កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ឌុច​មាន​អារម្មណ៍​ភិត​ភ័យ នៅពេល​គាត់​ត្រូវ​បាន​ស្នើអោយ​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ស-២១
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៨-០៤-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៧ មេសា ២០០៩៖ សាល​សារព័ត៌មាន​ ថ្ងៃទី​​១២​នៃ​សវនាការ​ជំនុំជម្រះ​របស់​កាំង ហ្គិច​អ៊ាវ ហៅឌុច នៅអ.វ.ត.ក
© ចន វីង/ Magnum


នៅ​ថ្ងៃ​ទី១ សប្តាហ៍​ទី​៤ នៃ​ការ​ជំនុំជម្រះ​​របស់​ឌុច ជន​ជាប់​​ចោទ​បាន​សង្កត់​ធ្ងន់​ថា​​ការ​សួរ​ចម្លើយ​​អ្នក​ទោស​មិន​មែន​ស្ថិត​នៅក្រោម​ការ​បង្គាប់​បញ្ជា​របស់គាត់​ផ្ទាល់​នោះទេ​ លើក​លែង​តែ​មានការ​ចេញ​បញ្ជា​​ពី​​​ថ្នាក់​លើ​របស់​គាត់​។​ ថ្នាក់​ក្រោម​របស់​គាត់​ គឺ​មិត្ត​ហ៊ ​ដែល​ជា​អ្នក​ទទួល​បន្ទុក​​​កិច្ច​ការ​យោធា ​មាន​តួនាទី​ចាប់ បង្ខាំង ដឹក​អ្នកទោស​ទៅជើង​ឯក ដើម្បី​«កម្ចេច​» និង​​ចូល​រួម​អន្តរាគមន៍ ក្នុង​ករណី​មានការ​វាយ​ប្រហារ​ពីខា​ង​ក្រៅ។ «ខ្ញុំវិញ​ ជាប់​រវល់​នឹង​ការ​អាន​ឯកសារ​​សួរ​ចម្លើយ​អ្នកទោស​...» ដែល​ត្រូវតែ​មាន​លក្ខណៈ​ពេញ​លេញ​គ្រប់​គ្រាន់ មុន​នឹង​​អ្នក​​ទោស​​ស្លាប់។ ម្យ៉ាង​វិញ​ទៀត គាត់​បាន​ទទួល​ស្គាល់​ថា​មន្ទីរ​សន្តិសុខ​ ម-១៣ និង​មន្ទីរ ស-២១ មានលក្ខណៈ​ស្រដៀងគ្នា​ជា​ច្រើន​ចំណុច។

 

បុគ្គលិក​នៅមន្ទីរ​​ ស-២១ ភាគ​ច្រើន​គឺជា​បុគ្គលិក​មកពី​​​កងពល​លេខ​៧០៣ ​មន្ទីរ​​សន្តិសុខ​​ ម-១៣ ដែលឌុចបានគ្រប់​គ្រង​រហូត​ដល់​ឆ្នាំ​១៩៧៥ ហើយនិង​ភ្នាក់ងារ​អប់រំមកពី​ទីក្រុង​​ភ្នំពេញ​​​។​

ឌុច​​បាន​ធ្វើការ​ស្នើសុំ​ការ​អនុញ្ញាត​ពីថ្នាក់លើ​ ដើម្បីជ្រើស​រើស​ក្មេង​ៗ មក​ធ្វើជា​បុគ្គលិក​បន្ថែម​​​នៅ​មន្ទីរ​​​ឃុំ​ឃាំង​នេះ។​ ឌុច​បាន​ពន្យល់ថា ក្រុម​ក្មេង​មួយ​ក្តាប់​តូច​ក្នុង​ចំណោម​ក្មេង​ទាំង​នោះ​បាន​​ក្លាយជា​អ្នក​នាំ​សារ ចំណែក​ក្មេង​ផ្សេង​ទៀត ដែល​នៅ​មិនទាន់​ពេញ​វ័យ​នៅ​ឡើយ ត្រូវ​បាន​​ប្រើ​អោយ​ចេញ​ទៅរក​ស្មៅ​ សម្រាប់​ទន្សាយ។​

