|
អធិប្បាយចុងក្រោយ
|
| ជីវៈឥន្ធនៈ៖ យុវតីវិទ្យាល័យខ្មែរទទួលបានពានរង្វាន់ពិភពលោកចំនួនបី |
| ដោយ រស់ ឌីណា | | | ០៥-០៥-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៨ មេសា ២០០៩៖ កញ្ញា សំអាង ម៉ានីន ជ័យលាភីលើការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តអន្តរជាតិ
© វណ្ឌី រតនា «ខ្ញុំយកឈ្នះលើយុវនារីអាមេរិកម្នាក់!»៖ កញ្ញាសំអាង ម៉ានីន អ្នករស់នៅទីក្រុងភ្នំពេញ អាយុ១៦ឆ្នាំ បានទទួលជ័យលាភីកំរិតមេដាយមាស នៅក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ (I-Sweeep ២០០៩) សម្រាប់គម្រោងផលិតជីវៈឥន្ធនៈ ចំរាញ់ចេញពីប្រេងល្ហុងខ្វង ស្របពេលដែលគម្រោងដូចគ្នាមួយរបស់សិស្សវិទ្យាល័យសហរដ្ឋអាមេរិកម្នាក់បានទទួលពានរង្វាន់ «កំរិតមេដាយប្រាក់»។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការប្រកួតវិទ្យាសាស្រ្តអន្តរជាតិនេះ កញ្ញាថែមទាំងបានទទួលអាហារូបករណ៍សិក្សានៅបរទេស និងពានរង្វាន់ពិសេសមួយរបស់សហគ្រាសអាមេរិក។ ដូចនេះ មានន័យថាកញ្ញាម៉ានីន ទទួលបានជោគជ័យល្អប្រសើរជាងជ័យលាភីកម្ពុជាលើកមុន ដែលបានទទួលមេដាយប្រាក់នៅការប្រកួតអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៨ («Energie Senior») សម្រាប់ការផលិតប្រេងឥន្ធនៈចំរាញ់ចេញពីផ្លែដូង។ ជ័យលាភី៣ពានរង្វាន់ កញ្ញាសំអាង ម៉ានីន បានលឺគេហៅឈ្មោះរបស់ខ្លួនចំនួន៣លើក នៅក្នុងសាលប្រជុំ Conventional Hall នៃទីក្រុង ហស់ស្តុន (Houston) រដ្ឋតិចសាស នៅក្នុងការប្រកួតប្រជែងពានរង្វាន់ I-Sweeep ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ [ I-Sweeep គឺជាការប្រកួតអូឡាំព្យាដអន្តរជាតិ ស្តីពីថាមពល មេកានីច និងបរិស្ថាន សំដៅស្វែងរក និងលើកទឹកចិត្តអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោក]។ មុនដំបូង យុវតីកម្ពុជារូបនេះត្រូវបានគណៈមេប្រយោគនៃសាកលវិទ្យាល័យ Fatih ប្រកាសឈ្មោះជាអ្នកទទួលបានជ័យលាភីអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យនៃប្រទេសទួរគីនេះ រយៈពេល៤ឆ្នាំ លើផ្នែកវិទ្យាសាស្រ្ត។ បន្ទាប់មកទៀត កញ្ញាត្រូវបានហៅឡើងទទួលជ័យលាភីមេដាយមាសផ្នែកថាមពលថ្មី ដែលពានរង្វាន់នេះភ្ជាប់ជាមួយនូវទឹកប្រាក់១ពាន់ដុល្លារ។ ជាចុងក្រោយ កញ្ញាម៉ានីន បានទទួលពានរង្វាន់នៃការផ្តួចផ្តើមគំនិតថ្មីក្នុងការដោះស្រាយប្រើប្រាស់ថាមពល ផ្តល់ដោយសហគ្រាសឯកជន Ege Construction។ សំអាង ម៉ានីន សិស្សពូកែមួយរូបមកពីវិទ្យាល័យឯកជនមួយ នៅទីក្រុងភ្នំពេញ បានរៀបរាប់ បែបចំអកចំអន់លេងថា «នៅពេលខ្ញុំទទួលពានរង្វាន់ទី១ មិនសូវជាមានស្នូរទះដៃច្រើននោះទេ ព្រោះជនជាតិកម្ពុជាមានវត្តមាននៅទីនោះតិចណាស់។ ប៉ុន្តែ នៅពេលខ្ញុំត្រូវបានហៅឡើងទទួលពានរង្វាន់ជាបន្តបន្ទាប់ អ្នកចូលរួមមកពីប្រទេសផ្សេងៗបានសំដែងការអបអរសាទរយ៉ាងកក់ក្តៅ!»