កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​កាត់​ទោស​ឌុចៈ ជម្លោះ​ប្រដាប់​អាវុធ​រវាង​សត្រូវ​បង​ប្អូន​ កម្ពុជា​និង​វៀតណាម
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៦-០៥-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៥ ឧសភា ២០០៩៖ លោក​ស្រី​ចៅក្រម Silvia Cartwright និង​លោក​ Nayan Chanda អ្នក​យក​ព័ត៌មាន​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ចំណង​ជើងថា «សត្រូវ​បង​ប្អូន» ហើយ​និង​ជា​សាក្សី នៅក្នុង​សវនាការ​ថ្ងៃទី២០ នៃការ​កាត់​ទោស​ឌុច
©ចន វីង/ Magnum 
លោក​ Nayan Chanda អ្នក​និពន្ធ​សៀវភៅចំណង​ជើង​ថា​ សត្រូវ​បង​ប្អូន ( ឆ្នាំ​១៩៨៦) និង​​សង្គ្រាម​បន្ទាប់​ពី​សង្គ្រាម និង​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​របស់​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា ( Far Eastern Economic Review ) ​ប្រចាំ​តំបន់​ឥណ្ឌូចិន​ បាន​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី​ នា​ថ្ងៃ​ច័ន្ទ ទី​២៥ ខែឧសភា នៅក្នុង​សំណុំ​រឿង​ក្តី​របស់​ឌុច ដើម្បី​បំភ្លឺ​អំពី​ជម្លោះ​ប្រដាប់​អាវុធ​​រវាង​កង​ទ័ព​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រទេស​វៀតណាម។​​ អ្នក​យក​ព័ត៌មាន​និង​សព្វ​ថ្ងៃ​ ​ជា​បណ្ណាធិការ​​វិទ្យាស្ថាន​​ស្រាវ​ជ្រាវ​នៃ​សាកល​វិទ្យាល័យ​អាមេរិក​ Yale រូប​នេះ​ មាន​ឱកាស​​បាន​ជួប​ជាមួយ​​អ្នក​​ទទួល​ខុស​ត្រូវ​ឧបទ្វីប​ឥណ្ឌូចិន បើ​ទោះ​បីជា​លោក​មិន​បាន​មក​​កាន់​កម្ពុជា​​ប្រជាធិប​តេយ្យ​ក៏​ដោយ ហើយលោក​​អាច​ស្វែង​យល់​អំពី​មាគ៌ា​នយោបាយ​ ការ​ទូត និង​យោធា​របស់​សត្រូវ​បង​ប្អូន​ទាំង​ពីរ​​។ សក្ខីកម្ម​របស់​លោក​​ពឹង​ផ្អែក​ទៅលើ​សៀវភៅ​ សត្រូវ​បង​ប្អូន​ និ​ង​បក​ស្រាយ​បំភ្លឺ​ជាពិសេស​អំពីអំណះ​អំណាង​ដែល​តែង​តែ​ត្រូវ​បាន​លើក​ឡើង​ដោយ​ ​អតីត​អ្នក​ទទួល​​ខុស​ត្រូវ​ជាន់​ខ្ពស់ខ្មែរ​ក្រហម​ ដើម្បីបញ្ជាក់​​​អះអាង​អំពី​ការ​ប្រព្រឹត្ត​​ពី​អតីត​កាល​​របស់​មេដឹក​នាំ​ទាំង​នេះ ទាក់​ទង​នឹង​បំណង​​​វាទទីនិយម​របស់ប្រទេស​ជិត​ខាង​វៀតណាម​​។


