|
អធិប្បាយចុងក្រោយ
|
| កំណែទម្រង់សុខភាពសាធារណៈនៅកម្ពុជា : មន្ទីរពេទ្យមានផលចំណេញតាមរយៈភាពស្វយ័ត |
| ដោយ រស់ ឌីណា | | | ២៤-០៤-២០០៩ |
ស្វាយរៀង (កម្ពុជា) ថ្ងៃ១៦ សីហា ២០០៧។ មន្ទីរពេទ្យរដ្ឋក្រុងភ្នំពេញនឹងក្លាយជាមន្ទីរពេទ្យស្វយ័ត។ សម្រាប់មន្ទីរពេទ្យនៅតាមខេត្ត ដូចជា«មន្ទីរពេទ្យបង្អែក»ខេត្តស្វាយរៀង ជាដើម កំណែទម្រង់ត្រូវរង់ចាំបន្តិចសិន។ © ចន វីង/ Magnum
ការវិវត្តន៍តូចមួយកំពុងដំណើរការនៅក្នុងប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។ នៅចុងឆ្នាំនេះ យ៉ាងហោចមានមន្ទីរពេទ្យរដ្ឋនៅក្រុងភ្នំពេញចំនួន៤នឹងក្លាយជាគ្រឹះស្ថានស្វយ័ត។ ច្បាប់សម្រាប់អោយទៅជាគ្រឹះស្ថានស្វយ័តដែលត្រូវចូលជាធរមាន និងអនុវត្តជាច្រើនឆ្នាំមកហើយនៅមន្ទីរពេទ្យកាល់ម៉ែត នឹងត្រូវពង្រីកជាបន្តបន្ទាប់ដោយក្រសួងសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី មន្ទីរពេទ្យព្រះកុសមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។ ជាលទ្ធផល គ្រឹះស្ថានទាំងនេះនឹងត្រូវគ្រប់គ្រងថវិកាដោយខ្លួនឯង ដោយភាពទន់ភ្លន់ និងការឆ្លើយតបនឹងតម្រូវការបានល្អប្រសើរជាងមុន ប៉ុន្តែ ក៏ត្រូវទទួលខុសត្រូវច្រើនផងដែរ។ សេចក្តីពន្យល់ពីអ្នកពាក់ព័ន្ធសំខាន់ៗនៃការផ្លាស់ប្តូរនេះ។
ភាពស្វយ័តចូលជាធរមានរួចទៅហើយ អ្នកស្រីសុខ បញ្ញា នាយិការងនៃនាយកដ្ឋានផែនការ និងព័ត៌មាន ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងជាអ្នកទទួលខុសត្រូវគម្រោងមូលនិធិសមធម៌ (Equity Fund) នៅក្រសួងសុខាភិបាល បានអះអាងថា គ្រប់យ៉ាងរៀបចំចប់ហើយ ដើម្បីអោយមន្ទីរពេទ្យរដ្ឋ៤ថ្មីទៀតទទួលបានភាពស្វយ័តទាំងស្រុង នៅក្នុងពេលប៉ុន្មានខែខាងមុខ។ ដូចករណីមន្ទីរពេទ្យកាល់ម៉ែតដែលដំណើរការបែបនេះជាច្រើនឆ្នាំហើយ និងដូចវិទ្យាស្ថានជាតិសុខភាពសាធារណៈប៉ាស្ទ័រនៅទួលគោកដែលដំណើរការកាលពី១ឆ្នាំមុនដែរ មន្ទីរពេទ្យរដ្ឋសំខាន់ៗចំនួន៤ផ្សេងទៀត នឹងត្រូវគ្រប់គ្រងធនធាន និងការចំណាយពួកគេដោយខ្លួនឯង ដើម្បីបានចំណេញទាំងគុណភាព និងប្រសិទ្ធភាព។