បេសកកម្ម​​​កម្ចាត់​ខ្មាំង​សត្រូវ ដែលបាន​សម្លាប់​បុគ្គលិក​មន្ទីរ ស-២១យ៉ាង​រង្គាល​ បាន​ប៉ះ​ពាល់​​​ជាពិសេស ទៅលើ​អ្នកដែល​មានប្រភពចេញ​មកពី​កង​ពល​លេខ​៧០៣ និង​ភ្នាក់ងារ​ភ្នំពេញ​។ នៅ​មន្ទីរ​ស-២១ អ្នក​សួរ​ចម្លើយ​ស្រី ដែល​មាន​ស្វាមី​​​ជា​កម្មាភិបាលនៅមន្ទីរ​ស-២១ ក៏​ត្រូវ​ទទួល​រង​ជោគវាសនា​ដូច​ស្វាមី​របស់ខ្លួន​ដែរ នៅ​ពេល​ស្វាមី​បានបាត់បង់​ទំនុក​ចិត្ត​ពី​បក្ស និង​ត្រូវបាន​សម្លាប់​ចោល។​

ដោយ​ឡែក នៅក្នុង​សវនាការ ឌុច​បាន​លើកបង្ហាញឯកសារ​​ចម្លើយ​សារភាព​របស់​អ្នក​ទោស​ ដើម្បី​ពន្យល់​​អំពី​វិធីសាស្រ្ត​នៃការ​ប្រតិបត្តិការសួរ​ចម្លើយ​។ ឌុច​បានអះអាង​ថា​វា​ជា​ឯកសារ​ចម្លើយ​អ្នកទោស​ ដែល​គាត់​បាន​ធ្វើ​ចំណារ​ផ្ទាល់​ដៃ រួច​បញ្ជូន​ទៅកាន់សុន សេន និង​បញ្ជូន​បន្ត​ទៅអោយ​ប៉ុល ពត ពិនិត្យ​និងសម្រេច។​ ជនជាប់ចោទ​បាន​លើកឡើង​ថា «ខ្ញុំ​មាន​​ទំនាក់ទំនង​ជា​ប្រចាំ ជាមួយថ្នាក់លើ​របស់​ខ្ញុំ»។ គាត់​បាន​ពន្យល់​ថាចម្លើយ​​​សារភាព​ទាំង​​នេះ​​បង្កើត​បានជា​ប្រភព​ព័ត៌មានមួយ អំពី​កំរិត​នៃការ​ជ្រៀត​ចូលរបស់ខ្មាំង​​សត្រូវ​​នៅ​ក្នុង​​​គណបក្ស​កុម្មុយនីស្ត​កម្ពុជា ហើយនឹង​ត្រូវ​បាន​ប្រើ​សម្រាប់​​កម្ចាត់​បណ្តាញ​ជន​ក្បត់​។

មន្ទីរ​ស-២១គឺជាការ​បន្ត​របស់មន្ទីរ ម-១៣
មន្ទីរ​សន្តិសុខ​ទាំងពីរ​នេះ​ពិត​ជា​មានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ ឌុច​បាន​ទទួល​ស្គាល់​តាំង​ពី​​ពេល​ចាប់​ផ្តើមថា​ មន្ទីរ​ទាំងនេះ​ត្រូវ​បាន​ប្រើ​សម្រាប់​បេសកកម្ម​អប់រំ។ «គោល​បំណង គឺ​​បង្រៀន​យុវជន​ដែល​យើង​បាន​ទទួល អំពី​ភាព​សាហាវ​ឃោរឃៅ​ ហើយ​យើង​ប្រើប្រាស់​ពាក្យ​​​ពេចន៍កុម្មុយនីស្ត​នៅក្នុង​ក្រប​ខ័ណ្ឌ​បណ្តុះ​បណ្តាល​នេះ។ […] យើង​បាន​បណ្តុះ​បណ្តាល​​​យុវជន​ទាំងនេះ [ក្មេង​កសិករ] អោយ​ចេះ​​បញ្ចេញ​ប្រតិកម្ម​​បែប​​​ជ្រុល​និយម និង​អនុវត្ត​​​គ្រប់បែប​យ៉ាង តាម​អ្វី​ដែល​យើង​បាន​បញ្ជា​ពួកគេ​អោយ​ធ្វើ។ […] ជា​ទូទៅ ចរឹត​ធម្មជាតិ​​​របស់​ក្មេងៗ​ទាំង​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ បន្ទាប់​ពី​យើង​បាន​អប់រំ​ពួកគេ​រួចមក​​។ ពួកគេ​ប្រែ​​​ក្លាយ​ពី​មនុស្ស​ស្លូត​ត្រង់​ ទៅជា​មនុស្ស​ដែលអាច​ធ្វើការ​ងារ នៅក្នុង​លក្ខខណ្ឌ​សាហាវ ដូច​ជា​ជេរ​ប្រមាថ វាយ​ដុំ​ […] ។ ម្យ៉ាង​ទៀត ខ្ញុំ​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​អប់រំ​ និង​កែប្រែ​ក្មេង​ទាំង​នេះ»។

