កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
បណ្ឌិត Craig Etcheson​: ការ​ច្នៃ​​ប្រឌិត​បន្ថែម​ និង​ការ​ខំ​ខ្នះខ្នែង​នៃពួក​​កម្មាភិបាល​​របស់​ប៉ុល ពត បាន​ចូល​រួម​​ធ្វើ​អោយ​កើត​មាន​វិនាស​កម្ម​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៨-០៥-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៧ ឧសភា ២០០៩៖ ឌុច នា​ថ្ងៃទី​២២​ នៃសវនាការ​ជំនុំ​ជម្រះ​​លើ​រូប​គាត់​
©ចន វីង​ / Magnum
 ​មេធាវី​អន្តរ​ជាតិ​របស់ឌុច បាន​លើក​ឡើង​នៅ​ក្នុង​​សវនាការ​ នា​ថ្ងៃពុធ ទី​២៧ ខែឧសភា​ថា ​ការ​ជំនុំជម្រះ​នេះ​អាច​នឹង​​ធ្វើអោយ​កូន​ក្តី​របស់​លោក ក្លាយជា «អ្នក​​រង​​កំហុស» ​ស្រប​ពេល​​​​ដែល​ឌុច​បាន​ឆ្លើយ​ដោះសារ​​ថា ​គាត់​គ្រាន់​តែ​ជា​អ្នក​គោរព​តាម​បទ​បញ្ជា​ថ្នាក់​លើ​​មួយ​​រូបប៉ុណ្ណោះ​ នៅ​សម័យ​ខ្មែរ​ក្រហម។ ដោយ​​ឡែក​ នៅសវនាការ ថ្ងៃទី​២៨ ខែឧសភា​ មេធាវី​​បរទេស​​​របស់​ជន​ជាប់​ចោទ​​បាន​រៀប​រាប់​​អំពី​លក្ខណៈ​សំខាន់ៗ​នៃ​របប​ខ្មែរក្រហម​ ​ហើយ​​ដើម្បី​​កាន់​តែ​ជឿ​ជាក់ ​​រាល់​ការ​លើក​ឡើង​នូវ​ចំណុចនីមួយៗ លោក​តែង​តែ​សុំ​ការ​ឯកភាព​​​​ពី​សំណាក់​​អ្នក​ជំនាញ​​អាមេរិក​ ដូចជា ការ​លើក​ឡើង​ថា​ របបកម្ពុជា​ប្រជាធិប​តេយ្យ​ គឺ​​ជា «របប​ភ័យ​ខ្លាច»​​មួយ ដែល​ពឹង​ផ្អែក​លើ​កាតព្វកិច្ច​នៃ​ការ​សម្ងាត់​ អំណាច​ជ្រុល​​និយម​ ការ​អប់​រំ​ជា​ប្រព័ន្ធ​​ដល់​​សមាជិក​បក្ស នយោបាយ​ស៊ើប​ការណ៍ និង​បរិហារ​...។
 

 

