| ការប៉ះទង្គិចថ្មីមួយទៀតរវាងទាហានថៃនិងកម្ពុជានៅព្រំដែន បានបង្កអោយមានទាហានស្លាប់ |
| ដោយ រស់ ឌីណា | |
| ០៣-០៤-២០០៩ |
ការផ្ទុះអាវុធចំនួនពីរលើកបានកើតមានឡើង នៅថ្ងៃសុក្រ ទី៣ ខែមេសា នៅព្រំដែនខ្មែរ-ថៃ ក្បែរប្រាសាទព្រះវិហារ រវាងទាហានថៃ និងទាហានកម្ពុជា។ លើកទី១ កើតឡើងនៅពេលព្រឹក វេលាម៉ោងប្រហែល ៧ ហើយលើកទី២ នៅវេលាម៉ោង១៤ រសៀល។ ឧប្បត្តិហេតុនេះបានកើតមានឡើង បន្ទាប់ពីកាលពីថ្ងៃម្សិលមិញ ទាហានថៃម្នាក់បានដើរជាន់មីន រងរបួសដាច់ជើងម្ខាង នៅតំបន់«វាលឥន្ទ្រី» ស្ថិតនៅចម្ងាយ៥-៦គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់ឡើងនាសតវត្សទី១១។ បើតាមប្រសាសន៍របស់លោកខៀវ កាញ៉ារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល បន្ទាប់ពីកើតមានការផ្ទុះអាវុធនៅពេលព្រឹករួចមក មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានធ្វើការចរចាគ្នាជាបន្ទាន់។ ជាច្រើនម៉ោងក្រោយមក ទាហានថៃបានបើកការប្រយុទ្ធជាថ្មីម្តងទៀត។ បើតាមមន្រ្តីយោធាកម្ពុជាមួយរូប សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថាទាហានថៃស្លាប់២នាក់ និងរបួសមួយចំនួន។ លោកមានប្រសាសន៍ថា «ថៃប្រើប្រាស់អាវុធធន់ធ្ងន់។ ពួកគេបានវាយប្រហារលើផ្សារប្រាសាទ (ស្ថិតនៅជើងភ្នំប្រាសាទព្រះវិហារ) រួមទាំងបាញ់ប្រហារមកលើភាគីកម្ពុជា។ នៅល្ងាចថ្ងៃសុក្រនេះ លោក ស្រី ឌឹក ឧត្តមសេនីយ៍កម្ពុជាទទួលបន្ទុកកងពលធំលេខ៣ ប្រចាំការនៅព្រះវិហារ បានអះអាងថា គេមិនបានរកឃើញថាមានទាហានកម្ពុជាស្លាប់នៅឡើយទេ ហើយលោកក៏មិនដឹងអំពីតួលេខនៃអ្នករងរបួសដែរ។ លោកបានអះអាងថា តូបរាប់រយនៅផ្សារប្រាសាទត្រូវបានឆេះអស់ នៅពេលប្រយុទ្ធគ្នា នៅថ្ងៃរសៀល។ លោកបានពន្យល់ថា «ហេតុអ្វីកើតមានការផ្ទុះអាវុធនេះឡើង? ដោយសារភាគីថៃព្យាយាមរុលចូលទឹកដីកម្ពុជាកាន់តែជ្រៅ»។ គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងព្រះរាជាណាចក្រជិតខាងទាំងពីរបានចាប់ផ្តើមកើតមានឡើង ក្រោយការដាក់បញ្ជូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ នៅមុនពេលចុះបញ្ជីប្រាសាទនេះបន្តិច ប្រទេសថៃបានធ្វើការប្រឆាំង និងដកការគាំទ្របេក្ខភាពរបស់កម្ពុជា។ រដ្ឋាភិបាលទីក្រុងបាងកកបានទាមទារអធិបតេយ្យភាពលើប្រាសាទមួយនេះ។ មួយសប្តាហ៍ក្រោយមក ទាហានថៃត្រូវបានដាក់ពង្រាយនៅតាមព្រំដែន ហើយជម្លោះក៏ចាប់ផ្តើមមានឡើងនៅពេលនោះ។ ស្ថិតនៅក្នុងបរិយាកាសនៃភាពតានតឹងនេះ ជាពិសេសនៅតំបន់ដែលមិនទាន់ដោះមីនរួច ការប៉ះទង្គិចពិតជាមិនអាចជៀសផុតបានឡើយ។ ថ្ងៃទី១៥ តុលា ការផ្ទុះអាវុធមួយបានបណ្តាលអោយភាគីកម្ពុជាស្លាប់៣នាក់។ ថ្ងៃទី១៨ កុម្ភៈ ប្រទេសថៃបានសុំទោសប្រទេសកម្ពុជា ចំពោះការបាញ់គ្រាប់ផ្លោងចូលទឹកដីកម្ពុជា នៅក្នុងសមយុទ្ធយោធាមួយ។ ជាចុងក្រោយ គឺការផ្ទុះអាវុធនៅថ្ងៃសុក្រនេះ។ ការចរចាជាលក្ខណៈទ្វេភាគីនិងសន្តិវិធី រវាងភាគីទាំងពីរមានដំណើរការទៅមុខសន្សឹមៗ។ ជម្លោះព្រំដែននេះនឹងអូសបន្លាយយូរ ហើយពិបាកនឹងបញ្ចប់ អាចត្រូវប្រើរយៈពេលជាច្រើនឆ្នាំ។
|