កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
វិស័យ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជាៈ ប្រឈមុខ​នឹង​វិបត្តិ និយោជក​អំពាវ​នាវ​សុំ​អោយ​កម្មករ​រក្សា​​ភាព​ស្ងៀម​ស្ងាត់
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-០៤-២០០៩

ចោម​ចៅ ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៦ មីនា ២០០៩៖ អ្នក​អត់ការងារ​ធ្វើម្នាក់​ នៅ​ក្នុង​ផ្ទះ​ល្វែង​ថោក​មួយ​កន្លែង ជាប់​រោង​ចក្រ​ដែល​គាត់​ធ្លាប់​ធ្វើ​ការ​
ចន វីង/ Magnum  


កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០០៨ និយោជក​វិស័យ​រោង​ចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ប្រកាស​​អាសន្ន អំពី​ការបាត់​បង់​អតិថិជន​បរទេស​សំខាន់ៗ ការ​ធ្លាក់ចុះ​តម្រូវការ​ទីផ្សារ ការ​ធ្លាក់​​ចុះ​ការ​​បញ្ជា​ទិញ​។ ការ​ព្រួយ​បារម្ភ​របស់រោង​ចក្រ​ទាំង​នេះ​ពិត​ជា​បាន​កើត​មានឡើង​ប្រាកដ​មែននៅ​ឆ្នាំ​២០០៩​ ពោល​គឺ​សរសរ​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​មួយ​នេះ​បាន​ទទួល​​រង​ផលប៉ះពាល់​ដោ​យ​ផ្ទាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ខ្លាំង​ជាង​វិស័យ​សំខាន់​ៗ​៣​ផ្សេង​ទៀត​ រួម​មាន​វិស័យ​ទេសចរណ៍ កសិកម្ម និង​សំណង់។ នៅ​អំឡុង​រយៈ​ពេល​២​ខែ​ដំបូង​នេះ​ ការ​​នាំ​ចេញ​វិស័យ​កាត់​ដេ​របាន​ធ្លាក់ចុះ​ជា​ខ្លាំង ហើយ​រោង​ចក្រ​ជាច្រើន​បាន​បិទ​ទ្វារ ដោយ​ការ​​ខ្វះ​ការ​បញ្ជា​ទិញ។ កត្តា​ទាំងនេះ​បាន​បណ្តាល​អោយ​កម្មករ​ប្រមាណ​ជាង​៥ម៉ឺន​នាក់​ត្រូវ​បាត់​បង់​​​ការងារ​។​ ជាមួយ​នឹង​ស្ថានភាព​បែបនេះ លោក​វ៉ាន់ ស៊ូអ៊ាង ប្រធាន​សមាគម​និយោជក​​កាត់ដេរ​កម្ពុជា បាន​ធ្វើ​ការ​អំពាវ​នាវ​សុំ​អោយ​កម្មករ​ជៀស​វាង​រាល់​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ផ្សេង​ៗ ដើម្បី​បញ្ចៀស​កុំ​ធ្វើ​អោយ​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ជា​ង​នេះ​ទៀត។

 

