|
អធិប្បាយចុងក្រោយ
|
| សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ |
| ដោយ ស្ទេហ្វានី ហ្សេ | | | ០១-០៤-២០០៩ | កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៣១ មីនា ២០០៩៖ កាំង ហ្គិចអ៊ាវ ហៅឌុច នៅថ្ងៃទី២នៃសវនាការលើអង្គសេចក្តី ©ចន វីង/ Magnumនៅថ្ងៃទី២នៃសវនាការជំនុំជម្រះលើរូបឌុច អតីតប្រធានមន្ទីរឃុំឃាំង និងធ្វើទារុណកម្ម ស-២១ ឌុចបានធ្វើការសុំទោសជាសាធារណៈ។ មុននឹងធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃរសៀល សហមេធាវីការពារក្តីរបស់ឌុច បានធ្វើការស្នើសុំអោយកូនក្តីរបស់ពួកគាត់ឡើង «មានមតិយោបល់»។ ចៅក្រមយល់ព្រមតាមសំណូមពរនេះ។ ឌុច ក្រោកឈរឡើង ដៃម្ខាងកាន់ក្រដាសមួយសន្លឹក អានជាភាសាខ្មែរយ៉ាងច្បាស់ ដៃម្ខាងទៀតដាក់នៅលើតុ។ គាត់បានក្រោកឡើងនិយាយសុំទោសជនរងគ្រោះពីរបបខ្មែរក្រហម ចំពោះការប្រព្រឹត្តរបស់គាត់។ ឌុច អតីតឧក្រិដ្ឋជនដែលព្រមសហការជាមួយតុលាការ «តាំងនាមអោយសមាជិកគណបក្សកុម្មុយនីស្តកម្ពុជា ដែលដឹកនាំប្រទេសកម្ពុជា នៅសម័យខ្មែរក្រហម ខ្ញុំសូមសារភាពថាខ្ញុំគឺជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយបក្សកុម្មុយនីស្តកម្ពុជា នៅសម័យកាលនោះ។ ខ្ញុំសូមសំដែងការសោកស្តាយនិងទុក្ខដ៏ក្រៀមក្រំចំពោះឧក្រិដ្ឋកម្មគ្រប់យ៉ាងនៅក្នុងរបបនេះ»។ ឌុចបានអានក្រដាសរបស់ខ្លួន ដោយបែរទៅរកតែសហព្រះរាជអាជ្ញាប៉ុណ្ណោះ។ «ខ្ញុំសូមអោយអស់លោក (ជនរងគ្រោះ) ទទួលដឹងលឺថាខ្ញុំសុំទោស។ ខ្ញុំមិនសុំអោយអស់លោកលើកលែងទោសអោយខ្ញុំឥឡូវនេះទេ ប៉ុន្តែ នៅពេលណាដែលអស់លោកអាចធ្វើវាបាន […] នៅពេលខ្ញុំរំលឹករឿងរ៉ាវអតីតកាលពេលណា ខ្ញុំសែនខ្លោចផ្សាបំផុត!»។ គាត់បានបន្ថែមទៀតថា «សព្វថ្ងៃនេះ ខ្ញុំមានការខ្មាសអៀន»។ ទោះជាយ៉ាងណា ទឹកមុខរបសគាត់មិនបានសំដែងចេញអារម្មណ៍សោកស្តាយឡើយ។
ឌុចទទួលស្គាល់ពិរុទ្ធភាពរបស់គាត់… ប៉ុន្តែ ជាមួយស្ថានសំរាលទោស។ «ទោះបីជាខ្ញុំធ្វើគ្រប់យ៉ាងតាមតែការបញ្ជារបស់អង្គការ [ជាស្ថាប័នសម្ងាត់មួយ ដែលមានគណបក្សកុម្មុយនីស្តកម្ពុជាស្ថិតនៅពីក្រោយខ្នង] ក៏ដោយ «ខ្ញុំពិតជាទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ […] ខ្ញុំមិនដែលហ៊ានជំទាស់បញ្ជាថ្នាក់លើនោះទេ!»។ គាត់បានពន្យល់ថា គាត់ព្យាយាមការពារក្រុមគ្រួសាររបស់គាត់ តាមរយៈការគោរពតាមបទបញ្ជារបស់ថ្នាក់លើ។
