កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ពិធីបុណ្យឆេងម៉េងរបស់​​​ចិនកាត់ខ្មែរ គឺជា​ពេល​វេលា​​ដ៏រីក​រាយ​នៃការ​រក​ស៊ី​បាន​របស់​អ្នក​បោស​​សំអាតម៉ុង
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៥-០៤-២០០៩

កំបូល (កណ្តាល កម្ពុជា) ថ្ងៃទី​៣ មេសា ២០០៩៖ រយៈ​ពេល​ប្រមាណជាង​១០​ថ្ងៃ​មុន​ពិធី​បុណ្យ​​ចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ ជនជាតិ​ចិន​កាត់​ខ្មែរ​រៀបចំពិធីបុណ្យឆេង​ម៉េង
© វណ្ឌី រតនា

រយៈពេល​​ជាង​១០​ឆ្នាំមកហើយ អ្នកភូមិ​កំបូល និង​ភូមិ​តាភេម នា​ខេត្ត​កណ្តាល បាន​ក្លាយ​ជា​​​​កម្មករ​​ស៊ីឈ្នូល​ពិសេស​នៅរដូវ​បុណ្យ​ឆេងម៉េង ចន្លោះពី​ចុង​ខែមីនា ដល់​ពាក់​កណ្តាល​ខែ​​​មេសា។ ជាមួយ​នឹង​អំបោស ចប ប៊ែល និង​ធុង​ទឹក ពួកគេ​ដើរ​បោះជំហានវែង​ៗ លើ​ផ្ទៃដី​មួយ​​កន្លែង​ដែល​ពោរ​ពេញ​ទៅដោយ​ម៉ុង​​ ស្ថិ​ត​នៅ​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​​​ពីទីក្រុង​ភ្នំពេញ។ គោល​បំណងរបស់​អ្នកភូមិ​ទាំងនោះ គឺដើម្បី​បម្រើ​សេវាកម្មជា​«អ្នក​​បោស​សំអាត» ផ្នូរ អោយ​គ្រួសារ​ចិន​កាត់ខ្មែរ​ ដែល​ធ្វើ​ដំណើរ​មក​គោរព​ដូនតារបស់​ពួក​គេ​ នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្យ​ចិន​នេះ (ហៅបុណ្យ​ឆេងម៉េង)​។​ ខាង​ក្រោម​នេះ គឺជា​បទ​យក​​ការណ៍ ស្តីពីការ​ប្រកប​មុខ​របរ​របស់​កម្មករ​ នា​ពេល​បុណ្យ​ឆេងម៉េង។

 

ការងារជាអ្នក​​បោសសំអាត​​ផ្នូរ​
​តំបន់​រហោឋាន​​ដែល​​ពោរ​ពេញ​ទៅ​ដោយ​​ផ្នូរ​សព​​របស់ជន​ជាតិ​ចិន​ នា​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​នេះ ​គឺ​ជា​កន្លែង​ប្រកប​របរ​​ស៊ីឈ្នួល​បោស​​សំអាត កាប់​ឆ្ការ​ព្រៃ​​របស់​អ្នក​ភូមិ​ទាំង​នេះ​។ ជារៀង​រាល់​ឆ្នាំ នៅ​រដូវ​កាល​នេះ​ អ្នក​ភូមិ​ ទាំង​ចាស់ ទាំង​ក្មេង​​ទាំងអស់​ប្រមាណ​ជាង​១០០​នាក់​ បាន​ដើរ​បោះ​ជំហាន​វែងៗ មក​រង់ចាំផ្តល់​សេវាកម្ម​បោស​សំអាត សម្រាប់​​​គ្រួសារ​ចិន​​ដែល​​​មក​​សែន​ដូនតា​របស់​ពួកគេ​។