នាយិការងដែលបានរៀងចំដំណើរការចាំបាច់នានាជាមួយមន្ទីរពេទ្យរដ្ឋពាក់ព័ន្ធចំនួន៤នៅក្រុងភ្នំពេញផងដែរនោះ បានពន្យល់ថា៖ «បច្ចុប្បន្ន យើងកំពុងធ្វើស្វ័យភាពមន្ទីរពិសោធន៍ត្រួតពិនិត្យឱសថ ដើម្បីធានាពីគុណភាពផលិតផលឱសថ»។ បើតាមអ្នកស្រី កំណែទម្រង់នេះគឺមានន័យស្មើនឹងការអភិវឌ្ឍ និងប្រសិទ្ធភាព ហើយវានឹងអាចពង្រឹងគុណភាពសេវាសុខភាព។ រហូតមកដល់ពេលនេះ ថវិការបស់ពួកគេត្រូវផ្តល់អោយ និងគ្រប់គ្រងដោយរដ្ឋទាំងស្រុង ដូច្នេះមន្ទីរពេទ្យរដ្ឋខ្វះខាតភាពទន់ភ្លន់ និងមធ្យោបាយដើម្បីសម្របខ្លួននិងឆ្លើយតបអោយបានឆាប់រហ័សទៅនឹងតម្រូវការរបស់អ្នកជំងឺ សូម្បីតែគ្រឹះស្ថានទាំងនោះមានប្រាក់ចំណូលច្រើនក៏ដោយ។
ស្វយ័តមិនមែនមានន័យថាជាឯកជនទេ អ្នកស្រីសុខ បញ្ញា គូសបញ្ជាក់ថា៖ «ស្វយ័តមិនមែនមានន័យជាឯកជននោះទេ»។ «យើងនឹងប្រគល់ទំនួលខុសត្រូវដល់គ្រឹះស្ថានទាំងនេះដឹកនាំដំណើរការពួកគេដោយខ្លួនឯង។ បច្ចុប្បន្ន គឺក្រសួង[សុខាភិបាល]ជាអ្នកទទួលខុសត្រូវការគ្រប់គ្រងរបស់ពួកគេជាប្រចាំ ដោយប្រយោល។ បើនៅបន្តធ្វើដូច្នេះ មន្ទីរពេទ្យទាំងឡាយនឹងមិនចេះទទួលខុសត្រូវខ្លួនឯងទេ ហើយផ្តល់សេវាគុណភាពខ្សោយ ព្រោះពួកគេពឹងផ្អែកទាំងស្រុងលើក្រសួង ក្នុងការដោះស្រាយបញ្ហា។ ប្រសិនបើយើងទុកអោយពួកគេធ្វើដោយខ្លួនឯង ខ្ញុំជឿថា ពួកគេនឹងចេះសន្សំសំចៃភ្លើង ទឹក ឬថែរក្សាអគាររដ្ឋយ៉ាងល្អប្រសើរបំផុត»។
សេចក្តីសម្រេចដែលត្រូវអនុវត្តយ៉ាងឆាប់រហ័សបំផុត សម្រាប់លោកឈួ អ៊ីមេង នាយកមន្ទីរពេទ្យកុមារជាតិ ភាពស្វយ័តមានន័យថាយើងមានសិទ្ធិដោះស្រាយបញ្ហាដោយខ្លួនឯងបានភ្លាមៗ ដូច្នេះយើងចំណេញពេលវេលាដ៏មានតម្លៃបំផុតក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។ លោកនាយកពន្យល់ថា បច្ចុប្បន្ន នៅពេលមន្ទីរពេទ្យលោកត្រូវការសម្ភារៈ ឬការវិនិយោគមួយចំនួន លោកត្រូវធ្វើការស្នើសុំទៅកាន់សេវារបស់ក្រសួងដែលពាក់ព័ន្ធ។ ឯកសារត្រូវឆ្លងកាត់ពីការិយាល័យមួយទៅមួយ ហើយជាទូទៅត្រូវចំណាយពេលជាច្រើនខែទម្រាំតែមានការអនុម័តយល់ព្រម។
