កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
បទ​សម្ភាសន៍​ជាមួយ​​លោក​ស្រី ភួង ហ្គុតស៊ុន​ថារីៈ ការ​យល់ឃើញ​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់ ស្តី​ពី​ការ​ជំនុំជម្រះ​របស់​ឌុច
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៥-០៥-២០០៩
ភ្នំពេញ (កម្ពុជា​) ថ្ងៃ​ទី​១៣ ឧសភា ២០០៩៖ លោកស្រី អ៊ឹម ស៊ុន​ធី និង​កូនស្រី ភួង ហ្គុត​ស៊ុន​ថារី។ អ្នក​ទាំង​ពី​រ​គឺជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅក្នុង​ការ​ជំនុំជម្រះ​របស់​ឌុច នៅ​​អ.វ.ត.ក
© ចន វីង/ Magnum
លោក​ភួង តុន គឺជា​សាស្រ្តាចារ្យ​​​នីតិ​​អន្តរ​ជាតិ​មួយ​រូប​ ​ដែល​ត្រូវ​បាន​​គោរព​សរសើរ ហើយ​នៅ​​ក្នុង​ចំណោម​​និស្សិត​របស់​លោក មាន​លោក ការ​ សាវុត្ថ ដែល​បច្ចុប្បន្ន​ គឺជា​សហ​មេធាវី​ការ​ពារ​ក្តី​អោយ​​​ឌុច។ លោក​ភួង តុន​ក៏​ជា​សាកល​វិទ្យាធិការ​​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប​ផង​ដែរ​។​ លោកមិន​ធ្លាប់​បាន​ចូល​រួម​ពាក់ព័ន្ធ​នៅក្នុង​​​ចលនា​ម៉ាក់​និយមរបស់​​និស្សិត​​​កម្ពុជា​នៅ​ទីក្រុង​​​​​ប៉ារីស​នោះ​ទេ ព្រោះ​លោក​បាន​បដិសេធ​​ការ​ប្រើ​ប្រាស់​អំពើ​ហឹង្សា​ ដើម្បីការ​ពារ​គំនិ​ត​របស់​​ពួក​គេ​។ ​នៅ​ពេល​ប៉ុល ពត និង​បក្ស​ពួក​ឡើង​​កាន់​អំណាច​នៅទីក្រុង​ភ្នំពេញ លោក​កំពុង​ស្ថិត​នៅ​ទ្វីប​អឺរុប។ ​ប៉ុន្តែ លោក​បាន​ប្រថុយ​​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ជួប​​ជុំ​ជាមួយ​​គ្រួសារ ទោះ​បី​ជា​នៅ​អឺរុប លោក​ត្រូវ​បាន​គេ​ផ្តល់​ការងារ​អោយ​ធ្វើ​ក៏​ដោយ។ ទោះ​​យ៉ាង​ណា បុរស​វ័យ​៤០ឆ្នាំ​ផ្លាយ​រូបនេះ​មិន​បាន​ជួប​ជាមួយ​គ្រួសារ​នោះ​ទេ។ គ្រាន់​តែ​មក​ដល់​ភ្លាម លោក​ត្រូវ​បាន​​ចាប់​ខ្លួន ​និង​ត្រូវបាន​បញ្ជូន​ពីជំរំមួយ​ទៅ​ជំរំមួយ​ទៀត រហូត​ដល់​​ទីកន្លែង​ចុង​ក្រោយ គឺ​មន្ទីរ​ស-២១ ដែល​នៅ​ទីនោះ គេ​មិ​ន​អាច​រួច​គេច​ផុត​បាន​ឡើយ។ កូន​ស្រី​​របស់​លោក​​ អាយុ​៥៣​ឆ្នាំ​ និង​ភរិយាមេម៉ាយ​ អាយុ​​៧១​ឆ្នាំ​ ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​​ដំបូង​គេ ដែល​បាន​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី នៅក្នុង​សំណុំរឿង​លេខ​០០១ ទាក់​ទង​នឹង​ករណី​របស់​ឌុច អតីត​ប្រធាន​មន្ទីរ​ឃុំ​ឃាំង​ស២១ ហើយ​អ្នកទាំង​ពីរ​មិន​ដែល​ខក​ខាន​ចូលរួម​តាម​​ដាន​សវនាការឡើយ​ ព្រោះ​ពួកគាត់​ត្រូវ​ការ​​ស្វែង​រក​ការ​ពិត​។ យ៉ាង​​ណា​មិញ​ លោក​ស្រី ភូង ហ្គុត​ស៊ុន​ថារី ត្រូវ​ជា​កូន​ស្រី​របស់​លោក​ភួង តុន បាន​យល់​ព្រម​​ផ្តល់​បទ​សម្ភាសន៍​មួយ​ជាមួយ​ កាសែត ​ជាមួយ​នឹង​ភាព​ញញឹម​ពោរ​ពេញ​ដោយ​​ក្តី​សង្ឃឹម​​​។
10

 

កាសែតៈ តើ​លោក​ស្រី​ដឹង​ថា​ឪពុក​លោកស្រីជួប​​វាសនា​អាក្រក់​ ​យ៉ាង​ដូច​ម្តេច?
ភួង ហ្គុត​ស៊ុន​ថារីៈ
យើង​បាន​បាត់​ដាន​របស់គាត់​ រហូត​មក​ទល់​ថ្ងៃ​មួយ​ នៅ​ចុង​ឆ្នាំ​១៩៧៩។ នៅ​ឆ្នាំ​នោះ​ ខ្ញុំ​បានយក​អង្ករ​ទៅដូរ​យក​​ស្ករ​ត្នោត​ ហើយ​ខ្ញុំ​បាន​ខ្ចប់​វា​នៅក្នុង​ក្រដាស​កាសែត​មួយ​។ នៅក្នុង​ក្រដាស​​កាសែត​នេះ​ ខ្ញុំ​បាន​ឃើញ​រូប​ថត​ឪពុក​របស់​ខ្ញុំ​ នៅក្នុង​​បញ្ជី​ឈ្មោះ​​ដំបូង​ ដែល​ត្រូវ​បាន​រៀប​​ចំ​ដោយ​ជន​រង​គ្រោះ​នៅ​មន្ទីរ​ស២១។ គឺ​ពេលនោះ​ហើយ​ ដែល​ខ្ញុំ​បាន​​ដឹង​ថា​ឪពុក​ខ្ញុំ​បាន​ទទួល​មរណភាពហើយ​...។ [...] ​ពេលនេះ ខ្ញុំ​​ទន្ទឹង​​រង់​ចាំ​ស្តាប់​​​អ្វី​ដែល​​​ឌុច​​និយាយ​នៅក្នុង​សវនាការ​ ទាក់ទិននឹង​ករណី​ឪពុករបស់​ខ្ញុំ...
 
