កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ទេសចរណ៍នៅ​កម្ពុជាៈ កម្ពុជា​បង្វែរ​ទិស​ដៅ​ទៅរក​អ្នក​ទេសចរ​មកពី​​ប្រទេស​ជិត​ខាង
ដោយ រស់ ឌីណា​   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៣-២០០៩

កែប (កម្ពុជា) ថ្ងៃទី​១១ មករា ២០០៨៖ តើ​នេះ​ជាការ​ត្រឡប់​ទៅរក​ឆ្នេរ​ខ្សាច់​រហោឋានរឺ ?
© ចន វីង​/ Magnum

វិស័យ​ទេសចរណ៍​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ នៅ​​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​​​មក​នេះ។​ តើ​វិស័យ​​ទេសចរណ៍​នឹង​ជៀស​ផុត​ពី​វិបត្តិ​ពិភព​លោក​ដែរ​រឺទេ បន្ទាប់​ពី​វិបត្តិ​នេះ​​​បាន​​​ចាប់​ផ្តើម​​​ប៉ះ​ពាល់​​​មក​​លើ​ព្រះរាជាណាចក្រ​​កម្ពុជា​​?​ ក្រសួង​ទេសចរណ៍​នៃ​​ប្រទេស​​កម្ពុជា​និង​​​ក្រុម​តំណាង​​ឧស្សាហកម្មទេសចរណ៍​បាន​បង្ហាញ​ភាព​សុទិដ្ឋិនិយម​​ ដោយអះអាង​ថា​​ពួកគេ​មាន​ការ​​​​​ព្រួយ​បារម្ភ​​​ខ្លាច​ថា​មាន​កំណើន​យឺត​យ៉ាវ​ ហើយ​វិស័យ​នេះ​បាន​​បន្ត​បន្ថយ​លឿន​​ ចាប់​តាំ​ងពី​ដំណាច់​​​​​ឆ្នាំ​១៩៩០​​មក។​ លោក​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​មាន​ប្រសាសន៍​ប្រាប់​ កាសែត ថាកំណើន​​​ទេសចរ​នៅ​ខែ​មករា ឆ្នាំ​២០០៩​បាន​ធ្លាក់ចុះ​​«ត្រឹម​តែ​២%ប៉ុណ្ណោះ» ធៀប​ទៅនឹង​ខែ​មករា ឆ្នាំ​២០០៨ ដែល​នៅ​ខែ​​​នោះ ភ្ញៀវ​ទេសចរ​ចំនួន​២២៣ ៥៨១​នាក់​ ​ចំណោម​ទេសចរ​សរុប​២,១លាន​នាក់​ បាន​ចូល​​មក​កាន់​ប្រទេស​កម្ពុជា។ ​និយាយ​ជា​រួម​ នៅក្នុង​ឆ្នាំ​២០០៩​នេះ លោក​រដ្ឋ​មន្រ្តី​​​មាន​ប្រសាសន៍​​​ថា​ទេសចរណ៍​នឹង​មាន​កំណើន​ ចន្លោះ​ពី​០ ទៅ​២% ដោយ​បាន​លើកឡើង​អំពីការ​ព្យាករណ៍​​របស់​អង្គការ​ទេសចរណ៍​ពិភព​លោក។ ប៉ុន្តែ​ សហគ្រាស​ធុនតូច​ និង​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​​នេះ​បាន​បដិសេធ​តួលេខ​ទាំង​នេះ​។

 

