កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៩ មិថុនា ២០០៩៖ រូបសំណាករបស់លោកតាដំបងដែក នៅអ.វ.ត.ក តំណាងអោយយុត្តិធម៌
©ចន វីង / Magnum
ការកាត់ទោសអតីតប្រធានមន្ទីរសន្តិសុខ ស-២១ រឺ គុកទួលស្លែង បានដំណើរការជាបន្ត នៅថ្ងៃច័ន្ទ ទី៨ ខែមិថុនា ដែលត្រូវជាសប្តាហ៍ទី៧ នៃការជំនុំជម្រះ ប៉ុន្តែ នៅថ្ងៃបើកសវនាការចុងក្រោយ (ថ្ងៃព្រហស្បតិ៍ ទី១១) សវនាការត្រូវធ្វើឡើងជាអសាធារណៈ ដោយមិនអនុញ្ញាតអោយមហាជនទូទៅចូលរួមតាមដាននោះទេ។ កិច្ចពិភាក្សាជាសម្ងាត់នេះសំដៅរៀបចំកាលវិភាគនៃដំណើការនីតិវិធីបន្ត «ក្នុងគោលបំណងដំណើរការអោយបានកាន់តែល្អប្រសើរ និងរៀបចំយន្តការ ដើម្បីបំពេញការងារអោយបានឆាប់រហ័ស»។ យ៉ាងណាមិញ សវនាការពេញមួយសប្តាហ៍នេះមានលក្ខណៈមិនសូវស៊ីចង្វាក់ និងជានិច្ចកាល អង្គហេតុត្រូវបានលើកឡើងដដែលៗ ដូចទៅនឹងអង្គហេតុដែលធ្លាប់ត្រូវបានលើកយកមកពិភាក្សាដេញដោលរួចមកហើយ កាលពីចាប់ផ្តើមបើកការជំនុំជម្រះ។ អត្ថបទសង្ខេប ស្តីពីការកាត់ទោសឌុច នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង នាសប្តាហ៍ទី៧។
ឌុច មិនឯកភាពជាមួយលោក Craig Etcheson
នៅពេលលោក Werner សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី១ សួរជនជាប់ចោទ អំពីការលើកឡើងរបស់សាក្សីជំនាញ Craig Etcheson ទាក់ទងនឹងចម្លើយសារភាពរបស់អ្នកទោស និងការអនុវត្តការធ្វើទារុណកម្មនៅមន្ទីរស-២១ ដែលមានលក្ខណៈពិសេស ខុសពីមន្ទីរសន្តិសុខផ្សេងៗទៀត ឌុចបានឆ្លើយបង្វែរដានថា «គាត់មិនមានទំនាក់ទំនងណាមួយជាមួយមន្ទីរសន្តិសុខផ្សេងទៀតឡើយ ហើយគាត់មិនបានដឹងថាតើនៅទីនោះ គេធ្វើអ្វីខ្លះនោះទេ។ គ្មានឯកសារ រឺឯកសារតិចតួច ដែលលេចចេញពីមន្ទីរសន្តិសុខផ្សេងៗ ដើម្បីអាចធ្វើការប្រៀបធៀបជាមួយមន្ទីរស-២១បាន...»។ មិនត្រឹមតែប៉ុណ្ណោះ ឌុចបានទាមទារអោយមានការបញ្ចេញឯកសារអោយបានច្បាស់លាស់ ដើម្បីជជែកដេញដោលមួយចំណុចម្តងៗ អោយបានជាក់លាក់។ «ខ្ញុំគិតថាករណីនេះគួរតែក្លាយជាកម្មវត្ថុនៃកិច្ចពិភាក្សាជាក់លាក់មួយ។ ទោះយ៉ាងណា ខ្ញុំមិនមែនចង់គេចវេះពីឧក្រិដ្ឋកម្មទាំងឡាយ ដែលត្រូវបានប្រព្រឹត្តនៅមន្ទីរស-២១ទេ តែគ្រាន់តែចង់ជជែកអោយបានច្បាស់ទាំងអស់គ្នា»។ យ៉ាងណាមិញ ជនជាប់ចោទបានអះអាងថាគាត់បានអានចម្លើយសារភាពចំនួន២០០ ០០០ទំព័រ ខណៈពេលដែលគាត់នៅគ្រប់គ្រងមន្ទីរស-២១។ គាត់ធ្វើការវាយតម្លៃបែបនេះ ដោយសំអាងទៅលើចំនួនម៉ោង ដែលគាត់ធ្វើការនៅក្នុងមន្ទីរនេះ។