ក្មេងៗ អាយុ​ជាង​១០ឆ្នាំ កាន់​អំបោស រត់​ទៅនេះ ទៅនោះ ដើម្បី​បោស​សំអាត​​ស្លាក​អក្សរ​មុខ​​​ផ្នូរ តាមការ​ហៅរបស់អតិថិជន។ ចំណែក​មនុស្សពេញវ័យ​ និង​ចាស់ៗ កាន់ចប​ ដើរ​កាប់​ឆ្ការ​ បរិវេណ​​​ជុំវិញ​ផ្នូរ។ ពួកគេ​​តែងតែ​ចោលកន្ទុយ​ភ្នែក​ជានិច្ច ដើម្បី​​រង់ចាំ​មើល​រថយន្ត​​ភ្ញៀវ ដែល​ធ្វើ​ដំណើរ​មក​ដល់​ជា​បន្ត​បន្ទាប់​។

សំណែន​​ជាច្រើន​មុខ
តាំង​ពី​ព្រលឹម​ស្រាងៗ រថយន្ត​បាន​ធ្វើដំណើរ​មកដល់​​​បន្ត​កន្ទុយ​គ្នា។ ពួកគេ​មក​ជា​លក្ខណៈ​គ្រួសារ ​ដោយ​ពាំនាំមក​ជាមួយ​នូវ​គ្រឿង​​សំណែនជាច្រើន រួមទាំងថវិកាមួយ​ចំនួន​​ដែលអ្នក​ភូមិ​​កំបូល និង​តាភេម សង្ឃឹមថា​នឹង​បាន​ទទួល​ពីពួកគេ។ អ្នក​ស្រី អៀរ ជនជាតិចិន​មក​ពី​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្មេងៗ​ជាច្រើន​នាក់។ គ្រាន់តែ​ចុះ​ពីលើ​រថយន្ត​​ភ្លាម អ្នកស្រី​បានប្រញាប់​ប្រញាល់​អោយ​​ប្រាក់​៤ពាន់រៀលដល់​​​​កុមារ៨នាក់ ដើម្បី​អោយ​​ពួកគេ​ធ្វើការ​បោស​សំអាត​នៅមុខម៉ុងដូន​តា​របស់​គាត់​អោយបាន​ឆាប់​រហ័ស។ បន្ទាប់​មក គាត់​បាន​រៀបចំ​សំណែន​ជាច្រើនមុខ ដាក់​នៅលើ​កន្ទេល​ មុខ​ម៉ុង​​។ លោក​តឹក កូន​ប្រុស​​របស់​អ្នកស្រី បាន​យក​ក្រដា​សចម្រុះពណ៌​មក មក​ប្រក់លើ​ផ្នូរ ដែលត្រូវ​បាន​​បោសសំអាត និង​ពូន​ដីបន្ថែមរួច​ហើយ​​ដោយអ្នកភូមិ​ម្នាក់។ លោក​តឹក បាន​ពន្យល់​ថា «ក្រដាស​ពណ៌​ទាំង​នេះ ប្រៀប​ដូចជា​យើងប្រក់​ដំបូល​ផ្ទះថ្មី​អោយ​ជីដូន​របស់ខ្ញុំ​ បន្ទាប់​ពីអវត្តមាន​​រយៈពេល​​១ឆ្នាំ​មក​។ លើស​ពីនេះ យើងបោច​ស្មៅ នៅ​ជុំវិញ​ផ្នូរ ដូចយើង​បោច​ស្មៅ​នៅ​ជុំ​វិញ​ផ្ទះ​​របស់​គាត់​ដែរ​​»។​ ក្រោយ​​មក លោកបាន​ស្រោច​ទឹកពីរ​ធុងលើ​ផ្នូរ។ បុរស​វ័យ​៣០ឆ្នាំ​រូប​នេះ​សង្ឃឹមថា «​ទឹកនឹង​​​នាំមកនូវ​វិបុលភាព និង​សុខ​សុភមង្គល ជូន​ព្រលឹង​ដូនតា​ ហើយ​បន្ទាប់​មក​ដូនតា​នឹង​ជូន​​ពរ​​កូន​ចៅ​ អោយ​រក​ស៊ីមាន​បាន»។

