កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២១ មេសា ២០០៩។ កាស់ស្តាប់ការបកប្រែបណ្តាក់នៅក្នុងការជំនុំជម្រះកាំង ហ្កេចអ៊ាវ ហៅឌុច នៅអវតក។
©ចន វីង ជួយដោយស្ទេហ្វានី ហ្សេ
នៅទីបំផុត នៅ ក្នុងសប្តាហ៍ទី៣នៃសវនាការជំនុំជម្រះឌុច បញ្ហាចោទឡើងដោយសារការបកប្រែភាសាបណ្តាក់អំឡុងពេលសវនាការ ដែលជួនកាលមានលក្ខណៈដូចផ្សងព្រេងនោះ ក៏ត្រូវបានលើកឡើងក្រោមការផ្តួចផ្តើមរបស់មេធាវីការពារជនជាប់ចោទ។ គួររម្លឹកថា តុលាការនេះដំណើរការដោយប្រើភាសាបី គឺខ្មែរ អង់គ្លេស និងបារាំង។ បន្ទាប់ពីកិច្ចពិភាក្សាគួរអោយចាប់អារម្មណ៍លើបញ្ហាទទួលឬមិនទទួល ឯកសារនានានៅតុលាការសាលាដំបូង និងការបង្ហាញរបស់ឌុចពីលក្ខខណ្ឌដែលគាត់ត្រូវបានសម្ភាសន៍ដោយអ្នក តំណាងមួយរូបរបស់អង្គការសហប្រជាជាតិ ជំពូកស្តីពីមន្ទីរម១៣ក៏ត្រូវបានបញ្ចប់នៅទីបំផុត។ នៅពេលជិតបញ្ចប់ថ្ងៃជំនុំជម្រះនេះ យើងក៏បានចូលដល់សំណុំរឿងខ្លឹមដែលត្រូវជំនុំជម្រះនៅទីនេះ គឺមន្ទីរស២១ ដោយចាប់ផ្តើមដំបូងជាមួយនឹងការរម្លឹកឡើងវិញពីការបង្កើតម៉ាស៊ីន ពិឃាតនេះនៅខែសីហា ឆ្នាំ១៩៧៥។
បញ្ហាភាសានៅក្នុងតុលាការធ្វើអោយភាគីទាំងឡាយព្រួយបារម្ភ
សហមេធាវីបារាំងរបស់ឌុច លោករូ(Roux)គឺជា អ្នកទី១ដែលបានទាញសញ្ញាអាសន្ន។ « ដោយក្តីគោរពប៉ុន្តែជាលក្ខណៈឱឡារិក ខាងមេធាវីការពារចង់ទាញការចាប់អារម្មណ៍របស់អង្គសវនាការលើបញ្ហា ធ្ងន់ធ្ងរនៃការបកប្រែដែលយើងជួបប្រទះ។ រាល់ការនិយាយតៗគ្នាដែលបានមកដល់ខ្ញុំ គឺថាយើងបាត់យ៉ាងហោច៥០%នៃសម្តីជាភាសាខ្មែរ។ យើងស្ថិតក្នុងសវនាការយុត្តិធម៌! យើងមិនអាចបន្តធ្វើការដូច្នេះទេ! ខ្ញុំស្នើសុំលោក[ចៅក្រម] តាមអំណាចដែលជារបស់លោក ដាក់កំណត់ទៅ ផ្នែករដ្ឋបាលនៃសាលាក្តី អោយចាត់វិធានការភ្លាមៗ ដើម្បីអោយយើងមានការបកប្រែមួយគោរពតាមន័យដើមទាំងស្រុង[...]។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សារបស់យើង តុលាការរបស់លោកនឹងចេញសេចក្តីសម្រេចលើមូលដ្ឋានគ្រឹះនៃសម្តីដែល នឹងត្រូវនិយាយនៅទីនេះ។ ខ្ញុំមិនចង់ស្រមៃគិតពីអ្វីដែលអាចកើតឡើងទេ ប្រសិនបើនៅក្នុងសេចក្តីសម្រេចរបស់លោកខ្វះសេចក្តីដែលត្រូវបាន និយាយ ឬយ៉ាប់ជាងនេះទៀត ប្រសិនបើពាក្យសម្តីដែលត្រូវបាននិយាយ ត្រូវបានបកប្រែខុសទាំងស្រុងនោះ»។
