កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណបក្សសម រង្ស៊ី - គណបក្សសិទ្ធិមនុស្ស : កាលប្បវត្តិនៃការបញ្ចូលគ្នា​ត្រូវ​បានប្រកាសឡើង
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៤-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ មករា ២០០៩។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និង​លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី​ នៅក្នុងសន្និសីទសារព័ត៌មានមួយប្រកាសបង្កើត​សម្ព័ន្ធភាពក្នុងជួរចលនា​ប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ​

©វណ្ឌី រតនា

 

ការរឹបអូស​ដីធ្លី វិបត្តិសេដ្ឋកិច្ច ការធ្លាក់ចុះតម្លៃផលិតផលកសិកម្ម... គណបក្ស​ប្រឆាំង​ទាំង​ពីរ​នៅកម្ពុជា គឺគណបក្សសម រង្ស៊ី (PSR) និង​គណបក្ស​សិទ្ធិមនុស្ស (PDH) មិន​បានតម​ក្នុង​ការ​លើក​យក​ចំណុច​ទាំងនេះ​មក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ឡើយ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើទោះជា​ការរិះគន់​របស់​ពួកគេ​មិនមែន​ជា​រឿង​ថ្មី ប៉ុន្តែ​វិធី​សាស្រ្ត​វិញ​គឺ​មានការ​ផ្លាស់ប្តូរ។ សព្វថ្ងៃ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និយាយ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​នៅ​ក្នុង​«ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ ផ្លាស់​ប្តូរ» ដែល​ជា​សម្ព័ន្ធ​ភាពមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមករា ឆ្នាំ​២០០៩។ អ្នក​ទទួល​ខុស​ត្រូវ​បក្ស​ប្រឆាំង​ទាំងពីរ​ដែល​អះអាង​ថាមានមោទនភាព​ចំពោះ​ សាមគ្គីភាពថ្មី​របស់​ពួកគេនោះ សង្ឃឹម​បញ្ចប់​បរាជ័យ​ក្នុង​ការបោះឆ្នោត​ជាច្រើនឆ្នាំកន្លងមករបស់​ខ្លួន​ហើយ ​ធ្វើ​អោយ​គណបក្ស​កាន់​អំណាច គឺគណបក្ស​ប្រជាជន​កម្ពុជា (PPC) ដ៏រឹងមាំមិនអាចរុញច្រានបាននោះ ឈរជើង​មិននឹង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​។ មុន​នឹង​ទៅដល់ចំណុចនេះ នៅ​សល់​ដំណាក់ការ​ថ្មី​ដែល​ត្រូវ​ឆ្លង​គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ គណបក្ស​គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែល​ត្រូវ​បានគ្រោង​ធ្វើ​៣ឆ្នាំខាងមុខ។

 

សម្ព័ន្ធភាព​មួយ​មានន័យ​ស្មើ​នឹង«ជោគជ័យ​នយោបាយ និង​ចិត្តសាស្រ្ត»
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដ៏សំខាន់​នៅ​កម្ពុជា ដែលមានឈ្មោះលោកផ្ទាល់នោះ យល់​ស្រប​នឹង​ចំណុច​នេះថា ការ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការផ្លាស់ប្តូរ (MDPC) គឺជាជោគជ័យ​មួយ​។ មេដឹកនាំគណបក្ស​សម រង្ស៊ី រូបនេះ​បាន​លើក​បង្ហាញ​ជាភស្តុតាង ពី​ការ​ងារ​រួម​គ្នា​ជាច្រើន​ដែល​ត្រូវ​បានធ្វើ​ឡើង​ចាប់​តាំង​ពី​សម្ព័ន្ធភាព​នេះ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សិទ្ធិ នៅថ្ងៃ​១៥ មករា ២០០៩។​ពួកគេ​ធ្លាប់​សន្យា​ថា«បន្ត​ធ្វើ​ការ​តស៊ូ​»ជាមួយ​គ្នា​ជាពិសេស​តាមរយៈ​សេចក្តី​ថ្លែង​ការណ៍​រួម ឬតាមរយៈសន្និសីទសារព័ត៌មាន ដែល​តែង​តែ​ត្រូវ​ផ្សព្វ​ផ្សាយ​នៅក្នុង​បណ្តាញ​ព័ត៌មាន។ ក្នុង​រយៈពេល​៣ខែ លោក​សម រង្ស៊ី និង​លោកកឹម សុខា មិន​ដែលតម​ក្នុង​ការ​ណែនាំ​ដោយ​បើក​ចំហ ទៅកាន់រដ្ឋាភិបាល​អោយ​ចាត់​វិធានការ​បែបនេះទប់​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ឬធ្វើ​សេចក្តី​សម្រេច​ផ្សេងៗ ដើម្បី​បញ្ចប់​ការរឹបអូស​ដីធ្លីនោះទេ។ បញ្ហា​ទាំង​ពីរ​នេះ​គឺជាប្រធានបទ​ដ៏មាន​តម្លៃ​សម្រាប់​សកម្មជន​គណបក្ស​ប្រឆាំងទាំងពីរ។

