|
អធិប្បាយចុងក្រោយ
|
| មេធាវីរបស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារថាការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ |
| ដោយ ស្ទេហ្វានី ហ្សេ | | | ០២-០៤-២០០៩ | កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១ មេសា ២០០៩៖ ថ្ងៃទី៣ នៃសវនាការជំនុំជម្រះកាំង ហ្គិចអ៊ាវ ហៅឌុច នៅអ.វ.ត.ក
©ចន វីង/ Magnum
បន្ទាប់ពីបានធ្វើការសុំទោសជាសាធារណៈនៅក្នុងសវនាការនាថ្ងៃទី២ ឌុច អតីតប្រធានមន្ទីរសន្តិសុខស-២១ បានធ្វើការស្នើសុំអោយមានការដោះលែងនៅក្រៅឃុំ តាមរយៈមេធាវីរបស់គាត់ នៅថ្ងៃទី៣នៃការបើកសវនាការជំនុំជម្រះ។ ក្រុមមេធាវីការពារក្តីបានលើកឡើងអំពីបញ្ហាឃុំខ្លួនបណ្តោះអាសន្នរបស់កូនក្តីខ្លួនថា «ហួសរយៈពេលកំណត់ដែលអាចទទួលយកបាន»។ លោកហ្រ្វង់ស័រ រូ បានចោទសួរថា «ការឃុំខ្លួនបណ្តោះអាសន្នរយៈពេល១០ឆ្នាំៈ តើយើងនៅនិយាយថាបណ្តោះអាសន្នទៀតឬ?»។ លោកបានបរិហារថានេះគឺជាការរំលោភបំពានសិទ្ធិជនជាប់ចោទ ហើយការរំលោភនេះត្រូវមានការប៉ះប៉ូវឡើងវិញ។
ការរកឃើញឌុចនៅភាគខាងជើងប្រទេសកម្ពុជា ដោយអ្នកយកព័ត៌មាន ដែលបានកំណត់អត្តសញ្ញាណគាត់ថាជាអតីតប្រធានមន្ទីរស-២១ [សព្វថ្ងៃត្រូវបានប្រែក្លាយជាសារៈមន្ទីរប្រល័យពូជសាសន៍] បានជំរុញអោយមានការចាប់ខ្លួនគាត់ភ្លាមៗ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩។ ក្រោយមក គាត់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារយោធា ស្ថិតនៅទីក្រុងភ្នំពេញ ហើយនៅទីនោះ គាត់មិនបានទទួលការជំនុំជម្រះណាមួយឡើយ រហូតដល់មានដីកាបង្គាប់អោយនាំខ្លួនរបស់សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បញ្ជូនឌុចមកកាន់ពន្ធនាគារអ.វ.ត.ក។
មេធាវីការពារក្តីៈ សំណើដ៏លំបាកមួយ ប៉ុន្តែស្របច្បាប់ តាំងពីចាប់ផ្តើម លោករូ បានរម្លឹកថា «យើងបានធ្វើការស្នើសុំអោយមានការដោះលែងគាត់ ព្រោះពេលវេលាចេះតែដើរទៅមុខ»។ សហចៅក្រមស៊ើបអង្កេតបានឆ្លើយតបវិញថា ប្រសិនជាមានបញ្ហា ក៏បញ្ហានេះមិនមែនជាបញ្ហារបស់អង្គជំនុំជម្រះនោះទេ វាជាបញ្ហារបស់អាជ្ញាធរកម្ពុជា។ សហព្រះរាជអាជ្ញាក៏មានចម្លើយស្របទៅនឹងចម្លើយរបស់សហចៅក្រមស៊ើបអង្កេតផងដែរ។
