| ការជំនុំជម្រះឌុចៈ គ្រូបង្រៀនដែលព្រមពលិកម្មគ្រប់បែបយ៉ាងដើម្បីបដិវត្តន៍ និងគោរពតាមបទបញ្ជាដោយភ័យខ្លាចបាត់បង់ជីវិត |
| ដោយ ស្ទេហ្វានី ហ្សេ | |
| ០៧-០៤-២០០៩ |
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៦ មេសា ២០០៩៖ កាំង ហ្គិចអ៊ាវ ហៅឌុច ឡើងពន្យល់ នៅក្នុងសវនាការ អ.វ.ត.ក ©ចន វីង/ Magnum នៅថ្ងៃទី៤នៃសវនាការលើអង្គសេចក្តីរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំងស-២១ [អ្នកទោសប្រមាណជាង១៥ ០០០នាក់បានបាត់បង់ជីវិតនៅទីនោះ] នាថ្ងៃច័ន្ទ ទី៦ ខែមេសា អង្គជំនុំជម្រះបានសួរដេញដោលជនជាប់ចោទអំពីមន្ទីរសន្តិសុខ ម-១៣ របស់គណបក្សកុម្មុយនីស្តកម្ពុជា ដែលត្រូវបានគ្រប់គ្រងដោយឌុច មុននឹងគាត់ត្រូវបានតែងតាំងជាប្រធានមន្ទីរសន្តិសុខស-២១ ដែលទើបតែត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៥។ អង្គហេតុនៅក្នុងសំណុំរឿងនេះស្ថិតនៅក្រៅក្របខ័ណ្ឌនៃដែនសមត្ថកិច្ចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ព្រោះវាស្ថិតនៅរយៈពេលមុនឆ្នាំ១៩៧៥។ ការរម្លឹកអំពីប្រវត្តិសាស្រ្តបន្តិចនេះសំដៅយល់ច្បាស់អំពីបរិបទនៅក្នុងមន្ទីរស-២១ រចនាសម្ព័ន្ធ ដំណើរការរបស់មន្ទីរនេះ និងដើម្បីលាតត្រដាងបុគ្គលិកលក្ខណៈរបស់បុរសវ័យ៦០ឆ្នាំផ្លាយរូបនេះ។ ដោយឡែក សវនាការថ្ងៃទី៤នេះក៏ជួបបញ្ហាបកប្រែភាសាធ្ងន់ធ្ងរផងដែរ។ ជាទូទៅ តុលាការព្រហ្មទណ្ឌដែលមានលក្ខណៈអន្តរជាតិតែងតែត្រូវបានបង្កើតឡើង ដោយអនុវត្តនូវប្រព័ន្ធច្បាប់អង់គ្លេស Common law។ ដោយឡែក ការសួរដេញដោលជនជាប់ចោទនៅអ.វ.ត.ក ឆ្លុះបញ្ចាំងពីប្រព័ន្ធច្បាប់Civil law ដែលជាគ្រឹះនៃច្បាប់នៅប្រទេសកម្ពុជា។ ឌុចត្រូវបានសាកសួរដោយតុលាការ ហើយសម្រាប់សំណុំរឿង ម-១៣ លោកចៅក្រមជនជាតិបារាំងហង្ស់ម៉ាក ឡាវ៉ាញ (Jean-Marc Lavergne) គឺជាអ្នកដឹកនាំការសួរដេញដោលនេះ។
ការប្តេជ្ញាចិត្តដើម្បីបដិវត្តន៍ ជនជាប់ចោទ ឌុច បានពន្យល់ថា គាត់បានចាប់ផ្តើមចាប់អារម្មណ៍នឹងបដិវត្តន៍ ម៉ាក់-ឡេនីននិយម នៅឆ្នាំ១៩៦៤ ពោលគឺនៅពេលដែលគាត់រៀននៅវិទ្យាស្ថានជាតិគរុកោសល្យ។ នៅទីនោះ គ្រូបង្រៀនរបស់គាត់ពីរនាក់បានដាស់អោយគាត់មានការចាប់អារម្មណ៍លើឆាកនយោបាយ។ «ខ្ញុំប្តេជ្ញាយ៉ាងពេញទំហឹង។ ខ្ញុំធ្វើពលិកម្មអ្វីៗទាំងអស់»...