ផ្តើម​ចេញពីការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​នៅតាម​ព្រំដែន ​ក្លាយ​មក​ជា​ជម្លោះ​បើក​ចំហ
កម្លាំង​កុម្មុយនីស្ត​​វៀត​ណាម និង​កម្ពុជា​​មាន​ប្រវត្តិ​ជម្លោះ​ជា​មួយ​គ្នាជា​យូរ​មក​ហើយ និង​មាន​សភាព​ការណ៍​​ធ្ងន់​ធ្ងរ​បំផុត​នៅ​​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​​១៩៧៩​។ ​នៅ​ឆ្នាំ​១៩៧៥ ជម្លោះ​បាន​ផ្តើម​ចេញ​​ពីការ​កាន់​កាប់​កោះ​នៅ​តំបន់​ឈូង​សមុទ្រ​​សៀម​ ដែល​ត្រូវ​បាន​ទាម​ទារ​ដោយ​ភាគី​ទាំង​​ពីរ បន្ទាប់​មក ការ​ប៉ះ​ទង្គិច​ដោយអាវុធ​នៅ​តាម​ព្រំដែន ដែល​ចាប់​​ផ្តើម​មុន​ដោយ​ពួក​ខ្មែរ​ក្រហម។ បើ​តាម​ពួក​ខ្មែរ​ក្រហម ប្រទេស​វៀតណាម​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ តែ​ជួប​បរាជ័យ។ នៅឆ្នាំ​១៩៧៧ ខ្មែរ​ក្រហម​បាន​បង្កើន​​ការ​វាយ​ប្រហារ​ ហើយ​វៀតណាម​​បាន​ឆ្លើយតប​មក​​ក្រុម​ខ្មែរក្រហម​វិញ តាម​រយៈការ​ឈ្លាន​​ពាន​ចូល​ទឹក​ដី​កម្ពុជា។ នៅ​ថ្ងៃទី​២៥ ធ្នូ ឆ្នាំ​ដដែល​នោះ កម្ពុជា​បាន​​ប្រកាស​ជា​សាធារណៈ​​អំពី​​​​ជម្លោះ​អន្តរ​ជាតិ​​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ ដោយ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​​ការទូត​​ជាមួយ​ប្រទេស​ជិត​ខាង​នេះ «លុះត្រា​តែ​កម្លាំង​កង​ទ័ព​ក្រុម​ឈ្លាន​ពាន​ដក​ទ័ព​ចេញពី​ទឹក​ដី​ខ្មែរ»។ ការ​ប៉ះទង្គិច​នៅតាម​ព្រំដែន​កាន់តែ​មាន​សភាព​ខ្លាំង​ក្លា​ឡើង នៅឆ្នាំ​១៩៧៨ បន្ទាប់​​​​មក​ សាធារណៈ​សង្គម​និយម​វៀតណាម​​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ នៅចុង​ឆ្នាំ​១៩៧៨ រហូត​​ធ្វើអោយ​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ​របស់​ពួក​ខ្មែរក្រហម​ដួល​រលំ​​​ នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩។
 
ទោះ​បីជា​ការ​ចង​ចាំ​របស់​​លោក Nayan Chanda មានការ​ថយ​ចុះ​ ដោយ​សារ​​ព្រឹត្តិការណ៍​កន្លង​ហួស​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​លោកបាន​រៀប​រាប់​អំពី​​ស្ថានការណ៍​​នា​ពេល​នោះ​បាន​យ៉ាង​ច្បាស់ ​ដូច​ជា​អ្នក​ឯកទេស​ជំនាញ​មួយរូប​។ លោក​នៅ​ចង​ចាំ​ពីទិដ្ឋ​ភាព​​ភូមិ​មួយ​ដែល​លោក​បាន​ទៅ​ទស្សនា នៅក្នុង​ក្រប​ខ័ណ្ឌ​សារព័ត៌មាន​មួយ រៀប​ចំ​ដោយ​អាជ្ញាធរ​វៀតណាម​ នៅ​ខែមីនា ឆ្នាំ​១៩៧៨ ហើយ​លោកបាន​ឃើញ​ថា​ភូមិ​នោះ​ត្រូវ​បាន​​«បំផ្លាញ​​ នៅក្នុង​ការ​ជ្រួល​ច្របល់​​ខ្លាំង​មួយ» បន្ទាប់​ពីការ​វាយ​ប្រហារ​របស់ខ្មែរ​ក្រហម។ លោក​មាន​ប្រសាសន៍ថា​ «តាំង​​ពី​ចាប់​ផ្តើម​អាជីព​ជា​អ្នក​យក​ព័ត៌មានមក​​ ខ្ញុំមិន​ធ្លាប់​បាន​ឃើញ​សាក​សព​ជន​ស៊ីវិល ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​បំផុត និង​ត្រូវ​បាន​បោះបង់​ចោល​នៅនឹង​​កន្លែង​បែប​​នេះ​​ពីមុន​ឡើយ!»។ នៅ​ខែ​តុលា ​កង​ទ័ព​វៀតណាម​បាន​បើ​ក​ប្រតិបត្តិការ​​យោធា​នៅលើ​ទឹកដី​ខ្មែរ។
 
