កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​កាត់​ទោស​ឌុចៈ ​ឌុច​ត្រូវ​បាន​បក​ស្បែក​មុខ នៅពេល​និយាយ​ពីការ​ធ្វើទារុណ​កម្ម​នៅ​មន្ទីរ ស២១
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០៦-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៨ មេសា ២០០៩៖ នៅ​ការិយាល័យ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។ សវនាការ​របស់​ឌុច ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ជា​រៀង​រាល់​ថ្ងៃ តាម​កញ្ចក់​ទូរទស្សន៍
© វណ្ឌី រតនា​
 
នៅ​​ក្នុង​អង្គ​​​​​សវនាការ​កាត់​ទោស​ឌុច ថ្ងៃទី​១៥ និង​ទី​១៦​ខែ​មិថុនា ឆ្នាំ​២០០៩ ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​​​នៃ​​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​ចេញ​សេចក្តី​សម្រេច​លើ​សំណើ​សុំ​អោយ​ដោះ​លែង​​នៅក្រៅឃុំ របស់​មេធាវី​ជនជាប់ចោទ។ ដោយ​ឡែក ការ​សួរ​ដេញ​ដោល​ឌុច លើ​អង្គ​ហេតុ​ស្តី​ពី​ប្រតិបត្តិការ​របស់​មន្ទីរ​ស២១ ត្រូវ​បាន​ដឹក​នាំ​ធ្វើ​ឡើង​ដោយ​ចៅក្រម​អន្តរ​ជាតិ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និងភាព​​ឈ្លាស​វៃ​បំផុត ជាហេតុ​ធ្វើ​អោយ​​កំហុស​ឆ្គង​ និង​ភាព​រអាក់​រអួល​នៃការ​កាត់​ទោស​​​​លើក​​មុនៗ ស្ទើរ​តែ​ត្រូវ​បាន​បំភ្លេច​​ចោល​​។ កាល​ពីមុន គេ​ធ្លាប់​​​តែ​ឃើញ​ឌុច ជា​មនុស្ស​​មាន​ភាព​​ម៉ឺង​ម៉ាត់ ម្ចាស់​ការ​លើ​សំដី​របស់​ខ្លួន ជា​មនុស្ស​ពោរ​ពេញ​ដោយ​កាយ​វិការ​ ទឹក​មុខ​ និង​វោហា​ស័ព្ទ​​។ សវនាការ​ថ្ងៃ​អង្គារ ទី​១៦ ខែ​មិថុនា បានបើក​កកាយ​អំពី​​សកម្មភាព​​នានា​នៃការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​​​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​​នៅ​មន្ទីរ ​ស២១ ​ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​សាស្រ្តាចារ្យ​រូប​នេះ។

 

ការ​​​ឃុំខ្លួន​ឌុច ដោយ​​​តុលាការ​យោធា​ជា​ការ​រំលោភ​បំពាន
នៅ​ក្នុង​សេចក្តី​សម្រេច​​មួយ​ ចេញ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០០៩ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​​បាន​បដិសេធ​សំណើ​សុំ​ដោះ​លែង កាំង ហ្គេកអ៊ាវ ហៅឌុច ពីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។ ឌុច​ បច្ចុប្បន្ន​​ កំពុង​​ត្រូវ​បាន​ជំនុំជម្រះ​ក្តី​ពី​​បទ​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ការ​រំលោភ​បំពាន​លើ​មាត្រា​មួយ​ចំនួន​នៃ​ក្រម​​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦។ គួរ​បញ្ជាក់​ថា​ ឌុច​ត្រូវ​បាន​ដាក់​អោយ​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដោយ​អ.វ.ត.ក តាំង​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៧។ មុន​ពេល​ត្រូវ​បាន​ផ្ទេរ​មក​កាន់​មន្ទីរ​ឃុំ​ឃាំង​របស់​អ.វ.ត. ជន​ជាប់​ចោទ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​តុលាការ​យោធា​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៩៩។​
 
នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​​ អង្គជំនុំជម្រះ​សាលា​ដំបូង​បាន​យល់​ឃើញ​ថា​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ដោយ​តុលាការ​យោធា គឺ​មិន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ ហើយ​ជន​ជាប់​ចោទ​មានសិទ្ធិ​ទទួល​បាន​នូវ​ការ​ទូទាត់​ពេញ​លេញ​នូវ​រយៈ​ពេល​ដែល​ខ្លួន​ជាប់​ឃុំ សម្រាប់​ជា​សំណង​ចំពោះ​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់ចោទ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​ជាតិ​និង​អន្តរ​ជាតិ។ អង្គជំនុំជម្រះ​សាលា​ដំបូង​​បាន​យល់​ឃើញ​ផង​ដែរ​ថា​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ ដោយ​តុលាការ​​យោធា មិន​អាច​បញ្ជូល​ជាមួយ​នឹង​អ.វ.ត.ក បាន​ទេ ហើយ​នីតិវិធី​របស់​អ.វ.ត.ក គឺ មិន​មែន​​ជានីតិវិធី​ដែល​បន្ត​មក​ពី​តុលាការ​យោធា​នោះទេ។​ ​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​គឺជា​មធ្យោបាយ​​ចាំបាច់ សម្រាប់​ធានា​វត្តមាន​របស់​ជន​ជាប់​ចោទ​ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្តី និង​ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ខ្លួន​របស់​ជ​ន​ជាប់ចោទ ក៏ដូចជា​ថែរក្សា​សណ្តាប់​ធ្នាប់​សាធារណៈ។ ដោយឈរ​លើ​ហេតុ​ផល​ទាំងនេះ អង្គជំនុំជម្រះ​បញ្ចាក់ថា​ជន​ជាប់​ចោទ​ត្រូវ​ស្ថិតនៅ​ក្នុង​ការ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ក្នុង​រយៈ​ពេល​នៃការ​ជំនុំជម្រះ​ក្តី​នេះ។​
 
ទោះ​បីយ៉ាងណា អង្គជំនុំជម្រះ​សាលា​ដំបូង​បាន​អះអាង​ថា ករណី​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ភាព​ ជន​ជាប់ចោទ​នឹង​ត្រូវ​បាន​ទូទាត់​អំពី​ពេល​វេលា​ជាប់​ឃុំ​ឃាំង​នៅក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​នៅ​អ.វ.ត.ក និង​នៅ​តុលាការ​យោធា។​

មិនមាន​ករណី​លើកលែង សម្រាប់​ស្រ្តី​​និង​កុមារ
​លោក​ស្រី​ចៅក្រមបាន​លើកឡើង​ថា យោង​តាម​ស្ថិតិ​ដែល​រៀប​ចំ​ឡើង​ដោយ​ការិយាល័យ​សហ​ព្រះ​រាជ​អាជ្ញា អ្នក​ទោស​ប្រមាណ​១% គឺជា​កុមារ និង​២១,៨% គឺជា​ស្រ្តី។​ ប៉ុន្តែ កុមារ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ព្រម​គ្នា​ជាមួយ​ម្តាយ​របស់​ពួកគេ​ មិន​ត្រូវ​បានរាប់​បញ្ចូល​​នៅក្នុង​បញ្ជី​​ឈ្មោះ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​​មន្ទីរ​ ស២១​នោះទេ។ កុមារ​ត្រូវ​ជាប់​ឃុំ​ឃាំង​ ដោយ​ទទួល​រ​ងលក្ខខណ្ឌ​ផ្សេងៗ ដូច​មនុស្ស​​ពេញ​វ័យ​​ដែរ បើ​ទោះ​បី​ជា​ «ខ្ញុំ​មិន​បាន​តាម​ដាន​ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​សវនាការ ថ្ងៃទី​១៥ ឌុច​បាន​អះអាង​ថា គាត់​សោកស្តាយដែល​មិន​បានជួយ​សង្គ្រោះ​ជីវិត​កុមារ។ «ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​​អៀន​»។ អតីត​ប្រធាន​មន្ទីរ​ឃុំ​ឃាំង​និង​ធ្វើ​ទារុណ​កម្ម​រូប​នេះ​​បានពន្យល់​ថា ​​​ស្រ្តី​មួយ​ចំនួន​ត្រូវ​បាន​​បញ្ជូន​មក​កាន់មន្ទីរ ស២១ ដោយ​សារ​មុខ​តំណែង​​របស់​ពួកគេ។ ប៉ុន្តែ ​ស្រ្តី​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​​​ឃុំ​ឃាំង និង​ត្រូវ​ជួប​ជោគ​វាសនា​ដូច​ស្វាមី​​ រឺ​ឪពុក​របស់​ពួកគេ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ បើ​ទោះ​បីជា​​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ខុស​ឆ្គង​អ្វី​ក៏​ដោយ។ ​ជន​ជាប់​ចោទ​បាន​ទទួល​ស្គាល់​ថា ស្រ្តី​ខ្លះ​ត្រូវ​បាន​​នាំយក​មក​ ​​​​ជាមួយ​កូនៗ​របស់​ពួកគេ ដែល​មាន​អាយុ​មិន​លើស​ពី​១២​ខែ​​។

