|
អធិប្បាយចុងក្រោយ
|
| លោកហ្រ្វង់ស័រ ប៊ីហ្សូត បង្ហាញសក្ខីភាពនៅក្នុងសវនាការរបស់ឌុច |
| ដោយ ស្ទេហ្វានី ហ្សេ | | | ០៩-០៤-២០០៩ | កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៨ មេសា ២០០៩៖ កូនសៀវភៅរបស់លោកហ្រ្វង់ស័រ ប៊ីហ្សូត ដែលសរសេរថាលោកធ្លាប់ជាអ្នកទោសរបស់ឌុច នៅមន្ទីរឃុំឃាំងម-១៣ ©ចន វីង/ Magnum ខណៈពេលលោកហ្រ្វង់ស័រ ប៊ីហ្សូត៍ បានមកកាន់ប្រទេសកម្ពុជា ក្នុងឋានៈជាអ្នកស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ា លោកធ្លាប់ធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម ជាពិសេសលោកត្រូវជាប់ឃុំឃាំងនៅក្នុងជំរំមួយ អស់រយៈពេល២ខែកន្លះ នៅឆ្នាំ១៩៧១។ ជំរំនេះត្រូវបានគ្រប់គ្រងដោយឌុច អតីតមេធ្វើទារុណកម្មខ្មែរក្រហម ដែលបានឡើងមកបង្ហាញមុខនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចាប់តាំងពីថ្ងៃទី៣០ ខែមីនា។ លោកបានគូសបញ្ជាក់ថា នេះគឺជាសក្ខីកម្មមួយ ដែលបញ្ជាក់អំពីជីវិតរបស់លោក ហើយរយៈពេល៣០ឆ្នាំក្រោយ លោកបានសរសេរសៀវភៅមួយ ចំណងជើងថា «ច្រកទ្វារធំ» (Le Portail) «ដោយរៀបរាប់អំពីការរៀបចំកសាងជីវិតរស់នៅឡើងវិញ និងចំណាប់អារម្មណ៍របស់លោក»។ លោកត្រូវបានកោះអញ្ជើញមកធ្វើជាសាក្សី នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃពុធ ទី៨ ខែមេសានេះ។ លោកបានបង្ហាញពីការដោះបន្ទុកលើជនជាប់ចោទ ដោយរម្លឹកពីលក្ខណៈបុគ្គលពីរបែបរបស់ឌុច រវាងបុរសបដិវត្តន៍ដ៏ស្លូតត្រង់និងជឿជាក់ដែលលោកបានស្គាល់ ហើយនឹងឧក្រិដ្ឋជនដ៏សាហាវឃោរឃៅ។ គួរបញ្ជាក់ថាតាមគោលការណ៍របស់តុលាការ ឈ្មោះរបស់សាក្សីដែលមិនទាន់ឡើងបំភ្លឺនៅចំពោះមុខអង្គជំនុំជម្រះ មិនត្រូវបានផ្សព្វផ្សាយនៅក្នុងសវនាការនោះទេ ប៉ុន្តែ អតីតប្រធានមន្ទីរឃុំឃាំងស-២១រូបនេះបានលើកឡើងពីឈ្មោះរបស់លោក ប៊ីហ្សូត៍ នៅក្នុងបន្ទប់សវនាការមុនទៅហើយ ដោយហៅគាត់ថា «ប៊ីហ្សូត៍របស់ខ្ញុំ»។ ឌុចបានពន្យល់ថា បន្ទាប់ពីជនជាតិបារាំងរូបនេះត្រូវបានចាប់ខ្លួនដោយខ្មែរក្រហម គាត់បាននិយាយប្រាប់ថ្នាក់លើគាត់ថា លោកប៊ីហ្សូត៍មិនមែនជាភ្នាក់ងារសម្ងាត់ CIA ដូចគេបានចោទប្រកាន់នោះទេ ប៉ុន្តែ គាត់ជាអ្នកស្រាវជ្រាវមួយរូប។ ចុងក្រោយ លោកប៊ីហ្សូត៍ត្រូវបានដោះលែង ក្រោយការឃុំខ្លួនរយៈពេលពេលជិតបីខែមក។ ការឃុំឃាំងកើតចេញមកពីភាពមិនប្រាកដប្រជា