កំបូល-ភ្នំពេញ (កម្ពុជា) ថ្ងៃទី៣០ មីនា ២០០៩៖ អ្នកយកព័ត៌មានមួយរូប កំពុងស្តាប់ បទចោទប្រកាន់លើរូបកាំង ហ្គិចអ៊ាវ ហៅឌុច នៅអ.វ.ត.ក
©ចន វីង/ Magnum
ថ្ងៃទី១នៃសវនាការលើអង្គសេចក្តីរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំងនិងសួរចម្លើយស-២១ (រឺហៅថា គុកទួលស្លែង) នាថ្ងៃច័ន្ទ ទី៣០ ខែមីនានេះ មានត្រឹមតែការអាននូវការវិភាគអង្គហេតុនិងបទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទ នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេតប៉ុណ្ណោះ (ដីកាបញ្ជូនរឿងទៅជំនុំជម្រះ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៨ ហើយត្រូវបានកែសម្រួលដោយអង្គបុរេជំនុំជម្រះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨)។ ការអាននេះបានអូសបន្លាយពេលអស់ជិត៤ម៉ោង។ អង្គហេតុដែលត្រូវបានបង្ហាញនៅក្នុងដីការបស់ចៅក្រម រួមមានទាក់ទងនឹងមន្ទីរស-២១ នយោបាយកម្ចាត់ខ្មាំងសត្រូវ មាគ៌ានយោបាយគណបក្សកុម្មុយនីស្តកម្ពុជា ដែលស្ថិតនៅពីក្រោយខ្នងមេដឹកនាំខ្មែរក្រហម និងការរៀបរាប់អំពីលក្ខខណ្ឌនៃការឃុំឃាំងអ្នកទោស និងការធ្វើទារុណកម្មលើអ្នកទោស។ អតីតជនធ្វើទារុណកម្មបដិវត្តន៍រូបនេះនៅអង្គុយទ្រឹងស្ងៀមស្ងាត់ស្តាប់ការអាន។
នៅបន្ទប់សវនាការ ឌុច ស្លៀកពាក់យ៉ាងស្អាតបាត ជាមួយអាវសដៃវែង ខោជើងវែងពណ៌ខ្មៅ មានទឹកមុខមាំមួន ពេលស្តាប់ការអានរបស់ក្រឡាបញ្ជី ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញទៅលើអតីតអ្នកទោសរបស់គាត់។ នៅពេលបុរសវ័យ៦០ឆ្នាំផ្លាយរូបនេះឡើងបង្ហាញខ្លួន រឺធ្វើការរៀបរាប់អំពីការផ្លាស់ប្តូរឈ្មោះជាច្រើនរបស់ខ្លួន គាត់និយាយមួយម៉ាត់ៗយ៉ាងច្បាស់។ គេអាចយល់បានថាអតីតគ្រូគណិតវិទ្យារូបនេះជាមនុស្សមានចំណេះដឹង និងមានការអប់រំត្រឹមត្រូវ។ រាល់លើកដែលគាត់ត្រូវនិយាយទៅកាន់តុលាការ គាត់តែងតែក្តោបដៃ ជាសញ្ញានៃការគោរព។ នៅពេលក្រឡាបញ្ជីអានដីកាបញ្ជូនរឿងទៅជំនុំជម្រះ គាត់បានផ្ទៀងផ្ទាត់តាមដានយ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់បំផុត នូវឃ្លានីមួយៗនៃដីកានោះ ជាមួយនឹងឯកសារថតចម្លងដែលគាត់មាននៅនឹងដៃ។ តើឌុច អាចរក្សាភាពម៉ឺងម៉ាត់បែបនេះបានដែររឺទេ នៅពេលបើកសវនាការសាកសួរដេញដោល ព្រោះគាត់នឹងត្រូវប្រឈមមុខជាមួយអតីតអនុប្រធានមន្ទីរស-២១ រឺអតីតជនរងគ្រោះ ដែលអាចរត់គេចចេញពីឋាននរកនៃគុកទួលស្លែងនេះ?
