|
អធិប្បាយចុងក្រោយ
|
| ឌុចៈ ខ្ញុំមិនចង់មើលឃើញ រឺស្តាប់លឺរឿងភ័យរន្ធត់ ដែលបានកើតមានឡើងនៅមន្ទីរ ស-២១ |
| ដោយ ដោយ ស្ទេហ្វានី ហ្សេ | | | ១៧-០៦-២០០៩ | ជើងឯក (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៦ មករា ២០០៨៖ យោងតាមគំនិតផ្តួចផ្តើមរបស់ឌុច អ្នកទោសនៅមន្ទីរស-២១ ដែលត្រូវបានសួរចម្លើយ និងធ្វើទារុណកម្មរួចហើយ លែងត្រូវនាំយកទៅសម្លាប់នៅក្នុងមន្ទីរនេះទៀតហើយ ប៉ុន្តែ យកទៅកាន់ជាយក្រុងភ្នំពេញ គឺនៅជើងឯក។ ©ចន វីង / Magnum ដោយ ស្ទេហ្វានី ហ្សេ នៅក្នុងសវនាការកាត់ទោសអតីតប្រធានមន្ទីរឃុំឃាំងនិងធ្វើទារុណកម្ម ស-២១ លោកកាំង ហ្កេកអ៊ាវ ហៅឌុច នាថ្ងៃពុធ ទី១៧ ខែមិថុនានេះ ចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងបានសួរដេញដោលឌុច អំពីការអនុវត្តនយោបាយកម្ទេច។ នៅត្រង់ចំណុចនេះ ជនជាប់ចោទបានអះអាងថា គាត់ទទួលបានព័ត៌មានដោយផ្ទាល់តិចតួចប៉ុណ្ណោះ។ អតីតសាស្ត្រាចារ្យគណិតវិទ្យារូបនេះបានសារភាពថា បានដឹងព័ត៌មាននេះ ប៉ុន្តែ គាត់សម្រេចចិត្តបែរខ្នង មិនរវល់នឹងការងារសម្លាប់អ្នកទោស។ ឌុចបានពន្យល់ប្រាប់លោកចៅក្រម ធូ មុនី ថា នយោបាយកម្ទេចនេះមិនមែនជាគំនិតរបស់គាត់នេះទេ ប៉ុន្តែ កើតចេញពីសេនាធិការ។ ទោះយ៉ាងណា យោងទៅតាមមាគ៌ាបក្ស គេមិនត្រូវសម្លាប់អ្នក ទោស មុនពេលអ្នកទោសរូបនេះមិនទាន់បានសរសេរចម្លើយសារភាពពេញលេញនោះទេ។ នៅពេលចៅក្រមសួរឌុច ថាតើគាត់ពិតជាបានចូលរួមបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនដោយឥតសំចៃ អំពីការសម្លាប់មនុស្សមែនឬ ជនជាប់ចោទបានលើកយកពាក្យស្លោកខ្មែរមួយឃ្លា ដែលពោលថា «មិនចាំបាច់បង្រៀនក្រពើអោយចេះហែលទឹកនោះទេ»!។ នៅពេលត្រូវបានស្នើសុំអោយរៀបរាប់លំអិត អំពីការសម្លាប់មនុស្ស ឌុចបានអះអាងថា៖ «ខ្ញុំព្យាយាមគេចមិនចូលរួមព្រឹត្តិការណ៍ទាំងនេះ ខ្ញុំមិនមើលទេ»... ការសម្លាប់មនុស្សត្រូវបានផ្ទេរទៅកាន់ជើងឯក ឌុចបានសម្រេចចិត្តថា ការសម្លាប់មនុស្សត្រូវធ្វើឡើងនៅជាយក្រុងភ្នំពេញ គឺនៅជើងឯក មិនមែននៅក្នុងមន្ទីរ ស-២១ទេ។ ឌុចគ្រាន់តែបានប្រាប់ថ្នាក់លើរបស់គាត់អំពីគំនិតផ្តួចផ្តើមនេះប៉ុណ្ណោះ។ ឌុចបានពន្យល់ថា «ខ្ញុំខ្លាចកើតមានជម្ងឺឆ្លង។ ការសម្លាប់និងការកប់សាកសពនៅមន្ទីរ ស-២១ បានចាប់ផ្តើមចោទជាបញ្ហា ព្រោះចំនួនអ្នកស្លាប់កាន់តែកើនឡើង។ ជាមួយស្ថានភាពបែបនេះ យើងនឹងមិនអាចជៀសផុតពីជម្ងឺឆ្លងបានឡើយ»។ គាត់បានធ្វើការសម្រេចចិត្តបែបនេះ នៅខណៈពេលមួយ ដែលការចាប់ខ្លួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បានកើតឡើង នៅចុងខែធ្នូ ឆ្នាំ១៩៧៦ ដើមខែមករា ឆ្នាំ១៩៧៧។ ម្យ៉ាងទៀត ការសម្រេចនេះឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីអនាម័យ របបអាហារ និងសុវត្ថិភាព។
ទាក់ទងនឹងប្រតិបត្តិការនៅជើងឯក ឌុចបាននិយាយមិនបានឃើញ...។ «ខ្ញុំបានទៅមើលជើងឯកត្រឹមតែមួយលើកប៉ុណ្ណោះ [...]។ ម្យ៉ាងវិញទៀត ខ្ញុំមិនបានខិតចូលជិតមាត់រណ្តៅដាក់សពរួមនោះទេ។ ដំណើរទស្សនកិច្ចរបស់ខ្ញុំមានរយៈពេលខ្លីណាស់»។ ដោយឡែក ឌុចក៏បានធ្វើការប្រៀបធៀបដំណើរទស្សនកិច្ចរបស់គាត់នេះទៅនឹងទស្សនកិច្ចរហ័សដូចផ្លេកបន្ទោរនៅមន្ទីរស-២១ ពីសំណាក់ថ្នាក់លើរបស់គាត់ គឺសុន សេន។ ជនជាប់ចោទបានបន្ថែមទៀតថា វាជារឿងគ្មានប្រយោជន៍ ក្នុងការត្រឡប់ទៅកាន់ទីនោះ។ តួយ៉ាង គាត់មិនបានដឹងចំនួនរណ្តៅដែលត្រូវបានជីកនៅទីនោះទេ ប៉ុន្តែ គាត់ដឹងថាគេបានសម្លាប់អ្នកទោសនៅទីនោះជាបន្តបន្ទាប់។ ប៉ុន្តែ គាត់បានទទួលស្គាល់ថា គាត់អាចនឹងសួរបុគ្គលិកបម្រើការនៅជើងឯក ដើម្បីបានដឹងព័ត៌មានបន្ថែម រឺសួរអនុប្រធានរបស់គាត់ ឈ្មោះហ៊ ប៉ុន្តែ គាត់មិនដែលសួរពួកគេឡើយ។
ការថតរូបសាកសពទុក ក្រៅអំពីអ្នកទោសត្រូវទទួលរងគ្រោះពីការធ្វើពិសោធន៍វេជ្ជសាស្រ្ត រឺការបូមឈាម ដែលបង្កអោយស្លាប់បាត់បង់ជីវិត វិធីសាស្រ្តសម្លាប់មនុស្សផ្សេងទៀត មានដូចជាការអារក ការវ៉ៃសត្រូវត្រង់កញ្ចឹងក ដោយដំបងឫស្សី។ ឆ្លើយតបនឹងសំណួររបស់លោកចៅក្រម ឡាវែញ ជនជាប់ចោទបានអោយដឹងថា