ការ​នាំចេញ​នៅ​បន្ត​​ប្រឈម​មុខ​នឹង​ការ​ធ្លាក់ចុះ​ ​
បន្ទាប់ត្រូវ​​បាន​ជ្រើស​តាំង​ជា​​ប្រធាន​សមាគម​និយោជក​កាត់​ដេរ​កម្ពុជា (GAMAC)​ម្តង​ទៀត​ កាល​​ពី​ពាក់​កណ្តាល​ខែ​មីនា លោក​វ៉ាន់ ស៊ូអ៊ាង មាន​ប្រសាសន៍​​ថា​លោក​បាន​​ឆ្លង​កាត់​​កាលៈទេសៈ​​មួយ ចំណោមកាលៈទេសៈ​​​ដ៏លំបាក​បំផុត ចាប់​តាំង​ពី​អាណត្តិ​ដំបូង​របស់​លោក​ កាល​​ពីឆ្នាំ​១៩៩៦។ ប្រធាន​​សមាគម​រូប​នេះ​បាន​សំដែង​ការ​សោក​ស្តាយ​ថា «​សព្វ​ថ្ងៃ​នេះ ខ្ញុំពិ​ត​ជា​កំពុង​ស្ថិតនៅ​ក្នុង​ស្ថាន​ភាព​​​ដ៏​ស្មុគ​ស្មាញ​មួយ ព្រោះ​ខ្ញុំមិន​ដឹង​ថា​​ត្រូវ​ធ្វើយ៉ាង​ដូច​​ម្តេច​នោះទេ។ កម្មករ​របស់​យើង​លែង​មាន​ការងារ​​ធ្វើ​។ ក្តីសង្ឃឹម​​លើ​ការ​វិនិយោគទុន​បរទេស​​នៅ​ប្រទេសកម្ពុជា​កាន់តែ​ថយ​ចុះ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ម្យ៉ាង​វិញ​ទៀត ដោយ​សារ​សេដ្ឋកិច្ច​​ពិភ​ព​លោក​បានធ្លាក់ចុះយ៉ាង​គំហុក ​អ្នក​វិនិយោគ​នឹង​​មិន​មកបណ្តាក់​ទុនរក​ស៊ី​​ភ្លាម​ៗ​​នោះ​ទេ...»។ លោក​វ៉ាន់ ស៊ូអ៊ាង បានឆ្លៀត​ឱកាស​នេះ ដើម្បី​​អំពាវ​នាវ​​​សុំអោយ​កម្មករ​រក្សា​​ភាព​ស្ងៀម​ស្ងាត់​ ព្រោះលោក​គិត​ថា កូដ​កម្ម រឺ​បាតុកម្ម​​​អត់​សណ្តាប់​ធ្នាប់​​ទាំង​នេះ​​អាច​នឹង​ធ្វើ​​អោយ​មាន​ផល​ប៉ះពាល់​អាក្រក់​។ លោក​បាន​ពន្យល់ថា «ខ្ញុំ​សុំ​អោយ​កម្មករ​ទាំង​អស់​កុំ​ធ្វើ​បាតុកម្ម​​ទាមទារ​ខុស​ច្បាប់​ នៅ​អំឡុង​ពេល​យ៉ាប់​យឺន​នេះ បើ​មិនដូច្នោះ​ទេ ពួកគេ​នឹង​បាត់​បង់​​គ្រប់​យ៉ាង ជាមួយ​នឹង​ការ​បិទ​ទ្វារ​រោង​ចក្រ»។ លោក​បាន​រិះគន់​ចំនួន​​​​សហជីព​​ដ៏​ច្រើន​សន្ធឹក​​សន្ធាប់​ ដែល​មាន​ប្រមាណ​ជាង​មួយ​ពាន់​សហជីព ខណៈ​​ពេល​មានរោង​ចក្រ​ប្រហែលត្រឹម​តែ​​​៣០០ ដែល​​កំពុង​មាន​សកម្មភាព​នា​ពេល​បច្ចុប្បន្ន​។

បើតាម​ប្រសាសន៍​របស់​លោក​ប្រធាន​សមាគម GMAC ការនាំ​ចេញ​នៃ​វិស័យ​កាត់​ដេរ​នៅ​ខែមករា មាន​ការ​ធ្លាក់ចុះ​៣០% ធៀប​ទៅនឹង​ខែមករា ឆ្នាំ​២០០៧។ លោក​សំដែង​ការ​ព្រួយ​បារម្ភ​ថា ការ​ធ្លាក់​ចុះ​​ទាំង​នេះ​មិនអាច​បញ្ចៀស​បាន​នោះទេ។ ការ​ធ្លាក់ចុះ​​អាច​នឹង​កើន​ឡើង​ដល់​៤០% នៅ​ត្រីមាស​ក្រោយ ធៀប​ទៅនឹង​ការ​នាំចេញ​កាលពីឆ្នាំកន្លង​ទៅ។ លោក​វ៉ាន់ ស៊ូ​អ៊ាង​បាន​វាយ​តម្លៃ​ថា ខណៈ​ពេល​​រោង​ចក្រ​ជាង​១០០​បាន​បិទ​ទ្វារ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​រោង​ចក្រ​ពី​១០ ទៅ​២០% ដែល​កំពុង​​មាន​សកម្មភាពបច្ចុប្ប​ន្ន​​ ត្រូវ​ប្រឈមនឹង​​​ជោគ​វាសនា​ដូចគ្នា​នេះ​ ​ចាប់​ពីពេលនេះ រហូត​នៅ​បី​ខែ​ខាង​មុខ​ទៀត។