ការអានដីកាបញ្ជូនរឿងទៅជំនុំជម្រះបានបង្ហាញស្ថានភាពនៅគុកទួលស្លែង និងបានកំណត់តួនាទីរបស់ឌុច នៅក្នុងរចនាសម្ព័ន្ធនេះ។ ស្វែងយល់អំពីខ្លឹមសារលំអិតនៃដីកាដំណោះស្រាយខាងលើ [រាល់ខ្លឹមសារខាងក្រោមនេះត្រូវបានដកស្រង់ចេញពី ដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេត ]
ឌុចៈ មេគុកស-២១
នៅពេលពួកខ្មែរក្រហមឡើងកាន់អំណាច ស្ថាប័នតុលាការរបស់ប្រទេសកម្ពុជាត្រូវបានជំនួសដោយមន្ទីរអប់រំកែប្រែ កន្លែងសួរចម្លើយ និងមន្ទីរសន្តិសុខសម្រាប់ឃុំខ្លួន និងប្រហារជីវិតអតីតរដ្ឋការនិងអ្នកគាំទ្ររបបសាធារណៈរដ្ឋខ្មែរ ព្រមទាំងសត្រូវប្រឆាំងនឹងអង្គការ។ នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ ឌុចបានពន្យល់ថា នៅឆ្នាំ១៩៧៦ «ប៉ុល ពតបានបញ្ចប់ជាមួយវណ្ណៈជិះជាន់ [ជាមួយ]កម្មសិទ្ធិឯកជន [ជាមួយ]មនុស្សរបបចាស់ [ជាមួយ]សាសនា [ជាមួយ] គ្រូបង្រៀន»។ ពេលនោះហើយគឺជាពេលចាប់ផ្តើមបោសសំអាតផ្ទៃក្នុង។ ក្រោយមក ឯកសារផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តកម្ពុជាតម្រូវអោយមានការបង្កើនការ «ប្រុងប្រយ័ត្នបដិវត្តន៍» ដើម្បី«ធានាមិនអោយខ្មាំងស៊ីរូងផ្ទៃក្នុង» បក្ស និងកងទ័ពបាន។ មូលហេតុនេះនាំអោយមានការចាប់ខ្លួនបានកើនឡើង ស្របពេលជាមួយនឹងភាពតានតឹងនៃជម្លោះប្រដាប់អាវុធជាអន្តរជាតិ ជាមួយប្រទេសវៀតណាម។
កំបូល (កម្ពុជា) ថ្ងៃទី៣០ មីនា ២០០៩
©ចន វីង/ Magnum
ឌុច បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហមតាំងពីឆ្នាំ១៩៦៧។ ពីឆ្នាំ១៩៧១ ដល់ខែមករា ឆ្នាំ១៩៧៥ គាត់មានតួនាទីជាប្រធានមន្ទីរ ម១៣ (មន្ទីរ ម១៣ ជាមន្ទីរសន្តិសុខមួយទៀត ស្ថិតនៅខេត្តកំពង់ស្ពឺ)។ បន្ទាប់មក គាត់ «ត្រូវបានផ្លាស់មក» មន្ទីរស២១ ចាប់តាំងពីខែតុលា ឆ្នាំ១៩៧៥។ គាត់មានតួនាទីជាអនុប្រធានទទួលបន្ទុកក្រុមសួរចម្លើយ ហើយនៅខែមីនា ឆ្នាំ១៩៧៦ គាត់ឡើងធ្វើជាប្រធានមន្ទីរស២១នេះ។ ទោះយ៉ាងណា ឌុចនៅតែបន្តមើលខុសត្រូវដោយខ្លួនឯងផ្ទាល់ទៅលើការសួរចម្លើយអ្នកទោសសំខាន់ៗ ។ ឌុចបានសារភាពថា មុនដំបូងឡើយ គាត់រារែកចិត្តមិនចង់ទទួលបានតួនាទីនៅមន្ទីរស២១ ទេ គឺគាត់ចង់ទៅបម្រើការនៅក្រសួងឧស្សាហកម្មវិញ។ ប៉ុន្តែ ឌុចក៍ព្រមទទួលធ្វើជាអ្នកដឹកនាំស-២១ និងតាមការសារភាពរបស់គាត់ផ្ទាល់ ឌុចយល់ថាផ្អែកតាមបទពិសោធន៍នៅមន្ទីរ ម-១៣ គាត់មានសមត្ថភាពបំពេញការងារនេះបានប្រសើរជាងអ្នកមុន។