កាសែតៈ ហេតុ​អ្វីលោកស្រីចាំ​បាច់​សុំតាំង​ខ្លួនជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ ជាមួយ​ម្តាយ​របស់​លោក​ស្រី?
ភួង ហ្គុត​ស៊ុន​ថារីៈ
នៅ​ពេល​ខ្ញុំ​បាន​លឺគេនិយាយ​ពី​ការ​បង្កើត​តុលាការ​កាត់ទោស​ខ្មែរ​ក្រហម ខ្ញុំ​​បាន​និយាយ​ប្រាប់​ខ្លួនឯង​ថា​ពេលវេលា​ដែលខ្ញុំត្រូវ​តប​ស្នង​សង​គុណ​ឪពុក​ខ្ញុំ​បាន​មក​ដល់​ហើយ​។ គាត់​បាន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ពួកយើង! ខ្ញុំមិន​មែន​ចង់​អោយ​ទំព័រ​ប្រវត្តិ​​​សាស្រ្ត​​ដើរ​ត្រឡប់​ថយ​ក្រោយ​​នោះទេ ទោះ​បី​ជា​ក្រោយ​ការ​ជំនុំជម្រះ​ក៏​ដោយ។ យើង​មិន​​ត្រូវ​​បំភ្លេច​មនុស្ស​ដែលបាន​បាត់​បង់​ជីវិត​នោះទេ។
 
​ខ្ញុំ​នឹង​ធ្វើគ្រប់​បែប​យ៉ាង​តាម​ដែលអាច​ធ្វើទៅបាន រហូត​ដល់​​​ទីបញ្ចប់ ដើម្បី​ទទួល​បាន​ការ​ពិត​។ ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា​ការ​ពិត​នេះនឹង​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចាប់​ក៏​ដោយ​ ក៏​ខ្ញុំនៅ​តែ​​ចង់​ដឹង​។ ម្យ៉ាង​​ទៀត ដើម្បី​ធ្វើ​អោយ​សាលាក្តី​យល់​ព្រម​ទទួល​ពាក្យ​ស្នើ​សុំ​របស់​ខ្ញុំ យើង​បាន​រៀប​ចំ​សំណុំ​​ឯក​សារ​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ។ «ឌុចមិនអាច​បដិសេធ​ថា​ឪពុក​ខ្ញុំ​មិន​​ស្ថិតនៅ​មន្ទីរ​ស-២១ រឺ​និយាយ​ថា​មិន​ស្គាល់​គាត់​នោះ​ទេ!​ មុន​ពេល​បើក​ការ​ជំនុំជម្រះ មាន​លេច​លឺ​ពាក្យ​ចចាម​​អារ៉ាម​ ថា​ការ​កាត់​ទោស​​លើក​នេះ​គ្មាន​ប្រយោជន៍​អ្វីទាល់​តែ​សោះ​ និង​ថា​យើង​ធ្វើការ​ប្រថុយ​ប្រថាន​ឥត​បានការ​...។ ប៉ុន្តែ​ ករណីយ​កិច្ច​អាច​ធ្វើអោយយើង​បំភ្លេច​រាល់ការ​ភ័យ​ខ្លាច​​ទាំង​អស់។ ប្រសិនជា​ខ្ញុំ​មិន​សុំតាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នោះ​ទេ ខ្ញុំ​មិន​សក្តិ​សម​​ធ្វើ​​ជាកូន​ស្រី​ឪពុក​របស់ខ្ញុំ ដែលខ្ញុំ​ស្រឡាញ់ និង​កោត​ស្ញប់​ស្ញែង​នោះទេ! [...] បង​ប្អូន​ប្រុស​​​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ ក្នុងការ​រៀបចំ​ខ្សែជីវិត​របស់​គាត់​ឡើង​វិញ។ ពួក​គាត់​មិន​មានពេល​ទំនេរ​​ដើម្បី​ចូលរួម​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​ចូល​រួម​តាម​ដាន​សវនាការ​នោះទេ ប៉ុន្តែ ខ្ញុំ​​និង​ម្តាយ​ មាន​ពេល​វេលា​គ្រប់គ្រាន់​ យើង​តំណាង​អោយ​គ្រួសារ​ទាំង​មូល​។ អ្វីដែល​សំខាន់​​ចាំបាច់​បំផុត គឺមាន​វត្តមាន​នៅក្នុង​សាលាក្តី។
 
កាសែតៈ ឥឡូវនេះ ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​៩៣នាក់ ដែលត្រូវ​បាន​តុលាការ​ទទួល​ស្គាល់ នៅសល់ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ ដែល​បន្ត​មក​កាន់​អង្គជំនុំជម្រះ។ តើ​លោក​ស្រី​មាន​​អារម្មណ៍​ថា​ប៉ះ​ទង្គិច​នឹង​ករណី​នេះ​ដែរ​រឺទេ?​
ភួង ហ្គុត​ស៊ុន​ថារីៈ
​​​​ប៉ះទង្គិច​ជា​ខ្លាំង។ មុន​នឹង​ការ​ចេញ​ប្រកាស​បឋម ​អង្គ​ភាព​ជន​រង​គ្រោះ​បាន​រៀប​ចំ​អាហារ​ពេលល្ងាច​មួយសម្រាប់​ពួក​យើង​ជា​​​ដើម​បណ្តឹង​រដ្ឋប្បវេណី​។ កាល​នោះ ការ​ស្នាក់​នៅ ការ​ធ្វើដំណើរ និងការ​ហូប​ចុក​​​គឺជា​បន្ទុក​របស់​​​សាលាក្តី​។ ប៉ុន្តែ ក្រោយ​មក​ នៅ​សល់​ដើម​​បណ្តឹង​រដ្ឋ​ប្បវេណី​ត្រឹមតែ​៣ រឺ​៤នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ការ​ជំនុំជម្រះ រួម​មាន​លោក​ជុំ ម៉ី (អ្នក​នៅរស់​រាន​មាន​ជីវិត​មួយរូប​ពី​មន្ទីរ​ស២១) ម្តាយខ្ញុំ និង​ខ្ញុំ។ ខ្ញុំ​បាន​សួរ​ពួក​គេ​ថា​​​ហេតុ​អ្វី​បាន​ជា​យើង​មាន​ចំនួន​តិច​តួច។ ជា​ការ​ពិត​ណាស់ ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​អាច​មក​ចូល​រួម​សវនាការ​បាន ប៉ុន្តែ លុះត្រា​តែពួក​គាត់​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​​​ ថ្លៃ​ហូប​ចុក និង​​ថ្លៃ​ស្នាក់​​នៅ​ដោយ​ខ្លួន​ឯង។ មិនមាន​សំណង​ណា​មួយ​នោះទេ។ រឿង​ម្យ៉ាង​គត់​ដែល​អង្គភាព​ជន​រង​គ្រោះ​អាចផ្តល់​អោយ​យើង​បាន​ គឺ​ការ​ចំណាយ​លើថ្លៃ​ធ្វើ​ដំណើរ​ពី​កណ្តាល​ក្រុង​​ភ្នំពេញ ទៅ​កាន់​អង្គជំនុំជម្រះ ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ។ អង្គភាព​ជន​រង​គ្រោះ​អាច​​​នឹង​ផ្គត់​ផ្គង់​មធ្យោបាយ​​ចាំបាច់​មួយ​ចំនួន​​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​អោយ​មកចូលរួម ​ម្តងមួ​យ​ក្រុម​ៗ ដើម្បី​បំពេញ​កៅអី​ទាំង​​​ដប់ ដែល​គេ​បម្រុង​ទុកសម្រាប់​យើង​! ខ្ញុំ​សូមជំទាស់​ទៅ​នឹង​ការមិនយក​ចិត្តទុកដាក់​របស់​តុលាការ​មកលើ​ដើម​បណ្តឹង​រដ្ឋប្បវេណី ខណៈពេល​យើង​​នៅតែ​អះអាង​ថា​​​​នេះគឺជា​ការ​ចូលរួម​លើក​ដំបូង​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ក្នុង​តុលាការ​​ព្រហ្មទណ្ឌ​​មួយ​ដែលមាន​លក្ខណៈ​អន្តរ​ជាតិ! ប្រឈម​មុខ​នឹង​ជន​ជាប់​ចោទ វត្ត​មាន​​តិច​តួច​របស់យើងអាច​នឹង​មិន​សូវ​មាន​ទម្ងន់! កៅអី​ទាំង​ដប់ ដែល​ត្រៀម​សម្រាប់​ដើម​បណ្តឹ​ង​រដ្ឋ​ប្បវេណី​គួរ​តែ​ពេញ​គ្រប់​ពេល​! ម្យ៉ាង​ទៀត គេ​មិន​ត្រូវ​និយាយ​ប្រាប់​ខ្ញុំ​ថាការ​រៀប​ចំ​បែប​នេះ​​​ចំណាយ​​អស់​​ថវិកា​ច្រើនពេក​នោះទេ!
 