ជន​ជាប់​ចោទ​បាន​សង្ខេប​ថា អ្វីដែល​ត្រូវ​បាន​កំណត់​នៅមន្ទីរ​ម-១៣ ត្រូវបន្ត​យក​មក​អនុវត្ត​នៅ​មន្ទីរ​ស-២១។ ទាក់​ទិន​នឹងការ​បណ្តុះបណ្តាល​ភាព​សហាវ​ឃោរឃៅ បច្ចេក​ទេស​សួរ​ចម្លើយ ការ​ប្រើ​ប្រាស់​ការ​​ធ្វើ​ទារុណកម្ម​ រឺ​លក្ខខណ្ឌ​នៃការ​ឃុំឃាំង គឺ​មានលក្ខណៈ​ស្រដៀល​​​ទៅនឹង​វិធីសាស្រ្ត ដែល​ពួក​ខ្មែរក្រហម​បាន​ប្រើប្រាស់នៅគ្រប់​ទីកន្លែង នៅ​តាម​មន្ទីរ​​សន្តិសុខ​​ទូទាំង​ប្រទេស​។

​​ប្រធាន​ដ៏ល្អ​មួយរូប​ សម្រាប់​មន្ទីរ​ ស-២១
នៅ​​ឆ្នាំ​១៩៧៦ មិត្ត​ណាត ត្រូវ​បាន​ផ្លាស់​ចេញពី​មុខ​តំណែង​ជា​ប្រធានមន្ទីរ​ស-២១ ​ទៅ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​អង្គភាព​ទំនាក់ទំនង​កង​ទ័ព​សម្រាប់​ប្រទេស​ជាតិទាំង​មូល។ ដូចនេះ គាត់​បាន​ស្នើ​​​​អនុប្រធាន​របស់គាត់ គឺឌុច អោយ​ជំនួស​តំណែង​របស់គាត់​។ ឌុច​បានអះអាង​ថា​ «ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ប្រាប់​លោក ឡឺម៉ុង (សហចៅក្រម​ស៊ើប​អង្កេត) ខ្ញុំ​អនុវត្ត​ការងា​រសួរ​ចម្លើយ​បាន​​ល្អ​ប្រសើរ​ជាង​មិត្ត​ណាត​ទៅ​ទៀត […]។ គណបក្ស​កុម្មុយនីស្ត​កម្ពុជា​មាន​ទំនុចចិត្ត​លើ​រូប​​ណាត តិច​ជាង​លើរូប​ខ្ញុំ ព្រោះខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់​ ខ្ញុំ​និយាយ​តែ​ការ​ពិត​ប្រាប់​ពួកគេ។ ខ្ញុំ​​សុទ្ធចិត្ត​ស្លាប់​ ជាជាង​និយាយ​កុហក!»។ ឌុច​បានគូស​បញ្ជាក់​នៅចំពោះមុខ​ចៅក្រម​ ឡឺម៉ុង ថា​គាត់​អាច​មាន​អំនួត​ចំពោះ​បទ​ពិសោធន៍នៃ​ការ​សួរ​ចម្លើយ ដែល​ចាប់ផ្តើម​នៅឆ្នាំ​១៩៧១ នៅមន្ទីរ​ម-១៣។ លោក​ចៅក្រម ឡាវ៉ែញ បាន​លើក​ឡើង​ម្តង​ទៀត​​​​នៅ​ក្នុង​អង្គ​សវនាការ​​ថា នៅ​ដំណាក់កាល​ស៊ើប​សួរ​របស់​សហចៅក្រម​ស៊ើប​អង្កេត ជនជាប់​ចោទ​ក៏​បាន​​ប្រកាស​ផង​ដែរ​ថា «ខ្ញុំមាន​អារម្មណ៍​ថា ខ្ញុំត្រូវ​តែ​អនុវត្ត​ការងា​រនេះ បើ​ទោះ​បីជា​ខ្ញុំ​ស្អ​ប់​ការងារ​ជា​នគរបាល និង​ការ​ងារ​សួរ​ចម្លើយ​នេះ​ក៏​ដោយ។ ខ្ញុំ​ធ្វើការ​បាន​ល្អ​ជាង​មិត្ត​ណាត​ទៅ​ទៀត។ ខ្ញុំ​ត្រូវ​តែ​ធ្វើការងារ​នេះ វា​មិន​អាច​ជៀស​ផុត​នោះទេ ព្រោះ​នេះ​គឺជា​បញ្ជា ខ្ញុំ​ត្រូវ​តែ​​អនុវត្តតាម!»។

