
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៧ មេសា ២០០៩៖ ថ្ងៃទី៥ នៃសវនាការជំនុំជម្រះ ឌុច ពន្យល់អំពីការធ្វើទារុណកម្មនៅមន្ទីរម-១៣
©ចន វីង/ Magnum
ការលើកយកសាច់រឿងនៅមន្ទីរឃុំឃាំង ម-១៣ ដែល ឌុច អតីតមេធ្វើទារុណកម្មខ្មែរក្រហម ធ្លាប់បានគ្រប់គ្រង មុននឹងកាន់តំណែងជាប្រធានមន្ទីរស-២១ នៅឆ្នាំ១៩៧៥ បានបន្តធ្វើឡើងនៅថ្ងៃអង្គារ ទី៧ ខែមេសា នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ថ្ងៃទី៥នៃសវនាការរបស់ឌុចនេះ គឺជាឱកាសមួយ ដើម្បីរម្លឹកពីការធ្វើទារុណកម្ម និងការសម្លាប់អ្នកទោស ដែលត្រូវបានប្រព្រឹត្តនៅក្នុងមន្ទីរឃុំឃាំងនេះ។ ទោះបីជាឌុច បានបង្ហាញការសហការ និងភាពម៉ឺងម៉ាត់ នៅពេលគាត់រៀបរាប់អំពីព្រឹត្តិការណ៍ដ៏គួរអោយភ័យតក់ស្លុតក៏ដោយ ក៏អតីតមេធ្វើទារុណកម្មខ្មែរក្រហមរូបនេះបានធ្វើអោយស្តែងចេញនូវគំនិតកលល្បិចមួយរបស់គាត់ នៅពេលគាត់ឆ្លើយនៅក្នុងសវនាការ។
ឌុច ដឹកនាំសវនាការ
កាំង ហ្គិចអ៊ាវ ហៅឌុច មិនត្រឹមតែធ្លាប់គ្រប់គ្រងមន្ទីរឃុំឃាំង ម-១៣ និងស-២១ ប៉ុណ្ណោះនោះទេ គាត់ក៏បានដឹកនាំសវនាការជំនុំជម្រះរបស់គាត់ផងដែរ។ ជាក់ស្តែង គាត់បានបង្ហាញឆន្ទៈសហការជាមួយតុលាការ និងទន្ទឹងរង់ចាំអ្នកបកប្រែផ្ទាល់មាត់ មុននឹងឡើងនិយាយនៅចំពោះមុខអង្គចៅក្រម។ ប៉ុន្តែ គាត់មិនបានឃ្លាតចាកឆ្ងាយពីអ្វី ដែលគាត់ត្រៀមនឹងនិយាយនោះទេ។ គាត់ហាក់បីដូចជាបានត្រៀមលក្ខណៈបានយ៉ាងល្អទៅនឹងសំណួររបស់ចៅក្រម។ ដោយភាពមោះមុត និងជឿជាក់លើខ្លួនឯង ឌុចហាក់ដូចជាអ្នករៀបចំគោលការណ៍នៃការជំនុំជម្រះ។ ម្យ៉ាងវិញទៀត ជួនកាល ទឹកមុខដ៏ម៉ឺងមាត់របស់គាត់ក៏បានលេចចេញនូវស្នាមញញឹមបន្តិច ដែលគេស្រមៃថាជាជោគជ័យ...
គាត់បានឆ្លើយ ថា « ខ្ញុំជាអ្នកទទួលខុសត្រូវ ប៉ុន្តែ ខ្ញុំមិនបានប្រព្រឹត្តបទឧក្រិដ្ឋកម្មដោយផ្ទាល់ដៃរបស់ខ្ញុំឡើយ» «ខ្ញុំទទួល អត់ប្រកែកទេ» «ខ្ញុំអនុវត្តតាមបទបញ្ជាថ្នាក់លើរបស់ខ្ញុំ»។ ចម្លើយនេះប្រៀបដូចជារូបភាពជាគ្រូបង្រៀននយោបាយមួយរូប ដែលព្យាយាមដាក់បញ្ជូលពាក្យស្លោកដ៏ភ្លឺចិញ្ចែងចិញ្ចាំងចូលទៅក្នុងផ្នត់គំនិតរបស់សាធារណៈជន។ ទោះបីជាឌុច បានសារភាពថាគាត់បានធ្វើទារុណកម្មអ្នកទោសដោយផ្ទាល់នៅមន្ទីរម-១៣ យ៉ាងហោចណាស់ពីរនាក់ក៏ដោយ ក៏គាត់និយាយថាគាត់មិនបានចាំពីការធ្វើទារុណកម្មផ្សេងទៀតដែរ ហើយគាត់និយាយដដែលថាគាត់មិនបានប្រព្រឹត្តបទល្មើសណាមួយនោះទេ គាត់គ្រាន់តែព្យាយាមអនុវត្តតាមលក្ខខណ្ឌថ្នាក់លើរបស់គាត់អោយអស់ពីចិត្តពីថ្លើមប៉ុណ្ណោះ។