លោកឈួ អ៊ីមេង គូសបញ្ជាក់ថា៖ «នៅក្នុងប្រព័ន្ធបច្ចុប្បន្ន ឱសថទាំងឡាយគឺត្រូវផ្តល់អោយខាងមន្ទីរពេទ្យ៦ខែម្តង។ តែជាក់ស្តែងមុននឹងអាចប្រើថ្នាំដែលកុម្ម៉ង់ យើងត្រូវរង់ចាំពី៨ទៅ៩ខែ...។ បញ្ហានេះពិតជាមិនឆ្លើយតបនឹងស្ថានភាពបន្ទាន់ទេ»។ សម្រាប់ការកុម្ម៉ង់សម្ភារៈ ក៏ត្រូវមានការអំណត់ដែរ...នាំអោយប៉ះពាល់ដល់អ្នកជំងឺ។ លោកនាយកលើកជាឧទាហរណ៍ជាក់ស្តែងមួយ: «មន្ទីរពេទ្យត្រូវការម៉ាស៊ីនធ្វើតេស្តឈាមមួយ សម្រាប់ប្រើពេលជំងឺគ្រុនឈាមរាតត្បាតខ្លាំង។ តែទីបំផុត ការស្នើសុំនេះក៏ត្រូវផ្តល់សុពលភាពក្រោយពេលជំងឺឆ្លងកើតរួចទៅហើយ។ អីចឹងតើយើងយកម៉ាស៊ីននេះមកធ្វើអី បើហួសរដូវគ្រុនឈាមទៅហើយនោះ? ពិតណាស់ថា យើងអាចរក្សាវាទុកនៅកន្លៀតមួយសម្រាប់ឆ្នាំក្រោយ!»។
ទិសដៅនានាដែលត្រូវបានសម្របសម្រួលឡើង សម្រាប់លោកនាយកមន្ទីរពេទ្យកុមារ ប្រព័ន្ធថ្មីនេះនឹងនាំមកនូវសំទុះមួយយ៉ាងពិតប្រាកដ។ វានឹងអនុញ្ញាតអោយវិស័យសុខាភិបាលមានការអភិវឌ្ឍនៅកម្ពុជា។ ជាងនេះទៀត វាអាចឆ្លើយតបល្អប្រសើរបំផុតប្រឈមមុខនឹងបញ្ហាសុខភាព សេវាមានភាពឆាប់រហ័ស និងគុណភាពល្អ សម្ភារៈទំនើប ឱសថសមស្រប និងធនធានមនុស្សមានការបណ្តុះបណ្តាលល្អប្រសើរ។ លោកឈួ អ៊ីមេង សង្ឃឹមថានឹងអាចធ្វើអោយមានការអភិវឌ្ឍទាំងនេះ តាមរយៈថវិកាគ្រប់គ្រងតាមរបៀបស្វយ័ត នៅកៀកនឹងភាពជាក់ស្តែងប្រចាំថ្ងៃរបស់គ្រឹះស្ថានលោក។
ប៉ុន្តែគ្រោះថ្នាក់មួយនឹងអាចកើតឡើង នៅពេលមានភាពស្វយ័តហួសពេក គឺមន្ទីរពេទ្យនានានឹងធ្វើប្រតិបត្តិការគ្មានសណ្តាប់ធ្នាប់ ដោយពួកគេកំណត់អាទិភាពដោយខ្លួនឯង គ្មានទាំងទស្សនៈវិស័យ គ្មានទាំងគោលដៅរួមសម្រាប់សុខភាពសាធារណៈ។ លោកនាយកមន្ទីរពេទ្យកុមារអះអាងថា៖ «យើងធ្វើសកម្មភាពដោយគោរពតាមនយោបាយរបស់រដ្ឋាភិបាល»។ ម្យ៉ាងទៀត លោកបាននិយាយពី«ពាក់កណ្តាលស្វយ័ត»។ លោកពន្យល់ថា៖ «ខុសពីស្ថានភាពបច្ចុប្បន្ន ដែលការគ្រប់គ្រង និងការធ្វើសេចក្តីសម្រេច នៅលូកលំគ្នាជាច្រើនកន្លែង ប៉ុន្តែជាមួយនឹងកំណែទម្រង់ថ្មីនេះ យើងនឹងមានក្រុមប្រឹក្សារដ្ឋបាល(CA)មួយដែលទទួលបន្ទុកគ្រប់គ្រងផ្ទាល់លើគម្រោងរបស់មន្ទីរពេទ្យ។ នៅពេលយើងត្រូវធ្វើអោយស្របតាមករណីយកិច្ចកំណត់ដោយរដ្ឋាភិបាល យើងនឹងរៀបចំការប្រជុំរវាងគណៈកម្មាធិការ និង CA ។ ដូច្នេះ CA នឹងអាចធ្វើសេចក្តីសម្រេច និងដាក់វាអនុវត្តយ៉ាងឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន»។