«ខ្ញុំសម្រេចចិត្តសហការជាមួយសាលាក្តីនេះ ព្រោះឧក្រិដ្ឋកម្មដែលខ្ញុំបានប្រព្រឹត្តចំពោះប្រជារាស្រ្តខ្មែរមិនអាចស្វែងរកថ្នាំទិព្វអ្វីយកមកព្យាបាលបាន ក្រៅពីការសហការនេះនោះទេ»។ បន្ទាប់មក លោកបានធ្វើការសុំទោសជាថ្មីម្តងទៀត។ «ខ្ញុំមិនដែលរីករាយនឹងការងាររបស់ខ្ញុំឡើយ»។ នៅពេលលោកសុន សេន រដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាគាត់ កាលពីដើមឆ្នាំ១៩៧៨ អោយចាប់កម្មាភិបាលខ្មែរក្រហម «អ្នករំដោះប្រទេស និងអ្នកស្មោះត្រង់នឹងគណបក្សកុម្មុយនីស្តកម្ពុជា» គាត់មានការសង្ស័យ និងមានការព្រួយបារម្ភចំពោះបទបញ្ជានេះ។ គាត់ក៏យល់ភ្លាមថាគាត់អាចជួបបញ្ហានេះនៅថ្ងៃណាមួយ។ មុននឹងបញ្ចប់ គាត់បានធ្វើការសុំទោសជាថ្មីម្តងទៀត ដោយបានបង្ហាញរូបគំនូរមួយនៃរចនាសម្ព័ន្ធមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបានពន្យល់ថា «ប៉ុល ពតស្ថិតនៅកណ្តាល ជាមេដឹកនាំមាគ៌ានយោបាយ- តាម៉ុកអង្គុយឆ្វេងដៃប៉ុល ពត ដែលនិយាយថា “នៅពីលើខ្ញុំ មានតែមេឃប៉ុណ្ណោះ- អំណាចប៉ុល ពត ពឹងផ្អែកលើកម្លាំងរបស់តាម៉ុក“ ហើយនិង នួន ជា អង្គុយស្តាំដៃប៉ុល ពត»។ រូបគំនូរគូរផ្ទាល់ដៃរបស់គាត់នេះត្រូវបានចៅក្រមសម្រេចដាក់បញ្ជូលទៅក្នុងសំណុំរឿង។
តើនេះជាការសោកស្តាយឫ? នៅព្រឹកថ្ងៃអង្គារ លោករ៉ូបែរ ប៉ឺទី សហព្រះរាជអាជ្ញាបានធ្វើអត្ថាធិប្បាយថា «ទោះបីជាឌុច បានបង្ហាញការសហការជាមួយសាលាក្តី ចាប់តាំងពីការចាប់ផ្តើមនីតិវិធីតុលាការក៏ដោយ ក៏គាត់បានច្រានចោលសិទ្ធិរក្សាភាពស្ងៀមស្ងាត់មិននិយាយស្តីរបស់ខ្លួន ដោយព្យាយាមបង្ហាញអោយគេយល់ថាគាត់មិនមានអំណាចសម្រេចកិច្ចការទាំងស្រុងនោះទេ អំណាចរបស់គាត់នៅមានកំរិត។ ម្យ៉ាងទៀត នៅពេលសាកសួរចម្លើយ គាត់បានបង្ហាញថាខ្លួនគ្រាន់តែជាអ្នកទទួលអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ខណៈពេលដែលនៅមន្ទីរស-២១ គាត់មានអំណាចស្ទើរតែគ្មានដែនកំណត់ ហើយ«គាត់អនុវត្តលើសពីការបញ្ជាទៀតផង»។ សហព្រះរាជអាជ្ញាជនជាតិកាណាដារូបនេះបានសង្កត់ធ្ងន់ថា «គាត់ធ្វើគ្រប់យ៉ាង ត្រូវសួរបងធំទី២ ... វាហាក់ដូចជាមិនសូវជឿជាក់បាននោះទេ! […] ។ ជនជាប់ចោទគ្រប់គ្រងមន្ទីរ និងមិនមានការខ្លាចញញើត ក្នុងការសម្រេចចិត្ត!»