នៅសវនាការ លោក ហ្រ្វង់ស័រ ប៊ីហ្សូត៍ វ័យ៦៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅប្រទេសថៃ បានរម្លឹកអំពីការចាប់ខ្លួនរបស់លោក ដោយក្រុមកងទ័ពយាមល្បាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧១ ខណៈពេលលោកទៅក្នុងវត្តមួយ នៅស្រុកឧត្តុង្គ ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ រួមដំណើរដោយសហការីជនជាតិខ្មែរពីរនាក់។ លោកទៅវត្តនេះដើម្បីការងាររបស់លោកទាក់ទងនឹងពិធីបុណ្យបែបព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា។ ក្នុងឋានៈជាសាក្សីទី១ ដែលត្រូវឡើងបំភ្លឺនៅចំពោះមុខតុលាការនៅក្នុងសំណុំរឿងក្តីរបស់ឌុច អ្នកស្រាវជ្រាវជនជាតិបារាំងរូបនេះបានរៀបរាប់ថា លោកត្រូវបានហៅឡើងបំភ្លឺនៅចំពោះមុខ «តុលាការប្រជាជន»មួយ ដែលខណៈនោះ អ្នកសួរដេញដោលរបស់លោកបាននិយាយថាស្គាល់លោកច្បាស់ និងធ្លាប់បានឃើញលោកនៅទីក្រុងសៃហ្កន ដោយអះអាងថា លោកបម្រើអោយចក្រពត្តិអាមេរិក។ លោកបានបដិសេធ និងសុំអោយតុលាការនេះសម្លាប់លោកភ្លាម ប្រសិនជាតុលាការគិតថាលោកជាគិញ (ភ្នាក់ងារសម្ងាត់)។ សំដីទាំងនេះបានបណ្តាលអោយអ្នកភូមិដែលចូលរួមសវនាការប្រមាណជាង៥០នាក់ ទះដៃស្រុះគ្នា។ នៅពេលយប់ នៅផ្ទះដែលលោកជាប់ឃុំខ្លួន ដោយជើងទាំងពីរត្រូវដាក់ច្រវ៉ាក់ជាប់ផ្អឹបនឹងរនូតផ្ទះ ក្បែរអ្នកទោសផ្សេងទៀត ស្រាប់តែមានសំឡេងស្រែកឡូឡាថា «តើពួកឯងនៅចាំស្អឺទៀត?ម្តេចមិនដោះខោអាវវាទៅ» ។ លោកត្រូវបានគេនាំខ្លួនចេញទៅ ដោយបិទភ្នែកទាំងពីរ។ លោកជឿជាក់ថាគេនាំលោកយកទៅសម្លាប់។ ខ្មោចលង រឺការសម្លាប់! លោកមិនដែលស្គាល់រសជាតិបែបនេះពីមុនឡើយ ប៉ុន្តែ មិនមានអ្វីកើតឡើងទាល់តែសោះ។ ថ្ងៃស្អែកឡើង លោកត្រូវបានផ្ទេរមកកាន់មន្ទីរឃុំឃាំងម-១៣ ដែលដឹកនាំដោយឌុច ហើយនៅទីនោះ សហការីរបស់លោកក៏ត្រូវបានបញ្ជូនមកជួបជុំជាមួយលោកដែរ។ លោកត្រូវបានស្វាគមន៍ដោយអ្នកទទួលខុសត្រូវមួយរូបដ៏សាហាវឃោរឃៅ មុននឹងបានដឹងថាតាមពិត អ្នកគ្រប់គ្រងទីកន្លែងនេះពិតប្រាកដគឺជាឌុច បុរសវ័យក្មេងដ៏ស្លូតបូតម្នាក់។ លោកត្រូវបានសាកសួរចម្លើយជារៀងរាល់ថ្ងៃ ដោយដឹកនាំដោយឌុចផ្ទាល់ «តាមរបៀបទន់ភ្លន់» «ជាមួយភាពគួរអោយស្រឡាញ់» ដោយមិនធ្លាប់ទទួលរងនូវការវាយដំឡើយ។ លោកប៊ីហ្សូត៍បាននិយាយ ថា ឌុចមានកិត្តិស័ព្ទថាជា «បុរសម៉ឺងម៉ាត់ និយាយតិច