បាភ្នំ (ព្រៃវែង កម្ពុជា) ថ្ងៃទី១៧ សីហា ២០០៧៖ កម្មករធ្វើការងារមួយ ដែលមានហានិភ័យខ្ពស់ នៅក្នុងការដ្ឋានថ្មមួយកន្លែង
©ចន វីង/ Magnum
ទាំងនិយោជក ទាំងសហជីពកម្មករបានឯកភាពស្រុះស្រួលគ្នា ទាក់ទិននឹងភាពចាំបាច់នៃ ការបង្កើត «តុលាការការងារ»មួយ ទទួលបន្ទុកដោះស្រាយវិវាទការងាររវាងកម្មករនិងនិយោជក ហើយការបង្កើតតុលាការជំនាញនេះមានចែងនៅក្នុងច្បាប់ស្តីពីការងារ ដែលត្រូវបានអនុម័ត កាលពី១២ឆ្នាំមុន។ ស្ថាប័នតុលាការនេះត្រូវបានទាមទារអស់រយៈពេលជាងមួយទសវត្សមកហើយ ពីសំណាក់និយោជក ក៏ដូចជានិយោជិត។ ការបង្កើតតុលាការនេះបានក្លាយជាចំណុចដ៏សំខាន់ជាងគេ ដែលត្រូវបានលើកឡើង នៅក្នុងទិវាពលកម្មអន្តរជាតិ លើកទី១២៣ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៩ នៅទីក្រុងភ្នំពេញ។ ដោយសារមិនមានតុលាការការងារ ការទទួលខុសត្រូវដោះស្រាយជម្លោះរវាងនិយោជកនិងនិយោជិតស្ថិតនៅក្រោមបន្ទុករបស់តុលាការអាជ្ញាគតិ ចំណែកឯក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលដោះស្រាយរាល់កិច្ចការរួម។ ប៉ុន្តែ គ្មាននរណាម្នាក់ពេញចិត្តនឹងដំណើរការបែបនេះទេ។ សម្រាប់សហជីព ប្រព័ន្ធសព្វថ្ងៃនេះមិនអាចធានាបាននូវការគោរពច្បាប់របស់កម្មករ ចំណែកខាងភាគីថៅកែវិញ ប្រព័ន្ធនេះកំរនឹងផ្តល់នូវដំណោះស្រាយស្របច្បាប់និងប្រសិទ្ធភាពណាស់។ ហេតុដូចនេះ ដើម្បីគោរពទៅតាមច្បាប់ស្តីពីការងារ ក្រសួងយុត្តិធម៌បានរៀបចំសេចក្តីព្រាងច្បាប់មួយ ស្តីពីការរៀបចំអង្គការចាត់តាំងតុលាការ។ ប៉ុន្តែ កាលបរិច្ឆេទនៃការអនុវត្តសេចក្តីព្រាងច្បាប់ និងការអនុម័តនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
សហជីពៈ តុលាការអាជ្ញាគតិមិនមានប្រសិទ្ធភាព និងពុករលួយ
នៅក្នុងរយៈពេលនៃការទន្ទឹងរង់ចាំការបង្កើតតុលាការការងារ ដូចដែលត្រូវបានចែងដោយច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា រាល់ជម្លោះទាក់ទងនឹងការអនុវត្តច្បាប់នេះត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់តុលាការអាជ្ញាគតិ មិនថាជាជម្លោះប្រភេទណាក៏ដោយ។ ប៉ុន្តែ មេដឹកនាំសហជីពកម្ពុជាសំខាន់ៗ បានកត់សម្គាល់ឃើញថា នៅក្នុងសកម្មភាពជាក់ស្តែង កម្មករកំរហ៊ាននឹងធ្វើការតទល់គ្នាជាមួយថៅកែអ្នកមាន នៅចំពោះមុខតុលាការធម្មតាមួយនេះ ដើម្បីទាមទារសិទ្ធិរបស់ពួកគេឡើយ។ មេដឹកនាំទាំងនេះបានសំដែងភាពមិនទុកចិត្តចំពោះប្រព័ន្ធតុលាការ ដោយវាយតម្លៃថាមានភាពពុករលួយ។ មេដឹកនាំសហជីពបានគូសបញ្ជាក់ថា ចុងបញ្ចប់នៃការដោះស្រាយជម្លោះរបស់តុលាការអាជ្ញាគតិបានស្តែងចេញអោយឃើញយ៉ាងច្បាស់ថា ការសម្រេចរបស់តុលាការនេះតែងតែផ្តល់ផលទៅអោយភាគីនិយោជក។
លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជា ដែលមានសមាជិកចូលរួមប្រមាណជាង៦ម៉ឺននាក់ នៅក្នុងវិស័យកាត់ដេរ សំណង់ និងវិស័យផ្សេងទៀត បានគូសបញ្ជាក់ថា «នៅពេលយើងផ្ញើសំណុំរឿងជម្លោះការងារ ទៅកាន់តុលាការអាជ្ញាគតិ [យើងកត់សម្គាល់ថា] តុលាការមិនមានចំណេះដឹងស៊ីជម្រៅអំពីច្បាប់ការងារនោះទេ ហើយការវិនិច្ឆ័យរបស់តុលាការក៏មិនពឹងផ្អែកលើខ្លឹមសារនៃច្បាប់នេះដែរ»។ អ្នកសហជីពនិយមរូបនេះបានសង្កត់ធ្ងន់ថា «ជាងនេះទៅទៀត តុលាការបានតម្កល់ពាក្យបណ្តឹងរបស់យើង មិនចាត់ការ។ នេះហើយគឺជាហេតុផលមួយ ក្នុងចំណោមហេតុផលផ្សេងទៀត ដែលយើងទាមទារអោយមានការបង្កើតតុលាការការងារអោយបានឆាប់រហ័ស»។
ដោយឡែក លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (ស.ស.ក.ក) ក៏គាំទ្រគំនិតខាងលើនេះផងដែរ ដោយបានបរិហារអំពីអប្រសិទ្ធភាពនៃតុលាការអាជ្ញាគតិ។ លោកជា មុនី ដែលត្រូវជាប្អូនប្រុសរបស់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏មានប្រជាប្រិយភាពដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០០៤ បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន យើងបានប្តឹងទៅតុលាការអាជ្ញាគតិ ប៉ុន្តែ តុលាការនេះហាក់ដូចជាគ្មានប្រសិទ្ធិភាព ខ្វះឯករាជ្យភាព និងពុករលួយ»។ ម្យ៉ាងទៀត ប្រធានសហជីព ស.ស.ក.ក ដែលមានសមាជិកប្រហែល៨៥ ០០០នាក់ បានគូសបញ្ជាក់ថា « តុលាការអាជ្ញាគតិច្រើនតែកាត់សេចក្តីលើជម្លោះបុគ្គល ខណៈពេលដែលយើងចង់បានតុលាការការងារមួយ ដែលអាចកាត់សេចក្តីវិវាទរួមរវាងចៅកែ និងកម្មករ រវាងអ្នកវិនិយោគទុន និងបុគ្គលិក នៅក្នុងគ្រប់វិស័យទាំងអស់»។
គ្រប់គ្នាសុទ្ធតែឯកភាព?
ដោយឡែក ភាគីខាងនិយោជកវិញក៏បានទាមទារអោយមានការបង្កើតតុលាការឯករាជ្យមួយ ដែលអាចបញ្ចប់ជម្លោះដែលចេះតែបន្តអូសបន្លាយ និងជួនកាល បានធ្វើអោយបាត់បង់តម្លៃ ហើយក៏បានសុំអោយការសម្រេចរបស់តុលាការនេះគួរតែមានអំណាចគ្រប់គ្រាន់ និងត្រូវបានគោរពផងដែរ។ ការទាមទារខាងលើនេះធ្លាប់ត្រូវបានលើកឡើងប្រាប់ដល់នាយករដ្ឋមន្រ្តីពីសំណាក់តំណាងនិយោជក តាមរយៈក្រុមការងារស្តីពីទំនាក់ទំនងឧស្សាហកម្ម នាឱកាសវេទិការដ្ឋាភិបាល-វិស័យឯកជនលើកទី១៣ កាលពីខែមេសា ឆ្នាំ២០០៨។ កាលនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសគាំទ្រសំណើនេះជាសាធារណៈ ដោយបានស្នើសុំភ្លាមៗ ទៅក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងតុលាការ អោយរៀបចំតាក់តែងសេចក្តីព្រាងច្បាប់មួយ។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលស្តីពីការបង្កើតតុលាការការងារស្របទៅនឹងច្បាប់ស្តីពីការងារ ដែលត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧។
ការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការការងារមានលក្ខណៈដូចម្តេច?
