យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្រ្តីការបរទេសថៃ ផ្ញើជូនប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី១ ខែមេសា ទំនាស់រវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកកាស៊ីត ភិរម្យយ៉ា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ កើតមានឡើងបណ្តាលមកពី«កំហុសអចេតនានៃការបកប្រែ» ប៉ុណ្ណោះ។ ការផ្ញើលិខិតសុំទោសនេះធ្វើឡើង បន្ទាប់ពីសម្តេចបានធ្វើការបន្ទោសរដ្ឋមន្រ្តីការបរទេសថៃថាបានប្រើពាក្យ «ជេរប្រមាថ» សម្តេច នាអំឡុងពេលនៃការជជែកដេញដោលនៅរដ្ឋសភាថៃ។
រដ្ឋមន្រ្តីការបរទេសថៃបានបញ្ជាក់នៅក្នុងលិខិតថា ពាក្យដែលលោកបានប្រើ ដើម្បីពិពណ៌នាអំពីសម្តេចថា « Neak Leng (អ្នកលេង)» មានន័យក្នុងភាសាថៃថា មនុស្សចិត្តសីហ៍ ជាសុភាពបុរសក្លាហាន និងមានចិត្តទូលាយដ៏ឧត្តុងឧត្តម» ហើយមិនមែនមានន័យថា «សុភាពបុរសចិត្តជាអ្នកលេង» ដូចការបកប្រែរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជានោះទេ។
លោកកាស៊ីត បានសរសេរថា «មនុស្សចិត្តសីហ៍ គឺជាពាក្យពេចន៍នៃការពិពណ៌នារបស់ខ្ញុំអំពីសម្តេច ដែលសំដែងនូវសញ្ចេតនារបស់ខ្ញុំ លើកសរសើរ និងគោរពចំពោះសម្តេច។ សូមសម្តេចមេត្តាទទួលនូវការសុំទោសយ៉ាងជ្រាលជ្រៅអំពីខ្ញុំ ចំពោះឧប្បត្តិហេតុអកុសលនេះ និងការបង្កអោយមានការយល់ខុស ដោយអចេតនា»។
ដោយឡែក នៅថ្ងៃទី២ មេសា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានឆ្លើយតបទៅនឹងពាក្យសុំទោសនេះថា «ខ្ញុំបានទទួលរួចហើយលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី១ មេសា ២០០៩ ដើម្បីសុំអភ័យទោសពីខ្ញុំ លើការប្រើប្រាស់ពាក្យពេចន៍ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ក្នុងអំឡុងពេលនៃការជជែកដេញដោលនៅក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។ ប្រជាជនកម្ពុជាដែលជាអ្នកគាំទ្រ និងបោះឆ្នោតអោយខ្ញុំដឹកនាំប្រទេស ក៏ដូចជារូបខ្ញុំ ពិតជាមានការស្ងប់ចិត្តនៅពេលបានឃើញលិខិតសុំអភ័យទោសរបស់ឯកឧត្តម ហើយក៏មានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងរវាងឯកឧត្តម និងខ្ញុំ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ តាមរយៈលិខិតរបស់ឯកឧត្តមជូនមកខ្ញុំ ក៏ដូចជាលិខិតរបស់ខ្ញុំជូនឯកឧត្តមនេះ បង្ហាញនូវចំណុចរួមមួយរបស់យើង គឺ ការរាប់អានគ្នាជាមិត្ត ប្រសើរជាងចាត់ទុកគ្នាជាសត្រូវ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយកាលពីថ្ងៃទី១ មេសា នៅលើវិបសាយរបស់ក្រសួងការបរទេសថៃ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tharit Charungvat បានធ្វើការបញ្ជាក់បន្ថែមទៀតថា «នៅក្នុងភាសាថៃ ពាក្យ អ្នកលេង […] មានអត្ថន័យច្រើន ជាពិសេស ក្នុងចំណោមអត្ថន័យទាំងនោះ មានន័យថាចិត្តរឹង បុរសចិត្តធំ ម៉ឺងម៉ាត់ […]។ នៅពេលរដ្ឋមន្រ្តីការបរទេសប្រើពាក្យនេះ ភ្ជាប់ជាមួយពាក្យថា «សុភាពបុរស» ដើម្បីពិពណ៌នាថា «សុភាពបុរសចិត្តជាអ្នកលេង» អត្ថន័យនៃពាក្យនេះមានន័យថា សម្តេចហ៊ុន សែនគឺជាសុភាពបុរសចិត្តជាអ្នកលេង រឺសុភាពបុរសចិត្តជាអ្នកកីឡា។ អ្នកនាំពាក្យរូបនេះបានពន្យល់លំអិតថា សម្រាប់ប្រជាជនថៃទាំងអស់ ប្រសិនជាគេសួរអត្ថន័យនៃពាក្យ «សុភាពបុរសចិត្តជាអ្នកលេង» គ្រប់គ្នានឹងនិយាយស្របគ្នាថា ពាក្យនេះគឺជា «ពាក្យលើកសរសើរ»។
នៅពេលមុនចេញផ្សាយសេចក្តីប្រកាសព័ត៌មាននេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន បានបញ្ចេញប្រតិកម្មទៅនឹងសំដី «មិនថ្លៃថ្នូរ» របស់លោកកាស៊ីត ភិរម្យយ៉ា។ ឆ្លៀតឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីដែលត្រូវបានទម្លាក់ចេញពីអំណាច ដោយរដ្ឋប្រហារយោធា កាលពីខែកញ្ញា ឆ្នាំ២០០៦ និងបច្ចុប្បន្ន ស្ថិតនៅខាងក្រុមប្រឆាំងទាមទារអំណាច(ក្រុមបាតុករអាវក្រហម) នៅតែជា«មិត្តភក្តិ»របស់សម្តេច ជានិច្ច។
-
សម្តេចហ៊ុន សែនប្រតិកម្មទៅនឹងរដ្ឋមន្រ្តីការបរទេសថៃ និងសន្យាថា "វ៉ៃ បើថៃចូលទឹកដីខ្មែរ" (០១-០៤-២០០៩)