ជើងឯក (ភ្នំពេញ កម្ពុជា) ថ្ងៃទី២០ ឧសភា ២០០៩៖ ការសំដែងឈុតដែលពួកខ្មែរក្រហមកាប់សម្លាប់ប្រជាជន នាឱកាស «ទិវាចងកំហឹង» ដែលត្រូវបានចាប់ផ្តើមលើកដំបូង នៅឆ្នាំ១៩៨៤ រួចផ្អាកនៅឆ្នាំ១៩៩១ ក្រោយមក ចាប់ផ្តើមរៀបចំឡើងវិញ នៅឆ្នាំ១៩៩៩។
©ចន វីង/ Magnum
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា តែងតែមានការរៀបចំប្រារព្ធទិវាចងកំហឹង នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក ដែលស្ថិតនៅជាយទីក្រុងភ្នំពេញ។ ចំណែក នៅសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនាថ្ងៃនេះវិញ សាធារណៈជនដូចជាមិនសូវបានស្តាប់លឺការឡើងបំភ្លឺនៅក្នុងសវនាការរបស់សាក្សីជំនាញ Craig Etcheson ប៉ុន្មាននោះទេ។ មានន័យថា កាលវិភាគនៃការពិភាក្សាដែលត្រូវបានកំណត់ដោយតុលាការមិនត្រូវបានគោរពតាមនោះទេ។ ខណៈពេលសាធារណៈជនទូទៅបានត្រឡប់ចូលកាន់កៅអីអង្គុយវិញ នៅវេលាម៉ោង១០និង៣០នាទី ដើម្បីចាប់ផ្តើមសវនាការឡើងវិញ ពួកគាត់ត្រូវរង់ចាំរហូតដល់ម៉ោង១១ ទើបឃើញលោកប្រធានតុលាការមកកាន់បន្ទប់សវនាការតែម្នាក់ឯង ដោយបានប្រកាសថាសវនាការនឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃរសៀលនេះ ដោយសារចៅក្រមមិនទាន់ធ្វើការសម្រេចបាន ស្តីពីសំណើនិងការជំទាស់ ដែលត្រូវបានដាក់ជូនតុលាការ កាលពីថ្ងៃម្សិលមិញ។ អ្នកភូមិមួយក្រុមដែលមកចូលរួមសវនាការជាពិសេស នៅព្រឹកនេះ ត្រូវត្រឡប់ទៅវិញ ដោយមិនបានមើលការកាត់ទោសអ្វីសោះ។
គោលការណ៍ភស្តុតាង
នៅពេលសវនាការចាប់ផ្តើមបើក ប្រធានតុលាការបានអានសេចក្តីសម្រេចរបស់ចៅក្រម។ តួយ៉ាង អង្គជំនុំជម្រះសាលាដំបូងបានទទួលយកសំណើរបស់ក្រុមមេធាវីការពារក្តី ដោយដកចេញភស្តុតាងមួយចំនួនពីកិច្ចពិភាក្សា ដូចជាសេចក្តីសន្និដ្ឋានរបស់សាក្សីពីររូប ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបាន ព្រមទាំងកិច្ចសម្ភាសន៍មួយរបស់ជនជាប់ចោទ ដែលរៀបចំឡើងនៅខែឧសភា ឆ្នាំ១៩៩៩ ដោយលោក Christophe Peschoux តំណាងឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលឯកសារនេះត្រូវបាននាំយកដោយការិយាល័យសហព្រះរាជអាជ្ញា។ ប៉ុន្តែ អង្គជំនុំជម្រះបានទទួលយកសំណើរបស់សហព្រះរាជអាជ្ញា