ជាឧទាហរណ៍ លោកមេធាវីរូបានរម្លឹកថា ថ្ងៃម្សិលមិញ ខណៈពេលដែលសាក្សីនិយាយពី«រណ្តៅ៣» គាត់ស្តាប់ឮការបកប្រែថា«គុក៣»...។ លោកលើកឡើងមិនខ្វះទេពីភាពមិនប្រក្រតីនៃការបកប្រែពីភាសាខ្មែរទៅបារាំង និងពីបារាំងមកខ្មែរ ព្រោះថាជាច្រើនសប្តាហ៍នៃការជំនុំជម្រះគឺគ្មានការបកប្រែដោយផ្ទាល់ ពីខ្មែរទៅបារាំងឬបញ្រ្ចាស់មកវិញនោះទេ។ តាមពិតទៅ ការបកប្រែរវាងភាសាទាំងពីរនេះត្រូវឆ្លងកាត់តាមភាសាអង់គ្លេស ដែលវាបង្កើនគ្រោះថ្នាក់នៃការស្តាប់មិនយល់។ លោកបានលើកអំណះអំណាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរ៉ាប់រងការបកប្រែត្រឹមត្រូវ ហើយថាមធ្យោបាយដែលផ្តល់អោយនៅក្នុងតុលាការនេះសម្រាប់ការបកប្រែ គឺមានការខ្វះខាត។
ភាគីផ្សេងទៀតបានគាំទ្រការទាមទាររបស់មេធាវីការពារជនជាប់ចោទជាឯកច្ឆ័ន្ទ។ លោកខន(Khan) សហមេធាវីភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី១ បានគូសបញ្ជាក់ថា វា«ជារឿងសំខាន់ខ្ពស់បំផុតសម្រាប់ភាពពេញលេញនៃនីតិវិធី និងភាពស្របច្បាប់នៃការវិនិច្ឆ័យចុងក្រោយ ដែលការបកប្រែមិនត្រូវចោទជាបញ្ហា និងត្រឹមត្រូវ»។ លោកបានស្នើអោយតែងតាំងអ្នកជំនាញឯករាជ្យម្នាក់ដើម្បីត្រួតពិនិត្យ ផ្នែកខុសៗគ្នានៃការបកប្រែកិច្ចពិភាក្សានៅពេលសវនាការ ដើម្បីវាយតម្លៃពីវិសាលភាពនៃបញ្ហានេះ ហើយរកវិធីដោះស្រាយអោយបានត្រឹមត្រូវ។ បើមិនអីចឹងទេ បញ្ហានឹងចោទឡើងម្តងទៀត។
លោកកាណោន(Canonne) សហមេធាវីភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី៣ ក៏បានចូលរួមចែករម្លែកការព្រួយបារម្ភនេះដែរ។ «វាសំខាន់ណាស់ដែលយើងត្រូវយល់អោយបានរលូន មិនមានភាពមិនច្បាស់ណាមួយនោះ ហើយការវិនិច្ឆ័យចុងក្រោយត្រូវផ្អែកលើច្បាប់ និងសមធម៌លើផ្នែកមនុស្ស។ ដូច្នេះចាំបាច់ដែលការបកប្រែត្រូវច្បាស់លាស់ និងគោរពច្បាប់ដើម។ [...] ខ្ញុំបារម្ភថា នៅក្នុងកិច្ចវែកញែកនេះ មួយផ្នែកនៃការពិតយើងមិនបានដឹង ដោយសារយើងមិនយល់អ្វីដែលគេនិយាយប្រាប់យើង»។
អំពីភាពអាចទទួលយកបាននៃឯកសាររបស់ DC-Cam
នៅពេលចាប់ផ្តើម លោកមេធាវីរូបានត្រឡប់មកនិយាយពីបទសម្ភាសន៍ពីរចងក្រងឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលការិយាល័យព្រះរាជអាជ្ញាចង់ដាក់បញ្ចូលក្នុងកិច្ចពិភាក្សា។ សំណើនេះត្រូវបានមេធាវីការពារជនជាប់ចោទជំទាស់ ព្រោះលោកមេធាវីបារាំងរូបនេះរម្លឹកថា«ឯកសារទាំងនេះធ្វើឡើងដោយមិនមានមូលដ្ឋានត្រឹមត្រូវ»។ លោកមេធាវីរូបានលើកឧទាហរណ៍មួយ ដើម្បីបង្ហាញការណ៍ដែលថា ឯកសារទាំងនេះមិនអាចប្រើជាភស្តុតាងគតិយុត្តិបាន : «ផ្តើមចេញពីកិច្ចសម្ភាសន៍មួយនៃកិច្ចសម្ភាសន៍ទាំងនេះ DC-Cam បានចងក្រងរបាយការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមាននៅក្នុងសំណុំរឿង ហើយនៅក្នុងរបាយការណ៍នេះ ដោយគ្មានការផ្ទៀងផ្ទាត់អ្វីសោះ អង្គការនេះបានប្រាប់សាធារណៈជនថាមានមនុស្សស្លាប់៣០ ០០០នាក់នៅម១៣! [...] មែនទែនទៅ បន្ទាប់ពីបានឮសាក្សីមួយចំនួនអះអាងខុសពីនេះនៅក្នុងអង្គសវនាការ តើយើងបន្តបណ្តែតបណ្តោយអោយគេនិយាយ និងសរសេរថាមានអ្នកស្លាប់៣០ ០០០នាក់នៅម១៣ទៀតឬយ៉ាងណា? យើងនៅទីនេះដើម្បីបង្ហាញយុត្តិធម៌ មិនមែនធ្វើការឃោសនាអោយខាងណាទេ! ដូច្នេះខ្ញុំស្នើសុំលោកច្រានចោលឯកសារទាំងនេះ ដែលមិនមានលក្ខណៈវិជ្ជាជីវៈ!»។
សហព្រះរាជអាជ្ញារងអន្តរជាតិ អាឡិច បែត (Alex Bates) បានធ្វើការដាក់បន្ទុកជាថ្មី។ លោកបានវាយតម្លៃថា ដោយសារពីមុនមកមេធាវីការពារជនជាប់ចោទមិនបានជំទាស់នឹងឯកសារទាំងនេះ ដូច្នេះឯកសារទាំងនេះមិនអាចច្រានចោលបានទេ។ «នៅពេលដែលឯកសារមួយត្រូវដាក់បញ្ចូលក្នុងសំណុំរឿងហើយ គឺដាក់ហើយ!»។ លោកបានចោទសួរក្នុងសំឡេងខ្លាំងៗថា៖ «តើអាចនិយាយថារាល់ចម្លើយកស្សិណសាក្សីរបស់ DC-Cam មិនអាចទទួលយកបាន ព្រោះវាមិនត្រូវបានធ្វើឡើងតាមនីតិវិធីដូចកំណត់ហេតុបានទេ? [...] មេធាវីការពារជនជាប់ចោទបាននិយាយថា វាមិនមែនជាឯកសារតុលាការ ហើយវាមិនអាចប្រើបានទេ។ ខ្ញុំសង្ឃឹមថា លោកមេធាវីរូមិនមែនកំពុងនិយាយថា ឯកសាររបស់ DC-Cam គួរតែដកចេញពីសំណុំរឿង ហើយមិនអាចអោយតម្លៃបាននោះទេ...។ វិធាន៧៦-១.១នៃវិធានផ្ទៃក្នុងចែងថា អធម៌នៃនីតិវិធី ហើយជាពិសេសគឺមោឃភាពនៃឯកសារមួយដែលត្រូវបានបញ្ចូលក្នុងសំណុំរឿង ត្រូវធ្វើឡើងអំឡុងពេលដំណាក់ការស៊ើបអង្កេត»។ ប៉ុន្តែកិច្ចការនេះមិនត្រូវបានធ្វើទេ។
លោកអាឡិច បែត បានទទួលស្គាល់សិទ្ធិរបស់មេធាវីការពារជនជាប់ចោទក្នុងការ«និយាយថា គេត្រូវផ្តល់ទម្ងន់តិច ឬអត់សោះលើចម្លើយកស្សិណសាក្សីបែបនេះ ព្រោះវាគ្មានការធានាផ្នែកគតិយុត្តិ ព្រោះគេមិនដឹងថាតើអ្នកស៊ើបអង្កេតនោះមានការបណ្តុះបណ្តាលអ្វី ឬព្រោះការបកប្រែមិនត្រូវ»។ ប៉ុន្តែបើតាមមន្ត្រីតុលាការរូបនេះ «ឯកសារមួយចំនួនរបស់ DC-Cam អាច មានប្រយោជន៍ច្រើនជាងឯកសារផ្សេងទៀត