| សាលាក្តីខ្មែរក្រហមៈ ជប៉ុនផ្តល់ជំនួយ៤លានដុល្លារ និងសំដែងក្តីរីករាយជាមួយប្រទេសបារាំងចំពោះវិធានការប្រឆាំងអំពើពុករលួយ |
| ដោយ កាសែត | |
| ៣០-០៤-២០០៩ |
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ មេសា លោក Jean-François Desmazières ឯកអគ្គរដ្ឋទូតបារាំង និងលោក Katsuhiro Shinohara ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានសំដែងការអបអរសាទរចំពោះជំនួយឧបត្ថម្ភថ្មីមួយរបស់រដ្ឋាភិបាលជប៉ុន ដើម្បីជួយគាំទ្រដំណើរការប្រព័ន្ធតុលាការទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
រដ្ឋាភិបាលជប៉ុនបានប្រកាសថាខ្លួនផ្តល់ជំនួយជាទឹកប្រាក់ ៤ ១៧០ ៨១៤ ដុល្លារ តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីផ្គត់ផ្គង់ថវិកាខាងភាគីកម្ពុជានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលកំពុងជួបបញ្ហាថវិកា។
កាលពីខែសីហា ឆ្នាំ២០០៨ បន្ទាប់ពីលេចចេញការចោទប្រកាន់អំពីអំពើពុករលួយ នៅខាងភាគីកម្ពុជា ម្ចាស់ជំនួយអន្តរជាតិបានសម្រេចផ្អាកការបញ្ជូនថវិកាដល់ភាគីកម្ពុជានៅក្នុងសាលាក្តី។
ប្រទេសជប៉ុនគឺជាប្រទេសផ្តល់ជំនួយដំបូងគេសម្រាប់អ.វ.ត.ក ហើយការផ្តល់ថវិកាថ្មីនេះធ្វើឡើង មួយខែ ក្រោយការបង្កកថវិកាចំនួន២សែនដុល្លារ យ៉ាងទាន់ហន់ ពីសំណាក់ប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែមីនា ដែលទុកសម្រាប់ជួយភាគីកម្ពុជានៅក្នុង អ.វ.ត.ក ក្នុងការបើកប្រាក់បៀវត្សជូនបុគ្គលិកកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ខ្លួន ដែលចុះហត្ថលេខាក្នុងនាមជាសហប្រធាន «មិត្តតុលាការ» «ក្លឹប»នៃប្រទេសផ្តល់ជំនួយដល់ «សាលាក្តីខ្មែរក្រហម» ឯកអគ្គរដ្ឋទូតបារាំងនិងឯកអគ្គរាជទូតជប៉ុនបានសំដែងសោមនស្សរីករាយ«ចំពោះការរីកចម្រើនដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងការគ្រប់គ្រងធនធានមនុស្ស ជាពិសេសវិធានការទប់ស្កាត់អំពើពុករលួយ ហើយឯកអគ្គរដ្ឋទូតទាំងពីរក៏បានកត់សម្គាល់ឃើញផងដែរអំពី«ការរីកចម្រើនដ៏សំខាន់» នៅក្នុងការអនុវត្តវិធានការទាំងនេះ។
ផ្ទុយទៅវិញ មន្រ្តីការទូតបរទេសទាំងពីរបានអំពាវនាវអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា អោយស្វែងរក«កិច្ចព្រមព្រៀមមួយអោយបានឆាប់រហ័ស ទាក់ទងនឹងរចនាសម្ព័ន្ធ ដែលធានាលក្ខន្តិកៈនៃដំណើរផ្លូវច្បាប់ដ៏សមស្របមួយ ជាពិសេសការការពារការសងសឹកផ្សេងៗ បន្ទាប់ពីមានការរាយការណ៍ ការផ្តល់សក្ខីកម្ម... »។
ជាចុងក្រោយ តំណាងនៃប្រទេសផ្តល់ជំនួយមុនដំបូងគេទាំងពីរសម្រាប់«សាលាក្តីខ្មែរក្រហម» បាននិយាយថាត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំមួយរវាងប្រទេសផ្តល់ជំនួយទាំងអស់ នៅពាក់កណ្តាលខែឧសភា។ ជំនួបពិភាក្សានេះអាចនឹងផ្តល់ដង្ហើមថ្មីមួយ សម្រាប់សាលាក្តី ដែលកំពុងខ្វះខាតមូលនិធិ។
|