កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២៩ មេសា ២០០៩។ រូបភាពទី១ បង្ហាញនៅលើកញ្ចក់ទូរទស្សន៍របស់អវតក អំពីការធ្វើការបង្ហាញព្រឹត្តិការណ៍ឡើងវិញរបស់ឌុច នៅ«មន្ទីរសន្តិសុខ» ស-២១ កាលពីថ្ងៃ២៧ កុម្ភៈ ២០០៨។
© ចន វីង/ Magnum
នៅថ្ងៃពុធ ទី២៩ មេសានេះ ឌុចបានបន្តធ្វើអោយមានការចាប់អារម្មណ៍ដោយសារគុណសម្បត្តិរបស់គាត់ គឺភាពអត់ធ្មត់ អារម្មណ៍មូល និងភាពប៉ិនប្រសប់ជាអ្នកដឹកនាំ។ ជនជាប់ចោទមិនបណ្តោយអោយគេចូលក្លេងាយៗនោះឡើយ។ ពេលខ្លះ គាត់កែប្រែចម្លើយដែលបានផ្តល់រួចហើយ (នៅពេលសួរដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅទីបំផុតគាត់សារភាពថា ក្មេងជំទង់ភាគច្រើនដែលគេជ្រើសរើសមកធ្វើការនៅស២១ គឺត្រូវគេប្រើជាកងការពារ ចំណែកអ្នកផ្សេងទៀតត្រូវទៅដើររកចំណីអោយទន្សាយ។ ចម្លើយនេះគឺខុសពីអ្វីដែលគាត់បាននិយាយនៅថ្ងៃច័ន្ទ ទី២៧ មេសា) ពេលខ្លះគាត់តាំងខ្លួនដូចជាគ្រូសិល្បៈនៃការគេចពីការវាយរបស់សត្រូវ ដ៏ចំណាន។ ម្យ៉ាងវិញទៀត គាត់ធ្វើបាបមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីយ៉ាងរីករាយ។
ការទុកចិត្តរបស់គណបក្សកុម្មុយនិស្តកម្ពុជា (PCK)
នៅក្នុងចម្លើយដែលឌុចបានធ្វើឡើង គាត់បានលើកឡើងជាថ្មីពីការទុកចិត្តទាំងស្រុងរបស់ថ្នាក់លើមកលើរូបគាត់។ គាត់បាននិយាយឡើងវិញពីអ្វីដែលគាត់បាននិយាយរួចហើយនៅឯអង្គជំនុំជម្រះសាលាដំបូង កាលពីដើមសប្តាហ៍។ «ពួកគេ [មេដឹកនាំរបស់ PCK] ចាត់ទុកខ្ញុំដូចជាប៊ែរហ្សេ គឺដូចជាឆ្កែដ៏ស្មោះត្រង់របស់ពួកគេ»។ ជាភស្តុតាង នៅពេលគាត់មានឋានៈគ្រាន់តែជាអនុប្រធានស-២១ ថ្នាក់លើតែងតែសុំជួបប្រធានណាត ដោយមានវត្តមានរបស់គាត់ជានិច្ច។ ប៉ុន្តែ ពេលគាត់បានធ្វើជាមេមន្ទីរស-២១ នៅខែមីនា ឆ្នាំ១៩៧៦ ឌុចត្រូវបានថ្នាក់លើហៅទៅជួបតែម្នាក់ឯងគត់។ «ហេតុនេះហើយបានជាគេសុំអោយខ្ញុំគ្រប់គ្រងស-២១ : គឺដើម្បីអោយខ្ញុំធ្វើជាច្រមុះ និងត្រចៀករបស់គេ»។
ឌុចបានផ្តិតដានរបស់គាត់នៅស-២១
ឌុចបានប្រកាសនៅក្នុងអង្គសវនាការថា៖ «ពេលខ្ញុំបានក្លាយជាប្រធានស-២១ គ្រប់យ៉ាងក៏បានផ្លាស់ប្តូរ របៀបនៃការរាយការណ៍ពីសកម្មភាពរបស់យើង បានផ្លាស់ប្តូរ»។ នៅក្នុងអង្គសវនាការមុន គាត់ធ្លាប់អោយការណ៍ថា របាយការណ៍ដែលគាត់សរសេរក្នុងនាមជាប្រធានស-២១ទៅកាន់ថ្នាក់លើ ទាក់ទងនឹងចម្លើយសារភាពរបស់អ្នកទោសដែលប្រមូលបាន គឺក្រាស់ជាងរបាយការណ៍ធ្វើឡើងដោយអ្នកមុន...