ទាក់ទងនឹងការ «កម្ទេច» អ្នកទោស ដែលនៅសម័យខ្មែរក្រហម មានន័យថា «សម្លាប់» ឌុចបានអះអាងថាគាត់មិនមែនជាជនគំរូមួយរូបនោះទេ។ «ខ្ញុំខ្លាចប្រព្រឹត្តទង្វើបែបនេះ។ ដូចនេះ ខ្ញុំបានប្រគល់តួនាទីទាំងនេះអោយទៅកូនប្រុសរបស់កសិករ ដែលខ្ញុំបានបណ្តុះបណ្តាល ហើយដែលអាចធ្វើការងារបានល្អជាងខ្ញុំ»។ បន្តិចក្រោយមក គាត់បានពន្យល់ថា គាត់បានជ្រើសរើសមនុស្សថ្នាក់កណ្តាល «ដើម្បីធ្វើអោយបក្សមានទំនុកចិត្តមកលើរូបខ្ញុំ»។ «ខ្ញុំមិនភ្លេចទេថាឧក្រិដ្ឋកម្មទាំងនេះគឺជាទំនួលខុសត្រូវរបស់ខ្ញុំ»។ បន្ទាប់មក ឌុចបានបើករង្វង់ក្រចក និយាយដល់សម្តេចសីហនុថា អ្នកទាំងពីរ [ឌុច និងសម្តេចសីហនុ] ត្រូវបានគេដាក់អោយមកជាប់ពាក់ព័ន្ធនៅក្នុងអំពើឧក្រិដ្ឋកម្មទាំងនេះ ប៉ុន្តែ អ្នកផ្សេងទៅវិញទេ ដែលជាអ្នកសម្លាប់មនុស្ស។ ឌុចបានធ្វើការវែកញែកថា «លើកលែងតែនៅក្រោមសម័យគ្រប់គ្រងរបស់សម្តេចសីហនុ មនុស្សមានសិទ្ធិទទួលបាននូវការវិនិច្ឆ័យទោស និងមានលទ្ធភាពសុំការលើកលែងទោសពីព្រះអង្គ»។ តួយ៉ាង ឌុចបានបន្ថែមទៀតថា នៅមន្ទីរស-២១ គាត់មិនមែនជាអ្នកធ្វើបាបលោកជុំ ម៉ីនោះទេ [លោកជុំ ម៉ី គឺជាអ្នកនៅរស់រានមានជីវិតដ៏កំរម្នាក់ ដែលរត់គេចផុតពីមន្ទីរកាប់សម្លាប់នេះ ហើយសព្វថ្ងៃ លោកជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងរបស់ឌុច]។ នៅក្រៅសវនាការ លោកជុំ ម៉ី បានមានប្រសាសន៍ថា «ប្រសិនជាឌុច មានចរិតសុភាពរាបសានៅសម័យខ្មែរក្រហម ដូចពេលឥឡូវនេះ មន្ទីរស-២១ ប្រហែលជាមិនកើតមាននោះទេ!!»។
ការធ្វើទារុណកម្មធម្មតាតូចតាច…
ឌុចបានពន្យល់ថា នៅមន្ទីរឃុំឃាំងម-១៣ អ្នកទោសត្រូវជាប់ឃុំឃាំងនៅរណ្តៅជម្រៅ២ម៉ែត្រ ដើម្បីការពារកុំអោយអ្នកទោសរត់រួច និងការពារពីការទម្លាក់គ្រាប់បែករបស់អាមេរិក។ នៅត្រង់ចំណុចនៃការរត់គេចខ្លួន ឌុចបានប្រកាសថា «ខ្ញុំតែងតែតាមដាននិងត្រួតពិនិត្យជាប្រចាំ ហើយខ្ញុំប៉ិនប្រសប់ខាងកំណត់មុខសញ្ញាដែលមានបំណងរត់គេចខ្លួន។ គាត់បានទទួលស្គាល់ថាការធ្វើទារុណកម្មលើអ្នកទោសមានលក្ខណៈ «ឃោរឃៅ»។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៧ មេសា ២០០៩៖ អ្នកយកព័ត៌មាន នៅថ្ងៃទី៥នៃសវនាការរបស់ឌុច
©ចន វីង/ Magnum
