សង្គ្រាមស្លាបប៉ាកកាមួយបានកើតមានឡើង ជុំវិញការបៀតបៀនមកលើលោកស្រីមួរ សុខហួរ តំណាងរាស្រ្តមកពីគណបក្សសម រង្ស៊ី នៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០០៨ ដែលកាលនោះ ឡេវអាវរបស់លោកស្រីត្រូវបានមន្រ្តីយោធាមួយរូបធ្វើអោយរបូត។ ជម្លោះនេះនៅមិនទាន់រលត់សាបសូន្យនៅឡើយទេ។ ខណៈពេលតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបានដាក់ពាក្យបណ្តឹងប្រឆាំងសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ ដូចអ្វីដែលលោកស្រីធ្លាប់បានប្រកាសពីមុននោះ សម្តេចហ៊ុន សែន ក៏បានធ្វើការវាយបកទៅវិញ ដោយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកស្រីវិញ ប៉ុន្តែ មិនបានបញ្ជាក់អំពីមូលហេតុនៃការប្រើប្រាស់ផ្លូវច្បាប់នេះទេ។
នៅថ្ងៃច័ន្ទ ទី២៧ ខែមេសា ភាគីបដិបក្ខទាំងពីរបានអះអាងថាបានដាក់ពាក្យបណ្តឹងរៀងៗខ្លួន ទៅកាន់តុលាការក្រុងភ្នំពេញ ហើយតុលាការក៏បានយល់ព្រមចុះបញ្ជីបណ្តឹងរបស់ភាគីទាំងពីរដែរ។
លោកគង់ សំអុន មេធាវីរបស់លោកស្រីមួរ សុខហួរ បានបញ្ជាក់ថាលោកបានដាក់ពាក្យបណ្តឹងរបស់កូនក្តីលោក នៅវេលាម៉ោង៨និង៣៥នាទីព្រឹក ទៅកាន់អយ្យការអមតុលាការក្រុងភ្នំពេញ ប្តឹងប្រមុខរដ្ឋាភិបាល ដោយយោងតាមវិសោធនកម្មមាត្រា៦៣ នៃក្រមព្រហ្មទណ្ឌ សម័យអ៊ុនតាក់ (អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា) ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ។ ច្បាប់នេះបានចែងអោយមានការផាកពិន័យជាទឹកប្រាក់ពីមួយលាន ទៅ១០លានរៀល (២៥០ទៅ២៥០០ដុល្លារ) ក្នុងករណីមានការផ្តន្ទាទោស។
នៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ មេសា នៅទីស្នាក់ការគណបក្សប្រឆាំង នាទីក្រុងភ្នំពេញ លោកស្រីតំណាងរាស្រ្តមកពីគណបក្សសម រង្ស៊ី ប្រចាំមណ្ឌលកំពតរូបនេះបានបន្ទោសសម្តេចហ៊ុន សែនថាបានថ្លែងជាសាធារណៈ ដោយមិនបាននិយាយចំឈ្មោះរបស់លោកស្រី ថាតំណាងរាស្រ្តស្រីមកពីគណបក្សប្រឆាំងមានចរឹត«បង្កហេតុ» ហើយថាតំណាងរាស្រ្តរូបនោះបានស្ទុះទៅអោបបុរសម្នាក់ រហូតដាច់ឡេវអាវ»។ លោកស្រីមួរ សុខហូរ អគ្គលេខាធិការរងគណបក្សសម រង្ស៊ី បានវាយតម្លៃថាសំដីដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈរបស់ប្រមុខរដ្ឋាភិបាលនេះបានធ្វើអោយប៉ះពាល់«ដល់កិត្តិយសរបស់លោកស្រី និងភាពថ្លៃថ្នូររបស់ស្រ្តីខ្មែរ» ហើយលោកស្រីទាមទារសំណងជំងឺចិត្តជាប្រាក់និមិត្តរូបចំនួន៥០០រៀល និងទាមទារអោយសម្តេចកែប្រែពាក្យសំដីជាសាធារណៈ។
ដោយឡែក លោក គី តិច មេធាវីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានិងរបស់រដ្ឋាភិបាលបានអះអាងប្រាប់ កាសែត ថាលោកបានដាក់ពាក្យបណ្តឹងមួយប្រឆាំងលោកស្រីមួរ សុខហួរ ប៉ុន្តែលោកបដិសេធមិនបកស្រាយអំពីមូលហេតុនៃការដាក់ពាក្យបណ្តឹងនេះ។ លោកគី តិច អតីតប្រធានគណៈមេធាវីកម្ពុជាបានអះអាងថា «ខ្ញុំប្តឹងលោកជំទាវមួរ សុខហួរ និងអ្នកពាក់ព័ន្ធ ទាមទារសំណងជំងឺចិត្តជាទឹកប្រាក់១០លានរៀល ក្នុងម្នាក់»។ លោកបដិសេធមិនបង្ហាញអត្តសញ្ញាណ«មនុស្សពាក់ព័ន្ធទាំងនេះ»។
យ៉ាងណាមិញ លោកខៀវ កាញ៉ារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា បានធ្វើការបញ្ជាក់យ៉ាងលំអិតថាវាជាពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍។ អ្នកនាំពាក្យ និងជារដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះបានអោយដឹងថា «ពីដំបូង សម្តេច [ហ៊ុន សែន] មិនចង់ដាក់ពាក្យបណ្តឹងនោះទេ ប៉ុន្តែ គាត់ [មួរ សុខហួរ] បានធ្វើការអំពាវទៅសង្គមស៊ីវិល និងជនបរទេស ដែលបានរិះគន់សម្តេច តាមរយៈលិខិត។ វាប៉ះពាល់ដល់កិត្តិយសរបស់សម្តេច។ ប្រសិនជាសម្តេចមិនបញ្ចេញប្រតិកម្មតបតវិញនោះទេ មានន័យថាសម្តេចបានធ្វើខុស»។ លោកបានគូសបញ្ជាក់ថា ករណីមានការស្នើសុំពីតុលាការ សុំអោយមានការព្យួរអភ័យឯកសិទ្ធិសភារបស់លោកស្រីមួរ សុខហួរ តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្លេងភាគច្រើននៅក្នុងរដ្ឋសភា នឹងឆ្លើយតបគាំទ្រចំពោះសំណើនេះ។
ដោយឡែក លោកស្រីមួរ សុខហួរបានប្រកាសស្វាគមន៍ចំពោះពាក្យបណ្តឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ដោយបានគូសបញ្ជាក់ថាពលរដ្ឋទាំងអស់មានសិទ្ធិការពារខ្លួននៅចំពោះមុខច្បាប់។ តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបានសង្កត់ធ្ងន់ថា «ខ្ញុំមិនព្រួយបារម្ភទាល់តែសោះ។ ប្រសិនជាអភ័យឯកសិទ្ធិសភារបស់ខ្ញុំត្រូវបានព្យួរ ដូចនេះ អភ័យឯកសិទ្ធិរបស់នាយករដ្ឋមន្រ្តីក៏ត្រូវព្យួរដូចគ្នាដែរ។ ខ្ញុំសូមត្រឹមតែតុលាការធ្វើការដោយយុត្តិធម៌ ដើម្បីអោយមានការគោរពច្បាប់ និងជនរងគ្រោះ»។
-
អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង លោកស្រីមួរ សុខហួ ប្តឹងសម្តេចហ៊ុន សែន ពីបទបរិហារកេរ្តិ៍ (២៣-០៤-២០០៩)