និងមានភាពទទួលខុសត្រូវជាអ្នកគ្រប់គ្រងជំរំ»។ លោកបានទទួលប៊ិច និងសៀវភៅពីអ្នកទទួលខុសត្រូវខ្មែរក្រហម ហើយ ក្រៅពីសរសេរអនុស្សាវរីយ៍ និងកំណាព្យ នៅក្នុងសៀវភៅនោះលោកបានសរសេរហេតុផលបញ្ចុះបញ្ចូល ដើម្បីបង្ហាញថាលោកពិតជាអ្នកស្រាវជ្រាវម្នាក់។ លោកមិនបានឃ្លាតឆ្ងាយពីសៀវភៅនោះសូម្បីមួយជំហាន ហើយក៏មិនដែលអានវាឡើងវិញដែរ។ គាត់បានបង្ហាញសៀវភៅនេះនៅបន្ទប់សវនាការ។ នៅពេលឌុច ប្រកាសថាដោះលែង លោកហ្រ្វង់ស័រ ប៊ីហ្សូត៍ ដែលបច្ចុប្បន្ន ក្បាលឡើងត្រងោលស្ថិតក្នុងសំលៀកបំពាក់មានក្រវ៉ាត់ក មិនជឿលើការដោះលែងនោះទេ។ «លោកចៅក្រម លោកត្រូវដឹងថាខ្ញុំមិនបាននិយាយអ្វីបន្តិចសោះ។ ការកុហកគឺជាអុកស៊ីសែនដែលយើងស្រូបចូល រួចបញ្ចេញពីដើមទ្រូងមកវិញ។ ការកុហកពិតជាមាន...។ នៅពេលគេដឹកយកនរណាម្នាក់ទៅសម្លាប់ អ្នកនោះតែងតែប្រកែកដាច់អហង្ការ រហូតដល់វិនាទីចុងក្រោយ...»។ នៅមុនថ្ងៃបុណ្យណូអែល លោកបានអង្គុយជប់លៀងជាមួយឌុច ក្បែរភ្នក់ភ្លើង ។ ការឃើញមានលក្ខណៈជាមនុស្ស និងលក្ខណៈឃោរឃៅនៅក្នុងខ្លួនមនុស្សកំណាច អ្នកស្រាវជ្រាវរូបនេះរៀបរាប់ថា លោកបានទាយថាអំពើហឹង្សាត្រូវបានប្រព្រឹត្តលើអ្នកទោស ដើម្បីធ្វើអោយពួកគេនិយាយ។ លោកបានបើកចិត្តនិយាយប្រាប់ឌុច នៅរាត្រីនោះ ដោយសួរគាត់ថា «នរណាវ៉ៃអ្នកទោស»។ «ឌុចឆ្លើយប្រាប់ខ្ញុំដោយឥតរួញរាថា គាត់ត្រូវវ៉ៃអ្នកទោស ប្រសិនជាពួកគេនិយាយកុហក រឺចម្លើយរបស់ពួកគេផ្ទុយពីការពិត ហើយថាការងារនេះធ្វើអោយគាត់ចង់ក្អួត ប៉ុន្តែ វាជាអ្វីដែលអង្គការ [អង្គការជាស្ថាប័នដែលមានបក្សកុម្មុយនីស្តកម្ពុជាស្ថិតនៅពីក្រោយខ្នង] ត្រូវការពីរូបខ្ញុំ។ ខ្ញុំមានការភ័យខ្លាចណាស់។ ម្យ៉ាងវិញទៀត ខ្ញុំគិតថាព្រឹត្តិការណ៍នេះគឺជាដើមចមនៃការចាប់ផ្តើមការងារដ៏យូរឆ្នាំរបស់ខ្ញុំ។ ខ្ញុំត្រូវនិយាយថារហូតមកទល់ខណៈពេលនេះ ខ្ញុំបានចាត់ទុកខ្លួនឯងថាកំពុងស្ថិតនៅខាងភាគីនៃមនុស្សល្អ និងគិតថាមានមនុស្សកំណាចផ្សេងទៀត ដែលខ្ញុំមិនអាចប្រៀបប្រដូចបាន… ។ គាត់និយាយថាមានភាពខុសគ្នានៃប្រវត្តិសាស្រ្ត អារម្មណ៍ នេះហើយគឺជាធម្មជាតិ…»។ នៅរាត្រីបុណ្យណូអែលនោះ លោកបានបើកចំហរចិត្តរបស់ខ្លួន។ លោករំពឹងថានឹងជួបមនុស្សចិត្តកំណាចម្នាក់ បានស្តាប់លឺចម្លើយបែបនេះមួយ ប៉ុន្តែ នៅទល់មុខលោក លោកប្រទះជួបបុរសម្នាក់ «ប្រកាន់លទ្ធិកុម្មុយនីស្ត-ម៉ាក់និយម ដែលត្រៀមខ្លួនលះបង់គ្រប់យ៉ាង ដើម្បីប្រទេសជាតិ និងបដិវត្តន៍ […] ហើយគោលបំណងចុងក្រោយនៃការបេ្តជ្ញាចិត្តរបស់គាត់គឺសុខុមាលភាពរបស់ប្រជាជនកម្ពុជា ការប្រយុទ្ធប្រឆាំងអំពើអយុត្តិធម៌...»