| សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលកម្ពុជាអំពាវនាវអោយមានការដោះលែងលោកស្រី អោង សានស៊ូជី ជាបន្ទាន់ |
| ដោយ កាសែត | |
| ២៧-០៥-២០០៩ |
សកម្មជនការពារសិទ្ធិមនុស្សកម្ពុជា និងជនជាតិភូមាជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតប្រទេសមីយ៉ាន់ម៉ា (ភូមា) ប្រចាំទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ដើម្បីទាមទារអោយមានការដោះលែងលោកស្រីអោងសាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យ ដែលសព្វថ្ងៃ កំពុងត្រូវជាប់ឃុំឃាំង នៅក្នុងប្រទេសរបស់លោកស្រី។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហគមន៍អឺរុប លើកទី១៧ នៅទីក្រុងភ្នំពេញ ថ្ងៃទី២៧-២៨ ខែឧសភា គណៈកម្មាធិការប្រព្រឹត្តិកម្ម ជាសម្ព័ន្ធនៃអង្គការ-សមាគមចំនួន២១ ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក៏បានធ្វើការអំពាវនាវដល់សមាជិកអាស៊ាន ជាពិសេសរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាសមាជិកមួយនៃសមាគមនេះ សូមអោយចាត់វិធានការជាបន្ទាន់ ដើម្បីធានាអោយមានការដោះលែងលោកស្រីអោង សានស៊ូជី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានរម្លឹកថា «លោកស្រីអោង សានស៊ូជី ត្រូវបានដាក់ឃុំនៅក្នុងផ្ទះអស់រយៈពេល១៣ឆ្នាំ ក្នុងរយៈពេល១៩ឆ្នាំចុងក្រោយរបស់លោកស្រី។ លោកស្រីធ្លាប់បានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៩១ ចំពោះការតស៊ូដោយអហិង្សា ដើម្បីនាំយកនូវសុខសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យជូនប្រទេសជាតិរបស់លោកស្រី»។ ដោយឡែក សម្ព័ន្ធអង្គការទាំងនេះបានសំដែងការស្វាគមន៍និងគាំទ្រសេចក្តីថ្លែងការណ៍របស់សហគមន៍អឺរុប ដែលបានអំពាវនាវអោយដោះលែងមេដឹកនាំគណបក្សប្រឆាំងរូបនេះ ព្រមទាំងសេចក្តីថ្លែងការណ៍របស់ប្រធានសមាគមអាស៊ាន គឺប្រទេសថៃ ដែលបានបង្ហាញ«ការព្រួយបារម្ភយ៉ាងខ្លាំង» ទៅលើដំណើរការវិវត្តន៍ចំពោះករណីលោកស្រីអោង សានស៊ូជី។ CHRAC បានអះអាងថា «ការបន្តឃុំខ្លួនលោកស្រីនិងការកាត់ទោសលោកស្រីបច្ចុប្បន្ននេះ មិនគ្រាន់តែធ្វើអោយមានចំងល់ទៅលើភាពជឿទុកចិត្តរបស់រដ្ឋាភិបាលភូមាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ហាប្រឈមមួយទៅលើភាពដែលអាចជឿជាក់បានរបស់សមាជិកអាស៊ានផងដែរ ប្រសិនបើសមាគមនេះមិនចាត់វិធានការដោះស្រាយបញ្ហារំលោភសិទ្ធិជាមូលដ្ឋានរបស់លោកស្រីអោង សានស៊ូជី និងអ្នកទោសនយោបាយជាង២០០០នាក់ ផ្សេងទៀតនៅក្នុងប្រទេសភូមាទេនោះ។ អង្គការ-សមាគមទាំងនោះបានលើកឡើងមាត្រា២នៃធម្មនុញ្ញអាស៊ាន ដែលបានចែងថា សមាជិកត្រូវចាត់វិធានការ ដើម្បី«គោរព លើកស្ទួយ និងការពារសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិមនុស្ស»។ ជាចុងក្រោយ គណៈកម្មាធិការប្រព្រឹត្តិកម្មសង្ឃឹមជឿជាក់ថា «រដ្ឋសមាជិកនៃសមាគមអាស៊ានផ្សេងទៀត រួមទាំងរដ្ឋាភិបាលកម្ពុជានឹងធ្វើតាមគំរូដ៏ក្លាហានរបស់រដ្ឋាភិបាលហ្វីលីពីន ដែលធ្លាប់បានអំពាវនាវថ្នាក់ដឹកនាំអាស៊ានអោយមានការដោះលែងលោកស្រីអោង សានស៊ូជី នាពេលកន្លងមក»។
|