រាល់​ការ​ទំនាក់​ទំនង​ត្រូវ​ឆ្លង​កាត់​តាម​រយៈ​ថ្នាក់​លើ​
បន្ទាប់​ពី​​បាន​បង្ហាញ​សំបុត្រ​ចំនួន​៩​ច្បាប់ ដែលផ្ញើ​ទៅកាន់​ជន​ជាប់ចោទ ដោយ​ស៊ូ មិត្ត អតីត​មេបញ្ជា​ការ​កង​ពល​ធំ​​លេខ​៥០២ នៃ​កង​ទ័ព​បដិវត្តន៍​កម្ពុជា​ លោក​សហ​ព្រះ​រាជ​អាជ្ញា អាឡិច ប៊េតស៍ បាន​ព្យាយាម​ចោទ​សួរថា​តើ​ឌុច និង​ស៊ូ មិត្ត បាន​ទំនាក់ទំនង​គ្នា​ដោ​យ​​ផ្ទាល់ដែរ​​រឺទេ។ ឌុច ឆ្លើយ​ដោយភាព​ម៉ឺង​ម៉ាត់​ថា  យោងតាម​គោល​ការណ៍​​នៃ​ឋានានុក្រម​​ផ្តាច់​ការ​​​ ដែល​មាន​ចែង​នៅក្រោម​របប​ខ្មែរ​ក្រហម រាល់​ការ​ទំនាក់​ទំនង​ផ្សេងៗ​ចាំ​បាច់​​ត្រូវ​ឆ្លង​កាត់​ថ្នាក់​លើ​ ហើយ​នៅក្នុង​ករណីរបស់ឌុច គឺ​ត្រូវ​ឆ្លង​កាត់​សុន សេន អគ្គ​មេបញ្ជា​ការ​កង​ទ័ព​បដិវត្តន៍​កម្ពុជា និង​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​សន្តិសុខ​​ជាតិ។ ឌុច​​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​​អ្នកដែល​ត្រូវ​ចាប់ខ្លួន អោយទៅ​ស៊ូ​ មិត្ត រួច​ហើយ​ស៊ូ មិត្ត បញ្ជូន​បញ្ជី​ឈ្មោះ​ទាំងនេះ​ទៅអោយ​សុន សេន ដែលជា​អ្នក​សម្រេច​ជ្រើស​រើស​​យក​ឈ្មោះ​ចុង​ក្រោយ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃការ​ជជែក​ពិភាក្សា​របស់​ពួក​គេ។​ ប៉ុន្តែ ប្រសិន​​ជា​​ឯក​សារ​ទាំងនេះ​ត្រូវ​ឆ្លង​កាត់​តាម​ឋានានុក្រម​ជា​​លក្ខណៈ​ប្រព័ន្ធ​ គោល​ការណ៍​​បាន​ចែង​ថា​ឈ្មោះ​​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​​ត្រូវ​បាន​រក្សា​អាថ៌​​កំបាំង ក្រោម​ឈ្មោះ​ថា «បងធំ​​ជា​ទី​គោរព​» រឺ​ «អង្គការ» ដូចជា​ករណី​របស់​សុន សេន​ បន្ទាប់​មក ករណី​របស់​បង​ធំ​ទី២ នួន ជា។​

ទោះ​បី​ជា​ឌុច ទទួល​ស្គាល់​ថារបៀប​​នៃ​​ការ​រាយ​ការណ៍​របស់​គាត់​ប្រាប់​ដល់​សុន សេន​ អា​ច​​​​ជះ​ឥទ្ធិពល​ទៅលើ​ការ​សម្រេច​របស់​គាត់​ក៏ដោយ ក៏​គាត់​បាន​សង្កត់ធ្ងន់​សាជាថ្មី​ថា​គាត់​​​គឺជា​អ្នក​ត្រូវ​ឆ្លើយ​សំណួរ​របស់​ថ្នាក់លើ​របស់​គាត់​ ហើយ​ក្រោយ​ពីការ​រាយការណ៍​មក គាត់​ត្រូវ​ទទួល​ការ​ណែនាំ​ពី​​​ថ្នាក់​លើ។​