ជំពូកទី១៧ ត្រង់មាត្រា ៣៨៧ និង៣៨៨ នៃច្បាប់ការងារ បានចែងអំពីការបង្កើតតុលាការការងារ ដែលត្រូវទទួលជំនុំជម្រះវិវាទបុគ្គល ដែលកើតឡើងរវាងកម្មករ និងនិយោជក ដោយសារមកពីការប្រតិបត្តិកិច្ចសន្យាការងារ រឺកិច្ចសន្យាហ្វឹកហ្វឺនកូនជាង» ហើយការរៀបចំនិងការប្រព្រឹត្តទៅនៃតុលាការការងារនឹងត្រូវកំណត់ដោយច្បាប់»។ ច្បាប់នេះបានបន្សល់ទុកនូវភាពងាយស្រួលមួយដល់អ្នករៀបចំតាក់តែងច្បាប់ និងជម្រុញសហជីព និងនិយោជកអោយធ្វើការតស៊ូមតិ ដើម្បីធ្វើអោយយុត្តាធិការថ្មីមួយនេះយល់ដឹងអំពីការព្រួយបារម្ភរបស់ពួកគេ។
លោកអាត់ ធន បានសង្កត់ធ្ងន់ថា «តុលាការ[ការងារ]ទាំងនេះត្រូវមានឯករាជ្យ តម្លាភាព និងអាចកាត់សេចក្តីរាល់វិវាទការងាររបស់កម្មករ ដោយភាពយុត្តិធម៌»។ លោកស្នើសុំអោយសមាសភាពនៃតុលាការនេះត្រូវបានចូលរួមដោយភាគីទាំងបី គឺ«តំណាងកម្មករ និយោជក និងរដ្ឋាភិបាល»។
យ៉ាងណាមិញ លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកវិវាទការងារ ប្រចាំសមាគមនិយោជកឧស្សាហកម្មកាត់ដេរនៅកម្ពុជា (GMAC) ដែលមានសមាជិកជានិយោជកកាត់ដេរប្រមាណជាង២៧០នាក់ និងមានកម្មករប្រមាណជាង៣០ម៉ឺននាក់បម្រើការងារនៅតាមរោងចក្រទាំងនោះ ក៏មានការយល់ឃើញដូចគ្នាផងដែរ។ តំណាងនិយោជករូបនេះមានប្រសាសន៍ថា ការបង្កើតតុលាការការងារឯករាជ្យអាចនឹងចូលរួមចំណែកកាត់បន្ថយភាពតានតឹងនៅក្នុងសង្គម និងជួយធ្វើអោយកម្មករគោរពច្បាប់ មុននឹងចាប់ផ្តើមធ្វើបាតុកម្ម រឺកូដកម្ម ដែលធ្វើអោយខូចប្រយោជន៍។ លោកបានពន្យល់ថា «ការយល់ដឹងរបស់តុលាការអាជ្ញាគតិ ទាក់ទងនឹងវិវាទការងារនៅមានកំរិត។ សហជីពវាយតម្លៃថាតុលាការអាជ្ញាគតិប្រព្រឹត្តអំពើពុករលួយ និងថាពួកគេគ្មានសំណាងនឹងឈ្នះនិយោជកមានៗបាននោះទេ។ ប៉ុន្តែ នៅក្នុងករណីខ្លះ កម្មករក៏ឈ្នះក្តីដែរ។ ប៉ុន្តែ យើងចង់បានតុលាការការងារមួយ ដែលនឹងកាត់សេចក្តីបានឆាប់រហ័ស ហើយយើងមិនចង់ធ្វើការប្តឹងផ្តល់ទៅតុលាការអាជ្ញាគតិនោះទេ ព្រោះយើងត្រូវចំណាយលុយច្រើន និងខាតបង់ពេលវេលាទៀត»។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានដំណើរការ រយៈពេល៦ឆ្នាំមកហើយ
នៅក្នុងការទន្ទឹងរង់ចាំការបង្កើតតុលាការការងារ និយោជក និងកម្មករនិយោជិតអាចដោះស្រាយវិវាទរបស់ពួកគេបាន នៅចំពោះមុខស្ថាប័នមួយផ្សេងទៀត ក្រៅពីតុលាការអាជ្ញាគតិ នោះគឺក្រុមប្រឹក្សាអាជ្ញាកណ្តាល ។ ស្ថាប័នឯករាជ្យនេះទទួលបន្ទុកដោះស្រាយវិវាទការងារ បន្ទាប់ពីមិនអាចដោះស្រាយបាន ដោយការផ្សះផ្សា។ ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយផ្អែក