កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
លោកហ្រ្វង់ស័រ រ៉ូ ធ្វើអោយកិច្ច​ពិភាក្សា​ច្របូក​ច្របល់ និង​រិះគន់​សហ​ព្រះរាជ​អាជ្ញា​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០៥-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៩ ឧសភា ២០០៩៖ សាធារណៈជន​កំពុង​មើល​ខិត្តប័ណ្ណ​ព័ត៌មាន ស្តីពី​អ.វ.ត.ក នៅ​ថ្ងៃទី​១៧ នៃ​ការ​កាត់ទោស​ឌុច
©ចន វីង/ Magnum
សាក្សីជំនាញ លោក​ Craig Etcheson ​ត្រូវ​បាន​កោះអញ្ជើញ​មក​ផ្តល់​សក្ខីកម្ម​​​នៅ​ក្នុង​អង្គ​​សវនាការ​ ស្តីពីការ​អនុវត្ត​គោល​នយោបាយ​​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​​នៅ​​​​មន្ទីរ​ឃុំឃាំង និង​​ធ្វើទារុណកម្ម​ ​ស-២១។ ប៉ុន្តែ នៅក្នុង​សវនាការ​ នា​ថ្ងៃ​អង្គារ ទី១​៩ ឧសភា​នេះ លោក​មិន​សូវ​​បាន​បញ្ចេញ​មតិ​ច្រើន​ដូច​ថ្ងៃ​ម្សិល​មិញ​​នោះទេ ដោយ​សារ​ក្រុម​មេធាវី​ការ​ពារ​ក្តី​​បានធ្វើ​ការ​​ជំទាស់​ទៅនឹង​អំណះ​អំណាង​របស់​លោក​ ដោយ​បញ្ជាក់​ថា​​​អ្នក​ស្រាវ​​ជ្រាវ​ប្រចាំ​ការិយា​ល័យ​​សហ​ព្រះរាជ​អាជ្ញា​រូបនេះ​បាន​និយាយ​ឃ្លាត​ចាក​ឆ្ងាយ​ពី​​ក្រប​ខ័ណ្ឌ​​​​នៃ​អង្គ​ហេតុ។​ ការ​ជំទាស់​របស់​មេធាវី​ការ​ពារ​ក្តី​​បាន​ជំរុញ​អោយ​​​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះសាលា​ដំបូង​​​​ផ្អាក​​សវនាការ​រយៈ​ពេល​៣ម៉ោង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​​នេះ​​អោយ​បាន​ល្អិត​ល្អន់​។

 

តួនាទី​របស់​មន្ទីរ​ស-២១ នៅ​ក្នុង​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃក្នុង​
ដោយ​​ត្រូវ​បាន​សាក​សួរ​ដោយ​លោក​ស្រី Silvia Cartwright ​ចៅក្រម​​ជនជាតិ​ណូវ៉ែល​ហ្សេឡង់ លោក​ Craig Etcheson បាន​ពន្យល់​លំអិត​ពីឯកសារ​ជា​ច្រើន ដែល​លោក​បាន​​រៀប​ចំ​ប្រមូល​និង​សិក្សា ថាប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​​​​របស់អង្គការ​​​បាន​​​ប៉ះ​ពាល់​នៅ​ក្នុង​​​ជួរ​​កង​ទ័ព​យ៉ាង​ធ្ងន់ធ្ងរ។ ​អ្នក​ស្រាវ​ជ្រាវ​អាមេរិក​រូប​នេះ​បាន​បញ្ជាក់ថា​ កងទ័ព​ដែល​មិន​ត្រូវ​បាន​​ទទួល​ស្គាល់​មួយ​ភាគ រួមទាំង​ជន​ជាប់​ចោទ​​ពីបទ​រួមគំនិត​ក្បត់​របប ត្រូវបាន​បញ្ជូន​​​​ទៅ​​​កាន់​​​មន្ទីរ​ ស-២១ ហើយ​ឯកសារ​ជា​ច្រើន​ដែល​ទទួល​នៅសម័យ​នោះ​ បាន​បង្ហាញ​ថា​មេ​បញ្ជា​​ការ​កង​ពល​មិន​ត្រឹមតែ​បាន​ដឹង​ថា​មាន​មន្ទីរ​មួយ​​ដែល​គ្រប់គ្រង​ដោយឌុចប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ ពួក​គេ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុងការ​បញ្ជូន​អ្នក​ទោស​មកកាន់​មន្ទីរ​ស-២១​​ដែរ​​។
 