មេធាវីជនជាតិបារាំងរូបនេះបានមានប្រសាសន៍ថា «យើងដឹងថាលំបាក ជាពិសេសចំពោះដើមបណ្តឹងរដ្ឋប្បវេណី។ ខណៈពេលជនជាប់ចោទបានសារភាព សំដែងការសោកស្តាយ និងធ្វើការសុំទោសជាសាធារណៈ តើគាត់អាចស្នើសុំអោយមានការដោះលែងនៅក្រៅឃុំស្របពេលជាមួយគ្នាដែររឺទេ? ព្រោះយើងមានការគោរពដ៏ជ្រាលជ្រៅចំពោះអង្គជំនុំជម្រះ និងអ.វ.ត.ក! នៅទីនេះ យើងសុំនិយាយពីច្បាប់ គ្មានអ្វីផ្សេងពីនេះឡើយ។ ទោះបីវាជាការសម្រេចចិត្តដ៏លំបាកមួយ ហើយប្រហែលជាមតិសាធារណៈជន និងជនរងគ្រោះពិបាកនឹងយល់ក៏ដោយ»។ លោកបានគូសបញ្ជាក់ដោយសំអាងលើច្បាប់ថា ការឃុំខ្លួនបណ្តោះអាសន្នលើជនជាប់ចោទនៃឧក្រិដ្ឋកម្មសង្គ្រាម រឺឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មិនអាចមានរយៈពេលលើសពី៣ឆ្នាំបានឡើយ។
លោកការ សាវុត្ថ មេធាវីកម្ពុជារបស់ឌុច បានឆ្លើយតបទៅនឹងសហព្រះរាជអាជ្ញាដែលកាលពីនៅចំពោះមុខអង្គបុរេជំនុំជម្រះបានលើកឡើងពីការព្រួយបារម្ភអំពីសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ឌុច ហើយនិងអតីតជនរងគ្រោះរបស់គាត់ ថាពួកគេមានសិទ្ធិភ័យខ្លាចរយៈពេល១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ ប៉ុន្តែមិនអាច៣ឆ្នាំ១ថ្ងៃ បន្ទាប់ពីការចាប់ខ្លួនរបស់ឌុចនោះទេ ។ លោកមេធាវីរូមិនភ្លេចលើកឡើងអំពីសារណារបស់អ្នកមិនមែនជាភាគីនៃរឿងក្តី ដែលបានទទួលពីអង្គការក្រៅរដ្ឋាភិបាល ថាសារណាចំនួន៤បានគាំទ្រគោលជំហររបស់មេធាវីការពារក្តី។
សម្រាប់មេធាវីជនជាតិបារាំងរូបនេះ «សំណុំរឿងនេះគឺវាបន្តគ្នា» ដោយហេតុថាការឃុំខ្លួនបណ្តោះអាសន្នរបស់ឌុច នៅពន្ធនាគារយោធានៃប្រទេសកម្ពុជាត្រូវបានបញ្ឈប់ នៅពេលតុលាការនេះយល់ឃើញថាខ្លួនមិនមានសមត្ថកិច្ច បន្ទាប់ពីអ.វ.ត.ក ត្រូវបានបង្កើតឡើង។ ដើម្បីជាសំអាង លោកបានលើកឡើងអំពីយុទ្ធសាស្រ្ត ជាពិសេសការសម្រេចមួយ ចេញដោយសាលាឧទ្ធរណ៍នៃតុលាការព្រហ្មទណ្ឌអន្តរជាតិនៃប្រទេសរ៉្វាន់ដា ទៅលើអតីតអ្នកទទួលខុសត្រូវអំពើប្រល័យពូជសាសន៍រ៉្វាន់ដាម្នាក់ ដែលសិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពាន នៅពេលចាប់ខ្លួន។ «អង្គជំនុំជម្រះសាលាឧទ្ធរណ៍នៃតុលាការនេះបានសន្និដ្ឋានថានៅក្នុងនីតិរដ្ឋមួយ អាយុជីវិតនៃរដ្ឋនេះនឹងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើខ្លួនឯងផ្ទាល់មិនគោរពច្បាប់នោះ […] ។ រដ្ឋមួយដែលមិនគោរពច្បាប់ ជំរុញអោយមានការប្រមាថច្បាប់... វានឹងនាំទៅរកភាពអនាធិបតេយ្យ […] »។