លើគោលការណ៍នៃច្បាប់ការងារឆ្នាំ១៩៩៧។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានសមាសភាពចូលរួមពីសំណាក់ភាគីទាំងបី គឺតំណាងនិយោជិត និយោជក និងក្រសួងការងារ និងមានសមាជិកយ៉ាងតិចបំផុត១៥នាក់ ដែលត្រូវបានតែងតាំងដោយប្រកាសមួយរបស់រដ្ឋមន្រ្តីក្រសួងការងារ សម្រាប់អាណត្តិរយៈពេល១ឆ្នាំ និងត្រូវបានជ្រើសរើសយកចេញពីក្នុងចំណោមចៅក្រម សមាជិកគណៈកម្មការប្រឹក្សាការងារ រួមទាំងឥស្សរជន «ដែលមានសីលធម៌ល្អ និងមានសមត្ថភាពខាងសេដ្ឋកិច្ចនិងសង្គម»។ ដូចនេះ ក្រុមប្រឹក្សានេះប្រៀបដូចជាតុលាការនៃក្រុមប្រឹក្សានិយោជន៍ ប៉ុន្តែ មានដែនកំណត់ច្រើន ដូចជាអាចជំនុំជម្រះបានត្រឹមតែវិវាទរួមប៉ុណ្ណោះ គឺមិនមែនជាវិវាទបុគ្គលនោះទេ។ ដែនកំណត់មួយផ្សេងទៀតនោះគឺ ភាគីមួយ ចំណោមភាគីនិយោជក និងនិយោជិតនៅតែអាចប្តឹងជំទាស់បាន និងដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាគតិ ដោយទុកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមោឃៈ បើទោះបីជាមេដឹកនាំសហជីពទទួលស្គាល់ថាក្រុមប្រឹក្សានេះមានអំណាចទូលំទូលាយក៏ដោយ មានន័យថាទាំងនិយោជក ក៏ដូចជានិយោជិត អាចមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តល់ព័ត៌មាននេះ ដល់ក្រសួងការងារ នៅក្នុងលក្ខខណ្ឌមួយចំនួន និងនៅពេលដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់ (គឺនៅក្នុងករណីដែលភាគីជម្លោះមិនចងកាតព្វកិច្ចជាមុនថានឹងគោរពតាមសេចក្តីសម្រេច)។
ក្រុមប្រឹក្សាបានក្លាយជាគោលដៅនៃការរិះគន់
បើតាមគំនិតរបស់លោកជា មុនី យន្តការសព្វថ្ងៃនេះគ្មានអ្វីផ្សេងក្រៅពីជាឧបករណ៍មួយរបស់រដ្ឋាភិបាល សំដៅទប់ស្កាត់បាតុកម្មនិងកូដកម្មនោះឡើយ។ ប្រធាន ស.ស.ក.ក រូបនេះមានប្រសាសន៍លំអិតថា «ប្រសិនជាភាគីទាំងពីរ [និយោជក និងកម្មករ] មិនចងកាតព្វកិច្ចរបស់ខ្លួនទេ ជាធម្មតា ពួកគេអាចធ្វើការជំទាស់ ដោយប្តឹងទៅកាន់តុលាការ។ ជាទូទៅ គឺនិយោជក ដែលមិនព្រមចងកាតព្វកិច្ច។ ប៉ុន្តែ ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនមានសិទ្ធិណាមួយ ក្នុងការបញ្ជានិយោជក រឺកម្មករ អោយគោរពតាមសេចក្តីសម្រេចរបស់ខ្លួននោះទេ»។
ដោយឡែក ប្រធានសហភាពការងារកម្ពុជា ក៏បានធ្វើការកត់សម្គាល់ដូចគ្នានេះផងដែរ ដោយវាយតម្លៃថាក្រុមប្រឹក្សាអាជ្ញាកណ្តាលអសមត្ថភាព ក្នុងការអនុវត្តសេចក្តីបង្គាប់របស់ខ្លួន។ លោកអាត់ ធន បានសំដែងការសោកស្តាយថា «ជាទូទៅ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មិនត្រូវបានអនុវត្តនោះទេ ព្រោះថាទោះបីជានិយោជកបដិសេធមិនព្រមគោរពតាមសេចក្តីសម្រេចក៏ដោយ ក៏គ្មាននរណាផ្តន្ទាទោសគាត់ទេ។ ប្រទេសកម្ពុជាក៏មានបញ្ហាពុករលួយ ហើយនៅក្នុងវិស័យកាត់ដេរ ពិតជាមានការិយាល័យធិបតេយ្យច្រើន…។ លើសពីនេះ នៅពីក្រោយខ្នងរោងចក្រកាត់ដេរទាំងនោះ សុទ្ធសឹងជាមន្រ្តីមានអំណាច»។