លោកវែរនើ(Werner) សហមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី១ រម្លឹកឌុចថា បើតាមចម្លើយរបស់គាត់ខ្លួនឯងនៅក្នុងអង្គសវនាការ គាត់ធ្លាប់ប្រកាសថាជា«អ្នកបង្កើតបច្ចេកទេសសួរចម្លើយ និងធ្វើទារុណកម្មនៅ ម-១៣»។ «ដូច្នេះតើវាពិតទេថា ពេលលោកបានពិភាក្សាជាមួយណាត [ប្រធានស២១មុនពេលឌុច ដែលជាអនុប្រធាន ឡើងបន្តតំណែងនេះ] មុនការបង្កើតស-២១ ណាតពឹងផ្អែកលើលោកទាំងស្រុងក្នុងការអនុវត្តបច្ចេកទេសទាំងនេះ ព្រោះមែនទែនទៅ គឺលោកជាអ្នកបានបង្កើតវាឡើងនៅម-១៣?»។ ជនជាប់ចោទអះអាងបញ្ជាក់ពីតួនាទីនេះ ដោយនិយាយជាថ្មីថាខ្លួនជាអ្នកបណ្តុះបណ្តាលបុគ្គលិកពីបច្ចេកទេសសួរចម្លើយ។ ចំពោះអ្នកចេញមកពីស្រទាប់កសិករ គាត់ពន្យល់ក្រោយមកទៀតថា វាជាការសំខាន់ដែលត្រូវបណ្តុះបណ្តាលពួកគេពីបច្ចេកទេសធ្វើទារុណកម្ម បើមិនដូច្នេះទេ «យើងខ្លាចថាពួកគេវ៉ៃអ្នកទោសស្លាប់»។
នៅពេលត្រូវមេធាវីស្វីសម្នាក់ស្នើសុំអោយរៀបរាប់ពីភារកិច្ចរបស់គាត់នៅរយៈពេលដំបូងៗនៅមន្ទីរស-២១ ឌុចក៏រៀបរាប់ : «កិច្ចការទី១គឺរៀបចំរាល់ឯកសារទាំងអស់ ដែលបានពីរបបលន់ នល់ និងមើលរៀបចំវាអោយបានត្រឹមត្រូវ។ ទី២ ខ្ញុំត្រូវដកស្រង់ចំណុចណាដែលច្បាស់សមហេតុផល ដើម្បីបញ្ជូនទៅថ្នាក់លើរបស់ខ្ញុំ។ ទី៣ ពេលយើងបានចាប់ផ្តើមធ្វើការងារជាមួយគ្នា ខ្ញុំចាប់ផ្តើមធ្វើការបង្ហាញដល់អ្នកសួរចម្លើយ។ ទី៤ ខ្ញុំរាយការណ៍ចម្លើយសារភាពទៅថ្នាក់លើ។ នេះគឺជាកិច្ចការសំខាន់ៗដែលគេប្រគល់អោយមកខ្ញុំនៅពេលបង្កើតស-២១»។ គាត់បន្ថែមទៀតថា៖ «ពេលយើងទទួលបញ្ជាពីលើ យើងត្រូវធ្វើតាម»។
ក្រោមការផ្តួចផ្តើមគំនិតរបស់គាត់ផ្ទាល់ ឌុចបានជ្រើសរើសក្មេងជំទង់មកធ្វើការនៅស-២១ ក៏ដូចជាអតីតសមាជិកនៅមន្ទីរសន្តិសុខ ម-១៣ដែលគាត់បានគ្រប់គ្រងពីមុនផងដែរ។ គាត់បានអោយគេសាងសង់បន្ទប់ឃុំឃាំងសម្រាប់អ្នកទោសដាច់ដោយឡែក ឬក៏បានជ្រើសរើសវិទ្យាល័យពញាយ៉ាតធ្វើជាស២១ និងជើងឯកធ្វើជាកន្លែងកប់អ្នកទោសស២១ ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ទៀតផង។ លោកមេធាវីស្វីសក៏ព្យាយាមដាក់ជនជាប់ចោទអោយនិយាយបញ្ច្រាស់នឹងការប្រកាសរបស់គាត់ពីមុន : «ប្រសិនបើលោកមិនចូលចិត្តអ្វីដែលលោកធ្វើនៅស-២១ទេ ហើយបើលោកចង់ធ្វើអ្វីផ្សេង ហេតុអ្វីលោកបានផ្តួចផ្តើមគំនិតច្រើនបែបនេះ [ពេលលោកនៅជាប្រធានមន្ទីរនេះ]?»