កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




មួរ សុខ​ហួរ-ហ៊ុន សែនៈ នាយក​រដ្ឋមន្រ្តី​​ថាខ្លួនជា​ជន​រង​គ្រោះ ខណៈ​ពេល​អង្គការ​ក្រៅ​រដ្ឋាភិបាលរិះ​គន់​ការ​​គំរាម​កំហែង​របស់​សម្តេច
ដោយ ដួង សុខា និង​ឡូរ៉ង់ ឡឺហ្គូអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៩-០៤-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៤ កញ្ញា ២០០៨៖ លោក​ស្រីមួរ សុខហួរ តំណាង​រាស្រ្ត​មក​ពី​គណបក្ស​​សម រង្ស៊ី នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន នា​ឱកាស​បើកសម័យ​​ប្រជុំ​សភា​លើក​ទី​១ នីតិកាល​ទី​៤
© ចន វីង/ Magnum

នៅក្នុង​សុន្ទរកថា​មួយ នា​ថ្ងៃ​ពុធ ទី​ ២៩ ខែមេសា នៅ​ទីក្រុង​ភ្នំពេញ ​​នាយក​រដ្ឋ​មន្រ្តី​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​បានប្រកាស​​​ថា​សម្តេច​គឺ​ជា​ជនរង​គ្រោះ នៅក្នុង​រឿងក្តី​ក្ដាំ​​ជាមួយ​​លោក​ស្រី​​មួរ សុខហួរ តំណាង​រាស្រ្ត​មក​ពីគណបក្ស​សម រង្ស៊ី ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្រឆាំង​សម្តេច ពីបទ​បរិហារ​កេរ្តិ៍ និងជេរ​ប្រមាថ។ សម្តេច​បាន​រម្លឹក​ប្រាប់​ដៃគូបដិបក្ខ​របស់​សម្តេច​ថា​​វា​ជា​ការ​ងាយ​ស្រួល ក្នុងការ​​​ដក​អភ័យ​ឯក​សិទ្ធិ​សភា​របស់​​​លោក​ស្រី ព្រោះ​ថា​តំណាង​រាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភា ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក អង្គការ​​សង្គម​ស៊ីវិល​​កម្ពុជា​ជាច្រើន​មាន​ប្រតិកម្ម​​យ៉ាង​​ខ្លាំង ដោយ​ចោទ​ប្រកាន់​ថា​សម្តេច​​ប្រើ​​​អំណាច​ដាក់​​​សំពាធ និង​គំរាម​កំហែង​​ទៅលើ​ដៃគូ​ប្រឆាំង។

 

សម្តេច​​នាយក​រដ្ឋ​មន្រ្តី​​បាន​ថ្លែង​​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​​​និស្សិត ដែល​ទើប​តែ​បញ្ចប់​​ការ​សិក្សា​ថា ​«ខ្ញុំ​គឺជា​ជន​រង​គ្រោះ​​​មួយ​រូប ដែល​មាន​បំណង​ការពា​រខ្លួន ទៅ​តាម​ផ្លូវ​​​ច្បាប់​ និង​ចង់​បាន​​​យុត្តិធម៌»។​ ដោយ​អះអាង​ថា​មិន​បាន​​​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លោក​ស្រីមួរ សុខ​ហួរ សម្តេច​ហ៊ុន សែន​មាន​ប្រសាសន៍​​​​ថាសម្តេច​មិន​បាន​ជេរ​ប្រមាថ​​«ស្រ្តី​ណា​ម្នាក់​» នោះទេ។ សម្តេច​បាន​អះអាង​ថា សំដី​របស់​សម្តេច​ នៅ​​​ខេត្ត​កំពត កាលពី​ដើម​ខែ​មេសា ទាក់ទង​នឹង​ស្រ្តី​ម្នាក់ មាន​ចរឹត «ញុះ​ញង់​​» ដែល​«ស្ទុះ​ទៅអោប​បុរស​ម្នាក់ រហូត​ដល់​ដាច់​​​​ឡេវ​អាវ» គឺ​មិន​មែន​​ចង់សំដៅ​ទៅលើ​​អ្នក​តំណាងរាស្រ្ត​ស្រី​រូប​នេះ​ទេ...

