ងាយពីព្រះវិហារ គេអាចជួបជុំគ្នារាល់ថ្ងៃលើកលែងថ្ងៃសុក្រ សម្រាប់សូត្រសាឡាត ទោះមានតែពីរនាក់ក៏ដោយ។ Musalla មិនប្រឆាំងនឹងបំណងសូត្រធម៌របស់ឥស្លាមសាសនិកទេ។ ពីមុន វាអនុញ្ញាតទាំងការស្មឹងស្មាធិ៍ក៏ដូចជាការសម្រាកអំឡុងពេលធ្វើដំណើរវែងឆ្ងាយ។ យើងត្រូវតែអាចសូត្រធម៌សាឡាតដែលប្រព្រឹត្តតាមម៉ោងពេលកំណត់ ក៏ដូចជាការសូត្រធម៌ចុងក្រោយមុននឹងចេញទៅកន្លែងមិនស្គាល់»។
ការបើកសម្ពោធន៍ប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាព : មនុស្ស៤០នាក់មកបំពេញការសូត្រធម៌រួមគ្នានៅថ្ងៃសុក្រ ១៦ ឧសភា ២០០៨។ នៅដំណាច់ឆ្នាំ២០០៩ វត្តមាននេះបានផ្លាស់ប្តូរមុខមាត់នៃការធ្វើដំណើរស្វែងរកបុណ្យប្រចាំឆ្នាំឆ្ពោះទៅទីក្រុងម៉ាកាស នៅពោធិ៍ចិនតុង។ ខណៈពេលដែលក្រុមគ្រួសារជាច្រើនតែងតែមកជូនដំណើរអ្នកទៅធ្វើបុណ្យហាច ធ្វើការសូត្រធម៌ចុងក្រោយនៅចំណតរថយន្តនៃព្រលានយន្តហោះ Musallas គួរតែផ្តល់ដល់អ្នកធ្វើដំណើរស្វែងបុណ្យរាប់រយនាក់នូវលក្ខខណ្ឌដ៏ល្អប្រសើរបំផុតដើម្បីបំពេញពិធី នៅពេលចេញដំណើរ។ ប៉ុន្តែ ដោយសារក្រុមបាតុករថៃបិទព្រលានយន្តហោះក្រុងបាងកកនៅពេលដំណាលគ្នា បានបញ្ចប់ក្តីស្រមៃនៃការចាកចេញទៅចូលរួមពិធីបុណ្យនេះជាច្រើនគ្រួសារ។ លោកមូហ្វីបានកត់សម្គាល់ថា «ចំនួនអ្នកធ្វើដំណើរស្វែងបុណ្យចេញពីកម្ពុជាបានកើនឡើងរហូតប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងឆ្នាំ២០០៨ ដែលមានតែ១៥០នាក់ដែលអាចធ្វើដំណើរទៅទីក្រុងម៉ាកាស ខណៈពេលដែលនៅឆ្នាំ២០០៧មានដល់ទៅ៤០០នាក់»។ ប៉ុន្តែច្បាស់ណាស់ថា Musallas គឺជាទីកន្លែងនៃការជួបជុំដ៏ល្អសម្រាប់អ្នកត្រូវជ្រើសរើសចេញដំណើរ និងអ្នកដែលត្រូវត្រឡប់ទៅភូមិវិញ។
ប៉ុន្តែ ការចេញចូលបន្ទប់នីមួយៗមិនត្រូវបានគេដឹងពីចំនួននោះទេ។ ការចូលបន្ទប់ទាំងនេះគឺទៅតាមបំណង និងរាល់ម៉ោងពេលដែលព្រលានយន្តហោះមានសកម្មភាព ការចេញចូលមិនមានច្បាប់ទម្លាប់អ្វីទេ។ ដូច្នេះគេគ្មានតួលេខទេ។ វាគឺជាការបញ្ជាក់ពីសេរីភាពនៃការចេញចូលបន្ទប់ទាំងនេះ ដែលជាគោលការណ៍របស់ Musalla។ បច្ចុប្បន្ននេះទៀត បន្ទប់នេះទំនេរស្អាត មានតែភាពស្ងប់ស្ងាត់។ ខណៈពេលដែលអាម៉ាតប្រញាប់ប្រញាល់ឡើងយន្តហោះទៅកូឡាឡាំពួរ នៅទីបំផុតលោកក៏បានរំលងការសូត្រធម៌ចុងក្រោយ ដែលលោកគួរតែអាចធ្វើបាននៅទីនេះ : «វាមិនដូចគ្នាទេពេលខ្ញុំធ្វើម្នាក់ឯង...ប្រសិនបើយើងមានគ្នាច្រើន វាប្រហែលជាល្អ...»។ បន្ទាប់មកលោកពន្យល់ហេតុផលដោយប៉ិនប្រសប់ថា៖ «ទោះយ៉ាងណា ក្នុងពេល៣ម៉ោងទៀត ខ្ញុំទៅដល់ម៉ាឡេស៊ីហើយ។ នៅទីនោះ បន្ទប់សូត្រធម៌គឺមានសូម្បីតែក្នុងផ្សារ និងនៅតាមផ្លូវ! ដូច្នេះខ្ញុំចាំទៅធ្វើនៅទីនោះ!»។
|
|
អត្ថបទបន្ថែម រូបចាម ៖ ជារៀងរាល់សប្តាហ៍ទីបី ក្នុងខែនីមួយៗ ទំព័រនេះនឹងរៀបចំបង្ហាញ «រូបចាម»ជាច្រើន ទាក់ទងនឹងសហគមន៍អ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជា -និពន្ធដោយ អេមីកូ ស្តក់ បេក្ខជនបណ្ឌិតផ្នែកជាតិពន្ធុវិទ្យា នៃសាកលវិទ្យាល័យប៉ារីស១០ ណង់តែរ (Université Paris X Nanterre) ដែលបានមកនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០ វិបសាយរបស់អេមីកូ ស្តក់ គឺ Du fin fond du grenier
|