ដោយឡែក លោកជាតិ ខេមរាបានច្រានចោទពាក្យចោទប្រកាន់របស់មេដឹកនាំសហភាពការងារកម្ពុជា បើទោះបីជាលោកឯកភាពជាមួយសហជីព ទាក់ទងនឹងភាពចាំបាច់ក្នុងការបង្កើតតុលាការការងារក៏ដោយ។ តំណាងសមាគម GMAC រូបនេះបានសង្កត់ធ្ងន់ថា «ជួនកាល សិទ្ធិនិយោជកក៏ត្រូវបានរំលោភបំពានផងដែរ។ ដូចនេះ និយោជកត្រូវការពារផលប្រយោជន៍របស់ខ្លួន។ និយោជកបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងការធ្វើកូដកម្ម ដែលមិនគោរពច្បាប់។ នៅក្នុងករណីខ្លះ [នៅក្នុងចំណោមកូដកម្ម និងបាតុកម្ម ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ] សហជីពមិនបានគោរពនីតិវិធីច្បាប់នោះទេ។ យើងចង់អោយភាគីនីមួយៗបង្ហាញឆន្ទៈអនុវត្តច្បាប់ ដោយមិនមានភាគីណាមួយទទួលរងសំពាធពីអំពើអយុត្តិធម៌ រឺការបង្ខិតបង្ខំនោះទេ»។
ដោយឡែក លោកសុខ ឡោ នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលស្គាល់ថាគ្រប់យ៉ាងក្នុងស្ថាប័ននេះ នៅមិនទាន់ល្អប្រសើរឥតខ្ចោះនោះទេ ជាពិសេស នៅមានការខ្វះខាតមធ្យោបាយ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។ ទោះយ៉ាងណា លោកនៅតែពេញចិត្តនឹងការងារដែលសម្រេចបាន ចាប់តាំងពីការបង្កើតអស់រយៈពេល៦ឆ្នាំមកនេះ នៅក្នុងការដោះស្រាយពាក្យបណ្តឹង ដែលបណ្តឹងទាំងអស់ជារបស់សហជីព។ លោកមានប្រសាសន៍លំអិតថា វិវាទភាគច្រើន ដែលត្រូវបានប្តឹងមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាប់ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួល ការបញ្ឈប់ការងារតំណាងសហជីព រឺកម្មករ និងលក្ខខណ្ឌការងារ។ អ្នកទទួលខុសត្រូវរូបនេះបានសំដែងភាពរីករាយថា «អ្វីដែលយើងដឹង គឺនៅក្នុងចំណោមសំណុំរឿងប្រមាណជាង៧០០ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួល ចាប់តាំងពីឆ្នាំ២០០៣មក យើងអាចដោះស្រាយបានចំនួន៦៨%។ អត្រានេះឆ្លុះបង្ហាញអោយឃើញអំពីជោគជ័យពិតប្រាកដមួយ»។ ម្យ៉ាងវិញទៀត លោកសុខ ឡ ក៏គាំទ្រអោយមានការបង្កើតតុលាការការងារ អោយបានឆាប់រហ័សផងដែរ ដោយធ្វើការបែងចែកដែនសមត្ថកិច្ចអោយបានជាក់លាក់ រវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអនាគតយុត្តាធិការមួយនោះ។
ត្រៀមលក្ខណៈរួចរាល់?