ដែលសុំអោយរបាយការណ៍នេះត្រូវលើកយកមកពិភាក្សានៅក្នុងការសួរដេញដោល។ ដោយឡែក ទាក់ទងនឹងសំណើរបស់ការិយាល័យសហព្រះរាជអាជ្ញា កាលពីថ្ងៃម្សិលមិញ ដែលស្នើសុំអោយមានការធ្វើសំយោគឯកសារនៃចម្លើយសាក្សីជំនាញ Craig Etcheson ដើម្បីយកមកបង្ហាញនៅក្នុងកិច្ចពិភាក្សាសវនាការ អង្គជំនុំជម្រះសាលាដំបូងបានលើកឡើងអំពីភាពចាំបាច់នៃវិធានផ្ទៃក្នុង ត្រង់វិធាន៨៧.២ និង ៨៧.៣ ថា សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ត្រូវផ្អែកលើភស្តុតាងដែលបានដាក់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ហើយត្រូវឆ្លងកាត់ការសួរដេញដោល។ នៅពេលអង្គជំនុំជម្រះសាលាដំបូងធ្វើសេចក្តីសម្រេចផ្អែកលើភស្តុតាងដែលមាននៅក្នុងសំណុំរឿង អង្គជំនុំជម្រះត្រូវធានាថាភស្តុតាងនោះពិតជាបានលើកឡើងនៅចំពោះមុខភាគីនានានៅក្នុងសវនាការ។ ភស្តុតាងដែលមាននៅក្នុងសំណុំរឿងត្រូវបានចាត់ទុកថាបានលើកឡើងនៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូង បើសិនជាខ្លឹមសាររបស់វាត្រូវបានសង្ខេប រឺត្រូវបានអាននៅក្នុងសវនាការ។ អង្គជំនុំជម្រះសាលាដំបូងអាចបដិសេធចំពោះពាក្យស្នើសុំអោយពិនិត្យភស្តុតាង ហើយយល់ថា
ក. មិនជាប់ពាក់ព័ន្ធ រឺជាការស្នើសុំជាន់គ្នា។
ខ. មិនអាចរកបាននៅក្នុងរយៈពេលសមស្របណាមួយ។
គ. មិនសមស្របសម្រាប់បញ្ជាក់អង្គហេតុ ដែលជាគោលដៅនៃការស្នើសុំពិនិត្យភស្តុតាង។
ឃ. ច្បាប់មិនអនុញ្ញាត ឬ
ង. មានចេតនាពន្យារកិច្ចដំណើរការនីតិវិធី រឺគ្មានប្រយោជន៍។
ក្រោយមក លោកនិល ណុន ប្រធានតុលាការ បានសង្ខេបឡើងវិញថា «ឯកសារនីមួយៗត្រូវអាន រឺសង្ខេប ដើម្បីទុកអោយភាគីនានា និងអង្គជំនុំជម្រះធ្វើការវាយតម្លៃឯកសារនោះ។ ជាគោលការណ៍ ឯកសារសង្ខេបត្រូវសរសេរជាភាសាខ្មែរ (ភាសាមួយ ចំណោមភាសាផ្លូវការនៅក្នុងសាលាក្តី) និងភាសាកំណើតរបស់ជនជាប់ចោទ។ មាត្រាទី១៥ នៃអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម បានចែងថា «រដ្ឋភាគីត្រូវធានាថាឯកសាររាយការណ៍ទាំងឡាយ ដែលត្រូវបានបង្កើតឡើង បានមកពីការធ្វើទារុណកម្ម មិនត្រូវយកមកសំអាងជាធាតុនៃភស្តុតាង ក្នុងនីតិវិធីណាមួយឡើយ លើកលែងតែឯកសាររាយការណ៍នោះត្រូវបានធ្វើសម្រាប់ជាភស្តុតាងប្រឆាំងជនជាប់ចោទនៃអំពើទារុណកម្ម»។
តើលោកនិយាយពីឯកសារអ្វី?