កាសែតៈ មានន័យថា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​គួរ​ចូលរួម​សវនាការ​រៀង​រាល់ថ្ងៃ​រឺ?
​ភួង ហ្គុត​ស៊ុន​ថារីៈ
នេះគឺជាការ​រង​គ្រោះ​​ជានិរន្តរ​មួយ... នៅយប់ មុន​ថ្ងៃបើក​សវនាការ​លើក​ដំបូង ខ្ញុំ​គេង​មិន​លក់​ទាល់​តែ​សោះ... ខ្ញុំ​យំ... យំ​... ។ ខ្ញុំ​រង់​ចាំ​វា អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ! ខ្ញុំ​បាន​យំ​​អស់​​ពេល​ជាច្រើន​ បន្ទាប់​ពី​ការ​ដួល​រលំ​របប​ប៉ុល ពត។​[...] នៅ​ពេល​ខ្ញុំ​បាន​លឺ​​រឿង​លំអិត​​នៅ​ក្នុ​ង​អង្គ​សវនាការ​ ទាក់​ទង​នឹង​ការ​ធ្វើ​ទារុណកម្មមកលើ​អ្នកទោស ខ្ញុំ​មិន​អាច​​មិន​​គិត​ដល់​ឪពុករបស់​ខ្ញុំ និង​ទង្វើដែល​គេ​បាន​ធ្វើ​មកលើ​រូប​គាត់​នោះទេ។ ជា​និច្ច​កាល ខ្ញុំ​​មាន​កូនសៀវភៅ និង​ខ្មៅដៃ​មួយ ដើម្បី​កត់​ត្រា នៅក្នុង​បន្ទប់​សវនាការ ទាក់​ទិននឹង​រឿងក្តី សំណួរ ចម្លើយ ពោល​គឺ​កត់ត្រា​គ្រប់​​​យ៉ាង។ ប៉ុន្តែ មិន​មែន​កត់​ត្រា​នីតិវិធី ដែល​ខ្ញុំ​មិន​យល់​នោះ​ទេ។ លើសពីនេះ ជា​រៀង​រាល់​ល្ងាច ខ្ញុំបាន​អាន​កំណត់​ត្រា​របស់ខ្ញុំ​ឡើង​វិញ។ ដូចនេះ រៀង​​រាល់យប់ ខ្ញុំ​តែង​តែ​អស់កម្លាំង និង​ជួនកាល ខ្ញុំត្រូវ​អាន​រហូតដល់ម៉ោង​១យប់ ដើម្បី​ត្រៀម​​លក្ខណៈ​ធ្វើដំណើរនៅ​ថ្ងៃ​ស្អែកបន្ទាប់។
 
កាសែតៈ តើ​អ្វីដែល​ធ្វើអោយលោកស្រី​រំសាយ​ទុក្ខ​បំផុត នៅក្នុងសវនាការ​ទាំង​នេះ?
ភួង ហ្គុត​ស៊ុន​ថារីៈ
គឺ​នៅ​ពេល​ឌុច ឆ្លើយ​សំណួរ​ដែល​គេ​បាន​សួរ​គាត់។ ការ​ស្តាប់​គាត់​ឡើង​បញ្ចេញ​​មតិ​នៅចំពោះ​មុខ​តុលាការ គឺជា​រឿង​ល្អ​ប្រសើរមួយ។ មួយ​ទៀត គឺ​ការ​កោះ​អញ្ជើញ​​សាក្សីមកកាន់​តុលាការ។ ទោះ​បីជា​គេ​និយាយ​ថា​សក្ខីកម្ម​របស់​ពួកគេ​មិន​ជាក់​លាក់​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់ ពួកគេ​មក​ទីនេះ ដើម្បី​និយាយថា​ពួកគេធ្លាប់ធ្វើជា​កង​ការពារ​របស់​ឌុច [នៅ​មន្ទីរ ម១៣] ជា​កសិករ​ដែល​កំពុង​រស់នៅ​ក្នុងភាព​ក្រីក្រ​ និង​រស់នៅ​តាម​​ជន​​បទ។ ទាំង​អស់នេះ​អាច​ជួយ​ធ្វើ​អោ​យ​ខ្ញុំ​រំសាយ​ទុក្ខ​បាន ទោះបីជា​ខ្ញុំ​មើលឃើញ​ដៃ​របស់ពួកគេ​មាន​ភាព​ភ័យញ័រក៏ដោយ។ ពួក​គេ​យល់ព្រម​មកផ្តល់​សក្ខីកម្ម។
 
កាសែតៈ លោក​ស្រី​មាន​ប្រសាសន៍​ថា​រង់ចាំ​តុលាការ​នេះ​អស់រយៈ​ពេលជា​យូរ​ម​កហើយ តើ​លោក​ស្រីជឿ​ជាក់លើតុលាការ​នេះ​ដែរ​រឺទេ?
ភួង ហ្គុត​ស៊ុន​ថារីៈ
ខ្ញុំ​រង់​ចាំ​ពេលនេះ អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ ខ្ញុំមិនធ្លាប់​សង្ឃឹម​​ថា​នឹង​មាន​តុលាការ​អន្ត​រ​ជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ទេ។ កាល​ពី​ឆ្នាំ​១៩៧៩ ធ្លាប់​​មាន​ការ​ជំនុំជម្រះ​មួយ ប៉ុន្តែ មាន​រយៈពេល​ឆាប់​រហ័ស​ពេក ហើយ​យើង​មិន​សូវ​មាន​​ទំនុក​ចិត្ត​​លើ​តុលាការ​នោះ​ប៉ុន្មាន​នោះទេ។​ កាល​នោះ ខ្ញុំគិត​ថា​នឹង​មិនមាន​តុលាការ​មួយ​ផ្សេង​​ទៀត​ឡើយ។​
 