។ លោកបានបន្តទៀតថា «គោលបំណងនៃការធ្វើបែបនេះគឺដើម្បីឯករាជ្យភាព ស្វយ័តភាពនៃប្រទេសកម្ពុជា និងការបញ្ចប់ទុរគតភាព...»។ លោកបានសន្និដ្ឋានជាមួយសំឡេងស្រងូតស្រងាត់ថា ប្រជាជនកម្ពុជាមិនមែនជាមនុស្សដំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលត្រូវសម្លាប់ ដើម្បីក្តីសុបិននោះទេ»។ លោកហាក់ដូចជាយកចិត្តទុកដាក់លើពាក្យសំដីដែលលោកបានប្រើណាស់។ ការផ្លាស់ប្តូរអំណះអំណាងរវាងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនិងឌុច ក្រោយមកទៀត ឌុចត្រូវបានសាកសួរដេញដោលជាថ្មីដោយមេធាវីដើមបណ្តឹងរដ្ឋប្បវេណី។ លោកហ្រ្វង់ស័រ រ៉ូ មេធាវីបរទេសរបស់ឌុច បានប្រាប់តុលាការអោយតុលាការសុំលោកស្រីមេធាវី Studzinsky សួរ«ឌុច ជាមួយនឹងការគោរព»។ មេធាវីដើមបណ្តឹងរដ្ឋប្បវេណីជនជាតិអាល្លឺម៉ង់នៃក្រុមទី២រូបនេះបានវាយប្រហារអតីតប្រធានមន្ទីរឃុំឃាំងស-១២ និងមានអារម្មណ៍ខឹង កាលដែលឌុចមិនឆ្លើយតបទៅនឹងសំណួររបស់លោកស្រី។ «តើលោកយល់សំណួររបស់ខ្ញុំដែរឬទេ? ឌុច ឆ្លើយថា «លោកស្រីដឹងហើយថា ខ្ញុំពិតជាចង់ឆ្លើយ ប៉ុន្តែ ប្រហែលជាលោកស្រីមិនយល់ចម្លើយរបស់ខ្ញុំទេ!»។ ឌុចរក្សាភាពស្ងៀមស្ងាត់ និងមិនចាកឆ្ងាយពីចរិតសុភាពរាបសារបស់ខ្លួនឡើយ។ ជួនកាល គាត់សុំទោសថាគាត់មិនចាំរឿងអតីតកាលទេ។ «លោកស្រីមិនយល់សាច់ការ […] ខ្ញុំបាននិយាយយ៉ាងច្បាស់ប្រាប់អង្គជំនុំជម្រះកាលពីថ្ងៃម្សិលមិញ…»។ នៅពេលដល់វេនមេធាវីកម្ពុជាមួយរូបសួរសំណួរឌុច គាត់មិនប្រតិកម្មអ្វីនោះទេ៖ «ស្តាប់ខ្មែរ ងាយស្រួលយល់ជាង!»។ «មិននិយាយ មិនដឹង មិនឃើញ មិនលឺ» បន្ទាប់មក មេធាវីកម្ពុជារូបនោះបានលើកឡើងម្តងទៀតថា «គាត់មិនបានសម្លាប់មនុស្សដោយផ្ទាល់ដៃ ប៉ុន្តែ គាត់ចេញបញ្ជា ដូចនេះ លោកជាអ្នកទទួលខុសត្រូវ»។ ឌុចបានបន្ថែមថា «ប្រសិនជាខ្ញុំមិនបានធ្វើរឿងនោះទេ នរណាម្នាក់ផ្សេងទៀតអាចនឹងធ្វើជំនួសខ្ញុំ»។ នៅពេលគាត់ត្រូវមេធាវីបារាំងសួរសំណួរទាក់ទងនឹងការសម្ងាត់នៅក្នុងបក្សកុម្មុយនីស្តកម្ពុជា គាត់បានលើកសុភាសិតខ្មែរក្រហមថា «កាន់តែរក្សាការសម្ងាត់បានយូរប៉ុណ្ណា កាន់តែរស់នៅបានយូរប៉ុណ្ណឹង»។ ក្រោយមក