| លោកមេធាវី Vergès ទទួលការព្រមានជាលើកទី២ពីសាលាក្តីខ្មែរក្រហម ចំពោះការប្រមាថមើលងាយ |
| ដោយ ស្ទេហ្វានី ហ្សេ | |
| ២២-០៥-២០០៩ |
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៣ មេសា ២០០៩៖ លោកមេធាវី Jacques Vergès ក្រោយការបើកសវនាការលើរូបលោក ខៀវ សំផន នៅចំពោះមុខអង្គបុរេជំនុំជម្រះ ©ចន វីង/ Magnum អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមបានធ្វើការព្រមានជាសាធារណៈជាលើកទី២ នៅថ្ងៃព្រហស្បតិ៍ ទី២១ ឧសភា ចំពោះលោក Jacques Vergès សហមេធាវីអន្តរជាតិរបស់លោកខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ លើកនេះ អង្គជំនុំជម្រះបានចេញសេចក្តីសម្រេចព្រមានមួយ នៅក្នុងឯកសារមួយ ចំនួន១៥ទំព័រ ដោយផ្អែកលើគោលការណ៍យុត្តិសាស្រ្ត ដកស្រង់ចេញពីរឿងក្តីដែលត្រូវបានកាត់សេចក្តីដោយតុលាការអន្តរជាតិ។
នៅក្នុងឯកសារនោះ អង្គបុរេជំនុំជម្រះបានលើកឡើងពីកំហុសវិជ្ជាជីវៈមេធាវី នៅក្នុងវិធាន៣៨ នៃវិធានផ្ទៃក្នុងរបស់តុលាការខ្មែរក្រហម។ តួយ៉ាង អង្គជំនុំជម្រះបានរម្លឹកថា «ទោះបីជាសវនាការថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០០៩ ត្រូវបានលើកពេលដើម្បីអនុញ្ញាតអោយគាត់បានចូលរួមក៏ដោយ ក៏លោក Vergès មិនបានបង្ហាញសេចក្តីសន្និដ្ឋានផ្ទាល់មាត់ណាមួយពាក់ព័ន្ធនឹងបណ្តឹងឧទ្ធរណ៍ រឺបានចូលរួមដល់ការពិភាក្សាដេញដោលប្រកបដោយអត្ថន័យនៅចំពោះមុខអង្គបុរេជំនុំជម្រះ នៅក្នុងសវនាការ ដែលបានបន្តនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩»។ អង្គបុរេជំនុំជម្រះបានបន្ថែមទៀតថា «ការចូលរួមរបស់លោក Vergès នៅក្នុងសវនាការ គឺមានតែការនិយាយក្រៅពីវិសាលភាពនៃបណ្តឹងឧទ្ធរណ៍ និងហួសព្រំដែននៃសិទ្ធិក្នុងការឆ្លើយតប។ អន្តរាគមន៍របស់លោក Vergès មានបំណងជជែកអំពីភាពថ្លៃថ្នូរ និងធម្មានុរូបភាពរបស់តុលាការជាទូទៅ និងចៅក្រមនៃអង្គបុរេជំនុំជម្រះជាពិសេស។ ការលើកឡើងដោយគ្មានខ្លឹមសាររបស់លោក Vergès និងភាសាដែលគាត់បានប្រើ គឺជាការប្រមាថមើលងាយចំពោះចៅក្រមនៃអង្គបុរេជំនុំជម្រះ។ ការលើកឡើងដែលបានធ្វើក្រៅបរិបទនៃបណ្តឹងឧទ្ធរណ៍ និងហួសពីវិសាលភាពនៃការអនុញ្ញាតអោយឆ្លើយតបទាំងនេះ ចាត់ទុកជាការប្រព្រឹត្តិអំពើប្រមាថមើលងាយ និងរាំងស្ទះដំណើរការនីតិវិធី»។ អង្គបុរេជំនុំជម្រះបានព្រមានមេធាវីរូបនេះថា ប្រសិនជាការប្រព្រឹត្តិរបស់គាត់នៅតែជាការប្រមាថមើលងាយ រឺម្យ៉ាងទៀតនៅតែជាការបំពាន រឺប្រសិនជាគាត់រាំងស្ទះដល់ដំណើរការនីតិវិធី រឺជ្រើសរើសធ្វើទង្វើដែលមានតម្លៃស្មើនឹងការបំពានលើរឿងក្តីនោះ អង្គជំនុំជម្រះនឹងដាក់ទណ្ឌកម្មគាត់ ដោយអនុលោមតាមវិធាន៣៨ នៃវិធានផ្ទៃក្នុង។
 -លោកវាកហ្សែសធ្វើការវែកញែកនៅក្នុងសវនាការ ទាក់ទងនឹងអំពើពុករលួយនៅ អ.វ.ត.ក (០៣-០៤-២០០៩) -សាលាក្តីខ្មែរក្រហមៈ តើលោកមេធាវី Vergès ស្ថិតនៅឯណា? (២៧-០២-២០០៩)
|