|
អធិប្បាយចុងក្រោយ
|
| ព្រះវិហារៈ ការចរចាខ្មែរ-ថៃ រយៈពេល២ថ្ងៃ ជួបឧបសគ្គត្រង់ឈ្មោះប្រាសាទ |
| ដោយ រស់ ឌីណា | | | ០៨-០៤-២០០៩ | ព្រះវិហារ រឺប្រាវិហាន? នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល២ថ្ងៃនៃគណៈកម្មាធិការចម្រុះព្រំដែន ខ្មែរ-ថៃ នាថ្ងៃច័ន្ទ ទី៦ និងថ្ងៃអង្គារ ទី៧ ខែមេសា ប្រទេសកម្ពុជានិងប្រទេសថៃមិនអាចស្វែងរកដំណោះស្រាយសមស្របមួយបាននោះទេ ជុំវិញព្រឹត្តិការណ៍ផ្ទុះអាវុធចុងក្រោយរវាងទាហានកម្ពុជានិងទាហានថៃ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា នៅតាមព្រំដែនរួម ក្បែរប្រាសាទព្រះវិហារ។ នៅពេលបញ្ចប់កិច្ចពិភាក្សាថ្ងៃទី២ វេលាម៉ោង១៩យប់ នៅទីស្តីការគណៈរដ្ឋមន្រ្តីថ្មី នាទីក្រុងភ្នំពេញ លោកវ៉ា គឹមហុង សហប្រធានគណៈកម្មាធិការព្រំដែនចម្រុះ និងសមភាគីថៃ លោក Vasin Teeravechyan បានបង្ហាញផ្លែផ្កានៃកិច្ចប្រជុំលើកទី៣នេះ សំដៅបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំង២ ដែលកើតមានតាំងពីខែកក្កដា ឆ្នាំ២០០៨ ហើយជម្លោះនេះកាន់តែមានសភាពតានតឹងឡើងវិញ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា បន្ទាប់ពីទាហាននៃប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នា។
រយៈពេល២ថ្ងៃនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលបានរៀបចំកាលពីកិច្ចប្រជុំពិសេសនៅខេត្តសៀមរាប ខែវិច្ឆិកា ឆ្នាំ២០០៨ និងកិច្ចប្រជុំនៅទីក្រុងបាងកក ខែកុម្ភៈ ឆ្នាំ២០០៩ រួមទាំងកិច្ចព្រមព្រៀងស្តីពីដំណើរការកំណត់បង្គោលព្រំដែន នៅដើមសប្តាហ៍នេះ។
លោកវ៉ា គឹមហុងបានប្រកាស ក្រោយកិច្ចប្រជុំថា «វានឹងអនុញ្ញាតអោយយើងចាប់ផ្តើមធ្វើការងារ» ជាពិសេស ការបោះបង្គោលព្រំដែន។ ចំណែកឯ លោក Vasin Teeravechyan មិនមានបំណងនិយាយអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមប្រតិបត្តិការនេះនោះទេ។ លោកគ្រាន់តែនិយាយថា «ត្រូវធ្វើមួយដំណាក់កាលម្តងៗ»។ ដោយឡែក លោកវ៉ា គឹមហុង បានអះអាងថាក្រុមការងារកំណត់បង្គោលព្រំដែនបានចាប់ផ្តើមប្រតិបត្តិការតាំងពីខែឧសភា ដើម្បីបោះ«បង្គោលព្រំដែននៅច្រក ជាំ ស្រងាំ (ខេត្តឧត្តរមានជ័យ) គឺបង្គោលលេខ១ រហូតដល់ក្បែរប្រាសាទតាមាន់ បង្គោលលេខ២៣»។ សហប្រធានកម្ពុជារូបនេះបានវាយតម្លៃថា នៅតំបន់៦ ដែលស្ថិតនៅប្រាសាទព្រះវិហារ ទិដ្ឋភាពបច្ចេកទេសត្រូវដោះស្រាយបន្តទៀត»។ លោករំពឹងថាការងារវាស់វែង និងដោះមីននឹងចាប់ផ្តើមនៅខែកក្កដា ខាងមុខនេះ «យ៉ាងយូរបំផុត»។
ទោះយ៉ាងណា ខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ម្យ៉ាងវិញទៀត បញ្ហាមួយនៅតែជាឧបសគ្គរាំងស្ទះដល់ការងារកំណត់បង្គោលព្រំដែន គឺបញ្ហាឈ្មោះប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ភាគីទាំងពីរមានការទាស់ទែងគ្នាត្រង់ឈ្មោះនេះ ខ្មែរថាព្រះវិហារ ចំណែកថៃ ថាប្រាវិហាន។ លោកវ៉ា គឹមហុង បានពន្យល់ថា «យើងបានស្នើអោយដាក់ឈ្មោះផ្លូវការថា ព្រះវិហារ នៅក្នុងឯកសារទ្វេភាគី ដោយបើករង្វង់ក្រចកបញ្ជាក់ថា “ប្រាវិហាន ជាភាសាថៃ“ ។ ប៉ុន្តែ ថៃបដិសេធសំណើនេះ»។ លោកបានគូសបញ្ជាក់ថា ក្រោយពេលមានការឯកភាពលើចំណុចនេះ រាល់ឧបសគ្គទាំងអស់នឹងត្រូវដោះចេញ»។