ពីសេវារដ្ឋទៅជាសេវារបស់សាធារណៈ? លោកសាយ សេងលី នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ក៏ចែករំលែកក្តីរីករាយរបស់លោកឈួ អ៊ីមេង នេះដែរ។ លោកបានបដិសេធពាក្យចចាមអារ៉ាមលើការកាត់បន្ថយថវិកាផ្នែកសុខភាព និងការលែងចូលរួមពាក់ព័ន្ធពីរដ្ឋ។ លោកនាយកបានលើកឡើងថា៖ «យើងបដិសេធក្នុងការឮគេនិយាយថា អ្វីដែលជារបស់រដ្ឋចេះតែរួមនោះទេ។ ខ្ញុំសូមអះអាងថា ផ្ទុយមកវិញ កំណែទម្រង់នេះអនុញ្ញាតអោយរដ្ឋពង្រីកសកម្មភាពរបស់ខ្លួន។ ការផ្តល់ស្វ័យភាពដល់យើងកាន់តែច្រើន ជាពិសេសលើផ្នែកថវិកា នឹងអនុញ្ញាតអោយយើងធ្វើទំនើបកម្មដល់មន្ទីរពេទ្យរដ្ឋ លើផ្នែកធនធានមនុស្ស និងសម្ភារៈ»។ គិតយ៉ាងម៉េចដែរពីការព្យាបាលដល់ជនក្រីក្រ ? ដោយនៅរក្សាភាពជាគ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យស្វយ័តទាំងនេះកំណត់ថ្លៃព្យាបាលដល់អ្នកជំងឺដោយខ្លួនឯង។ ប៉ុន្តែលោកសាយ សេងលី សន្យាថា រឿងនេះនឹងគ្មានផ្លាស់ប្តូរអ្វីទេសម្រាប់អ្នកក្រីក្របំផុត ដែលគ្មានមធ្យោបាយចេញថ្លៃព្យាបាលនោះ។ លោកអះអាងថា មានចំណុចខុសគ្នាតែមួយគត់ គឺពីពេលនេះតទៅ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីការព្យាបាលឥតគិតថ្លៃ ហើយសេវាមានគុណភាពទៀត។ លោកសាយ សេងលី ព្យាយាមពន្យល់ថា៖ «ធ្វើអោយគ្រឹះស្ថានមួយក្លាយជាគ្រឹះស្ថានសាធារណៈស្វយ័ត គឺមិនមែនដើម្បីសម្លាប់ជនក្រីក្រទេ ប៉ុន្តែផ្ទុយមកវិញ គឺដើម្បីជួយពួកគេ។ កាលណាមន្ទីរពេទ្យគ្រប់គ្រងប្រាក់ ជនក្រីក្រក៏នឹងទទួលបានសេវាមានគុណភាពផងដែរ ហើយបន្ទប់ព្យាបាលក៏មានអនាម័យ... ព្រោះយើងយកលុយពីអ្នកមានដើម្បីជួយអ្នកក្រីក្រ»។ មូលនិធិសមធម៌ជាជំនួយ សម្រាប់ថ្លៃព្យាបាលអ្នកក្រីក្រ នាយកមន្ទីរពេទ្យស្វយ័តពិតជាមិនបានយកពីអ្នកមានមកជួយអ្នកក្រីក្រទាំងនោះទេ។ មន្ទីរពេទ្យទាំងនោះគ្រាន់តែធ្វើរបាយការណ៍វិក្កយបត្រព្យាបាលអតិថិជនក្រីក្ររបស់ខ្លួនដែលមិនមែនជាការព្យាបាលអត់បង់ថ្លៃនោះ ហើយក៏មិនមែនយកប្រាក់ពីអ្នកមានមកបន្ថែម... ប៉ុន្តែគឺជាមូលនិធិមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ដោយរដ្ឋាភិបាល