តើ​ឌុច​ជា​អ្នក​រង​កំហុស​រឺ?
លោក​ហ្រ្វង់ស័រ រ៉ូ បាន​​ធ្វើការ​ទាម​ទារ​​ជា​ថ្មីម្តង​ទៀត នៅ​ពេល​បញ្ចប់​សវនាការ នា​ល្ងាច ​ថ្ងៃ​​អង្គារ ទី​២៦ ខែឧសភា ថា៖ «ខ្ញុំ​កត់​សម្គាល់​ថា​យើង​​បាន​ចំណាយ​ពេល​មួយ​ព្រឹក​ពេញ​ ដើម្បី​សួរ​ឌុច ទាក់ទង​នឹង​សំបុត្រ​ ដែល​គាត់​បាន​ទទួល​ពីស៊ូ​ មិត្ត។ ប៉ុន្តែ មិន​មាន​សំបុត្រ​ណាមួយ​ចេញ​ពី​ឌុច ផ្ញើ​ទៅ​អោយ​ស៊ូ មិត្ត ចំណែក​​ស៊ូ មិត្ត មិនត្រូវ​បាន​កោះ​ហៅ​សួរ​​ចម្លើយ។ ហេតុអ្វី​ឌុច​ស្ថិត​នៅ​ទីនេះ​តែ​ម្នាក់ឯង? តើ​ឌុច​មិនមែន​ជា​អ្នក​រង​កំហុស​ជំនួស​​គេ​ទេរឺ? ខ្ញុំ​សូមទុក​សំណួរ​នេះ ជូន​អស់​លោក​ពិចារណា​​!»។

មន្ទីរ​ស-២១ តែ​មួយ​គត់​ នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ
សាក្សីជំនាញ​ Craig Etcheson ​បាន​ធ្វើការ​ប្រៀប​ធៀប​មន្ទីរ​ស-២១ ជាមួយនឹង​មន្ទីរ​សន្តិសុខ​​ផ្សេង​ទៀត នៅសម័យ​ខ្មែរក្រហម ដោយ​បាន​​លើក​ឡើង​អំពីលក្ខណៈ​ពិសេស​​ដាច់​គេ​​​​​នៃ​មន្ទីរ ស-២១ ថា «​មន្ទីរ​ស-២១ គឺជា​មន្ទីរ​សន្តិសុខ​ ដែល​ត្រូវ​បាន​ជ្រើស​តាំង​ ដើម្បី​​ធ្វើការ​កម្ទេច​ថ្នាក់​កណ្តាលនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​នៅក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​កម្ពុជា [...]។ មន្ទីរ​ស-២១ គឺជា​ការិយាល័យ​សន្តិសុខ​របប​កម្ពុជា​ប្រជាធិបតេយ្យ​​តែ​មួយគត់ ដែល​មាន​អំណាច​ឃុំ​ឃាំង ធ្វើ​ទារុណកម្ម​ និង​ស​ម្លាប់​ប្រជាជន​ ដែល​មកពី​ទូទាំង​ប្រទេស​ [...]។ នៅ​ក្នុង​​ក្រប​ខ័ណ្ឌ​ការងារ​ស្រាវ​ជ្រាវ​ស្តីពី​បញ្ហា​​ទាំងនេះ ដែល​ត្រូវ​ដឹក​នាំ​នៅ​អំឡុង​រយៈ​ពេល​៣០​ចុង​ក្រោយ​ ខ្ញុំ​អាច​កត់​សម្គាល់​ឃើញ​​ថា នៅកំរិត​ថ្នាក់​ស្រុក ​បុគ្គលិក​នៃមន្ទីរ​សន្តិសុខ​មួយ​មាន​ចំនួន​​ចាប់​ពី​២០ ទៅ​៣០​នាក់ ចំណែកនៅកំរិត​ថ្នាក់​តំបន់ មាន​ចំនួន​រហូត​ដល់​៥០នាក់ រឺអាចលើស​ពីនេះ។ យោង​​តាម​ឯកសារ​ «ស្ថិតិ​រួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ នា​ខែមីនា ១៩៧៧» ​មន្ទីរ​ ស-២១​ មាន​លក្ខណៈ​​ជា​​មន្ទីរ​​តែមួយគត់ ដែលមាន​បុគ្គលិក​ធ្វើ​ការ​ចំនួន​២ ៣២៧នាក់ ហើយ​​តាម​គំនិត​របស់​ខ្ញុំ មន្ទីរ​​ស-២១​ ពិតជា​ស្ថាប័ន​តែមួយគត់ នៅក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ»។