ការ​ដាក់​តឿន​ជា​ច្រើន​របស់​​វៀតណាម​
នៅ​ចុង​ឆ្នាំ​១៩៧៧ និងដើម​ឆ្នាំ​១៩៧៨ កង​ទ័ព​វៀតណាម​បាន​ដាក់​ពង្រាយ​កាំភ្លើង​ធំ​​ ដើម្បី​បើក​​ការ​វាយ​ប្រហារ​​ នៅលើ​ទឹក​ដី​​កម្ពុជា។ ទោះ​បីជា​មា​ន​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​​ក៏​ដោយ ក៏​«រដ្ឋាភិបាល​ក្រុង​ហាណូយ​មិន​ចង់​ធ្វើ​សង្គ្រាម​​ពិត​ប្រាកដ​នោះទេ ប៉ុន្តែ គ្រាន់​តែ​​ចង់​ផ្ញើ​សារ​ទៅកាន់​ខ្មែរក្រហម ​ប្រសិន​ជា​ពួក​គេ​នៅតែ​បន្ត​ធ្វើការ​វាយ​ប្រហារ​ទៀត»។ អ្នក​យក​​ព័ត៌មាន​ឥណ្ឌា​រូប​នេះ​បាន​កត់​សម្គាល់​ដោយ​ល្អិត​ល្អន់​ថា «សកម្មភាព​នេះ​មិន​បាន​ធ្វើ​អោយ​​ប៉ះពាល់​ធ្ងន់​ធ្ងរ​នោះទេ»។ ដោយ​ឡែក នៅ​ខាង​កម្ពុជា​ប្រជាធិបតេយ្យ​វិញ អ្នក​រស់នៅ​តាម​​បណ្តោយ​ព្រំដែន​​ត្រូវ​បាន​ចាត់​ទុកដូច​ជា​អ្នក​មាន​សមាន​ចិត្ត​គាំទ្រ​វៀតណាម​ រឺ​ជា​អ្នក​ចូលរួម​សហការ​។ អ្នកទាំងនោះ​បានក្លាយជា​កម្មវត្ថុនៃការ​បោស​សំអាត​ផ្ទៃក្នុង​ ចាប់​តាំ​ងពី​ចុង​​ឆ្នាំ​១៩៧៧មក​។ លោក Nayan Chanda បាន​បន្ថែម​ទៀត​ថា «យោង​ទៅតាម​អ្វី​ដែល​ខ្ញុំ​អាច​កត់​សម្គាល់​ និងបាន​អាន បាន​បង្ហាញ​អោយឃើញថា​ វៀតណាម​​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​បង្ក​ហេតុ​ជាមួយ​ខ្មែរ​ក្រហម លើក​លែង​តែ​ករណី​ឈ្លាន​ពាន​របស់​ពួកគេ​នៅ​លើ​កោះ​ចំនួន​ពីរ ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​១៩៧៧។​ ការ​ឈប់យោគ​យល់អធ្យាស្រ័យ​​​របស់​​ប្រទេសវៀតណាម​ចំពោះ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​នៅ​តាមព្រំដែន​ បាន​កើត​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ​១៩៧៧ នៅ​ពេល​រដ្ឋ​មន្រ្តីក្រសួង​ការ​ពារ​ជាតិ ឈ្មោះ Giap ត្រូវ​បាន​បញ្ជូន​មក​ស៊ើប​​អង្កេត​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ទស្សនកិច្ច​នេះ​​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​​ឃោសនា​វៀតណាម​ ជា​ការ​ព្រមាន​ប្រទេស​កម្ពុជា ដើម្បីអោយ​ដឹង​ថា​ «យើង​មិនមែន​មាន​ការ​យោគ​យល់​ជា​រៀង​រហូតនោះទេ»។
 
ដោយ​ឡែក ប្រទេស​វៀតណាម​បាន​ភ្ញាក់ផ្អើល នៅ​ពេល​ពួកគេ​ត្រូវ​បាន​វាយ​ប្រហារ​ពី​សំណាក់​​កង​ទ័ព​ខ្មែរ​ក្រហម នៅថ្ងៃទី​៣០ មេសា ឆ្នាំ​១៩៧៧ ចំនឹង​ថ្ងៃ​ខួប​នៃការ​កាន់​កាប់​ក្រុង​ ​Saigon និង​នៅ​ថ្ងៃសៅរ៍ ទី​២២ ខែកញ្ញា ចំ​ថ្ងៃ​ឈប់​សម្រាក​របស់​នាយ​ទាហាន​វៀតណាម​​។ អ្នក​ជំនាញ​ជនជាតិ​ឥណ្ឌា​រូបនេះ​បាន​ពន្យល់​ថា «ការ​វាយ​ប្រហារ​ទាំងពីរលើក​​ បូក​រួម​ជាមួ​យ​​ព័ត៌មាន​ដែល​វៀតណាម​​ទទួល​បាន​ ទាក់​ទង​នឹង​​ការ​ផ្តល់​ជំនួយ​ផ្នែក​យោធា​របស់​​ប្រទេស​​ចិន​​សម្រាប់​ប្រទេស​កម្ពុជា​ បានធ្វើ​អោយ​ប្រទេស​វៀតណាម​គិត​ថា​ការ​វាយ​ប្រហារ​​របស់​កម្ពុជា​មកលើ​ភូមិ​នៅតាម​តំបន់​ព្រំដែន​ទាំងនេះ​​​មិនមែនជា​រឿង​គ្មាន​ហេតុផល​របស់​​កម្ពុជានោះទេ។ ពួកគេ​យល់​ថា​អាច​ជា​ផែនការ​ដ៏ធំ​មួយ ដែលមានការ​ជួយ​ជ្រោម​ជ្រែង​​ពីប្រទេស​ចិន។ បរិបទ​នេះ​ហើយ ដែល​នាំ​អោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Giap [រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​វៀតណាម​]…»។
 

