អគារអង្គការសហប្រជាជាតិ (ហ្សឺណែវ ស្វីស)៖ លោកថាច់ វៀន ប្រធានសហព័ន្ធខ្មែរក្រោមប្រចាំទ្វីបអឺរុប និងជាអ្នករៀបចំមហាបាតុកម្មរបស់ខ្មែរក្រោម ដែលមកពីទូទាំងពិភពលោក ដើម្បីធ្វើការបញ្ចេញមតិរបស់ខ្លួន។
© ឡូរ៉ង់ ឡឺហ្គូអង់វិក
មនុស្សប្រមាណជាង២០០នាក់ ដែលមានដើមកំណើតចេញមកពីកម្ពុជាក្រោម [ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម] បានធ្វើដំណើរមកពីប្រទេសស្វីស បារាំង អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ សហរដ្ឋអាមេរិក កាណាដា ណូវ៉េហ្សេឡង់ និងអូស្រា្តលី ដើម្បីមកជួបប្រជុំគ្នា នាថ្ងៃសុក្រ ទី៨ ខែឧសភា នៅមុខអគារអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នាឱកាសដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកោះអញ្ជើញរដ្ឋាភិបាលវៀតណាមជាលើកទី១ ដើម្បីធ្វើការបកស្រាយបំភ្លឺ ទាក់ទិននឹងស្ថានភាពសិទ្ធិមនុស្ស នៅក្នុងក្របខ័ណ្ឌ Universal Periodic Review (UPR)។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍មួយជាមួយលោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរុប ដែលបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជា«ទិវាប្រវត្តិសាស្រ្ត»។
នៅព្រឹកថ្ងៃទី៨ ខែឧសភា អាកាសធាតុនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) មានលក្ខណៈអំណោយផលល្អសម្រាប់ខ្មែរក្រោមដែលចូលរួមធ្វើបាតុកម្ម ជាមួយពន្លឺព្រះអាទិត្យរះចិញ្ចែងចិញ្ចាំង គួបផ្សំនឹងខ្យល់ត្រសៀក ៗ ធ្វើអោយទង់ជាតិពណ៌ខៀវ-លឿង-ក្រហម របស់ខ្មែរកម្ពុជាក្រោម បក់រវិចៗ។ ពាក្យស្លោកនៃការទាមទាររបស់ពួកគេ មានដូចជា «សិទ្ធិស្វយ័តកំណត់» «សេរីភាពខាងជំនឿសាសនា» «សេរីភាពបញ្ចេញមតិ» «សេរីភាពសារព័ត៌មាន» និង «បញ្ចប់ការធ្វើទុក្ខបុកម្នេញរបស់ប្រទេសវៀតណាម មកលើជនជាតិដើម ម្ចាស់ស្រុកខ្មែរក្រោម»។ បរិយាកាសដ៏សែនរីករាយនេះក៏បានបង្ហាញជូនទស្សនីយភាពរបាំប្រពៃណីខ្មែរ ព្រមទាំងមានការចែកនំប៉័ងជូនក្រុមបាតុករផងដែរ។ សហអ្នករៀបចំមហាបាតុកម្មនេះ រួមមានលោកថាច់ ថាច ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក លោកថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរុប និងតំណាងអង្គការUNPO (Unrepresented Nations and Peoples) បានសំដែងក្តីរីករាយ ដែលអាចធ្វើការពាំនាំសាររបស់ខ្លួននៅលើឆាកអន្តរជាតិបាន។ មុននឹងធ្វើដំណើរទៅអគារសហប្រជាជាតិ ដើម្បីចូលរួមតាមដានសវនាការរបស់ប្រទេសវៀតណាម នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកថាច់ វៀន បានពន្យល់ប្រាប់ កាសែត អំពីការទន្ទឹងរង់ចាំរបស់លោក និងគោលបំណងនៃបាតុកម្មនេះ។ បទសម្ភាសន៍មានដូចតទៅៈ
កាសែតៈ តើការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្មែរកម្ពុជាក្រោមអ្វីខ្លះ ដែលលោកនឹងធ្វើការបរិហារ នៅចំពោះអ.ស.ប?
ថាច់ វៀនៈ ការរំលោភបំពានសិទ្ធិមនុស្សសំខាន់ៗ មានដូចជា ទី១ ការធ្វើទុក្ខបុកម្នេញប្រឆាំងសាសនាព្រះពុទ្ធនិកាយហិនយាន [ដែលត្រូវបានគោរពអនុវត្តដោយខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសឡាវ] ទី២ ការរឹបអូសដីធ្លីរបស់កសិករកម្ពុជាក្រោម និងទី៣ គឺការក្លែងបន្លំប្រវត្តិសាស្រ្តខ្មែរក្រោម ពីសំណាក់ប្រទេសវៀតណាម។ គោលបំណងរបស់យើងគឺធ្វើការផ្សព្វផ្សាយបញ្ហាទាំងអស់នេះប្រាប់ជូនមតិអន្តរជាតិអោយបានជ្រាប និងពឹងផ្អែកលើអង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រយើងខ្ញុំ ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សជាដើម ដែលធ្លាប់បានចេញរបាយការណ៍មួយ កាលពីខែមករា ឆ្នាំ២០០៩ ទាក់ទងនឹងបញ្ហារំលោភបំពានសិទ្ធិមនុស្សរបស់ខ្មែរកម្ពុជាក្រោម នៅប្រទេសវៀតណាម។
កាសែតៈ «ការក្លែងបន្លំប្រវត្តិសាស្រ្ត» មានន័យដូចម្តេច?
ថាច់ វៀនៈ រដ្ឋាភិបាលវៀតណាមបដិសេធទទួលស្គាល់ថាយើងគឺជាពលរដ្ឋម្ចាស់ស្រុកដើមនៃទឹកដីនេះ។ ពួកគេបានសរសេរនៅក្នុងអត្ថបទផ្លូវការ និងសៀវភៅសិក្សាថា យើងគឺជាជនភៀសខ្លួន មកពីប្រទេសកម្ពុជា និងបានតាំងទីលំនៅរស់នៅប្រទេសវៀតណាម ខណៈពេលដែលយើងរស់នៅទីនោះ និងបានកាន់កាប់ទឹកដីទាំងនេះអស់រយៈពេលជាយូរឆ្នាំមកហើយ ពោលគឺមុនជនជាតិវៀតណាមទៅទៀត។ ខ្មែរកម្ពុជាក្រោមគឺជាពលរដ្ឋម្ចាស់ស្រុកដើម! គេមិនត្រូវភ្លេចថាខេត្តទាំង២១ នៅប្រទេសវៀតណាមខាងត្បូង គឺជាអតីតទឹកដីរបស់ខ្មែរ! ប៉ុន្តែ នៅឆ្នាំ១៩៤៩ ប្រទេសបារាំងបានប្រគល់ទឹកដីទាំងនេះអោយទៅប្រទេសវៀតណាម ដោយមិនបានប្រគល់មកអោយប្រទេសកម្ពុជាវិញ។ ចាប់តាំងពីពេលនោះហើយ ដែលយើងទទួលរងនូវការគាបសង្កត់ធ្វើបាបផ្សេងៗ ព្រោះប្រទេសវៀតណាមមានវប្បធម៌មួយ ខុសឆ្ងាយពីវប្បធម៌របស់យើង ចំណែកការគោរពប្រណិប័តន៍សាសនាក៏ខុសគ្នាដែរ...។ យើងមានការលំបាករស់នៅជាមួយជនជាតិវៀតណាម។
កាសែតៈ ក្រុមបាតុករដែលមកជួបជុំគ្នានៅថ្ងៃនេះ រស់នៅទ្វីបអឺរុប អាមេរិកខាងជើង អូស្រា្តលី ណូវ៉ែហ្សេឡង់... តើលោកទទួលបានព័ត៌មាន ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញ និងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាក្រោម មកពីណាដែរ?