រវាង​ភាព​​ឆ្កួតលីលា​​នៃរបប​មួយ និង​ការ​ខំ​ខ្នះខ្នែង​របស់​កម្មាភិបាល​នៃ​របប​នេះ
ដោយ​ត្រូវ​សាកសួរ​ អំពី​ហេតុផល​នៃ​ការ​បោស​សំអាត​ផ្ទៃ​ក្នុង នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​ លោក​ Craig Etcheson មាន​ប្រសាសន៍​ថា​វា​ជា​ការ​​​មួយ ប៉ុន្តែ « វា​ជា​ចំណុច​សំខាន់ ដែល​អង្គ​​ជំនុំ​ជម្រះ​​ត្រូវ​ធ្វើការ​វិនិច្ឆ័យ»។ «គេ​អាច​និយាយ​បាន​ថា​ការ​បោស​សំអាត​នៅក្នុង​ក្រសួង​​សេដ្ឋកិច្ច​ គឺជា​លទ្ធផល​នៃ​ភាព​ឆ្កួត​លីលា​របស់គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​​កុម្មុយនីស្ត​កម្ពុជា រឺ​មួយ​ថា​ការ​បោស​សំអាត​ទាំងនេះ​គឺជា​លទ្ធផល​នៃយុទ្ធសាស្រ្ត​ ដែល​​ត្រូវ​បាន​ប្រើ​ប្រាស់​ ដើម្បី​បណ្តេញ​ខ្មាំង​សត្រូវ​ ដូច​ទៅ​នឹង​សិល្ប៍​វិធីដែល​ត្រូវ​បាន​ប្រើ​​ដោយ​ជន​ជាប់​ចោទ»។ ម្យ៉ាង​វិញទៀត​ ទោះ​បី​ជា​​​ការ​បោស​សំអាត​ផ្ទៃក្នុង​ត្រូវ​បាន​ប្រើ​ជាទូទៅ នៅក្នុង​ជួរ​កង​ទ័ព​បដិវត្តន៍​​កម្ពុជា ​​ក៏​ដោយ ក៏​សាក្សីជំនាញ ​Craig Etcheson បាន​​វាយ​តម្លៃ​ថា «គឺដោយ​សារ​ខ្លឹមសារ​នៃ​ចម្លើយ​​សារភាព​ នៅមន្ទីរ​ស-២១ ដែល​ញុះ​ញង់​​ថ្នាក់​លើ​អោយ​ធ្វើ​ការ​បោស​សំអាត​ប្រឆាំង​នឹង​ពួក​យោធា​ទាំង​នេះ»។
 
ពាក់​ព័ន្ធ​នឹងការ​បោស​សំអាត​ ដែល​បាន​រីក​រាល​ដាល​នៅក្នុង​គ្រប់​រចនាសម្ព័ន្ធ​ និង​នៅ​ទូទាំង​​​​ផ្ទៃ​ប្រទេស​ លោក​បាន​បន្ថែម​ទៀត​ថា «ដោយ​សារ​​តែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​​ថ្នាក់​ដឹក​នាំ និង​ការ​កើន​ឡើង​ខ្ពស់​នូវ​​ភាព​មិនជឿ​ទុកចិត្ត​ គេ​អាច​ស្មាន​បាន​ថា​​​ប្រតិបត្តិ​ការ​ងារ​​នៅ​សម័យ​នោះ​​មិន​មាន​ដំណើរ​ការ​រលូន​ប៉ុន្មាន​នោះទេ។ បក្ស​កុម្មុយនីស្ត​កម្ពុជា​​បាន​​រៀប​ចំ​វិន័យ និង​អនុវត្ត​មាគ៌ា​បក្ស​ដ៏​​តឹង​រឹង ដែល​ត្រូវ​បាន​កំណត់​ដោយ​អង្គភាព​កំពូល​​របស់​បក្ស។ ខ្ញុំ​សូម​បន្ថែម​ទៀត​ថា​នៅ​តាម​តំបន់ភាគច្រើន កម្មាភិបាល​បាន​ខិត​ខំ​ធ្វើ​​ការ​ងារ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​អនុវត្ត​មាគ៌ា​បក្ស ​ ដែល​ត្រូវយក​មក​អនុវត្ត​នៅ​ក្នុង​​ជួរ​បក្ស​ »។