 
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៥​ ឧសភា ២០០៩៖ បន្ទប់​សារព័ត៌មាន​ នៅថ្ងៃ​ទី​២០ នៃការ​កាត់​ទោសឌុច
©ចន វីង/ Magnum

 
ការ​គិតមមៃក្លាយជា​រណប​មួយ​របស់ប្រទេស​វៀតណាម
លោក Nayan Chanda បាន​លើកឡើង​ថា «​ពួក​ខ្មែរ​ក្រហម​មានការ​ព្រួយ​បារម្ភជា​ខ្លាំង​អំពី​ការ​​ប៉ុនប៉ង​វាទ​ទីនិយម​របស់​ប្រទេស​វៀតណាម​ ហើយ​នេះគឺជា​មូលហេតុ ដែល​ជម្រុញ​អោយ​​ពួកគេ​ធ្វើការ​ប្រឆាំង​ជាមួយ​ប្រទេស​វៀតណាម […]។ គំនិត​ «ទំនាក់​ទំនង​ពិសេស​រវាង​​បណ្តា​ប្រទេស​ឧបទ្វីប​ឥណ្ឌូចិន​» ​របស់​វៀតណាម​ នៅដំណាក់​កាល​ប្រយុទ្ធ​ប្រឆាំង​អាណា​និគម​និយម​ គឺជាកត្តា​មួយ សំដៅ​ធានា​ការ​អភិវឌ្ឍន៍​ និង​សន្តិសុខ​នៃ​ប្រទេស​ទាំង​បី [កម្ពុជា វៀតណាម និង​ឡាវ]​។ ពួក​ខ្មែរក្រហម​ជំទាស់​យ៉ាង​ដាច់​អហង្ការ​នឹង​យុទ្ធសាស្រ្ត​នេះ​ ព្រោះ​​ពួកគេ​ចាត់​ទុក «ទំនាក់​ទំនង​ពិសេស» នោះ គឺ​​ជា​ការ​ប៉ុន​ប៉ង​មួយ​របស់​ប្រទេស​វៀត​ណាម​ ដើម្បី​កាន់​កាប់​អំណាច​នៅ​ប្រទេស​​ក​ម្ពុជា និង​លេប​យក​ទឹកដី​ខ្មែរ»។ ដើម្បី​លើក​កម្ពស់​ស្មារតី​កង​ទ័ព​របស់​ខ្លួន នៅសមរភូមិ​ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្សព្វផ្សាយ​​ពាក្យ​ស្លោក​​មួយ​ឃ្លា​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​១៩៧៨​ថា «ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ស្មើ​នឹង​ទាហាន​វៀត​ណាម​៣០នាក់»។
 