ដោយសហការជាមួយក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងតុលាការ ក្រសួងយុត្តិធម៌បានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់មួយ ស្តីពីការរៀបចំអង្គការចាត់តាំងតុលាការ ដែលយ៉ាងហោចណាស់ ក្នុងនោះក៏មានចែងពីការបង្កើតតុលាការជំនាញថ្មីបី គឺតុលាការពាណិជ្ជកម្ម រដ្ឋបាល និងការងារ។ លោក សំ សុខផល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានអោយដឹងថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្រោមការពិនិត្យរបស់ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី តាំងពីមុនពិធីបុណ្យចូលឆ្នាំខ្មែរ នៅខែមេសា ២០០៩។ អ្នកច្បាប់រូបនេះបានពន្យល់ថា «សេចក្តីព្រាងច្បាប់នេះកំពុងត្រូវបានពិនិត្យ ទន្ទឹមគ្នាជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម។ យើងត្រូវពិនិត្យសេចក្តីព្រាងច្បាប់ទាំងនេះដោយយកចិត្តទុកដាក់ ដើម្បីចូលរួមកំណែទម្រង់ច្បាប់ និងតុលាការ»។ លោកបានអះអាងថាការប្រព្រឹត្តទៅនៃតុលាការការងារកំពុងស្ថិតនៅក្នុងការពិចារណានៅឡើយទេ។ ក្រោយពេលបញ្ចប់ការងារពិនិត្យសេចក្តីព្រាងច្បាប់នេះរយៈពេល២ខែ របស់ក្រុមប្រឹក្សាអ្នកច្បាប់ សេចក្តីព្រាងច្បាប់នេះនឹងត្រូវពិនិត្យជាអន្តរក្រសួង មុននឹងត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្រ្តី និងរដ្ឋសភា។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះបានគូសបញ្ជាក់ថា «យើងមិនអាចកំណត់បានទេថាតើតុលាការការងារនឹងត្រូវបង្កើតឡើងនៅពេលណា។ យើងចង់បង្កើតអោយបានឆាប់រហ័ស ប៉ុន្តែ ចំពោះកិច្ចការនេះ គេមិនអាចសរសេរត្រឹមតែ២ រឺ៣សន្លឹករួចនោះទេ។ អ្នកជំនាញផ្នែកច្បាប់ត្រូវការពិចារណាអំពីខ្លឹមសារនៃច្បាប់នេះ»។ ដូចនេះ និយោជក និងសហជីពត្រូវមានចិត្តអំណត់អត់ធ្មត់បន្តិចទៀត បន្ទាប់ពីរង់ចាំអស់រយៈពេល១២ឆ្នាំមកហើយ ក្រោយការអនុម័តច្បាប់ការងារ។
អានបន្ថែមៈ
បេសកកម្មរបស់«តុលាការការងារ»
ជំពូកទី១២ មាត្រា៣៨៥ នៃច្បាប់ការងារ បានចែងថារាល់វិវាទការងារដែលមិនអាចដោះស្រាយបាន ដោយការផ្សះផ្សា អាចបញ្ជូនទៅតុលាការងារ ហើយតុលាការនេះអាចចាត់វិធានការចាំបាច់មួយចំនួនដូចតទៅៈ
-បង្គាប់អោយយកចូលធ្វើការដោយរក្សាឋានៈដើមវិញនូវកម្មករនិយោជិត ដែលនិយោជកបានលុបឈ្មោះ ដោយមានការរម្លឹកប្រាក់ឈ្នួលផង។
-ទុកជាមោឃៈនូវលទ្ធផលនៃការបោះឆ្នោតរបស់សហជីព រឺការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក
-បង្គាប់អោយនិយោជកធ្វើការចរចាជាមួយសហជីព រឺធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រតិភូសហជីព រឺប្រតិភូបុគ្គលិក
-សម្រេចអោយសងជំងឺចិត្តចំពោះភាគីដែលឈ្នះក្តី ក្នុងវិវាទការងារ។
នៅលើវិបសាយៈ
ច្បាប់ស្តីពីការងារ ជាភាសាខ្មែរ និងអង់គ្លេស នៅលើវិបសាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
សូមអាននៅលើ កាសែតៈ
-បទយកការណ៍រូបថតនិងសម្លេងៈ ទិវាពលកម្មអន្តរជាតិ (០១-០៥-២០០៩)
-វិស័យរោងចក្រកាត់ដេរនៅកម្ពុជាៈ ប្រឈមុខនឹងវិបត្តិ និយោជកអំពាវនាវសុំអោយកម្មកររក្សាភាពស្ងៀមស្ងាត់ (០៣-០៤-២០០៩)
-សហជីពកម្មករប្រឆាំងទៅនឹងគម្រោងធ្វើវិសោធនកម្មច្បាប់ការងារ ដែលអាចធ្វើអោយសន្តិសុខការងារចុះទន់ខ្សោយ (០៣-០៣-២០០៩)
-គ្រោះថ្នាក់ការងារៈ ជំហានស្ទាក់ស្ទើរនៃការចាប់ផ្តើមអនុវត្តប្រព័ន្ធសន្តិសុខសង្គមមួយនៅកម្ពុជា (២៦-០២-២០០៩)