។ ទោះបីជាមេដាយនៅក្នុងការប្រកួតប្រជែងនេះមានច្រើនក៏ដោយ (នៅក្នុងផ្នែក Energie Senior របស់ម៉ានីន សិស្សវិទ្យាល័យ៨នាក់ផ្សេងទៀតបានទទួលមេដាយមាស) គ្មានអ្នកចូលរួមប្រកួតណាមួយមានកិត្តិយសទទួលបានពានរង្វាន់បីតែម្នាក់ឯងដូចម៉ានីនឡើយ។ ភាពហ្មត់ចត់នៅក្នុងការងារស្រាវជ្រាវ នៅពេលត្រឡប់មកទីក្រុងភ្នំពេញវិញ ម៉ានីនកាន់តែមានសេចក្តីត្រេកអរចំពោះជ័យជំនះរបស់ខ្លួន ព្រោះកញ្ញាស្ទើរតែបោះបង់ចោលការប្រកួតនេះទៅហើយ នៅរយៈជិតពីរសប្តាហ៍ មុនការធ្វើដំណើរទៅកាន់រដ្ឋតិចសាស់។ ម៉ានីនបានចំណាយពេលវេលាទាំងថ្ងៃ ទាំងយប់ លើគម្រោងស្រាវជ្រាវរបស់ខ្លួន រហូតដល់ភ្លេចបាយ ភ្លេចទឹក មិនមានពេលវេលាដើរលេងកម្សាន្ត...។ ប៉ុន្តែ រូបមន្តជីវៈឥន្ធនៈចំរាញ់ចេញពីផ្លែល្ហុងខ្វងរបស់ម៉ានីនមិនទទួលបានជោគជ័យសោះ...។ លោកស្រីវេជ្ជបណ្ឌិត ហេង ចាន់លីដា ដែលជាម្តាយរបស់ម៉ានីន បានរម្លឹកថា នៅរយៈពេល១០ថ្ងៃមុនការប្រកួត លោកស្រីបានសុំអោយកូនបោះបង់ការប្រកួត។ យុវតីសំអាង ម៉ានីន បានរៀបរាប់ទាំងអារម្មណ៍រីករាយថា «ខ្ញុំបានចំណាយពេលធ្វើការស្រាវជ្រាវលើគម្រោងនេះ អស់រយៈពេលជិត៣ខែមកហើយ ហើយនៅរយៈពេលនោះ ខ្ញុំបានជួបនឹងបរាជ័យ ច្រើនជាងជោគជ័យ។ រូបមន្តដែលខ្ញុំស្វែងរកនៅលើអ៊ីនធឺណែត មិនមានភាពពេញលេញគ្រប់គ្រាន់សម្រាប់សម្រេចជោគជ័យនោះទេ។ ខ្ញុំត្រូវស្វែងរកធាតុផ្សំបន្ថែម ពីត្រង់នេះបន្តិច ត្រង់នោះបន្តិច មកគួបផ្សំគ្នា...។ ដើម្បីផលិតជីវៈឥន្ធនៈរបស់ខ្ញុំអោយសម្រេចបានជោគជ័យ ខ្ញុំបានគួបរូបមន្តផ្សេងៗបញ្ជូលគ្នា ខ្ញុំធ្វើការងារនេះដោយការព្យាយាមនិងហ្មត់ចត់បំផុត ហើយខ្ញុំបានសុំដំបូន្មានមួយចំនួនពីសាស្រ្តាចារ្យគីមីវិទ្យារបស់ខ្ញុំ»។ អ្នកវិទ្យាសាស្រ្តវ័យក្មេងរូបនេះបានរៀបចំឧបករណ៍ និងសម្ភារៈពិសោធន៍ផ្ទាល់ខ្លួន ដោយមានការជួយជ្រោមជ្រែងពីឪពុក និងឪពុកធំរបស់កញ្ញា។ នៅទីក្រុងភ្នំពេញ យុវតីវិទ្យាល័យរូបនេះបានទទួលការជួយជ្រោមជ្រែងយ៉ាងកក់ក្តៅពីសំណាក់គ្រួសារ ប៉ុន្តែទោះយ៉ាងណា នាងត្រូវឡើងការពារគម្រោងរបស់ខ្លួនតែម្នាក់ឯង នៅក្នុងការប្រកួតអូឡាំព្យាដ ក្នុងចំណោមបេក្ខជនចូលរួមប្រកួតចំនួន១ ២០០នាក់ មកពី៦០ប្រទេស និងនៅចំពោះមុខគណៈមេប្រយោគមិនតិចជាង២១៦នាក់ ដែលតំណាងអោយសាកលវិទ្យាល័យ និងសហគ្រាសសហរដ្ឋអាមេរិក និងបរទេស។ នៅអំឡុងរយៈពេល៦ម៉ោង កញ្ញា ម៉ានីន បានរៀបចំឧបករណ៍របស់ខ្លួន ត្រៀមលក្ខណៈឆ្លើយទៅនឹងសំណួររបស់មេប្រយោគ។ អ្នកវិទ្យាសាស្រ្តវ័យក្មេងរូបនេះបានរៀបរាប់ថា «មេប្រយោគអាចឡើងមកសួរសំណួរតែម្នាក់ឯង រឺជាក្រុម ដែលមានគ្នា ពី២ ទៅ៤នាក់។ ខ្ញុំមានរយៈពេល៧ ទៅដប់នាទី ដើម្បីបង្ហាញគម្រោងរបស់ខ្ញុំ។ បន្ទាប់ មេប្រយោគចាប់ផ្តើមសួរសំណួរខ្ញុំ ដោយសេរី ក្នុងរយៈពេលចន្លោះ២០ ទៅ៣០នាទី!»