ប្រទេស​កម្ពុជាបង្វែរ​ទិស​ដៅ​ទៅ​រក​ប្រទេស​ជិត​ខាង​
លោក​រដ្ឋ​មន្រ្តី​បានប្រកាស​នា​ពេល​ថ្មីៗនេះ​ថា «យើង​នឹង​ធ្វើ​គ្រប់វិធី​​​ រហូត​ទាល់​តែ​​​ចំនួន​ភ្ញៀវ​ទេសចរ​​​មាន​កំណើន​យ៉ាង​ហោច​ណាស់​​ពី​០ ទៅ​ ២% រឺ​អាច​លើស​ពីនេះ។ ទោះ​បីជា​បច្ចុប្បន្ន​នេះ យើង​​មិនអាច​និយាយ​ដោយជឿ​ជាក់​​អំពី​កំណើន​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​នេះ​ក៏​ដោយ ក៏​យើង​នៅតែអាច​ព្យាករណ៍​បាន​ថា​យ៉ាង​ហោច​ណាស់​ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះអាច​នឹង​​​មាន​ចំនួន​ស្មើ​នឹង​​​ចំនួនទេសចរ​ នៅ​ឆ្នាំ​២០០៨»។​ ទោះបីជា​មាន​វិបត្តិ​ និង​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​នូវ​ចំនួន​ទេសចរ​​ជា​ផ្លូវ​ការ​​នៅ​ដើម​ឆ្នាំនេះ​ក៏​ដោយ ក៏​លោក​រដ្ឋ​មន្រ្តី​ជឿ​ជាក់​​ថា​នយោបាយ​ទាក់​ទាញ​ទេសចរ​ក្នុង​តំបន់របស់​លោក​នឹង​ទទួល​បាន​ផ្លែ​ផ្កា​​ ​ជា​ពិសេស​អ្នក​ទេសចរ​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​អាស៊ាន​បូក៣ (​ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ប្រ៊ុយណេ វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និង ឥណ្ឌូនេស៊ី ​ បូក​បន្ថែម​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​) ហើយ​យុទ្ធសាស្រ្ត​នេះ​ ​អាច​​​កាត់​បន្ថយ​​​ផល​ប៉ះពាល់​នៃ​​​​ការ​ធ្លាក់ចុះ​ចំនួន​ទេសចរ​​ ដែល​មក​ពី​ទ្វីប​អឺរុប និង​សហរដ្ឋ​អាមេរិក​​​។

លោក​រដ្ឋមន្រ្តី​បាន​ធ្វើ​ការ​​វិភាគ​ថា «សព្វ​ថ្ងៃ​នេះ ទេសចរ​​មក​ពី​ប្រទេស​ឆ្ងាយៗមាន​ចំនួនតិចជាង​មុន​​ ព្រោះ​ការ​ធ្វើដំណើរ​របស់​ពួកគេ​ត្រូវ​ចំណាយ​អស់ថវិកាច្រើន​។ ដូចនេះ យើង​នឹង​លើក​ទឹកចិត្ត​​​អោយ​មាន​ការ​​​​ធ្វើ​ដំណើរកម្សាន្ត​រយៈ​ចម្ងាយ​ជិត ព្រោះ​ការ​ធ្វើដំណើរ​តាមជើង​យន្ត​ហោះនៅ​ក្នុង​តំបន់​​​មាន​តម្លៃ​ថោក​។ ម្យ៉ាង​ទៀត ការ​ធ្វើដំណើរតាម​ផ្លូវ​គោក​ តាម​រថយន្ត​ក្រុង កាន់តែ​មាន​តម្លៃ​ថោក​​»។ លោក​ថោង ខុន បាន​អះអាង​ថា​លោក​បាន​ទទួល​ការ​ឯកភាព​​ពី​សំណាក់​សម្តេច​ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់ការ​ធ្វើដំណើរ​របស់អ្នកទេសចរ​មក​ពី​​ប្រទេស​ឡាវ និង​ប្រទេសវៀតណាម។ បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋ​មន្រ្តី ​៦០%​នៃ​ទេសចរ​បរទេស​ មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​មួយ​នៅក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ ធៀប​នឹង​ទេសចរ​២០%​មក​ពី​ទ្វីប​អឺរុប និង​១០%​មកពីសហរដ្ឋ​អាមេរិក។ យោង​តាម​ស្ថិតិ​ផ្លូវការ ៤០%នៃ​អ្នក​ទេសចរ​ ចេញ​មក​​ពី​ប្រទេស​សមាជិក​​អាស៊ាន​បូក​៣ និង​២០%មក​ពីប្រទេស​ជា​សមាជិក​​អាស៊ាន​។ លោក​ថោង ខុន​បាន​គូស​បញ្ជាក់​ថា ៤០%នៃ​អ្នក​ទេសចរ​ទាំងនោះ​ចូលមកកាន់ប្រទេស​កម្ពុជា តាម​ផ្លូវ​គោក។​

លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​សំបុត្រ​ចូល​ទស្សនា​តំបន់អង្គរត្រូវ​បាន​បន្ធូរ​បន្ថយ​
រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ក៏មាន​គោល​បំណង​លើក​ទឹកចិត្ត​អោយ​មានការ​ស្នាក់​នៅ​រយៈ​ពេល​​យូរ​ផង​ដែរ ជា​ពិសេស​នៅតំបន់ទេសចរណ៍​ផ្សេង​ទៀត ក្រៅពី​តំបន់​អង្គរ នា​​​ខេត្ត​សៀមរាប​។ តាម​រយៈ​ផ្នត់​គំនិត​​​នេះ រដ្ឋាភិបាល​​​បាន​បន្ធូ​រ​បន្ថយ​គោលការណ៍​នៃ​ការ​ប្រើ​ប្រាស់​សំបុត្រ​​ចូល​ទស្សនា​​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ។​​ ចាប់​ពី​ពេល​នេះ​ទៅ អ្នក​ទេសចរ​នឹង​មានរយៈ​ពេល​​១​សប្តាហ៍​ ដើម្បីប្រើប្រាស់​សំបុត្រ​ចូល​ទស្សនាដែល​មាន​​រយៈ​ពេល​៣ថ្ងៃ ហើយមានរយៈ​ពេល​១​ខែ ដើម្បី​ប្រើប្រាស់​សំបុត្រ​រយៈពេល​១សប្តាហ៍ មានន័យថា​ អ្នកទេសចរ​អាច​ចូល​ទស្សនា​ប្រាសាទ​​នៅ​​ថ្ងៃ​ណា​ក៏​បាន​ដែរ តាម​ប្រភេទ​សំបុត្រ​នីមួយៗ។ ចន្លោះថ្ងៃ​ខ្លះ ទេសចរ​​អាច​ទៅ​ទស្សនា​​នៅ​រមណីយដ្ឋាន​ផ្សេង​ទៀត​។​ លោក​ថោង ខុន សំដែង​ក្តី​រីក​រាយ​ថា​«ឥឡូវ​នេះ ភ្ញៀវ​ទេសចរ​​​អាច​ជ្រើស​រើស​បាន​ដោយ​សេរី តាម​ចំណង់​​របស់ខ្លួន។ ថ្ងៃនេះ គេ​អាច​ទៅ​មើល​អង្គរ និង​ថ្ងៃ​​ស្អែក​ ឆ្លៀត​ទៅ​លេង​សមុទ្រ បន្ទាប់​មក​ត្រឡប់​មក​សៀមរាប​វិញ ដើម្បី​ទស្សនា​​តំបន់​អង្គរ រឹ​តំបន់​​ផ្សេងៗ​ទៀត រយៈ​ពេល​១ រឺ​២ថ្ងៃទៀត ជាមួយ​នឹង​សំបុត្រ​ចូល​ទស្សនា​ដដែល។ សរុបមក យើង​គឺជាអ្នកឈ្នះ ​ព្រោះ​​ពួកគេ​ចំណាយ​ថវិកា​របស់ពួកគេ​នៅតំបន់ផ្សេង​ ក្រៅ​ពីតំបន់អង្គរ ខេត្ត​សៀម​​រាប ហើយ​​​ភ្ញៀវ​ទេសចរ​ក៏​ពេញចិត្ត​ចំពោះគោលការណ៍​​​នេះ​​ដែរ»។​ លោក​បាន​បញ្ជាក់ថា វិធាន​​ការ​នេះ​ឆ្លើយ​តប​ទៅនឹង​សំណើ​មួយ ដែល​ធ្វើឡើង​នៅក្នុង​ការ​សិក្សា​យុទ្ធសាស្រ្ត​មួយ។ លោក​​រដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា «​ខ្ញុំ​ជឿ​ជាក់​ថា​ តាម​រយៈ​គោលនយោបាយ​នេះ យើង​នឹង​ទទួល​បាន​ជោគ​ជ័យ»។​