ការ​អនុវត្ត​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​បង្ខំ​អោយ​ឆ្លើយ​សារភាព​
មេធាវី​បាន​សួរ​លោក​ថា​ តើ​នរណា​ជា​អ្នក​កំណត់​បច្ចេកទេស​នៃការ​ធ្វើ​ទារុណកម្ម? «យើង​​ត្រូវ​បាន​សួរ​សំណួរ​អំពី​ចំណុចនេះ​ អស់រយៈ​ពេល​យ៉ាង​យូរ។ ភាគ​ច្រើន បច្ចេក​ទេស​​ធ្វើទារុណកម្ម​ត្រូវ​បាន​ប្រែ​ប្រួល​និង​​កែ​ច្នៃ​បន្ថែម​ តាម​ការ​អនុវត្ត​ផ្ទាល់ ដែល​​បច្ចេក​ទេស​ទាំង​នេះ​​ត្រូវ​បាន​ធ្លាប់​​ប្រើដោយ​ពួក​កុម្មុយនីស្ត​វៀតណាម»។ សម្រាប់​​លោក​សាស្រ្តាចារ្យ ឌុច​គឺ​ជា​គ្រូ​បង្គោល​នៃ​ការ​ធ្វើ​ទារុណកម្ម​នៅ​មន្ទីរ​ ស-២១។ «ការ​ធ្វើ​ទារុណ​កម្ម​​ហាក់​បីដូចជា​ត្រូវ​បាន​កំណត់​បែង​ចែក ទៅតាម​​កំរិត​មន្ទីរ​សន្តិ​សុខ​ថ្នាក់​តំបន់ ភូមិ​ភាគ និង​ស្រុក ដូចជា​ការ​ប្រើ​អំពើ​ហឹង្សា​លើ​អ្នក​មិ​ន​មានលទ្ធភាព​ការពារ​ខ្លួន ​ការ​វាយ​ធ្វើ​​បាប ការ​យក​ថង់​ប្លាស្ទិក​គ្រប​មុខ​អោយ​ថប់​ដង្ហើម​ និង​ការ​ឆក់​ភ្លើង។ នៅ​មន្ទីរ​ ស-២១​ មាន​បច្ចេក​ទេស​បន្ថែម​ទៀត ដូច​ជា​​ ការ​ដុតនឹង​ភ្លើង ដក​ក្រចក​ដៃ [...] គាប​ស្បែក ចាក់​​ទឹក​អំបិល​លើ​​ដំបៅ អោយ​សត្វ​មាន​ពិស​ខាំ និង​មាន​ទម្រង់​ផ្សេងៗ​ទៀត»។


 

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៨ ឧសភា ២០០៩៖ លោក Alain Werner មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​
©ចន វីង​ / Magnum

ឆ្លើយ​តប​ទៅនឹង​សំណួរ​ជា​បន្ត​បន្ទាប់​របស់​លោក​មេធាវី Werner លោក​បណ្ឌិត​ Etcheson បាន​ពន្យល់​​អំពី​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​​​របស់មន្ទីរ ស-២១ ថានីតិវិធី​នៃការ​សួរ​ចម្លើយ​​​មាន​លក្ខណៈ​តឹង​រឹង​ខ្លាំង​ជាង​នៅ​មន្ទីរ​ដទៃ​ផ្សេង​ទៀត។ នៅ​មន្ទីរ​ពិឃាដ​មួយ​នេះ ចម្លើយ​សារភាព​ខ្លះ​ត្រូវ​បាន​ទទួល នៅក្នុង​រយៈពេល​ជា​ច្រើន​ខែ ហើយ​អាច​មាន​កំរាស់​​ជាងមួយ​ពាន់​​​ទំព័រ ​ដែលផ្ទុយ​ស្រឡះ​ពីបណ្តា​​មន្ទីរ​សន្តិសុខ​ផ្សេង​ៗ​ទៀត​។

