|
អធិប្បាយចុងក្រោយ
|
| ការកំណត់ឋានៈសិទ្ធិជនភៀសខ្លួននៅកម្ពុជានឹងស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជា |
| ដោយ ដួង សុខា | | | ២៧-០៣-២០០៩ | នាថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ នីតិវិធីកំណត់សិទ្ធិឋានៈជនភៀសខ្លួនបរទេសនៅក្នុងប្រទេសកម្ពុជានឹងលែងស្ថិតនៅក្រោមសមត្ថកិច្ចរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (HCR) ដូចករណីសព្វថ្ងៃនេះទៀតហើយ ប៉ុន្តែ នឹងត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ តាំងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ អាជ្ញាធរកម្ពុជាមានសិទ្ធផ្តល់សិទ្ធិជ្រកកោនដល់ជនបរទេសអោយមករស់នៅលើទឹកដីរបស់ខ្លួនបាន ជាមួយនឹងលក្ខខណ្ឌមួយចំនួន។ ចាប់តាំងពីឆ្នាំ១៩៩២មក ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃប្រទេសកម្ពុជា ដែលនៅសម័យនោះ មានសម្តេចនរោត្តម សីហនុជាព្រះប្រធាន បានប្រគល់ភារកិច្ចនេះទៅអោយអង្គការ HCR ជាអ្នកធ្វើការកំណត់ឋានៈសិទ្ធិជនភៀសខ្លួនដល់ជាតិសាសន៍ផ្សេងៗ (វៀតណាម ចិន រួមទាំងជនជាតិអាហ្រ្វិកផងដែរ …) ជំនួសមុខអោយប្រទេសកម្ពុជា។ ដើម្បីគោរពទៅតាមអនុសញ្ញា ដែលកម្ពុជាជាហត្ថលេខី រដ្ឋាភិបាលកម្ពុជាទើបតែបានបញ្ចប់ការតាក់តែងសេចក្តីព្រាងអនុក្រឹត្យមួយ ស្តីពីការកំណត់ឋានៈសិទ្ធិជនភៀសខ្លួននៅប្រទេសកម្ពុជា ដោយសហការជាមួយការិយាល័យអង្គការ HCR ប្រចាំនៅទីក្រុងភ្នំពេញ។ ទោះយ៉ាងណា សេចក្តីព្រាងអនុក្រឹត្យនេះនឹងមិនអាចយកមកអនុវត្តបានជាមួយនឹងជនជាតិម៉ុងតាញ៉ាវៀតណាម ដែលបច្ចុប្បន្នត្រូវស្ថិតនៅក្រោមការការពារពីសំណាក់អង្គការ HCR នៅក្នុងជំរំមួយ ស្ថិតនៅរាជធានីភ្នំពេញ។ អនុក្រឹត្យមួយរបស់រដ្ឋាភិបាល ស្របទៅតាមអនុសញ្ញាស្តីពីជនភៀសខ្លួន នៅដំណាច់ឆ្នាំ២០០៨ ប្រមុខរដ្ឋាភិបាលកម្ពុជា និង ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (HCR) ដែលមានស្នាក់ការធំនៅទីក្រុងហ្សឺណែវ បានឯកភាពគ្នា ទាក់ទងនឹងការរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយស្តីពីការកំណត់ឋានៈសិទ្ធិជនភៀសខ្លួននៅប្រទេសកម្ពុជា។ លោកសុខ ផល អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកសំណុំរឿងនេះ បានបញ្ជាក់ប្រាប់ កាសែត ថា ការសម្រេចនេះអនុញ្ញាតអោយរដ្ឋាភិបាលកម្ពុជា អនុវត្តទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីឋានៈជនភៀសខ្លួនឆ្នាំ១៩៥១ ដែលកម្ពុជាជាប្រទេសហត្ថលេខីមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩២មក។