ក៏​ដូច​ជា​រៀង​រាល់ឆ្នាំ អ្នកស្រី​អៀរ ធ្វើ​ដំណើរ​​មក​ជាមួយ​​ឪពុក​ ស្វាមី និង​កូនប្រុស ហើយ​បាន​រៀប​​ចំ​សំណែន​​បន្តិច​បន្តួច​ សម្រាប់​បុព្វបុរស​របស់​អ្នកស្រី ដូចជា​ជ្រូក​ខ្វែពីរ ផ្លែឈើ​គ្រប់​​មុខ​ នំនែក ភេសជ្ជៈ ក្រដាស​សែន មាស និង​ប្រាក់....។ ក្រៅ​ពី​សំណែន​ទាំងនេះ អ្នកស្រី​ត្រូវ​ចំណាយ​​ថវិកា​ជាង​២០ដុល្លារ សម្រាប់​ការ​បោស​សំអាត និង​ពូន​ផ្នូរ​ដូនតារបស់​អ្នកស្រី ដែល​កាន់​តែ​​ខ្សោះដី បន្ទាប់​ពីស្ថិតនៅក្រោម​កំដៅ​ព្រះអាទិត្យ ខ្យល់ និង​ភ្លៀង អស់រយៈ​ពេល​​មួយ​​ឆ្នាំមក។ សរុប​មក គ្រួសារ​របស់​អ្នកស្រី​ត្រូវ​ចំណាយ​អស់​ថវិកា​ជាង​២០០ដុល្លារ សម្រាប់​​ពិធីបុណ្យ​ឆេង​ម៉េង​នេះ។

នៅ​ឆ្ងាយ​ពីនេះ​បន្តិច អ្នក​ស្រី សុខ ថា អាយុ​៥៣​ឆ្នាំ ក៏កំពុង​រៀប​ចំសែន​ផ្នូរ​ដូនតា​ផង​ដែរ។ អ្នកស្រី​មកទីនេះ ជាមួយ​គ្រួសារអ្នកស្រី និង​គ្រួសារ​របស់​បងប្អូន​​ស្រី​​ សរុប​​ចំនួន​១៤នាក់។ គ្រួសារ​​ទាំងបី​បានចូលហ៊ុន​គ្នា មួយ​គ្រួសារ​ចំនួន​​១៥០ដុល្លារ ដើម្បី​រៀបចំបុណ្យ​ប្រក់​ផ្នូរ​​​ជាថ្មី និង​ទិញ​​គ្រឿង​សំណែន។​

ម៉ុង​ចំនួន​៥ពាន់ ត្រូវ​បានធ្វើអោយថ្មីឡើង​វិញ​
សម្រាប់​អ្នកភូមិ​រស់នៅ​តំបន់​នោះ បុណ្យ​ឆេង​ម៉េង​នេះគឺជា​ពេលវេលា​មួយ​​នៃការ​រក​ប្រាក់​ចំណូល​​បន្ថែម ដោយសារ​នៅដីមួយ​កន្លែង​នោះ មាន​ផ្នូរ​ចិន​ចំនួន​៥ពាន់​។​ លោក​​ឈុន ឡេង សមាជិក​សមាគម​ចិន ទីជីវ ដែលមាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ទាំងអស់​មិន​មែន​សុទ្ធ​តែ​ចំណាយ​ដូច​គ្នា​នោះទេ។​ ​ លោក​បាន​ពន្យល់​​ថា «ប្រសិនជា​គ្រួសារ​មិនមាន​ប្រាក់​ សែន​នំអាកោរ​ចំនួន​២ គ្រប់​គ្រាន់​ទៅហើយ»។ ម្យ៉ាង​វិញ​ទៀត សម្រាប់ការ​បោស​សំអាត​ផ្នូរ ពួកគេម្នាក់ៗ​អាច​ធ្វើតាម​ចិត្ត​ត្រូវការ​របស់ខ្លួន  ជា​​ពិសេស ... តាម​លទ្ធភាព​រៀងៗខ្លួន។