។ ដំណើរការដ៏ល្អឥតខ្ចោះមួយ សម្រាប់ម៉ានីន ការងារលំបាកបំផុតត្រូវបានធ្វើរួចរាល់អស់ហើយ។ កញ្ញាបានគូសបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តលើខ្លួនខ្ញុំ ព្រោះគម្រោងរបស់ខ្ញុំមានភាពច្បាស់លាក់ណាស់។ នៅអំឡុងរយៈពេលស្រាវជ្រាវ៣ខែរបស់ខ្ញុំ ខ្ញុំស្គាល់រសជាតិបរាជ័យច្រើនជាងរសជាតិជោគជ័យ»។ ដូចនេះ សិស្សវិទ្យាល័យរូបនេះមិនមានការលំបាកក្នុងការពន្យល់ប្រាប់អំពីរូបមន្តផ្សំនៃជីវៈឥន្ធនៈរបស់ខ្លួននោះទេ។ កញ្ញាអាចផលិតប្រេងឥន្ធនៈ មួយលីត្រ សម្រាប់គ្រាប់ល្ហុងខ្វង ទម្ងន់៣គីឡូក្រាម។ សម្រាប់ដំណើរការផលិតប្រេងឥន្ធនៈ ជាបឋម ម៉ានីនបានបំលែងគ្រាប់ល្ហុងខ្វងជាប្រេង រួចទុកច្រោះចោលរយៈពេល៣ ទៅ៥ថ្ងៃ។ ក្រោយមក នាងទទួលសូលុយស្យុងមួយ ដែលមានកំហាប់ខ្ពស់ ហើយនាងត្រូវយកកករចេញពីសូលុយស្យុងនោះ ដូចជាករណីប្រេងឥន្ធនៈផលិតចេញពីប្រេងរុក្ខជាតិដែរ ដើម្បីអាចប្រើប្រាស់ជាមួយម៉ាស៊ីនប្រើប្រេងម៉ាស៊ូតធម្មតា។ «ប្រសិនជាខ្ញុំមានឱកាសបន្តការស្រាវជ្រាវទៀត ខ្ញុំសង្ឃឹមថានឹងអាចកាត់បន្ថយកំហាប់ ដែលមានកំរិតខ្ពស់ ដែលមាននៅក្នុងជីវៈឥន្ធនៈនេះបាន (ជាទូទៅ វាមានពី១០ ទៅ៣០%)»។ ម្តាយរបស់កញ្ញាម៉ានីន បានរៀបរាប់ថា កាលពីក្មេង ម៉ានីនចូលចិត្តមើលរឿងមនុស្សយន្ត និងពិភពចម្លែកៗ ហើយសព្វថ្ងៃនេះ គាត់មានមោទនចំពោះកូនស្រីរបស់គាត់ ដែលចូលចិត្តរៀនសូត្រធ្វើជាបញ្ញវន្ត មិនភ្លើតភ្លើននឹងគ្រឿងអលង្ការ និងសំលៀកបំពាក់ហ៊ឺហារ។ ដោយឡែក សំអាង ម៉ានីន បានបញ្ជាក់ថា នាងត្រៀមលក្ខណៈស្វែងយល់អំពីពិភពលោក។ នាងនឹងបន្តការសិក្សានៅបរទេស អាចនៅប្រទេសទួរគី រឺសហរដ្ឋអាមេរិក។ នាងនឹងធ្វើការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា អោយពិភពលោកបានស្គាល់។ ម្យ៉ាងវិញទៀត នាងត្រូវការអោយយុវជនរួមជាតិធ្វើការប្រកួតប្រជែង ដូចជារូបនាង ដើម្បីទទួលបានជោគជ័យទាំង៣នេះ។ សំអាង ម៉ានីនបានធ្វើការសន្និដ្ឋានចុងក្រោយថា «ប្រសិនជាយើងមិនខិតខំប្រឹងប្រែងនោះទេ យើងក៏មិនអាចសម្រេចគោលដៅរបស់យើងបានដែរ»។
អានបន្ថែមៈ -ម៉ូនីកា យុវតីវិទ្យាល័យ ក្លាយជាអ្នករកឃើញជីវៈឥន្ធនៈពីផ្លែដូង (២៦-០៦-២០០៨) -ប្រេងឥន្ធនៈពីអង្កាម (០៣-០៧-២០០៨) -វេជ្ជសាស្ត្របុរាណធ្វើអោយសត្វនិងរុក្ខជាតិទទួលរងនូវការគំរាមកំហែង (១៨-០៧-២០០៨)
|
|
|