អនុសញ្ញានេះកើតចេញពីការពិចារណាមួយ ក្រោយសង្គ្រាមលោកលើកទី២ ដោយបានកំណត់បទប្បញ្ញត្តិ ដែលរដ្ឋជាហត្ថលេខីត្រូវផ្តល់ឋានៈជនភៀសខ្លួន ដល់បុគ្គលណាដែលបានធ្វើការស្នើសុំឋានៈនេះ ព្រមទាំងសិទ្ធិ និងករណីយកិច្ចរបស់បុគ្គលទាំងនេះនៅលើទឹកដីរដ្ឋនោះ។
បើតាមប្រសាសន៍របស់មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយនាយកដ្ឋានអន្តោប្រវេសន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ដែលការងារនេះត្រូវបានបញ្ចប់កាលពីថ្ងៃទី១៧ ខែមីនា ដោយមានការចូលរួមពីសំណាក់ការិយាល័យអង្គការ HCR ប្រចាំទីក្រុងភ្នំពេញ។ លោកសុខ ផល មានប្រសាសន៍បន្ថែមទៀតថា «ចំណុចសំខាន់ៗនិងជៀសមិនរួចនៃសេចក្តីព្រាងនេះ គឺចំណុចដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១។ ដូច្នេះ ចំណុចសំខាន់ដែលមានចែងក្នុងអនុក្រឹត្យ គឺចាំបាច់ត្រូវតែស្របទៅតាមអនុសញ្ញានេះ។ ឧទាហរណ៍ ជនភៀសខ្លួនមានសិទ្ធិសំណូមពរ ដើម្បីរកជំនួយជុំវិញបញ្ហាច្បាប់របស់ប្រទេសកម្ពុជា ជុំវិញការបកប្រែភាសា និងជំនួយក្នុងការទំនាក់ទំនងមកអាជ្ញាធរ ដើម្បីស្នើសុំសិទ្ធិជនភៀសខ្លួន។ ដូចនេះ ការអនុវត្តសិទ្ធិទាំងអស់នេះត្រូវមានចែងនៅក្នុងសេចក្តីព្រាងនេះ»។ លោកបានគូសបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះនឹងដាក់ឆ្លងអគ្គស្នងការដ្ឋាននគរបាលជាតិនិង ក្រសួងមហាផ្ទៃ មុននឹងបញ្ជូនទៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុម័ត។
អង្គការ HCR សាទរចំពោះបទបញ្ញត្តិថ្មីទាំងនេះ លោកឧត្តមសេនីយឯក សុខ ផល បានអោយដឹងថាការិយាល័យអង្គការ HCR បានចូលរួមការងាររៀបរៀងសេចក្តីព្រាងអនុក្រឹត្យនេះ ដោយបានលើកពីបទពិសោធន៍នៃការងារ ការប្រើប្រាស់ពាក្យពេចន៍ និងនីតិវិធីខ្លះ ដែលអាចអោយភាគីកម្ពុជានិងអន្តរជាតិទទួលយកបានទាំងពីរ។ យ៉ាងណាមិញ លោក Thamrongsak Meechubot តំណាងអង្គការ HCR ប្រចាំទីក្រុងភ្នំពេញ ដែលបានពិនិត្យខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យនេះ ជាមួយអាជ្ញាធរកម្ពុជា បានអបអរសាទរចំពោះសេចក្តីព្រាងនេះ ព្រោះប្រទេសកម្ពុជាបានគោរពតាមការសន្យារបស់ខ្លួន និងករណីយកិច្ចរបស់ខ្លួន