«កាន់តែ​ជួប​អ្នកទោស ខ្ញុំកាន់តែ​មានអារម្មណ៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត ដូចនេះ ខ្ញុំជៀស​វាង​ជួប​មុខ​ពួក​គេ»
លោក​ចៅក្រម​ ឡាវែញ បាន​ដឹកនាំ​ការ​សួរ​ចម្លើយ ជាមួយ​នឹង​​យុទ្ធសាស្រ្ត​ដ៏គួរ​អោយ​កត់​សម្គាល់​ ដោយ​​​បាន​លើក​យក​ប្រធាន​បទ​មួយ​ចំណុច​ម្តងៗ មកពិភាក្សាដេញដោលជាមួយ​ជន​ជាប់​ចោទ ដូច​ជា​៖​ ប្រជាជន​ដែល​ត្រូវ​ឃុំខ្លួន​នៅ​មន្ទីរ ស២១ ចម្រុះ​ទៅដោយជាតិ​សាសន៍ មិន​មាន​ការ​បែង​ចែក​ពូជ​សាសន៍ នៅក្នុង​លក្ខខណ្ឌ​នៃការ​ឃុំ​ខ្លួន​អ្នក​ទោស​ឡើយ, របប​បាន​ប្រើ​ពាក្យ​ដោះសារ​ខុស​ទំនងចំនួន​​ពីរ​ ដើម្បី​ចាប់​ខ្លួន​មនុស្ស​ ក្នុង​គោល​បំណង​កុំអោយ​កើត​មានការ​មិនទុកចិត្ត​, ប្រជាជន​​ទាំង​នេះ​មិន​ត្រូវ​​​បាន​ប្រាប់​ហេតុ​ផល​នៃការ​ចាប់​ខ្លួន​ពួកគេទេ​, នយោបាយ​​បង្អត់​អាហារ​អ្នក​ទោស​ ដើម្បីធ្វើអោយ​ពួក​គេ​ចុះ​ទន់​ខ្សោយ និង​ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង, អ្នក​ទោស​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​និយាយ​គ្នា, ពួកគេ​ត្រូវ​បាន​​ធ្វើបាប​ដូច​សត្វ​ធាតុ..-ល-។