យុវជន​ជាច្រើន​មិនជឿ​ថា​មាន​សោក​នាដ​កម្ម​បែប​នេះ​បាន​កើ​ត​ឡើង​​។ ប​ច្ចុប្បន្ន តុលាការ​នេះ​​អាច​ជួយ​ធ្វើអោយ​យុវជន​ដែលមិន​ស្គាល់ រឺ​មិនជឿ​លើ​ឧក្រិដ្ឋកម្ម​​​ខ្មែរ​ក្រហម​ ​បើក​ភ្នែក​​​​របស់​​ពួកគេ​និង​​យល់ដឹង​អំពី​របប​គ្រប់​គ្រង​នេះ​​​។​ ប៉ុន្តែ ខ្ញុំ​មានការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​បក​ប្រែភាសា​​។ ទាំងការ​បក​ប្រែ​ភាសា​អង់គ្លេស និង​បារាំង អ្នកស្តាប់​បាន​បាត់បង់​ចំណុច​ជា​ច្រើន​...។ ក្រៅអំពី​នីតិវិធី ប្រវត្តិ​សាស្រ្ត​ដើរ​តួនាទី​ដ៏​សំខាន់មួយ ! ដើម្បី​ធ្វើអោយឌុច អាច​និយាយ​​ចេញមកច្រើន គេ​ត្រូវ​ស្គាល់​ប្រវត្តិសាស្រ្ត​ច្បាស់​ សួរ​សំណួរ ជីកកកាយ​អតីតកាល និង​​មិនត្រូវ​កំណត់​ដែន​សមត្ថកិច្ច​នៃការ​ជំនុំជម្រះ​ ដូចជា​របប​ខ្មែរក្រហម លន់ នុល... នោះ​ទេ ប៉ុន្តែ​ត្រូវ​​ធ្វើ​ដំណើរ​​អោយ​បាន​វែង​ឆ្ងាយ ដើម្បី​យល់​ពី​រឿង​រ៉ាវ​ដែលបាន​កើត​ឡើង​! គេ​បាន​​រំលង​មួយ​ផ្នែក​នៃ​ប្រវត្តិសាស្រ្ត។ ប្រសិនជា​​ប្រវត្តិ​សាស្រ្ត​ត្រូវ​បាន​សរសរ​ត្រឹម​តែ​ពាក់​កណ្តាល សួរ​ថា​តើ​មាន​ក្រម​សីលធម៌​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នោះ​ដែរ​រឺទេ? យើង​បាន​បាត់បង់​ប្រជាជន​២លាន​នាក់ ហើយ​អ្នកនៅ​រស់រាន​មានជីវិត​រាប់​មិនអស់ កំពុង​ជួប​បញ្ហា... ហេតុ​អ្វី​មិន​​ដាក់​រឿង​រ៉ាវ​គ្រប់យ៉ាង​នៅក្នុង​ទំព័រ​ប្រវត្តិសាស្រ្ត​​មួយ​ តែមួយលើក​?
 
កាសែតៈ សម្រាប់​លោក​ស្រី តើ​តុលាការ​នេះ​អាច​ជា​បេសកកម្ម​ប្រវត្តិសាស្រ្ត​ដែរ​រឺទេ?
ភួង ហ្គុត​ស៊ុន​ថារីៈ
គឺជា​បេសកកម្ម​ប្រវត្តិសាស្រ្ត ហើយក៏ជា​បេសកកម្ម​មួយ​សំដៅ​ស្ថាបនា​សង្គម​កម្ពុជា​ឡើង​វិញ​ផង​ដែរ​។ ហេតុ​អ្វីប្រជាជន​កម្ពុជា​មិនអាច​រកឃើញ​អត្តសញ្ញាណ​របស់ខ្លួន​វិញបាន? នេះ​គឺជា​ពេលវេលា​ត្រូវ​ដើរ​ទៅមុខ​អោយ​បាន​ឆ្ងាយ​ និង​ស្វែងរក​ឫស​គល់​​បញ្ហា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ តុលាការ​នេះក៏​ជា​តុលាការ​សម្រាប់មនុស្សធម៌​ទាំង​មូល​​ផង​ដែរ ​ពោ​លគឺ​មិន​មែន​​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​នោះ​ទេ។ ជា​ការពិត​ណាស់ នេះ​គឺ​ជា​​អំពើ​ប្រល័យ​ពូជ​សាសន៍មួយ​ ចំណោម​អំពើ​ប្រល័យពូជ​សាសន៍​ដ៏​សំខាន់​បំផុត​ នា​​សតវត្សរ៍​​ទី​២០!
 
កាសែតៈ តើ​លោកស្រីគិត​ថា​ការ​ជំនុំជម្រះ​នេះ​អាច​ជួយ​ធ្វើអោយដឹង​​អំពីមូលហេតុ​​ដែល​នាំ​អោយ​កើត​មាន​សោកនាដ​​កម្ម​នេះ​ដែរឬ​ទេ?
ភួង ហ្គុត​ស៊ុន​ថារីៈ
អាស្រ័យលើ​ស្ថានការណ៍​​។ អាចដឹង​​​បាន ប៉ុន្តែ នៅកំរិត​ណា? តើ​យើង​អាច​​ដឹង​​​បានស៊ី​ជម្រៅ​​​ជាង​នេះ​ដែរ​ឬទេ? តើយើង​ពិត​ជា​​និយាយ​ទាំង​អស់​ឬ? ហេតុ​អ្វី​បានជា​ពួក​ខ្មែរ​ក្រហម​អាច​ឈានទៅរក​​ភាព​ជ្រុលនិយម​បែប​នេះ​បាន? ហេតុអ្វីយើង​ឈឺចាប់​បែប​នេះ? ហេតុ​អ្វីត្រូវ​រង់ចាំ​៣០ឆ្នាំ? ហេតុ​អ្វីប្រជាជន​កម្ពុជា​នៅតែ​​ស្ថិត​​​ក្នុង​ភាព​ភ័យ​ខ្លាច? យើង​រស់​នៅ​ជានិរន្ត​រ​ភាព​ជាមួយ​ការ​តស៊ូ​ប្រឆាំង​ការ​បែង​ចែកវណ្ណៈ​ ដែលខ្ញុំអាច​​ធ្វើ​វា​​បាន​ ព្រោះ​នៅក្នុង​​ចំណោម​ដើម​បណ្តឹង​រដ្ឋប្បវេណី យើង​បានច្របូកច្របល់គ្នា រវាង​​​អ្នក​ទីក្រុង និង​កសិករ​​សាមញ្ញ ដែលធ្លាប់ជា​ខ្មែរក្រហម និង​​​ជា​ជន​រង​គ្រោះ​​។ អ្នកទីក្រុង​និង​អ្នកជន​បទ​ចាំ​បាច់​​គួរ​រឹត​ចំណងទំនុកចិត្ត​រវាងគ្នា​ឡើងវិញ បន្ទាប់​ពី​ត្រូវ​បាន​ជីកកប់​ដោយ​ខ្មែរក្រហម។ ពួក​គេ​​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ហើយ​តុលាការ​អាច​ជួយ​ពួកគេ​បាន។
 
កាសែតៈ ការ​ជំនុំជម្រះ​បាន​ដំណើរ​ការ​បួន​សប្តាហ៍មកហើយ។ តើ​លោកស្រី​យល់ដូចម្តេច​ដែរ ចំពោះឌុច?
ភួង ហ្គុត​ស៊ុន​ថារីៈ
គាត់​បាន​ដើរ​​​តួអង្គ​ជាច្រើន។ គាត់​ជា​សាស្រ្តាចារ្យមួយរូប ក៏ជា​អ្នកអនុវត្ត​បទ​​បញ្ជា​ដ៏​ឆ្លាត​វាង​វៃ។ នៅពេលខ្ញុំ​ស្តាប់​លឺសំដីរបស់​គាត់ ខ្ញុំ​តែង​តែឆ្ងល់ជានិច្ច។ តើគាត់​នឹង​សំដែង​រឿង​កំប្លែង​នេះ​រហូតដល់ពេលណា​ទៀត? តើនៅពេលណា​គាត់​ព្រមទទួល​ស្គាល់​ និង​បកស្បែកមុខ​ក្លែងក្លាយ​ចេញ? ជានិច្ចកាល គាត់​បាន​យកលេស​ថា​ចង់​ទទួល​ស្គាល់​កំហុស គាត់បាន​សុំទោស​ជន​រង​គ្រោះ​ជា​សាធារណៈ ប៉ុន្តែ មុននឹង​និយាយ​ពាក្យ​សុំ​ទោស​ គេ​ត្រូវ​ឆ្លើយសារភាព​ដោយភាព​ស្មោះ​ត្រង់!
 