ដូចមានកំណត់នៅក្នុងអនុសញ្ញឆ្នាំ១៩៥១។ អ្នកទទួលខុសត្រូវជនជាតិថៃនៃស្ថាប័នអង្គការសហប្រជាជាតិប្រចាំទីក្រុងភ្នំពេញរូបនេះ បានប្រាប់ កាសែត ថា «យើងរីករាយចំពោះខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ហើយយើងមិនឃើញមានបញ្ហាណាមួយទេ»។ ដូចនេះ លោកនៅរង់ចាំតែការអនុម័ត និងការចូលជាធរមាននៃអនុក្រឹត្យនេះប៉ុណ្ណោះ។
លោក Nick Henderson មន្រ្តីច្បាប់នៃអង្គការ Jesuit Refugee Service (JRS) ដែលជាអង្គការអន្តរជាតិផ្តល់ជំនួយផ្នែកច្បាប់ដល់ជនភៀសខ្លួន និងមានទីស្នាក់ការនៅប្រទេសកម្ពុជាអស់រយៈពេល១៥ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថាទោះបីជាលោកបានទទួលព័ត៌មានទាក់ទងនឹងសេចក្តីព្រាងអនុក្រឹត្យនេះក៏ដោយ ក៏ពេលនោះ លោកមិនមានឱកាសបានស្វែងយល់ខ្លឹមសារនេះនៅឡើយទេ។ អ្នកជំនាញការជនជាតិអៀរឡង់រូបនេះបានអត្ថាធិប្បាយថា «យើងបានធ្វើសំណើមួយដល់រដ្ឋាភិបាល ដើម្បីទទួលបាន សេចក្តីព្រាងអនុក្រឹត្យពេញលេញ ក្នុងគោលបំណងផ្តល់អនុសាសន៍ស្ថាបនាចាំបាច់ ដល់អាជ្ញាធរកម្ពុជា និងអង្គការ HCR ដើម្បីរៀបចំច្បាប់នេះអោយកាន់តែល្អប្រសើរ។ យើងសង្ឃឹមថាអនុក្រឹត្យនេះនឹងផ្តល់កិច្ចការពារ និងសិទ្ធិដ៏ពិតប្រាកដ ជូនជនភៀសខ្លួននៅប្រទេសកម្ពុជា»។
អំណាចសម្រេចចុងក្រោយស្ថិតនៅលើរដ្ឋាភិបាល ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗទៀតផងដែរ ប្រសិនជាសេចក្តីព្រាងនេះត្រូវបានអនុម័ត ការសម្រេចចុងក្រោយ ក្នុងការផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួន ស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋាភិបាល លែងជាសមត្ថកិច្ចរបស់អង្គការ HCR ទៀតហើយ។ លោក សុខ ផល បានគូសបញ្ជាក់ថា លក្ខខណ្ឌនៃការផ្តល់ឋានៈជនភៀសខ្លួនត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងអនុសញ្ញាឆ្នាំ១៩៥១។ ដូចនេះ ប្រទេសកម្ពុជានឹងអនុវត្តតាមគោលការណ៍អនុសញ្ញានោះ។ លោកអគ្គស្នងការរងនគរបាលជាតិ និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ថា «អនុក្រឹត្យនេះគ្រាន់តែជាការអនុវត្តសិទ្ធសម្រេចស្វយ័តរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសអធិបតេយ្យភាព។ អ្នកអាចទទួលបានឋានៈជាជនភៀសខ្លួនបាន ទាល់តែអ្នកនោះមិនមែនជាម្ចាស់ប្រទេសនេះ ត្រូវតែជាជនរងគ្រោះដោយសារបញ្ហាអ្វីមួយនៅក្នុងប្រទេសរបស់ខ្លួន ដូចជាជនរងគ្រោះពីការគាបសង្កត់នយោបាយ ប៉ុន្តែមិនមែនជាជនរងគ្រោះពីបញ្ហាសេដ្ឋកិច្ចឡើយ»។