យ៉ាង​ណាមិញ ទាក់​ទង​នឹង​ជួរ​រដ្ឋាភិបាល នៅតាម​ក្រសួង​នីមួយៗ លោកក៏បាន​ធ្វើការ​កត់​សម្គាល់​​​ដូច​គ្នា​ផង​ដែរ។ លោកសាស្រ្តាចារ្យ​បាន​លើកឡើង​ថា មន្រ្តីរាជ​ការ​នៅតាម​ក្រសួង​មិន​អាច​ជៀស​ផុត​ពី​​ការ​បោស​សំអាត​ផ្ទៃ​ក្នុង​​​បានឡើយ ​ហើយ​ក្រសួង​មួយ​ចំនួន​បាន​ត្អូញ​ត្អែរ​​អំពី​ផល​លំបាក​នៃការ​ធ្វើការ​ងារ​របស់​ខ្លួន ដោយសារ​​​ក្រុម​ការងាររបស់​ក្រសួង​​​ត្រូវ​បាន​ចាប់​ខ្លួន​​​ជា​បន្ត​បន្ទាប់​​​។ តួយ៉ាង លោក Craig Etcheson ​បានអះអាងថា​មន្ទីរ​ស-២១ មាន​ចំណុច​ពិសេស​ ​ព្រោះ​មន្ទីរនេះ​បាន​«ទទួល​អ្នកទោស​ស្ទើរ​តែ​មក​ពី​​គ្រប់​រចនាសម្ព័ន្ធ​របប​កម្ពុជា​​ប្រជាធិបតេយ្យ និង​មក​ពីទូទាំង​ប្រទេស»។ ដើម្បី​បកស្រាយ​សំដី​របស់ខ្លួន អ្នក​ជំនាញ​​ការ​រូប​នេះ​បាន​ចាប់ផ្តើម​លើកឧទាហរណ៍​​មកបញ្ជាក់​ ដោយ​បានបង្ហាញ​​ចំណារ​​​មួយ​ចំនួន​ ដែលចារ​​​ដោយ​​​ដៃ​របស់​ឌុច ​ព្រម​ទាំង​​របាយការណ៍​​មួយ ដែល​រៀប​ចំ​​ដោយ​ជន​ជាប់​ចោទ កាលពី​ឆ្នាំ​១៩៧៧ ដែល​​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពីសំណុំ​ឯកសារ​ស៊ើប​អង្កេត។ ខណៈ​ពេល​​នោះ លោក​ហ្រ្វង់ស័រ រ៉ូ សហ​មេធាវីការ​ពារ​ក្តីអោយឌុច បាន​ធ្វើអន្តរាគមន៍​ ​ដោយ​សារ​លោក​​មាន​ «បញ្ហា​តូច​មួយ»​។
 
មេធាវីការ​ពារ​ក្តីបរិហារថា សក្ខីកម្ម​ក្រៅ​ក្រប​ខ័ណ្ឌ
មេធាវីជនជាតិ​បារាំង​រូបនេះ​បាន​ពន្យល់​អំពីកំហុស​ឆ្គង​របស់​លោក​ Craig Etcheson ​ថា នៅ​ក្នុង​​​ដីកា​របស់​តុលាការ អង្គជំនុំជម្រះ​បាន​ប្រកាស​ថា​ លោក​ Craig Etcheson នឹង​ផ្តល់​សក្ខីកម្មទាក់​ទង​នឹង​ ​«រចនាសម្ព័ន្ធ​យោធា​កម្ពុជា​ប្រជាធិបតេយ្យ រចនាសម្ព័ន្ធ​នយោបាយ​ និង​រដ្ឋាភិបាល​របប​ខ្មែរ​ក្រហម ទិដ្ឋភាព​ទូទៅ​នៃ​បណ្តាញ​​ទំនាក់ទំនង​​ ព្រម​ទាំង​នយោបាយ​ និង​មនោគមន៍​វិជ្ជា​របស់​ខ្មែរ​​ក្រហម»។ លោក​មេធាវី​បាន​បន្ថែម​ទៀត​ថា តែ​នេះ​គាត់​[ Craig Etcheson] និយាយ​​ខុស​​ពី​របាយការណ៍​ក្រោម​ចំណងជើងថា​ «ការក្រលេក​មើល​​ឋានានុក្រម​របស់កម្ពុជា​ប្រជាធិប​តេយ្យ​» ដែល​គាត់​​បាន​រៀប​រៀង​ឡើង​ កាលពីខែ​កក្កដា ឆ្នាំ​២០០៧ និង​ត្រូវ​បាន​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញាផ្ញើ​ទៅកាន់​ភាគី​ទាំងឡាយ ហើយ​ដែល​និយាយ​ពី​ការ​រៀប​ចំ​ទូទៅ​នៃ​របប​​​​មួយ​នេះ។ លោក​រ៉ូ បាន​សុំ​អោយ​ត្រឡប់​មក​កាន់​ប្រធាន​បទ​ដែល​បង្ហាញ​នៅ​ក្នុង​ដីកា​​ ដោយ​លោក​មិន​បាន​ភ្លេច​លើកឡើង​​ទេ​ថា​ ​ប្រវត្តិវិទូ David Chandler នឹង​ឡើង​​​​បំភ្លឺ​​​យ៉ាង​លំអិត​ពី​មន្ទីរ​ស-២១ នៅក្នុង​​សវនាការ​លើក​ក្រោយ។
 