មុន​នឹង​ឆ្លើយ​សំណួរនីមួយៗ គាត់​បាន​ដក​ដង្ហើម​ខ្លាំងៗ។ ប្រជាជន​កម្ពុជា​ដែល​បាន​តាម​ដាន​​ការ​ជំនុំជម្រះ ជា​ពិសេស តាមដាន​តាម​វិទ្យុ នៅពេលពួកគេ​ស្តាប់លឺសម្លេង​នេះ ពួកគេ​ជឿ​​ថា​គាត់​យំ​អណ្តឺត​អណ្តក់ និង​មានការ​អាណិត​អាសូរ​ចំពោះ​រូប​គាត់។​ គាត់​ចេះ​​កេង​យក​អត្ថ​ប្រយោជន៍ ពីចិត្ត​គំនិត​របស់កសិករ។ គាត់​ស្គាល់​ច្បាស់​​អំពី​ចិត្តគំនិត​បស្ចឹម​ប្រទេស​ បន្ទាប់​​ពី​គាត់​ធ្វើការ​នៅជំរំ​ជន​​ភៀស​ខ្លួន បន្ទាប់​ធ្វើការ​អោយ​អង្គការ​ក្រៅ​​រដ្ឋាភិបាល​បរទេស​មួយ​។ ​ម្យ៉ាង​ទៀត បុរស​រូបនេះ​មិនបាន​​បោះបង់​ការ​សិក្សា​នោះទេ។ ចាប់តាំង​ពី​ការ​ឃុំខ្លួន​អស់រយៈ​ពេល​១០ឆ្នាំ​ គាត់មាន​ពេល​វេលា​ដើម្បីត្រៀម​លក្ខណៈ។ តើ​នរណា​ស្គាល់​ប្រវត្តិ​សាស្រ្ត​​ច្បាស់​ជាង​គាត់ នៅក្នុង​តុលាការ​នេះ? ជាក់ស្តែង គាត់​ជា​មនុស្ស​ចេះដឹង​ជ្រៅជ្រះ ប៉ុន្តែ ក៏​ជា​មនុស្ស​មាន​ល្បិច​កល​ខ្ពស់ដែរ! គាត់​អាច​ផ្លាស់​ប្តូរ​តុលាការ​នេះ​ទៅជា​សាច់រឿង​ល្ខោនមួយ​​ ដើម្បី​បន្ធូរ​បន្ថយ​ទម្ងន់​នៃបទឧក្រិដ្ឋកម្ម​របស់​គាត់​ និង​ទទួល​បានការអាណិត​អាសូរ​​ពីសំណាក់​សាធារណៈ​ជន​កម្ពុជា។ សម្រាប់​ខ្ញុំ គាត់នៅតែ​ជា​ខ្មែរក្រហម​ដដែរ។ សូម​​យើង​​កុំ​ភ្លេច​ថា​គាត់​ធ្លាប់​ជា​សាស្រ្តាចារ្យ​មួយ​រូប មាន​ន័យ​ថា​គាត់​មាន​ការ​អប់​រំ ហើយ​នៅ​ចំពោះ​​មុខ​ចៅក្រម គាត់​ដឹង​​អំពីព្រំដែន​កំណត់​ ដែល​មិន​ត្រូវ​រំលង​ហួស។ ផ្ទុយ​ទៅ​វិញ គាត់​បាន​​បង្ហាញ​មោទនភាព និង​ប្រមាថ​មើល​ងាយ​ចំពោះ​មេធាវីដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ ហើយ​ចៅក្រម​​ទុក​អោយ​គាត់​ធ្វើ​រឿង​ដូច្នេះ។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ជន​ជាប់​ចោទ​ទទួល​បាន​​ការ​ជួយ​ជ្រោមជ្រែង​ពី​ចៅក្រម​ច្រើន​ជាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​។ ដោយ​ឡែក ខ្ញុំ​មិន​យល់​​ឃើញថា​ឌុច​មាន​ចរិត​ដូចជា​ជន​ជាប់​ចោទ​ម្នាក់​នោះទេ។ គាត់​ធ្វើអ្វីដែល​គាត់​ចង់​ធ្វើ នៅក្នុង​តុលាការ​នេះ! គាត់​គ្មាន​ភាព​រអែង​អ្វីឡើយ!
 
កាសែតៈ «គាត់​មិនមាន​ចរិត​ជា​ជនជាប់​ចោទ» តើលោក​ស្រីចង់មាន​ន័យ​ដូចម្តេច​ដែរ?
ភួង ហ្គុត​ស៊ុន​ថារីៈ
ដំបូង​ឡើយ ឌុច​ធ្លាប់បាន​​គិត​ថា​គាត់​គឺជា​ឃាតក​មួយរូប និង​គួរ​ត្រូវ​កាត់​ទោស ប៉ុន្តែ បន្តិចម្តងៗ ខ្ញុំ​គិត​ថា​ គាត់​បាន​រំគិល​មក​ជា​តួ​អង្គ​មួយ​ផ្សេង​ទៀត៖ គាត់​លែ​ង​ជា​ឃាតក ក៏មិនមែន​ជា​ជន​ជាប់​ចោទ ប៉ុន្តែ គឺជា​មនុស្ស​ម្នាក់ ដែល​មក​កាន់​តុលាការ ដើម្បី​ពន្យល់​​​អំពី​ករណី​របស់​ខ្លួន​ នៅក្រោម​សម័យ​កាល​មួយ​ផ្សេង​ទៀត និង​រៀប​រាប់​ប្រវត្តិសាស្រ្ត ដែល​គាត់​បាន​កំណត់​ដោយ​ខ្លួន​ឯង​ផ្ទាល់​។
 
កាសែតៈ តើគាត់​ធ្វើអោយ​​លោកស្រីមានការ​ខឹង​សម្បារ​ដែររឺទេ?
ភួង ហ្គុត​ស៊ុន​ថារីៈ
ការ​មើល​ឃើញ​គាត់​និយាយ​ដោយ​គ្មានប្រឹង គ្មានវិប្បដិសារី វា​បាន​ដុត​កំហឹង​របស់​ខ្ញុំ​អោយ​ឆាប​ឆេះឡើង។ គាត់​បាន​និយាយ​ថា​អ្វី​ដែល​គាត់​បានប្រព្រឹត្ត​កាលនោះ គឺជា​ករណី​យ​កិច្ច​របស់​គាត់ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ករណីយ​កិច្ចនោះ​ត្រូវ​បាន​ចាត់ទុក​ជា​ឧក្រិដ្ឋ​កម្ម​​មួយ​។ គាត់​មិនបាន​និយាយ​ក្នុង​នាម​ជា​ជន​ជាប់​ចោទ​នោះទេ ប៉ុន្តែ ក្នុងនាម​ជា​ប្រធាន​មន្ទីរ​ស-២១ និង ម-១៣។ ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​គាត់គ្មាន​ការ​សោក​ស្តាយ និង​មិន​​មាន​ការ​ឈឺចាប់​។ លើស​ពីនេះ ការ​សំពះ​របស់គាត់​មក​កាន់​ពួកយើង​ជា​រៀង​រាល់ព្រឹក​​ពេល​បើក​សវនាការ បាន​ធ្វើ​ខ្ញុំ​ខឹង​សម្បារ។ កាយវិការ​បែប​នេះ​គ្មាន​ន័យ​អ្វី​នោះទេ។ គាត់​បាន​និយាយ​​សុំ​ទោស​រួច​​ហើយ។ យើង​បាន​ជំទាស់​ទៅនឹង​កាយ​វិការ​បែប​នេះ ប៉ុន្តែ ចៅក្រម​បាន​ច្រាន​​ចោល​សំណើ​របស់យើង។ ក្រោយ​ពីការ​សម្រេច​របស់​ចៅក្រម នៅពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​នៃ​ថ្ងៃ​សវនាការ​ចុងក្រោយ ឌុច​បាន​លើក​ដប​ទឹក​ ដោយ​សំឡឹង​ទៅរក​លោកជុំ ម៉ី [ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​ផ្សេង​ទៀត] ជា​សញ្ញា​ជោគជ័យ។ ដោយ​សំឡឹង​មើលមុខ​ និងបញ្ចេញ​​​កាយវិការ​ទៅរក​គាត់ [ជុំ ម៉ី] ឌុច​ហាក់​បីដូច​ជា​ចង់ដាក់​តឿន​ថា​លោកជុំ ម៉ី បាន​រួច​ជីវិត​ពី​មន្ទីរ​ ស-២១ បាន​ក៏ដោយសារ​រូប​គាត់​! ២សប្តាហ៍​ចុង​ក្រោយ យើងមាន​អារម្មណ៍​ថា​គាត់​ព្យាយាម​ទាក់​ទាញ​ពួក​យើង​បន្តិច​ម្តងៗ។ ប៉ុន្តែ គាត់​មាន​ការ​លំបាក​ច្រើន​ជាមួយ​រូប​ខ្ញុំ និង​ម្តាយ​ខ្ញុំ…!
 