មេដឹកនាំគណបក្ស​សម រង្ស៊ី  ដែល​ជាអ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់​ចាម បានមាន​ប្រសាសន៍​ខ្លាំងៗថា៖​«កិច្ច​សហការ​របស់យើង​គឺជាជោគជ័យ​ផ្នែកចិត្ត​សាស្រ្ត និង​នយោបាយ ហើយ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ចង់​ផ្លាស់ប្តូរ​សង្គម។ អ្នក​ខ្លះ​និយាយថា ពួកយើង​មិនអាច​ធ្វើ​ការ​ជាមួយ​គ្នាទេ ហើយថា​ពួកយើងតែង​តែ​ឈ្លោះ​គ្នា។ វាមិន​មែន​ជាកា​រពិត​ទេ។ តែ​ផ្ទុយស្រឡះ សម្ព័ន្ធភាព​របស់យើង​ធ្វើ​អោយ​យើង​រឹង​មាំ»។

លោកកឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស ក៏​បាន​បញ្ជាក់​អះអាង​ពី​ការពេញចិត្ត​នេះ​ដែរ។ មេដឹកនាំគណបក្ស​ប្រឆាំង​ទី២រូបនេះបានរំលឹកថា នៅក្នុង​ក្របខ័ណ្ឌចលនារបស់ខ្លួន និង​នៅ​ក្នុង​គណបក្ស​ដែល​ពួកគេ​ឈរ​ជាតំណាង​នៅ​រដ្ឋសភាជាតិ អ្នក​តំណាងរាស្រ្ត​គណបក្សសម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស ទាំង​ពីរ​នេះ​បាន​ស្នើ​សុំ​ដោយ​មិនចេះហត់​នឿយ អោយ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី និងការ​រឹបអូស​ដី​របស់​កសិករដែលបានជំពាក់​បំណុល​ធនាគារ។

នៅ​មិន​ទាន់​អស់​ត្រឹមនេះទេ។ មេដឹកនាំ​ទាំង​ពីរ​របស់​របស់ចលនាប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ អះអាងថា កិច្ចសហការ​គ្នារិះគន់ និង​សេចក្តីស្នើតប​នេះ​គ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​នៃ​អ្វីដែល​ ធ្វើអោយសំរេចការសហការ​របស់​។ មេដឹកនាំគណបក្សទាំងពីរហ៊ាន​ភ្នាល់​យ៉ាង​មោះមុត​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​គ្រប់គ្រង​ជីវិត​នយោបាយ​អស់​៣ទសវត្ស​មកនេះ ព្រួយបារម្ភ​ពី​ការ​ប្រមូល​ផ្តុំ​កម្លាំង​ពួកគេ​នៅ​ក្នុង​សម្ព័ន្ធភាព​នេះ នៅ​កៀក​ពេល​បោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០១២ និង​បោះឆ្នោត​តំណាងរាស្រ្ត​ឆ្នាំ​២០១៣។ លោក​កឹម សុខា ដែល​ជា​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់​ចាម​ដែរនោះ​អះអាងថា៖ «គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​បារម្ភ​ណាស់​ពី​ការ​រួប​រួម​កម្លាំង​របស់​ យើង ព្រោះ​គេ​គ្មាន​សមត្ថភាព​ដោះសា្រយ​បញ្ហា​ដែល​ពួក​យើង​បាន​បង្ហាញ​ប្រាប់​ ដូចជា​ការ​រឹប​អូសដីធ្លី​ជាដើម»។