ការ​​បញ្ជា​ទិញ​មិន​សូវ​មាន​ច្រើន​
សម្រាប់​ត្រីមាស​ទី​១​នៃឆ្នាំ​២០០៩​ កំរ​មាន​​ការ​បញ្ជា​ទិញ​ពី​បរទេស​​ណាស់ បើយោង​តាម​តួ​លេខ​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សមាគម​និយោជក​។ ការ​​​បញ្ជា​ទិញ​មាន​ត្រឹម​តែ​៦០% បើ​ធៀប​ទៅនឹង​ត្រី​មាស​​ទី​១ នៃ​ឆ្នាំ​២០០៨។ លោក​វ៉ាន់ ស៊ូអ៊ាង​បាន​សង្កត់​ធ្ងន់​ថា​ ​តួ​លេខ​​នេះ​អាច​នឹង​នៅ​ថេរ នៅ​ត្រី​មាស​​ក្រោយ លុះត្រា​តែ​ពុំ​មាន​​ស្ថានភាព​លំបាក​ថ្មី ដូចជា​កូដកម្ម និង​​បាតុកម្ម​កើត​​ឡើង»។ លោក​បាន​លើកឡើង​អំពីភាព​ចាំបាច់​នៃការ​គោរពពេលវេលា​​​នៃការ​បញ្ជូន​ទំនិញ បើ​មិនដូច្នោះទេ អតិថិ​ជន​​​មកពីសហរដ្ឋអាមេរិក និង​សហភាព​​អឺរុប​អាច​នឹង​បង្វែរ​ទិសដៅ​​ដោយ​មិនរួញ​រា​ចិត្ត ទៅរក​ប្រទេសដែល​​ប្រកួត​ប្រជែងផ្ទាល់​ជាមួយ​​នឹង​​កម្ពុជា​វិញហើយ​។​

យ៉ាង​ណាមិញ លោក​ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ក៏​បាន​ធ្វើ​ការ​កត់​សម្គាល់​កាន់​តែ​​​ព្រួយ​បារម្ភ​ផង​ដែរ​ថា នៅ​ខែមករា និង​កុម្ភៈ ទឹក​ប្រាក់នៃការ​នាំចេញវិស័យ​​វាយនភណ្ឌ​មាន​​ការ​ប្រែប្រួល​ចន្លោះពី​៦០ ទៅ​៧០លាន​ដុល្លារ ក្នុង​មួយ​ខែ ធៀប​នឹង​២០០លាន​ដុល្លារសម្រាប់​ការ​នាំ​ចេញ​ប្រចាំ​ខែ​ កាល​ពី​ឆ្នាំ​ទៅ។ ប៉ុន្តែ ឆ្នាំ​២០០៨ ក៏​មិនមែន​ជា​ឆ្នាំដ៏ល្អ​ប្រសើរ​ដែរ​​ ព្រោះ​ថា​ការ​នាំចេញ​វិស័យ​​នេះ​​មានកំណើន​ត្រឹមតែ​០,៧%​ ប៉ុណ្ណោះ ធៀប​ទៅនឹង​ឆ្នាំ​២០០៧។ បើយោង​តាម​របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​២០០៨ របស់​ក្រសួង​ពាណិជ្ជកម្ម​ ទឹក​ប្រាក់​ប្រចាំ​ឆ្នាំ​នៃការ​នាំ​ចេញ​​លើ​វិស័យ​នេះ​មានកំរិត​ ២,២៤៩​ពាន់​​លាន​ដុល្លារ នៅឆ្នាំ​២០០៨ ធៀប​នឹង​២,២៣ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​​២០០៧។

