ភ្នំពេញ (កម្ពុជា) ថ្ងៃទី៧ ឧសភា ២០០៩៖ លោក នូ វ៉ា សហសមិទ្ធករភាពយន្តរឿង «យើងចង់(អោយអ្នក)ដឹង»
©ចន វីង/ Magnum
«យើងចង់(អោយអ្នក)ដឹង» គឺជាខ្សែភាពយន្តឯកសារមួយ ដែលផ្តល់ឱកាសដល់អ្នកនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានបញ្ចេញមតិយោបល់ ហើយអ្នកផ្តួចផ្តើមភាពយន្តនេះឡើងមានបំណងចង់ធ្វើអោយខុសប្លែកពីខ្សែភាពយន្តឯកសារផ្សេងៗទៀត ដែលត្រូវបានផលិតឡើង ទាក់ទងនឹងប្រធានបទនេះ។ កញ្ញា Ella Pugliese សមិទ្ធករជនជាតិអ៊ីតាលីបានពន្យល់ថាការផលិតភាពយន្តឯកសារនេះមិនមែនមានន័យថាជាការចងក្រងឯកសារប្រវត្តិសាស្រ្ត រឺឯកសារច្បាប់ (ដូចជា តើត្រូវដាក់ពាក្យបណ្តឹងទៅតុលាការយ៉ាងដូចម្តេច ជាដើម) រឺ ឯកសារអប់រំនោះទេ ប៉ុន្តែជា «ការចូលរួមចំណែក»មួយ។ ដំណាក់កាលមួយភាគធំនៃការផលិតភាពយន្តនេះ រួមមានសេណារីយ៉ូ ការថតយករូបភាព ការសំដែងរបស់តួអង្គ និងការថតយកសម្លេង ត្រូវបានប្រគល់ទៅអោយអ្នកភូមិ ដែលត្រូវបានដឹកនាំផ្នែកបច្ចេកទេសដោយសមិទ្ធករជនជាតិអ៊ីតាលី និងគាំទ្រផ្នែកចិត្តសាស្រ្តដោយភ្នាក់ងារ Allemande Judith Strasser ដែលជាអ្នកផ្តល់ការប្រឹក្សាទាក់ទងនឹងគម្រោងនេះ សម្រាប់សេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ (Ded)។
«យើងចង់(អោយអ្នក)ដឹង»
ចំណងជើងភាពយន្តនេះមានអត្ថន័យពីរ គឺ យើងចង់អោយអ្នកដឹងពីអ្វីដែលបានកើតឡើង ជាពិសេស យុវជនជំនាន់ក្រោយ ហើយនិង យើងចង់ដឹងរឿងរ៉ាវដែលបានកើតឡើង។ ភាពយន្តនេះបានបង្ហាញបទសម្ភាសន៍មួយរវាងជីដូនពិការភ្នែក ដែលបានបាត់បង់សាច់ញាតិគ្រួសារនៅសម័យខ្មែរក្រហម និងក្មេងប្រុសស្លូតត្រង់ម្នាក់ អាយុ១២ឆ្នាំ។ ដោយកាន់ក្បាលមេក្រូនឹងដៃ ក្មេងប្រុសរៀបនឹងចូលវ័យជំទង់រូបនេះបានសួរជីដូននូវសំណួរជាច្រើន ក្រោមការចាប់យករូបភាពពីម៉ាស៊ីនកាម៉េរ៉ារបស់ក្រុមការងារ។
«យាយ! ខ្ញុំឆ្ងល់ថាតើ ពួកប៉ុល ពត មានលក្ខណៈដូចម្តេចទៅ?» «ពួកគេមានរូបមានរាងដូចមនុស្សយើង ប៉ុន្តែ មានអត្តចរិតខុសពីពួកយើង» «តើសព្វថ្ងៃ ពួកគេនៅឯណា?» «ពួកគេបានចាកចេញទៅហើយ យាយមិនដឹងថានៅឯណានោះទេ។ ក្រោយរបបខ្មែរក្រហមដួលរលំ មេដឹកនាំបានចាកចេញទៅ និងបានបន្សល់ទុកកូនចៅរបស់ពួកគេ។ ពួកគេគឺជាអ្នកភូមិដូចយើងដែរ ប៉ុន្តែ ពួកគេបានក្លាយជា ពួកប៉ុល ពត» «យាយ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកគេសម្លាប់ខ្មែរ?» «យាយមិនដឹងទេ...យាយមិនដឹងថាហេតុអីបានជាពួកគេធ្វើដូច្នោះទេ។ ពួកគេអនុវត្តតាមគោលការណ៍ ហើយគោលការណ៍របស់ពួកគេ គឺសម្លាប់...»។