នៅពេលតុលាការសុំអោយបញ្ជាក់លំអិតអំពីបច្ចេកទេសធ្វើអោយជនសង្ស័យឆ្លើយសារភាព ជនជាប់ចោទរូបនេះរីករាយបញ្ជាក់ថាមានការគំរាមកំហែងកំញើញដោយដំបង និងញញួរ រឺចងដៃទាំងពីររបស់អ្នកទោសជាស្លាបសេកទៅក្រោយ ភ្ជាប់នឹងបង្គោល ដើម្បីកុំអោយអ្នកទោសនិយាយគ្នាបាន។ ការចងបែបនេះមានរយៈពេលច្រើនថ្ងៃ។ ឌុចបានក្រោកឈរ ដោយបង្ហាញកាយវិការ ដូចជាចំកោងខ្នង ដៃបត់ទៅក្រោយ។ គាត់ក៏បានរៀបរាប់ផងដែរអំពីបច្ចេកទេសចាប់អ្នកទោសអោយងូតទឹកនៅរដូវរងា ហើយទុកនៅហាលខ្យល់ រឺកង្ហារ ដោយខ្លួនស្រាតននលគោក។ ទារុណកម្មបែបនេះត្រូវបានធ្វើតែម្តងប៉ុណ្ណោះ ដោយសារមិនបានផល។ លោកបានទទួលស្គាល់ថាបច្ចេកទេសទាំងនេះត្រូវបានយកលំនាំតាមបច្ចេកទេសសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស។
បទបញ្ជារបស់ «ថ្នាក់លើ» បានណែនាំអោយយកថង់ប្លាស្ទិកគ្របក្បាលរហូតដល់ថប់ដង្ហើម។ ឌុច បាននិយាយយ៉ាងស្ងៀមស្ងាត់និងស្មោះត្រង់ថា «យើងមិនអាចប្រើប្រាស់វិធានការបែបនេះ[នៅមន្ទីរម-១៣] បានឡើយ ព្រោះតំបន់នោះមិនមានថង់ប្លាស្ទិកទេ»។ នៅពេលលោកចៅក្រម ឡាវ៉ែញ (Lavergne)សួរគាត់ថាតើអ្នកទោសអាចមិនត្រូវបានធ្វើទារុណកម្មដែររឺទេ។ គាត់ឆ្លើយប្រកែកថា «មិនមានករណីផ្អាកការធ្វើទារុណកម្មលើអ្នកទាំងនោះទេ!»។ នៅពេលចៅក្រមសួរគាត់ទាក់ទងនឹងការធ្វើទារុណកម្មបង្ខំអោយអ្នកទោសលេបទឹកអាស៊ីត ថ្នាំលាងសំអាត រឺទឹកសាប៊ូ ឌុចបានបដិសេធថា «ខ្ញុំផ្ទាល់ គ្មានសាប៊ូសម្រាប់ដុសខ្លួន រឺបោកសំលៀកបំពាក់ផង!»។
ដោយឡែក ពាក់ព័ន្ធនឹងការធ្វើទារុណកម្មដោយជ្រមុជក្បាលក្នុងទឹក ចាក់ម្ជុលទម្លុះស្បែក រឺដកក្រចក ក៏ឌុចនៅតែបដិសេធ។ «ទេ យើងមិនបានធ្វើដូច្នោះទេ! ខ្ញុំមិនបានបញ្ជាអោយប្រើប្រាស់វិធីសាស្រ្តទាំងនេះទេ ហើយខ្ញុំក៏មិនដែលបានឃើញការធ្វើទារុណកម្មបែបនេះទាល់តែសោះ!»។
ចម្លើយសារភាពដែលមិនសូវទុកចិត្ត
ឌុចសារភាពថា ការធ្វើទារុណកម្មជនសង្ស័យ គឺដើម្បីទទួលបានចម្លើយសារភាពដ៏ពិតប្រាកដមួយ ប៉ុន្តែ គាត់មិនសូវជឿប៉ុន្មានលើចម្លើយសារភាពរបស់អ្នកទោសទាំងនេះនោះទេ។ «មានចម្លើយប្រហែល៤០% ដែលឆ្លើយការពិត…ខ្ញុំមិនសូវនិយាយ ដូចជាអ្នកនយោបាយម្នាក់ ប៉ុន្តែ ក៏ដូចជាគ្រូគណិតវិទ្យាម្នាក់ផងដែរ!»។
ឌុចបានវាយតម្លៃថា អ្នកទោសពី២០០ ទៅ៣០០នាក់ បានបាត់បង់ជីវិតនៅមន្ទីរម-១៣។ ពួកគេមានប្រភពចេញមកពីតំបន់លន់ នល់ និងសត្រូវវណ្ណៈ ដែលត្រូវបានចាត់ទុកជាជនប្រឆាំងបដិវត្តន៍។ អ្នកទោសត្រូវបានសម្លាប់ដោយវិធីដូចៗគ្នា ដូចជាការវាយត្រង់កញ្ចឹងក វ៉ៃរហូតទាល់តែអ្នកទោសឈប់ស្រែក។ ឌុច មិនបានភ្លេចប្រកាសថា «ខ្ញុំក៏សូមសុំទោសចំពោះព្រលឹងអ្នកស្លាប់ផងដែរ»។