ដោយ​ឡែក បន្ទាប់​បាន​ថ្លែង​សុន្ទរកថា​បែប​សុទិដ្ឋិនិយម​ សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក៏​បាន​​ទទួល​ស្គាល់​ថា​វិស័យ​វាយនភណ្ឌ​កម្ពុជា​មានការ​ធ្លាក់ចុះ​​​គួរ​អោយ​ព្រួយ​បារម្ភ​ ដែល​បណ្តាល​​មកពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​។ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​និស្សិត នា​ទីក្រុងភ្នំពេញ កាល​ពី​ថ្ងៃទី​២៤ ខែមីនា ប្រមុខ​រដ្ឋាភិបាល​បាន​ពន្យល់ថា រោងចក្រ​នៅ​កម្ពុជា​​បាន​ទទួល​រង​ផល​​ប៉ះពាល់​ដោយ​ផ្ទាល់ពីការ​ធ្លាក់ចុះ​តម្រូវ​ការ​​ប្រើប្រាស់​នៅលើ​ទីផ្សារ​អាមេរិក និង​អឺរុប ដែល​កំពុង​ប្រឈម​នឹង​ភាព​អត់ការងារ​ធ្វើ។ ​សម្តេច​បាន​ពន្យល់​នៅចំពោះ​មុខ​​សិស្ស​និស្សិត​ថា «ពិត​ជា​មិន​អាច​ជៀស​ផុត​បាន​ ប្រសិន​​ជា​​សំលៀក​បំពាក់​ទូទៅ ជា​ពិសេស​​​​ផលិត​ផល​ធ្វើ​នៅ​កម្ពុជា លក់​មិន​ដាច់​នៅ​លើ​ទីផ្សារ​របស់​គេ​ ការ​បញ្ជា​ទិញ​​​អាច​នឹង​ធ្លាក់​ចុះ​​ទាប​ជាង​មុន​»។​

​តួលេខ​មានការ​ប្រែ​ប្រួល
ការ​បង្ហាញ​តួលេខលើក​នេះ​​ហាក់​បីដូចជា​មាន​សភាព​យ៉ាប់​យឺន​ជាង​ការ​បង្ហាញតួលេខ​​កាល​​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដោយ​អ្នក​ទទួល​ខុស​ត្រូវ​សមាគម​GMAC នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល​-វិស័យ​ឯក​ជន​លើក​ទី​១៤។ លោកស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​​ថាមពល បាន​ប្រកាស​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋ​មន្រ្តី​​ក្រសួង​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​​​នៃ​ប្រទេស​វៀតណាម​ Vu Huy Hoang កាលពី​ថ្ងៃទី​១៧ ខែមីនា​ ថា រោង​ចក្រ​កាត់​​ដេរ​ចំនួន​៨២ បាន​បិទ​ទ្វារ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០០៨ ដែល​បណ្តាល​អោយ​កម្មករ​កម្ពុជា​​ចំនួន​​៥២ពាន់​នាក់​បាត់បង់​ការងារ​ធ្វើ។ បើ​តាម​ប្រសាន៍របស់​លោក​រដ្ឋ​មន្រ្តីកម្ពុជា ឧស្សាហ​កម្ម​​កាត់ដេរ​ ដែលចូលរួម​ចំណែក​​​៧%នៃផលិត​ផលក្នុង​ស្រុក​សរុប​ មាន​ត្រឹមតែ​២%​ប៉ុណ្ណោះ នៅឆ្នាំ​២០០៨។​