ឌុច បានអះអាង​ថា​ «នៅពេល​ខ្ញុំ​រម្លឹក​អំពី​ហេតុ​ការណ៍​ទាំងនោះ ខ្ញុំ​មានអារម្មណ៍​ខ្មាស​អៀន។ ខ្ញុំ​ព្យាយាម​មិនជួប​ជាមួយ​អ្នក​ទោស តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ខ្ញុំ​ក៏​អាច​ធ្វើ​បាន។ ប៉ុន្តែ មិនមាន​វិធាន​​ការ​ណាមួយ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​របស់​ពួកគេ​បានឡើយ។ ប្រសិនជា​ខ្ញុំ​ព្យាយាម​ ខ្ញុំ​មិន​អាច​ធ្វើការ​វែកញែក​រវាង​មិត្ត​ និង​សត្រូវ​បាន​ឡើយ ហើយ​ប្រសិន​ជា​ខ្ញុំ​មាន​អាកប្ប​កិរិយា​គួរ​សម​ជាមួយ​សត្រូវ ចាត់​ទុក​សត្រូវ​ ដូចជា​មិត្ត​ភក្តិ ខ្ញុំ​ប្រហែលជា​មិន​អាច​រក្សា​ឋានៈរបស់​ខ្ញុំ​បាន​​ទេ។ [...] កាន់តែ​ជួប​អ្នកទោស ខ្ញុំកាន់តែ​មានអារម្មណ៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត ដូចនេះ ខ្ញុំជៀស​វាង​ជួប​មុខ​ពួក​គេ»

ក្រោយ​បន្តិច​មក ឌុច បាន​និយាយ​ឡើង​វិញ​ម្តង​ទៀតថា​ «ពិត​មែន ខ្ញុំ​​​មាន​អារម្មណ៍​ភ័យ​ខ្លាច មិន​ចង់​ឃើញ​​ការ​ទទួល​រង​ឈឺចាប់​របស់​​អ្នកទោស ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង​នៅ​​ក្នុង​មន្ទីរ​សន្តិសុខ​របស់​ខ្ញុំ​ឡើយ»។ លោក​ចៅក្រម ឡាវែញ​បាន​សួរ​ឌុចថា «តើលោក​អាច​រៀប​រាប់​ចរឹក​របស់​លោក​​​យ៉ាង​​ម៉េច​បាន​​? ជនជាប់ចោទ​ឆ្លើយ​ថា «ខ្ញុំ​មិន​ដឹង​នោះទេ។ ខ្ញុំ​បិទ​ភ្នែក ​បិទ​​ត្រចៀក។ ខ្ញុំ​មិន​ចង់​មើល​ឃើញ​ការ​ពិត ដែល​មិន​ស៊ីចង្វាក់​ជាមួយ​អារម្មណ៍​របស់​ខ្ញុំទេ​...។» ចៅក្រម​ជនជាតិ​បារាំង​សួរថា «តើ​យើង​អាច​ហៅ​អារម្មណ៍​បែប​នេះ ថា​ជា​ភាពកំសាក​​ទន់​ខ្សោយ​បាន​ដែរ​រឺទេ? «វា​ទៅ​ហួសឆ្ងាយ​​ពីពាក្យ​ថា​ទន់​ខ្សោយ​!»។


ភ្នំពេញ (កម្ពុជា) ថ្ងៃទី ១៥ មិថុនា ២០០៩៖ រូប​ថត​ជន​រង​គ្រោះ​ពី​ការ​ធ្វើ​ទារុណ​កម្ម​នៅ​មន្ទីរ​ស-២១ ត្រូវ​​បាន​បញ្ចាំង​នៅ​លើ​អេក្រង់​របស់​អ.វ.ត.ក រយៈពេល​ជា​ច្រើន​នាទី​
© ស្ទេហ្វានី ហ្សេ


ដោយ​ឡែក នៅ​​សវនាការ ថ្ងៃទី​១៦ ខែ​មិថុនា លោកចៅក្រម និល ណុន បាន​សួរ​ជន​ជាប់​ចោទ​ថា «​តើ​ការ​ធ្វើទារុណ​កម្ម​ត្រូវ​បាន​អនុវត្ត​ជា​លក្ខណៈ​ប្រព័ន្ធ នៅអំឡុង​ពេល​សួរ​ចម្លើយ​​ដែរ​រឺទេ?» ឌុច​ឆ្លើយ​តប​វិញថា នៅក្នុង​ករណី​ភាគច្រើន គឺ​ពិត​មែន។ ប៉ុន្តែ គាត់​បានលើ​ក​យក​ករណី​លើក​លែង​ចំនួន២ ដែល​​គាត់​បាន​ដឹង​ គឺ​ ករណី​លោក​ កយ ថួន អតីត​រដ្ឋ​មន្រ្តី​ក្រសួង​​ពាណិជ្ជកម្ម​ខ្មែរក្រហម និង​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​គាត់​ពិបាក​នឹង​ហៅឈ្មោះ​ នោះគឺ​លោក​សាស្រ្តាចារ្យ​ ភួង តុន។ គួរ​បញ្ជាក់​ថា​ ​ភរិយា និងកូន​ស្រី​របស់​លោក​សាស្រ្តាចារ្យ​ ក៏​កំពុង​ស្ថិត​នៅ​ក្នុង​​បន្ទប់​​សវនាការផង​ដែរ ដោយ​អង្គុយ​ ​នៅ​លើ​កៅអី​ត្រៀម​សម្រាប់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​បាន​តាមដាន​សវនាការ​យ៉ាង​យកចិត្ត​ទុក​ដាក់​។​