បរិបទ​នៃ​ជម្លោះព្រំដែន​

ដោយ​ដក​ស្រង់​សេចក្តី​សន្និដ្ឋាន​ចេញ​ពី​​ក្នុង​សៀវភៅ​ «សត្រូវ​បង​ប្អូន» លោក​ Nayan Chanda ​បាន​ពន្យល់ថា ហេតុ​ផល​​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅក្នុងជម្លោះ​នេះ​ គឺ​ស្ថិត​នៅក្នុង​«កំហឹង​ស៊ូពូជ​មួយ​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម» និង​នៅក្នុង​ការ​តស៊ូ​មួយ ដើម្បី​​ត្រួត​ត្រា​កោះ នៅឈូង​សមុទ្រ​សៀម។ ហេតុដូចនេះ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដឹក​នាំ​​កង​ទ័ព​​ ដើម្បី​ការ​ពារ​និងទប់​ស្កាត់​កុំ​អោយ​ទឹកដី​របស់ខ្លួន​ត្រូវ​បាន​ប្រទេស​វៀត​ណាម​ «លេប​ត្របាក់»​យក​ទៅបាត់។ ចំណែក​ការ​លើក​ទ័ព​របស់​វៀតណាម​សំដៅ​បញ្ចៀស​កុំ​អោយ​ទឹក​ដី​នោះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ប្រទេស​ដែល​គាំទ្រ​ខ្មែរក្រហម នោះ​គឺប្រទេស​ចិន​។​ អ្នក​យក​ព័ត៌មាន​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ «ក្រប​ខ័ណ្ឌ​​សន្និសីទ​ទីក្រុង​ហ្សឺណែវ​មួយ នៅ​ឆ្នាំ​១៩៥៤ គឺជា​ចំណុច​នៃការ​ចាប់​ផ្តើម​​​ការ​វិវត្តន៍​មនោគមវិជ្ជា​ខ្មែរ​ក្រហម​ ដែល​បាន​ចាត់​ទុក​ប្រទេស​វៀតណាម​ ដូច​ជា​ការ​គំរាម​កំហែង​មួយ។ ម្យ៉ាង​ទៀត ប្រសិន​ជាយើង​ត្រឡប់​ថយ​ក្រោយ នៅ​សម័យ​អាណាចក្រ​អង្គរ ប្រទេស​កម្ពុជា​បាន​គ្រប​ដណ្តប់​​មួយភាគ​ធំ​នៃ​ឧបទ្វីប​ឥណ្ឌូ​ចិន​ ហើយ​ទឹកដី​នេះ​ត្រូវ​បាន​ឈ្លាន​ពាន​ពីសំណាក់​ប្រទេស​ជិត​ខាង​ទាំងពីរ​របស់​កម្ពុជា គឺ​ប្រទេស​វៀតណាម និង​ថៃ។  […]នៅ​សន្នីសីទ​ទីក្រុង​ហ្សឺណែវ  […] ប្រទេស​វៀត​ណាម​​ត្រូវ​បែង​ចែក​ជា​​​​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង ចំណែក​ប្រទេស​ឡាវ​​បាន​​ត្រួត​ត្រា​ខេត្ត​ពីរ ស្រប​ពេល​​ខ្មែរ​មិន​មាន​អាសនៈ​នៅ​លើ​តុ​ចរចា។[…] ត្រង់​ចំណុចនេះ បង្ហាញ​​អោយឃើញ​​គោល​បំណង​ត្រួត​ត្រា​ឧបទ្វីប​ឥណ្ឌូចិន​​របស់​ប្រទេស​វៀតណាម​ និង​ការ​ពង្រីក​​ការ​ត្រួត​ត្រា​នេះ​ តាម​រយៈ​ទំនាក់ទំនង​​ពិសេស ដែល​ស្នើ​ដោយ​វៀតណាម។ ត្រង់​នេះ​ហើយ​​គឺជា​ប្រភព​នៃការ​ព្រួយ​បារម្ភ​របស់​កម្ពុជា។ ចំណែក​ខាង​វៀតណាម​វិញ ពួកគេ​មាន​ប្រវត្តិ​ជម្លោះ​ដ៏យូរ​លង់ជាមួយ​ប្រទេស​ចិន​ រយៈ​ពេល​ជិត​២ពាន់​ឆ្នាំ​។ ពួកគេ​ព្យាយាម​ធ្វើ​អោយ​​ការ​ប៉ុន​ប៉ង​វាទ​ទី​របស់ចិន​ជួប​បរាជ័យ។ នៅត្រង់នេះ ចិន​បាន​ប្រើ​ប្រាស់​កម្ពុជា​ ដើម្បី​ធ្វើ​​ទុក្ខ​បុក​ម្នេញវៀតណាម​ នៅភាគ​ខាង​ត្បូង បន្ថែម​លើការ​ដឹក​នាំ​សកម្មភាព​នៅភាគ​ខាង​ជើង​​វៀតណាម​។ ជម្លោះ​ព្រំដែន​ទាំងនេះ​បាន​ក្លាយជា​ឧបករណ៍​នៃ​ការ​តស៊ូ​នេះ» […] ។
 
ការ​ប្រកាន់​ពូជ​សាសន៍​របស់​ពួក​ខ្មែរក្រហម ចំពោះ​ជន​ជាតិវៀតណាម
លោក Nayan Chanda​បាន​វាយ​តម្លៃ​ «សៀវភៅ​ខ្មៅ» ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​មេ​ដឹក​​នាំ​​ខ្មែរក្រហម កាល​ពីខែកញ្ញា​ ឆ្នាំ​១៩៧៨ ថា «ជាការ​សណ្តំ​ចិត្ត» ព្រោះ​សៀវភៅ​នេះ​បង្ហាញ​អំពី «គំនិត​ធម្មជាតិ​របស់​អ្នក​និពន្ធ​ទាំងនោះ​»។ លោកបានពន្យល់ថា «នេះ​គឺជា​លក្ខណៈ​មួយ​​ដែលអាច​និយាយ​បាន​ថា​គួរ​អោយ​ចាប់​អារម្មណ៍។ នៅ​ពេល​ចាប់​ផ្តើម គេ​មាន​គោល​ជំហរ​ប្រកាន់​ពូជ​សាសន៍​ដោយ​បើក​ចំហមួយ​ចំពោះ​ជន​ជាតិវៀតណាម​ ហើយ​បើ​តាម​គំនិត​របស់​ខ្ញុំ វា​ជា​កត្តា​សំខាន់​នៅពីក្រោយ​ការ​សម្លាប់​រង្គាល និង​អំពើដ៏​សាហាវ​ឃោរ​ឃៅ​ទាំង​នេះ។ ព្រោះ​សៀវភៅ​ខ្មៅ​នេះ​បាន​រៀប​រាប់​អំពី​ជនជាតិ​វៀតណាម ដូចជា​ជន​គំរាម​កំហែង […] ហើយ​ចាប់​ពីពេល​នោះមក មនុស្ស​ដែល​មាន​សមាន​ចិត្ត​ រឺ​ទំនាក់​ទំនង​ជាមួយ​វៀត​ណាម​ គឺជា​សត្រូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​ស្វ័យ​ប្រវត្តិ»។ នៅមុន​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​១៩៧៨​បន្តិច របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​​​ធ្វើ​ការអំពាវ​នាវតាម​វិទ្យុ​​អោយ​សម្លាប់​​​ជន​ជាតិ​វៀតណាម​ ដែលសកម្មភាព​បែបនេះ​មានតម្លៃ​ដូច​ទៅនឹង​ចលនា​បំបាត់​​​ពូជ​សាសន៍​ហ្ស្វីហ្វ​ដែរ។