ភាព​​អត់​ការងារ​ធ្វើ មិនសូវជា​ធ្ងន់ធ្ងររឺ?
នៅ​ក្រសួង​ការងារ​​​ រោង​ចក្រ​ចំនួន​៧៣​បាន​បិទ​ទ្វារ​នៅ​ឆ្នាំ​២០០៨ ហើយ​និង​រោង​ចក្រ​ចំនួន​២០​​ផ្អាក​សកម្មភាព​បណ្តោះ​អាសន្ន​។ ប៉ុន្តែ គេ​បាន​គូស​បញ្ជាក់​នៅក្នុង​ក្រសួង​នេះ​ថា ទន្ទឹម​នឹង​​នេះ រោង​ចក្រ​កាត់ដេរថ្មី​​ចំនួន​៦៤​ទៀត​បាន​បើក​ដំណើរការ​នៅ​កម្ពុជា​។ ចាប់ពី​ខែមករា រហូ​ត​ដល់​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០០៩ សហគ្រាស​កាត់ដេរ​​បាន​​បិទ​ទ្វារចំនួន​២២ ផ្អាក​សកម្មភាព​២៧... និង​បើក​ចំនួន​១៥​រោង​ចក្រ។​ លោក​អ៊ុំ មាន រដ្ឋ​លេខាធិការ​​​​ក្រសួង​ការ​ងារ​ បាន​វាយ​តម្លៃ​ថា​កម្មករ​មួយភាគដែល​ត្រូវ​បាន​​បញ្ឈប់​ការងារ​ ភាគច្រើនជា​កម្មការិនី ​អាច​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​រោ​ង​ចក្រ​ថ្មី​។ មន្រ្តីជាន់​ខ្ពស់​រូប​​នេះ​បាន​អះអាង​ថា «កម្មការិនី​ទាំង​នេះ​​​​​សុទ្ធតែ​មាន​បទ​ពិសោធន៍។ ពួកនាង​អាច​ចាក​ចេញពី​រោង​ចក្រ​ក្ស័យ​ធន និងមក​ធ្វើការ​នៅ​តាម​រោង​ចក្រ​ដែល​​​​ទើប​បង្កើត​ថ្មី​ទាំងនេះ។ មាន​ព័ត៌មាន​ជាច្រើន​បាន​លេច​លឺ​ឡើង​​និយាយ​​ទាក់ទង​នឹង​កម្មការិនី ដែល​បាត់​​បង់​​ការងារ​ ផ្ទុយ​ទៅវិញ រោង​ចក្រ​​ថ្មី​ខ្វះ​ខាត​កម្លាំង​​​ពលកម្ម!»។ ដោយឡែក លោក​បាន​ពន្យល់​ថា​មាន​រោង​ចក្រ​ខ្លះ​បាន​ផ្តល់​ប្រាក់​កំរៃ​ដល់​អ្នក​គួក​ជេរ ដើម្បី​ប្រមូល​កម្មករ​អោយ​ខ្លួន​។ ​

សំដី​​​​របស់​លោក​អ៊ុំ​ មា​ន​ មាន​បំណង​បន្ធូរ​បន្ថយ​ផល​ប៉ះពាល់​វិបត្តិ​មកលើ​កម្មករ ដូច​ទៅ​នឹង​​​ប្រសាសន៍​​​របស់​​សម្តេច​​​​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​ខេត្ត​កំពង់​ស្ពឺ មុន​លោកអ៊ុំ មាន ថា​ការ​​បិទ​រោង​ចក្រ​នៅមាន​កំរិត​ធ្ងន់ធ្ងរ​តិច​ជាង​ការ​បញ្ឈប់​កម្មករ​នៅ​តាម​បណ្តា​​ប្រទេស​អភិវឌ្ឍន៍និង​ឧស្សាហ​កម្ម​​ទេ។ សម្តេច​បានលើក​ហេតុ​ផល​ថា កម្មករ​​អត់​ការងារ​ធ្វើ​អាច​ត្រឡប់​ទៅ​ជនបទ ទៅ​ផ្ទះ​សំបែង​របស់​​ឪពុកម្តាយ និង​ធ្វើស្រែ​ចំការ​វិញ ប៉ុន្តែ កម្មករ​នៅ​ប្រទេស​ឧស្សាហកម្ម​មិនមាន​ដី​ ធ្វើ​កសិកម្ម​នោះ​ទេ។