សម្តេច​បាន​ធ្វើការ​បក​ស្រាយ​បញ្ជាក់​អំពី​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​សម្តេច ប្តឹង​តំណាង​រាស្រ្ត​​ស្រី​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ​ថា «ថ្ងៃ​ព្រហស្បតិ៍ [ទី​២៣ មេសា] គាត់ [មួរ​ សុខ​ហួរ​]​បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ [ទាក់ទង​នឹង​រឿង​​នេះ]។ ដូចនេះ ខ្ញុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់​។ ខ្ញុំ​បាន​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​សុក្រ [២៤ មេសា] លើ​ពាក្យ​បណ្តឹង​មួយ [ប្តឹង​លោក​ស្រី​មួរ សុខហួរ] ពីបទ​បរិហារ​កេរ្តិ៍ មុន​ពេលចំណាត់​ការ​នីតិវិធី​របស់តុលាការ​ [ដែល​លោក​ស្រី​មួរ សុខហួរ បាន​ធ្វើ​ ដើម្បី​ប្តឹង​សម្តេច​ហ៊ុន ​សែន]»។ សម្តេច​បាន​បញ្ជាក់​ថា​សម្តេច​ក៏​ប្តឹង​​​លោក​គង់ សំអុន មេធាវី​​របស់​លោកស្រី​មួរ សុខ​ហួរ​ផង​ដែរ ព្រោះ​គាត់​ស្ថិតនៅ​ក្បែរ​កូន​ក្តី​របស់​គាត់​ នៅ​ពេល​សន្និសីទ​សារព័ត៌មាន​នោះ។ សម្តេច​បានទាមទារ​អោយ​អ្នក​ទាំង​ពីរ​ ក្នុង​ម្នាក់ សង​ជំងឺ​ចិត្ត​ ១០លាន​រៀល (២ ៥០០ដុល្លារ)។ សម្តេច​បាន​ប្រកាស​ថា សម្តេច​នឹង​ប្រគល់​ថវិកា​ទាំងនេះ​​អោយទៅ​កុមារ​កំព្រា។

សម្តេច​ក៏បាន​អះអាង​ផង​ដែរ​ថា ប្រសិនជា​តុលាការ​ស្នើ​សុំ​ព្យួរ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​សម្តេច សម្តេច​ត្រៀម​ទទួល​យក​តាម​សំណើ​នេះ។ សម្តេច​បាន​បញ្ជាក់​ថា​នីតិវិធី​បែ​ប​នេះ​មក​​លើ​រូប​សម្តេច ប្រហែល​ជា​មាន​សង្ឃឹម​តិច​តួច​។ សម្តេច​ហ៊ាន​ភ្នាល់​ដោយ​ភាព​​ជឿ​ជាក់​ថា​​ «ខ្ញុំមិនជឿថា​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ [មាន​អាសនៈ​នៅក្នុង​រដ្ឋ​សភា​ចំនួន​៩០ ក្នុង​ចំណោម​១២៣​អាសនៈ​] នឹង​បោះ​ឆ្នោត​ដោយ​លើកដៃ ព្យួរ​អភ័យ​ឯកសិទ្ធិ​របស់​​​ខ្ញុំ​ទេ។ ក៏​ដូច​ជា​​​លោក​ជំទាវ​ ម៉ែន​ សំអូន [ឧបនាយករដ្ឋ​មន្រ្តី​មកពីគណបក្ស​ប្រជាជន​កម្ពុជា​] គាត់​នឹង​មិន​លើក​ដៃ​ព្យួរ​អភ័យ​​ឯក​សិទ្ធិ​ខ្ញុំ​ទេ​​»។​ ផ្ទុយទៅវិញ សម្តេច​ក៏​មិន​ភ្លេច​លើក​ឡើង​ទៀត​ថា​​ប្រសិនជា​តុលាការ​ស្នើសុំ​ព្យួរ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​ស្រី​មួរ សុខ​ហួរ​វិញ វា​គឺជា​រឿង​ងាយ​ស្រួល​ដូច​បក​ចេក​ស្ងោរ​ ព្រោះ​កា​របោះ​ឆ្នោត​យក​សម្លេង​២ភាគបីនៃ​តំណាង​រាស្រ្ត​មាន​គ្រប់គ្រាន់។​