។ ឌុចហាក់មិនយល់ពីសំណួរនេះដោយនិយាយសំណួរនេះយ៉ាងច្បាស់ឡើងវិញ បន្ទាប់មកគាត់សុំអោយលោកមេធាវីវែរនើ «បង្ហាញភស្តុតាង»។ នៅទីបំផុត ឌុចជ្រើសរើសឆ្លើយបញ្ឆិតបញ្ឆៀង : «ពិតណាស់ថា ខ្ញុំមិនចូលចិត្តធ្វើកិច្ចការនេះ។ ប៉ុន្តែទាក់ទងនឹងសំណួរថាខ្ញុំអាចបដិសេធកិច្ចការនិងការបញ្ជាទាំងនេះ គឺខ្ញុំមិនអាចធ្វើបានទេ! ប្រសិនបើយើងប្រឆាំងបញ្ជា គឺថាមិនមែនជាការមិនស្មោះត្រង់នឹងបក្សទេ ប៉ុន្តែវាត្រូវគេមើលឃើញថាជាការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងបក្សកុម្មុយនិស្តកម្ពុជា។ ប្រសិនបើគេអោយយើងធ្វើបេសកកម្មណាមួយ យើងត្រូវស្តាប់បញ្ជា។ យើងមិនមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីប្រឆាំងទេ!»។
ស២១ ជាមន្ទីរមួយខុសពីគេឬ?
លោកមេធាវីវែរនើបន្ត : «តើលោកយល់ស្របនឹងការណ៍ដែលថាស-២១មិនមែនកម្រិតដូចមន្ទីរសន្តិសុខដទៃទៀត ព្រោះស-២១ទទួលកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមដែលគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចចាប់ខ្លួន ដែរឬទេ? តើរឿងនេះត្រឹមត្រូវដែរឬទេ?»។ ជនជាប់ចោទ : «ខ្ញុំនិយាយម្តងទៀតពីអ្វីដែលខ្ញុំបាននិយាយរួចហើយ។ ស-២១គ្មានទំនាក់ទំនងតាមខ្សែទទឹងទេ តែជាមួយការិយាល័យសន្តិសុខផ្សេងទៀត។ មិនដែលសោះ! ទាក់ទងនឹងអ្នកដែលទទួលនៅស-២១ គឺជាមនុស្សដែលគណៈកម្មាធិការអចិន្ត្រៃយ៍បញ្ជូនមកស-២១ តាមការសម្របសម្រួលរបស់ខ្ញុំ»។ «តើអ្វីធ្វើអោយស-២១ មានលក្ខណៈខុសគេ បើធៀបនឹងមន្ទីរឃុំឃាំងផ្សេងទៀតនៅតាមខេត្ត?»។ ជនជាប់ចោទ : «យើងនិយាយពីលក្ខណៈតែមួយ...តើក្នុងន័យណា? [...] ប្រសិនបើយើងវិភាគពីសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ យើងអាចសង្កេតឃើញថា ស-២១មិនមែនជាការិយាល័យនគរបាលតែមួយទេ ព្រោះមនុស្សដែលមានសិទ្ធិចេញបញ្ជាទៅការិយាល័យសន្តិសុខទាំងអស់ក្នុងប្រទេស គឺជាអ្នកដែលស្ថិតក្នុងក្រុមមនុស្សចំនួនបួន គឺលេខាភូមិភាគ ដែលមាន៧ភូមិភាគ ប្រធានគណៈកម្មាធិការមន្ទីរមជ្ឈឹម៨៧០ គណៈកម្មាធិការអចិន្ត្រៃយ៍ និងសេនាធិការ គឺសុន សេន។ ជាសរុបទៅ [...] កាលណាមនុស្សណាម្នាក់ដែលស្ថិតក្នុងក្រុមណាមួយនៃក្រុមទាំងនេះ ចេញបញ្ជា រាល់ការិយាល័យសន្តិសុខនៅកម្ពុជាត្រូវគោរព និងអនុវត្តតាមបញ្ជានេះ។ ប្រសិនបើគេសម្រេចថា មនុស្សម្នាក់ត្រូវស្លាប់ គឺបញ្ជានេះត្រូវតែគោរពតាម[...]។ ហេតុនេះហើយ[មនុស្សទាំងនេះ]ត្រូវតែហៅថាជា«អ្នកទទួលខុសត្រូវសំខាន់លើឧក្រិដ្ឋកម្មទាំងឡាយ បើយោងតាមច្បាប់កម្ពុជា»។