សហជីពៈ ច្បាប់​​​ការងារ​ត្រូវ​បាន​រំលោភ​បំពាន
​សហជីព​បាន​បរិហារថា «​កម្មករ​មួយ​ចំនួន​ដែលកើត​ចេញពីគ្រួសា​រក្រីក្រ​បំផុត មិន​មាន​ដី​ស្រែ​​​​ធ្វើ​នោះ​ទេ​។​​ មិនត្រឹម​តែ​ប៉ុណ្ណោះ តាមរយៈ​ការ​​​ប្រៀប​ធៀប​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អភិវឌ្ឍន៍ យើង​​អាច​​​លើក​ឡើង​បាន​​​ថា និយោជិត​កម្ពុជា​មិន​បាន​ទទួល​ប្រព័ន្ធ​ធានា​រ៉ាប់​រង​ការងារ​​ ដូច​និយោជិត​​នៃ​បស្ចឹមប្រទេស​មួយ​ចំនួន​នោះ​​ទេ ហើយ​ពួកគេកំរ​នឹង​​បាន​ទទួល​​​ប្រាក់​​បំណាច់​ ដូច​មាន​ចែង​​នៅក្នុង​ច្បាប់​ការងារ​ណាស់។

យ៉ាង​​​ណាមិញ លោកជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​វាយ​តម្លៃ​ថា កម្មករ​​​ប្រហែល​៥ម៉ឺន​នាក់​បាន​បាត់​បង់​ការងារ​ បន្ទាប់​ពីការ​បិទ​ទ្វារ​រោង​ចក្រ កាល​​ពី​ដំណាច់​ឆ្នាំ​២០០៨។ កម្មករ​​​ខ្លះ​នៅបន្ត​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​ផ្សេង​ទៀត​ ក្នុង​រាជធានី​​ភ្នំពេញ។ អ្នក​ផ្សេងទៀត​បាន​សម្រេច​​​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​​ជនបទ ប៉ុន្តែ មិនមែន​​ទៅ​រក​ការងារ​ធ្វើនៅ​ទីនោះទេ ប៉ុន្តែ ដោយ​សារ​​ពួក​គេ​​អស់​​សង្ឃឹម​ និង​​អស់​ជំនឿ​ទុក​ចិត្ត​លើ​និយោជក ដែល​មិន​អាច​សម្រេច​តាម​ការ​សន្យា។ ភាគ​ច្រើន​​​នៃ​​កម្មករ​​អត់ការងា​រធ្វើ​ទាំងនេះ​មិនបាន​ទទួល​ប្រាក់​បំណាច់​ណាមួយ​ទេ បន្ទាប់ពី​បាន​ធ្វើ​ការងារ​​នៅតាម​រោង​ចក្រ ដែលអ្នកខ្លះ អាច​ធ្វើការ​រយៈពេល​ជាង​១០​ឆ្នាំ​មក​​ហើយ​នៅ​រោង​ចក្រ​​តែ​​មួយនោះ​​។​ ច្បាប់​ការងារ​បាន​ចែង​​ថាករណីមានការ​បញ្ឈប់​កម្មករ ​និយោជក​​ត្រូវ​បើក​​ប្រាក់​ដំណាច់​​​ការងារ​ជូនកម្មករ​ដែលជាប់​កិច្ច​សន្យា​មិន​កំណត់​ រយៈ​ពេល​ពេល​ប្រាក់​​បៀវត្ស​១៥​ថ្ងៃ សម្រាប់​ថ្ងៃឈប់​ប្រចាំ​ឆ្នាំ ជាមួយ​ទឹកប្រាក់​អតិបរមា​ស្មើនឹង​៦ខែ លើក​លែង​​ករណីសំខាន់​ៗ (ដូច​ជា​ការ​ទទួល​​​មរណភាព គ្រោះ​មហន្តរាយ​ដោយ​យថា​ហេតុ​មក​លើ​រោង​ចក្រ រឺការ​បិទទ្វារ​​ តាមការ​សម្រេច​របស់អាជ្ញាធរ)។ លោកជា មុនី បាន​​​បរិហារ​ថា​និយោជិត​មួយ​ចំនួន​​មិនបានទទួ​ល​ប្រាក់​បៀវត្ស​ចុង​ក្រោយ​  ព្រោះ​ថៅកែ​បាន​​រត់​គេច​បាត់ ដោយ​​បន្សល់​ទុក​កម្មករ​រាប់​ពាន់​នាក់​ជួប​ការ​លំបាក។​​