។ លោកបានបន្ថែមទៀតថា «ជនជាប់ចោទអាចទាក់ទងផ្ទាល់ទៅកាន់មេដឹកនាំកំពូលនៃរបបប្រល័យពូជសាសន៍ [គណៈកម្មាធិការអចិន្រ្តៃយ៍បក្សកុម្មុយនីស្តកម្ពុជា លោកសុន សេន រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនួន ជា បងធំទី២]។ វាជាការលំបាក ក្នុងការនិយាយថាគាត់មិនមែនជាមេមន្ទីរសន្តិសុខដ៏សំខាន់ជាងគេបំផុត។ លើសពីនេះ ឌុចក៏មិនធ្លាប់បានធ្វើអ្វី ដើម្បីរារាំងកុំអោយឧក្រិដ្ឋកម្មកើតមានឡើងនៅក្នុងមន្ទីរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ដែរ»។ សហព្រះរាជអាជ្ញាបរទេសរូបនេះក៏បានអំពាវនាវសុំអោយសញ្ញាណសហឧក្រិដ្ឋកម្មរួមត្រូវបានយកមកអនុវត្ត ដើម្បីកំណត់ភាពទទួលខុសត្រូវទាំងស្រុងរបស់ឌុច ដោយធ្វើអោយគាត់ជាប់ពាក់ព័ន្ធជាមួយបទឧក្រិដ្ឋដែលបានប្រព្រឹត្ត បើទោះបីជាគាត់មិនបានប្រឡាក់ដៃសម្លាប់មនុស្សក៏ដោយ។
លោកប៉ឺទី បានលើកឡើងទៀតថា «ប្រសិនជាជនជាប់ចោទបានសារភាពទោសកំហុស និងបានសុំទោសជនរងគ្រោះ [ នៅពេលការរៀបចំផ្គុំហេតុការណ៍ឡើងវិញ នៅវាលពិឃាតជើងឯក និងនៅមន្ទីរធ្វើទារុណកម្មស២១ ] តើវិប្បដិសារីរបស់គាត់នេះកើតចេញពីអារម្មណ៍ពិតប្រាកដដែររឺទេ? គេត្រូវចោទសួរនូវសំណួរនេះ»។ លោកបានលើកឡើងថា «ក្នុងអំឡុងរយៈពេល២០ឆ្នាំ ឌុចពិតជាមានភក្តីភាពចំពោះបុព្វហេតុខ្មែរក្រហម ហើយគាត់មិនដែលចាប់យកឱកាសណាមួយ នៅពេលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ ដើម្បីផ្តាច់ខ្លួនចេញពីចលនាខ្មែរក្រហមនោះទេ។ គាត់បន្តស្ថិតនៅក្នុងជួរខ្មែរក្រហមរយៈពេល១៣ឆ្នាំ។ គាត់មានទំនុកចិត្តលើមេដឹកនាំខ្មែរក្រហម ដែលបានបញ្ជូនគាត់ទៅសិក្សានៅប្រទេសចិន រយៈពេល២ឆ្នាំ»។ «អង្គហេតុ គឺជនរងគ្រោះ និងប្រវត្តិសាស្រ្តរបស់ពួកគេ! យើងត្រូវផ្តល់ភាពថ្លៃថ្នូរដល់ពួកគេវិញ»។ ម្យ៉ាងទៀត លោករ៉ូប៊ែរ ប៉ឺទី បានសន្និដ្ឋានថា «ប្រសិនជាជនជាប់ចោទបានផ្លាស់ប្តូរគំនិតមែននោះ តើគាត់នឹងទទួលអារម្មណ៍រំជើបរំជួលដែររឺទេ នៅពេលជនរងគ្រោះបង្ហាញសក្ខីភាពរបស់ពួកគេ? តើគាត់នឹងនៅតែធ្វើមិនដឹងមិនលឺដូចពីមុនដែររឺទេ?» នៅពេលលោកប៉ឺទីកំពុងធ្វើសេចក្តីសន្និដ្ឋាន ស្រាប់តែប្រធានតុលាការបានបង្អាក់សំដីរបស់លោក ដើម្បីប្រកាសអោយឈប់សំរាក ព្រោះដល់ពេលត្រូវបាយថ្ងៃត្រង់ហើយ…
នៅពេលសវនាការចាប់ផ្តើមបន្តដំណើរការ មេធាវីជនជាតិបារាំងរបស់ឌុច បានលើកឡើងពីសំដីរបស់លោកប៉ឺទីឡើងវិញថា «លោកបានប្រាប់[ចៅក្រម]ថា នៅពេលបញ្ចប់កិច្ចពិភាក្សា ចៅក្រមត្រូវធ្វើការសម្រេចថាតើការទទួលស្គាល់ទោសកំហុសទាំងនេះរបស់ជនជាប់ចោទ ពិតជាត្រឹមត្រូវ និងស៊ីចង្វាក់ ជាមួយតួនាទីដែលគាត់ធ្លាប់អនុវត្តដែររឺទេ។ ជាការពិត វានឹងក្លាយជាចំណុចមួយនៃការពិភាក្សាជាសាធារណៈនេះ។ តើឌុចមានអំណាចសម្រេចកំរិតណា នៅពេលគាត់មានតួនាទីជាប្រធានមន្ទីរស-២១?»។