ឌុច បានដឹកនាំមន្ទីរស-២១ «តាមឋានានុក្រម និងបានបង្កើតប្រព័ន្ធរាយការណ៍គ្រប់ជាន់ថ្នាក់ ដើម្បីធានាថារាល់បទបញ្ជារបស់គាត់ត្រូវបានអនុវត្តភ្លាមៗ និងជាក់លាក់»។ សាក្សីជាច្រើនបាននិយាយថា «គេខ្លាចឌុចគ្រប់គ្នានៅមន្ទីរស-២១»។ ឌុចមិនត្រឹមតែអនុវត្តមាគ៌ាទូទៅរបស់បក្សទាក់ទិននឹងការងារសន្តិបាលប៉ុណ្ណោះទេ ឌុចថែមទាំងអនុវត្តវិន័យអោយបានតឹងរឹង ដែលឌុច ខ្លួនឯងផ្ទាល់ជាអ្នកតាក់តែងសម្រាប់ប្រតិបត្តិការនៅមន្ទីរស-២១។ ដំបូង គាត់បានជ្រើសរើសអ្នកក្រោមបង្គាប់របស់គាត់មកពីមន្ទីរ ម-១៣ ដោយសារអ្នកទាំងនោះជាមនុស្សដែលគាត់ទុកចិត្តបំផុត។ ក្រោយមក ឌុចបានជ្រើសរើសក្មេងៗ និងមនុស្សវ័យជំទង់មកធ្វើជាអ្នកយាម ព្រោះបើតាមសំដីរបស់គាត់ ពួកគេប្រៀបដូចជា «ក្រដាសស» ដែលអាចអប់រំមនោគមវិជ្ជាបានដោយងាយស្រួល។
គោលនយោបាយកម្ចេចខ្មាំងៈ អ្នកទោសត្រូវបាន«កម្ចេចចោល» ជាលក្ខណៈប្រព័ន្ធ
ដីកាបញ្ជូនរឿងទៅជំនុំជម្រះបានលើកឡើងថា «តួនាទីជាចំបងរបស់មន្ទីរស-២១ គឺការអនុវត្ត “មាគ៌ានយោបាយបក្សចំពោះខ្មាំងសត្រូវ“ ដែលតាមរយៈមាគ៌ានេះ អ្នកទោសត្រូវបាន “កម្ចេចចោលជាដាច់ខាត“»។ ជាគោលការណ៍ អ្នកទោសទាំងឡាយណាដែលបញ្ជូនមកមន្ទីរស-២១ត្រូវតែសម្លាប់ទាំងអស់។ ឌុចបានពន្យល់នៅក្នុងដីការបស់តុលាការថា មន្ទីរស-២១ មិនមានតួនាទីក្នុងការកំណត់ថាតើអ្នកទោសពិតជាជនក្បត់មែន រឺមិនមែននោះទេ ព្រោះការចាប់ខ្លួន និងការបញ្ជូនមកកាន់មន្ទីរស-២១ មានន័យគ្រប់គ្រាន់ថាពួកគេមានពិរុទ្ធភាពរួចទៅហើយ។ ឌុចបានអះអាងថាគាត់មានការសង្ស័យចំពោះភាពត្រឹមត្រូវនៃចម្លើយទាំងអស់តាំងពីពេលនោះមកម្ល៉េះ ប៉ុន្តែ វាជាការចង់បានរបស់ថ្នាក់លើ។ ឌុចបានបន្តទៀតថា «សូម្បីតែគណៈកម្មាធិការអចិន្រ្តៃយ៍ បើតាមគំនិតរបស់ខ្ញុំ ក៏មិនជឿចម្លើយសារភាពទាំងស្រុងនោះទេ»។ ឌុច បានពន្យល់ថា «ជាទូទៅ ការដែលឈ្មោះរបស់មនុស្សម្នាក់ត្រូវបានគេឆ្លើយដាក់នៅក្នុងចម្លើយសារភាពមួយដង មិនជាការគ្រប់គ្រាន់ ដើម្បីអោយមានការចាប់ខ្លួននោះទេ»។
កំបូល (កម្ពុជា) ថ្ងៃទី៣០ មីនា ២០០៩
©ចន វីង/ Magnum
បើតាមសំដីរបស់ឌុច «អត្ថន័យនៃចម្លើយសារភាពគឺជាការងារចំបងរបស់មន្ទីរស-២១»។ ចម្លើយសារភាពភាគច្រើនជាទម្រង់នយោបាយ ដែលសរសេរដោយអ្នកទោសផ្ទាល់ ក្រោមការបង្ខិតបង្ខំ ហើយចម្លើយសារភាពទាំងនេះក្លាយទៅជាការបរិហារអំពីខ្លួនឯង និងចោទប្រកាន់អ្នកដទៃថាក្បត់ ព្រោះបានបម្រើអោយចារកម្មបរទេស ដែលជាសត្រូវរបស់បដិវត្តន៍កម្ពុជា ដូចជា ពួកសេអ៊ីអា (CIA) ពួកកាហ្សេបេ (KGB) រឺភ្នាក់ងារកុម្មុយនីស្តវៀតណាម។ ឌុច បានអាន វិភាគ ធ្វើចំណារ និងសង្ខេបយ៉ាងល្អិតល្អន់ លើចម្លើយសារភាពភាគច្រើន ដើម្បីរាយការណ៍ជូនថ្នាក់លើ»។