លោក​ជា មុនី បាន​កត់​សម្គាល់​ថា «ជា​ទូទៅ គេ​តែ​ង​តែ​ទម្លាក់កំហុស​ទៅលើ​ជន​ក្រី​ក្រ។ គេ​និយាយ​ប្រាប់យើង​ថា​កូដ​កម្ម​ រឺ​បាតុកម្មរបស់​​កម្មករ​​បណ្តាល​អោយ​មានការ​បិទ​ទ្វារ​រោង​ចក្រ​។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ ពីខែមករា ដល់​ខែមីនា គឺ​មិន​មាន​កូដ​កម្ម​ណា​មួយ​ទេ ប៉ុន្តែ រោង​ចក្រ​ចំនួន​១៤​​បាន​បិទ​ទ្វារ។​ ដោយ​ឡែក គេ​​​សុំយើង​​ជា​សាធារណៈ​​កុំ​អោយ​កៀរគរ​​កម្មករ​ធ្វើ​កូដ​កម្ម រឺ​ធ្វើ​បាតុកម្ម​។ ប៉ុន្តែ ប្រសិនជា​និយោជក​គោរព​ច្បាប់​ ករណី​មាន​ការ​​បិទទ្វារ​រោង​ចក្រ​ ដោយ​បើ​ក​ប្រាក់​បំណាច់​ស្រប​ច្បាប់​អោយ​កម្មករ គ្មាននរណា​ចង់​ធ្វើ​កូដ​​កម្ម រឺ​បាតុកម្ម​ឡើយ!»។ លោក​បាន​បញ្ជាក់​ថា លើក​លែង​រោង​ចក្រ​អន្តរ​ជាតិ​ពីរចេញ គឺ​រោង​ចក្រ Way និង​ សេង យ៉ុង ក្រៅ​ពីនេះ មិនមាន​រោង​ចក្រ​​ណា​មួយ​បើក​ប្រាក់​បំណាច់​​ជូន​កម្មករ​ ដែល​​ត្រូវ​ទទួល​បាន​ តាម​ច្បាប់​ការងារ​នោះ​ទេ។​

មិនសូវមានការ​ប្តឹង​ផ្តល់​ទៅលើ​និយោជក​ដែលរត់​គេចខ្លួន
ប្រឈមមុខ​នឹង​ថៅកែ​មិនស្មោះត្រង់​ ដែល​បោះបង់​រោងចក្រ​ ​និង​កម្មករ​រាប់ពាន់​នាក់​ ដើម្បី​គេច​​វេស​ពីកាតព្វកិច្ច​របស់ខ្លួន​ កម្មករ ក៏​ដូចជា​​អាជ្ញាធរ​​និយាយ​ថា​ទាល់​ប្រាជ្ញា។ អធិការ​​កិច្ច​ការ​ងារ​ម្នាក់​​​នៅ​​នាយកដ្ឋាន​​ដោះស្រាយវិវាទ​នៃ​ក្រសួង​ការ​ងារ​ ដែល​សុំ​មិនបញ្ចេញឈ្មោះ ​បាន​​សារភាព​ថា ជួន​កាល ស្ថានភាព​មានភាព​ស្មុគ​ស្មាញ។ លោក​បាន​ពន្យល់ថា តាម​ច្បាប់ កម្មករ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ក្រុង​ភ្នំពេញ រឺ​ខេត្ត ព្រោះ​តុលាការ​អាច​សម្រេច​​បង្កើត​គណៈកម្មការ​មួយ ទទួល​បន្ទុក​ដាក់​លក់​ឡាយឡុង​ទ្រព្យ​សម្បត្តិ​រោង​ចក្រ ដើម្បី​​បើក​ប្រាក់​ខែ​ និង​ប្រាក់​បំណាច់​ជូន​កម្មករ។ លោ​ក​អធិការ​កិច្ច​រូប​នេះ​​បាន​បន្ថែម​ថា «ប៉ុន្តែ វា​ពិបាក​នឹង​ធ្វើ។ យើង​ធ្វើការ​កត់​សម្គាល់​រឿង​នេះ តាម​រយៈរោង​ចក្រ​ភ្នំពេញ ហ្គាមិន ដែល​ចៅកែ​​បាន​រត់​គេច​ កាលពី​២​ឆ្នាំមុន ប៉ុន្តែ រហូត​ដល់​ពេល​នេះ​ កម្មករ​​នៅ​មិនទាន់​ទទួល​បាន​សំណង​ណាមួយ​នៅ​ឡើយទេ​»។