ដោយមានសំណូមពរពីលោកស្រីចៅក្រម Cartwright លោកបណ្ឌិត Craig Etchesonបានចាប់ផ្តើមសង្ខេបរបាយការណ៍របស់លោក ចំណងជើងថា «ការក្រលេកមើលពីឋានានុក្រមរបបកម្ពុជា ប្រជាធិបតេយ្យ»។ ដោយឡែក លោករ៉ូ មេធាវីអន្តរជាតិរបស់ឌុច បានធ្វើអន្តរាគមន៍ និងបានសំដែងការសោកស្តាយ ដោយលោកមិនបានទទួលការបកប្រែជាភាសាបារាំង នូវឧបសម្ព័ន្ធមួយចំនួននៃឯកសារនេះ។ លោកបានចាប់ផ្តើមរកមើលលេខកូតឯកសារ ដែលមានភាពខុសគ្នាពីភាសាមួយទៅភាសាមួយ (ខ្មែរ អង់គ្លេស និងបារាំង)។ លោកចៅក្រម ឡាវ៉ែញ បានលើកឡើងថា «នៅពេលយើងយោងតាមឯកសារមួយ នៅក្នុងសវនាការ វាជាការចាំបាច់ ដែលត្រូវដឹងថាតើយើងនិយាយអំពីឯកសារអ្វី ស្គាល់ប្រភេទនៃឯកសារនោះ ស្ថានភាពនៃការបកប្រែ ដើម្បីពិនិត្យមើលថាតើឯកសារនោះអាចទទួលយកបានដែររឺទេ...»។ មីក្រូហ្វូនត្រូវបិទ ម្នាក់ៗកំពុងពិនិត្យមើលសំណុំឯកសាររបស់ខ្លួន។ ភ្លាមនោះ លោកចៅក្រម ឡាវ៉ែញ បានលាន់មាត់ឡើងថា «ខ្ញុំជឿជាក់ថាខ្ញុំបានរកឃើញឯកសារមួយ [ចំណោមឯកសារដែលស្វែងរក]!»។ ចំណែក អ្នកជំនាញអាមេរិកបានទទួលការលំបាកនៃការងារនេះ ហើយជានិច្ចកាល កាលបរិច្ឆេទដែលត្រូវបានបញ្ជាក់លើចម្លើយសារភាពមានចំនួនច្រើន និងខុសៗគ្នា...។
តើសំដីរបស់សាក្សីជំនាញត្រូវផ្អែកលើឯកសារច្រើនដែររឺ?
លោករ៉ូ បានសំដែងកំហឹងជាថ្មីម្តងទៀតទៅនឹងបរិមាណឯកសារ ដែលសហព្រះរាជអាជ្ញាចង់លើកយកមកបង្ហាញនៅក្នុងកិច្ចពិភាក្សា។ «យើងកំពុងស្ថិតនៅក្នុងការជំនុំជម្រះមួយ ដែលជនជាប់ចោទបានទទួលស្គាល់អង្គហេតុរបស់ខ្លួនភាគច្រើន។ តើការិយាល័យសហព្រះរាជអាជ្ញាអាចយកចិត្តទុកដាក់ជាអាទិភាព ទៅលើអង្គហេតុ ដែលកំពុងពិភាក្សា និងបង្ហាញឯកសារ៣ រឺ៤ សម្រាប់អង្គហេតុទាំងនេះបានដែររឺទេ [...]។ ខ្ញុំមានអារម្មណ៍ថាប្រសិនជាការិយាល័យសហព្រះរាជអាជ្ញាយកឯកសារសមស្របចំនួនពីរ រឺ៣ មកបង្ហាញយើង ស្តីពីអង្គហេតុ ដែលត្រូវបានបដិសេធដោយជនជាប់ចោទ យើងអាចនឹងចំណេញពេលច្រើន ហើយសម្រាប់អង្គហេតុដែលមិនត្រូវបានបដិសេធ ទោះបីជាអស់លោកនាំយកឯកសារសមស្របពីរផ្សេងទៀត ដោយផ្អែកលើភស្តុតាងរបស់លោកក៏ដោយ ក៏ខ្ញុំគិតថាគ្រប់គ្នាសុទ្ធតែចំណេញពេល ជាពិសេស ជនរងគ្រោះ ដែលរង់ចាំឡើងបញ្ចេញមតិទាំងអន្ទះអន្ទែង»។

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី២០ ឧសភា ២០០៩៖ លោកហ្រ្វង់ ស័ររ៉ូ មេធាវីការពារក្តី នៅពេលសម្រាកថ្ងៃបើកសវនាការលើកទី១៨ របស់ឌុច នៅអ.វ.ត.ក
©ចន វីង/ Magnum
