| អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង លោកស្រីមួរ សុខហួ ប្តឹងសម្តេចហ៊ុន សែន ពីបទបរិហារកេរ្តិ៍ |
| ដោយ ដួង សុខា | |
| ២៣-០៤-២០០៩ |
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ មេសា នៅទីស្នាក់ការគណបក្សសម រង្ស៊ី នៅទីក្រុងភ្នំពេញ អ្នកតំណាងរាស្រ្តបក្សប្រឆាំង លោកស្រីមួរ សុខហួ បានប្រកាសថា លោកស្រីនឹងប្តឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទបរិហារកេរ្តិ៍ ទៅកាន់តុលាការក្រុងភ្នំពេញតាមរយៈមេធាវីរបស់លោកស្រី។
អ្នកតំណាងរបស់គណបក្សសម រង្ស៊ី រូបនេះមិនពេញចិត្តនឹងពាក្យសម្តីដែលប្រមុខរដ្ឋាភិបាលនិយាយសំដៅលើលោកស្រី កាលពីថ្ងៃទី៤ មេសា ក្នុងពេលសម្តេចចុះទៅខេត្តកំពត ដែលលោកស្រីជាតំណាងរាស្រ្តមណ្ឌលខេត្តនេះ។ សម្តេចហ៊ុន សែន បានថ្លែងជាសាធារណៈដោយប្រយោលថា លោកស្រីមួរ សុខហួ «ជាអ្នកញុះញង់» ហើយថាលោកស្រី«រត់ទៅអោបបុរសម្នាក់រហូតដល់ដាច់ទ្បេវអាវ»។
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីមកពីគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ គូសបញ្ជាក់ថា៖ «ខ្ញុំមិនមានអ្វីប្រឆាំងនឹងសម្តេចនាយករដ្ឋមន្ត្រីទេ។ ក្នុងនាមជាតំណាងរាស្រ្ត ខ្ញុំគោរពគាត់។ ប៉ុន្តែប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺប៉ះពាល់ដល់កិត្តិយសខ្ញុំ និងភាពថ្លៃថ្នូររបស់ជាស្រ្តីខ្មែរ។ តាមរយៈពាក្យបណ្តឹងនេះ ខ្ញុំគ្មានចង់បានអ្វីក្រៅតែពីយុត្តិធម៌ និងកិត្តិយស ក្នុងនាមជាស្រ្តីខ្មែរប៉ុណ្ណោះ»។ អគ្គលេខាធិការងគណបក្សសម រង្ស៊ីរូបនេះបញ្ជាក់ថា លោកស្រីទាមទារតែ៥០០រៀល(០,១២ដុល្លារ) ជានិមិត្តរូបនៃការសងជំងឺចិត្ត និងការតំរូវជាសាធារណៈសំដីរបស់ប្រមុខដឹកនាំអំណាចនីតិប្រតិបត្តិប៉ុណ្ណោះ។
យោងតាមលោកគង់ សំអូន មេធាវីរបស់លោកស្រីមួរ សុខហួ ពាក្យបណ្តឹងនឹងត្រូវដាក់នៅថ្ងៃសុក្រ ទី២៤ មេសា នៅតុលាការក្រុងភ្នំពេញ។ លោកមេធាវីអះអាងថា៖ «តើប្តឹងគាត់[សម្តេចហ៊ុន សែន]ដូចម្តេច បើគាត់ជាតំណាងរាស្រ្ត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ? ប៉ុន្តែរដ្ឋធម្មនុញ្ញចែងច្បាស់ថា ពលរដ្ឋខ្មែរគឺមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់»។ លោកសង្ឃឹមថា ពាក្យបណ្តឹងរបស់លោកនឹងត្រូវតុលាការទទួលយក។
លោក ខៀវ កាញ៉ារីទ្ធ អ្នកនាំពាក្យរបស់រដ្ឋាភិបាល និងរបស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានអះអាងប្រាប់ កាសែត នៅថ្ងៃព្រហស្បតិ៍ថា នៅពេលនោះលោកស្ថិតនៅជាមួយសម្តេចនាយករដ្ឋមន្ត្រីនៅពេលសុន្ទរកថានៅ ខេត្តកំពត ដោយលោកអាចអះអាងថា សម្តេចនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះអ្នកតំណាងរាស្រ្តរូបនេះទេ។ អ្នកនាំពាក្យ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានអធិប្បាយថា៖ «យើងស្វាគមន៍ពាក្យបណ្តឹងរបស់គាត់។ ប៉ុន្តែសម្តេច [ហ៊ុន សែន] មិនបាននិយាយឈ្មោះគាត់ទេ។ អ្វីដែលគាត់ [មួរ សុខហួរ] ធ្វើនេះ គឺដើម្បីអោយមានកេរ្តិ៍ឈ្មោះខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ»។
បើទោះ ជាសម្តេចនាយករដ្ឋមន្ត្រីមិនបាននិយាយចំឈ្មោះអ្នកតំណាងរាស្រ្តបក្ស ប្រឆាំងក្តី ក៏លោកមេធាវីរបស់លោកស្រីមួរ សុខហួ និយាយថា លោកបានមានភស្តុតាងបង្ហាញថា សម្តេចនាយករដ្ឋមន្ត្រីពិតជាបានមានប្រសាសន៍ដូច្នោះ ហើយថាការប្រកាសនោះគឺសំដៅលើកូនក្តីលោកច្បាស់ណាស់។
នៅ ក្នុងសុន្ទរកថា សម្តេចហ៊ុន សែន បាននិយាយពីសំណុំរឿងមួយរវាងអ្នកតំណាងរាស្រ្តរបស់គណបក្សសម រង្ស៊ីរូបនេះ និងឧត្តមសេនីយយោធាម្នាក់នៅខេត្តកំពត។ ឧត្តមសេនីយម្នាក់នេះត្រូវបានផ្តន្ទាទោសដោយគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ដោយផាកពិន័យប្រាក់១០លានរៀលទៅអោយលោកស្រីមួរ សុខហួ ពីបទបំពានលើលោកស្រី។ លោកស្រីបានចោទឧត្តមសេនីយនេះថាបានបៀតបៀនកេរ្តិ៍ខ្មាសលោកស្រី រហូតដល់របូតអាវ ពេលលោកស្រីព្យាយាមថតរូបគាត់កំពុងប្រើប្រាស់រថយន្តរបស់កងពលខេមរភូមិន្ទ ដើម្បីធ្វើការឃោសនាបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតតំណាងរាស្រ្តខែកក្កដា ឆ្នាំ២០០៨ ដែលការប្រើប្រាស់នេះគឺខុសនឹងច្បាប់បោះឆ្នោត។
អានបន្ថែមលើកាសែត - តំណាងរាស្រ្តគណបក្សសម រង្ស៊ីអំពាវនាវអោយរក្សាការពារសណ្ឋគាររណសិរ្ស ទុកជាបេតិកភណ្ឌជាតិ (២៩-១០-២០០៩) - គណបក្សសម រង្ស៊ីបរិហារការគំរាមកំហែង នយោបាយនិងភាពមិនប្រក្រតីក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត (០១-០៧-២០០៨)
|