ការ​ព្រួយ​បារម្ភ ប៉ុន្តែ ជឿ​ជាក់​
ដោយ​ឡែក តំណាង​ឧស្សាហកម្ម​​​ទេសចរណ៍​ក៏​សំដែង​សុទិដ្ឋិនិយម​ ដែល​ពោរ​ពេញដោយការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ។ លោក​ហូ វណ្ឌី​ សហប្រធានក្រុមការងារ​ស្តីពីទេសចរណ៍​នៃ​វេទិកា​រដ្ឋាភិបាល​-វិស័យ​ឯក​ជន និង​ជា​ប្រធាន​គណៈកម្មាធិការ​​អចិន្រ្តៃយ៍​របស់​​សមាគម​ទី​​ភ្នាក់ងារ​ទេសចរណ៍​​​​កម្ពុជា (Cata) បាន​កត់សម្គាល់​ថា រហូត​មកទល់​ពេល​នេះ មិនមាន​សណ្ឋាគារ ភោជនីយ​ដ្ឋាន រឺ​ភ្នាក់ងារ​ទេសចរណ៍​​ណាមួយ​​បាន​បិទ​ទ្វារ​ រឺ​បញ្ឈប់បុគ្គលិកឡើយ​​។ ប៉ុន្តែ លោក​គូស​បញ្ជាក់​ថា ​សមាជិក​នៃ​ក្រុម​ការងារ​របស់លោក​ ដែលរួម​មាន​អ្នកទទួល​ខុស​ត្រូវ​ទីភ្នាក់​ងារ​ទេសចរណ៍ សណ្ឋាគារ ភោជនីយ​ដ្ឋាន​ និង​ក្រុមហ៊ុន​សម្បទាន​ព្រលានយន្ត​ហោះចំនួន​២១នាក់ មិន​មែន​គ្មាន​ ​​ការ​​ព្រួយបារម្ភ​ចំពោះ​រឿងនេះឡើយ គ្រប់​គ្នា​សុទ្ធតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​ទៅនឹង​ការ​វិវត្តន៍​វិបត្តិ​សេដ្ឋកិច្ច​។ លោក​ហូ វណ្ឌី​​ និង​ដៃគូ​របស់​លោក​បាន​សហការ​​ធ្វើការងារ​ជាមួយ​អាជ្ញាធរ ដើម្បី​ «​ដោះ​ស្រាយ​​ចំណុច​ជា​អាទិភាព​មួយ​ចំនួន​» និង«លើក​កម្ពស់​វិស័យ​ទេសចរណ៍» នៅអំឡុង​ពេល​ស្ថានភាព​​ដ៏​លំបាក​ទាំង​នេះ។

លោកហូ វណ្ឌី​​ បាន​លើកឧទាហរណ៍​មក​បញ្ជាក់ថា «​ចាប់​តាំង​ពី​​កើត​មាន​វិបត្តិនេះមក​ យើង​បាន​ស្នើ​សុំ​ក្រសួង​សេដ្ឋកិច្ច​និ​ង​ហិរញ្ញវត្ថុ កាល​ពី​ខែ​វិច្ឆិកា​កន្ល​ងមក​នេះ ​ដើម្បី​​បញ្ចុះ​តម្លៃ​ទិដ្ឋាការ​ និង​​លុប​​បំបាត់​ទិដ្ឋាការ​សម្រាប់​ជន​បរទេស​មក​ពី​តំបន់​​អាស៊ាន​​។ លោក​បានសំដែង​សោម​នស្ស​រីក​រាយ​​ថា ប្រធាន​បទ​​​​​​នេះ​ត្រូវ​បានដាក់​បញ្ជូល​ទៅក្នុង​របៀប​វារៈ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ កាល​ពី​ថ្ងៃ​ទី​​៨ និង​ទី​៩ ខែមករា នៅ​ទីក្រុង​ហាណូយ។ ក៏ដូចជា​ករណី​​បន្ធូរ​បន្ថយ​គោលការណ៍​នៃ​ការ​​ប្រើ​​ប្រាស់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ យើង​បាន​ទទួល​ចម្លើយ​វិជ្ជមាន​មួយឆ្លើយ​តប​ទៅនឹង​សំណើ​​ខាង​លើ​នេះ​ ទោះបីជាមិនមែន​ជា​សេចក្តី​ប្រកាស​​ផ្លូវ​​ការ​ក៏ដោយ​»។​ លោក​សង្ឃឹម​ថា វិធានការ​ទាំង​នេះ​នឹង​ចូល​​រួម​ទប់​ស្កាត់​កុំ​អោយមានការធ្លាក់ចុះ​​នូវ​ចំនួន​ទេសចរ​។ លោក​បាន​វាយតម្លៃ​​ថា​ចំនួ​ន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់ចុះ​​​២,៥% ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ធៀប​ទៅនឹង​ដើម​ឆ្នាំ​២០០៨។ ប៉ុន្តែ នេះ​គឺជា​ថយ​ចុះ​​លើកដំបូង បន្ទាប់​​ពី​ប្រទេសកម្ពុជា​មាន​កំណើន​ទេសចរ​មិនធម្មតា​​មួយ​ ពោល​គឺ​កំណើន​ប្រចាំ​ឆ្នាំ​ជា​មធ្យម​​​២៥%​​ ដោយយោង​តាម​ការ​សន្និដ្ឋាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។​