ការដោះលែងអ្នកទោសត្រូវបានសម្រេចធ្វើឡើងនៅក្នុងមន្ទីរសន្តិសុខរបស់កម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែមិនដែលមាននៅស-២១ទេ។ ឌុចពន្យល់ថា៖ «ច្បាប់ដែលអនុវត្តនៅស-២១ ចាប់តាំងពីការបង្កើតវាឡើង គឺថាពេលអ្នកទោសមកដល់ គឺត្រូវសួរចម្លើយ ហើយកម្ទេច»។ «អ្នកណាដែលត្រូវគេបញ្ជូនមកស-២១ ត្រូវគេចាត់ទុកថាត្រូវស្លាប់រួចទៅហើយ។ គ្មាននរណាត្រូវគេដោះលែងពី ស-២១ ទេ បើមិនអីចឹងទេគេនឹងកាត់ក្បាលពួកយើងមិនខាន!»។ តើសេចក្តីសម្រេចកម្ទេចនេះចេញពីអ្នកណា? ឌុចឆ្លើយថា «វាពិបាកក្នុងការដឹងថាអ្នកណាជាអ្នកផ្តល់ច្បាប់នេះដល់យើង ព្រោះវាមានរួចទៅហើយនៅពេលមន្ទីរម-១៣ត្រូវបានបង្កើតឡើង។ ដូច្នេះ វាជានយោបាយរបស់បក្សប្រឆាំងនឹងសត្រូវ»។
ឌុចរាងទ្រគោះបោះបោកចំពោះមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី
នៅពេលលោកស្រី Studzinsky សហមេធាវីភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី២ ចាប់ផ្តើមសួរសំណួរជនជាប់ចោទ ការឆ្លើយឆ្លងគ្នាហាក់ដូចជាការឈ្លោះគ្នាចង់ឈ្នះចាញ់។ មេធាវីអាល្លឺម៉ង់ម្នាក់នេះនិយាយដោយអស់ភាពអំណត់ថា «លោកឌុច សូមឆ្លើយនឹងសំណួររបស់ខ្ញុំ!»។ ឌុចតបវិញថា «ខ្ញុំសូមអោយលោកស្រីអត់ធ្មត់»។ ឌុចជ្រើសរើសឆ្លើយតបឬអត់ ដោយនិយាយទៅកាន់ប្រធានអង្គសវនាការ។ ឌុចមិនបានផ្តល់ព័ត៌មានអ្វីសោះដល់មេធាវីរូបនេះ : «ទេ ខ្ញុំមិនចាំទេ» , «សូមកុំកាត់ខ្ញុំ!» , «ដោយសារលោកស្រីសួរសំណួរដែលត្រូវបានសួររួចហើយ ខ្ញុំមានសិទ្ធិមិនឆ្លើយ!»។ ទាល់ប្រាជ្ញា មេធាវី Studzinsky ងាកទៅរកប្រធានតុលាការ : «ខ្ញុំសុំអោយលោកប្រធានប្រាប់ទៅជនជាប់ចោទអោយឆ្លើយនឹងសំណួរខ្ញុំ»។ ប្រធានតុលាការមិនដោះស្រាយតាមទេ : «ជនជាប់ចោទ គឺលោកជាអ្នកជ្រើសរើសថាឆ្លើយឬមិនឆ្លើយ...»។ ឌុច : «ដោយសារវាជាសំណួរជ្រាំដែល ខ្ញុំជ្រើសរើសរក្សាភាពស្ងៀមស្ងាត់!»។ ប៉ុន្មាននាទីក្រោយមកទៀត មេធាវីចូលតស៊ូជាថ្មី : «នេះគឺមិនឆ្លើយនឹងសំណួរខ្ញុំទៀតហើយ!»។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២៩ មេសា ២០០៩។ សាលសារព័ត៌មាននៅថ្ងៃទី១៤នៃអង្គសវនាការជំនុំជម្រះឌុចនៅអវតក។