កាសែតៈ តើ​លោក​ស្រីមិនមានអារម្មណ៍​ប៉ះទង្គិច​ជាមួយពាក្យ​សុំ​ទោស​របស់​គាត់​ដែរ​រឺទេ?
ភួង ហ្គុត​ស៊ុន​ថារីៈ
មនុស្សម្នាក់​​មានអារម្មណ៍សោកស្តាយ និង​ឈឺចាប់ ព្រោះគេ​ដឹង​អំពើ​អាក្រក់​​ដែល​គេ​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ឌុច គ្មាន​អារម្មណ៍​ឈឺចាប់ សោកស្តាយ​អ្វីឡើយ។ ​ដោយ​​ឡែក ការ​សុំ​ទោស តាមរយៈការ​អាន​ក្រដាស​មួយ​សន្លឹក មិន​ផុស​ចេញ​ពី​បេះដូង​ពិត​នោះ​ទេ គាត់គ្មាន​បេះដូង​ទេ។ គាត់នៅ​តែ​ជា​ឧបករណ៍​របស់​អង្គការ! គាត់​នៅ​តែ​ជា​ខ្មែរ​ក្រហម! គាត់​គឺជា​ឃាតក​ តាំង​ពីក្បាល រហូតដល់​ចុង​ជើង! គាត់​មាន​សិទ្ធិ​ការ​ពារ​ខ្លួន មាន​សិទ្ធិ​​បន្ធូរ​បន្ថយ​ភាព​ទទួល​ខុស​ត្រូវ មាន​សិទ្ធិ​និយាយ​ថា​គាត់​គោរព​តាម​បញ្ជា​ថ្នាក់លើ ប៉ុន្តែ ខ្ញុំ​មិន​ចង់​អោយ​គាត់​និយាយ​កុហក​ខ្ញុំ​នោះទេ។ ខ្ញុំ​ចង់​សំឡឹង​មើល​ក្រសែ​ភ្នែក​របស់​គាត់ ខណៈ​​ពេល​សាក្សី​ផ្សេង​ទៀត​មិនហ៊ាន​សំឡឹង​មើល។ គាត់អាច​ធ្វើអោយ​អ្នកដទៃ​ភិត​ភ័យ ប៉ុន្តែ មិនមែនជា​រូប​ខ្ញុំ!
 
កាសែតៈ តើ​លោកស្រីគិត​ដូចម្តេចចំពោះមេធាវីដើម​បណ្តឹង​រដ្ឋ​ប្បវេណី?
ភួង ហ្គុត​ស៊ុន​ថារីៈ
ខ្ញុំ​សោក​ស្តាយ ព្រោះ​​​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ទាំង​៤ក្រុម​មិន​សូវ​​ធ្វើ​ការ​​ស៊ី​ចង្វាក់​គ្នា​។​ យើ​ង​ក៏​មានអារម្មណ៍​ថា​ពួកគេ​មិនបាន​ទំនាក់​ទំនង​គ្នា។ ដោយ​ឡែក មេធាវី​​កម្ពុជា​មួយ​ចំនួន​កើត​ក្រោយ​សម័យ​ខ្មែរក្រហម រឺ​នៅ​ជា​កុមារ​នៅឡើយ នា​សម័យ​កាល​​នោះ។ ករណីនេះ​ជះ​ឥទ្ធិពល​ នៅពេល​ពួក​គេ​សួរ​សំណួរ​​ឌុច។ ឧទាហរណ៍ ទាក់​ទង​នឹង​​ករណី​មន្ទីរ​ ម-១៣ ពួកគេ​បាន​សួរ​ឌុច អំពី​កសិករ​រង​គ្រោះ ប៉ុន្តែ​មិនបាន​សួរ​អំពី​អតីត​ទាហាន​ និង​មន្រ្តី​សាធារណៈ​រដ្ឋ ដែល​ត្រូ​វ​បាន​ចាប់​ឃុំ​ឃាំង​នៅ​ទីនោះ​! មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​គួរ​មានអាយុ​ជាក់លាក់ ជា​ពិសេស ស្គាល់​ប្រវត្តិសាស្រ្ត​លំអិត​ និង​អង្គ​ហេតុ​​ច្បាស់​​ ព្រោះ​ឌុច យល់​គ្រប់​យ៉ាង ចេះ​គណនា លើកឡើង​ចំណុច​ខ្សោយ​...! ម្យ៉ាង​ទៀត គេ​ត្រូវ​​តាមដាន​សំណួរ និង​ចម្លើយ ដើម្បីសួរ​គាត់ ប្រកប​ដោយ​ភាព​ជាក់លាក់។ ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ការ​យល់ដឹង​ច្រើនគួរ​សម​ ខ្ញុំ​អាន រៀន​សូត្រ​ ជជែក​​​ជាមួយ​សាក្សី អ្នក​ប្រវត្តិសាស្រ្ត ហើយ​​ខ្ញុំ​ជឿ​ជាក់​ថា​ បច្ចុប្បន្ន​នេះ ខ្ញុំ​ស្គាល់​​ប្រវត្តិសាស្រ្ត​​នៃសម័យ​កាល​ដ៏សែន​ឈឺចាប់​នេះ​​បាន​​ល្មម​គ្រប់​គ្រាន់​។ ខ្ញុំ​មាន​ពេល​ទំនេរ​ ដើម្បី​សហការ​ជាមួយ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ដើម្បី​​ធ្វើអោយ​កា​រ​ពិត​ស្តែង​ចេញ​ឡើង។
 