ធ្លាក់ចុះ​យ៉ាងហោចណាស់​ពី​២% ទៅ​៣០%
​ទោះ​​​​​យ៉ាងណា អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ផ្សេង​ៗទៀត​ជឿ​ជាក់​ស្ថាន​ភាពប្រហែល​ជា​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​ការ​ជឿជាក់​របស់​អាជ្ញាធរ ក៏ដូចជា​តំណាង​ឧស្សាហកម្ម​ទេសចរណ៍​ ដែល​​សិ្នទ្ធិនឹង​គណបក្ស​​កាន់​​អំណាច។ លោក​មឿង សុន ប្រធាន​សមាគម​ជាតិ​នៃ​​សហគ្រាស​ទេសចរណ៍​​ បាន​បង្ហាញ​​​តួលេខ​​​​ប្រកាស​អាសន្ន​ថា​ «យោង​តាម​ព័ត៌មាន​ ដែល​លោក​បានទទួល​ពីអ្នក​នាំភ្ញៀវ ​​អ្នក​​នៅ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ ការ​ចូល​ទស្សនា​របស់​​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់ចុះ​​៣០% ​បើធៀប​ទៅនឹង​ដើម​ឆ្នាំ​២០០៨។ លោក​បានពន្យល់ថា «ការ​ធ្លាក់ចុះ​​អាច​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​​នៃ​តម្លៃ​រូបិយវត្ថុ​មួយ​ចំនួន​ ជា​ពិសេស​រូបិយវត្ថុ​​អាស៊ី ធៀប​ទៅនឹង​រូបិយវត្ថុ​ដុល្លារ។ លោក​បាន​​សំដែង​ការ​សោក​ស្តាយថា «រាល់​ការ​ដោះដូរ​នៅ​ប្រទេស​កម្ពុជា ធ្វើឡើង​ជា​ប្រាក់ដុល្លារ​អាមេរិក​​។ ដូចនេះ នៅពេល​តម្លៃ​រូបិយវត្ថុ​នៃ​ប្រទេស​របស់​​អ្នកទេសចរបាន​​ធ្លាក់ចុះ ​ធៀប​ទៅនឹង​ប្រាក់​​ដុល្លារ វា​បង្កើត​​ជា​ស្ថាន​​ភាព​លំបាក»។​ ជន​ជាតិ​កូរ៉េ ដែល​ជា​ទេសចរ​មក​ប្រទេស​កម្ពុជា​ច្រើន​​ជាង​​គេ​បំផុត បានជួប​នូវកា​រធ្លាក់ចុះតម្លៃ​​រូបិយវត្ថុ​វ៉ុន (Won)របស់ខ្លួន​ ចំនួន​១៦% ធៀប​ទៅ​នឹង​​ប្រាក់​ដុល្លារ កាល​ពីដើម​ឆ្នាំ​២០០៩នេះ​។​ លោកមឿង​ សុន សំដែង​ការ​ខក​ចិត្ត​ថា «ជនជាតិ​​អឺរុប​មិនមាន​បញ្ហា​នេះ​ទេ ព្រោះ​ប្រាក់អឺរូ​​នៅតែ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រាក់​ដុល្លារ។ ប៉ុន្តែ ពួកគេ​ក៏​ប្រឈម​​នឹង​ការ​លំបាកផង​ដែរ ដូច​ជា​ការ​ប្រឈម​មុខ​នឹង​ភាព​អត់ការងារ​ធ្វើ ដែល​បណ្តាល​មក​ពី​វិបត្តិ​​សេដ្ឋកិច្ច​ពិភព​លោក»។​