©ចន វីង/ Magnum
មេធាវី Studzinsky ក៏សួរឌុចថាតើឌុចមានដែលចូលមើលការសួរចម្លើយ ដើម្បីតាមដានបុគ្គលិករបស់គាត់ថាធ្វើការត្រូវតាមបញ្ជាគាត់ដែរឬទេ។ «ទេ ខ្ញុំមិនចូលរួមទេ។ ខ្ញុំបញ្ជាអោយពួកគេសួរចម្លើយ ហើយខ្ញុំនៅក្នុងការិយាល័យដើម្បីពិនិត្យចម្លើយសារភាព»។ មេធាវីសួរឡើងវិញ : «លោកមិនដែលត្រួតពិនិត្យជាលក្ខណៈបុគ្គល ពីរបៀបដែលអ្នកទាំងនោះធ្វើការងារទេឬ?»។ «ខ្ញុំប្រាប់លោកស្រីរួចហើយថា នៅក្នុងរចនាសម្ព័ន្ធ គឺមានក្រុមអង្កៀមនេះដែលមេក្រុមជាអ្នកទទួលខុសត្រូវសួរចម្លើយ»។ មេធាវីទទូច : «តើអ្នកសួរចម្លើយទាំងនេះត្រូវគេគ្រប់គ្រងយ៉ាងដូចម្តេច?»។ ឌុចជ្រួញចិញ្ចើម បន្ទាប់មកនិយាយចំអកដោយបើកចំហថា៖ «ខ្ញុំគិតថា លោកស្រី Studzinsky មិនបានធ្វើការក្នុងផ្នែកយោធា ឬកាន់មុខតំណែងមានទំនួលខុសត្រូវទេ! ក្នុងនាមជាប្រធានស២១ ខ្ញុំមិនអាចចូលរួមមើលស្អីដែលគេធ្វើទាំងអស់ទេ វាមិនអាចទេ!»។
សហព្រះរាជអាជ្ញាអន្តរជាតិធ្វើអន្តរាគមន៍ ដោយកត់សម្គាល់ថា បច្ចេកទេសសួរចម្លើយ ជាពិសេសដំណើរការរបស់ស-២១ នឹងត្រូវនិយាយពេលក្រោយ ដោយសារប្រធានបទនៃកិច្ចពិភាក្សាពេលនេះគឺការបង្កើតស-២១ និងគុកនៅតាខ្មៅ។ បន្ទាប់មក លោកប្រធានអង្គសវនាការបន្ថែមថា លោកនឿយហត់នឹងរម្លឹកប្រាប់ភាគីទាំងអស់ជារៀងរាល់ថ្ងៃពីចំណុចនេះ អោយគោរពតាមប្រតិទិននៃកិច្ចពិភាក្សា ហើយកត់សម្គាល់ថា «ការសួរសំណួរគឺមានលក្ខណៈមិនច្បាស់»។
បន្ទាប់មកដល់វេនលោកកាណោន(Canonne) សហមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី៣។ ឌុចរក្សាតុងបែបចំអកដដែល ហើយហាក់ដូចជាដឹកនាំកិច្ចពិភាក្សាថែមទៀត។ តបនឹងព័ត៌មានមួយដែលមេធាវីបារាំងសុំអោយគាត់ធ្វើការបញ្ជាក់នោះ គាត់ឆ្លើយថា: «បាទ! អ្វីដែលលោកបាននិយាយនេះគឺត្រឹមត្រូវ ប៉ុន្តែវាខ្លីពេកហើយ!»។ បន្ទាប់មកគាត់ក៏ស្ងាត់មាត់ ភ្នែកពេញដោយពន្លឺយ៉ាងព្រហើន។ មេធាវីសួរគាត់ថាតើអ្នកណាជាអ្នកទៅរកអ្នកទោសដែលគេនាំមកស-២១។ ឌុចរៀបប្រុងនឹងឆ្លើយហើយ ស្រាប់តែលោកប្រធានអង្គជំនុំជម្រះនិយាយកាត់ : «ជនជាប់ចោទមិនបាច់ឆ្លើយនឹងសំណួរនេះទេ ព្រោះវាស្តីអំពីដំណើរការរបស់ស-២១... សំណួរនេះនឹងអាចចោទសួរពេលក្រោយ ពេលយើងនិយាយពីបញ្ហានេះ...»។ លោកមេធាវីកាណោនបង្ហាញ«ការសោកស្តាយដែលគេបង្អាក់ការឆ្លើយភ្លាមៗ[របស់ឌុច]»... ប្រតិកម្មនេះ លោកប្រធានអង្គជំនុំជម្រះមិនពេញចិត្តទេ លោកក៏សុំកុំអោយធ្វើការអធិប្បាយលើសេចក្តីសម្រេចរបស់អង្គសវនាការ។