សម្រាប់ភាគីថៃ ការដែលឈ្មោះព្រះវិហារជាភាសាខ្មែរត្រូវបានទទួលយកដោយអង្គការយូណេស្កូ និងដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក មិនមែនជាហេតុផលគ្រប់គ្រាន់ ដើម្បីធ្វើអោយប្រទេសថៃបោះបង់ចោលឈ្មោះប្រាវិហានដែរ។ លោក Vasin Teeravechyan បានប្រកាសយ៉ាងខ្លីថា «វាជារឿងជាប់ពាក់ព័ន្ធអង្គការយូណេស្កូតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធនឹងគណៈកម្មាធិការព្រំដែនទេ»។
ពាក់ព័ន្ធនឹងសំណួរស្តីពីការពង្រាយកម្លាំងទាហានរបស់ប្រទេសថៃនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសកម្ពុជា សហប្រធានគណៈកម្មាធិការជនជាតិថៃរូបនេះបានមានប្រសាសន៍ថា «លោកមិនបានដឹងរឿងនេះនោះទេ»។ ចំណែកភាគីកម្ពុជា បានបញ្ជាក់ក្បោះក្បាយអំពីបញ្ហាខាងលើនេះ។ លោកព្រាប តាន់ អភិបាលខេត្តព្រះវិហារ និងជាសមាជិកគណៈកម្មាធិការចម្រុះព្រំដែនខ្មែរ-ថៃ បានអះអាងថាកម្លាំងទាហានថៃត្រូវបានដាក់ពង្រាយ «ប្រហែល១គីឡូម៉ែត្រពីព្រំដែនកម្ពុជា» ស្ថិតនៅភាគខាងជើងតំបន់វាលឥន្ទ្រី ពោលគឺប្រហែល៦គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។ បន្ថែមលើសនេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលស្តីពីជម្លោះប្រាសាទព្រះវិហារ បានមានប្រសាសន៍ថាលោកបានទទួល «ព័ត៌មាន […] ចេញពីព្រំដែន» ដែលអះអាងពីការដាក់ពង្រាយកងទ័ពថៃបន្ថែម ជាពិសេស «ការបោះទីតាំងកាំភ្លើងផ្លោងនៅមុខប្រាសាទព្រះវិហារ»។
សម្រាប់លោកអភិបាលខេត្តព្រះវិហារ លោកព្រាប តាន់ ការដាក់ពង្រាយកម្លាំងប្រដាប់អាវុធរបស់ភាគីទាំងពីរ ស្របពេលមានកិច្ចចរចានេះ គ្មានអ្វីខុសធម្មតានោះទេ។ «នេះគឺជារថកង់ពីរ គឺកង់ម្ខាង កម្ពុជាប្រើប្រាស់ការទូត ម្ខាងទៀត យើងត្រូវរក្សាសិទ្ធិការពារទឹកដីរបស់យើងដែរ»។
ដោយឡែក លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រកាសថារបាយការណ៍មួយត្រូវបានផ្ញើទៅអង្គការយូណេស្កូ ដើម្បីផ្តល់ព័ត៌មានពីមហន្តរាយលើប្រាសាទ ដោយសារការបាញ់ប្រហាររបស់ថៃ កាលពីថ្ងៃទី៣ ខែមេសា។ លោកបានលើកឡើងថា «យើងជាសមាជិកអង្គការយូណេស្កូ និងមានកាតព្វកិច្ចការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក»។ លោកសង្ឃឹមថាកិច្ចប្រជុំលើកក្រោយមួយនឹងរៀបចំធ្វើឡើង ជាមួយស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីបង្ហាញអំពីបញ្ហាទាំងនេះ។
យ៉ាងណាមិញ លោក Koïchiro Matsuura អគ្គនាយកអង្គការយូណេស្កូ ក៏បានបង្ហាញ«ការព្រួយបារម្ភជាខ្លាំងផងដែរ» ទៅនឹងព័ត៌មានស្តីពីការផ្ទុះអាវុធរវាងទាហានថៃនិងកម្ពុជា នៅក្បែរប្រាសាទព្រះវិហារ ដែលជាស្នាដៃល្អឯកនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃជាសាកល […]»។
នៅថ្ងៃអង្គារ ទី៧ មេសា លោកមឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានអំពាវនាវសូមអោយរដ្ឋាភិបាលថៃមានការទទួលខុសត្រូវសងមកវិញនូវការខូចខាតផ្សេងៗ សម្រាប់ប្រជារាស្រ្តខ្មែរ បន្ទាប់ពីកើតមានឧប្បត្តិហេតុផ្ទុះអាវុធមួយ កាលពីថ្ងៃទី៣ មេសា ដែលបានបង្កអោយផ្សារប្រាសាទរបស់កម្ពុជាត្រូវឆេះខូចខាត។ លោកផៃ ស៊ីផានបានវាយតម្លៃថា «រដ្ឋាភិបាលអាចនឹងពិចារណាលើសំណើមួយនេះ» ដោយគូសបញ្ជាក់ថា អង្គការយូណេស្កូគឺជាអ្នកត្រូវលើកឡើងនូវចំណុចនេះ ព្រោះវាជាតំបន់ស្ថិតក្រោមការការពារ។
កាលបរិច្ឆេទនៃកិច្ចប្រជុំលើកក្រោយរវាងរដ្ឋមន្រ្តីការបរទេសថៃ និងរដ្ឋមន្រ្តីការបរទេសកម្ពុជានៅមិនទាន់កំណត់នៅឡើយទេ។
|
|
|