សំណើមួយ ដែលភាគីផ្សេងទៀតមិនសូវជាស្វាគមន៍ លោកហ្រ្វង់ស័រ រូ បានស្នើសុំអោយ «បញ្ចប់ជាបន្ទាន់នូវការឃុំខ្លួនរបស់ឌុច នៅអំឡុងពេលបើកសវនាការជំនុំជម្រះ ដែលអាចជាការដាក់អោយឌុចនៅក្រៅឃុំដោយលក្ខខណ្ឌ (ជាប់ឃុំក្នុងផ្ទះ)»។ «ដូចអ្វីដែលលោកការ សាវុត្ថ មានប្រសាសន៍កាលពីម្សិលមិញនេះ (ថ្ងៃអង្គារ ទី៣១ មីនា) យើងនឹងស្វែងរកតុល្យភាពរវាងឌុច និងអ្នកដែលសហព្រះរាជអាជ្ញាមិនបានចោទប្រកាន់ និងកំពុងស្ថិតនៅក្រៅឃុំ!»។ ប៉ុន្តែ ទោះបីជាអង្គជំនុំជម្រះសាលាដំបូងបដិសេធមិនធ្វើការសម្រេចសេចក្តីបែបនេះក៏ដោយ ក៏យ៉ាងហោចណាស់ មេធាវីបានស្នើសុំអង្គជំនុំជម្រះអោយបន្ធូរបន្ថយទោសជាប់ពន្ធនាគារដែលឌុចត្រូវទទួល និងកាត់បន្ថយទោស ជាថ្នូរនឹងការរំលោភបំពានសិទ្ធិរបស់ជនជាប់ចោទ។ បន្ទាប់មក លោកបាននិយាយទៅកាន់ដើមបណ្តឹងរដ្ឋប្បវេណីថា «គ្មានអ្វីដែលប្រឆាំងនឹងអស់លោកទេ ប៉ុន្តែ ដើម្បីសិទ្ធិ!»។
ដោយឡែក លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជា បានលើកអំណះអំណាងជាថ្មីថា លោកស្រីធ្លាប់បានលើកឡើងនៅចំពោះមុខអង្គបុរេជំនុំជម្រះ ដូចជាថា អ.វ.ត.ក មិនមានសមត្ថកិច្ចដើម្បីកាត់ទោសអ្វីដែលបានកើតមានឡើងនៅក្នុងយុត្តាធិការកម្ពុជានោះទេ។ ការប្រកាសរបស់មេធាវីការពារក្តីបានធ្វើអោយមេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានការខឹងច្រឡោត ហើយបានស្នើសុំចៅក្រមឡើងធ្វើអធិប្បាយអំពីសំណើនេះ។ លោកស្រី Jacquin មេធាវីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី៣ បានចាត់ទុកសំណើនេះថា«មិនមានភាពប្រាកដនិយម» ដោយវាយតម្លៃថាវាធ្វើអោយជនរងគ្រោះឈឺចាប់។ នៅថ្ងៃច័ន្ទ ទី៦ ខែមេសា អង្គជំនុំជម្រះសាលាដំបូងនឹងប្រកាសជាពិសេសថាដើមបណ្តឹងរដ្ឋប្បវេណីនឹងអាចឡើងបញ្ចេញមតិលើប្រធានបទនេះដែររឺអត់។