គាំទ្រ​ដោយ​ សិទ្ធិមនុស្ស គណបក្ស​សម រង្ស៊ី ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ខែឧសភា
ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅថ្ងៃ​១៧ ឧសភា ២០០៩​នេះ គណបក្ស​សម រង្ស៊ី ធ្វើ​ជា​អ្នក​ប្រយុទ្ធ​តែម្នាក់​ឯង ចំណែកឯ​គណបក្សសិទ្ធិមនុស្ស ​​ធ្វើ​ជាអ្នក​សង្កេតមើល​ការបោះឆ្នោត។ ការ​បោះ​ឆ្នោតលើកទីមួយ​ជ្រើស​រើសក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និងខ័ណ្ឌនេះ នឹង​ប្រព្រឹត្ត​ធ្វើ​តាម​បែប​អសាកល : មានតែ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បច្ចុប្បន្ន​ទេ (ពួកគេ​ជា​សមាជិក​គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​សម រង្ស៊ី) ដែល​មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោត​។ ទោះ​បីដូច្នេះ​ក៏ដោយ លោក​សម រង្ស៊ី ចង់​ទាញ​អត្ថ​ប្រយោជន៍​ពី​សម្ព័ន្ធភាព​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ពង្រឹង​កន្លែង​របស់​បក្សប្រឆាំង​នៅ​ក្នុង​ស្ថាប័ន​មូលដ្ឋាន​ថ្មី​ទាំងនេះ។ បន្ទាប់​ពី​ត្រូវ​ផាត់​ចេញ​ពី​តំណែង​នៅ​ក្នុង​គណៈកម្មការជំនាញទាំង​៩របស់រដ្ឋសភា​ក្រោយ​បោះឆ្នោត​តំណាង​រាស្រ្ត​ខែកក្កដា ឆ្នាំ​២០០៨មក អ្នក​តំណាង​រាស្រ្ត​របស់​គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចង់​ប្រមូល​ផ្តុំ​កម្លាំង​និង​ធនធាន​របស់​ពួកគេ​នៅ​ក្នុង​មូលដ្ឋានដែល​ស្ថិត​នៅ​ជិត​ប្រជាពលរដ្ឋ។

លោក​សម រង្ស៊ី ពន្យល់ថា៖ «បើ​ទោះ​ជា​គណបក្ស​សិទ្ធិមនុស្ស គ្មាន​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ព្រោះតែ​មិន​បាន​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​លើក​មុន​[ថ្ងៃ១ មេសា ២០០៧ ឯ​គណបក្ស PDH ទើប​តែត្រូវ​បង្កើត​ក្រោយ​នោះបន្តិច​] ក៏ដោយ ក៏​យើង​សង្ឃឹម​លើ​គណបក្ស​នេះ​ដើម្បី​គាំទ្រ​បេក្ខជន​របស់​គណបក្សសម រង្ស៊ី ដែរ។ [សកម្មជន​របស់​គណបក្សសិទ្ធិមនុស្ស] អាច​មាន​ឥទ្ធិពល​លើ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ផ្សេង​ទៀត ហើយ​ជំរុញ​ពួកគេ​អោយ​ផ្លាស់​ប្តូរ​ជំហរ [គាំទ្រ​ដល់​គណបក្សសម រង្ស៊ី]»។ គណបក្ស​សម រង្ស៊ី មាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​២ ៦៦០​នាក់​ក្នុង​ចំណោម​ក្រុមប្រឹក្សា​សរុប​១១ ៣៥៣នាក់​។