ផល​ប៉ះ​ទង្គិច​ពី​ការ​ធ្វើទារុណកម្ម​ត្រូវ​បាន​ពន្យល់​បកស្រាយ​​ប្រកប​ដោយ​គតិ​បណ្ឌិត​
បន្ទាប់មក លោកចៅក្រម ឡាវែញ បាន​សួរថា « បើតាម​គំនិត​របស់​លោក ការ​ធ្វើទារុណកម្ម​មាន​លក្ខណៈ​​​យ៉ាង​ដូចម្តេច?»។ ឌុច ឆ្លើយថា៖ «ការ​ធ្វើទារុណ​កម្ម និង​ការ​ប្រើ​សំដី​ប្រមាថ​មើល​ងាយ​ មាន​គោល​បំណង​​​​​ធ្វើអោយ​ជន​រង​គ្រោះ​​​​បាត់​​បង់​សតិអារម្មណ៍​ផ្លូវ​ចិត្ត ​ដើម្បី​ធ្វើអោយ​ពួកគេ​និយាយ​សារភាព​ចេញ​មក»។ លោកចៅក្រម​បាន​សួរ​សង្កត់​ធ្ងន់​ទៀតថា «តើ​លោក​ធ្លាប់​គិត​អំពី​អារម្មណ៍​របស់​អ្នក​ទោស​ទាំងនេះ​ដែរ​រឺទេ? ឧទាហរណ៍ នៅពេល​គេ​ចាក់​ទឹកចូល​រន្ធ​ច្រមុះ ជាដើម»។ ជន​ជាប់​ចោទ​បាន​ផ្តល់​ចម្លើយ​បែប​បច្ចេក​ទេស​ ថា «បើ​តាម​បទ​ពិសោធន៍​នៃ​សេវា​​​នគរបាល នៅពេល​ក្រពះ​​ពោរពេញ​ដោយទឹក អ្នកទោស​នឹង​ក្អួត​ទឹក​នោះ​ចេញ​មក​វិញ ជួន​កាល​ អ្នក​ទោស​​សន្លប់។ នៅ​ពេល​គេ​​​​​ដឹង​ខ្លួន​វិញ យើង​​​បន្ត​ការ​សួរ​ចម្លើយ។ នៅមន្ទីរ​ ស២១ យើង​ធ្វើ​បែប​នេះ​តែ​ម្តង​គត់ [...]។ ប៉ុន្តែ បច្ចេក​ទេស​ដែល​ធ្លាប់​ត្រូវ​បាន​សាកល្បង​ប្រើ​នៅរបប​ចាស់​នេះ មិន​មាន​ប្រសិទ្ធភាព​នោះទេ នៅ​ពេល​​យើង​ចង់​ប្រើ​វា...»។