ដោយធ្វើការ​ប្រៀប​ធៀប​ជាមួយ​ប្រធាន​មុន ឌុច​បាន​អះអាង​ថា​គាត់​មានលក្ខណៈ​ផ្ទុយ​ស្រឡះ​​ពីមិត្ត​ណាត គាត់​មិន​ដែល​ធ្វើការ​សម្រេច​ចិត្ត​ឯកតោ​ភាគី​នោះទេ គាត់​តែ​ង​តែ​រង់ចាំ​ការ​​បញ្ជា​របស់​ថ្នាក់លើ​របស់​គាត់​ជានិច្ច។​

ជនជាប់​បាន​លើកឡើង​ម្តង​ទៀត​ថា​មុន​ដំបូង គាត់​មាន​បំណង​ដក​ខ្លួន​ចេញ​ពី​ការ​តែង​តាំង​នេះ ដោយចង់​​នៅធ្វើ​ជា​អនុប្រធាន​មន្ទីរ​ស-២១​ដដែល ហើយ​គាត់​បាន​ស្នើ​សិស្ស​របស់​សុន សេន​​ម្នាក់ផ្សេង​ទៀត ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​មុន​គាត់  ដើម្បី​មក​ជំនួស​តំណែង​របស់​ណាត។ គាត់​បាន​ពន្យល់ថា​គាត់​មាន​អារម្មណ៍ភិត​ភ័យ ក្នុងការ​ទទួល​តួនាទី​បែប​នេះ ប៉ុន្តែ ដោយ​សារមាន​​ការ​គំរាម​កំហែង​​ពី​​​សុន សេន ដែលជា​ថ្នាក់​លើរបស់​គាត់​ គាត់​បង្ខំ​ចិត្ត​យល់​ព្រម​ទទួល​​​តួនាទី​ថ្មី «ដោយមិនហ៊ាន​ជំទាស់​»ឡើយ​ បើមិនដូច្នោះទេ គាត់​អាច​នឹង​ដាច់​ក្បាល​​ចេញ​ពីស្មា​។​



 -ការ​បោស​សម្អាត​ព្រះពុទ្ធ​សាសនា​របស់​ពួក​ខ្មែរក្រហម (០៤-០៦-២០០៨)
-បរាជ័យ​របស់​ពួក​ខ្មែរក្រហម​ក្នុង​ការ​ដក​ឫស​ព្រះពុទ្ធ​ សាសនា​ពី​សង្គម​ខ្មែរ (១១-០៦-២០០៨)
-ការជំនុំជម្រះឌុច : សវនាការប្រព្រឹត្ត​ទៅ​យ៉ាង​លឿន​នៅចំពោះមុខ​អ្នក​ចូល​រួមតាមដាន​យ៉ាងច្រើន​កុះករ (២៣-០៤-២០០៩)
-ការ​​​ជំនុំជម្រះ​ឌុចៈ គ្រូ​បង្រៀន​ដែល​​ព្រម​ពលិកម្ម​​គ្រប់​​បែប​​យ៉ាង​​ដើម្បី​បដិវត្តន៍ និង​គោរព​តាម​​បទ​បញ្ជា​ដោយ​​​ភ័យខ្លាច​បាត់​បង់​ជីវិត ​ (០៧-០៤-២០០៩)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