ដោយសហការជាមួយដៃគូបរទេសជាច្រើន និងគ្រប់គ្រងដោយក្រសួងសុខាភិបាល គឺមូលនិធិសមធម៌។ យោងតាមអ្នកស្រីសុខ បញ្ញា ដែលជាអ្នកទទួលខុសត្រូវលើបញ្ហានេះ រដ្ឋបានផ្តល់ប្រាក់ជារៀងរាល់ឆ្នាំពី៥០០ ០០០ទៅ៦០០ ០០០ដុល្លារ បន្ថែមពីលើប្រាក់១លានដុល្លាររបស់ប្រទេសនិងស្ថាប័នម្ចាស់ជំនួយផ្សេងៗទៀត។ អ្នកស្រីគូសបញ្ជាក់ថា៖ «ប្រាក់របស់មូលនិធិនេះត្រូវបានប្រើរួចហើយនៅក្នុងមន្ទីរពេទ្យចំនួន៦នៅទីក្រុងភ្នំពេញ គឺកាល់ម៉ែត ព្រះកុសមៈ មន្ទីរពេទ្យកុមារ មន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី មន្ទីរពេទ្យអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារទារកនិងមាតា ក៏ដូចជាមន្ទីរពេទ្យ១០ទៀតនៅតាមខេត្ត រួមទាំងគ្រឹះស្ថានមួយចំនួននៅថ្នាក់ស្រុក និងមណ្ឌលសុខភាពទូទាំងប្រទេសផងដែរ»។ ជនក្រីក្រ៣លើ៤ត្រូវបានគេទំនុកបម្រុង យោងតាមទិន្នន័យប្រាប់ដោយអ្នកស្រីសុខ បញ្ញា មូលនិធិសមធម៌បានរ៉ាប់រងចេញថ្លៃសម្រាកព្យាបាលដល់ជនក្រីក្រចំនួន៣លាននាក់រួចហើយ ពោលគឺ៦៨%នៃចំនួនប្រជាជនខ្មែរក្រីក្រសរុប៤លាននាក់(៣៥%នៃចំនួនប្រជាជនសរុប)ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ អ្នកជំងឺក្រីក្រមិនចាំបាច់ចេញប្រាក់ទេ យ៉ាងហោចក៏នៅក្នុងទ្រឹស្តីដែរ។ ប្រធានគម្រោងនេះបានពន្យល់ថា៖ «អ្នកទទួលខុសត្រូវមន្ទីរសម្រាកព្យាបាលពាក់ព័ន្ធត្រូវធ្វើរបាយការណ៍មួយបង្ហាញពីចំនួនជនក្រីក្រដែលបានប្រើសេវាសុខភាព ដោយមិនបង់ថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់ពួកគេ។ បន្ទាប់មក មូលនិធិសមធម៌នឹងចេញប្រាក់នោះ»។ មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យអ្នកក្រ? តើធនធានរបស់មន្ទីរពេទ្យរដ្ឋស្វយ័តទាំងនេះបានមកពីអ្នកជំងឺជាអ្នកមានឬ? តើពួកគេយកលុយមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែរឬ? លោកនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ីទទួលស្គាល់ថា សម្រាប់ពេលនេះ អ្នកមួយភាគធំគឺជាជនក្រីក្រ ឬអ្នកមានជីវភាពមធ្យម។ ឯអ្នកមានជីវភាពធូរធារកម្រមកមន្ទីរពេទ្យរដ្ឋណាស់ ពួកគេសុខចិត្តទៅគ្លីនិកឯកជននៅក្នុងក្រុង