កាសែតៈ តើ​លោកស្រី​មាន​អារម្មណ៍​ថា​តុលាការ​នេះ​ត្រូវ​បាន​ចូល​រួម​តាមដាន​ពី​សំណាក់​ជន​រួម​ជាតិ​របស់​លោក​ស្រី​ដែរ​រឺទេ?
ភួង ហ្គុត​ស៊ុន​ថារីៈ
អ្នក​ដែល​បាន​រង​គ្រោះ អ្នក​នៅ​រស់​រាន​មានជីវិត ពិតជា​តាមដាន​ការ​កាត់​ក្តី​​នេះ។ ទោះ​ជា​យ៉ាង​ណា ​អ្នក​ធ្វើការ​ពិត​ជា​ជួប​បញ្ហា​ ដោយសារ​ពួកគេ​ជាប់​រវល់​ធ្វើការ​។ ប៉ុន្តែ ខ្ញុំ​វាយតម្លៃ​ថា​ព័ត៌មាន​អំពី​អ.វ.ត.ក នឹង​ចរាចរណ៍​ទាំង​លំបាក។ ប្រសិនជា​អ្នក​ទីក្រុង​ភ្នំពេញ​ ឧទាហរណ៍ មន្រ្តី​ចូលនិវត្តន៍ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​របប​នេះ បាន​ដឹង​ថា​មាន​រថយន្ត​​ក្រុង​មួយ​ដឹកជញ្ជូន​ពួក​គាត់​​​ទៅកាន់​អង្គ​ជំនុំជម្រះ​ដោយឥត​គិត​ថ្លៃ ខ្ញុំ​ជឿ​ជាក់​ថា​ពួក​គាត់​ច្បាស់​ជា​ចាប់​អារម្មណ៍​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​ ពួក​គាត់មិនបាន​ដឹង​ថា​ពួកគាត់​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​​រួម​សវនាការ​ទេ​។​ អ្នក​ខ្លះ​និយាយ​ថា «យើង​អាច​តាមដាន​ការ​ជំនុំជម្រះ​ តាម​ទូរទស្សន៍ រឺ​វិទ្យុ» ប៉ុន្តែ វា​មិនដូច​គ្នា​នោះទេ! យ៉ាង​ហោច​ណាស់ ពួកគាត់​គួរ​មកចូលរួម​មួយ​លើក​​​ដែរ។ ​ព្រោះ​ថា​នៅក្នុង​បន្ទប់​សវនាការ​ផ្ទាល់ ទើប​យើង​យល់​ច្បាស់​ថា​ឌុច អាច​សំដែង​ជា​​​តួ​អង្គ​ជា​ច្រើន​ មាន​អាកប្បកិរិយា​គួរ​អោយ​គោរព ចំពោះ​ចៅក្រម និង​ប្រមាថ​មើល​ងាយ​ចំពោះ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ ពេល​នោះ យើង​នឹង​អាច​ស្គាល់​បុគ្គលិក​លក្ខណៈ​​ពិត​ប្រាកដ​របស់​គាត់។ ប៉ុន្តែ ការ​ព្រួយបារម្ភ​ដ៏ធំ​បំផុត​របស់ខ្ញុំ​ គឺ​នៅចុង​ក្រោយ ជន​ជាប់​ចោទ​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​រង​គ្រោះ​មួយរូប​ដែរ នៅចំណោមជន​រង​គ្រោះ​ផ្សេង​ទៀត​។
 
 
កាសែតៈ តើ​លោក​ស្រី​គិត​ដូចម្តេច​ចំពោះ​រឿង​អាស្រូវ​អំពើ​ពុករលួយ ដែលធ្វើអោយ​ប៉ះពាល់​ដល់​ទំនុក​​ចិត្ត​​នៃ​​​តុលាការ ហើយ​បើតាម​មនុស្ស​មួយ​ចំនួន បញ្ហានេះ​អាច​នឹង​ប៉ះពាល់​អនាគត​របស់​តុលាការ​កូន​កាត់​​មួយ​នេះ?
ភួង ហ្គុត​ស៊ុន​ថារីៈ
អំពើពុក​រលួយ​មិន​​​រាំង​ស្ទះ​គ្រប់​​យ៉ាង​នោះទេ។ មិនមាន​ករណី​ណា​មួយ ដែល​​អង្គការ​សហ​ប្រជាជាតិ​ដក​ខ្លួ​ន​ចេញ​ពី​ដំណើរ​ការ​នីតិវិធីទេ។ មិនមាន​ន័យ​ថា​យើង​ត្រូវ​បិទ​​ភ្នែក អំពីបញ្ហានេះ​ឡើយ! អង្គការ​សហប្រជាជាតិនិង​សហគមន៍​អន្តរ​ជាតិ​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​កំហុស​កាល​ពីអតីត​កាល ចំពោះ​ប្រទេស​កម្ពុជា​ដែរ។ ឥឡូវ​នេះ យើង​ត្រូវ​ធ្វើ​ដំណើរ​រហូត​​​ដល់ទីបញ្ចប់។ សេចក្តី​ត្រូវ​ការ​យុត្តិធម៌​ត្រូវ​យកឈ្នះ​ លើ​បញ្ហា​ពុក​រលួយ។ បញ្ហា​ពុក​រលួយ​​គឺជា​ប្រធាន​បទ​ពិភាក្សា​​ដ៏​ទូលំទូលាយ​មួយ​ផ្សេង​ទៀត នៅ​ក្រៅ​ក្រប​ខ័ណ្ឌ​តុលាការ​ និង​​ក្រៅ​ព្រំដែន​ប្រទេស​កម្ពុជា។ ប្រសិនជា​ការ​ជំនុំជម្រះ​នេះ​អូស​បន្លាយ​រយៈពេលយូរ វា​មិន​មែន​ជា​បញ្ហា​នោះទេ ព្រោះ​របប​នេះ​បាន​សម្លាប់​មនុស្ស​អស់​២លាន​នាក់​ ព្រោះនេះ​គឺជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទាំង​មូល ព្រោះ​ចាប់​តាំង​ពីកើត​មាន​សោក​នាដ​កម្មនោះមក ប្រជារាស្រ្ត​យើង​មិនអាច​រកឃើញ​អត្តសញ្ញាណ​របស់ខ្លួន​វិញបានទេ​។ ហេតុ​ដូចនេះ ឌុច​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់​អោយ​សក្ដិសម​នឹង​បទ​ឧក្រិដ្ឋ​ ដែល​គាត់​បានប្រព្រឹត្ត​។ គឺ​តុលាការ​ជា​អ្នកសម្រេច។ យើង​ត្រូវ​ការការ​​កាត់​សេចក្តី​​មួយ​ប្រកប​ដោយ​យុត្តិធម៌​។ ខ្ញុំមិន​ឯក​ភាព​ជាមួយ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​ចំនួន ដែល​ចង់​ធ្វើ​រូប​សំណាក​ តំណាង​អោយ​​ឌុច ជាប់​ខ្នោះ និង​ច្រវាក់ក ដាក់​តាំង​នៅ​មន្ទីរ​ស-២១។ នេះ​ក៏​សរ​បញ្ជាក់​អោយ​ឃើញ​​ភាព​សាហាវ​ឃោរឃៅ​ផង​ដែរ! ប៉ុន្តែ យើង​មិនត្រូវ​ទុកអោយ​ភាព​សាហាវ​ត្រឡប់មក​វិញ​នោះ​ទេ។ ដោយឡែក យើង​អាច​រៀប​ចំ​បន្ទប់​មួយ​នៅ​សារមន្ទីរ​ទួល​ស្លែង ឧទ្ទិស​ដល់ការ​ជំនុំជម្រះ​​របស់​ឌុច ដោយមានដាក់តាំង​រូបថតនៅលើ​ជញ្ជាំង និង​មាន​បញ្ចាំង​រូប​ភាព​វីដេអូ​ជា​អចិន្រ្តៃយ៍​ផង​ដែរ។​
 