សម្រាប់​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ខ្មែរ​រូបនេះ គ្រប់​យ៉ាងគឺ​មិន​អាច​ដឹង​មុន​ពេល​ការ​បោះឆ្នោត​ទ្បើយ ទោះបីជា​គណបក្ស​ប្រជាជនកម្ពុជាជាអ្នក​មាន​ប្រៀប។ លោក​សម រង្ស៊ី​រំពឹង​ថា​ដោយសារ​មានបក្ស​ប្រឆាំង​តែមួយ​ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​ថ្ងៃ​១៧ ឧសភា គណបក្ស​របស់លោក​នឹង​ទទួល​បាន​ពី៧០០ទៅ​៨០០អាសនៈ​លើ៣ ៣៣៥​កៅអី​របស់​ក្រុម​ប្រឹក្សា​ថ្មីនេះ។ ការប៉ាន់ស្មាន​នេះ​គឺរាង​ដូច​ជា​ខ្ពស់​ជាង​តួលេខ​ផ្សព្វផ្សាយ​នៅ​ខែ​កុម្ភៈ​របស់​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ខុមហ្វ្រែល​បន្តិច ដោយ​អង្គការ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ពី​៦៨៩​ទៅ​៦៩៥​កៅអី​ប៉ុណ្ណោះសំរាប់គណបក្សសម រង្ស៊ី។

បើ​ទោះ​ជា​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា​អាច​មើល​ដឹង​ជាមុន​ហើយ​ក្តី ក៏លោក​សម រង្ស៊ី​វាយ​តម្លៃថា​ការ​បោះឆ្នោត​ថ្ងៃ​១៧ ឧសភា មិន​មែន​ជា​ដំណាក់ការ​ចុង​ក្រោយ​ដែល​ធ្វើ​អោយ​លោក​បោះ​បង់ចោល​ការតស៊ូនោះទេ​។ លោក​មើល​ឃើញ​ការ​បោះឆ្នោត​នេះ​ជា​ដំណាក់​ការ​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ធំៗ​លើក​ក្រោយ​នៅ​ឆ្នាំ​២០១២ និង​២០១៣។ ប្រធាន​គណបក្ស​សម រង្ស៊ី​យល់ថា «អ្នកតំណាងរាស្រ្ត​២៦​នាក់​[ចំនួន​សមាជិកសភា​គណបក្ស​សម រង្ស៊ី ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០០៨​] គឺ​តិច​ណាស់​។ ចំនួន​នេះ​មិន​អាច​អោយ​យើង​ធ្វើការ​ជា​ប្រចាំ​ជាមួយ​ប្រជារាស្រ្ត​ទេ។ ដូច្នេះ​អ្នក​តំណាង​នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក​និងខ័ណ្ឌ គឺ​សំខាន់​ណាស់​ហើយ​ពួកគេ​នឹង​តំណាង​អោយ​កម្លាំង​ធំ​ដែល​អាច​អោយ​យើង​នៅ​ជិត​នឹង​ប្រជាពលរដ្ឋ​គ្រប់​ជាន់​ថ្នាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វល់​នៅ​ក្នុង​ព្រះរាជាណាចក្រ : ការ​រឹបអូសដីធ្លី ការរំលោភសិទ្ធិមនុស្ស និង​វិបត្តិសេដ្ឋកិច្ច» ។

លោក ​សម រង្ស៊ី ជឿ​ជាក់ថា យុទ្ធសាស្រ្ត​នេះ​នឹង​ទទួល​បានជោគជ័យ ជាមួយ​ការ​គាំទ្រ​របស់​គណបក្ស​សិទ្ធិមនុស្ស។ ការគាំទ្រ​នេះលោក​កឹម សុខា ដែល​ជាដៃគូ​របស់​គណបក្ស​សម រង្ស៊ី នៅក្នុង​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការផ្លាស់​ប្តូរ អះអាងថា​នឹង​ផ្តល់​អោយ​លោក​សម រង្ស៊ី​មិន​ត្រឹម​តែ​ជា​សម្តី​ទេ ប៉ុន្តែ​គឺ​នៅ​មូលដ្ឋានផ្ទាល់​តែម្តង។ ប្រធានគណបក្ស​សិទ្ធិមនុស្ស​អះ​អាង​ថា៖ «ពេល​ខ្ញុំ​បានជួប​សកម្មជន​របស់​គណបក្ស​សម រង្ស៊ី នៅ​តាមមូលដ្ឋាន​ខ្ញុំ​បាន​ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​ការជឿជាក់ និង​ជំហរ​របស់ពួកគេ​ដើម្បី​អោយ​ពួកគេ​រក្សា​ក្តី​សង្ឃឹម​ពី​លទ្ធភាព​ទទួល​ បាន​ជ័យ​ជម្នះ​ប្រសិន​បើ​ពួកគេ​ប្រមូល​ផ្តុំ​គ្នា និង​ដើម្បីកុំ​អោយ​ពួកគេ​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ផ្សេង​ទៀត។ ចំណែក​សកម្ម​ជន​របស់​យើង​វិញ ខ្ញុំ​បាន​ណែនាំ​ពួកគេ​អោយ​សហការ​ជាមួយ​សកម្មជន​គណបក្ស​សម រង្ស៊ី»។ គណបក្ស​សិទ្ធិមនុស្ស​មាន​អ្នក​តំណាងរាស្រ្ត​បី​រូប​នៅ​ក្នុង​រដ្ឋ​សភា​ ជាតិ។