ឌុច​រួច​ជីវិត​ពីការ​បោស​សំអាត​ផ្ទៃ​ក្នុង​

លោកមេធាវី Alain Werner បាន​បន្ត​ការ​សួរ​សំណួរ។ លោកមេធាវី​មា​ន​ចម្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ភាគច្រើន​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​ជន​រង​គ្រោះ​ពីការ​បោស​សំអាត​ផ្ទៃក្នុង រួម​ទាំង​បុគ្គលិក​មន្ទីរ​ស-២១ មួយ​ចំនួន​ផង​ដែរ​ ខណៈពេល​​ឌុច មិន​បាន​ជួប​ជោគ​វាសនា​បែប​នេះ​ទៅ​វិញ។ សាក្សី​ជំនាញ​រូប​នេះ​បាន​មាន​​ប្រសាសន៍ថា​ «បើ​តាម​គំនិត​របស់​ខ្ញុំ ជន​ជាប់​ចោទ​មិន​ត្រូវ​បានកម្ទេច​​ ព្រោះ​ថ្នាក់​លើ​​​របស់គាត់​ទទួល​ស្គាល់​ថា​គាត់​មាន​សមត្ថភាព និង​ស្មោះត្រង់»។

របប​ភ័យខ្លាច​មួយ​
​បន្ទាប់មក មេធាវី​ការ​ពារ​ក្តី​បាន​សួរ​សំណួរ​សាក្សី​ជំនាញ។ លោក​មេធាវី ហ្រ្វង់ស័រ រ៉ូ បាន​សួរ​​លោក​Craig Etcheson ថា​«តើ​លោកគិតថា​លោក​នឹង​​អាច​​​​ឆ្លើយ​សំណួរ​របស់ខ្ញុំ​បាន​ ​ប្រកប​ដោយ​សច្ចភាព និង​ឯករាជ្យទាំង​ស្រុង​ដែរ​រឺទេ បើ​ទោះ​បីជា​ចម្លើយ​របស់​លោក​​ផ្ទុយ​ទៅនឹង​យុទ្ធសាស្រ្ត​របស់​ការិយាល័យ​​សហ​ព្រះ​រាជ​អាជ្ញា​?»។ សាក្សី​ជំនាញ​ បាន​​ឆ្លើយថា «បាទ​! ខ្ញុំជឿ​ជាក់»។
ដោយ​ត្រូវ​បានស្នើ​សុំ​អោយ​ផ្តល់និយមន័យ​នៃ​ពាក្យ «របប​ភ័យ​ខ្លាច​មួយ​» លោក​Craig Etcheson បាន​​បញ្ជាក់​ថា «ខ្ញុំ​អោយ​និយមន័យ​នៃពាក្យ របប​ភ័យ​ខ្លាច ថា​រដ្ឋាភិបាល​​មួយ​ រឺ​អង្គការ​ប្រហាក់​ប្រហែលមួយ ដែល​ប្រើ​វិធី​សាស្រ្ត​ផ្តាច់​ការ​ និង​ហិង្សា ដើម្បី​ធ្វើ​អោយ​​សមាជិក​របស់​ខ្លួន ព្រមទាំង​ប្រជារាស្រ្ត​​ស្តាប់​តាម​បង្គាប់។​ លោក​ហ្រ្វង់ស័រ រ៉ូ ចោទ​​សួរ​ថា​ « តើ​នេះ​គឺជា​និយម​ន័យ​មួយ ដែលស៊ី​ចង្វាក់​​ជាមួយ​​របប​​​កម្ពុជា​ប្រជាធិបតេយ្យ​​ដែរ​​រឺទេ?» លោក​ Etcheson សួរ​វិញថា​ «តើ​វា​ជា​សំណួរ ដែល​លោក​សួរ​ខ្ញុំរឺ...?» លោក​មេធាវី​ ឆ្លើយ​តប​​ថា «បាទ!»។ អ្នកជំនាញ​រូបនេះ​បានគូស​បញ្ជាក់​ដោយ​ភាព​​ម៉ឺង​មាត់​ថា​​៖ «ខ្ញុំ​គិត​ថា​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្រើ​ប្រាស់​ភាព​ភ័យ​ខ្លាច ជា​​មធ្យោបាយ​ ដើម្បី​គ្រប់​គ្រង​​អំណាច​ »។
 