នៅចំពោះមុខតុលាការនេះ ព្រោះវាមានសំណួរច្បាស់លាស់។ ឯកសារនីមួយៗដែលត្រូវបានយកក្នុងឯកត្តភាពរបស់វា ត្រូវតែធ្វើការវិនិច្ឆ័យសម្រាប់តម្លៃរបស់វាផ្ទាល់។ ឯកសារប្រភេទមួយចំនួនត្រូវទទួលការធ្វើតេស្តបន្ថែម។ វាមិនមានការតម្រូវអោយរាល់ភាគីយល់ព្រមលើភាពទទួលយកបាននៃឯកសារ មួយនោះទេ»។ លោកមានប្រសាសន៍សង្កត់ធ្ងន់ ដោយសន្និដ្ឋានថា ការបង្កើតច្បាប់ផ្ទៃក្នុងនៃភាពអាចទទួលយកបានរបស់ឯកសារមួយ មិនមែនជាសមត្ថកិច្ចរបស់តុលាការសាលាដំបូងទេ។
ក្នុងជំហរដូចគ្នា លោកមេធាវី Khan បានវាយតម្លៃយោងតាមវិធាន៨៧នៃវិធានផ្ទៃក្នុង ថា«រាល់ភស្តុតាងទាំងអស់គឺអាចទទួលយកបាន» មិនចាំបាច់ថាឯកសារនោះត្រូវបានបញ្ជាក់ថាពិតដោយសាក្សីនោះទេ។ លោកបានបន្ថែមទៀតថា បើមិនដូច្នោះទេ វានឹងអាចបង្កើត«គ្រោះថ្នាក់»មួយ។
លោកមេធាវីកាណោន ដែលឈរនៅខាងលោក Khan ដែរនោះ បានរម្លឹកថា «លក្ខណៈពិសេសរបស់អង្គសវនាការនេះគឺធ្វើបតិដ្ឋានកម្មដីកាបើកអោយ ស៊ើបសួរ និងឯកសារជាច្រើនប្រមូលបានស្របជាមួយគ្នា»។ «បើនិយាយពីផ្នែកសុភវិនិច្ឆ័យ អត្ថប្រយោជន៍នៃកិច្ចពិភាក្សារបស់យើងគឺអាចធ្វើការប្រៀបធៀប អាចដាក់ប្រឈមគ្នានូវឯកសារ និងព័ត៌មានផ្សេងជាមួយនឹងសេចក្តីប្រកាសដែលធ្វើឡើងនៅទីនេះដោយ សាក្សី។ [...] សូមតុលាការប្រាប់យើងពីវិធីប្រើប្រាស់ ដើម្បីអោយយើងដឹងពីជោគវាសនាកំណត់ទុកសម្រាប់ឯកសារទាំងនេះ សូមអោយមានសេចក្តីសម្រេចមួយត្រូវធ្វើឡើង និងវិធីប្រតិបត្តិត្រូវកំណត់ឡើង ហើយយើងនឹងមិនត្រឡប់មកនិយាយពីរឿងនេះវិញទេ! [...] បើនិយាយពីផ្នែកច្បាប់ នៅរាល់ពេលនៃការស៊ើបអង្កេត ប្រសិនបើភាគីទាំងឡាយវាយតម្លៃថា ឯកសារមួយនៃនីតិវិធីជាប់មន្ទិលនៃមោឃភាព ភាគីទាំងនោះត្រូវបង្ហាញសំណើទៅកាន់សហចៅក្រមស៊ើបអង្កេតអោយបង្គាប់ទៅអង្គបុរេជំនុំជម្រះដើម្បីធ្វើការលុបចោលឯកសារនោះ។ លើកលែងតែមានការយល់ច្រឡំពីខាងខ្ញុំ ចំណុចនេះមិនត្រូវបានភាគីណាធ្វើឡើយ។ ខ្ញុំសូមលើកយកវិធាន៧៦-៧។ ដីកាដំណោះស្រាយស្ថាពរដែលចូលជាធរមានហើយ គឺមិនអាចធ្វើមោឃភាពលើនីតិវិធីមុនទេ។ គ្មានមោឃភាពនៃនីតិវិធីណាមួយអាចលើកឡើងនៅចំពោះមុខតុលាការសាលាដំបូង ឬតុលាការកំពូលឡើយ។ ពួកយើងកំពុងពិភាក្សាគ្នាលើកិច្ចពិភាក្សាខុសមួយ។ បញ្ហាគឺច្បាស់លាស់អស់ហើយ!»។
«គុណវិបត្តិដែលគេស្គាល់ច្បាស់របស់ការិយាល័យព្រះរាជអាជ្ញា»