ការចូលរួមរបស់សហគមន៍
គម្រោងនេះត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើង កាលពីមួយឆ្នាំមុន នៅក្នុងក្របខ័ណ្ឌនៃក្រុមការងារមួយ ទាក់ទងនឹងបញ្ហាផ្លូវចិត្ត ដែលកើតមាននៅក្នុងចំណោមអ្នករត់គេចផុតពីរបបខ្មែរក្រហម។ មូលនិធិនៃគម្រោងនេះត្រូវបានឧបត្ថម្ភដោយទីភ្នាក់ងារអាល្លឺម៉ង់ ហើយការផលិតរឿងជាបន្ទុករបស់វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ និងមជ្ឈមណ្ឌលអន្តរជាតិដើម្បីការផ្សះផ្សា។ ម្យ៉ាងទៀត បណ្តាញនានាដែលត្រូវបានបង្កើតឡើងដោយអង្គការក្រៅរដ្ឋាភិបាល សម្រាប់ការផ្តល់ជំនួយផ្លូវច្បាប់ដល់ជនរងគ្រោះពីខ្មែរក្រហម ត្រូវបានអំពាវនាវអោយចូលរួមនៅក្នុងកម្មវិធីនេះ។
នៅពេលចុះធ្វើទស្សនកិច្ចនៅតាមទីកន្លែងនៃការចងចាំផ្សេងៗ ដែលត្រូវបានគេស្គាល់ រឺមិនត្រូវបានគេស្គាល់ នៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប តាកែវ និងក្រចេះ បញ្ហាលំបាកគឺការបញ្ចុះបញ្ចូលអ្នកភូមិអោយចូលរួមនៅក្នុងគម្រោងនេះ។ កញ្ញា Ella Pugliese បានលើកឡើងថា «យើងចង់ដឹងចង់ឃើញថាតើយុទ្ធសាស្រ្តនេះផ្តល់ផ្លែផ្កាដូចម្តេចដែរ៖ មកកាន់ភូមិរបស់ប្រជាជន ជាមួយម៉ាស៊ីនថត និងឧបករណ៍ផ្សេងៗ ហើយសួរប្រជាជនថាតើពួកគាត់ត្រូវការធ្វើអ្វីម្យ៉ាង ដើម្បីរៀបរាប់រឿងអតីតកាលដែររឺទេ?។ ដោយឡែក កញ្ញា Judith Strasser បានមានប្រសាសន៍ថា មុនដំបូងឡើយ គំនិតនេះហាក់ដូចជាចម្លែក សម្រាប់ពួកគេ។ «តើត្រូវធ្វើអ្វី ជាមួយការចងចាំនេះ?» បន្ទាប់ពីការពិភាក្សាដ៏យូរមក អ្នកភូមិយល់ព្រមបង្កើតទំនាក់ទំនងជាមួយសម័យកាលដ៏សែនជូរចត់នេះឡើងវិញ ហើយអ្នកភូមិជាបន្តបន្ទាប់បានធ្វើការរៀបរាប់ជាមួយប្រវត្តិរបស់ខ្លួន។ នារីជនជាតិអ៊ីតាលីបានអោយដឹងថា «អ្នកខ្លះបានស្នើសុំអោយរៀបចំទិដ្ឋភាពសម្លាប់មនុស្សឡើងវិញ។ ដំបូងឡើយ យើងដូចជាមានការសង្ស័យចំពោះសំណើនេះ។ ពួកគាត់បានចាប់ផ្តើមសំដែងសាច់រឿង។ យើងបានតាមដានការសំដែងរបស់ពួកគាត់។ វាពិតជាគួរអោយព្រឺព្រួត។ ប៉ុន្តែ បន្ទាប់ពីការពិភាក្សាដ៏យូរមក យើងបានសម្រេចចិត្តមិនបង្ហាញឈុតសម្លាប់មនុស្ស ប៉ុន្តែ យើងបានស្នើសុំពួកគាត់អោយសំដែងឈុតនោះ»។
ដំណើរស្វែងរកការពិត