លោកយូ ខេមរៈ អ្នក​នាំភ្ញៀវ និង​ជា​អ្នក​បកប្រែ​ឯករាជ្យ​ភាសា​បារាំង និង​អេស្ប៉ាញ តាំង​ពី​ឆ្នាំ​២០០១ បាន​វាយ​តម្លៃ​ថា ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​លោក​បាន​ធ្លាក់ចុះ​ ​៣០% ​ អស់រយៈ​ពេល​ជា​​​ច្រើន​ខែ​មក​ហើយ។ លោក​មាន​ប្រសាសន៍ថា «​កាល​ពីមុន នៅ​ក្នុង​មួយ​ខែ ខ្ញុំ​នាំភ្ញៀវ​ទេសចរ​ជាង​​១០ក្រុម រយៈ​ពេល​២៥​ថ្ងៃ​ជា​មធ្យម។ សព្វ​ថ្ងៃ ខ្ញុំ​ធ្វើ​ការ​មិនដល់​ទៅ​១៨​ថ្ងៃ ក្នុង​មួយ​ខែផង»។ ចំណែក​លោក​​តាន ឈុនសិញ អ្នក​នាំភ្ញៀវ​វ័យ​ក្មេង​នៅ​ទីភ្នាក់​ងារ​ទេសចរណ៍​ចិន​ ក៏​ជួប​បញ្ហា​ដូច​គ្នា​​ផង​ដែរ។ លោក​បាន​កត់​សម្គាល់​អំពីការ​ធ្លាក់​ចុះ​នេះ ក្រោយ​បុណ្យ​ចូល​ឆ្នាំចិន​ កាលពីចុង​ខែ​មករា​​មក។ សព្វ​ថ្ងៃ​នេះ​ គាត់​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ខែបាន​​ប្រហែល​៨០០ដុល្លារ ឥឡូវ​នេះ ចំណូល​របស់​គាត់​បាន​ធ្លាក់​ចុះ​​២០០ដុល្លារនៅអំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​