ការទទួលស្វាគមន៍ចំពោះការសុំទោស គុកទួលស្លែង រឺមន្ទីរស-២១ បានយកជីវិតបងប្រុសរបស់លោកអ៊ូ សាវរិទ្ធិ សព្វថ្ងៃ ជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងក្តីរបស់ឌុច។ សម្រាប់លោកសាវរិទ្ធិ លោក ក៏ដូចជាដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី៤ផ្សេងទៀត មិនអាចទទួលយកពាក្យសុំទោសនេះបានទេ។ ប្រតិកម្មដំបូងរបស់លោកទៅនឹងសំណួររបស់យើង ដែលសួរនៅពេលចេញពីសវនាការថា «តើលោកជឿពាក្យសុំទោសរបស់ឌុច ដែររឺទេ?»។ លោកសាវរិទ្ធិសើច រួចនិយាយថា «តើឌុចជាមនុស្សស្មោះត្រង់ដែររឺទេ? ប៉ុន្តែ នៅពេលគេធ្វើរឿងអាក្រក់មួយ គេនិយាយថាគេ មានការសោកស្តាយ គេត្រូវបង្ហាញកាយវិការសុំទោស តាមរយៈដៃរបស់គេ។ យ៉ាងណាមិញ គាត់ជាមនុស្សចិត្តត្រជាក់ ធ្វើដោយគ្មានគិត ពឹងតែលើក្រដាសមួយសន្លឹក។ ខ្ញុំបានលឺ សម្លេងតែមួយរបស់គាត់ នៅពេលគាត់ចេញបញ្ជា កាលពី៣០ឆ្នាំមុននេះ។ វាមិនមែនកើតចេញពីចិត្តឯកឯងនោះទេ។ ប៉ុន្តែ ការសុំទោស គឺបេះដូងត្រូវជាអ្នកនិយាយ គេមិនបានអាន [ក្រដាស]នោះទេ។ ត្រឹមតែប៉ុណ្ណោះ គាត់មិនបានងាកមករកដើមបណ្តឹងរដ្ឋប្បវេណីឡើយ នៅពេលគាត់និយាយពាក្យថាសុំទោស! ការនិយាយសុំទោសបែបងាយស្រួលនេះ វាធ្វើអោយយើងមានការខឹងច្រឡោតជាខ្លាំង! វាគ្រាន់តែជាការដោះសារប៉ុណ្ណោះ។ គាត់ធ្វើបែបនេះ ប្រហែលជាដើម្បីអោយតុលាការបន្ធូរបន្ថយទោស រឺដើម្បីរំសាយអារម្មណ៍នៅក្នុងខួរក្បាលរបស់គាត់ ប្រសិនជាគាត់កាន់តែនិយាយសុំទោសជាសាធារណៈ។
ជនរងគ្រោះរូបនេះមានបំណងចង់ឃើញឌុច ត្រូវបានកាត់ទោសធ្ងន់ធ្ងរបំផុត អាចជាប់ពន្ធនាគារអស់មួយជីវិត។ គាត់មិនចង់ឃើញគេនិយាយអំពីការសំរាលទោសនោះទេ «ព្រោះជនជាប់ចោទបានសារភាពទោសកំហុសរួចហើយ»។ លោកស៊ា (Sur) មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី៤ បាននិយាយទៅកាន់តុលាការថា តើគាត់មានអារម្មណ៍រំជើបរំជួលប៉ុណ្ណា ចំពោះការសំដែងអាកប្បកិរិយារបស់ឌុច ដូចជាមាន «ទឹកមុខរឹងមាំ» ព្រោះវាជាអារម្មណ៍មួយរបស់អតីតពេជ្ឈឃាត ដែលមិន«បានបាត់បង់ភាពម្ចាស់ការលើខ្លួនឯង»។