បន្ទាប់មក ចៅក្រមឡាវ៉ែញ បានអានចម្លើយរបស់អតីតអ្នកទោស ម-១៣ម្នាក់ ដែលក្រោយមក ក្លាយជាជំនួយការរបស់មន្ទីរឃុំឃាំង ហើយបច្ចុប្បន្ន បានទទួលមរណភាពទៅហើយ។ ចម្លើយនោះត្រូវ មជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបាន ហើយមានលក្ខណៈផ្ទុយស្រឡះទៅនឹងចម្លើយរបស់ជនជាប់ចោទ។ តួយ៉ាង បច្ចេកទេសនៃការធ្វើទារុណកម្មដែលលើកឡើងដោយចៅក្រម ពិតជាត្រូវបានយកមកអនុវត្តនៅ មន្ទីរម-១៣។ ម្យ៉ាងទៀត បើតាមសក្ខីកម្មនេះ ចំនួនអ្នកស្លាប់នៅមន្ទីរនេះមានចំនួនរហូតដល់៣ម៉ឺននាក់។ ឌុចមិនវង្វេងវង្វាន់ និងមិនបានកែប្រែចម្លើយរបស់ខ្លួនឡើយ។
វង្វេងនៅក្នុងការបកប្រែ...
លោករ៉ូ មេធាវីអន្តរជាតិរបស់ឌុច ចូលធ្វើអន្តរាគមន៍ ដោយពន្យល់ពីការមិនជឿជាក់ទៅលើឯកសារ«ក្រៅតុលាការ» ចងក្រងឡើងដោយមនុស្សម្នាក់ដែលធ្វើការដើម្បីប្រយោជន៍អង្គការមួយ ដែលយើងមិនដឹងពីសមត្ថភាព និងឯករាជ្យភាពរបស់គេ។ លោកសហព្រះរាជអាជ្ញាអន្តរជាតិ លោកប៉ឺតទី តបវិញថា យើងមិនត្រូវព្រួយបារម្ភនឹងភស្តុតាងនេះទេ ហើយថាចៅក្រម ព្រមទាំងអ្នកជំនាញនឹងត្រួតពិនិត្យវាមិនខាន។ ជំហរនេះត្រូវបានគាំទ្រដោយមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ការអានឯកសារនេះត្រូវបានផ្អាក ហើយតុលាការនឹងធ្វើការសម្រេចត្រង់ចំណុចនេះនៅពេលក្រោយ។ ព្រោះមានបញ្ហាមួយទៀតលេចឡើង ដូចដែលលោកប៉ឺតទីលើកឡើង គឺការបកប្រែជាភាសាបារាំង និងអង់គ្លេសនៃឯកសារនេះមិនដូចគ្នាគ្រប់ចំណុចទេ រហូតដល់មានបាត់កថាខ័ណ្ឌពីភាសាមួយទៅមួយទៀតផង...។ បញ្ហាបកប្រែឯកសារនេះបានមកបន្ថែមលើបញ្ហាបកប្រែផ្ទាល់មាត់នៅក្នុងសវនាការជាបីភាសា (ខ្មែរ អង់គ្លេស និងបារាំង) ដែលតែងតែច្របូកច្របល់ ហើយមិនសូវជាគោរពតាមសក្ខីភាពដើមនោះទេ។
តុលាការហាក់ខាតពេលនឹងបញ្ហាបន្ទាប់បន្សំជាច្រើន ធ្វើអោយអ្នកខ្លះមានអារម្មណ៍ថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមដែល អ.វ.ត.ក មានបេសកកម្មត្រូវជំនុំជម្រះនោះ ត្រូវលើកយកទៅទុកនៅខាងក្រោយទៅវិញ។
-បទយកការណ៍រូបថតនិងសំឡេងៈ ឌុច សុំទោសជាសាធារណៈ
-ការជំនុំជម្រះឌុចៈ គ្រូបង្រៀនដែលព្រមពលិកម្មគ្រប់បែបយ៉ាងដើម្បីបដិវត្តន៍ និងគោរពតាមបទបញ្ជាដោយភ័យខ្លាចបាត់បង់ជីវិត (០៧-០៤-២០០៩)
-មេធាវីរបស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារថាការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ (០២-០៤-២០០៩)
-សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ (០១-០៤-២០០៩)
-ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់ (៣១-០៣-២០០៩)
-ចៅក្រមឡាវែញនៅសាលាក្តីខ្មែរក្រហម : "វាកម្រមានណាស់ដែលចៅក្រមចូលរួមស្ថាបនាអ្វីមួយ!" (២៧-១០-២០០៨)