កាសែតៈ ដូចនេះ តើ​លោក​ស្រី​នៅតែមានជំនឿ​ទុក​ចិត្ត​លើ​តុលាការ​នេះរឺ?
ភួង ហ្គុត​ស៊ុន​ថារីៈ
ទោះ​បី​ជា​មាន​បញ្ហា​បក​ប្រែ​ភាសា និង​អំពើ​ពុករលួយ​ ក៏​ខ្ញុំនៅមាន​ទំនុក​ចិត្ត​។​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​បង្កក​ថវិកា​ទុក ប៉ុន្តែ តើ​នរណា​​ជា​អ្នក​ឈ្នះ​​? យើង​បានទទួល​រង​គ្រោះ និង​ត្រូវ​បាន​បោះបង់​ចោល​អស់​​រយៈពេល​ជិត​៤​ឆ្នាំ ​សហគមន៍​​អន្តរ​ជាតិ​មិន​មាន​ប្រតិកម្ម​អ្វីទាល់​តែ​សោះ។ បន្ទាប់មក ក្រោយ​ឆ្នាំ​១៩៧៩ កម្ពុជា​ជួប​​គ្រោះទុរ្ភិក្ស និង​ស្ថិតនៅក្នុង​ភាព​ភិ​ត​ភ័យ​ខ្លាច​ក្រែង​របប​ខ្មែរក្រហ​ម​វិល​ត្រឡប់​មកវិញ! តើ​នរណា​ស្ថិតនៅក្បែរ​យើង? ពិត​ជា​មិនមែនសហគមន៍​អន្តរ​ជាតិនោះទេ! ឥឡូវ​នេះ គេ​បង្កក​​ថវិកា។ ការ​ជំនុំជម្រះនេះ​ត្រូវ​ធ្វើ​ដំណើរ​រហូតដល់ទី​បញ្ចប់​ ជាមួយ​នឹង​វត្តមាន​ចៅក្រម​អន្តរ​​ជាតិ។ UNDP និង​សហគមន៍​អន្តរ​ជាតិ​ត្រូវ​ដឹង​អំពី​អន្តរាយដែល​​បណ្តាល​មកពីការ​ដក​ចៅក្រម​​អន្តរ​ជាតិ​ចេញ។​ សូម​អស់លោក​ក្រឡេក​មើល​ជនរង​គ្រោះ ដែល​ទទួល​រង​នូវ​ការ​ឈឺ​​ចាប់​! តើ​ពួកគេ​​បាន​ប្រព្រឹត្តកំហុស​ឆ្គង​ប៉ុន្មាន​​លើក​មួយ​ហើយ កាលពី​អតីត​កាល​! ផ្ទុយ​ទៅ​វិញ នេះ​គឺជា​ពេល​វេលា​ សម្រាប់​អង្គការ​សហ​ប្រជាជាតិ​ ទទួល​ស្គាល់​កំហុស​​អតីត​កាល​របស់​​ខ្លួន។ សូម​ទទួល​យក​ភាព​ទទួល​ខុស​ត្រូវ​របស់​អស់លោក! អស់​លោក​បាន​បណ្តុះ​បណ្តាល​បញ្ញាវន្ត​ខ្មែរ​ នៅ​បស្ចឹម​ប្រទេស ដូចជា​ឪពុក​របស់​ខ្ញុំ​ជា​ដើម​ ហើយ​អស់​លោក​​បាន​បោះ​​បង់​ពួកគេ​ចោល នៅ​ពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។ សូម​ភ្ញាក់​រលឹក​ឡើង​! មិន​ត្រូវ​បោះបង់ចោល​ពួក​យើងម្តង​ទៀត​នោះ​ទេ! អ្វី​ដែល​សំខាន់​បំផុត​ គឺ​ការ​ធ្វើ​ដំណើរ​រហូត​​ដល់​ទីបញ្ចប់​នៃ​នីតិវិធី​នេះ រឺ​ទុក​អោយកើត​មាន​អំពើ​ពុករលួយ​? សូម​កុំច្របាច់​​បញ្ជូល​គ្នា​អោយ​សោះ! សំណួរ​សួរថា តើ​នរណា​​ជា​អ្ន​កឈ្នះ តើ​នរណា​ជា​អ្នក​រង​គ្រោះ? បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​គិត​ដល់យុវជន​ជំនាន់​ក្រោយ និង​ការ​ផ្សះផ្សា​ជា​និរន្តរភាព​រវាង​ប្រជារាស្រ្ត​​ទាំង​​មូល ដោយ​គ្មានការ​បែង​ចែក​វណ្ណៈ។


ប្រវត្តិ​សង្ខេប​របស់​ លោក​ស្រីភួង ហ្គុត​ស៊ុន​ថារី
 
លោក​ស្រីភួង ហ្គុត​ស៊ុន​ថារី អាយុ​៥៣​ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​ជាតិ​បារាំង និង​​បាន​ឆ្លង​កាត់​រប​ប​ខ្មែរ​ក្រហម​ នៅក្នុង​ជំរំ​ការងារ​ក្មេង​ស្រី ដើម្បី​សង់​ទំនប់​ រាន​ស្រែ​ចំការ និង​​ប្រមូល​ផល។ ក្រោយ​របប​ខ្មៅ​ងងឹតនេះ លោកស្រី​បាន​ទទួល​អាហារូបករណ៍​ទៅសិក្សា​នៅ​​អតីត​សហភាពសូវៀត ផ្នែក​កសិកម្ម​ ចាប់​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៥។ បន្ទាប់​មក លោក​ស្រី​បានធ្វើ​ជាគ្រូ​ភាសា​បារាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភាសា​បារាំង ប្រចាំទីក្រុង​ភ្នំពេញ និង​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ។ លោក​ស្រី​បានអះអាង​ថា ការ​អាន​ឯកសារ​​ ​​បារាំង​​ជាច្រើន​បានជួយ​លោកស្រី​អភិវឌ្ឍន៍​ការ​គិត​ពិចារណា។ បច្ចុប្បន្ន លោក​ស្រីមិនបាន​និយាយ​ដល់​រឿង​ចូល​និវត្តន៍​នោះទេ ប៉ុន្តែ លោកស្រីនឹង​ចំណាយ​ពេល​វេលា​ទាំង​ស្រុង ដើម្បី​ចូលរួម​តាម​ដាន​សវនាការ​នៅសាលាក្តីខ្មែរក្រហម និង​ចូលរួម​កិច្ច​ប្រជុំ​របស់​ដើម​បណ្តឹង​​រដ្ឋ​ប្បវេណី ហើយ​និង​បន្ត​ស្រាវ​ជ្រាវឯកសារ​​ទាក់​ទង​នឹង​​ប្រវត្តិសាស្រ្ត​​​នេះ។ លោក​ស្រី​​ត្រៀម​ខ្លួន​ផ្តល់​សក្ខីកម្ម​នៅចំពោះមុខ​តុលាការ និង​បាន​ប្រមូល​ផ្តុំ​អំណះ​អំណាង និង​ភស្តុតាង​​រួច​ជាស្រេច ប្រសិន​ជា​តុលាការ​អនុញ្ញាត​អោយ​លោកស្រីផ្តល់​សក្ខីកម្ម។

 


 -ឌុចមិន​ត្រឹម​តែ«ការពារតែ​ម្នាក់ឯងយ៉ាងល្អ»ទេ ថែមទាំង​អាច​​ចំអក​អោយ​មេធាវី​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណីទៀត ( ៣០-០៤-២០០៩)
-សវនាការ​កាត់​ទោសឌុចៈ ការ​បក​ប្រែ​​ភាសា​បាន​ចោទ​ជា​បញ្ហា​នៅក្នុង​អង្គ​សវនាការ (​២៩-០៤-២០០៩)
-ឌុច​មាន​អារម្មណ៍​ភិត​ភ័យ នៅពេល​គាត់​ត្រូវ​បាន​ស្នើអោយ​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ស-២១ ( ២៨-០៤-២០០៩)
-ការ​​​ជំនុំជម្រះ​ឌុចៈ គ្រូ​បង្រៀន​ដែល​​ព្រម​ពលិកម្ម​​គ្រប់​​បែប​​យ៉ាង​​ដើម្បី​បដិវត្តន៍ និង​គោរព​តាម​​បទ​បញ្ជា​ដោយ​​​ភ័យខ្លាច​បាត់​បង់​ជីវិត​ (០៧-០៤-២០០៩)

 
 

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