។ នៅចុងឆ្នាំ១៩៦៧ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលមួយពីគណបក្សកុម្មុយនីស្តកម្ពុជា «គេបានអោយគាត់ស្បថសច្ចាថានឹងស្មោះត្រង់បម្រើបក្សនិងប្រជាជនកម្ពុជាអស់មួយជីវិត និងពលិកម្មគ្រប់យ៉ាង» ដើម្បីបដិវត្តន៍។ ប៉ុន្មានសប្តាហ៍ក្រោយមក ឌុចត្រូវបានប៉ូលីសយុត្តិធម៌របស់ព្រះអង្គម្ចាស់នរោត្តម សីហនុ ចាប់ខ្លួន «ពីបទបង្កការប៉ះពាល់ដល់ស្ថេរភាពរដ្ឋ» តាមរយៈការសហការជាមួយអំណាចបរទេសមួយ។ គាត់ត្រូវបានកាត់ទោសអោយធ្វើការទាំងបង្ខំរយៈពេល២០ឆ្នាំ។ ឌុច ត្រូវបានដោះលែងអោយមានសេរីភាព នៅថ្ងៃទី៣ មេសា ១៩៧០ ដោយរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលបានសម្រេចដោះលែងអ្នកទោសនយោបាយទាំងអស់អោយមានសេរីភាព។
ឌុច បានសង្ខេបថា នៅក្នុងចំណោមហេតុផលសំខាន់ៗដែលជំរុញអោយគាត់ចូលប្រឡូកនៅក្នុងការតស៊ូបដិវត្តន៍ គឺឆន្ទៈការពារប្រទេសជាតិ និងរំដោះប្រជារាស្រ្ត «ដែលនៅសម័យនោះ ទទួលរងនូវការគាបសង្កត់ជិះជាន់»។ ឌុចបានអះអាងថា «ខ្ញុំមិនខ្លាចនឹងរស់នៅឆ្ងាយពីសាច់ញាតិ មិនខ្លាចជាប់គុក រឺស្លាប់ ដើម្បីបម្រើបដិវត្តន៍នោះទេ»។ គាត់បានបន្ថែមទៀតថា គាត់នៅតែរក្សាផ្នត់គំនិត«ពលិកម្ម»នេះជាប់ជានិច្ច។ ប៉ុន្តែ ក្រោយមក គាត់បែរជាបានសារភាពថាគាត់គោរពតាមបទបញ្ជាថ្នាក់លើ ដោយសារភ័យខ្លាចបាត់បង់ជីវិត។ គាត់និយាយថាគាត់យល់ពីឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើង...
សម្រាប់អតីតប្រធានមន្ទីរធ្វើទារុណកម្មស-២១រូបនេះ គ្មានអ្វីមន្ទិលសង្ស័យទេថា «ប្រសិនជាលោក រីឆាត នីហ្សុន (Richard Nixon) មិនបានជួយលោកលន់ នល់ ធ្វើរដ្ឋប្រហារ ហើយប្រសិនជាពួកខ្មែរក្រហមមិនបានសហការជាមួយព្រះអង្គម្ចាស់នរោត្តម សីហនុនោះទេ ពួកខ្មែរក្រហមប្រហែលជាមិនអាចដឹកនាំបដិវត្តន៍របស់ខ្លួនបានល្អនោះទេ។ «ដោយសារការអំពាវនាវប្រជាជនកម្ពុជាអោយចូលព្រៃម៉ាគីរបស់ព្រះអង្គម្ចាស់សីហនុ [បន្ទាប់ពីព្រះអង្គត្រូវបានលោកលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់អំណាច] ខ្មែរក្រហមអាចពង្រឹងកម្លាំង ចាប់ពីឆ្នាំ១៩៧០។ ឌុច បានរៀបរាប់ថា «ខៀវ សំផន គ្រាន់តែជារូបភាពធម្មតាសម្រាប់បង្ហាញខាងក្រៅ ព្រោះថាប៉ុល ពតទៅវិញទេ ដែលជាអ្នកគ្រប់គ្រងកងទ័ពតាំងពីដំបូងមក»។