បន្ទាប់មកទៀត លោក​ អាឡិច ប៊េតស៍ (Alex Bates) សហព្រះរាជ​​អាជ្ញា​អន្តរ​ជាតិ​ មាន​ប្រតិកម្ម​​វិញថា​​សំណួរ​របស់​ចៅក្រម​ទៅកាន់​លោក​ Craig Etcheson  ពិត​ជា​«ត្រឹមត្រូវ» និង​«ស​មហេតុផល» ទោះ​​ជាវា​ពាក់ព័ន្ធ​នឹង​មន្ទីរ​ស-២១ក៏ដោយ។ លោក​សហ​ព្រះរាជ​អាជ្ញា​​បាន​ទាញ​ចំណាប់​អារម្មណ៍​ថា «សាក្សី​បាន​ចំណាយ​ពេល​វេលា​ចាំបាច់​នៅក្នុងការ​ងារ​របស់ខ្លួន ដើម្បី​សិក្សា​ឯកសារ​ទាក់​ទង​នឹង​របប​ខ្មែរក្រហម ជា​ពិសេស​នៅអំឡុង​ពេល​​៣​ឆ្នាំ​ចុង​ក្រោយ​​នេះ លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ទាក់​ទង​នឹង​មន្ទីរ​ស-២១»។
 
យ៉ា​ងណា​មិញ​ លោក​រ៉ូ មិនបាន​​ពេញ​ចិត្ត​នឹង​អំណះអំណាង​ខាង​លើ​នេះ​ទេ។​ លោក​មាន​ប្រសាសន៍​បន្ថែមថា​លោក​មិនមែន​​ចង់​បដិសេធ​​សមត្ថភាព​ដ៏វិសេស​វិសាល​របស់​លោក Craig Etcheson នោះទេ ប៉ុន្តែលោក​ជំទាស់​នឹង​ការ​ដែល​គាត់​បាន​«មកទីនេះ ជាមួយ​បញ្ជី​ឯក​សារ​​​ថ្មី​មួយ» និង​បាន​វិភាគ​លើ​​ការងារ​របស់​សហចៅក្រម​ស៊ើបអង្កេត។ លោក​មេធាវី​បាន​​លើក​​ហេតុ​ផលថា ដោយសារ​​​ពួកគាត់​មិន​ត្រូវ​បាន​ផ្តល់ព័ត៌មាន​​អោយ​ដឹង​ជាមុន ដូច​នេះ ក្រុម​​​មេធាវី​ការ​ពារ​ក្តី​​មិន​អាច​ត្រៀម​លក្ខណៈ​បាននោះទេ។ « ករណី​នេះ​ហៅថា ការ​ពញ្ញាក់​​​មេធាវីចុង​ចោទ ហើយ​វា​មិន​ត្រឹម​ត្រូវ​ទេ! […] នេះ​មិនមែន​ជា​ក្រប​ខ័ណ្ឌ​ដែល​ត្រូវ​បាន​ត្រៀម​ទុក​​ឡើយ​​!»។ ចំណែក​ លោកអាឡិច ប៊េតស៍ បាន​អះអាង​ថា​ចំណុច​ដែល​ត្រូវ​បាន​វែកញែក​ដោយ​អ្នកជំនាញ​រូបនេះ​​ត្រូវ​បានដាក់​ចូល​ទៅក្នុង​សំណុំ​រឿងរួច​ហើយ​ ហេតុ​ដូចនេះ វា​មិន​មែន​​ជា​​ភស្តុតាង​​​ថ្មី​ទេ​។ លោក​មាន​ប្រសាសន៍​ដោះ​ខ្លួន​ថា «​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​អាល្លឺម៉ង់-រ៉ូម៉ាំង (Common law) យើង​ជា​សហរដ្ឋ​អាជ្ញា​ មិន​​មាន​សិទ្ធិ​​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​លើ​ខ្លឹម​សារ​ដែល​​បាន​លើក​ឡើង​ដោយ​អ្នកជំនាញ​​នោះទេ។ គឺ​អង្គជំនុំជម្រះ​ ដែលត្រូវ​សួរ​សំណួរ​គាត់​ »។
 