ក្រោមពាក្យវាយប្រហារដូចគ្រាប់ភ្លៀងនេះ លោកមេធាវីរូចាប់យកឱកាសវាយបកវិញ។ «គេប្រាប់ខ្ញុំពីវិធាន៧៦នៃវិធានផ្ទៃក្នុងរបស់យើង ស្តីពីការទាមទារមោឃភាពសម្រាប់អធម៌នៃនីតិវិធី ហើយគេចង់បង្រៀនមេរៀនមួយដល់មេធាវីការពារជនជាប់ចោទដោយថា : «ប៉ុន្តែយ៉ាងម៉េចហ្នឹង វាជាសិទ្ធិរបស់លោកក្នុងការស្នើសុំមោឃភាពលើឯកសារនីតិវិធីមុនការបិទស៊ើបអង្កេត ឥឡូវវាយឺតពេលហើយ!»។ អរគុណសហជីវិនទាំងអស់គ្នាសម្រាប់ការក្រើនរម្លឹកនេះ! តើយើងកំពុងនិយាយពីអ្វីនៅពេលនេះ? តើមានអ្នកណាហ៊ានអះអាងនៅទីនេះថា បទសម្ភាសន៍ធ្វើឡើងដោយ DC-Cam គឺជាឯកសារនីតិវិធីទេ? តាមន័យច្បាប់នៃពាក្យនេះ? តើអស់លោកចង់អោយខ្ញុំរម្លឹកប្រាប់ថាអ្វីជាឯកសារនីតិវិធីនៅក្នុងនីតិស៊ីវិល(civil law) ដែរទេ? សូមលោកនឹកដល់វចនានុក្រមនីតិឯកជនពី«និយមន័យរបស់ឯកសារនីតិវិធី»។ វាត្រូវដាក់បញ្ចូលក្នុងសាលាដំបូង វាមានសារសំខាន់ចំពោះការប្រព្រឹត្តទៅនៃនីតិវិធី និងរដ្ឋបាលផ្នែកភស្តុតាង! [...] ដូច្នេះប្រសិនបើខ្ញុំប្រើវិធាន៧៦នៃវិធានផ្ទៃក្នុង គឺសម្រាប់ស្នើសុំមោឃភាពនៃកំណត់ហេតុគតិយុត្តិ ! ច្បាស់ណាស់ ខាងមេធាវីការពារជនជាប់ចោទមិនបានវិនិច្ឆ័យថាត្រូវស្នើសុំមោឃភាពកំណត់ហេតុគតិយុត្តិធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេត ឬធ្វើឡើងផ្អែកលើដីកាចាត់អោយស៊ើបសួររបស់សហចៅក្រមស៊ើបអង្កេតនោះទេ។ វិធាននេះ មិនថាក្នុងករណីណាទេ គឺមិនអាចដោះស្រាយបញ្ហាដែលយើងកំពុងនិយាយនេះបានទេ។ ឯកសារដែលយើងកំពុងនិយាយ មិនមែនជាកំណត់ហេតុ បើទោះជាវាមើលទៅដូចកំណត់ហេតុក៏ដោយ! កំណត់ហេតុមួយគឺជាឯកសារផ្លូវការរៀបចំឡើងដោយមនុស្សដែលបានស្បថ ហើយនៅក្នុងនីតិស៊ីវិល គឺមនុស្សដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហចៅក្រមស៊ើបអង្កេត»។
ដើម្បីបញ្ចប់ លោក មេធាវីរូបានរម្លឹកជាថ្មីថា វាមានរយៈពេល១ឆ្នាំកន្លះនៃការស៊ើបសួរសម្រាប់សហចៅក្រមស៊ើបអង្កេត និងជាង៣០ថ្ងៃនៃការសាកសួរជនជាប់ចោទ។ «លោកមានលទ្ធភាពផ្តល់ដល់សហចៅក្រមស៊ើបអង្កេតរាល់ឯកសារទាំងអស់ដែល លោកចង់អោយជនជាប់ចោទបានដឹងឮនៅក្នុងក្របខ័ណ្ឌនៃនីតិវិធីស៊ើប អង្កេត ហើយខ្ញុំបានអញ្ជើញលោកច្រើនដងហើយអោយគោរពនីតិវិធីនៃការស៊ើបអង្កេត ហើយខ្ញុំក៏បានព្រមានលោកជាច្រើនដងដែរថា: សូមប្រយ័ត្ន! អ្វីដែលលោកមិនធ្វើអំឡុងពេលនីតិវិធីស៊ើបអង្កេត លោកមិនអាចធ្វើវានៅពេលក្រោយទេ។ ហើយបញ្ហានេះក៏ត្រូវបានជូនដំណឹងទៅជនជាប់ចោទដែរ ដែលបដិសេធមិនឆ្លើយនឹងសហចៅក្រមស៊ើបអង្កេត។ ក្រោយពីនេះ គឺហួសពេលហើយ!»។