​ដោយ​ឡែក នៅមុន​​​​ការ​ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​របស់​ប្រមុខ​រដ្ឋាភិបាល​ អង្គការ​ការ​ពារ​សិទ្ធិ​​មនុស្ស​ និង​សង្កេតការណ៍​នយោបាយ​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្មយ៉ាង​​ខ្លាំង​ទៅនឹង​ការ​​គំរាម​កំហែង​ដក​អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាង​រាស្រ្ត​ស្រ្តី​​​​មក​ពី​គណបក្ស​សម​ រង្ស៊ី ។

លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​បាន​ធ្វើការ​បរិហារ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចុះ​ថ្ងៃទី​២៩ ខែមេសា និងដែល​ត្រូវ​បាន​​​ចុះ​ហត្ថលេខារួម​ដោយ​អង្គការ​ក្នុង​ស្រុក​ចំនួន​៩ ថា​ «ការ​គំរាម​កំហែង​​ព្យួរ​អភ័យ​ឯក​សិទ្ធិ​សភា​របស់លោកស្រី មួរ សុខ​ហួរ ដោយ​មិនមានភស្តុតាង​ណាមួយ ទាក់​ទង​នឹង​បទ​ល្មើស ដែល​ប្រព្រឹត្តិ​ដោយ​លោក​ស្រី​នោះ គឺជា​ការ​បង្ក​ការ​បំភិត​បំភ័យ​ ចំពោះ​តំណាង​រាស្រ្ត​មក​ពីគណបក្ស​ប្រឆាំង។​ នេះ​សរ​បញ្ជាក់​អោយឃើញ​យ៉ាង​ច្បាស់​អំពី​បំណង​បំបិទ​សម្លេង ​និង​រំខាន​លោកស្រី ក្នុងការ​ប្រើ​ប្រាស់​​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ ក្នុងការ​រក​យុត្តិធម៌​ពីបទ​បរិហារ​កេរ្តិ៍»។

លោក​ស្រី​ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា «ការ​គំរាម​កំហែង​មកលើ​លោកស្រី​មួរ សុខ​ហួរ គឺជា​ឧបករណ៍​មួយ​ទៀត​នៃការ​ប្រឈម​មុខ​នឹង​បរិយាកាស​គ្រោះ​ថ្នាក់​របស់​តំណាង​រាស្រ្ត​មក​ពី​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា»។ លោកស្រី​បាន​រម្លឹក​ថា «តំណាង​រាស្រ្ត​មកពី​គ្រប់គណបក្ស​ទាំង​អស់​ ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព​ក្នុងការ​បំពេញ​តួនាទិ និង​តំណាង​អោយ​ផល​ប្រយោជន៍​របស់​ម្ចាស់​ឆ្នោត ហើយបញ្ចេញ​មតិ​ជា​សាធារណៈ​ អំពី​បញ្ហា​សំខាន់ៗ ដោយ​មិនមាន​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ចាប់​ខ្លួន រឺ​ឃុំ​ឃាំង​ដោយ​បំពាន​ឡើយ»។ ដោយ​ឡែក លោក​ យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បានគូស​បញ្ជាក់ថា ការ​ព្យូរ​​​អភ័យ​​​ឯក​សិទ្ធិ​សភា​មិនមែនជា​អ្វី​ដែល​អាច​ធ្វើ​តាម​តែ​ចិត្ត​នឹក​ឃើញ​របស់​មន្រ្តី​​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឡើយ»។​