អតីតប្រធានមន្ទីរឃុំឃាំងនិងធ្វើទារុណកម្មរូបនេះបាននិយាយថាគាត់មិនយល់នូវសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញអាមេរិករូបនេះ នៅត្រង់ចំណុច ដែលគាត់បានធ្វើការវិភាគលើចម្លើយសារភាពរបស់អ្នកទោសនៅមន្ទីរស-២១ ហើយថាការងាររបស់ឌុចបានចិញ្ចឹមរោគឆ្កួតលីលានៃរបបខ្មែរក្រហម និងបានគាំទ្រនយោបាយបោសសំអាតខ្មាំង។ ដោយឡែក ឌុចក៏បានបដិសេធអំណះអំណាងរបស់អ្នកជំនាញប្រចាំការិយាល័យសហព្រះរាជអាជ្ញារូបនេះ ដែលបានលើកឡើងថាគាត់មាន«ទំនាក់ទំនងផ្ទាល់ បុគ្គល និងជាប្រចាំថ្ងៃ» ជាមួយមេដឹកនាំរបប ថ្នាក់លើរបស់គាត់ គឺសុន សេន និងនួន ជា ផ្ទុយស្រឡះពីប្រធានមន្ទីរសន្តិសុខផ្សេងទៀត។ «ថ្នាក់លើរបស់ខ្ញុំគឺជាមនុស្សម៉ឺងម៉ាតបំផុត ដែលធ្វើការយ៉ាងលំបាកលំបិន និងបង្ខំអោយអ្នកក្រោមបង្គាប់ធ្វើការលំបាកដែរ...[…]។ យើងមិនមានទំនាក់ទំនងបុគ្គល រឺឯកជននោះទេ ប៉ុន្តែ មានការតាមដាន និងការអនុវត្តភារកិច្ចរបស់ខ្ញុំ!»។
ភាពខុសគ្នារវាងទ្រឹស្តី ប៉ុល ពត និង ម៉ៅ
នៅក្នុងសវនាការ ថ្ងៃទី៩ មិថុនា លោក Mengkhy មេធាវីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី២ បានសួរសំណួរឌុច ថាតើការបង្កើតនយោបាយបក្សកុម្មុយនីស្តកម្ពុជា គឺជាការបង្កើតពិតប្រាកដមួយរបស់ខ្មែរក្រហម រឺជាគំរូមួយដែលយកលំនាំតាមប្រទេសផ្សេង? ឌុចបានអះអាងជាថ្មីម្តងទៀតថា «ទ្រឹស្តីប៉ុល ពតនិយម» មិនបានយកលំនាំតាមមាគ៌ានយោបាយរបស់ម៉ៅ សេងទុងនោះទេ។ ឌុច ឆ្លើយបែបចំអកថា «ប៉ុល ពត បានអនុវត្តនយោបាយរបស់ក្រុមបួននាក់នៅប្រទេសចិន ( Bande des quatre រឺ Gang of Four) ប៉ុន្តែ តាមរបៀបរបស់ខ្លួន។ អស់លោកប្រហែលមិនស៊ាំនឹងក្រុម Bande des quatreទេឬ? ក្រុមនេះបានដឹកនាំបដិវត្តន៍វប្បធម៌ ហើយពិភពលោកទាំងមូលស្គាល់ឈ្មោះរបស់ក្រុមនេះច្បាស់!»។ ក្រោយមកទៀត ឌុចបានបញ្ជាក់ថាគាត់បានស្នើសុន សេន អោយរៀបចំប្រព័ន្ធប្រឆាំងគិញសម្ងាត់មួយ ដែលយកលំនាំតាមគំរូបារាំង។