បន្ទាប់មកទៀត លោកមេធាវីបានវាយប្រហារលើសហព្រះរាជអាជ្ញា។ «យើងមើលឃើញគុណវិបត្តិច្បាស់ក្រឡែតរបស់ការិយាល័យព្រះរាជអាជ្ញានៅចំពោះមុខយុត្តាធិការអន្តរជាតិ ដែលគេនាំយកឯកសាររាប់តោន ហើយធ្វើអោយខាតបង់ពេលវេលាយ៉ាងច្រើនក្នុងការជ្រើសរើសឯកសារទាំងនេះ។ ខ្ញុំធ្លាប់សង្ឃឹមចង់បានថា នៅក្នុងតុលាការនេះ ដោយសារមានចៅក្រមស៊ើបអង្កេត យើងអាចរៀបចំបញ្ហាទាំងអស់នេះអោយបានមុន ដើម្បីជៀសវាងដូចសព្វថ្ងៃ ក្នុងការចំណាយពេលពីរម៉ោង ខណៈដែលលោកមានមនុស្សជាច្រើន ដូចជាជនរងគ្រោះ និងអ្នកផ្សេងទៀត ដែលរង់ចាំអោយយើងនិយាយពីស២១ ហើយយើងនៅមិនទាន់ដោះស្រាយបញ្ហានេះនៅឡើយ ដែលតាមពិតទៅវាគួរតែអាចដោះស្រាយនៅឯសហចៅក្រមស៊ើបអង្កេតឯណោះ! ដោយសារចង់បង្ហាញច្រើនពេកហ្នឹងហើយ បានជាវាអីចឹង! លោកកំពុងតែស្នើសុំធ្វើការផលិតឯកសារពីរដែលនិយាយផ្ទុយគ្នាទាំងស្រុង។ ខ្ញុំសុំអនុញ្ញាតលោកនិយាយថា ឯកសាររបស់ DC-Cam មិនមែនជាឯកសារនីតិវិធីតាមន័យរបស់នីតិស៊ីវិល ទេ។ [...] ខ្ញុំសុំអនុញ្ញាតលោកនិយាយថា យោងតាមវិធាន៨៧ កឋាខ័ណ្ឌទី៣ លោកមានលទ្ធភាពប្រកាសពីការមិនដាក់បញ្ចូលឯកសារទាំងនេះ។ ខ្ញុំទស្សន៍ទាយថា យើងប្រាកដជាមកជួបគ្នាក្នុងកិច្ចពិភាក្សានេះជាមួយបញ្ហាខ្សែភាពយន្តដែល DC-Cam ចង់ដាក់បញ្ចូលក្នុងកិច្ចពិភាក្សាទាំងនេះមិនខាន។ ខ្សែភាពយន្តដែលនៅក្នុងនោះមេធាវីការពារជនជាប់ចោទបានធ្វើការដោយឡែក ហើយដែលរក្សាទុកនូវការភ្ញាក់ផ្អើលមួយចំនួន...»។
តុលាការសាលាដំបូងនឹងចេញសេចក្តីសម្រេចលើបញ្ហានេះនៅពេលក្រោយ។
បទសម្ភាសន៍មួយដែលដូចការសួរចម្លើយ
បើទោះជាឌុចបានសារភាពប្រាប់អ្នកថតរូបអៀកឡង់ នីក ដុនលុប(Nic Dunlop) ដែលបានរកឃើញដានរបស់គាត់ ថាគឺព្រះគ្រីស្តជាអ្នកនាំគេមករកគាត់ក៏ដោយ បើតាមពាក្យសម្តីរបស់គាត់ គាត់មិនទន់ភ្លន់ដូច្នេះទេចំពោះលោកគ្រីស្តុហ្វ ពែសស៊ូ (Christophe Peschoux) (បច្ចុប្បន្នជាអ្នកតំណាងរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា) ជាតំណាងប្រតិភូរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលគាត់បានជួបនាពេលក្រោយមកទៀត គឺនៅចុងខែមេសា ឆ្នាំ១៩៩៩។ ចៅក្រមឡាវាញ (Lavergne) មានបំណងនិយាយជាមួយជនជាប់ចោទអំពីកាលៈទេសៈនៃជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិរូបនេះ។