 

 

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៧ ឧសភា ២០០៩៖ លោកយូ ប៊ុន​ឡេង និង​លោក​ម៉ាសែល ឡឺម៉ុង ​សហ​ចៅក្រម​ស៊ើប​អង្កេត​ នៅក្នុង​សន្និសីទ​សារព័ត៌មាន រៀប​ចំ​ធ្វើឡើង​នៅថ្ងៃទី​២២ នៃ​ការ​កាត់ទោស​ឌុច នៅ​អ.វ.ត.ក​
 ©ចន វីង​ / Magnum
 

សហ​ចៅក្រម​ស៊ើប​អង្កេត​​នៅចំពោះមុខ​អ្នក​សារព័ត៌មាន​
នៅក្នុង​សន្និសីទ​ប្រចាំ​សប្តាហ៍​របស់​សាលាក្តី​ខ្មែរក្រហម សហចៅក្រម​ស៊ើប​អង្កេត​បាន​ប្រកាស​ នៅថ្ងៃពុធ ទី​២៧ ឧសភា​ថា ពួកគេ​គ្រោង​នឹង​បញ្ចប់​ដំណើរ​​ការ​ស៊ើប​អង្កេត​​​សំណុំ​​រឿង​លេខ​០០២ នៅ​ដំណាច់​ឆ្នាំ​២០០៩នេះ។ លោ​កចៅក្រម ម៉ាសែល ឡឺម៉ុង បាន​​គូស​បញ្ជាក់ថា «នេះគឺជា​គោល​ដៅ​ប្រកប​​ដោយភាព​មហិច្ឆតា​​​មួយ»។ សហ​ចៅក្រម​​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​មានបញ្ហា​ស្មុគស្មាញ​ច្រើន ដោយសារ​ បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ទាំង​៤ (នួន ជា-​អៀង សារី- អៀង ធីរិទ្ធិ និង​ខៀវ សំផន)  បាន​ប្រើ​​ប្រាស់​សិទ្ធិ​នៅស្ងៀម​ មិនឆ្លើយរបស់​ពួ​ក​គេ។ ​ជាចុង​ក្រោយ លោក​​ចៅក្រម ឡឺម៉ុង បាន​​លើកឡើង​ម្តង​ទៀត​​ថា ទោះ​បីជា​លេច​លឺ​ព័ត៌មាន​ ទាក់​ទង​នឹង​អំពើពុក​រលួយ និង​ការ​​ជ្រៀត​ជ្រែង​​ផ្នែក​នយោបាយ​នៅក្នុង​តុលាការ​នេះ​ក៏​ដោយ ក៏​លោក​បាន​មកទីនេះ ដើម្បី​​ធ្វើការងារ​ជាចៅក្រម ហើយមកទល់ពេលនេះ លោក​នៅតែអាច​ធ្វើ​ការងារ​នេះ​បាន​​ដដែល។ «ខ្ញុំ​ធ្លាប់​បាននិយាយ​រួច​ហើយថា​ថ្ងៃ​ណា​ ខ្ញុំ​មិន​អាច​ធ្វើការ​បាន​ ខ្ញុំ​នឹង​ចាក​ចេញ ហើយ​ខ្ញុំ​សូម​និយាយ​ប្រយោគនេះ​ម្តងទៀត!»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