ត្រឡប់ទៅកាន់ចំណុចទាក់ទងនឹងវណ្ណៈសង្គមផ្សេងៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងសង្គមកម្ពុជា ឌុចបានរៀបរាប់ថា នៅឆ្នាំ១៩៧៤ ប៉ុល ពត បានបែងចែកវណ្ណៈជា៤ បន្ទាប់មកមានថែមវណ្ណៈពីរទៀត គឺ នគរបាល-ទាហាន និងព្រះសង្ឃព្រះពុទ្ធសាសនា ហើយនៅឆ្នាំ១៩៧៥ នៅសល់ត្រឹមតែវណ្ណៈពីរប៉ុណ្ណោះ គឺកម្មករ និងកសិករ។ ឌុចបានរៀបរាប់បន្តទៀតថា «ប៉ុន្តែ ម៉ៅ បែងចែកវណ្ណៈជា៤ គឺវណ្ណៈកម្មករ វណ្ណៈកសិករ វណ្ណៈអនុធន និងវណ្ណៈមូលធននិយម។ ដោយឡែក ឌុចបានអះអាងថា វណ្ណៈទាំង៤នេះ ជានិមិត្តរូប តំណាងដោយផ្កាយទាំង៤ ដែលមាននៅលើទង់ជាតិប្រទេសចិន ហើយរូបផ្កាយធំជាងគេបំផុត តំណាងវណ្ណៈកម្មករ ស្របពេលកំពូលទាំង៣នៃប្រាសាទអង្គរវត្ត ដែលរំលេចនៅលើទង់ជាតិរបបកម្ពុជាប្រជាធិបតេយ្យ តំណាងអោយវណ្ណៈ២ ដែលត្រូវបានទទួលស្គាល់ដោយខ្មែរក្រហម ចំណែកកំពូលកណ្តាលតំណាងអោយបក្ស។ ជនជាប់ចោទបានសន្និដ្ឋានថាទ្រឹស្តីប៉ុល ពត និងម៉ៅ ពិតជាមានលក្ខណៈខុសគ្នា ប៉ុន្តែ គោលដៅចុងបញ្ចប់នៃលទ្ធិកុម្មុយនីស្ត គឺឆ្ពោះទៅកាន់វណ្ណៈតែមួយគត់ នៅក្នុងសង្គម។
ឌុចៈ «កម្មាភិបាលថ្នាក់កណ្តាល» ធម្មតាមួយរូប
បន្ទាប់មក លោកស្រី Rabesandratana សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីក្រុមទី៣ បានសួរជនជាប់ចោទថា តើគាត់យល់ឃើញថានយោបាយបក្សកុម្មុយនីស្តកម្ពុជាជានយោបាយត្រឹមត្រូវដែរឬទេ។ ឌុចធ្វើហាក់ដូចមានកំហឹង ដោយនិយាយថា «តើលោកអាចនិយាយបែបនេះបានយ៉ាងម៉េចបាន? វាគឺជានយោបាយបែបឧក្រិដ្ឋកម្ម អាក្រក់ដូចនយោបាយរបស់ក្រុម Bande des quatre ដែរ»។ ឌុចបានទទួលស្គាល់ថា ចំណេះដឹងសព្វថ្ងៃរបស់គាត់ ស្តីពីរបបខ្មែរក្រហម បានជម្រុញអោយគាត់យល់ឃើញបែបនេះ។ គាត់បានពន្យល់ថា ជាគោលការណ៍ ឯកសារដែលគាត់មិនធ្លាប់បានអាន នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គឺលក្ខន្តិកៈបក្សកុម្មុយនីស្តកម្ពុជា និងទស្សនាវដ្តីឃោសនា ដែលមានឈ្មោះថា ទង់បដិវត្តន៍។ ឌុចបានលំអិតថាសមាសភាពគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជាត្រូវបែងចែកជាបួនកំរិត គឺថ្នាក់ក្រោម ហៅថា «សមាជិកជំនួយការ» ដូចជា មិត្ត