|
អធិប្បាយចុងក្រោយ
|
| ជីវប្រវត្តិមិនគួរអោយជឿរបស់អ្នកស្រី មុំ : ភ្នំពេញមិនចូលចិត្តអ្នកស្រី |
| ដោយ អានឡ ប៉ូរ៉េ | | | ១១-០៥-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៤ មករា ២០០៩៖ ឧបករណ៍ទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញផ្ទះសំបែងនៅតំបន់ដីក្រហម។ ©ចន វីង/ Magnum ខណៈពេលដែលប្រជាពលរដ្ឋរាប់រយគ្រួសារនៅជុំវិញរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាកំពុងមានការព្រួយបារម្ភខ្លាចក្រែងត្រូវអាជ្ញាធរមូលដ្ឋានបញ្ជាអោយផ្លាស់លំនៅដ្ឋាន យើងបានជួបស្រ្តីម្នាក់ ឈ្មោះមុំ [ឈ្មោះថ្មី ដែលអ្នកនិពន្ធបានដាក់អោយ ដើម្បីការពារសុវត្ថិភាពរបស់អ្នកស្រី និងគ្រួសាររបស់អ្នកស្រី] ដែលបានយល់ព្រមរៀបរាប់អំពីឆាកជីវិតដ៏សែនវែងអន្លាយរបស់ខ្លួន ព្រមជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះ។ ប៉ុន្តែ ប្រវត្តិរបស់អ្នកស្រី មុំ មានលក្ខណៈពិសេសជាងគេ ព្រោះអ្នកស្រីធ្លាប់ត្រូវបានបណ្តេញចេញពីលំនៅដ្ឋាននៅកណ្តាលទីក្រុងភ្នំពេញ ចំនួន៤លើកមកហើយ។ អ្នកស្រីបានស្រែកទ្រហ៊ោយំទាំងអស់សង្ឃឹម ដើម្បីទាមទារអោយមនុស្សដូចជាអ្នកស្រីត្រូវបានគោរព និងផ្តល់ភាពថ្លៃថ្នូរជាមនុស្ស។ ខាងក្រោមនេះ គឺជាជីវប្រវត្តិសង្ខេបដ៏សែនឈឺចាប់របស់ស្រ្តីជាម្តាយរូបនេះ។
ការបណ្តេញចេញពីដីមួយកន្លែងនៅទល់មុខកោះពេជ្រ អ្នកស្រី មុំ បានធំដឹងក្តី នៅក្នុងគ្រួសារកសិករមួយ នៅខេត្តព្រៃវែង។ គាត់បានផ្លាស់ទីលំនៅមកកាន់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៨៨ ជាមួយស្វាមី ដែលធ្វើជាទាហាន។ ពួកគាត់រស់នៅលើដីមួយកន្លែងយ៉ាងមានសេរីភាព ក្បែរស្ថានទូតរុស្សី ទល់មុខកោះពេជ្រ។ នៅទីនោះ អ្នកស្រីមុំ បានដាំបន្លែបង្ការ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ប៉ុន្តែ ថ្ងៃមួយ នៅពេលគាត់តាមកូនស្រីទៅកាន់មន្ទីរពេទ្យ ក្រុមហ៊ុនថៃ ដែលក្លាយជាកម្មសិទ្ធិករថ្មី លើដីធ្លីដែលគាត់ និងប្រជាពលរដ្ឋផ្សេងទៀតកំពុងរស់នៅ បានបណ្តេញប្រជាជនចេញពីលំនៅដ្ឋាន ជាថ្នូរនឹងប្រាក់សំណងចំនួន២ពាន់ដុល្លារ។ អ្នកស្រីមុំ បានរម្លឹកថា «យើងដឹងថាយើងនឹងត្រូវរើផ្ទះឆាប់ៗនេះ។ យើងបានព្រមព្រៀងជាមួយក្រុមហ៊ុន ប៉ុន្តែយើងមិនដឹងថាថ្ងៃណានឹងរើផ្ទះនោះទេ»។ នៅពេលគាត់ត្រឡប់មកពីមន្ទីរពេទ្យវិញ អ្នកជិតខាងរបស់គាត់បានរើឥវ៉ាន់ចាកចេញទាំងប្រញាប់ប្រញាល់។ គាត់បានទៅក្រុមហ៊ុន ដើម្បីពន្យល់ពីការខកខានរបស់គាត់ និងទាមទារចំណែករបស់គាត់ ប៉ុន្តែ តំណាងក្រុមហ៊ុនបានទទួលបទបញ្ជាដ៏តឹងរឹង គឺគេអោយប្រាក់ទៅគ្រួសារ ដែលមានវត្តមាន នៅពេលរុះរើផ្ទះប៉ុណ្ណោះ។ អ្នកស្រី មុំ បានទ្រហ៊ោយំ ចំពោះវាសនាដ៏សែនអភ័ព្វនេះ។ គាត់បានរៀបរាប់ថា «តំណាងក្រុមហ៊ុនរូបនោះអាណិតខ្ញុំ។ គេអោយខ្ញុំនូវប្រាក់ដែលគេមាននៅក្នុងហោប៉ាវ គឺ២០០ដុល្លារ»។ នេះគឺជាការបណ្តេញចេញលើកទី១របស់អ្នកស្រី មុំ នៅឆ្នាំ១៩៩០។ ប៉ុន្តែ ការបណ្តេញចេញដ៏គួរអោយភ្ញាក់ផ្អើលនេះមិនបានកើតមានអំពើហឹង្សានោះទេ។ ហេតុដូច្នេះហើយ នៅពេលគាត់រៀបរាប់ គាត់មិនបានប្រើពាក្យថា «បណ្តេញចេញ» នោះទេ គាត់ប្រើពាក្យថា «ការរើផ្ទះ»។ ការបណ្តេញចេញពីភូមិ១៤ នៅមិនឆ្ងាយពីតំបន់នោះប៉ុន្មាន មានដីទំនេរមួយកន្លែង ស្ថិតនៅខាងកើតស្ថានទូតរុស្សី។ មេប៉ូលីសបានស្នើសុំប្រជាជនដែលត្រូវបានបណ្តេញចេញអោយមករស់នៅទីនោះ។ គាត់ក៏បានសង់ផ្ទះឈើមួយខ្នង មាន៣ជាន់ ប្រក់ស្លឹក។ មួយឆ្នាំក្រោយមក ស្វាមីរបស់អ្នកស្រីក៏បានចែកឋានទៅ។ អ្នកស្រីត្រូវពុះពារតស៊ូតែម្នាក់ឯង ទទួលបន្ទុកចិញ្ចឹមកូន៣នាក់។ នៅពេលកើតមានជម្លោះនយោបាយ ឆ្នាំ១៩៩៧ គាត់បានធ្វើអោយបាត់កូនសៀវភៅ ដែលបញ្ជាក់ថាគាត់បានផ្ញើប្រាក់ទុកនៅក្នុងអង្គការមួយ ហើយបើតាមប្រសាសន៍របស់អ្នកស្រី អង្គការនេះត្រូវបានបង្កើតឡើងដោយលោកម៉ាន់ ឈឿន បច្ចុប្បន្ន ជាអភិបាលរងរាជធានីភ្នំពេញ។ ដូចនេះ គាត់មិនអាចបើកយកប្រាក់ទាំងនោះមកវិញទេ។ ប៉ុន្តែ រឿងរ៉ាវដ៏សែនខ្លោចផ្សារបំផុតបានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០១។ អគ្គីភ័យមួយបានឆាបឆេះឡើង ទាំងកណ្តាលថ្ងៃត្រង់ និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១ ៧៧៥គ្រួសារ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងនោះបានបរិហារអំពីយុទ្ធសាស្រ្តដ៏ខ្មៅកខ្វក់មួយ ដើម្បីបណ្តេញពួកគេចេញពីលំនៅដ្ឋាន។ «អាជ្ញាធរក្រុងភ្នំពេញបានដុតផ្ទះសំបែងរបស់ពួកយើង ហើយបានអោយពួកយើងទៅរស់នៅភូមិអន្លុងក្ងាន ស្ថិតនៅស្រុកឫស្សីកែវ»។ គឺនៅពេលនោះហើយ ដែលជោគវាសនាអាក្រក់មួយផ្សេងទៀតបានកើតមានឡើងលើរូបគាត់។ អ្នកស្រី មុំមានផ្ទះពីរខ្នង នៅភូមិ១៤ ជាមួយនឹងឈ្មោះពីរផ្សេងគ្នា។ ប៉ុន្តែ នៅពេលគាត់មកដល់ភូមិអន្លុងក្ងាន គាត់បានទទួលដីឡូតិ៍តែមួយប៉ុណ្ណោះ ព្រោះមានមនុស្សម្នាក់បានចាប់យកដីឡូតិ៍ ដែលជាកម្មសិទ្ធិរបស់ឈ្មោះទី២របស់គាត់ទៅហើយ។ មេភូមិបដិសេធមិនទទួលស្គាល់កំហុសរបស់ខ្លួន…។ ចាប់តាំងពីពេលនោះមក នៅក្នុងខួរក្បាលរបស់គាត់មានតែគំនិតមួយប៉ុណ្ណោះ គឺចាកចេញពីតំបន់នេះ។ ការបណ្តេញចេញពីភូមិសំបុកចាប គាត់ ក៏ដូចជាអ្នកភូមិផ្សេងទៀតជាច្រើនត្រូវអត់ធ្មត់រង់ចាំអស់រយៈពេលមួយឆ្នាំ ទើបអាចលក់ដីឡូតិ៍នៅភូមិអន្លុងក្ងានបាន។ គាត់លក់បានតម្លៃ៧៥០ដុល្លារ។ គាត់បានចាកចេញពីជីវិតដ៏អាប់អួរនេះ ដោយត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ មករស់នៅភូមិសំបុកចាប។ នៅទីនោះ គាត់ទិញដីតូចមួយកន្លែង តម្លៃ១២០ដុល្លារ។ គាត់បានទទួលលិខិតផ្ទេរកម្មសិទ្ធិ និងសៀវភៅសហគមន៍ស្របច្បាប់មួយ។ គាត់រស់នៅទីនោះជាមួយកូនស្រី។ ប៉ុន្តែ នៅថ្ងៃទី៦ មិថុនា ២០០៦ ខណៈពេលដែលគាត់ទៅលេងផ្ទះបងស្រីនៅបឹងកក់ ភាគខាងជើងទីក្រុងភ្នំពេញ ចំណែកកូនស្រីទៅធ្វើការ ប្រជាជននៅភូមិសំបុកចាបត្រូវបានបណ្តេញចេញ។ គាត់មិនមានវត្តមាន នៅពេលផ្ទះសំបែងរបស់គាត់ត្រូវបានបំផ្លាញនោះទេ។ កម្មសិទ្ធិករនៅភូមិសំបុកចាប ត្រូវផ្លាស់ទីលំនៅទៅភូមិត្រពាំងអញ្ចាញ ចំណែកអ្នកជួលផ្ទះវិញ ត្រូវទៅរស់នៅភូមិអណ្តូង។ ដោយឡែក អ្នកស្រីមុំ គ្មានកន្លែងទៅរស់នៅទេ ព្រោះគាត់មិនបានទទួលដីឡូតិ៍ នៅកន្លែងថ្មីនោះទេ។ គាត់បានសួរលោកម៉ាន ឈឿន អំពីសិទ្ធិរបស់គាត់ថា «ខ្ញុំមានសៀវភៅស្នាក់នៅ ខ្ញុំមានលិខិតដែលអះអាងពីការផ្ទេរកម្មសិទ្ធិ!» «ប្រសិនជាអ្នកស្រីមានសៀវភៅមួយ អ្នកស្រីអាចសង់ផ្ទះនៅក្នុងសៀវភៅនោះបាន»។ អ្នកស្រី មុំ បានអះអាងទាំងកំហឹងថា នេះហើយគឺជាចម្លើយរបស់លោកម៉ាន់ ឈឿន។ សរុបមក គាត់មិនបានទទួលដីឡូតិ៍នោះទេ។ ការបណ្តេញចេញពីតំបន់ដីក្រហម អ្នកស្រី មុំ បានមករស់នៅតំបន់ដីក្រហមជាមួយកូនស្រីម្នាក់របស់គាត់ នៅផ្ទះកូនស្រីច្បង ដែលបានរៀបការរួចហើយ។ ពួកគាត់បានទិញផ្ទះមួយ និងបានរស់នៅទីនោះ ប៉ុន្តែ មេភូមិតែងតែបដិសេធមិនព្រមចុះហត្ថលេខាផ្ទេរកម្មសិទ្ធិ។ ថ្ងៃមួយ គាត់បានអោយប្រាក់មេភូមិ៤០០ដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ។ មេភូមិប្រគល់ប្រាក់២០០ដុល្លារមកអោយគាត់វិញ ដោយទុកត្រឹមតែ២០០ដុល្លារ ជាថ្នូរនឹងការយល់ព្រមប្រគល់សិទ្ធិសង់ផ្ទះ ធ្វើអំពីឥដ្ឋមួយ។ នៅពេលក្រុមហ៊ុន 7NG ចាប់ផ្តើមចរចាជាមួយគ្រួសាររស់នៅតំបន់ដីក្រហម គ្រួសារអ្នកស្រីមុំ ត្រូវបានទទួលស្គាល់ដូចជាអ្នករស់នៅមានកម្មសិទ្ធិដូចអ្នកភូមិផ្សេងទៀតដែរ បើទោះបីជាផ្ទះរបស់គាត់មិនមានលេខក៏ដោយ។ អ្នកស្រី មុំ ស្ថិតនៅក្នុងចំណោមអ្នកភូមិដែលនៅតស៊ូតវ៉ារហូតដល់វិនាទីចុងក្រោយនៃការបណ្តេញ ព្រោះ«អ្នកដែលមានផ្ទះធំៗមិនយល់ព្រមជាមួយនឹងសំណងតិចតួចមិនគ្រប់គ្រាន់របស់ក្រុមហ៊ុននោះទេ»។ ទោះបីជាជម្លោះនៅតំបន់នេះចេះតែខ្លាំងឡើងៗ និងទោះបីជាគាត់ធ្លាប់ជួបបទពិសោធន៍បែបនេះពីមុនមកក៏ដោយ ក៏អ្នកស្រីមុំ មិនជឿថានឹងមានការបណ្តេញថ្មីទៀតនោះទេ។ «យើងស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ខ្ញុំមិនគិតថានឹងមានការបណ្តេញចេញនោះទេ។ ខ្ញុំគិតទៀតថាអាជ្ញាធរយល់អំពីលក្ខខណ្ឌជីវភាពរស់នៅ និងការលំបាករបស់យើង។ ម្យ៉ាងទៀត ខ្ញុំជឿលើសុន្ទរកថារបស់សម្តេចហ៊ុន សែន ដែលបានថ្លែងបន្ទាប់ពីការស្លាប់របស់អ្នកភូមិនៅក្នុងប្រតិបត្តិការបណ្តេញចេញមួយ នៅក្បែរក្រុងព្រះសីហនុ។ កាលនោះ សម្តេចនាយករដ្ឋមន្រ្តីបានស្នើសុំកុំអោយមានការចាប់យកដីធ្លីរបស់ជនក្រីក្រ ដើម្បីប្រគល់អោយទៅក្រុមហ៊ុនឯកជន។ ខ្ញុំជឿជាក់លើរូបសម្តេច។ ប៉ុន្តែ នៅដីក្រហម គេបានប្រើអំពើហឹង្សា»។ ក៏ព្រោះតែមេភូមិមិនចង់ធ្វើការរបស់ខ្លួន ក៏ព្រោះតែផ្ទះរបស់គាត់មិនមានលេខ ទើបបានជាគ្រួសាររបស់គាត់មិនមានសិទ្ធិទទួលបានដីឡូតិ៍មួយកន្លែង