«តើលោក​​គិត​ថា​មាន​របៀប​ធ្វើទារុណ​កម្ម​ ដែល​សាហាវ​ឃោរឃៅ​ជាងនេះ​ដែរ​រឺទេ?» «បាទ មាន!»។ ឌុច​​បាន​​បង្ហាញ​បច្ចេកទេស​មួយ គឺ​ការ​បង្ខំ​អ្នកទោស​អោយ​លុត​ជង្គន់​ក្រាប​ នៅ​មុខ​រូប​ឆ្កែ រឺ​នៅមុខ​វត្ថុ​ម្យ៉ាង។ ក្រោយ​មក​ទៀត ឌុច​បាន​និយាយថា «ខ្ញុំ​ទទួល​ស្គាល់​ថា ជន​រង​គ្រោះ​នៅ​មន្ទីរ ស២១ ពិត​ជា​ទទួល​រង​នូវ​ការ​ឈឺចាប់​ជា​ខ្លាំង»។

ការ​សួរ​ចម្លើយៈ ឌុច​ និយាយថា​មិន​បាន​ចូលរួម និង​​​ទទួល​ស្គាល់​ថា​មាន​ការ​​បូម​ឈាម​​អ្នកទោស
ទាក់ទង​នឹង​ការ​សួរ​ចម្លើយ ឌុច​បាន​លើកឡើង​ម្តង​ទៀត​ថា​ គាត់​មិន​បាន​ឃើញនោះទេ ដោយ​ហេតុ​ថា​ គាត់​មិន​បាន​ទៅ​បន្ទប់​សួរ​ចម្លើយ​ទេ ហើយ​ការ​ងារ​ត្រួត​ពិនិត្យ​ត្រូវ​​ប្រគល់​អោយ​ទៅ​អនុប្រធាន​របស់​​គាត់ ឈ្មោះ ហ៊។ ជន​ជាប់​ចោទ​រូប​នេះ​បាន​ទទួល​ស្គាល់ថា ការ​អនុវត្ត ដូចជា​ការ​ដក​ក្រចក​អ្នក​ទោស ពិត​ជា​មាននៅ​មន្ទីរ ស២១ ប៉ុន្តែ នៅពេល​គាត់​ដឹង​រឿង​នេះ គាត់​បាន​ស្នើសុំ​អោយ​បញ្ឈប់​សកម្មភាព​ធ្វើ​ទារុណ​កម្ម​បែប​នេះ​ជា​ប្រញាប់។

លោកចៅក្រម​ និល ណុល បាន​សួរ​សំណួរ ទាក់ទង​នឹង​ការ​ធ្វើ​ពិសោធន៍​វេជ្ជសាស្រ្ត ដែល​ត្រូវ​បាន​អនុវត្ត​​លើ​អ្នកទោស។ ឌុច​ បាន​សង្ខេប​ថា «អ្នកទោស​រស់​ត្រូវ​បាន​ប្រើ​​​ជា​ឧបករណ៍នៃការ​​បណ្តុះ​បណ្តាល​ផ្នែក​វិភាគ​រាង​កាយ​ សម្រាប់​បុគ្គលិក​វេជ្ជសាស្រ្ត​ដែល​ទើប​ត្រូវ​បានជ្រើស​រើស​ថ្មី​ថ្មោង។ អ្នក​ទោស​ភាគច្រើន​ត្រូវ​បាន​គេ​បូម​​​ឈាម​ ហើយ​ការ​បូមឈាម​បែប​នេះ​បង្ក​អោយ​អ្នក​ទោស​ជាង​១០០​នាក់​​បាន​ស្លាប់​។ អ្នក​ទោស​ខ្លះ​ត្រូវ​បាន​ប្រើ​ជា​វត្ថុ​ពិសោធន៍​ថ្នាំពេទ្យ​ប្រភេទ​ថ្មី។

ជន​ជាប់ចោទ​បាន​អះអាង​ថា «ខ្ញុំមិន​បដិសេធ​ថា​ខ្ញុំ​មិន​​បាន​ឃើញ​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​នោះទេ ប៉ុន្តែ ខ្ញុំ​មិន​អាច​ធ្វើអ្វី​បាន​ឡើយ។ ប្រសិន​ជា​ខ្ញុំ​និយាយ​ពីរឿង​នេះ គេដាក់ទោស​ខ្ញុំ​អោយ​បាត់​បង់​តំណែង និង​ឋានៈ!»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