ស៊ូ ជាដើម។ ក្រុមនេះត្រូវបានអនុញ្ញាតអោយចូលរួមវគ្គបណ្តុះបណ្តាល ប៉ុន្តែ គ្មានសិទ្ធិបញ្ចេញមតិយោបល់ឡើយ។ នៅពីលើក្រុមនេះ គឺ «សមាជិក-បេក្ខជន» ដែលមានសិទ្ធិធ្វើសេចក្តីអធិប្បាយ។ បន្ទាប់មក គឺ «សមាជិកសិទ្ធិពេញ»។ ពួកគេមានសិទ្ធិបោះឆ្នោត និងមានអំណាចសម្រេចលើនយោបាយបក្ស ដូចជា Ke Pauk ជាដើម។ ដោយឡែក នៅត្រួតពីលើថ្នាក់ទាំង៣ គឺគណៈកម្មាធិការអចិន្រ្តៃយ៍។ តើឌុច ស្ថិតនៅកំរិតណាមួយ? ជនជាប់ចោទបានពន្យល់ថា គាត់គ្រាន់តែជា«កម្មាភិបាលថ្នាក់កណ្តាល»ប៉ុណ្ណោះ។ «ខ្ញុំមិនមែនជាសមាជិកបក្សនោះទេ»។
ជនជាប់ចោទមិនបានទម្លាក់កំហុសលើថ្នាក់លើ និងអ្នកក្រោមបង្គាប់នោះទេ
លោកស្រី Canizares សហមេធាវីអន្តរជាតិរបស់ឌុច ដែលមកជំនួសលោកហ្រ្វង់ស័រ រ៉ូ នៅពេលអវត្តមាន បានលើកយកសេចក្តីសន្និដ្ឋានដែលជនជាប់ចោទបានធ្វើ នៅពេលធ្វើដំណើរទៅកាន់មន្ទីរស-២១ ដើម្បីរៀបចំផ្គុំឧក្រិដ្ឋកម្មឡើងវិញកាលពីថ្ងៃទី២៧ កុម្ភៈ ២០០៨ ប្រាប់ដល់សហចៅក្រមស៊ើបអង្កេត អតីតជនរងគ្រោះ និងអតីតអ្នកក្រោមបង្គាប់របស់គាត់នៅក្នុងអង្គសវនាការ ថា៖ «ខ្ញុំខឹងខ្លួនឯង ដែលយល់ព្រមអនុវត្តតាមគោលគំនិតរបស់អ្នកដទៃ និងបានគោរពបទបញ្ជារបស់ពួកគេទាំងខ្វាក់ភ្នែកងងឹតងងុល ទោះបីវាជាបញ្ជាបង្កអោយមានវិនាសកម្មក៏ដោយ។ ខ្ញុំពិតជាសោកស្តាយបំផុត ដែលបានទទួលយកភារកិច្ចបែបឧក្រិដ្ឋកម្មបែបនេះ។ ខ្ញុំតែងតែនិយាយជានិច្ចថាការសម្រេចចិត្តអាក្រក់មួយ បានធ្វើអោយខ្ញុំកើតមានអារម្មណ៍វិប្បដិសារីពេញមួយជីវិត។ ជាលទ្ធផល ខ្ញុំយល់ព្រមចុះចាញ់ នៅក្នុងក្របខ័ណ្ឌនៃការកាត់ទោសនេះ។ គោលបំណងរបស់តុលាការនេះ គឺដើម្បីធ្វើការផ្តន្ទាទោសខ្ញុំ ចំពោះបទឧក្រិដ្ឋកម្ម ដែលខ្ញុំបានប្រព្រឹត្ត។ ខ្ញុំមិនបានទម្លាក់កំហុសណាមួយទៅលើថ្នាក់លើរបស់ខ្ញុំ និងអ្នកនៅក្រោមបង្គាប់របស់ខ្ញុំឡើយ។ មានន័យថាខ្ញុំនឹងមិនគេចវេះពីការទទួលខុសត្រូវរបស់ខ្ញុំនោះទេ។ ឧក្រិដ្ឋកម្មទាំងនេះ បើទោះបីវាជាការទទួលខុសត្រូវរបស់ថ្នាក់លើរបស់ខ្ញុំក៏ដោយ ក៏វាសរបញ្ជាក់អំពីតួនាទីរបស់ខ្ញុំផងដែរ។ នៅមន្ទីរ ស២១ ខ្ញុំជាអ្នកទទួលខុសត្រូវ រាល់ឧក្រិដ្ឋកម្មទាំងអស់។ ខ្ញុំនឹងមិនទម្លាក់កំហុសនេះទៅលើនរណាម្នាក់ទាំងអស់... »។