អ្នកធ្វើការ​ឯករាជ្យ​គឺជា​​អ្នក​​រង​គ្រោះ​មុន​ដំបូង​គេ​
លោក​ផាត រ៉ាប៊ី អ្នក​បើកម៉ូតូ​កង់​បី (​តុក-តុក) នៅ​ខេត្ត​សៀមរាប​បាន​ជួប​បញ្ហា​ជីវភាព​ ​ស្ទើរ​តែ​គ្មានប្រាក់​​ចាយ​វាយ​រហូត​ដល់​​ចុង​ខែ​ផង។ កាល​ពី​ឆ្នាំកន្លង​ទៅ គាត់​អាច​រក​ប្រាក់​ចំណូល​បាន​១៥០​ដុល្លារ តាម​រយៈ​ការ​​ដឹក​​អ្នកទេសចរ។ នៅ​ឆ្នាំ​២០០៩ ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់គាត់​ធ្លាក់ចុះ​មក​ក្រោម​៥០​ដុល្លារ​។ អ្នក​បើក​ម៉ូតូ​កង់​បី​រូបនេះ​បាន​វាយ​តម្លៃ​ថា​លោកមាន​សំណាង​ជាង​មិត្តភក្តិ​រកស៊ី​បើកម៉ូ​តូ​កង់​បី​​​​មួយ​ចំនួន​របស់​គាត់ ព្រោះ​គាត់​​មាន​ផ្ទះ​ផ្ទាល់​ខ្លួន មិន​ចាំ​បាច់​​​ត្រូវ​បង់ថ្លៃ​ជួល​បន្ទប់​ប្រចាំ​ខែ​អស់​ជាង​​៣០​ដុល្លារ ដូច​ពួក​គេ​នោះ​ទេ​។ ផ្ទុយ​​ស្រឡះ​​ពី​​អ្នក​ដែល​បម្រើ​ការ​ងារ​នៅ​​តាម​​ក្រុមហ៊ុន រឺ​ភ្នាក់​ងារ​ទេសចរណ៍ អ្នកបើក​បរ​ទាំងនេះ​ស្ថិតក្នុង​ស្ថាន​ភាព​ដ៏​​​លំបាក៖​ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ស្វែង​​រក​អ្នក​ទេសចរ​ ដែល​កាន់តែ​តិច​ទៅៗ។ លោក​រ៉ាប៊ី បាន​ចូល​​ជា​​សមាគម​ស្ថានីយ​រថយន្ត​​ក្រុង​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ីច​ប្រេស ដើម្បី​មាន​​ឱកាស​ដឹក​​​អតិថិជន​ខ្លះៗ។ លោក​បាន​រៀប​រាប់​ថា «ខ្ញុំ​ចំណាយ​ប្រាក់​៣០ដុល្លារ ក្នុង​មួយ​ខែ ដើម្បី​អាច​ទៅ​ស្វែង​រក​ក្រុម​អ្នក​ទេសចរ​ ចេញ​ពី​រថយន្ត​​ក្រុង​ភ្នំពេញ និង​ដឹកពួកគេ​ទៅ​កាន់​សណ្ឋាគារ។ ប្រសិនជា​ពួកគេ​សុំ​អោយ​ខ្ញុំ​បម្រើ​ពួកគេ​នៅ​​ថ្ងៃ​បន្ទាប់ទៀត វា​ជា​សំណាង​របស់ខ្ញុំ​ហើយ​។ បើ​មិន​ដូច្នោះទេ វា​ជា​រឿង​ដ៏​លំបាក​បំផុត​»។​



អានបន្ថែម​លើកាសែត
 -រៀល រឺ ដុល្លារៈ តើ​រូបិយវត្ថុមួយ​ណា សម្រាប់​កម្ពុជា នៅ​ពេល​មាន​វិបត្តិ​ពិភព​លោក​? (០៩-១២-២០០៨)
-វិបត្តិ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាៈ រវាង​ការ​ព្រួយ​បារម្ភ និងការ​ពិត (១៦-០៣-២០០៩)
- ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា? (១២-០៣-២០០៩)
-ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង? (២៤-០២-២០០៩)
-ប្រឈម​​មុខ​​នឹង​វិបត្តិ កម្ពុជា​ត្រូវ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង និង​បរិយាកាស​វិនិយោគ​​ទុន (១១-១២-២០០៨)
-សហជីព​កម្មករ​​ប្រឆាំង​ទៅនឹង​គម្រោង​​​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដែល​អាច​ធ្វើ​​អោយ​សន្តិសុខ​​​ការងារ​​​ចុះ​ទន់ខ្សោយ (០៣-០៣-២០០៩)
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

 
-រៀល រឺ ដុល្លារៈ តើ​រូបិយវត្ថុមួយ​ណា សម្រាប់​កម្ពុជា នៅ​ពេល​មាន​វិបត្តិ​ពិភព​លោក​? (០៩-១២-២០០៨)
-វិបត្តិ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាៈ រវាង​ការ​ព្រួយ​បារម្ភ និងការ​ពិត (១៦-០៣-២០០៩)
- ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា? (១២-០៣-២០០៩)
-ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង? (២៤-០២-២០០៩)
-ប្រឈម​​មុខ​​នឹង​វិបត្តិ កម្ពុជា​ត្រូវ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង និង​បរិយាកាស​វិនិយោគ​​ទុន (១១-១២-២០០៨)
-សហជីព​កម្មករ​​ប្រឆាំង​ទៅនឹង​គម្រោង​​​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដែល​អាច​ធ្វើ​​អោយ​សន្តិសុខ​​​ការងារ​​​ចុះ​ទន់ខ្សោយ (០៣-០៣-២០០៩)
 
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