មានជនបរទេសមួយចំនួនត្រូវបានឃុំឃាំងនៅគុកទួលស្លែងផងដែរ ដូចជាជនជាតិវៀតណាមមានច្រើនជាងគេ ព្រមទាំងជនជាតិថៃ ឡាវ ឥណ្ឌា និងពួកបស្ចឹមប្រទេស។ បើតាមឌុច មានតែបក្សប៉ុណ្ណោះ ដែលអាចសម្រេចបានថាតើនរណាត្រូវបញ្ជូនមកកាន់មន្ទីរស-២១នេះ។ ជាទូទៅ ឌុចមិនបានដឹងអំពីហេតុផលដែលនៅពីក្រោយការចាប់ខ្លួនអ្នកទាំងនោះមកកាន់មន្ទីរស២១នោះទេ។
«គ្មាននរណាម្នាក់គេចផុតពីការធ្វើទារុណកម្មទេ»
ការធ្វើទារុណកម្មលើអ្នកទោសរួមមាន ឆក់ខ្សែភ្លើង វ៉ៃ ការច្រកក្បាលក្នុងថង់ផ្លាស្ទិក ដកក្រចក ការបន្តក់ទឹកក្នុងច្រមុះ ការយកថ្នាំពេទ្យទៅពិសោធជាមួយមនុស្សរស់ ការបូមឈាម និងការយកមនុស្សរស់ទៅវះកាត់។ ការសួរចម្លើយត្រូវបញ្ចប់ លុះត្រាតែគេទទួលបានចម្លើយសារភាពមួយ «ជាទីពេញចិត្ត»។ សាក្សីជាច្រើនបានអះអាងថាឌុចបានធ្វើទារុណកម្មអ្នកទោសដោយផ្ទាល់ នៅមន្ទីរម-១៣។ នៅចំពោះមុខសហចៅក្រមស៊ើបអង្កេត ឌុចបានបដិសេធជានិច្ចថា មិនដែលបានធ្វើទារុណកម្មលើអ្នកទោសនៅមន្ទីរស-២១ទេ ។ ប៉ុន្តែ សាក្សីជាច្រើនបាននិយាយផ្ទុយពីគាត់ ដោយអះអាងថាធ្លាប់បានឃើញគាត់វាយធ្វើបាបអ្នកទោស។ សាក្សីម្នាក់បាននិយាយថាបានឃើញគាត់ធ្វើទារុណកម្មស្រ្តីម្នាក់ ដោយយកភ្លើងឆក់ នៅពេលសួរចម្លើយ និងវាយធ្វើបាប «រហូតដល់គាត់ហត់អស់កម្លាំង» ទើបអោយអ្នកសួរចម្លើយផ្សេងមកសួរជំនួសគាត់។
ការកំណត់ប្រភេទបទល្មើស
ការស៊ើបសួរបានបង្ហាញថា «ទោះបីជាឌុច មិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យក៏ដោយ ក៏គាត់អាចត្រូវបានចាត់ទុកចូលក្នុងប្រភេទនៃអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតនៃឧក្រិដ្ឋកម្ម និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនានា ដែលបានប្រព្រឹត្តចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដោយផ្អែកលើអំណាចឋានានុក្រមជាផ្លូវការនិងប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន ក្នុងឋានៈជាលេខាបន្ទាប់មកជាលេខា ក៏ដូចជាតាមរយៈការចូលរួមរបស់គាត់ដោយផ្ទាល់នៅក្នុងឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅមន្ទីរស-២១»។ ឌុច ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មជាតិនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
-វ៉ាន់ ណាត អ្នកនៅរស់រានមានជីវិតពីពន្ធនាគារខ្មែរក្រហមជាមួយនឹងការងារចងក្រងឯកសារទុកជា ប្រវត្តិសាស្រ្ត (២៧-០៨-២០០៨)
-តុលាការខ្មែរក្រហមផ្តល់វេទិកាដល់អ្នកច្បាប់ក្មេងខ្ចីនៅកម្ពុជា (២៧-០៣-២០០៩)
-សវនាការបឋមឆ្ពោះទៅការកាត់ទោស ឌុច បញ្ចប់ការពិភាក្សាអំពីតួនាទីដើមបណ្តឹងរដ្ឋប្បវេណី (១៩-០២-២០០៩)
-សាលាក្តីខ្មែរក្រហមៈ ការចូលរួមរបស់ជនរងគ្រោះកំពុងតែដំណើរការ (២៨-០៥-២០០៨)