ពីថ្ងៃទី២៩ មេសាដល់ ថ្ងៃទី៣ ឧសភា ឌុចត្រូវបានលោកគ្រីស្តុហ្វ ពែសស៊ូ សាកសួរនៅខេត្តបាត់ដំបងដែលបើតាមឌុច លោកគ្រីស្តុហ្វបានធ្វើការសម្ភាសន៍«ដូចជាការសួរចម្លើយ»។ «ខ្ញុំបានតវ៉ា ហើយគាត់ប្រាប់ខ្ញុំថា: វាគឺជាបទដ្ឋានអន្តរជាតិ ហើយគាត់បានបញ្ជាក់ថា គាត់មានអាណត្តិរបស់អង្គការសហប្រជាជាតិ ហើយថាខ្ញុំត្រូវតែឆ្លើយ»។ ជនជាប់ចោទថែមទាំងបន្ថែមទៀតថា : «លោកពែសស៊ូបានមកដូចជាចោរមកលួចប្លន់ខ្ញុំអីចឹង!»។ ឌុចបានរាយការណ៍ថា មន្ត្រីអង្គការសហប្រជាជាតិរូបនេះបានពន្យល់គាត់ថា ពួកគេបរាជ័យក្នុងការស្វែងរកការជ្រកកោននយោបាយសម្រាប់គាត់ ហើយបញ្ជាក់ថា គាត់ត្រូវទៅ«ជាប់គុកនៅប៊ែលហ្សិក»។ «ខ្ញុំមិនចង់ជឿរឿងនេះទេ ខ្ញុំភាន់ភាំងអស់!»។ លោកពែសស៊ូនិងសហការីរបស់ខ្លួនប្រហែលជាអោយលុយគាត់ដើម្បីឆ្លងដែន ដោយសារប៉ូលិសអន្តរជាតិរង់ចាំគាត់នៅលើទឹកដីថៃដើម្បីចាប់ខ្លួន គាត់ ហើយបញ្ជូនទៅប្រទេសប៊ែលហ្សិក។ រឿងនេះនឹងមិនកើតឡើងទេ។
«នេះជាការចោទប្រកាន់ធ្ងន់ធ្ងរមួយទៅលើបុគ្គលិកអង្គការសហប្រជាជាតិ!» លោកសហព្រះរាជអាជ្ញាអន្តរជាតិសួរគាត់ដូច្នេះ។ «តើហេតុអ្វីក៏លោកមិននិយាយរឿងនេះប្រាប់សហចៅក្រមស៊ើបអង្កេត?»។ លោកមេធាវីរូធ្វើអន្តរាគមន៍ ដោយរម្លឹកថា ខាងមេធាវីការពារបានកត់ចំណាំនៅចុងបញ្ចប់នៃការស្តាប់សរសេរចម្លងបទសម្ភាសន៍នេះ ដែលមាននៅក្នុងកំណត់ហេតុ នូវឋបនីយជាច្រើន។ ខាងមេធាវីការពារជនជាប់ចោទបានបញ្ជាក់ថា៖ «អ្នកតំណាងអង្គការសហប្រជាជាតិគួរតែទាញចំណាប់អារម្មណ៍របស់ឌុចមកលើសិទ្ធិរបស់គាត់ក្នុងការនៅស្ងៀមមិននិយាយ»។ ខាងមេធាវីបន្ថែមទៀតថា វាមានភាពមិនច្បាស់លាស់មួយចំនួនទាក់ទងនឹងការបកប្រែបទសម្ភាសន៍នេះ ដែលមាននៅក្នុងសំណុំរឿង។ ខាងការពារក្តីបានធ្វើសំណើសុំដើម្បីបានច្បាប់ដើមនៃកាសែតអាត់សំឡេងទាំងនេះ ដោយសង្កេតឃើញជាមុនថា ឌុចអាចនឹងប្រើរបៀបផ្សេងក្នុងការនិយាយបញ្ហានេះ។ លោកមេធាវីរូបានសន្និដ្ឋានថា «ហើយឌុចបាននិយាយ ក្រោមវត្តមានរបស់មេធាវី បន្ទាប់ពីបានឆ្លើយគ្រប់សំណួររបស់សហចៅក្រមស៊ើបអង្កេត ដែលសំណួរទាំងនេះគាត់ចាត់ទុកថាជាសេចក្តីប្រកាសកន្លងហួស ហើយគ្មានប្រយោជន៍ទេបច្ចុប្បន្ន»។