ការចូលរួមពីសំណាក់មនុស្សគ្រប់ជំនាន់ទាំងអស់មានសារៈសំខាន់ជាខ្លាំងសម្រាប់កញ្ញា Ella និង Judith។ ពួកគេទាំងពីរបានដឹងអំពីសេចក្តីត្រូវការរបស់អ្នកភូមិ ដែលចង់ឃើញប្រវត្តិសាស្រ្តនេះត្រូវបានចាក់ស្រែះនៅក្នុងការចងចាំជាលក្ខណៈសមូហភាព ដើម្បីកុំអោយប្រវត្តិទាំងនេះត្រូវបាត់បង់សាបសូន្យ។ Judith បានកត់សម្គាល់ថា «ប្រជាជនកម្ពុជាពិតជាត្រូវការស្វែងរកយុត្តិធម៌ និងបានផ្ញើសេចក្តីទុកចិត្តរបស់ខ្លួន អោយទៅសាលាក្តីខ្មែរក្រហម។ ម្យ៉ាងវិញទៀត បើទោះបីជាប្រជាជនមួយចំនួនត្រូវបានរុកកួនដោយអារម្មណ៍ចងកំហឹង ចំពោះអតីតពេជ្ឈឃាតខ្មែរក្រហមក៏ដោយ ក៏ពួកគេមិនមានបំណងចង់ធ្វើការសងសឹកនោះទេ»។

ភ្នំពេញ (កម្ពុជា) ថ្ងៃទី៦ ឧសភា ២០០៩៖ Judith Strasser អ្នកជំនាញចិត្តសាស្រ្ត ធ្វើការជាមួយអង្គការ TPO - Ella Pugliese សហសមិទ្ធករភាពយន្ត និង Shanti Sattler អ្នកផ្តួចផ្តើមគំនិត និងផលិតករភាពយន្ត «យើងចង់អោយអ្នកដឹង»
©ចន វីង/ Magnum
ភាពយន្តឯកសារនេះត្រូវចំណាយពេលថតអស់ជាច្រើនខែ ហើយគោលការណ៍របស់ក្រុមការងារគឺមិនត្រូវមករំខាន រឺមួយធ្វើអោយជ្រួលច្របល់ផ្សេងៗ នៅក្នុងភូមិទាំងនេះ តាមរយៈការព្យាយាមធ្វើអោយអ្នកភូមិរម្លឹករឿងរ៉ាវអតីតកាលច្រើនពេកនោះទេ។ ហេតុដូច្នេះហើយទើបបានជាក្រុមការងារនេះធ្វើការដោយការយកចិត្តទុកដាក់ខ្ពស់ ដោយនាំមកជាមួយនូវក្រុមអ្នកជំនាញចិត្តសាស្រ្តនៃអង្គការ TPO។ «ពួកគេបានពន្យល់ប្រាប់អ្នកភូមិ អំពីរោគសញ្ញា ដែលអាចកើតមាន នៅលើខ្លួនរបស់ពួកគេ ហើយនិងប្រតិកម្មផ្សេងៗដែលអាចកើតឡើង។ សេវាកម្មឆ្លើយសំណួរតាមទូរស័ព្ទ (Hotline)របស់អង្គការ TPO ក៏ត្រូវបានផ្សព្វផ្សាយប្រាប់ប្រជាជនផងដែរ ដើម្បីអោយពួកគាត់អាចបន្តការប្រឹក្សាជាមួយគ្រូពេទ្យជំនាញទាំងនេះ បើសិនជាពួកគាត់ត្រូវការ។
ការចាក់បញ្ចាំងភាពយន្តនៅប្រទេសកម្ពុជា
«យើងចង់អោយអ្នកដឹង» (រយៈពេល១ម៉ោង៣០នាទី) នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃសុក្រ ទី៨ ខែឧសភា នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា (ផ្ទះលេខ៦៤ ផ្លូវ២០០) វេលាម៉ោង ១៩។ ចាក់បញ្ចាំងនៅថ្ងៃសៅរ៍ ទី៩ ខែឧសភា នៅ Café Living Room (ផ្ទះលេខ៩ ផ្លូវ ៣០៦) នៅម៉ោង១៩ និងថ្ងៃអាទិត្យ ថ្ងៃទី១០ ខែឧសភានៅ Meta House (ផ្ទះលេខ៦ ផ្លូវ២៦៤) ម៉ោង១៩។ ដោយឡែក ភាពយន្តនេះ ត្រូវបានប្រើប្រាស់ និងផ្សព្វផ្សាយដោយអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការ TPO ដែលជាអង្គការមួយគាំទ្រផ្នែកចិត្តសាស្រ្ត។
-គ្រូពេទ្យជម្ងឺផ្លូវចិត្តព្យាបាលជម្ងឺតាមរលកធាតុអាកាស (០៧-០៥-២០០៨)
-ជនរងគ្រោះពីរបបខ្មែរក្រហម (០២-០៤-២០០៨)