 


 កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៦ ឧសភា ២០០៩៖ អគារ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​

©ចន វីង/ Magnum

 
ការ​ខក​បំណង​របស់​ប្រទេស​វៀតណាម
មុន​នឹង​ជម្លោះ​រវាង​ប្រទេស​វៀតណាម​និងប្រទេស​កម្ពុជា​បាន​ផ្ទុះ​ឡើង ប្រទេស​វៀតណាម​មាន​​ជំនឿ​​ទុកចិត្ត​​អស់​រយៈ​ពេល​យូរ​មកហើយ​លើ​ចំណង​មិត្តភាព​នៅក្នុង​ជួរ​ខ្មែរក្រហម​។ អ្នក​​យក​ព័ត៌មាន​ឥណ្ឌា​រូប​នេះ​បាន​​រម្លឹក​​​អំពី​«មិត្តភាព​កង​ទ័ព​រវាង​បក្ស​កុម្មុយនីស្ត​វៀតណាម​និង​​បក្ស​កុម្មុយនីស្ត​កម្ពុជា នៅឆ្នាំ​១៩៧៤» ថា «នៅ​សម័យ​នោះ សហរដ្ឋ​អាមេរិក​បាន​ដក​​ចេញ​​ពី​តំបន់ ហើយ​ខ្មែរក្រហម​អាច​ឡើង​គ្រប់​គ្រង​អំណាច​នៅ​កម្ពុជា​ជា​ស្ថាពរ។ ខណៈ​នោះ​ វៀតណាមបាន​​ត្រៀម​លក្ខណៈ​ជួយ​​ខ្មែរក្រហម។ ថ្ងៃទី​១៧ មេសា ១៩៧៥ ជ័យ​ជំនះ​របស់​ខ្មែរក្រហម​បាន​ក្លាយ​ជា​ការ​ពិត ដោយ​មាន​ការ​ជួយ​ផ្នែក​គ្រឿង​សព្វាវុធ​ និង​ការ​បណ្តុះ​បណ្តាល​ដល់​ពួក​ខ្មែរក្រហម​ពីសំណាក់​វៀតណាម នៅ​ចុង​ឆ្នាំ​១៩៧៤។ កាល​នោះ ប្រទេស​ចិន​​មិន​អាច​នាំមក​នូវ​ជំនួយ​បែប​នេះ​បានទេ ព្រោះ​ពួក​គេ​​មិនមាន​មធ្យោបាយ​​ […] ដូចនេះ គឺ​​បក្ស​កុម្មុយនីស្ត​វៀតណាម​ ដែល​បានជួយ​ខ្មែរក្រហម​​អោយ​ទទួល​ជ័យជំនះ​ នៅ​ឆ្នាំ​១៩៧៥​។ […] នៅ​ពេល​ទទួល​បានជ័យ​ជំនះ ខ្មែរក្រហម​បាន​ប្រកាស​ថា​វា​ជាជោគជ័យ​របស់​ខ្លួន​​តែ​ម្នាក់ ដោយមិនមានការ​ជួយ​ជ្រោមជ្រែង​ពី​បរទេស​[…] ភ្លាម​នោះ វៀតណាម​យល់​ឃើញ​ថា​​ពួក​ខ្មែរក្រហម​មិនមាន​ការ​ដឹង​គុណចំពោះខ្លួន​»។​
 