ឌុច មិនដឹងរឿងជម្លោះប្រដាប់អាវុធជាមួយវៀតណាម
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ និង២៦ ខែឧសភា លោក Nayan Chanda អ្នកនិពន្ធសៀវភៅ «សត្រូវបងប្អូន» និង «សង្គ្រាមបន្ទាប់ពីសង្គ្រាម» បានឡើងមកបង្ហាញសក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ទាក់ទងនឹងអង្គហេតុ ស្តីពីជម្លោះប្រដាប់អាវុធរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាម។ ដោយឡែក នៅក្នុងសវនាការ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៩ ឌុចបានអះអាងជាថ្មីម្តងទៀតថាគាត់មិនបានដឹងអំពីការបែកបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅមុនដើមឆ្នាំ១៩៧៨នោះទេ។ លោកស្រីចៅក្រម Cartwright បានចាប់ផ្តើមសួរសំណួរឌុច។ ដំបូងឡើយ ឌុចហាក់បីដូចជាមិនជំទាស់អង្គហេតុ ដោយបានទទួលស្គាល់ថាគណបក្សកុម្មុយនីស្តកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម មានជម្លោះរវាងគ្នា «តាំងពីយូរយារមកហើយ»។ ប៉ុន្តែ ក្រោយមក ជម្លោះនៅចុងឆ្នាំ១៩៧៧ ដែលគាត់បាននិយាយ គ្រាន់តែជាជម្លោះមនោគមវិជ្ជាមួយប៉ុណ្ណោះ គឺមិនមែនជាជម្លោះប្រដាប់អាវុធនោះទេ។ ឌុចបានអះអាងថាគាត់មិនដឹងរឿងច្រើនទេ ទាក់ទងនឹងជម្លោះប្រដាប់អាវុធរវាងខ្មែរក្រហម និងវៀតណាម ព្រោះ ទំនាស់នោះគេទុកជារឿងសម្ងាត់ ដែលជាជម្លោះរវាងបក្សកុម្មុយនីស្តទាំងពីរ និងមានលក្ខណៈជានយោបាយផង ហើយម្យ៉ាងទៀត នៅសម័យនោះ គាត់គិតតែបំពេញការងារនៅមន្ទីរ ស២១។
អ្នកទោសវៀតណាមៈ សត្រូវដូចមនុស្សដទៃទៀតដែរ
នៅក្នុងសវនាការ ថ្ងៃពុធ ទី១០ ខែមិថុនា ទាក់ទងនឹងអង្គហេតុ ស្តីពីជម្លោះប្រដាប់អាវុធរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងសាធារណៈសង្គមនិយមវៀតណាម ឌុចបានឆ្លើយតបទៅនឹងសំណួររបស់លោកស្រីចៅក្រម Cartwright ថា មានអ្នកទោសជនជាតិវៀតណាម ត្រូវបានបញ្ជូនមកកាន់មន្ទីរ ស-២១ ហើយអ្នកទោសវៀតណាមទាំងនោះត្រូវបានបែងចែកជាបីក្រុម គឺទាហានឈ្លើយសឹក ក្រុមចារកម្ម និងប្រជាជនស៊ីវិល។ ឌុចបានរម្លឹកថា នៅពេលក្រុមទាំងនេះត្រូវបានបញ្ជូនមកកាន់មន្ទីរ ស២១ ពួកគេត្រូវបានចាត់ទុកជាសត្រូវ ហើយត្រូវកម្ទេចចោល ស្របទៅតាមមាគ៌ានយោបាយបក្សកុម្មុយនីស្តកម្ពុជា។ ជនជាប់ចោទបានទទួលស្គាល់ថាបានធ្វើចំណារលើចម្លើយសារភាពរបស់ពួកគេ ហើយចម្លើយសារភាពខ្លះត្រូវបានយកទៅចាក់ផ្សាយតាមវិទ្យុឃោសនារបស់ខ្មែរក្រហម ដែលមានឈ្មោះថា សម្លេងកម្ពុជាប្រជាធិបតេយ្យ។