លោក​ហ្រ្វង់ស័រ រ៉ូ មិន​ព្រម​​បន្ធូរ​បន្ថយ​ឡើយ។ សម្រាប់​រូប​លោកមេធាវី​ លោក Craig Etcheson គួរ​តែ​​​រៀប​ចំ​របាយការណ៍​​មួយ​បន្ថែម​លើ​របាយការណ៍​ចាស់ ដែលគាត់​​​​បាន​ដាក់​​​ជូន​អង្គជំនុំជម្រះ និង​ភាគី​ផ្សេងៗ​ ហើយនៅក្នុងរបាយការណ៍នោះ គាត់​​អាច​លើក​ឡើង​ពី​ឯក​សារ​ថ្មី​ ដែលគាត់​បាន​រៀប​រាប់។ ការ​ធ្វើបែប​នេះ​ទើប​មានភាព​យុត្តិធម៌។ ដោយ​ឡែក សម្រាប់​សហព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​ អំណះ​អំណាង​របស់​មេធាវី​ការ​ពារ​ក្តី​គឺ​«មិនត្រឹម​ត្រូវ​»។ លោក​បាន​បញ្ជាក់​ម្តង​ទៀត​ថា​​​ឯកសារ​ទាំងនេះ​​ត្រូវ​បានដាក់​ចូល​ក្នុង​សំណុំរឿង​រួចហើយ។ ក្រោយ​មក​ មេធាវី​របស់​ឌុច បានធ្វើការ​សង្ខេប​លំអិត​​ថា «បញ្ហារបស់គាត់ គឺនៅ​ត្រង់​ថា ​នៅថ្ងៃនេះ ពោល​គឺ​​រយៈពេល​​ជិត​២​​ឆ្នាំ បន្ទាប់ពីការរៀប​ចំ​របាយការណ៍​របស់​ខ្លួន អ្នក ជំនាញដដែល​​នេះ​​​ដែល​បាន​ដឹង​អំពី​​កិច្ច​ការ​ស៊ើប​​អង្កេត​ប្រឆាំងនឹង​​ឌុច ​បាន​​ដាក់​​ចំណុច​ពិសេស​ៗ​ទៅក្នុង​របាយ​ការណ៍​របស់ខ្លួន ដែល​​អាច​​នឹង​គួរ​អោយ​ចាប់អារម្មណ៍ក្នុង​ការ​បង្ហាញ​​​​ការ​ពិត​ ប៉ុន្តែគាត់​គួរ​តែ​ដាក់​វា​នៅ​ក្នុង​របាយ​ការណ៍​បន្ថែម​មួយ​ផ្សេង​ទៀត​។ មក​ដល់​ម៉ោង​​ដែល​យើង​កំពុង​និយាយ​គ្នានេះ​ គ្របយ៉ាង​គឺ​មិន​ច្បាស់​នោះទេ...»។
 
