| ការជំនុំជម្រះរបស់ឌុចៈ សាក្សី២នាក់... មិនមានសារៈសំខាន់រឺ? |
| ដោយ ស្ទេហ្វានី ហ្សេ | |
| ២០-០៤-២០០៩ |
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី២០ មេសា ២០០៩៖ លោកហ្រ្វង់ស័រ រ៉ូ សហមេធាវីការពារក្តីអោយឌុច នៅខណៈពេលផ្អាកសវនាការ នៅថ្ងៃទី៨ នៃការជំនុំជម្រះរបស់ឌុច © ចន វីង / Magnumថ្ងៃទី៨ នៃការជំនុំជម្រះរបស់ឌុច អតីតមេធ្វើទារុណកម្មខ្មែរក្រហម នាថ្ងៃច័ន្ទ ទី២០ ខែមេសា មិនសូវមានអ្នកចូលរួមស្តាប់អង្គសវនាការច្រើនដូចថ្ងៃជំនុំជម្រះមុនៗនោះទេ។ យោងតាមកម្មវិធីរបស់តុលាការ សប្តាហ៍នេះនឹងចាប់ផ្តើមការសាកសួរដេញដោលជនជាប់ចោទ ទាក់ទងនឹងការបង្កើតមន្ទីរស-២១ បន្ទាប់មក ការសួរសំណួរដល់ដើមបណ្តឹងរដ្ឋប្បវេណី សាក្សី និងអ្នកជំនាញ។ ប៉ុន្តែ អង្គជំនុំជម្រះសាលាដំបូងមានដំណើរការយឺតយ៉ាវ ដោយនៅតែបន្តការសួរសំណួរសាក្សីពីរនាក់ចុងក្រោយ ទាក់ទងនឹងមន្ទីរសន្តិសុខ ម-១៣ ដែលឌុច ធ្លាប់បានគ្រប់គ្រង នៅមុនឆ្នាំ១៩៧៥ ពោលគឺមុនពេលឌុចមកគ្រប់គ្រងនៅមន្ទីរស-២១។ ការបើករង្វង់ក្រចកសួរដេញដោលអំពីមន្ទីរ ម-១៣នេះសំដៅយល់ច្បាស់អំពីបរិបទនៅក្នុងមន្ទីរស-២១ មុនថ្ងៃទី១៧ មេសា ១៩៧៥ (ថ្ងៃពួកខ្មែរក្រហមឡើងកាន់អំណាច) ដែលជារយៈពេលមួយស្ថិតនៅក្រៅដែនសមត្ថកិច្ចវិនិច្ឆ័យទោសរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ សាក្សីពីរនាក់ចុងក្រោយ ដែលជាប់ពាក់ព័ន្ធនឹងមន្ទីរម-១៣ បានបន្សល់នូវភាពមិនច្បាស់លាស់មួយចំនួន ទាក់ទងនឹងភាពសមហេតុផលនៃសក្ខីកម្មរបស់ពួកគេ នៅក្នុងអង្គសវនាការ។ សក្ខីកម្មមួយ ដែលមិនមានភាពស៊ីចង្វាក់ លោកចាន់ វឿន អាយុ៥៦ឆ្នាំ ជាកសិករ មានសម្បុរត្នោត បានឡើងបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្នុងនាមជាអតីតបុគ្គលិកនៅមន្ទីរ ម-១៣។ គាត់មានការលំបាកយល់សំណួរ ដែលគេបានចោទសួរដល់គាត់។ ដោយឈ្ងោកមុខទៅក្រោម និងតែងតែចងចិញ្ចើម គេមានអារម្មណ៍ថាគាត់ហាក់បីដូចជាមានអារម្មណ៍មួរម៉ៅ និងមិនសូវរីករាយ ជាមួយតួនាទីធ្វើជាសាក្សីនេះទេ។ គាត់មានបញ្ហាជាច្រើន នៅពេលគាត់និយាយថាគាត់ត្រូវបានបញ្ជូនមកកាន់មុខតំណែងនៅមន្ទីរឃុំឃាំង នាខេត្តកំពង់ស្ពឺនេះ អស់រយៈពេលជិត១មួយឆ្នាំ មុនដំបូងធ្វើជាបុគ្គលិកគ្រប់គ្រងឃ្លាំងទំនិញ បន្ទាប់មកជាកងការពារ។
បើតាមប្រសាសន៍របស់លោកចាន់ វឿន គឺឌុច ជាអ្នកសួរចម្លើយ និងជាអ្នកធ្វើទារុណកម្មលើអ្នកទោស។ នៅពេលគាត់មានប្រសាសន៍ដូច្នេះ ជនជាប់ចោទបានសំឡឹងមើលមុខសាក្សីពីកៅអីអង្គុយរបស់គាត់យ៉ាងយកចិត្តទុកដាក់បំផុត។ បន្ទាប់មក លោកចាន់ វឿនបានរៀបរាប់សាច់រឿងចំនួន២ ដែលគាត់អះអាងថាបានឃើញ«ផ្ទាល់ភ្នែករបស់គាត់» ទី១ គឺ ឌុចបានប្រើភ្លើងដុតដោះអ្នកទោសស្រីម្នាក់ ទី២ គឺឌុចបានបាញ់សម្លាប់ឪពុកមារបស់គាត់ ដែលជាប់ឃុំឃាំងនៅមន្ទីរ ម-១៣ ចំនួនពីរគ្រាប់។ សាក្សីបានជូតទឹកភ្នែក ដែលគាត់ព្យាយាមប្រឹងទប់មិនអោយហូរស្រក់ចេញមក។
បុរសវ័យ៥០ឆ្នាំផ្លាយរូបនេះបានបង្កើតអោយមានភាពមន្ទិលសង្ស័យ ទាក់ទងនឹងភាពមិនស៊ីចង្វាក់គ្នារវាងចម្លើយដំបូងរបស់គាត់នៅដំណាក់កាលស៊ើបអង្កេត និងចម្លើយដែលគាត់បានឆ្លើយនៅក្នុងអង្គសវនាការ។ តួយ៉ាង គាត់ធ្លាប់បានបញ្ជាក់ថាគាត់បានចូលរួមការសម្លាប់អ្នកទោសចំនួន៣លើក ដែលដឹកនាំដោយឌុច ខណៈពេលនៅថ្ងៃច័ន្ទនេះ គាត់បានប្រាប់ថាចំនួន១លើក…។ ដោយជម្រុញអោយសាក្សីបញ្ជាក់អោយច្បាស់ លោកចៅក្រម ឡាវែញ បានធ្វើអោយគាត់ទទួលស្គាល់ថា គាត់មិនបានឃើញការសម្លាប់អ្នកទោសមួយ ក្នុងចំណោមការសម្លាប់ទាំងនេះនោះទេ ព្រោះជនរងគ្រោះបានរត់បាត់ពីជំរំ។ ចម្លើយរបស់គាត់ទៅនឹងសំណួរជាច្រើនរបស់ចៅក្រម ហាក់ដូចជាប្រែប្រួលជានិច្ច ស្របពេលដែលសំណួរត្រូវបានកែសម្រួលអោយកាន់តែងាយយល់សម្រាប់គាត់។ ដំណាក់កាលសំណួរ-ចម្លើយនេះហាក់បីដូចជាមានភាពស្មុគស្មាញ ហើយការពិតពិបាកនឹងលេចចេញមកណាស់។ តើបុរសមិនចេះអក្សររូបនេះអាចឆ្លើយទៅនឹងសំណួរដ៏ច្រើន អោយបានខ្លីនិងស៊ីចង្វាក់បានយ៉ាងដូចម្តេច ខណៈពេលក្រឡាបញ្ជីកម្ពុជា ដែលមានចំណេះដឹងជ្រៅជ្រះ អាចយល់សំណួររបស់ចៅក្រមបាន រហូតដល់តែចៅក្រមសួរជាលើកទី៣? តាមការស្នើរបស់តុលាការ លោកស្រីក្រឡាបញ្ជីកម្ពុជាបានអានឯកសារចម្លើយរបស់សាក្សីនៅក្នុងដំណាក់កាលស៊ើបអង្កេត ដើម្បីធ្វើការវែកញែក និងទុកពេលវេលាអោយចៅក្រមផ្ទៀងផ្ទាល់ជាមួយសាក្សី ថាតើគាត់នៅតែរក្សាសក្ខីកម្មនិងចម្លើយអះអាងដដែលរឺអត់…
ត្រឡប់មកលើ«បញ្ហាមួយ» ដែលគាត់ធ្លាប់មានជាមួយឌុច សាក្សីរូបនេះបានពន្យល់ថាលោកធ្លាប់បានដោះលែងអ្នកទោសបីនាក់ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គាត់។ គាត់មិនត្រូវបានដាក់ទណ្ឌកម្មនោះទេ ហើយក្រោយមក គាត់ក៏បានចូលរួមជាមួយសហករណ៍មូលដ្ឋាន។
«ខ្ញុំមិនអាចទទួលយកសក្ខីកម្មនេះបានទេ» នៅពេលឌុចត្រូវបានអនុញ្ញាតអោយឡើងមានប្រតិកម្មទៅនឹងការអះអាងទាំងនេះ ឌុចបានប្រកាសថា « ខ្ញុំសូមប្រាប់អស់លោកថាសាក្សីរូបនេះមិនមែនជាបុគ្គលិកនៅមន្ទីរ ម-១៣របស់ខ្ញុំទេ!»។ ជនជាប់ចោទបានលើកឡើងថាសំដីរបស់សាក្សីនៅក្នុងសវនាការមានភាពមិនស៊ីចង្វាក់គ្នាជាច្រើន ដែលខុសពីខ្លឹមសារនៃការអះអាងរបស់គាត់នៅដំណាក់កាលស៊ើបអង្កេត។ «គាត់បានប្រឌិតសាច់រឿង […]។ គាត់បានលាយឡំអង្គហេតុ និងនិយាយភូតភរ! […] វាគឺជាការប្រឌិតសុទ្ធសាធមួយ ដែលធ្វើឡើងទៅតាមការលឺគេថា និងការបន្ថែមរបស់គាត់!»។ គាត់មានប្រសាសន៍បន្ថែមទៀតថា «ការឆ្លើយបែបនេះប៉ះពាល់មកលើរូបខ្ញុំ! ខ្ញុំមិនអាចទទួលយកសក្ខីកម្មរបស់គាត់បានឡើយ!»។ សាក្សីនៅតែរក្សាសំដីរបស់គាត់ថា «តើឌុចអាចនិយាយបានយ៉ាងដូចម្តេចថាខ្ញុំមិនមែនជាបុគ្គលិកនៅមន្ទីរ ម-១៣?» ក្រោយមក ឌុចបានសំដែងអារម្មណ៍មួរម៉ៅថា «សាក្សីមិនបានឃើញអ្វីទាំងអស់ តែគាត់ឡើងមកផ្តល់សក្ខីកម្មនៅសវនាការ! វាមិនអាចទៅរួចនោះទេ! សរុបមក ខ្ញុំសោកស្តាយចំពោះសក្ខីកម្មខុសការពិតនេះ។ រាល់ឧក្រិដ្ឋកម្មដែលខ្ញុំបានប្រព្រឹត្ត ខ្ញុំទទួលស្គាល់ និងយល់ព្រមទទួលខុសត្រូវ!»។
ជាចុងក្រោយ នៅក្នុងការសួរតទល់ជាមួយនឹងចម្លើយសាក្សី លោកហ្រ្វង់ស័រ រ៉ូ សហមេធាវីអន្តរជាតិរបស់ឌុច បានច្រានចោលសក្ខីកម្មនេះ ដោយសារមានភាពមិនស៊ីចង្វាក់ច្រើនពេក។
បន្ទាប់មក សាក្សីចុងក្រោយ ទាក់ទងនឹងមន្ទីរ ម-១៣ ឈ្មោះចាន់ ខន ដែលជាកសិករ ឡើងមកបំភ្លឺនៅមុខតុលាការ។ គាត់គឺជាអតីតកងការពារនៅមន្ទីរ ម-១៣ នៅឆ្នាំ១៩៧៣ ដែលកាលនោះ គាត់មានអាយុត្រឹមតែ១៣ ទៅ១៤ឆ្នាំប៉ុណ្ណោះ។ គាត់មិនសូវដឹងរឿងច្រើននោះទេ។ ដោយឡែក ឌុច ទទួលស្គាល់សាក្សីចុងក្រោយ។ បុរសវ័យ៤០ផ្លាយរូបនេះបានពន្យល់ថាប្រសិនជាអ្នកទោសម្នាក់រត់គេចខ្លួន កងការពាររបស់គាត់នឹងត្រូវទទួលខុសត្រូវជាស្វ័យប្រវត្តិ។ ចំណុចត្រង់នេះចោទជាការសង្ស័យ ទាក់ទងនឹងការដោះលែងអ្នកទោសបីនាក់បានដោយជោគជ័យ ពីសំណាក់លោកចាន់ វឿន។
ជាមួយសំណួរជាច្រើនរបស់លោកចៅក្រមឡាវែញ លោកចាន់ ខន មិនអាចធ្វើការបញ្ជាក់បាននោះទេ។ «កាលនោះ ខ្ញុំនៅក្មេងពេក ខ្ញុំមិនសូវចាំបានច្បាស់នោះទេ…»។ លោកចាន់ ខន បានអះអាងថាអ្នកទោស៣ រឺ៤នាក់បានបាត់បង់ជីវិត ដោយសារលង់ទឹកនៅក្នុងរណ្តៅឃុំអ្នកទោស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយវាជាចំនួនភាគច្រើន នៅក្នុងចំណោមអ្នកទោសទាំងនោះ… ។ ភាពខុសគ្នារវាងចម្លើយរបស់លោកចាន់ ខន ឆ្លើយនៅដំណាក់កាលស៊ើបអង្កេត និងចម្លើយដែលលោកបានប្រាប់នៅមុខអង្គជំនុំជម្រះសាលាដំបូងបានស្តែងចេញឡើងដោយជៀសមិនផុត។ នៅពេលគេសួរគាត់ថាតើគាត់ស្គាល់លោកចាន់ វឿន ដែររឺទេ គាត់ឆ្លើយថា «បាទ ស្គាល់! គឺគាត់ (ចាន់ វឿន) ដែលបានដោះលែងអ្នកទោស»។ នៅចុងសវនាការ លោករ៉ូ បានសុំអោយចៅក្រមរម្លឹកប្រាប់សាក្សីថា សាក្សីមិនត្រូវជួបជាមួយសាក្សីមុនៗជាដាច់ខាត មុននឹងឡើងបង្ហាញសក្ខីកម្មរបស់ខ្លួននៅមុខតុលាការ…
ការខ្លាចឌុច លោកចាន់ វឿន បានសារភាពប្រាប់ចៅក្រមស៊ើបអង្កេតថា «មិនមាននរណាម្នាក់ [នៅមន្ទីរម-១៣] ហ៊ានសំឡឹងមើលចំមុខឌុចនោះទេ» គាត់មានចរឹត ដូចជា «ខ្លាដេញត្របាក់សត្វក្កាន់»។ លោកចាន់ វឿន មិនបានបែរសំឡឹងទៅរកឌុចនោះទេ គាត់រីករាយនឹងមើលតាមកញ្ចក់ទូរទស្សន៍ ដែលបំពាក់នៅក្នុងបន្ទប់ការិយាល័យ ដែលគាត់កំពុងស្ថិតនៅ។ ចំណែកលោកចាន់ ខន ក៏ប្រកាសប្រាប់ចៅក្រមស៊ើបអង្កេតថាលោកខ្លាចឌុចដែរ។ «មិនមានកងការពារណាមួយហ៊ានចូលការិយាល័យគាត់ទេ។ «នៅពេលចៅក្រមឡាវែញសួរលោកថា តើសព្វថ្ងៃនេះ លោកនៅតែខ្លាចឌុច ទៀតរឺ គាត់ឆ្លើយវិញថាទេ ប៉ុន្តែ ក្រសែភ្នែករបស់គាត់បានបន្ទន់ចុះ។ គេពិបាកនឹងជឿជាក់សំដីនេះ។ លោកនឹងត្រូវបន្តសាកសួរនៅថ្ងៃអង្គារ ទី២១ ខែមេសាទៀត ហើយនៅថ្ងៃនោះ លោករ៉ូ អាចនឹងលើកឡើងអំពីបញ្ហានៃការបកប្រែភាសានៅអង្គសវនាការ ដែលបានរំខានដល់កិច្ចពិភាក្សា។
-ឌុច រៀបរាប់ពីការធ្វើទារុណកម្មដ៏ឃោរឃៅ នៅក្នុងសវនាការរបស់គាត់ (០៨-០៤-២០០៩) -ការជំនុំជម្រះឌុចៈ គ្រូបង្រៀនដែលព្រមពលិកម្មគ្រប់បែបយ៉ាងដើម្បីបដិវត្តន៍ និងគោរពតាមបទបញ្ជាដោយភ័យខ្លាចបាត់បង់ជីវិត (០៧-០៤-២០០៩) -មេធាវីរបស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារថាការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ (០២-០៤-២០០៩) -សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ (០១-០៤-២០០៩) -ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់ (៣១-០៣-២០០៩)
|