ជ្រើសរើសឈ្មោះបដិវត្តន៍របស់គាត់ «ពេលចូលជួរបក្សកុម្មុយនីស្តកម្ពុជា គេសុំអោយយើងប្តូរឈ្មោះ»។ ក្រៅពីនេះ ឌុចបានកត់សម្គាល់ថា ឈ្មោះរបស់គាត់ កាំង ហ្គិចអ៊ាវ គឺជាឈ្មោះចិន។ ប៉ុន្តែ ខ្មែរក្រហមមានគោលការណ៍អោយប្រើប្រាស់ឈ្មោះខ្មែរ។ «ខ្ញុំគិតដល់ឈ្មោះ ឌុច [ឈ្មោះជាងចម្លាក់ដ៏ប៉ិនប្រសប់ម្នាក់ ដែលជីតាខ្ញុំស្គាល់] […] ហើយឈ្មោះនេះ ក៏ជាឈ្មោះសិស្សម្នាក់ដែលចេះអានអក្សរយ៉ាងច្បាស់ពីអ្វីដែលមានសរសេរនៅក្នុងអត្ថបទដំបូងក្នុងសៀវភៅថ្នាក់រៀនបឋម។ ខ្ញុំស្រឡាញ់ឈ្មោះនេះណាស់ ដូចនេះ ខ្ញុំក៏បានសម្រេចយកឈ្មោះនេះ»។
លោកចៅក្រម ឡាវ៉ែញ សួរថា «ដូចនេះ ឈ្មោះនេះគឺសំដៅលើសិស្សម្នាក់ ដែលស្តាប់បង្គាប់ ចេះគោរព ហើយត្រៀមខ្លួនជានិច្ចក្នុងការរៀនសូត្រ ឬសម្លាប់មនុស្សឬ? ឌុច ឆ្លើយថា «បាទ។ ប៉ុន្តែ ខ្ញុំចង់ក្លាយជាក្មេងប្រុសចេះគោរពវិន័យរូបនេះ ដែលគោរពតាមដំបូន្មានគ្រូបង្រៀន និងធ្វើអំពើល្អ»។
គោរពតាមបញ្ជា ព្រោះខ្លាច? ឌុចធ្លាប់បានគិតថា ក្រោយពេលបដិវត្តន៍ទទួលបានជោគជ័យ គេនឹងអនុញ្ញាតអោយគាត់បង្រៀនសិស្ស។ «ខ្ញុំមិនធ្លាប់គិតថានឹងធ្វើអ្វីដូចដែលខ្ញុំធ្លាប់បានធ្វើកន្លងមកនេះឡើយ!»។ គាត់ស្អប់ខ្ពើមការងាររបស់គាត់នៅមន្ទីរម-១៣។ ខ្ញុំមិនអាចគេចផុតពីការងារនេះបានឡើយ […]។ វាជារឿងធម្មតាទេ នៅពេលថ្នាក់លើចេញបញ្ជា អ្នកក្រោមឱវាទត្រូវគោរពតាម!»។
នៅក្នុងកំណត់ហេតុសួរចម្លើយឌុចដោយសហចៅក្រមស៊ើបអង្កេត ឌុចបានសរសេរកថាខ័ណ្ឌមួយមានចំណងជើងថា «ឥទ្ធិពលនៃការភ័យខ្លាចមកលើរូបខ្ញុំ»។ គាត់បានរៀបរាប់ថាគាត់ស្អប់«ការងារជាប៉ូលីស»(ស៊ើបអង្កេត)របស់គាត់នៅទីនោះ។ គាត់មិនជ្រើសរើសយកការសម្លាប់ខ្លួនឯងទេ ហើយក៏មិនចង់ប្រឈមមុខជាមួយថ្នាក់លើដែរ។ គាត់បានពន្យល់នៅក្នុងកំណត់ហេតុនោះថា ដើម្បីកាត់បន្ថយភាពច្របូកច្របល់នៅក្នុងខ្លួនគាត់ និងធ្វើអោយអារម្មណ៍របស់គាត់បានធូរស្រាលខ្លះ រាល់យប់ គាត់តែងតែសូត្រកំណាព្យបារាំង និងស្វែងរកការពិតនៅក្នុងចម្លើយសារភាពរបស់អ្នកទោសដែលគាត់ទទួលបាន។ «ដូចនេះ ខ្ញុំមិនបានគិតបែកឆ្វេងក្បត់បក្ស ក្រៅពីគោរពតាមបទបញ្ជានោះទេ ព្រោះខ្ញុំចង់រស់នៅបន្តទៀត! […] ខ្ញុំខ្លាចស្លាប់!» លោកបានលើកឡើងទាំងទើសទាល់ថា សូម្បីកុមារក៏ក្លាយជាអ្នកទោសនៅមន្ទីរម-១៣ដែរ។