អ្នក​​បោស​សំអាត អ្នកកាប់​ឆ្ការព្រៃ អ្នក​ដឹក​ទឹក...
ទាំង​អ្នក​បោស​សំអាត អ្នក​កាប់​ឆ្ការ​ព្រៃ ក៏​ដូច​ជា​អ្នកដឹកទឹក ​សុទ្ធតែ​ឆ្លៀត​ទាញយក​ប្រាក់​កំរៃ​ពី​​ប្រពៃណី​របស់​ជន​ជាតិ​ចិន​នេះ។ លោក​ តុប សុភិន អាយុ​២៤ឆ្នាំ អ្នកភូមិ​តាភេម អង្គុយ​លើ​រទេះដឹកទឹក រង់ចាំស្វែងរក​​​អតិថិជន។ ដោយបែក​ញើស​ជោកថ្ងាស​ មូរដៃអាវ​ គាត់​​អង្គុយ​​លើ​ធុង​ទឹក​ សំឡឹង​​មើល​​​ឆ្វេង​ស្តាំ ត្រៀមលោតចុះ​ពីលើ​រទេះ ដើម្បី​បំពេញ​តាម​តម្រូវការ​ភ្ញៀវ។ គាត់​​ដឹក​ទឹក ជាមួយ​ប្អូន​ប្រុស​ស្រីរបស់​គាត់​ តាំង​ពីថ្ងៃទី​២៩ ខែមីនា មក​ម្ល៉េះ។​ ថ្ងៃហេង​ខ្លាំង​ គាត់​អាច​រក​ប្រាក់​កំរៃ​បាន​រហូត​ដល់​៨ម៉ឺន​រៀល (២០ដុល្លារ) ដោយ​​ទឹក​មួយ​អំរែក​​ ថ្លៃ​២ពាន់​រៀល។ គាត់​អាច​លក់​ទឹក​អស់៥រឺ​ ​៦រទេះ ក្នុង​មួយ​ថ្ងៃ​។​

លោក​​សុភិន គឺជាអ្នកជំនាញ​ខាង​ផ្គត់​ផ្គង់​ទឹក ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​ត្រៀម​ចប​កាប់ និង​អំបោស​ផងដែរ «ករណី​ភ្ញៀវ​ត្រូវការគាត់​»។ ប្រសិន​​លក់ទឹក​មិនសូវ​ដាច់ គាត់​អាច​ស៊ី​​ឈ្នួល​បោច​ស្មៅ និង​បោស​សំអាត​ផ្នូរ​ ហើយ​ថ្លៃ​ឈ្នូលស្រេច​លើការ​អោយ​​របស់​ភ្ញៀវ។ លោក​​សុភិន បាន​អះអាង​ថា «ប្រសិន​ភ្ញៀវ​​ជា​អ្នកមាន គេអោយ​ខ្ញុំ​២ពាន់​រៀល។ ប្រសិន​មិន​មែន​​វិញ គេ​​អោយខ្ញុំ​១ពាន់​រៀល»។​ គាត់​បាន​គូស​បញ្ជាក់​ថា​ការងារ​ទាំងនេះ​អា​ចផ្តល់​ប្រាក់​កំរៃ​បន្ថែម​លើ​ប្រាក់​ដែល​បាន​មកពីការ​លក់ទឹក ប្រហែល​២ម៉ឺន​រៀល ក្នុងមួយ​ថ្ងៃ។ បុរស​វ័យ​ក្មេង​​រូប​នេះ​បាន​វាយ​តម្លៃថា គាត់​បាន​ចាប់​ផ្តើម​ធ្វើការងារ​ជា​អ្នក​បោស​សំអាត​ផ្នូរ​នៅ​រដូវ​កាល​​នេះ​ តាំង​​ពី​គាត់​នៅ​ក្មេង​មក​ម្ល៉េះ។ ប៉ុន្តែ ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ក្រោយ​ពីប្រកប​មុខ​របរ​​នេះ គាត់​ចង់​​ក្លាយ​ជា​អ្នក​នៅ​ចាំ​បោសសំអាត និងពូន​ផ្នូរ​ប្រចាំ​ឆ្នាំ​ សម្រាប់​គ្រួសារ​ចិន​ទាំងនោះ​វិញ។ «ចាស់ៗក្នុងភូមិ» គឺជា​អ្នក​ធ្វើ​ការងារ​នេះ​ផ្តាច់​មុខ​តែ​ឯង​។ យុវជន​រូប​នេះ​បាន​សំដែង​ការ​សោក​ស្តាយ​ ដោយគេ​ចង់​បន្ត​វេន​ពីចាស់ៗទាំងនេះ។ វាគឺជា​ការងារ​ទទួល​បាន​ប្រាក់​ច្រើន​។​