ការ​ជំទាស់​​របស់​មេធាវីការ​ពារ​ក្តី​ត្រូវ​បាន​ច្រាន​ចោល
ម៉ោង​១០និង​៤៥នាទី សំឡេង​កណ្ដឹង​បាន​បន្លឺឡើង ដើម្បី​ឈប់​សម្រាក​។ កន្លះ​ម៉ោង​​ក្រោយ​មក នៅ​​ពេល​សាធារណៈ​ជន​ត្រឡប់មក​កាន់​​កៅអី​អង្គុយ​​​វិញ តុលាការ​បាន​ប្រកាស​ថា សវនាការ​​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅម៉ោង​១៤ (ការពិត​គឺម៉ោង​១៤និង​៣០នាទី) ដើម្បី​ចេញ​សេចក្តី​សម្រេច​មួយ។ នៅ​ថ្ងៃ​រសៀល តុលាការ​បានច្រាន​ចោល​ការ​ជំទាស់​របស់​មេធាវី​ការ​ពារ​​ក្តី។ ប៉ុន្តែ អង្គជំនុំជម្រះ​បាន​ប្រកាស​ថា​ «អង្គជំនុំជម្រះ​សាលាដំបូង​មិន​បានជាប់ពាក់​ព័ន្ធ​ជាមួយ​ការ​ចង្អុល​បង្ហាញ​ដែលត្រូវ​បាន​ផ្តល់អោយ​ទៅ​ភាគីទាំងឡាយ ទាក់ទង​នឹង​សក្ខីកម្ម រឺ​របាយ​ការណ៍ ​ដែលត្រូវ​បាន​​រៀប​ចំដោយ​អ្នក​ជំនាញរូប​នោះទេ […]»។ ចៅក្រម​បានបញ្ជាក់​ថា​ ​អ្នក​ជំនាញ​​មិន​ចាំបាច់​​ដាក់​របាយការណ៍​សរសេរ​បន្ថែម​ឡើយ។ ទាក់​ទិន​​នឹង​ «គោល​ការណ៍​ទូទៅ ដែល​តម្រូវ​អោយ​ឯកសារ​ត្រូវ​មាន​ជា​បីភាសា​ផ្លូវការ​របស់សាលាក្តី [ខ្មែរ បារាំង អង់​គ្លេស] ដើម្បីអាច​យក​មក​ប្រើ​ប្រាស់​នៅក្នុង​សវនាការ» អង្គជំនុំជម្រះ​បាន​ប្រកាស​ថា​អង្គ​ជំនុំ​ជម្រះ​​​យល់ព្រម​អោយ​ឯក​សារ​​ពិគ្រោះ​​មាន​ត្រឹមតែ​ជា​ភាសា​ខ្មែរ និង​ភាសា​បរទេស​មួយ​របស់​​​សាលាក្តី ព្រោះថា​អ្នក​និយាយ​​ភាសា​ខ្មែរ​​​មាន​វត្តមាន​នៅគ្រប់​ភាគី​ទាំង​អស់ និង​​​នៅ​ក្នុង​​អង្គជំនុំជម្រះ​សាលាដំបូង។ អង្គជំនុំជម្រះ​បានបញ្ជាក់​ទៀត​ថា​ការ​ចំណាយ​របស់​តុលាការ​​ទៅ​លើ​ការ​​បកប្រែ​​មានកំរិត ចំណែកឯកសារ​នៅក្នុង​សំណុំ​រឿង​មាន​ច្រើន​។ ជា​ចុង​ក្រោយ អង្គ​ជំនុំជម្រះ​បាន​អះអាង​ថា​តុលាការ​មាន​កាតព្វកិច្ច​ដឹកនាំការ​ជំនុំជម្រះ​ប្រកប​ដោយ​​យុត្តិធម៌ និង​នៅក្នុង​កាល​កំណត់​សម​ស្រប​មួយ។
 