ប្រសិនជាឌុចត្រូវបានកាត់ទោស តើយើងគិតដូចម្តេចចំពោះអតីតអ្នកទទួលខុសត្រូវផ្សេងទៀតដែលនៅរស់រានមានជីវិត? លោក ការ សាវុត្ថ មេធាវីកម្ពុជារបស់ឌុច បានសួរតុលាការដោយសម្លេងងឿងឆ្ងល់ថា «តើអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ខ្មែរក្រហមផ្សេងទៀតត្រូវបានចោទប្រកាន់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែររឺទេ? ហេតុអ្វីបានជាចោទប្រកាន់អ្នកខ្លះ រួចទុកអ្នកខ្លះទៀតអោយនៅមានសេរីភាព? លោកក៏បានចោទសួរអំពីភាពស្របច្បាប់របស់តុលាការយុត្តិធម៌នេះ បើតាមសំដីរបស់លោក លោកបានបន់អោយបរាជ័យ។ បើមិនដូច្នោះទេ ប្រាកដជាបង្កើតអោយមានភាពមន្ទិលសង្ស័យជាក់ជាមិនខាន!»។ ក្រោយមក សហព្រះរាជអាជ្ញា ប៉ឺទី ឡើងនិយាយថា លោក មានអារម្មណ៍ «ប៉ះទង្គិច» នឹងសំដីរបស់មេធាវីចុងចោទ នៅត្រង់ចំណុចនេះ ហើយលោកបានស្នើសុំតុលាការអោយមេធាវីការពារក្តី បកស្រាយថាតើមេធាវីការពារក្តីពិតជាមានបំណងចោទសួរអំពីភាពស្របច្បាប់របស់សាលាក្តីនេះមែនរឺ?»
បើតាមលោកការ សាវុត្ថ មានបញ្ជីមួយមានឈ្មោះមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម១៤នាក់... ហើយនៅក្នុងបញ្ជីនោះ មិនមានឈ្មោះរបស់ឌុច ទេ។ លោកបានលើកឡើងហេតុផលផ្សេងទៀតថា «នៅសម័យកម្ពុជាប្រជាធិបតេយ្យ មានមន្ទីរឃុំឃាំង១៩៦កន្លែង […] ហេតុអ្វីឌុច គឺជាមនុស្សតែម្នាក់គត់ ក្នុងចំណោមអតីតប្រធានមន្ទីរទាំងនេះ ដែលត្រូវកាត់ទោស? ប្រជាជនកម្ពុជាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ដូចនេះ គេមិនអាចចោទប្រកាន់មនុស្សម្នាក់ ហើយមិនចោទប្រកាន់អ្នកដទៃផ្សេងទៀត ចំពោះបទឧក្រិដ្ឋដូចគ្នា រឺអាចធ្ងន់ធ្ងរជាងនេះបានទេ!»។ មេធាវីរូបនេះ បានអំពាវនាវសុំកុំធ្វើអោយឌុច «ក្លាយជាមនុស្សអាក្រក់នៃរបបកម្ពុជាប្រជាធិបតេយ្យ»។ លោកបានបន្ថែមទៀតថា មន្ទីរស-២១ ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមមន្ទីរទាំង១៩៦ ។ ទោះយ៉ាងណា ការទទួលខុសត្រូវរបស់ប្រធានគ្រប់គ្រងទាំងនេះអាចត្រូវបានវាយតម្លៃ ទៅតាមចំនួននៃជនរងគ្រោះនៅក្នុងមន្ទីរនីមួយៗ។ នៅពេលលោក ការ សាវុត្ថ ឡើងការពារក្តី លោកបានធ្វើការបន្ធូបន្ថយទោសរបស់កូនក្តីលោក ហើយបង្ហាញថាគាត់ (ឌុច) ក៏ជាជនរងគ្រោះម្នាក់ដែរ។