សាធារណៈនៅបន្ទប់សវនាការ ការជំនុំជម្រះរបស់ឌុចនេះបានទាក់ទាញឥស្សរជនមួយចំនួន។ តួយ៉ាង លោកព្រំ ម៉ាញ អ្នកចម្រៀងអាយ៉ៃ ក៏បានមកចូលរួមតាមដានសវនាការ នៅថ្ងៃពុធ ទី១មេសានេះដែរ។ លោកបានប្រាប់អ្នកសារព័ត៌មានថាលោកបានបាត់បង់សាច់ញាតិចំនួន៥នាក់ នៅសម័យខ្មែរក្រហម ហើយលោកមានទំនុកចិត្តទៅលើតុលាការថានឹងផ្តល់យុត្តិធម៌ជូនគាត់។
ដោយឡែក លោកស្រីពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ បានអបអរសាទរចំពោះការគោរពស្តង់ដារអន្តរជាតិនៅក្នុងតុលាការកូនកាត់នេះ។ «នៅទីនេះ សិទ្ធិរបស់ជនជាប់ចោទមិនត្រូវបានរំលោភបំពាននោះទេ។ មានការពិភាក្សា តុលាការបានអនុញ្ញាតអោយគេឡើងនិយាយម្តងម្នាក់ៗ... ម្យ៉ាងទៀត ប្រធានចៅក្រមមិនមែនជាអ្នកសម្រេចគ្រប់យ៉ាង ដូចជានៅក្នុងតុលាការកម្ពុជានោះទេ! ដោយឡែក លោកមេធាវី រូ គាត់មិនបានការពារជនជាប់ចោទទេ ប៉ុន្តែគាត់ការពារសិទ្ធិ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ចង់ដឹងនោះគឺថាតើប្រជាជនកម្ពុជានឹងធ្វើការពិចារណាបែបនេះដែររឺទេ?» លោកស្រីប្រធានសង្គមស៊ីវិលនៅកម្ពុជារូបនេះបានសំដែងការសាទរចំពោះការចូលរួមរបស់ជនរងគ្រោះនៅក្នុងការជំនុំជម្រះ ប៉ុន្តែ លោកស្រីសោកស្តាយថា ការសហការជាមួយមេធាវីរបស់ពួកគេមិនល្អប្រសើរ។ ពួកគេគួរនិយាយ ដោយសំឡេងតែមួយ!»។
ចំណែក លោក នីក ឌុនឡូព (Nic Dunlop) អ្នកថតរូបជនជាតិអៀឡង់ ដែលបានរកឃើញដានរបស់ឌុច ហើយបានប្រាប់ពីការរកឃើញ និងអតីតកាលរបស់ឌុច ដល់ពិភពលោកអោយបានដឹង តាមរយៈការជួយជ្រោមជ្រែងរបស់អ្នកយកព័ត៌មានឈ្មោះនេត ថៃយើ (Nate Thayer ) ក៏មិនបានខកខានចូលរួមនៅក្នុងសវនាការនេះដែរ។ លើសពីនេះ អ្នកនិពន្ធសៀវភៅ «The lost executioner» រូបនេះនឹងត្រូវបានហៅចូលបំភ្លឺនៅមុខតុលាការ ក្នុងនាមជាសាក្សី។ នៅពេលចេញពីបន្ទប់សវនាការ លោកបានអះអាងថាឃើញមាន«ភាពមិនអោយជឿច្រើនគួរសម»រយៈពេល១០ឆ្នាំក្រោយការជួបឌុច ព្រោះឌុចបានលេចមុខនៅតុលាការ ហើយនិយាយ«ដដែល» ដូចដែលគាត់ធ្លាប់ជួបឌុចនៅក្នុងភូមិ។
«នៅពេលខ្ញុំបានជួបបុរសម្នាក់នេះម្សិលមិញ សក់ឡើងស្កូវ គួរអោយអាណិត។ បន្ទាប់មក គាត់ក្រោកឈរឡើងនិយាយ។ វាជាពេលវេលាដែលគ្រប់គ្នារង់ចាំមើល។ ពេលនោះ យើងឃើញថា អំណាចជាគ្រូបង្រៀនបន្ទាប់មកជាប្រធានស២១ ក៏ត្រឡប់មកវិញភ្លាមៗ។ គាត់បាននិយាយថា«ខ្មាសអៀន» ប៉ុន្តែគាត់មិនបានសំដែងទឹកមុខថាខ្មាសអៀនសោះ។ វាធ្វើអោយមានអារម្មណ៍ថាជាឧបាយបញ្ឆោតមួយ។ [...] ដោយសារគាត់ជាគ្រឹស្តសាសនិក ការសុំទោសមានតួនាទីសំខាន់ណាស់។ គាត់និយាយពេលនេះ ដោយដឹងថានៅថ្ងៃណាមួយ គាត់ត្រូវតែនិយាយវា។ គាត់ធ្លាប់ប្រាប់ខ្ញុំពេលខ្ញុំបានជួបគាត់លើកមុនថា «ឧបមាថាខ្ញុំត្រូវទៅក្នុងពន្ធនាគារ ប៉ុន្តែមិនអីទេ វាជាឆន្ទៈរបស់ព្រះជាម្ចាស់»។ នៅពេលនោះ គាត់មិនបានហូរទឹកភ្នែក ឬក៏បង្ហាញការលេងល្ខោនអីទេ។ គាត់និយាយដូចជាមនុស្សធម្មតាម្នាក់...។ ប៉ុន្តែ ខ្ញុំមិនដឹងថាតើគេវាយតម្លៃវិប្បដិសារីដូចម្តេចនោះទេ? ដោយយោងលើទំហំឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើង ទោះយ៉ាងណាវាគ្មានផ្លូវចេញសម្រាប់ឌុចទេ។ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ពេលនេះ គឺថាអ្វីដែលនិយាយនៅតុលាការ តើជនជាតិខ្មែរធម្មតាយល់ដែរទេ?»
អានបន្ថែម
អ្វីដែលត្រូវបាននិយាយនៅពេលជំនុំជម្រះ ពេលរសៀលនៃការជំនុំជម្រះថ្ងៃ១មេសា ត្រូវផ្តោតទៅលើការអានព្រឹត្តិការណ៍ដែលយល់ស្របឥតទាស់ទែងគ្នារវាងភាគីដាក់បន្ទុក និងមេធាវីការពារក្តី ពោលគឺព្រឹត្តិការណ៍ចំនួន២៣៨លើ៣១៥។ ដំណាក់ការនេះមិនបានគ្រោងទុកនៅក្នុងប្រតិទិនទេ ប៉ុន្តែវាត្រូវបានទទូចទាមទារដោយអ្នកស្រីហ្សាគីន មេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី៣។ អ្នកស្រីអះអាងថា ចំណុចនេះអាចនាំមកនូវការបំភ្លឺបានច្បាស់សម្រាប់ការជជែកតវ៉ាបន្តទៀត។ នៅក្នុងឱកាសនេះ ឌុចបានស្នើសុំអោយប្រើពាក្យ«ស២១» សម្រាប់មន្ទីរសន្តិសុខដែលគាត់គ្រប់គ្រង មិនមែនពាក្យ«ទួលស្លែង» ដែលត្រូវគេដាក់អោយទីនេះ ក្រោយការមកដល់របស់កងទ័ពវៀតណាមនៅខែមករា ១៩៧៩នោះទេ។
អានបន្ថែមលើកាសែត -លោកប្រ៊ុយណូ ការ៉ែតៈ គេត្រូវនិយាយអំពីសោកនាដកម្មសម័យខ្មែរក្រហមឡើងវិញ នៅក្នុងបរិបទជាប្រវត្តិសាស្រ្តមួយ (១៩-០២-២០០៩) -សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ (០១-០៤-២០០៩) -ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់ (៣១-០៣-២០០៩) -តុលាការខ្មែរក្រហមផ្តល់វេទិកាដល់អ្នកច្បាប់ក្មេងខ្ចីនៅកម្ពុជា (២៧-០៣-២០០៩) -របបខ្មែរក្រហមនៅកម្ពុជាៈ យុវជនខ្មែរជឿត្រឹមតែ៥០%រឺ? (០៤-១១-២០០៨)
|
|
|