ស-២១ ម៉ាស៊ីនពិឃាដ​របស់មេដឹកនាំកាន់​អំណាច​
ការ​ពិភាក្សា​បានចាប់ផ្តើម​ឡើងវិញ។ លោក Craig Etcheson បាន​ពន្យល់​ក្រាហ្វិច​ពីរ ដែល​ត្រូវ​​បានរៀប​ចំ ដោយ​ផ្អែក​លើ​បញ្ជី​ដែល​ប្រមូលបានពីអ្នក​ទោសនៅមន្ទីរ​ស-២១។ ក្រាហ្វិច​នេះ​បាន​បង្ហាញអោយឃើញថា​ការ​បោស​សំអាត​​ផ្ទៃ​ក្នុង​​បាន​​ប៉ះ​លើគ្រប់​តំបន់​ទាំង​អស់ នៅសម័យ​កម្ពុជា​ប្រជាធិបតេយ្យ ជា​ពិសេស នៅភូមិភាគ​ពាយ័ព្យ និងភូមិភាគបូព៌ា (​ការ​​បោស​សំអាតផ្ទៃ​ក្នុង​ប្រព្រឹត្ត​ទៅយ៉ាង​កាច​សាហាវ​បំផុត នៅ​ត្រីមាស​ទី២ ក្នុង​ឆ្នាំ​១៩៧៨) និង​នៅ​អតីត​ភូមិភាគឧត្តរ ដែល​ក្រោយមក​ ត្រូវបានហៅថា​តំបន់​កណ្តាល។ ការ​បង្ហាញ​​ក្រាហ្វិចនេះ​បានដុត​កំហឹង​របស់​លោកមេធាវី រ៉ូ។ «យើង​បាននិយាយ​ជា​ច្រើន​សប្តាហ៍ ជា​ច្រើន​​ខែ​មកហើយ​ជាមួយ​ការិយាល័យ​សហព្រះរាជ​អាជ្ញា​ ដើម្បី​រៀប​ចំ​បញ្ជី​អង្គ​ហេតុ​​មួយ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយជន​ជាប់ចោទ។ តើ​អស់​លោកមិនជឿ​ថា​​វា​ជា​ការ​​​ចាំ​បាច់ទេឬ ដែល​ត្រូវ​បង្ហាញ​ឯកសារ​ទាំងនេះ​ដល់​មេធាវីការពារ​ក្តី ​នៅ​មុន​​​​​ថ្ងៃ​បើក​សវនាការ​? សម្រាប់ខ្ញុំ នេះ​មិនមែនជា​​ការ​ជំនុំជម្រះ​តាមគោលការណ៍​បដិវាទ​កម្ម​​ទេ។​

 

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៩ ឧសភា ២០០៩៖ លោកអាឡិច​ បេតស៍ (សហ​ព្រះរាជ​អាជ្ញា) លោកស្រី Julia S. Cartwright​(ចៅក្រម) កាំង ហ្គិច​អ៊ាវ​ ហៅឌុច លោកហ្រ្វង់ស័រ រ៉ូ (មេធាវី​ចុង​ចោទ) លោក Craig Etcheson (សាក្សី) នៅថ្ងៃ​ទី​១៧ នៃការ​ជំនុំជម្រះរបស់ឌុច
©ចន វីង/ Magnum (រូបភាពផ្គុំបញ្ចូល​គ្នា)