អ្នក​ស្រី​ឡុក សាំង អាយុ​៤៧ឆ្នាំ អ្នក​ភូមិ​តាភេម ស្ថិតនៅក្នុងចំណោម​«ចាស់ៗ» ដែល​អ្នក​ដឹក​ទឹក​​វ័យ​ក្មេងខាង​លើ​​​លើក​ឡើង​។ អង្គុយ​នៅលើ​ទួល​​ផ្នូរ​មួយ ដែល​គាត់​ទើប​តែ​នឹង​ពូន​ហើយ​ថ្មីៗ គាត់​​​រង់ចាំម្ចាស់​ផ្នូរ ដែល​នឹង​មក​ត្រួត​ពិនិត្យ​ការងារ​ចុង​ក្រោយ។ ដោយជួត​ក្បាល​នឹង​​​ក្រមា​ កាន់​​ចប​​កាប់នៅ​នឹង​ដៃ អ្នក​ស្រី​បានរៀប​រាប់​អំពីការងាររបស់​ខ្លួន​​ មាន​ដូចជា​ «ការ​ពូន​ផ្នូរ​​ឡើង​វិញ ការ​ដក​ស្មៅ ​លាប​ពណ៌​អក្សរ​នៅលើ​ស្លាក​មុខ​ផ្នូរឡើងវិញ បោស​សំអាត​ស្លាក និង​បរិវេណជុំវិញ​ផ្នូរ...»។​ តាំង​ពី​ចាប់​ផ្តើម​ពិធីបុណ្យ​ឆេង​ម៉េង​នេះ អ្នក​ស្រី​ឡុក និង​អ្នក​ជិត​ខាង​របស់​គាត់​ ដែលបាន​រៀបចំ​ជា​ក្រុមមួយ​​ ​បាន​ធ្វើការ​សំអាត​រួច​រាល់នូវ​​ផ្នូរ​ជាង​១០​​។ ​អ្នក​ស្រី​​​បាន​បន្ថែម​ទៀត​ថា «មួយ​ថ្ងៃ ខ្ញុំ​អាច​បោស​សំអាត​ផ្នូរ​បាន​២។ ប៉ុន្តែ ថ្លៃឈ្នួល​អាស្រ័​យ​លើ​​​ម្ចាស់​ផ្នូរ។ គេ​អោយ​ប្រាក់ខ្ញុំ​ពី​៤ម៉ឺន ទៅ​៥ម៉ឺន​រៀល (១០ ទៅ១២,៥ដុល្លារ) ក្នុង​ផ្នូរ​មួយ​»។

ការងារ​​របស់​ស្រ្តីវ័យ​៤០ឆ្នាំផ្លាយ​រូបនេះ​ពិត​ជា​គួរអោយ​កោត​សរសើរ។ គាត់​គឺជា​ស្រ្តីម្នាក់ ក្នុង​ចំណោម​មនុស្ស​ចាស់ៗ​មុន​ដំបូង​គេ ដែល​ធ្វើការងារ​ជា «អ្នក​បោស​សំអាត» នេះ អស់​រយៈ​ពេល​១០​ឆ្នាំ​មកហើយ។ អ្នកស្រី​បានរៀប​រាប់ថា កាល​ពីមុន អ្នក​ភូមិ​នមិនសូវ​ចាប់​អារម្មណ៍​ធ្វើការ​ងារ​នេះ​ តាម​ការ​​​អំពាវនាវ​របស់​អាជ្ញាធរភូមិនោះទេ។​ អ្នកស្រី​បាន​រម្លឹក​ថា «គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​ចាប់​អារម្មណ៍​លើ​ការ​ងារ​​នេះ​ឡើយ។ អ្នកភូមិ​ជាប់រវល់​នឹងការងារ​ធ្វើ​ស្រែ​ចំការ និង​ការផលិត​ស្ករត្នោត​ច្រើន​ជាង»។ នៅ​ពេល​ចាប់​ផ្តើម​ មាន​តែ​គ្រួសារ​ចំនួន​៦ប៉ុណ្ណោះ នៃ​ភូមិ​របស់​គាត់ ដែល​ប្រកប​​មុខ​របរ​បន្ថែម​នេះ។