ឌុចក៏និយាយតាមបម្រាមនេះ។ «ប្រសិនបើខ្ញុំឆ្លើយនឹងសំណួរនេះ យើងនឹងនិយាយចូលដល់ដំណើរការរបស់ស-២១មិនខាន ដូច្នេះខ្ញុំមិនឆ្លើយពេលនេះទេ!»។ លោកមេធាវីកាណោនកត់ចំណាំពីចំណុចនេះ ហើយក្នុងសំណួរគាត់នីមួយៗ គាត់តែងតែបញ្ជាក់ពាក្យថា «ទាក់ទងនឹងការរៀបចំ ការបង្កើតស-២១»។ ឌុចហាក់ដូចជាសប្បាយចិត្ត។ «អាហ៍! បើយើងប្រើពាក្យ«ការរៀបចំ» សូមបន្តប្រើពាក្យនេះទៀត!» ឌុចឆ្លើយតបដោយប្រើពាក្យដូចគ្នា។
ពេលត្រឡប់ពីសម្រាកវិញ ឌុចក៏ត្រូវលោកប្រធានអង្គសវនាការសុំអោយរក្សាសណ្តាប់ធ្នាប់ និងរក្សា«អាកប្បកិរិយាសមរម្យ» ហើយក្រើនរម្លឹកគាត់ថា ការសើចនៅពេលលោកស្តាប់សំណួររបស់មេធាវី គឺមិនអាចទទួលយកបានទេ នៅក្នុងអង្គសវនាការ។
លោកមេធាវីកាណោន ចាប់ផ្តើមបន្តសំណួរ។ លោកសួរឌុចពីអង្គការដើម្បីយល់ថាវាជាស្អី។ លោកមេធាវីការ សាវុធ ឡើងជំទាស់ : «តើអង្គជំនុំជម្រះសាលាដំបូងអាចសុំអោយលោកមេធាវីសួរតែសំណួរណាដែលទាក់ទងនឹងការបង្កើតស២១ និងគុកនៅតាខ្មៅបានទេ...?»។ ប្រធានអង្គជំនុំជម្រះយល់ស្របនឹងការជំទាស់នេះ។ សហការីខ្មែររបស់លោកមេធាវីកាណោន គឺលោកម៉េង ឃី ឡើងបន្ត តែមិនជាជោគជ័យជាងលោកកាណោនទេ។ តបនឹងសំណួរជាច្រើនរបស់លោកទាំងមុនទាំងក្រោយ ឌុចឆ្លើយសឹងតែដូចគ្នាទាំងអស់។
គឺដូចការនិយាយរបៀបកំប្លែងលេងរបស់មេធាវីភាគីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់នៅពេលចេញពីអង្គសវនាការអីចឹង : «ឌុចមិនចាំបាច់ត្រូវការមេធាវីបារាំងរបស់គាត់[លោករូ អវត្តមាន]ទេ គាត់ការពារតែម្នាក់ឯងយ៉ាងល្អ!»។
-ការជំនុំជម្រះឌុច : លាហើយម១៣ សួស្តីស២១! ការឆ្លងរឿងដែលមានភ្ជាប់នូវបញ្ហាបកប្រែ (២៣-០៤-២០០៩)
-ការជំនុំជម្រះឌុច : សវនាការប្រព្រឹត្តទៅយ៉ាងលឿននៅចំពោះមុខអ្នកចូលរួមតាមដានយ៉ាងច្រើនកុះករ (២៣-០៤-២០០៩)
-របបខ្មែរក្រហមនៅកម្ពុជាៈ យុវជនខ្មែរជឿត្រឹមតែ៥០%រឺ? (០៤-១១-២០០៨)
-តុលាការកាត់ទោសខ្មែរក្រហមៈ ការយល់ឃើញរបស់ប្រជាជនទីក្រុងភ្នំពេញ (១៧-១២-២០០៧)