យោងតាមនីតិវិធីនៃការសុំឋានៈជាជនភៀសខ្លួន ដែលចែងនៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ ជនបរទេសអាចចូលមកក្នុងប្រទេសកម្ពុជា តាមរយៈទិដ្ឋាការធម្មតា ហើយគាត់អាចមកយកពាក្យសុំនៅនាយកដ្ឋានអន្តោប្រវេសន៍។ លោកសុខ ផលបានលំអិតថា «ពេលអនុក្រឹត្យចូលជាធរមាន រដ្ឋាភិបាលនឹងណែនាំក្រសួងមហាផ្ទៃ អោយចេញជាគំរូពាក្យសុំ ដែលអ្នកស្នើសុំសិទ្ធិជ្រនកោននឹងត្រូវបំពេញ ដូចគេបំពេញទម្រង់បែបបទនៃការរៀបអាពាហ៍ពិពាហ៍ ដោយមិនចាំបាច់ឆ្លងកាត់អង្គការ HCR ។ ពេលដាក់ពាក្យសុំហើយ យើងនឹងផ្ញើរាល់ឯកសារព្រាងចម្លងមួយច្បាប់ទៅអង្គការ HCR ព្រោះអង្គការនេះជាអ្នកឯកទេសក្នុងរឿងនេះ និងមានថវិកាឧបត្ថម្ភការរស់នៅរបស់ជនភៀសខ្លួន។ ប៉ុន្តែ គ្រាន់តែថាសិទ្ធិសម្រេចចុងក្រោយ គឺខាងកម្ពុជាជាអ្នកសម្រេច»។
តើជនភៀសខ្លួនបែបណា? លោកសុខ ផល អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា អនុក្រឹត្យនេះនឹងមិនជាប់ពាក់ព័ន្ធជាមួយខ្មែរកម្ពុជាក្រោមនោះទេ។ សព្វថ្ងៃ កម្ពុជាក្រោមស្ថិតនៅលើទឹកដីវៀតណាម ប៉ុន្តែ ប្រជាជនកម្ពុជាក្រោមភាគច្រើនស្រឡាញ់ខ្មែរ ហើយខ្មែរកម្ពុជាក្រោមត្រូវបានចាត់ទុកថាជាខ្មែរពិតប្រាកដ ដោយយោងទៅតាមព្រះរាជក្រឹត្យមួយ ដែលឡាយព្រះហត្តលេខាដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ។ លោកបានលើកឡើងថា «ខ្មែរកម្ពុជាក្រោមដែលឡើងមកនៅកម្ពុជាមិនបាច់សុំសិទ្ធិភៀសខ្លួននៅទីនេះទេ។ គាត់ត្រូវបំពេញកាតព្វកិច្ចជាជនជាតិកម្ពុជា ត្រូវមានច្បាប់ទំលាប់ ជាពិសេស មានប័ណ្ណស្នាក់នៅ»។ នេះគឺជាការបកស្រាយជាក់លាក់ ចំពោះពាក្យរិះគន់របស់អង្គការការពារសិទ្ធិមនុស្ស មកលើរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា។ របាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយកាលពីខែមករា ឆ្នាំ២០០៩ បានបរិហារអំពីការប្រឈមមុខទៅនឹងឧបសគ្គមិនចាំបាច់របស់ខ្មែរក្រោម ដែលមានបំណងសុំឋានៈ នៅប្រទេសកម្ពុជា ហើយអំពើហឹង្សាដែលកើតមានឡើងលើជនរងគ្រោះដែលបានធ្វើការរិះគន់អាជ្ញាធរវៀតណាម។ របាយការណ៍បានលើកឡើងជាពិសេសអំពីការបង្ក្រាបបាតុកម្មមកលើព្រះសង្ឃខ្មែរក្រោម ដែលបានបរិហារអំពីការរំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាម រឺការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមដ៏សកម្មមួយអង្គ កាលពីខែមិថុនា ឆ្នាំ២០០៧ ក្រោយមកដេញព្រះសង្ឃអង្គនោះចេញពីប្រទេសវៀតណាម បន្ទាប់ពីត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