បន្ទាប់មក លោកស្រីចៅក្រម បានចោទសួរទៀតថា «ចាប់តាំងពីដំណើរការមន្ទីរស២១ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ជនជាតិវៀតណាមចំនួន៣៤៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរស២១ បន្ទាប់មក ត្រូវបានគេសួរចម្លើយ ធ្វើទារុណកម្មជាញឹកញាប់ និងចុងក្រោយ ត្រូវសម្លាប់ចោល។ តើនេះគឺជាការពិតដែររឺទេ?» ឌុចឆ្លើយថា «វាជាការពិត។ ប៉ុន្តែ ខ្ញុំមិនចង់ប្រើគុណកិរិយា ជាញឹកញាប់ ក្បែរពាក្យថាធ្វើទារុណកម្ម នោះទេ។ ខ្ញុំចង់កែសម្រួលឃ្លា យ៉ាងដូច្នេះវិញថា ពួកគេ ត្រូវបានធ្វើទារុណកម្ម ហើយការធ្វើទារុណកម្មនេះគឺមិនអាចជៀសផុតបានទេ !» ។ «តើឌុច ស្គាល់អនុសញ្ញាអន្តរជាតិ ស្តីពីឈ្លើយសឹកដែររឺទេ?» «ទេ! ខ្ញុំមិនដែលសិក្សាច្បាប់អន្តរជាតិនេះឡើយ»។ ក្រោយមក ឌុចបានអះអាងថា នៅពេលអ្នកទោសវៀតណាមត្រូវបានចាប់ខ្លួន គាត់គ្រាន់តែអនុវត្តតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ។
ដោយឡែក នៅត្រង់ចំណុចទាក់ទងនឹងអ្នកទោសវៀតណាមនេះ លោកចៅក្រម ឡាវែញ សួរឌុចថា «អ្នកទោសវៀតណាមដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរ ស២១ ត្រូវបានចាត់ទុកថាជាសត្រូវ តើដោយសារពួកគេគឺជាខ្មែរកម្ពុជាក្រោម រឺដោយសារជាព្រះសង្ឃ?» ឌុចបានឆ្លើយតបវិញថា អ្នកទាំងនោះត្រូវបានចាត់ទុកជាគិញ។ ម្យ៉ាងទៀត មានការចាប់ខ្លួនជនកម្ពុជាក្រោម ដោយសារប៉ុល ពត បានចាត់ទុកខ្មែរកម្ពុជាក្រោម ដែលធ្លាប់មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ថាជាសត្រូវ។
នៅល្ងាចថ្ងៃពុធ នេះ អង្គហេតុស្តីពីជម្លោះប្រដាប់អាវុធត្រូវបានបញ្ចប់។ សវនាការ ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា នឹងលើកយកអង្គហេតុថ្មីមកពិភាក្សា ស្តីពីដំណើរការមន្ទីរសន្តិសុខស២១ និងមន្ទីរប្រល័យពូជសាសន៍ជើងឯក ដែលសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឌុច។