|
អធិប្បាយចុងក្រោយ
|
| ធាតុអាកាសមិនល្អនៅសាលាក្តីខ្មែរក្រហម : ស្តាប់គ្នាមិនយល់ ស្តាប់មិនឮ... |
| ដោយ ស្ទេហ្វានី ហ្សេ | | | ២១-០៤-២០០៩ | កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២១ មេសា ២០០៩។ ភ្លៀងខ្លាំងពេកធ្វើអោយផ្អាកសវនាការនៅក្នុងថ្ងៃទី៩នៃការជំនុំជម្រះឌុចនៅអ.វ.ត.ក ©ចន វីង/ Magnum
នៅថ្ងៃទី៩នៃការជំនុំជម្រះឌុច ថ្ងៃអង្គារទី២១ ខែមេសា គេមានអារម្មណ៍ដូចជាមានការរអាក់រអួលនៅក្នុងការលើកឡើងពីមន្ទីរសន្តិសុខម១៣។ នៅពេលឆ្លងផុតថ្ងៃដ៏អួរអាប់នេះ គេសង្ឃឹមថា នៅថ្ងៃបន្ទាប់គេនឹងចូលដល់ប្រធានបទដ៏ខ្លាំងមួយគឺស២១ ហើយបញ្ហាបកប្រែនឹងត្រូវយកមកដាក់ពិភាក្សាលើតុក្នុងពេលសវនាការ។ បើទោះជាសាក្សីចាន់ ខន អតីតអ្នកយាមមន្ទីរម១៣បន្ធូរអារម្មណ៍បានល្អជាងពីថ្ងៃមុនក្តី ក៏គេត្រូវវីវក់នឹងបញ្ហាផ្សេងៗទៀតដែរ ដូចជា មេធាវីម្នាក់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទើបនឹងមកដល់ថ្មីចង់និយាយពីបញ្ហានេះតាំងពីដើមមកវិញ , មេធាវីស្រីម្នាក់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវស្តីបន្ទោសដោយសារមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការសាលាដំបូង , ចៅក្រមត្រូវស្នើសុំដោយភាគីផ្សេងៗអោយធ្វើការងាររបស់ពួកគេ ឬក៏ការអាក់ខានសវនាការមួយស្របក់ដោយសារភ្លៀងខ្លាំងធ្វើអោយការសួរដេញដោរស្តាប់មិនបាន។ លោកចាន់ ខន បានបន្តផ្តល់ចម្លើយធរណីមាត្រប្រែប្រួល។ មុនដំបូងគាត់ប្រកាសប្រាប់សហព្រះរាជអាជ្ញាបរទេសរងថា រណ្តៅឃុំខ្លួនអ្នកទោសគឺមានពី៤ទៅ១០ ស្រាប់តែប៉ុន្មាននាទីក្រោយមក គាត់ថាមានពី១០ទៅ២០...។ ដើម្បីដោះបន្ទុក គាត់ថាសំណួរដែលចៅក្រមនិងមេធាវីអន្តរជាតិសួរគាត់នោះ បកប្រែជាភាសាខ្មែរមិនច្បាស់ធ្វើអោយគាត់ច្រឡំ។ សាក្សីម្នាក់នេះបានចូលធ្វើជាទាហានពេលវ័យជំទង់ ដើម្បីបម្រើបដិវត្តន៍ខ្មែរក្រហមដោយក្លាយជាអ្នកយាមនៅម១៣។ នៅចុងថ្ងៃសវនាការ គាត់មានការហត់នឿយយ៉ាងខ្លាំង។
«ម ១៣ មិនមែនជាសាលារៀនទេ តែជាគុកខ្មែរក្រហម!» លោកខន (Khan) សហមេធាវីជនជាតិអង់គ្លេសរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី១ អវត្តមានកាលពីពីរសប្តាហ៍ដំបូងនៃការជំនុំជម្រះឌុច បានស្នើសុំអោយជនជាប់ចោទធ្វើការបញ្ជាក់ថា លក្ខខណ្ឌការឃុំខ្លួននៅម១៣ គឺ«សាហាវ និងគួរអោយស្អប់ខ្ពើម»។ ឌុចមិនបង្អង់យូរ ហើយនិយាយថា៖ «ខ្ញុំសម្គាល់វត្តមានរបស់លោកថ្មីនៅថ្ងៃនេះ!»។ លោកមេធាវី Khan ទទូចថា៖ «គ្រាន់តែនិយាយថាលក្ខខណ្ឌឃុំខ្លួននៅក្នុងរណ្តៅតើវាពិតជាពិបាកឬ?»។ ឌុចនិយាយបញ្ចប់ថា៖ «ពិតណាស់ វាថែមទាំងសាហាវទៀត! ម ១៣ មិនមែនជាសាលារៀនទេ តែជាគុកខ្មែរក្រហម!!!»។
ចំពោះមុខការប្រើប្រាស់ពាក្យពេចន៍មិនពិរោះស្តាប់របស់មេធាវីខាងលើ លោកមេធាវីរូ សហមេធាវីអន្តរជាតិរបស់ឌុច ស្នើសុំអង្គជំនុំជម្រះអោយប្រាប់ទៅមិត្តរួមអាជីពលោក«កុំអោយនិយាយធ្ងន់ៗពេក និងគោរពជនជាប់ចោទអោយបានច្រើនជាងនេះ»។ «យើងនៅក្នុងបរិវេណតុលាការ មិនមែននៅលើសង្វៀនទេ!»។ លោកមេធាវី Khan តបវិញថា៖ «លោកប្រធានតុលាការ ខ្ញុំមិនមានពាក់ស្រោមដៃប្រដាល់ទេ!»។ លោកប្រធានអង្គជំនុំជម្រះបានបង្ហាញប្រាប់ទៅលោក Khan ថា សំណួរមួយចំនួនត្រូវបានសួររួចហើយនាពេលសវនាការកន្លងមក។ បន្តិចក្រោយមក នៅពេលឆ្លើយនឹងសំណួររបស់លោកមេធាវីកង់ ឌុចក៏និយាយឃ្លាជ្រាំដែលនេះ : «ខ្ញុំបាននិយាយ១០០ដងហើយ ប៉ុន្តែដោយសារលោកមកដល់ថ្មី ខ្ញុំនឹងនិយាយម្តងទៀត!»។
តុលាការត្រូវគេស្នើអោយធ្វើសេចក្តីសម្រេច លោកស្រីស្ទូហ្ស៊ីនស្គី សហមេធាវីជាតិអាល្លឺម៉ង់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី២ ទទួលបានការអនុញ្ញាតឡើងនិយាយ ហើយក៏សម្រេចសួរសាក្សីពីមូលដ្ឋានគ្រឹះនៃបទសម្ភាសន៍របស់ចាន់ ខន ធ្វើឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ។ ចៅក្រមឡាវាញរម្លឹកប្រាប់ថា តុលាការបានប្រកាសថា សេចក្តីសម្រេចលើកក្រោយនឹងត្រូវធ្វើឡើងទាក់ទងនឹងការប្រើប្រាស់ក្នុងពេលជំនុំជម្រះ នូវឯកសាររបស់ DC-CAM បន្ទាប់ពីមានឧបទ្ទវហេតុមួយពាក់ព័ន្ធនឹងភាពគួរអោយជឿជាក់បាននៃឯកសារមួយរបស់អង្គការនេះ ដែលអានដោយចៅក្រមនៅថ្ងៃ៧ មេសា។
ភ្លៀងខ្លាំងមួយក៏ចាប់ផ្តើមធ្លាក់ លាន់សំឡេងរំពងឡើងលើដំបូលប្រក់ស័ង្កសីរបស់សាលជំនុំជម្រះ ដែលជាដំបូលស័ង្កសីមិនសមស្របទេនៅក្នុងប្រទេសត្រូពិកបែបនេះ...។ ចៅក្រមដកកាស់ត្រចៀកចេញតម្រូវអោយសម្រាកជាង១០នាទី ទម្រាំមេឃអំណោយផល។
កិច្ចពិភាក្សាចាប់ផ្តើមឡើងវិញលើការដាក់បញ្ចូលក្នុងការជំនុំជម្រះនូវឯកសារចេញពី DC-CAM។ លោកមេធាវីរូចូលរួមក្នុងសង្រ្គាមពាក្យសម្តីនេះ។ លោករម្លឹកពីអ្វីដែលលោកធ្លាប់និយាយរួចហើយកាលពីថ្ងៃ៧ មេសា ថា៖ «ទោះបីជាយើងទទួលស្គាល់ DC-CAM ក៏ដោយ ក៏អង្គការមួយនេះមិនដែលជាស្ថាប័នយុត្តិធម៌មួយនោះទេ»។ លោកមេធាវីមានប្រសាសន៍ថា៖ «រាល់ការធានាពីនីតិវិធីមិនមាននៅក្នុងឯកសារទាំងនេះទេ ហើយបន្ថែមពីលើនេះ គឺនៅមានបញ្ហាបកប្រែទៀត។ [...] វាដល់ពេលដែលត្រូវដាក់បញ្ហាអោយត្រូវកន្លែង អោយមានសណ្តាប់ធ្នាប់ហើយ។ វាជាកំហុសឆ្គងមួយដែលឯកសារទាំងនេះនៅក្នុងសំណុំរឿង វាមិនគួរមកនៅក្នុងសំណុំរឿងនេះទេ!»។ លោកបន្ថែមទៀតថារង់ចាំសេចក្តីសម្រេចជាក់លាក់របស់តុលាការលើបញ្ហាទាំងនេះ។
ដោយចង់បានការចង្អុលប្រាប់របស់តុលាការ លោកកាណោន សហមេធាវីបារាំងរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី៣ ចោទសួរបញ្ហាយ៉ាងច្បាស់នៅចំពោះមុខចៅក្រម។ «លោកប្រធានតុលាការជាទីគោរព ខ្ញុំជឿថា វានឹងជាការល្អសម្រាប់តុលាការក្នុងការសម្រេចតែមួយលើករួចរាល់ ថាបានឬមិនបាន តុលាការប្រាប់យើងមកថាតើឯកសាររបស់ DC-CAM អាចប្រើបានឬមិនបាន! [...] ខ្ញុំសូមទទូចជាថ្មីម្តងទៀតទៅលើភាពចាំបាច់ក្នុងការនិយាយប្រាប់យើងថាតើយើងត្រូវធ្វើដូចម្តេចពេលនេះ និងពេលខាងមុខ បើមិនដូច្នោះទេ ថ្ងៃស្អែក ខានស្អែក សប្តាហ៍ក្រោយ ៣ខែក្រោយ យើងនៅតែហ្នឹង សូមលោកអភ័យទោសអោយខ្ញុំផងចុះក្នុងការតវ៉ាជជែកតែពីបញ្ហាលំបាកដដែល !»។
ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ ប្រធានតុលាការស្នើសុំភាគីទាំងអស់អោយប្រាប់មកតុលាការជាមុនបើពួកគេចង់ប្រើឯកសារយោងណាមួយនៅក្នុងពេលជំនុំជម្រះ។ បន្ទាប់ពីចំណាយពេលយ៉ាងច្រើននៅក្នុងការពិភាក្សាពីបញ្ហានីតិវិធីនេះ សាក្សីអះអាងថា គាត់មិនចាំពីកិច្ចសម្ភាសន៍ដែលគាត់បានធ្វើជាមួយអ្នកស៊ើបអង្កេតរបស់ DC-CAM កាលពីប៉ុន្មានឆ្នាំមុននោះទេ។ លោកស្រីមេធាវី ស្ទូហ្ស៊ីនស្គី លើកយកឯកសារនោះមកនិយាយយោង។ មិនថាត្រូវគេបង្អាក់យ៉ាងណាទេ មេធាវីរូបនេះនៅតែចាប់អានត្រង់កន្លែងដែលខ្លួនអាក់នោះឡើងវិញដដែល ហើយនៅតែផ្អែកលើឯកសារនេះដដែល... តែក៏ត្រូវបញ្ឈប់ការអានដោយប្រធានតុលាការ។ ខុសពីការទន្ទឹងរង់ចាំ ការិយាល័យសហព្រះរាជអាជ្ញាប្រកាសថាមានបំណងដាក់ឯកសារមួយអោយចៅក្រមពិនិត្យ ឯកសារនោះទាក់ទងនឹងម១៣ដដែល ហើយនឹងត្រូវពិភាក្សានៅថ្ងៃពុធ។
ឌុចមិនបាន«និយាយអស់ទេ» ដល់វេនលោកមេធាវី កាណោន (Cannone) ជាអ្នកសួរវិញម្តង។ លោកព្យាយាមលើកឡើងពីតួនាទីជា«អ្នកនាំផ្លូវ»បន្ថែមពីលើតួនាទីជា អ្នកបណ្តុះបណ្តាលដែលឌុចបានធ្វើទៅលើសហការីជាក្មេងជំទង់របស់គាត់នៅ ម១៣។ បើតាមចម្លើយសារភាពរបស់ជនជាប់ចោទ ឌុចមានមនោសញ្ចេតនាជាមួយសហការីមួយចំនួន។ លោកមេធាវីក៏សួរគាត់ថា តើគាត់បានគិតថានៅថ្ងៃណាមួយ«នឹងនិយាយប្រាប់អង្គការថាគេអាច អប់រំអ្នកទោសឡើងវិញ បណ្តុះបណ្តាលពួកគេអោយរស់ក្នុងសង្គមថ្មី ជាជាងការសម្លាប់ពួកគេ»ដែរឬទេ។ ឌុចមិនឆ្លើយនឹងសំណួរនេះទេ ដោយពន្យល់ថា គាត់មិនត្រូវបានគេអនុញ្ញាតអោយបង្រៀនពីតក្កវិទ្យា ឬពីសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សទៅអ្នកទោសទេ ហើយគាត់និយាយម្តងទៀតពីគោលការណ៍ដែលថាបើមិនធ្វើតាមបញ្ជាគឺប្រៀប ដូចជាចុះហត្ថលេខាដីកាប្រហារជីវិតខ្លួនឯង។
លោកមេធាវីរូបានអោយកូនក្តីលោកនិយាយពាក្យចុងក្រោយនៅក្នុងថ្ងៃជំនុំជម្រះនេះ។ ឌុចក៏លើកឡើងពី«ពាក្យសន្យា»របស់ខ្លួន គឺការសរសេរឯកសារមួយ«មានជាង២០កថាខ័ណ្ឌ» ដើម្បីបង្ហាញពីឧក្រិដ្ឋកម្មធ្វើឡើងប្រឆាំងនឹងអ្នករស់នៅក្នុងឃុំដែលមន្ទីរម១៣ មានទីតាំងនោះ ហើយសុំខមាលទោសពួកគេ។ គាត់បន្ថែមថា គាត់នឹងព្យាយាមរកវិធី«សារភាពទោស»ទៅកាន់ប្រជាជន ព្រោះគាត់បញ្ជាក់ថាគាត់«និយាយមិនទាន់អស់»ទេ។
- ជនរងគ្រោះខ្មែរក្រហមធ្វើអោយពាក្យបណ្តឹងរបស់ពួកគេមានជីវិតឡើងវិញក្រោយរយៈពេល២៥ឆ្នាំកន្លងមក (១៨-០៦-២០០៨)
- និយាយដើម្បីរំសាយទុក្ខកង្វល់ (០៩-០៤-២០០៨) - ពាក្យបណ្តឹងប្រឆាំងឧក្រិដ្ឋកម្មខ្មែរក្រហម (២៣-០៤-២០០៨ )
|
|
|