គាត់បានរៀបរាប់ពីគោលការណ៍មាសចំនួន៤ ដែលចែងនៅក្នុងជួរបដិវត្តន៍ គឺ«មិននិយាយ មិនដឹង មិនឃើញ មិនលឺ»។ គាត់ឯកភាពចំពោះអ្វីដែលលោកមេធាវី រ៉ូ បានលើកឡើងថា «តាំងពីថ្នាក់លើ មកទល់ថ្នាក់ក្រោម គ្រប់គ្នាសុទ្ធតែរក្សាការសម្ងាត់ ព្រោះម្នាក់ៗដឹងថាប្រសិនជាខ្លួនរំលោភការសម្ងាត់ ជីវិតរបស់ខ្លួននឹងជួបគ្រោះថ្នាក់។ នៅពេលមេធាវីរបស់ឌុច បាននិយាយទាក់ទងនឹងគាត់ថាគាត់ត្រូវបានចាត់ទុកដូចជា«មេផ្តាច់ការ និងម៉ឺងម៉ាត់» អតីតមេធ្វើទារុណកម្មរូបនេះមិនបានធ្វើការកែតម្រូវវិញទេ។ គាត់ទទួលស្គាល់ថា «ការគ្រប់គ្រងរបស់គាត់គឺជាសញ្ញានៃអំណាច» គាត់មិននិយាយដោយសេរី ដោយសារថ្នាក់លើរបស់គាត់បង្រៀនគាត់អោយធ្វើដូច្នោះ ហើយគាត់«ប្រតិបត្តិការដោយសន្សឹមៗ ប៉ុន្តែ ម៉ឺងម៉ាត់»។ លោករ៉ូ ព្យាយាមបង្ហាញថាប្រព័ន្ធដែលត្រូវបានបង្កើតឡើងដោយខ្មែរក្រហម ចាប់តាំងពីពួកគេឡើងកាន់អំណាច «មានដំណើរការ ពឹងផ្អែកលើការសម្ងាត់ ការគោរពបញ្ជាថ្នាក់លើដាច់ខាត និងលើការសម្លាប់បុគ្គលឥស្សរជន»។ ក្រោយមក ជនជាប់ចោទពន្យល់ថា គេត្រូវគោរពតាមបញ្ជាបក្ស នេះជាករណីយកិច្ច។ «បច្ចុប្បន្ននេះ គេស្គាល់ទង្វើទាំងនេះថាជាឧក្រិដ្ឋកម្ម» ហើយអ្នកដែលកាលពីមុន ត្រូវបានចាត់ទុកថាជាសត្រូវ ពេលនេះ ក្លាយជាជនរងគ្រោះ។ ឌុចចាំបានថាគាត់ធ្លាប់បានបញ្ចៀសកុំអោយមានការសម្លាប់មនុស្សជាងដប់នាក់។ គាត់បានបញ្ជាក់ថា «ខ្ញុំមិនចាត់ទុកសកម្មភាពនេះថាជាទង្វើដ៏មានតម្លៃពិសេសនោះទេ» ព្រោះ «នេះគឺជាទឹកមួយតំណក់ នៅក្នុងមហាសមុទ្រនៃឧក្រិដ្ឋកម្មដែលខ្ញុំបានប្រព្រឹត្ត!»៕
-អ្នកស្រីដេនី អាហ្វុងសូ អ្នកនៅមានជីវិតរស់នៅពីរបបខ្មែរក្រហមៈ "គេត្រូវតែកាត់ទោសឧក្រិដ្ឋ របស់ពួកខ្មែរក្រហម" (១១-០៩-២០០៨) -ឌុច រៀបរាប់ពីការធ្វើទារុណកម្មដ៏ឃោរឃៅ នៅក្នុងសវនាការរបស់គាត់ (០៨-០៤-២០០៩) -ការជំនុំជម្រះឌុចៈ គ្រូបង្រៀនដែលព្រមពលិកម្មគ្រប់បែបយ៉ាងដើម្បីបដិវត្តន៍ និងគោរពតាមបទបញ្ជាដោយភ័យខ្លាចបាត់បង់ជីវិត (០៧-០៤-២០០៩) -មេធាវីរបស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារថាការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ (០២-០៤-២០០៩) -សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ (០១-០៤-២០០៩) -ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់ (៣១-០៣-២០០៩)
|
|
|