លោក អាឡិច បែត ដែលងាកចេញពីប្រធានបទនេះ បានប្រកាសថា អាកប្បកិរិយារបស់ឌុចចំពោះឯកសារនេះគឺដោយសារតែគាត់ខ្លាចចម្លើយដែល គាត់បានផ្តល់អោយលោកពែសស៊ូ ហើយគាត់មិនចង់អោយចម្លើយនោះត្រូវយកមកប្រើប្រឆាំងនឹងគាត់ នៅពេលនេះ។ តែសម្តីនេះត្រូវបានឌុចបដិសេធ។ ទោះយ៉ាងណា ការបើករង្វង់ក្រចកនេះអាចអោយអតីតប្រធានមន្ទីរសន្តិសុខស២១ ធ្វើការបកស្រាយសេចក្តីសម្រេចរបស់គាត់ដែលចង់ចេញពីភាពស្ងប់ស្ងាត់មក បង្ហាញខ្លួននៅឆ្នាំ១៩៩៩។ គាត់មិនអាចយល់ព្រមអោយប៉ុល ពតនិយាយថា ស២១គឺគ្រាន់តែជាការប្រឌិតរបស់ពួកវៀតណាម ខណៈដែលគាត់ជាអ្នកគ្រប់គ្រងស២១នោះ។
ចូលដល់ករណីស២១ : ការរម្លឹកឡើងវិញពីការបង្កើតស២១
នៅពេលជិតបញ្ចប់កិច្ចពិភាក្សាក្នុងថ្ងៃនោះ ចៅក្រមបានបិទទំព័រម១៣ ហើយចាប់ផ្តើមពិនិត្យរឿងនៅស២១។ បើតាមការបញ្ជាក់របស់ឌុច មន្ទីរនេះប្រមូលផ្តុំកម្លាំងរបស់ម១៣ និងការិយាល័យលេខ៧០៣។ ឌុចបានប្រកាសដូច្នេះថា «ប៉ុលពតជាអ្នកផ្តួចផ្តើមគំនិតបង្កើតស២១ សុន សេន មានភារកិច្ចដាក់អោយអនុវត្តគុកនេះ ហើយនួន ជា គឺជាអ្នកតាមដានការដាក់អោយដំណើរការ។ [...] គ្រប់យ៉ាងដែលប៉ុល ពត និយាយត្រូវតែអនុវត្ត»។ ឌុចក៏បានរៀបរាប់ពីអ្នកទទួលខុសត្រូវទាំង៧រូបនៅថ្នាក់កំពូលនៃឋានុក្រមរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៥ : ប៉ុល ពត, នួន ជា, សោ ភឹម, អ៊ុង ឈឿន ហៅតាម៉ុក អៀង សារី វ៉ន វេត សមាជិកលេខាអចិន្ត្រៃយ៍ , សុន សេន មេដឹកនាំកម្លាំងប៉ូលិស និងជារដ្ឋមន្រ្តីការពារជាតិ។
ប្រធានបទនេះនឹងបន្តលើកឡើងនៅថ្ងៃស្អែកទៀត តែកិច្ចពិភាក្សាធ្វើតែមួយព្រឹកទេ ដោយសារចៅក្រមត្រូវធ្វើការសម្រេចជាច្រើន ដូច្នេះក៏សម្រេចចិត្តលុបចោលការសវនាការជំនុំជម្រះនៅពេលរសៀល។
អានបន្ថែមលើកាសែត
- សាលាក្តីខ្មែរក្រហមៈ ឌុចសុំទោសនៅក្នុងសវនាការដោយភាពម៉ឺងម៉ាត់ និងចិត្តត្រជាក់ (០១-០៤-២០០៩)
- មេធាវីរបស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារថាការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់(០២-០៤-២០០៩)
- ការបើកសវនាការរបស់ឌុចៈ ដំណើរការចាប់ផ្តើមសន្សឹមៗ ស្របពេលជនជាប់ចោទមានមុខមាត់រឹងមាំ មិនរន្ធត់(៣០-០៣-២០០៩)
- សាលាក្តីខ្មែរក្រហមៈ របាយការណ៍ទាមទារអោយ មានវិធានការណ៍ប្រឆាំងអំពើពុករលួយ និងមានតម្លាភាពជាងនេះ (០៨-១០-២០០៨)
- សាលាក្តីខ្មែរក្រហមៈ កំហឹងរបស់ជនរងគ្រោះកាន់តែខ្លាំងឡើង តាមរយៈជម្លោះមួយជាមួយមេធាវីការពារក្តី (១៥-១២-២០០៨)