នៅតំបន់រស់នៅថ្មី។ ប៉ុន្តែ អ្នកស្រីបានធ្វើការតវ៉ា ហើយនៅទីបំផុត គាត់ក៏សម្រេចបានជោគជ័យ។ «ខ្ញុំមិនយល់ទាល់តែសោះ។ រដ្ឋាភិបាលបានទទួលថវិកាពីប្រទេសផ្សេង។ ហេតុអ្វីបានជារដ្ឋាភិបាលមិនប្រើប្រាស់ថវិកានេះ ដើម្បីជួយប្រជាពលរដ្ឋនៅតំបន់ដីក្រហម និងអ្នកដែលគ្មានកន្លែងរស់នៅ? តើនរណានឹងដោះស្រាយបញ្ហានេះ? ខ្ញុំសូមអំពាវនាវដល់ធនាគារពិភពលោក និងប្រទេសផ្តល់ជំនួយ អោយបញ្ឈប់ការគាំទ្ររបស់ខ្លួន។ បន្ទាប់មក សម្តេចហ៊ុន សែននឹងត្រូវយកចិត្តទុកដាក់លើអ្នកក្រីក្រ។ ខណៈពេលដែលកូនៗរបស់គាត់កាន់តែមានជីវភាពធូរធារគួរសម កូនៗរបស់អ្នកក្រីក្រផ្សេងទៀតមិនបានទទួលអ្វីទាល់តែសោះ កាលានុវត្តភាពតែមួយគត់របស់ពួកគេ គឺធ្វើជាអ្នកលក់នៅតាមដងផ្លូវ»។ តើពេលណាការបណ្តេញចេញនឹងត្រូវបញ្ចប់? នៅអំឡុងពេលបណ្តេញចេញចុងក្រោយនេះ អ្នកស្រីមុំ បានបាត់បង់គ្រប់បែបយ៉ាង។ សូម្បីតែឆ្នាំងមួយ ក៏គាត់មិនអាចស្រោចស្រង់បានដែរ។ គាត់មានអារម្មណ៍អៀនខ្មាស ខឹងសម្បារ អស់សង្ឃឹម ឈឺស្កាត់ និងអស់កម្លាំង។ តើគាត់អាចសង់អ្វីបាន នៅលើគំនរផេះផង់ទាំងនេះ? តំនក់ទឹកភ្នែកគឺជាដំណោះស្រាយចុងក្រោយរបស់គាត់។ «ខ្ញុំមិនចង់ត្រូវគេបណ្តេញចេញទៀតនោះទេ។ ខ្ញុំប្រហែលជាត្រូវទៅរស់នៅឆ្ងាយពីទីក្រុង ពោលគឺរស់នៅជនបទតែម្នាក់ឯង។ ខ្ញុំមិនចង់ក្លាយជាបន្ទុកសម្រាប់កូនៗរបស់ខ្ញុំ រឺសាច់ញាតិខ្ញុំ ដែលកំពុងតែជួបការលំបាកនោះទេ។ ម្យ៉ាងវិញទៀត នៅជនបទ ខ្ញុំប្រហែលជាមានសុវត្ថិភាពជាងរស់នៅទីនេះ»។
-បទយកការណ៍រូបថតនិងសម្លេងៈ ជម្លោះដីធ្លី (២៥-០១-២០០៩) -សំណង ជាផ្ទះល្វែង មិនមែនជាប្រាក់ៈ សំណងសម្រាប់ប្រជាពលរដ្ឋដីក្រហមដែលត្រូវបានបណ្តេញចេញ ត្រូវបាន ពិនិត្យនិងកែសម្រួលឡើងវិញ (២៧-០១-២០០៩) -ប្រតិកម្មរបស់អ្នកប្រើប្រាស់អ៊ីនធឺណែតទៅនឹងការបណ្តេញប្រជាពលរដ្ឋនៅតំបន់ដីក្រហម (៣០-០១-២០០៩) -ជម្លោះដីធ្លីនៅកម្ពុជា : តំបន់ដីក្រហមត្រូវបានបោសសម្អាតនៅក្នុងការបណ្តេញដ៏ហិង្សាមួយ (២៤-០១-២០០៩) -អ.ស.បៈ ការបណ្តេញគ្រួសារចុងក្រោយនៅដីក្រហមអាចបញ្ចៀសបាន (២៩-០១-២០០៩)
|
|
|