 
នៅ​ពេល​លោកស្រី​ចៅក្រម Julia S. Cartwright​ ស្នើសុំ​អោយ​គាត់​ធ្វើ​ការ​ប្រៀប​ធៀប​មួយ​រវាង​មន្ទីរ ស-២១ និង​មន្ទីរ​ឃុំឃាំ​ង​ផ្សេង​ទៀត លោក​បណ្ឌិត Craig Etcheson បាន​វាយ​តម្លៃ​ថា ជា​អាទិ៍ ​មាន​តែ​មន្ទីរ​ដឹកនាំ​ដោយ​ឌុច ប៉ុណ្ណោះ ដែល​បានទទួល​អ្នកទោស​គ្រប់​លំដាប់​ មក​​​ពីគ្រប់​ទិសទី ចំណែក​​ការិយាល័យ​សន្តិសុខ​ផ្សេង​ទៀត​មាន​តួនាទី​ចាប់ខ្លួន​មនុស្ស​​ នៅ​តាម​​​ភូមិ​ភាគដែលខ្លួន​ធ្វើ​អន្តរាគមន៍។ លក្ខណៈ​ពិសេស​មួយផ្សេង​ទៀត​របស់​មន្ទីរ​ ស-២១ គឺទទួល​អ្នកទោស​ ដែលមានឋានៈ​ខ្ពស់ នៅក្នុង​ឋានានុ​ក្រម​។ ​អ្នកជំនាញអាមេរិក​រូប​នេះ​បាន​​លើកឧទាហរណ៍​ថា «នៅក្នុង​ចម្លើយ​របស់​ឌុច ប្រាប់​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ឌុច​បាន​អះអាង​ថា​​មាន​តែ​មន្ទីរ​ស-២១​ប៉ុណ្ណោះ ដែល​មាន​អំណាច​សួរ​ចម្លើយ​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​ និង​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា​»។ លោក​បាន​បន្ថែម​ថា ​ការ​វិភាគ​មួយលើ​​បញ្ជី​អ្នកទោស​នៅ​មន្ទីរ​ស-២១ បាន​បង្ហាញ​​ថា​កម្មាភិបាល​ជាន់​ខ្ពស់​នៅ​តាម​តំបន់​ ភូមិ​ភាគ និងស្រុក​ រួម​ទាំង​​មេបញ្ជាការ​កង​ទ័ព​ និង​មន្រ្តី​ជាន់​ខ្ពស់​នៅតាម​ក្រសួង​នានា ស្ទើរ​តែ​ទាំង​អស់​​បាន​ស្លាប់​នៅ​មន្ទីរ​ស-២១ នៅ​ពេល​ពួកគេ​ត្រូវ​បាន​បោស​​សំអាត។ លោក​បាន​បញ្ជាក់​ថា​មិនមាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញ​​ថា​ករណី​ទាំង​នេះ​​កើត​មាន​នៅ​​តាមមន្ទីរ​សន្តិសុខ​ផ្សេង​ទៀត នៅក្នុង​ប្រទេសនោះទេ​។​​ ជាចុ​ង​ក្រោយ សាក្សី​​​ជំនាញ​​រូបនេះ​បាន​​អោយ​ដឹង​ថា មាន​តែ​ឌុច ទេ ដែលមាន​ទំនាក់ទំនង​​ផ្ទាល់​ ជា​លក្ខណៈ​​​បុគ្គល និង​ជា​ប្រចាំ​ថ្ងៃ ជាមួយ​សុន សេន និង​នួន ជា ផ្ទុយ​ស្រឡះ​ពីមេដឹកនាំ​​មន្ទីរ​សន្តិសុខ​ខ្មែរក្រហម​ផ្សេង​ទៀត។


អត្ថបទ​បន្ថែម

តើ​ប៉ុល ពត ជា​មេដឹកនាំ​មាន​អំណាច​គ្រប់​យ៉ាងឬ?
នៅក្នុង​សវនាការ ឌុច បាន​អះអាង​ថា ប៉ុល ពត ផ្ទាល់​ក៏មិន​មាន​អំណាច​ដោះលែង​អ្នក​ទោស​បាន​ដែរ។ ចំណែក លោក​ Craig Etcheson បាន​ធ្វើការ​បក​ស្រាយការ​អះអាង​ខាង​លើ​នេះ​​ដោយ​ប្រុង​ប្រយ័ត្ន​ថា​ ទាក់ទង​នឹង​ដំណើរការ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​​កុម្មុយនីស្ត​កម្ពុជា ដោយយោង​តាម​គោល​ការណ៍​សមូហភាព កុម្មុយនីស្ត និង​មជ្ឈការ​ប្រជាធិបតេយ្យ រាល់​ការ​សម្រេច​​ផ្នែកនយោបាយ​ត្រូវ​បានពិភាក្សា និង​សម្រេច​​ជា​លក្ខណៈ​​រួម​។ ប៉ុន្តែ អ្នក​ស្រាវ​ជ្រាវ​អាមេរិក​បាន​វាយ​តម្លៃ​ថា ប៉ុល ពត « ក្នុង​នាម​ជា​លេខា​បក្ស និង​ជា​អ្នក​នយោបាយ ហាក់​ដូច​ជា​មនុស្ស​ពូកែ​បញ្ចុះ​បញ្ចូល​បំផុត»។ «ដូចនេះ ខ្ញុំ​ពិបាក​នឹង​​គិត​ថា ​ប្រសិនជា​គាត់​ត្រូវ​ការ​ដោះលែង​នរណាម្នាក់​ចេញ​ពី​មន្ទីរ​ស-២១ គាត់​មិន​អាច​​ធ្វើ​បាន​នោះទេ​»។ ម្យ៉ាង​ទៀត ឯកសារ​ថ្មី​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល បាន​​​បញ្ជាក់ថា​មាន​ករណី​​​ដោះលែង​អ្នកទោស​​នៅមន្ទីរ​ស-២១ ជាច្រើន អាច​​រហូតច្រើន​ជា​ចំនួន​​ដែល​​ជន​ជាប់ចោទ​​បាន​ដឹង​នៅ​ពេល​នេះទៅទៀត។