ថាច់ វៀនៈ អ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង ព្រមទាំងជនរួមជាតិ ដែលរស់នៅទីនោះ [នៅដីសណ្តទន្លេមេគង្គ] បានទំនាក់ទំនងមកយើង។ ម្យ៉ាងទៀត ក៏ព្រោះតែប្រទេសវៀតណាមមិនសូវធ្វើបាបយើងដូចមុន។ ប្រទេសវៀតណាមបានចុះអនុសញ្ញាអន្តរជាតិ ដើម្បីគោរពសិទ្ធិមនុស្ស ប៉ុន្តែ ជាបឋម ដើម្បីទទួលបានថវិកាពីប្រទេសផ្តល់ជំនួយ…។ រហូតដល់ឆ្នាំ២០០១ រដ្ឋាភិបាលវៀតណាមមិនព្រួយបារម្ភពីជោគវាសនាខ្មែរក្រោមទាល់តែសោះ។ ប៉ុន្តែ សហគមន៍ខ្មែរក្រោមនៅទូទាំងពិភពលោកបានស្នើសហគមន៍អន្តរជាតិអោយមានប្រតិកម្ម និងជួយប្រជាពលរដ្ឋក្រីក្រទាំងនេះ។
កាសែតៈ ដោយធ្វើបាតុកម្មនៅមុខអគារសហប្រជាជាតិ តើលោកសង្ឃឹមថានឹងទាក់ទាញចំណាប់អារម្មណ៍របស់ប្រទេសផ្តល់ជំនួយសម្រាប់ប្រទេសវៀតណាមដែររឺទេ?
ថាច់ វៀនៈ បាទ! រដ្ឋាភិបាលដែលផ្តល់ជំនួយដល់ប្រទេសវៀតណាម ព្រមទាំងស្ថាប័នធំៗ ដូចជាធនាគារពិភពលោក ត្រូវតែដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងហាណូយ។ យើងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបុព្វហេតុនេះ។ ជាក់ស្តែង សភាអឺរុប បានយល់អំពីស្ថានការណ៍នេះ។ តំណាងរាស្រ្តក៏បានបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើការថ្កោលទោសការរំលោភបំពានសិទ្ធិមនុស្ស នៅប្រទេសវៀតណាម។
កាសែតៈ តើលោកត្រៀមធ្វើការទាមទារឯករាជ្យភាពនៅកម្ពុជាក្រោមដែររឺទេ?
ថាច់ វៀនៈ នេះគឺជាបញ្ហាដ៏សំខាន់មួយ។ ប៉ុន្តែ យើងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ មុននឹងគិតអំពីរឿងនេះ។ យើងមិនចង់បោះជំហានទៅមុខខ្លាំងពេកនោះទេ។ ជនរួមជាតិរបស់យើងជាប្រជាជនក្រីក្រ ហើយភាគច្រើន រស់នៅតាមជនបទ។ យើងត្រូវអប់រំពួកគេ លើកកម្ពស់កំរិតជីវភាពរស់នៅ បង្កើនការយល់ដឹងអំពីសិទ្ធិមនុស្ស... មុននឹងគិតអំពីបញ្ហាទាមទារឯករាជ្យ។
Universal Periodic Review (UPR)
Universal Periodic Review (UPR) គឺជាយន្តការថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ជាមួយនឹងការបង្កើតក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ។ យន្តការនេះមានភារកិច្ចរៀបចំរបាយការណ៍មួយ រៀងរាល់៤ឆ្នាំម្តង ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅតាមប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន១៩២។ សព្វថ្ងៃនេះ ប្រទេសវៀតណាមត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យមួយ ដែលដំណើរការនេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០១១។ នៅចុងបញ្ចប់ គោលដៅគឺបំពាក់អោយក្រុមប្រឹក្សាសិទ្ធិមនុស្សនូវយន្តការជាសកលមួយ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិក។ យន្តការនេះនឹងបង្កើនទម្ងន់បន្ថែមដល់ក្រុមប្រឹក្សា ដើម្បីធ្វើអោយមានការគោរពសិទ្ធិមនុស្ស។

-
អង្គការឃ្លាំមើលសិទ្ធិមនុស្សបរិហារអំពីការរំលោភសិទ្ធិប្រជាពលរដ្ឋនៅកម្ពុជាក្រោម (២២-០១-២០០៩)
-
ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ (០៤-០៦-២០០៨)
-
អង្គការឃ្លាំមើលសិទ្ធិមនុស្សៈ តើព្រះសង្ឃខ្មែរក្រោម ទឹម សាខន គង់នៅឯណា? (០៣-០៧-២០០៨)