​ដោយ​ឡែក លោកគល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​មាន​ប្រសាសន៍​ថា «ប្រសិនជា​អភ័យ​ឯ​ក​សិទ្ធិ​សភា​របស់​លោក​ស្រីមួរ សុខ​ហួរ ត្រូវ​បាន​ដក​ហូត​នោះ គឺជាការ​បញ្ជាក់​ថា​តំណាង​រាស្រ្ត​មកពី​គណបក្ស​ប្រឆាំង​មិនមានសេរីភាព​ក្នុងការ​បំពេញ​មុខ​នាទី ដោយ​ពុំចាំ​បាច់ភ័យ​ខ្លាច ចំពោះ​ការ​​បំភិត​បំភ័យ​ និង​កា​រដាក់​ទោស​ពៃរ៍​ឡើយ»។ លោក​ស្រី​ធីតា ឃឹះ នាយិកា​អង្គការ​សីលការ (Silaka) បាន​សំដែង​ការ​សោក​ស្តាយ​ថា «ការ​គំរាម​កំហែង​ទៅលើ​តំណាង​រាស្រ្ត​ គឺ​ជា​​រឿង​គួរ​អោយ​សោក​ស្តាយ​ជា​ខ្លាំង នៅ​ពេល​ដែល​ទង្វើ​នេះ​ធ្វើទៅលើសកម្មជន​នយោបាយ​ស្រ្តីមួយ​រូប ក្នុង​ចំណោម​​​សកម្ម​ជន​នយោបាយ​ស្រ្តី ដែល​មិនមាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​រឿយៗ សម្លេង​ស្រ្តី​ត្រូវ​បាន​គេ​គៀប​សង្កត់ និងមិនទទួល​ស្គាល់»។​

លោក​ស្រី មួរ សុខ​ហួរ តំណាងរាស្រ្តប្រចាំមណ្ឌល​កំពត បាន​បញ្ជាក់​យ៉ាង​សាមញ្ញ​ប្រាប់​ កាសែត​ ថា​លោកស្រី​ទុក​អោយ​តុលាការ​កាត់​ក្តី​រឿង​នេះ ហើយ​លោក​ស្រី​ស្វាគមន៍​ចំពោះ​សំណើ​​សុំ​ព្យួរ​អភ័យ​ឯក​សិទ្ធិ​​សភា​របស់​លោក​ស្រី​ជា​យថាហេតុ​ណាមួយ ពី​សំណាក់​តុលាការ​។ លោក​ស្រី​សន្យា​ថា «ខ្ញុំ​ជឿជាក់​លើ​ឆន្ទៈ​របស់​តំណាង​រាស្រ្ត​ មក​ពី​គ្រប់​គណបក្ស​ ហើយ​ខ្ញុំ​នឹង​គោរព​ការ​សម្រេច​របស់​ពួកគេ»។ ដោយ​ឡែក លោក​គង់ សំអុន មេធាវី​របស់​លោក​ស្រី​បាន​ពន្យល់​ថា​លោក​គ្រាន់តែ​អនុវត្ត​វិជ្ជាជីវៈមេធាវី​របស់​លោក​ ហើយ​លោក​បដិសេធ​មិនបាន​ប្រើ​ប្រាស់​សំដី​បរិហារ​កេរ្តិ៍​ ទៅលើ​សម្តេចនាយក​រដ្ឋ​មន្រ្តី​នោះ​ទេ។​



 -គណបក្សសម រង្ស៊ី - គណបក្សសិទ្ធិមនុស្ស : កាលប្បវត្តិនៃការបញ្ចូលគ្នា​ត្រូវ​បានប្រកាសឡើង (២៣-០៤-២០០៩)
-សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (២៧-០៤-២០០៩)
-អ្នកតំណាងរាស្រ្ត​គណបក្សប្រឆាំង លោកស្រី​មួរ សុខហួ ប្តឹង​សម្តេច​ហ៊ុន សែន​ ពីបទបរិហារកេរ្តិ៍ (២៣-០៤-២០០៩)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