 


អាន​បន្ថែម​
-ការជំនុំជម្រះឌុច : លា​ហើយ ម-១៣ សួស្តីស២១! ការឆ្លង​​រឿង​ដែល​មាន​ភ្ជាប់​នូវ​បញ្ហា​បក​ប្រែ​ (២៣-០៤-២០០៩)
-ការ​ជំនុំជម្រះឌុច : សវនាការប្រព្រឹត្ត​ទៅ​យ៉ាង​លឿន​នៅចំពោះមុខ​អ្នក​ចូល​រួមតាមដាន​យ៉ាង​ច្រើន​​កុះករ (២៣-០៤-២០០៩)
-ធាតុ​អាកាស​​មិនល្អ​នៅ​សាលាក្តី​ខ្មែរក្រហម : ​ស្តាប់គ្នា​មិនយល់ ស្តាប់​មិន​ឮ... (២១-០៤-២០០៩)​


 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

តើ​ប៉ុល ពត ជា​មេដឹកនាំ​មាន​អំណាច​គ្រប់​យ៉ាងឬ?
នៅក្នុង​សវនាការ ឌុច បាន​អះអាង​ថា ប៉ុល ពត ផ្ទាល់​ក៏មិន​មាន​អំណាច​ដោះលែង​អ្នក​ទោស​បាន​ដែរ។ ចំណែក លោក​ Craig Etcheson បាន​ធ្វើការ​បក​ស្រាយការ​អះអាង​ខាង​លើ​នេះ​​ដោយ​ប្រុង​ប្រយ័ត្ន​ថា​ ទាក់ទង​នឹង​ដំណើរការ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​​កុម្មុយនីស្ត​កម្ពុជា ដោយយោង​តាម​គោល​ការណ៍​សមូហភាព កុម្មុយនីស្ត និង​មជ្ឈការ​ប្រជាធិបតេយ្យ រាល់​ការ​សម្រេច​​ផ្នែកនយោបាយ​ត្រូវ​បានពិភាក្សា និង​សម្រេច​​ជា​លក្ខណៈ​​រួម​។ ប៉ុន្តែ អ្នក​ស្រាវ​ជ្រាវ​អាមេរិក​បាន​វាយ​តម្លៃ​ថា ប៉ុល ពត « ក្នុង​នាម​ជា​លេខា​បក្ស និង​ជា​អ្នក​នយោបាយ ហាក់​ដូច​ជា​មនុស្ស​ពូកែ​បញ្ចុះ​បញ្ចូល​បំផុត»។ «ដូចនេះ ខ្ញុំ​ពិបាក​នឹង​​គិត​ថា ​ប្រសិនជា​គាត់​ត្រូវ​ការ​ដោះលែង​នរណាម្នាក់​ចេញ​ពី​មន្ទីរ​ស-២១ គាត់​មិន​អាច​​ធ្វើ​បាន​នោះទេ​»។ ម្យ៉ាង​ទៀត ឯកសារ​ថ្មី​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល បាន​​​បញ្ជាក់ថា​មាន​ករណី​​​ដោះលែង​អ្នកទោស​​នៅមន្ទីរ​ស-២១ ជាច្រើន អាច​​រហូតច្រើន​ជា​ចំនួន​​ដែល​​ជន​ជាប់ចោទ​​បាន​ដឹង​នៅ​ពេល​នេះទៅទៀត។


-ការជំនុំជម្រះឌុច : លា​ហើយ ម-១៣ សួស្តីស២១! ការឆ្លង​​រឿង​ដែល​មាន​ភ្ជាប់​នូវ​បញ្ហា​បក​ប្រែ​ (២៣-០៤-២០០៩)
-ការ​ជំនុំជម្រះឌុច : សវនាការប្រព្រឹត្ត​ទៅ​យ៉ាង​លឿន​នៅចំពោះមុខ​អ្នក​ចូល​រួមតាមដាន​យ៉ាង​ច្រើន​​កុះករ (២៣-០៤-២០០៩)
-ធាតុ​អាកាស​​មិនល្អ​នៅ​សាលាក្តី​ខ្មែរក្រហម : ​ស្តាប់គ្នា​មិនយល់ ស្តាប់​មិន​ឮ... (២១-០៤-២០០៩)​

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