បច្ចុប្បន្ន​ គ្រួសារ​អ្នកភូមិ​កំបូល​ស្ទើរ​តែ​ទាំង​អស់ ធ្វើការងារ​ជា​អ្នក​បោស​សំអាត​ផ្នូរ​សព នៅ​អំឡុង​​ពេល​បុណ្យ​ឆេងម៉េងនេះ។ លោកកាន ភិរម្យ អាយុ​៣១​ឆ្នាំ គ្រប់គ្រង​ការ​បោស​សំអាត​ផ្នូរ​ចំនួន​៥ អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ក៏ដូច​ជា​អ្នក​ភូមិ​របស់​គាត់​​​ប្រហែល​២០០​គ្រួសារ​​​ផ្សេង​ទៀត​ផង​ដែរ។ សម្រាប់​ផ្នូរ​សព​នីមួយៗ គាត់​កាត់​​ថ្លៃ​១០ម៉ឺន​រៀល (២៥ដុល្លារ) ហើយ​ជា​ទូទៅ បន្ទាប់​ពីការ​ចរចា​ត​ថ្លៃគ្នា​រួច គាត់​ទទួលបាន​ប្រាក់​៩ម៉ឺន​រៀល (២២,៥ដុល្លារ) ពោល​​គឺ​ខ្ពស់​ជាង​ប្រាក់​ដែល​អ្នក​ស្រី ឡុក បានទទួល។ គាត់​បាន​ត្រឡប់មក​ទីលាន​នេះ​ជាមួយ​កូនប្រុស​របស់គាត់ ដោយជិះម៉ូតូ​ដ៏ថ្មី​ស្រឡាង​​មួយ​គ្រឿង ដើម្បី​មក​យក​ប្រាក់​ពី​អតិថិជន​​ចិនកាត់​ខ្មែរ​​របស់​គាត់ ដែល​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ កាន់តែ​មាន​ទំនុក​ចិត្ត​លើរូប​គាត់។​ មាន​ន័យ​ថា លោក​ភិរម្យធ្វើគ្រប់​យ៉ាង ដើម្បី​បំពេញចិត្តអតិថិជន ពោលគឺ ពីរ ទៅបី​ថ្ងៃ​មុន​ពិធីបុណ្យ គាត់ដឹកដី យកមក​បំពេញ ពូន​អោយ​ជាប់​ល្អ និង​បោស​សំអាត​ផ្នូរ អោយបាន​ស្អាត និង​មាន​សណ្តាប់​​ល្អ មុនពេល​គ្រួសារ​អតិថិជន​មក​សែនព្រលឹង​ដូនតា​របស់​ពួកគេ។​

កេរតំណែលបន្សល់​ទុក​តាំង​ពីជំនាន់​រាជវង្ស​ថាំង
លោក គួក ចេងហេង អ្នក​ទទួល​ខុស​ត្រូវ​ម៉ុង​នៅកំបូល នៃ​សមាគម​ចិន​ ទីជីវ បាន​ពន្យល់ថា សម្រាប់​គ្រួសារ​ចិនកាត់​ខ្មែរ ពិធីបុណ្យ​ឆេង​ម៉េង រឺ ប្រក់ផ្នូរ​ នេះ មាន​លក្ខណៈ​​​ស្រដៀល​ទៅនឹង​ពិធិបុណ្យ​ភ្ជុំបិណ្យ​ខ្មែរដែរ។​ លោកបានរៀបរាប់​ទាំងមោទនភាព​ថា «ប្រពៃណីនេះ​កើត​មាន​ឡើង​នៅសម័យ​រាជ​វង្ស​​ថាំង (សតវត្សរ៍​ទី​៧ ដល់​សតវត្សរ៍ទី​១០) ។ គ្រួសារ​អាច​ធ្វើដំណើរ​មក​កាន់​ផ្នូរដូន​តានៅ​ខែទី៣ នៃ​ប្រតិទិនចិន (ពីពាក់​កណ្តាលខែ​មីនា ដល់​ពាក់​កណ្តាល​ខែមេសា) ទោះបីជា​នៅ​ប្រទេស​ចិន​ក៏ដោយ មាន​ថ្ងៃ​មួយ ដែល​ជា​ថ្ងៃ​​​ត្រូវ​បាន​កំណត់​​សម្រាប់​កា​របោស​សំអាត​ផ្នូរ គឺ​នៅ​ឆ្នាំនេះ ចំ​​ថ្ងៃទី​៤ ​ខែ​មេសា។ «បុណ្យ​ឆេង​​ម៉េង មាន​លក្ខណៈ​ដូច​ទៅនឹង​បុណ្យ​ភ្ជុំបិណ្យ​ខ្មែរ។ នៅ​ក្នុង​ពិធីនោះ អ្នក​រស់​នាំយក​សំណែន​ និង​បន់ស្រន់​ នៅមុខ​ផ្នូរ ដើម្បី​អោយ​ព្រលឹង​ដូន​តា​ទទួល​យកបុណ្យ​កុសល​​របស់​កូនចៅ និង​រួច​គេច​ផុត​ពី​ទណ្ឌកម្មនានា​នៅ​ឋាន​នរក។​នៅ​ពេល​រួច​ផុត​ពីឋាន​នរក​ ព្រលឹង​ទាំងនេះ​នឹង​ជួយ​​កូនចៅ​របស់​ខ្លួន​អោយ​រក​ស៊ីមានបាន ​ត្រជាក់​ត្រជុំ»។​

​លោកឈុន​ ឡេង អាយុ​៦១ឆ្នាំ ដែល​ជា​សមាជិក​សមាគម​នេះ មាន​ប្រសាសន៍ថា បុណ្យ​ឆេង​​ម៉េងគឺជា​ប្រពៃណី​ធ្វើអោយ​កូនចៅ​ជំនាន់​ក្រោយ​កុំ​ភ្លេច​​​ដូនតា​របស់​ពួកគេ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ គឺជាការ​រក​ឃើញ​សាច់​ញាតិដែលនៅរស់​ទាំង​ឡាយ​ ដែល​​គេ​មិន​បាន​ដឹង​។​ «នៅលើ​ផ្នូរ​សព​ មាន​​ចារឹកឈ្មោះរបស់​ដូន​តា។ ប្រសិនជា​នរណាម្នាក់​មក​ដល់​​ផ្នូរ ដើម្បី​បន់​ស្រន់ ហើយ​ឃើញ​​ថា​ផ្នូរ​ត្រូវ​បាន​ពូន​អោយ​ថ្មីឡើង​វិញ គេនឹង​ដឹង​ថា​នៅមាន​សមាជិក​ក្នុង​គ្រួសារ​របស់​គេ នៅ​​រស់រាន​មានជីវិត។ ផ្ទុយទៅវិញ ប្រសិនជា​គេ​ឃើញ​ថា​ផ្នូរ​នេះ​ត្រូវ​បោះ​បង់​ចោល មាន​ន័យ​ថា​សាច់ញាតិ​បាន​បាត់​បង់​ជីវិត​អស់ហើយ»។ ករណី​នេះ​មាន​ត្រឹម​តែ​១%ប៉ុណ្ណោះ ហើយ​សមាគម​ទីជីវ ទទួល​បន្ទុក​គាស​ផ្នូរសព​ទាំងនោះ រួច​គាសយក​អដ្ឋិធាតុ​​ទាំងនោះ​ ​មកតម្កល់​ទុក​នៅ​ផ្នូរ​រួម​​​មួយ ដើម្បី​ធ្វើបុណ្យ​រួម​ ដោយមាន​ជំនួយ​សប្បុរស​ធម៌... និង​ការ​ជួយ​របស់​អ្នកភូមិកំបូល និង​ភូមិ​តាភេម។



 - នំមលត់ៈ ភាព​សប្បាយ​រីក​រាយ​គ្មាន​ព្រំ​ដែន​កំ​ណត់ (២៣-១០-២០០៨)
- កសិករ​ចោល​ដី​ដូរ​ម៉ូតូ​ថ្មី (០៤-០៤-២០០៨)
- ទោះបីជួប​វិបត្តិ ប្រជាជន​កម្ពុជា​នៅតែ​​ធ្វើ​ដំណើរ​​កម្សាន្ត​ច្រើន​នៅពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ (០៩-០៤-២០០៩)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