លោកស្រីចៅក្រម Cartwright ហាក់បីដូចជាមិនសូវពេញចិត្តនឹងការធ្វើអត្ថាធិប្បាយនេះ និងបានសួរមេធាវីថាតើលោកមេធាវីទទួលយកតម្លៃខុសគ្នារវាងសក្ខីកម្មរបស់ជនជាប់ចោទ និងគំនិតរបស់អ្នកជំនាញ ទាក់ទងនឹងអង្គហេតុដែលត្រូវបានចោទប្រកាន់មកលើជនជាប់ចោទដែររឺទេ។ លោករ៉ូ បានមានប្រសាសន៍ថា «លោក Craig Etcheson មិនមែនជាអ្នកជំនាញពិតប្រាកដនោះទេ គាត់ធ្វើការអោយការិយាល័យសហព្រះរាជអាជ្ញា។ យើងមិនត្រូវភ្លេចនោះទេ។ គាត់គឺជាសម្លេងរបស់ក្រុមដើមចោទ។ [...] តាំងពីដំបូងមកម្ល៉េះ ខ្ញុំមិនត្រូវការអោយគាត់ដាក់ឯកសារជាច្រើនមកអោយខ្ញុំនោះទេ»។ លោកស្រីចៅក្រមបានលើកឡើងថា «ខ្ញុំមិនគិតថាអង្គជំនុំជម្រះមានតួនាទីចាំប្រាប់សហព្រះរាជអាជ្ញា រឺភាគីមួយចំនួន អំពីឯកសារដែលត្រូវប្រើប្រាស់ មុនពេលយកមកបង្ហាញនៅក្នុងសវនាការនោះទេ។ អស់លោកមានសិទ្ធិកត់សម្គាល់មើលថាវាជាសក្ខីកម្មដដែលជាន់គ្នា រឺសក្ខីកម្មផ្សេងទៀត»។

សន្និសីទកាសែតមួយនឹងត្រូវបានរៀបចំធ្វើឡើង នៅរៀងរាល់ថ្ងៃពុធ វេលាម៉ោង១២និង៣០នាទី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហើយនៅថ្ងៃពុធ សប្តាហ៍នេះ លោកក្រាញ់ តូនី ប្រធានស្តីទីការិយាល័យរដ្ឋបាល និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាល បានធ្វើការសង្ខេបនូវការវិវឌ្ឍន៍របស់តុលាការ ដោយសង្កត់ធ្ងន់ទៅលើផ្នែកការងារតុលាការ និងផ្នែកការងាររដ្ឋបាល។ ក្រៅអំពីដំណើរការរលូន និងការវិឌ្ឍន៍ការងាររបស់តុលាការ យើងបានដឹងថាលោកស៊ាន វិសុទ្ធ ប្រធានការិយាល័យរដ្ឋបាលរបស់សាលាក្តីខ្មែរក្រហម ដែលកំពុង«ស្ថិតនៅក្នុងពេលវិស្សមកាល ដោយគ្មានប្រាក់បៀវត្ស» សព្វថ្ងៃ បានសូមឈប់ធ្វើការនៅសាលាក្តី ដោយមិនបញ្ជាក់មូលហេតុ។ វិស្សមកាលរបស់លោកស៊ាន វិសុទ្ធនេះ ត្រូវបានធ្វើឡើង ខណៈពេលរឿងអាស្រូវអំពើការចោទប្រកាន់ពុករលួយនៅក្នុងជួរមន្រ្តីកម្ពុជាបានផ្ទុះឡើង។ ដោយឡែក ផ្នែកបុគ្គលិកជាតិទាំងអស់ ឥឡូវនេះ មានចំនួន២៥២នាក់ លើគម្រោងបុគ្គលិកទាំងអស់៣២១នាក់។ ថ្នាក់ដឹកនាំអ.វ.ត.ក បានសម្រេចចិត្តធ្វើការកាត់បន្ថយចំនួនបុគ្គលិកក្នុងផ្នែកមួយចំនួន ដើម្បីធានាដល់ប្រសិទ្ធភាពនៃការចំណាយថវិកា និងដើម្បីពង្រឹងការគ្រប់គ្រងធនធានមនុស្សអោយមានប្រសិទ្ធភាព។ ចំណែកផ្នែកហិរញ្ញវត្ថុវិញ ជាមួយនឹងជំនួយថវិកានាពេលថ្មីៗនេះ ចំនួន៤,៣លានដុល្លារ ពីប្រទេសជប៉ុននោះ ថវិកាសម្រាប់ភាគីកម្ពុជាអាចគ្របដណ្តប់ដល់ដំណើរការងាររហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០០៩។

-ដំណើរវែងឆ្ងាយឆ្ពោះទៅកាន់ការបង្កើតក្រមនីតិវិធីពិសេសដាច់ដោយឡែកពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (២០-០១-២០០៩)
-លោកហ្រ្វង់ស័រ រ៉ូ ធ្វើអោយកិច្ចពិភាក្សាច្របូកច្របល់ និងរិះគន់សហព្រះរាជអាជ្ញា (១៩-០៥-២០០៩)
-តុលាការខ្មែរក្រហមផ្តល់វេទិកាដល់អ្នកច្បាប់ក្មេងខ្ចីនៅកម្ពុជា (២៧-០៣-២០០៩)