ការ​បញ្ចូល​គ្នារបស់​ គណបក្សសម រង្ស៊ី និង​ គណបក្សសិទ្ធិមនុស្ស ក្នុងពេល​៣ឆ្នាំទៀត?
បើ​ទោះ​ជារបៀ​បបោះ​ឆ្នោត​មាន​ការកម្រិត​ក្តី ក៏​ការ​បោះឆ្នោត​ថ្ងៃ​១៧ ឧសភា គឺជា​ការ​សាក​ល្បង​ទី១ សម្រាប់​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ដែរ មុន​នឹង​ដល់​ដំណាក់ការ​សំខាន់​មួយ​ទៀត​។​បើ​តាម​លោក​សម រង្ស៊ី គណបក្ស​ទាំងពីរ​មាន​បំណង​ដូច​គ្នា គឺ​រៀប​ចំ​បញ្ជី​បេក្ខជន​រួម​ដើម្បី​ចូល​រួម​ក្រោម​ស្លាកសញ្ញា​តែមួយ សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ បន្ទាប់​មក​ការ​បោះឆ្នោត​តំណា​ងរាស្រ្ត​ឆ្នាំ​២០១៣។ប្រធានគណបក្ស​សម រង្ស៊ី បានប​ង្ហើប​ប្រាប់​ថា៖ «ពីឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១២ ពោលគឺក្នុងពេល​៣ឆ្នាំ យើង​ត្រូវ​សម្រេច​គោល​ដៅ​នេះ។ ដើម្បី​រៀបចំ​បញ្ជី​រួម​មួយ យើង​ត្រូវច្របាច់​បញ្ចូលគ្នា​ក្នុង​គណបក្សតែ​មួយ​និ​ងដូចគ្នា​» ។ លោក​វាយតម្លៃថា ការ​បញ្ចូល​គ្នា​នេះ​នឹងអាច​ប្រព្រឹត្តទៅ​នៅ​ពាក់​កណ្តាលឆ្នាំ២០១១ ពោលគឺ​៦ខែ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ «ពួក​យើង​បាន​ពិភាក្សាគ្នា​ពីរឿង​នេះមួយ​ដំណាក់ការម្តង​ៗ។ ពួក​យើង​ត្រូវ​កំណត់​រចនាសម្ព័ន្ធ អង្គការលេខ ការគ្រប់គ្រង និងដំណើរការ​ការងារ។ ការ​បញ្ចូល​គ្នា​គឺ​ជា​លទ្ធផល​ស្ថាពរ ហើយ​នឹង​មាន​ទំហំ​ធំ​នៅពេលនោះ»។



សូមអានអត្ថបទនៅលើ កាសែត
- គណបក្ស​ប្រឆាំង​នៅកម្ពុជា​បង្កើត​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បីការ​ផ្លាស់​ប្តូរ (១៥-០១-២០០៩)
- ការ​បោះឆ្នោត​តំណាង​រាស្រ្តៈ ​ព្រះសង្ឃ​កម្ពុជា​បាន​ទៅ​បោះឆ្នោត​ឡើង​វិញ (២៤-០៧-២០០៨)

- តើ​អ្វីនៅ​ពីក្រោយ​​វិមជ្ឈការ​និង​វិសហមជ្ឈការនៅ​កម្ពុជា? (០៩-០២-២០០៩)
-ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​នា​ខែឧសភា​នៅ​កម្ពុជាៈ ការ​​​គណនា​អាសនៈក្រុម​ប្រឹក្សា​ក្រៅ​ផ្លូវការ​របស់ខុមហ្វ្រែល (២៦-០២-២០០៩)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