ឬមន្ទីរពេទ្យនៅបរទេស នៅក្នុងប្រទេសជិតខាង។ បើតាមរូបលោក តាមរយៈការគ្រប់គ្រងតាមបែបស្វយ័ត គ្រឹះស្ថានសាធារណៈទាំងនេះអាចធ្វើទំនើបកម្ម ហើយមានសម្ភារៈដែលមានបច្ចេកវិជ្ជាខ្ពស់ ដូច្នេះអ្នកមាននឹងពិចារណាពីរឿងនេះឡើងវិញ ហើយនឹងងាកមករកសេវារដ្ឋដែលមានតម្លៃថោកជាង ហើយងាយស្រួលទទួលបានជាងការទៅព្យាបាលនៅបរទេស។ លោកសង្ឃឹមថា៖ «ខ្ញុំគិតថា បន្ទាប់ពីរយៈពេលពីរឆ្នាំដំបូងនៃភាពស្វយ័ត យើងនឹងអាចទាក់ទាញអ្នកជំងឺគ្រប់ស្រទាប់វណ្ណៈ ហើយជាពិសេសអ្នកមានដែលនឹងមករកសេវារបស់យើងដោយទុកចិត្ត»។ មុននឹងសប្បាយរីករាយបានពេញទំហឹងពីភាពស្វយ័តរបស់ពួកគេ អ្នកទទួលខុសត្រូវមន្ទីរពេទ្យរដ្ឋនៅទីក្រុងភ្នំពេញ ត្រូវចូលការពារគម្រោងស្នើសុំស្វយ័តរបស់ពួកគេនៅចំពោះមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់នានា។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត តេង សឿង ប្រធានមន្ទីរពេទ្យព្រះកុសមៈ រំពឹងចង់ឃើញសំណុំឯកសារលោកត្រូវផ្តល់សុពលភាព ខណៈដែលលោកបានចូលរួមការពារវាជាច្រើនលើករួចហើយ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅក្រសួងសុខាភិបាល។ ថ្មីៗនេះ លោកត្រូវបានកោះហៅនៅឯទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីនិយាយពីបញ្ហាចុងក្រោយទាក់ទងនឹងកំណែទម្រង់នេះ។ វាជាដំណាក់ការចុងក្រោយមុននឹងការផ្តល់សុពលភាពដោយទីស្តីការ និងការចុះហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយកមន្ទីរពេទ្យនេះ ក៏ដូចមិត្តរួមអាជីពរបស់លោកដែរ រង់ចាំតែភ្លើងខៀវរបស់រដ្ឋាភិបាលដើម្បីអាចហោះដោយស្លាបខ្លួនឯង៕
-ការបញ្ឈប់កំណើតរហូតតាមរយៈការចងបំពង់មេជីវីតឈ្មោលធ្វើអោយបុរសៗភិតភ័យ (២៥-០៤-២០០៨) -ឱសថក្លែងក្លាយនៅកម្ពុជា : ស្លាកសញ្ញាធ្វើអោយមានការមិនទុកចិត្ត (២៣-០២-២០០៩) -វេជ្ជបណ្ឌិតជនជាតិអាមេរិក រកឃើញ "របត់ខ្យល់រត់ ក្នុងខ្លួន" របស់ជនជាតិខ្មែរ (១៨-០៤-២០០៨) -គ្រឿងញៀនៈ មេតំហ្វេតាមីនគ្រីស្តាល់ត្រូវបានរកឃើញនៅប្រទេសកម្ពុជា? (១៤-០៨-២០០៨) -ដល់ពេលចាំបាច់ធ្វើការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ (២៤-០៤-២០០៨)
|
|
|