ទោះ​យ៉ាង​ណា​​ លោក​Nayan Chanda ​ជឿ​ជាក់​​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៧៧ ប្រទេស​វៀត​ណាម​​​ហាក់​បី​ដូចជា​យល់​ថា «ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​​​មិន​មែនបណ្តាល​មក​​ពី​បញ្ហា​មិន​យល់​ចិត្តគ្នា​ ក៏​មិន​មែន​បណ្តាល​មក​ពីការ​ដោះ​ស្រាយ​​ជម្លោះ​​​ទឹកដី​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ ជម្លោះ​​ជា​មួយ​ប្រទេស​កម្ពុជា​ជាប់​ទាក់​ទង​នឹង​គោល​នយោបាយ​ខ្មែរក្រហម​ចំពោះ​​ប្រទេស​វៀត​ណាម។​ បញ្ហា​នេះ​អាច​នឹង​រក​ដំណោះ​ស្រាយ​បាន​ ក្រោម​រូបភាព​ជា​ការផ្លាស់​ប្តូរ​នយោបាយ​​នៅ​ទីក្រុង​ភ្នំពេញ រឺ​ការ​ផ្លាស់​ប្តូរ​មនុស្ស​ ដែល​​កាន់​អំណាច​នៅ​ទីក្រុង​ភ្នំពេញ។ ម្យ៉ាង​​ទៀត ប្រសិនជា​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ផ្ទៃក្នុង​​បក្ស​កុម្មុយនីស្ត​កម្ពុជា វា​ជាការ​ប្រសើរ ប៉ុន្តែ មិនមែន​ដូច្នោះទេ វា​ជាការ​ចាំ​បាច់​ត្រូវ​ដណ្តើម​កាន់​កាប់​​ទីក្រុងភ្នំពេញ»។
 


 កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៦ ឧសភា ២០០៩៖ ឌុច នៅ​ក្នុង​សវនាការ​ជំនុំជម្រះ ថ្ងៃទី២១

©ចន វីង/ Magnum

 
ឌុចៈ ជម្លោះ​បុគ្គល​ រវាង​ ឡេ យន់ (Le Duan) និង​ប៉ុល ពត បង្ក​អោយ​មាន​ការ​បង្ហូរ​ឈាម​

ដល់​វេន​​សហមេធាវីអន្តរ​ជាតិ​របស់​ឌុច សួរ​សំណួរ​លោក Nayan Chanda លោក​ហ្រ្វង់ស័រ រ៉ូ ​បាន​ស្នើសុំ​ជា​បឋម​ អោយជនជាប់ចោទ​អាច​​មាន​ប្រតិកម្ម​ទៅនឹង​ការលើក​ឡើង​របស់​អ្នក​ជំនាញ​​​ជនជាតិ​ឥណ្ឌា​រូបនេះ។ ឌុច បាន​ធ្វើការ​រៀប​រាប់​យ៉ាងវែង​ ជាពិសេស​គាត់​បាន​រិះគន់​បង​ធំទី​១ ដូច​តទៅ៖​
 