ស្ថានសំរាលទោស សម្រាប់ឌុច លោកហ្រ្វង់ស័រ រ៉ូ សហការីជនជាតិបារាំងរបស់លោកការ សាវុត្ថ បានលើកឡើងថា នៅសម័យខ្មែរក្រហម «មិនមាននរណាម្នាក់អនុវត្តការងារលើសបទបញ្ជា ដើម្បីបំពេញចិត្តរបស់ថ្នាក់លើរបស់ពួកគេនោះទេ»។ «ប៉ុន្តែ តើការបញ្ជាទាំងនេះចេញមកពីណា? […] តើគេត្រូវលុបចោល? មិនត្រូវនិយាយពីការទទួលបញ្ជា [ប្រសិនជាគាត់បានចេញបញ្ជា នៅមន្ទីរស-២១]? នៅពេលចេញពីសវនាការ លោកមេធាវី រ៉ូ បានពន្យល់ថា កម្មវត្ថុមួយនៃការជំនុំជម្រះនេះ គឺធ្វើយ៉ាងណា កុំអោយឌុច ត្រូវទទួលរងទម្ងន់ទាំងស្រុងលើឧក្រិដ្ឋកម្មដែលកើតមាននៅសម័យខ្មែរក្រហម។
ក្រោយមក នៅបន្ទប់សវនាការ «តើអស់លោកជឿថាវាជាការងាយស្រួលដែររឺទេ ការដែលគាត់មកបន្ទប់សវនាការជាសាធារណៈ នៅចំពោះមុខជនរងគ្រោះ ហើយនិយាយថាខ្ញុំទទួលស្គាល់កំហុស ខ្ញុំអៀនខ្មាសចំពោះអ្វីដែលខ្ញុំបានធ្វើពីមុន? យើងត្រូវមានភាពក្លាហានដ៏ជឿជាក់មួយ។ ឌុច បានឆ្លងកាត់ដំណើរជីវិតវែងឆ្ងាយមួយ អស់រយៈពេលជាច្រើនឆ្នាំ។ លើសពីនេះ លោករ៉ូ បានអះអាងថា «បាទ! ឌុចនៅតែជាមនុស្ស ទោះបីជាភាគីខ្លះនៅមានការលំបាកទទួលស្គាល់គាត់ក៏ដោយ»។ លោកបាននិយាយទៅកាន់ដើមបណ្តឹងរដ្ឋប្បវេណីថា «អស់លោកមានកន្លែងរបស់អស់លោក នៅក្នុងកិច្ចពិភាក្សាទាំងនេះ។ អស់លោកអាចសួររាល់សំណួរដែលខ្លួនចង់សួរ […]ប៉ុន្តែ ខ្ញុំសូមប្រាប់អស់លោកជាមុនថា ឌុចនឹងមិនមានចម្លើយសព្វគ្រប់ ទៅនឹងសំណួររបស់អស់លោកឡើយ។ ហេតុអ្វី? ខ្ញុំមិនជឿជាក់ថាឌុចតែម្នាក់ឯង អាចឆ្លើយសំណួរនេះបានទេ […]នៅពេលបញ្ចប់សវនាការ តើយើងនឹងអាចផ្តល់ជូនជនរងគ្រោះនូវភាពជាមនុស្សឡើងវិញបានដែររឺទេ? តើយើងអនុញ្ញាតអោយគាត់ [ឌុច] ដែលធ្លាប់ប្រព្រឹត្តអំពើអមនុស្ស ត្រឡប់មករកភាពជាមនុស្សវិញដែរឹទេ?
កម្មវិធីជំនុំជម្រះ ក្រោយពេលការធ្វើសេចក្តីសន្និដ្ឋានបានបញ្ចប់ សហព្រះរាជអាជ្ញានិងមេធាវីការពារក្តីបានបង្ហាញអង្គហេតុដែលបានព្រមព្រៀងរវាងភាគីទាំងពីរ។ បន្ទាប់មក ចៅក្រមចាប់ផ្តើមស្តាប់សំណើរបស់ភាគី ហើយត្រូវបន្តធ្វើនៅថ្ងៃពុធ ទី១ ខែមេសា។ ក្រោយមក ការសួរដេញដោលនឹងចាប់ផ្តើម។
-ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់ (៣១-០៣-២០០៩) -មិត្តភក្តិខ្មែរក្រហមកាលពីអតីតកាល ហ្គុនណា បឺយស្រ្តម មកកម្ពុជា... (០៤-១២-២០០៨) -"អ្វីដែលខ្ញុំបានឃើញ និងអ្វីដែលខ្ញុំមិនបានឃើញ" នៅក្នុងប្រទេសកម្ពុជាសម័យខ្មែរក្រហមៈ ការសុំទោសរបស់ជនជាតិស៊ុយអែដមួយរូប (១៧-១១-២០០៨) -សច្ចធារណ៍ពិរុទ្ធភាពមានទម្ងន់លើសាលាក្តីខ្មែរក្រហម (០៦-០៨-២០០៨) -តុលាការកាត់ទោសខ្មែរក្រហម
|
|
|