សម្រាប់​លោក​អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ បញ្ហាលំបាក​គឺនៅ​ត្រង់​ថា​ថៅកែ​មួយ​ចំនួន​​មិនមែន​ជា​កម្មសិទ្ធិករ​រោងចក្រ រឺ​សម្ភារៈរោង​ចក្រ​​។ ដូចនេះ ការ​ទាម​ទារ​ប្រាក់​បំណាច់ រឺ​​ រឹប​អូស​ទ្រព្យ​សម្បត្តិ​គឺជារឿង​លំបាក​ ប្រសិនជា​និយោជក​រត់​បាត់​។ លោក​បាន​វាយ​តម្លៃ​ថា «​នៅត្រង់​ចំណុច​​នេះ យើង​ត្រូវ​សហការ​ជាមួយ​អ្នកបណ្តាក់​ទុន​​​​២នាក់ (កម្ម​សិទ្ធិ​ករ​​ទីតាំង និងម្ចាស់​ម៉ាស៊ីន​ដេរ)​  ដើម្បី​អោយពួកគេ​អាច​ប្រគល់​ថវិកា​បន្តិច​បន្តួច​ ដើម្បី​ដោះស្រាយ​បញ្ហា​​ជាមួយ​កម្មករ»។

ទាក់​ទិននឹង​ការ​មិន​គោរព​តាម​ច្បាប់​ការងារ ត្រង់​ចំណុច​បើក​ប្រាក់​បំណាច់​ជូន​កម្មករ លោក​អ៊ុំ មាន​បាន​គូស​បញ្ជាក់ថា ច្បាប់​ស្តីពី​ការ​ក្ស័យ​ទុនរោង​ចក្រត្រូវ​បាន​អនុម័ត​នា​ពេល​ថ្មីៗ នេះ​។ ច្បាប់​នេះ​អនុញ្ញាត​​អោយ​សហគ្រាស​គ្រាន់តែ​បើក​ប្រាក់​ខែចុង​ក្រោយ​ជូន​កម្មករ ក្នុងករណី​ក្ស័យ​ធន ​មាន​ន័យ​ថា​​ប្រាក់​បំណាច់​ទាប​ជាង​ប្រាក់ដែល​មានចែង​នៅក្នុងច្បាប់​ការងារ។ ដោយ​ឡែក វិធា​ន​ការ​នេះ​មិន​បាន​បង្កអោយមាន​កូដកម្ម​ និង​បាតុកម្ម​ឡើយ។


 

 អានបន្ថែមលើកាសែត

 -វិបត្តិ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាៈ រវាង​ការ​ព្រួយ​បារម្ភ និងការ​ពិត (១៦-០៣-២០០៩)
-ទេសចរណ៍នៅ​កម្ពុជាៈ កម្ពុជា​បង្វែរ​ទិស​ដៅ​ទៅរក​អ្នក​ទេសចរ​មកពី​​ប្រទេស​ជិត​ខាង (២៣-០៣-២០០៩)
-សហជីព​កម្មករ​​ប្រឆាំង​ទៅនឹង​គម្រោង​​​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដែល​អាច​ធ្វើ​​អោយ​សន្តិសុខ​​​ការងារ​​​ចុះ​ទន់ខ្សោយ (០៣-០៣-២០០៩)
-ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា? (១២-០៣-២០០៩)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