«វា​​គឺជា​ផ្នែក​មួយ​នៃការ​អនុវត្ត​តាម​មាគ៌ា​នយោបាយ​របស់​ហូជីមិញ​ ដែល​បាននិយាយ​ថា​បុព្វហេតុ​ចាំបាច់​តែមួយ​គត់​​គឺ​ការ​តស៊ូ​ប្រឆាំង​បារាំង មាន​ន័យ​ថា​ មាន​គណបក្ស​តែមួយ​ប៉ុណ្ណោះ ដែល​កាន់​អំណាច​ គឺគណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ពោលគឺ​គណបក្ស​មួយ កង​ទ័ព​​មួយ រដ្ឋាភិបាល​មួយ និង​ប្រទេស​មួយ គឺ​សហព័ន្ធ​ឥណ្ឌូចិន​។ នេះហើយ​គឺជា​មាគ៌ា​នយោបាយ​​​របស់​ហូជីមិញ។ នយោបាយ​នេះ​គឺជា​ដើម​ចម​​​នៃ​ជម្លោះ​ស្លាប់​រស់​រវាង​ឡេ យន់ និង​ប៉ុល ពត។ ឡេ យន់ គឺជា​លេខា​បក្ស​​ពលករ​វៀតណាម ដែល​ក្រោយមក​បាន​ប្រែ​ឈ្មោះ​ជា​ បក្ស​កុម្មុយនីស្ត​វៀតណា​មវិញ។ […] ជម្លោះ​រវាង​បុរស​ទាំង​ពី​រនេះ​គឺជា​ជម្លោះ​ស្លាប់​រស់​និង​​រ៉ាំ​រ៉ៃ​ ដែល​ចាប់​ផ្តើម​តាំង​ពីឆ្នាំ​១៩៥៤។ ឡេ យន់ បាន​ចាត់​ទុក​ខ្លួនឯង​ជា​បិតា​​ឥណ្ឌូ​ចិន​ បើ​ទោះ​​បី​ជា​មាន​សន្និសីទ​ទីក្រុង​ហ្សឺណែវ​មួយ​​ក៏​ដោយ។ អ្នកទាំងពីរ​ព្យាយាម​ទម្លាក់​អំណាច​គ្នា​​ទៅវិញ​ទៅ​មក […]ខ្ញុំ​ចង់​និយាយ​ថា ប៉ុល ពត និង​ឡេ យន់ ជ្រួល​ច្របល់​និង​ខ្វាយ​ខ្វល់​ពី​​ជំទាស់​បុគ្គល​របស់​ពួកគេ​។ ម្នាក់ៗ​មាន​គណបក្ស​ផ្ទាល់ខ្លួន មាន​ទាហាន​ ​ជាហេតុ​បង្កអោយ​មានការ​បង្ហូរ​ឈាម​ដាក់​គ្នា​ និង​ប៉ះពាល់​​ដល់​ជីវិត​​ប្រជាជន​ស៊ីវិល។ ខ្ញុំមិន​មែនអះអាង​ថា​ប៉ុល ពត​គឺជា​អ្នកសេ្នហា​ជាតិ​ដ៏​មហា​អស្ចារ្យ​នោះទេ ប៉ុន្តែ ជា​ឧក្រិដ្ឋករ។ គាត់​គឺជា​បិតា​ឧក្រិដ្ឋករ​​របស់​កម្ពុជា​[…] ប្រជាជន​ប្រមាណ​​ជាង​១លាន​នាក់​បាន​បាត់​បង់​ជីវិត! ម្យ៉ាង​ទៀត នៅក្នុង​​រឿង​ជម្លោះ​មាគ៌ា​​សហព័ន្ធ​ឥណ្ឌូចិន​របស់​វៀតណាម​នេះ​ក៏​បាន​នាំ​អោយ​បាត​ដៃ​របស់ខ្ញុំ​ប្រឡាក់​ឈាម​ ដែល​បាន​ស្លាប់​នៅ​មន្ទីរ ស-២១…។ ខ្ញុំ​មិនមែន​បដិសេធ​​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​ ចំពោះឧក្រិដ្ឋកម្ម​នេះឡើយ។ ប៉ុន្តែ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ថា ឈាម​វៀតណាម​ និង​កម្ពុជា ត្រូវ​បាន​បង្ហូរ ដោយសារ​ជម្លោះ​រវាង​បុរស​ទាំងពីរ​នេះ»។
 

 


 
-ជីវ​ប្រវត្តិ​របស់​អៀង សារី អ្នក​ឱកាស​និយម​បាត​ដៃ​ប្រឡាក់​ឈាម (២៥-០៦-២០០៨)
-លោក Craig Etcheson​ អ្នក​ជំនាញ​ការ​អាមេរិក​បាន​ធ្វើការ​វិភាគលំអិត​អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៨-០៥-២០០៩)
-បទ​សម្ភាសន៍​ជាមួយ​​លោក​ស្រី ភួង ហ្គុតស៊ុន​ថារីៈ ការ​យល់ឃើញ​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់ ស្តី​ពី​ការ​ជំនុំជម្រះ​របស់​ឌុច (១៥-០៥-២០០៩)
-ឌុចមិន​ត្រឹម​តែ«ការពារតែ​ម្នាក់ឯងយ៉ាងល្អ»ទេ ថែមទាំង​អាច​​ចំអក​អោយ​មេធាវី​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណីទៀត
(៣០-០៤-២០០៩)
-តុលា​ការ​កាត់​ទោស​ខ្មែរក្រហមៈ ការ​យល់​ឃើញ​របស់​ប្រជាជន​ទី​ក្រុង​ភ្នំពេញ (១៧-១២-២០០៧)

 
 
 
 
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម


-ជីវ​ប្រវត្តិ​របស់​អៀង សារី អ្នក​ឱកាស​និយម​បាត​ដៃ​ប្រឡាក់​ឈាម (២៥-០៦-២០០៨)
-លោក Craig Etcheson​ អ្នក​ជំនាញ​ការ​អាមេរិក​បាន​ធ្វើការ​វិភាគលំអិត​អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៨-០៥-២០០៩)
-បទ​សម្ភាសន៍​ជាមួយ​​លោក​ស្រី ភួង ហ្គុតស៊ុន​ថារីៈ ការ​យល់ឃើញ​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់ ស្តី​ពី​ការ​ជំនុំជម្រះ​របស់​ឌុច (១៥-០៥-២០០៩)
-ឌុចមិន​ត្រឹម​តែ«ការពារតែ​ម្នាក់ឯងយ៉ាងល្អ»ទេ ថែមទាំង​អាច​​ចំអក​អោយ​មេធាវី​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណីទៀត
(៣០-០៤-២០០៩)
-តុលា​ការ​កាត់​ទោស​ខ្មែរក្រហមៈ ការ​យល់​ឃើញ​របស់​ប្រជាជន​ទី​ក្រុង​ភ្នំពេញ (១៧-១២-២០០៧)
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