នៅពេលលោកចៅក្រមឡាវាញ សួរគាត់អោយប្រាប់អំពីគុណសម្បត្តិពិសេសរបស់គាត់ ដែលនាំអោយបក្សជ្រើសរើសគាត់ធ្វើជាប្រធានមន្ទីរសន្តិសុខ ឌុចបានឆ្លើយថា «ភាពស្មោះត្រង់ចំពោះបក្ស» និង«ការយកចិត្តទុកដាក់លើការងារ»។ «ពេញមួយជីវិតរបស់ខ្ញុំ ពេលខ្ញុំធ្វើការងារអ្វីមួយ ខ្ញុំធ្វើបានយ៉ាងល្អ!»។ ដូចជាថ្ងៃច័ន្ទនេះ គាត់បានសហការជាមួយតុលាការដោយឥតរួញរា។ ជានិច្ចកាល ឌុចតែងតែសម្លឹងមើលកាម៉េរ៉ា និយាយលើកដាក់សំឡេងដើម្បីធ្វើអោយការរៀបរាប់របស់គាត់កាន់តែរស់រវើក។ ក្បាលរបស់គាត់កំរើកថ្នមៗ និងចងចិញ្ចើម។ គាត់ឆ្លើយគ្រប់យ៉ាង ប្រាប់កាលបរិច្ឆេទ ទីកន្លែង ឈ្មោះ ដោយភាពម៉ឺងមាត់ប្រៀបដូចជាគ្រូបង្រៀនម្នាក់។ គាត់បានឆ្លើយតបវិញហូរដូចទឹក ជាមួយនឹងការលើកដាក់សំឡេង ហើយនៅពេលគេសុំអោយគាត់និយាយសង្ខេប និងនិយាយមួយៗ គាត់គោរពតាម ដូចកូនទាហានដ៏ល្អគោរពតាមថ្នាក់លើអីចឹង។
ម-១៣ ជាការចាប់ផ្តើមនៅស-២១ បន្ទាប់ពីបានធ្វើការសុំទោសជនរងគ្រោះនៅមន្ទីរស-២១ កាលពីសប្តាហ៍កន្លងទៅ ម្តងនេះ ឌុចបានធ្វើការសុំទោសជនរងគ្រោះនៅមន្ទីរម-១៣។ តើអ្នកទោសទទួលរងនូវការធ្វើបាបរឺ? គាត់បានរៀបរាប់ថា នៅពេលសួរចម្លើយ «ពួកគេនិយាយថាការធ្វើទារុណកម្មមិនអាចជៀសផុតបានឡើយ»។ មុនដំបូង មន្ទីរសន្តិសុខនេះត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងចារបុរស និងការពារ «តំបន់ដែលត្រូវបានរំដោះ» ដោយខ្មែរក្រហម។ ឌុចទទួលស្គាល់ថាលក្ខខណ្ឌនៃការឃុំឃាំងនៅទីនោះ ពិតជា«មានលក្ខណៈបែបអមនុស្សធម៌»។ មិនមានថ្នាំសង្កូវ របបអាហារកាន់តែខ្សត់ទៅៗ នៅឆ្នាំ១៩៧៤។ «យើងទុកអ្នកទោសអោយនៅមានជីវិត ដើម្បីសួរចម្លើយពួកគេ» ហើយអ្នកទោសត្រូវជាប់ច្រវ៉ាក់ដែកជានិច្ច។
ចម្លើយរបស់ឌុច ប្រាប់ចៅក្រម ឆ្លុះបញ្ចាំងអោយឃើញថា តាំងពីមុនពេលកាន់កាប់អំណាច ខ្មែរក្រហមជួបការរង្គោះរង្គើនៅក្នុងជួរបក្ស ដោយសារជម្លោះផ្ទៃក្នុង ហើយនយោបាយរបស់ពួកគេមិនបានទទួលការឯកភាពពីសមាជិកទាំងអស់នោះទេ។
ការសួរដេញដោលឌុច នឹងបន្តនៅថ្ងៃអង្គារ ទី៧ ខែមេសា បន្ទាប់មក ជាការសួរសំណួរដល់ដើមបណ្តឹងរដ្ឋប្បវេណី សាក្សី និងអ្នកជំនាញ ជុំវិញមន្ទីរម-១៣។
-បទយកការណ៍រូបថតនិងសម្លេងៈ ឌុច សុំទោសជាសាធារណៈ -មេធាវីរបស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារថាការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ (០២-០៤-២០០៩) -សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ (០១-០៤-២០០៩) -ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់ (៣១-០៣-២០០៩) -ចៅក្រមឡាវែញនៅសាលាក្តីខ្មែរក្រហម : "វាកម្រមានណាស់ដែលចៅក្រមចូលរួមស្ថាបនាអ្វីមួយ!" (២៧-១០-២០០៨)
|