ជនជាតិភាគតិច ម៉ុងតាញ៉ា មិនជាប់ពាក់ព័ន្ធ បើតាមប្រសាសន៍របស់លោកសុខ ផល សេចក្តីព្រាងអនុក្រឹត្យនេះនឹងមិនអនុវត្តចំពោះជនជាតិម៉ុងតាញ៉ាវៀតណាមនោះទេ (ម៉ុងតាញ៉ាគឺជាជនជាតិភាគតិចនៃតំបន់ខ្ពង់រាបខ្ពស់នៃប្រទេសវៀតណាមកណ្តាល) ដែលបច្ចុប្បន្ននេះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ HCR ប្រចាំទីក្រុងភ្នំពេញ។ ប៉ុន្តែ ជោគវាសនារបស់ក្រុមកុលសម្ព័ន្ធមួយនេះស្ថិតនៅក្នុងក្របខ័ណ្ឌផ្សេងនៃកិច្ចពិភាក្សារវាងអាជ្ញាធរកម្ពុជានិងអង្គការ HCR។
កាលពីខែកុម្ភៈ ឆ្នាំ២០០១ សមាជិកជនជាតិភាគតិចតំបន់ភ្នំនៃប្រទេសវៀតណាមនេះជាច្រើនពាន់នាក់ ភាគច្រើនជាអ្នកកាន់សាសនាគ្រឹស្ត បានធ្វើបាតុកម្មអហិង្សាជាបន្តបន្ទាប់ ដើម្បីទាមទារឯករាជ្យ ការកាន់កាប់ទឹកដីបុព្វបុរសរបស់ពួកគេវិញ និងសេរីភាពនៃការគោរពសាសនា។ កាលនោះ បាតុកម្មទាំងនេះត្រូវបានបង្រ្កាបយ៉ាងហិង្សាពីសំណាក់រដ្ឋាភិបាលវៀតណាម។ ចាប់តាំងពីកើតមានព្រឹត្តិការណ៍ទាំងនេះមក ក្រុមម៉ុងតាញ៉ាវៀតណាមបានចាប់ផ្តើមលួចឆ្លងដែន ចូលទឹកដីកម្ពុជា ប៉ែកឥសាន (ខេត្តរតនគិរី និងមណ្ឌលគិរី) ដើម្បីរត់គេចចេញពីការធ្វើបាបរបស់អាជ្ញាធរវៀតណាម ប៉ុន្តែ ជាចុងក្រោយ មនុស្សមួយចំនួនក្នុងចំណោមអ្នកទាំងនោះ ត្រូវបានធ្វើមាតុភូមិនិវត្តដោយបង្ខំ បន្ទាប់ពួកគេត្រូវបានបដិសេធឋានៈជាជនភៀសខ្លួន។
លោកឧត្តមសេនីយឯកបានអះអាងថា «ទាក់ទងនឹងជនជាតិម៉ុងតាញ៉ា យើងមានអនុស្សារណៈយោគយល់មួយ ដែលត្រូវបានចុះហត្ថលេខា [កាលពីខែមករា] ឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា វៀតណាម និងអង្គការ HCR នៅទីក្រុងហាណូយ។ យើងអនុវត្តអនុស្សារណៈនោះបានយ៉ាងល្អ។ ហេតុដូច្នេះហើយទើបបានជាយើងមិនមានការប៉ះទង្គិចទាំងខាងប្រទេសវៀតណាម និងអង្គការ HCR»។
តាមរយៈអនុស្សារណៈយោគយល់នេះ ប្រទេសវៀតណាមសន្យាថានឹងមិនធ្វើបាប រឺរើសអើងជនជាតិម៉ុងតាញ៉េដែលត្រឡប់ចូលស្រុកវិញនោះទេ។ វៀតណាមសន្យានឹងអនុញ្ញាតអោយអង្គការ HCR ទៅបំពេញទស្សនកិច្ចនៅតំបន់ខ្ពង់រាបខ្ពស់នៃវៀតណាមកណ្តាល ដើម្បីតាមដានលក្ខខណ្ឌរស់នៅ បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍មកវិញរបស់ជនជាតិទាំងនោះ ខណៈពេលកាលពីមុន ការចូលទៅកាន់តំបន់នេះរបស់អ្នកសង្កេតការណ៍សិទ្ធិមនុស្ស អ្នកយកព័ត៌មាន រឺអ្នកស៊ើបអង្កេតឯករាជ្យ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរវៀតណាម។
ធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិកដោយផ្ទាល់ លោកសុខ ផល បានវាយតម្លៃថា «ជនជាតិម៉ុងតាញ៉ាចូលមកប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៨មក។ យើងដឹងមូលហេតុ ដោយសារអង្គការ HCR បានទៅដល់វៀតណាមផ្ទាល់តែម្តង។ វៀតណាមក៏បើកទូលាយច្រើនដែរ។ គាត់ [ម៉ុងតាញ៉ា] មិនចាំបាច់រត់មកស្រុកខ្មែរទេ គាត់អាចទាក់ទងអង្គការ HCRនៅវៀតណាម ដើម្បីទៅអាមេរិកផ្ទាល់ វាស្រួលជាង!»។ លើសពីនេះ ទីប្រឹក្សាផ្ទាល់របស់សម្តេចហ៊ុន សែន បានអះអាងថានេះមិនមែនជា«សំណុំរឿងរស៊ើប» នោះទេ។
យោងតាមលោក Thamrongsak Meechubot តំណាងអង្គការ HCR ប្រចាំទីក្រុងភ្នំពេញ ជនជាតិម៉ុងតាញ៉ា១៤៨នាក់កំពុងរស់នៅក្នុងជំរំមួយរបស់អង្គការ HCR នាទីក្រុងភ្នំពេញ ហើយភាគច្រើនបានទទួលឋានៈជាជនភៀសខ្លួន។ ចាប់តាំងពីឆ្នាំ២០០១មក ជនជាតិម៉ុងតាញ៉ាប្រមាណជាង១ពាន់នាក់បានចាកចេញទៅកាន់សហរដ្ឋអាមេរិក។
អានបន្ថែម ឋានៈ«ជនភៀសខ្លួន» ត្រូវបានគ្រប់គ្រងយ៉ាងជាក់លាក់ យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីឋានៈជនភៀសខ្លួន (ឆ្នាំ១៩៥១) ជនភៀសខ្លួនគឺជាបុគ្គលម្នាក់ «ដែលមានការព្រួយបារម្ភ ដោយសារទទួលរងនូវការរើសអើងជាតិសាសន៍ សាសនា សញ្ជាតិ ការចូលរួមជាមួយក្រុម រឺបក្សនយោបាយ និងស្ថិតនៅក្រៅប្រទេសសញ្ជាតិរបស់ខ្លួន និងមិនអាចទាមទារការការពារពីប្រទេសនោះបាន (...)»។
ខ្លឹមសារទាំងស្រុងនៃអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីឋានៈជនភៀសខ្លួនឆ្នាំ១៩៥១ មានដាក់បង្ហាញនៅលើវិបសាយរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ។
អត្ថបទបន្ថែមលើកាសែត
-អង្គការឃ្លាំមើលសិទ្ធិមនុស្សបរិហារអំពីការរំលោភសិទ្ធិប្រជាពលរដ្ឋនៅកម្ពុជាក្រោម (២២-០១-២០០៩) -ជនភៀសខ្លួនជនជាតិភាគតិចវៀតណាមតំបន់ភ្នំ បានតវ៉ានឹងការបញ្ជូនខ្លួនរបស់ពួកគេទៅកាន់ ប្រទេសដើមវិញ (១៨-០៧-២០០៨) -អង្គការឃ្លាំមើលសិទ្ធិមនុស្សៈ តើព្រះសង្ឃខ្មែរក្រោម ទឹម សាខន គង់នៅឯណា? (០៣-០៧-២០០៨) -ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ (០៤-០៦-២០០៨)
|
|
|