ប្រសិនជាគេនិយាយអំពីវិធីសាស្រ្ត នៅក្រោយការសម្រេចចុងក្រោយ គេប្រើវិធីសាស្រ្តយ៉ាងម៉េចក៏បាន ដើម្បីសម្លាប់មនុស្សណាម្នាក់ [...] អ្វីដែលសំខាន់នោះ គឺថា មនុស្សនោះពិតជាស្លាប់»។ ឌុចបានបន្ថែមទៀតថា ដើម្បីបញ្ជាក់ថាអ្នកទោសមួយចំនួន ដែលត្រូវបានសន្និដ្ឋានថាជាមនុស្សសំខាន់ ពិតជាបានបាត់បង់ជីវិតមែននោះ សាកសពរបស់ពួកគេត្រូវបានថតទុក ហើយរូបថតត្រូវផ្ញើទៅកាន់ថ្នាក់លើដែលត្រូវការរូបទាំងនោះ។ រូបថតសាកសពអ្នកទោស «ដែលមិនសូវជាសំខាន់» ក៏ត្រូវបានថតផងដែរ ប៉ុន្តែម្តងនេះ វាគឺជាគំនិតរបស់បុគ្គលិកនៅមន្ទីរ ស-២១ ដែលចង់បង្ហាញភាពស្មោះត្រង់របស់ពួកគេចំពោះបក្ស និងបញ្ជាក់ថាពួកគេមិនបានដោះលែងអ្នកទោសអោយរត់រួច ក្រោមការទទួលខុសត្រូវរបស់ពួកគេនោះទេ។ នេះក៏ជាមធ្យោបាយការពារខ្លួនរបស់ពួកគេផងដែរ។
នៅពេលលោកចៅក្រមឡាវែញ អានអត្ថបទដកស្រង់សក្ខីកម្មមួយ ដែលត្រូវបានប្រគល់ទៅសំណុំរឿង ដែលថា ផេះសាកសពត្រូវប្រើជាជី ឌុចបាននិយាយថាមិនជឿថាអាចមានករណីនេះកើតឡើង ព្រោះសាកសពតិចតួចណាស់ដែលត្រូវបានដុតក្លាយជាផេះផង់។
ការការពារខ្លួន បន្ទាប់មក លោកចៅក្រមឡាវែញ បានធ្វើការសង្ខេបគោលជំហររបស់ឌុច ប្រកបដោយប្រសិទ្ធភាព ថា «អ្វីដែលលោកបាននិយាយ នៅអំឡុងសវនាការ ប៉ុន្មានថ្ងៃចុងក្រោយនេះ វាបង្ហាញអោយឃើញថាលោកមិនមានបំណងទៅមើលកន្លែងឃុំឃាំង មិនចង់ឃើញ មិនចង់លឺសម្លេងអ្នកទោស ដែលត្រូវគេសួរចម្លើយ រឺធ្វើទារុណកម្ម ហើយលោកក៏មិនចង់មើលឃើញពួកគេត្រូវសម្លាប់ លោកមិនចង់ស្គាល់វិធីសាស្រ្ត និងកន្លែងសម្លាប់អ្នកទោស លើកលែងតែលោកត្រូវបង្ខំអោយទៅកាន់ទីនោះ តាមបញ្ជារបស់ថ្នាក់លើលោក...»។ ជនជាប់ចោទតបវិញថា «លោកពិតជាយល់ច្បាស់មែន»។ «តើការមិនចង់ឃើញ មិនចង់ដឹងនេះ គឺដើម្បីការពារខ្លួនរបស់លោក ការពារលោកពីការពិតមួយ ដែលតាមរំខានជីវិតរបស់លោក រឺពីស្ថានភាពមួយដែលមិនអាចជៀសផុតបានឬ?» «អ្វីទាំងអស់នេះសុទ្ធតែជាការពិត»។
«មាគ៌ាបក្សអប់រំអោយមានឧក្រិដ្ឋកម្មកើតឡើង» តុលាការបានសួរឌុចថា តើការងាររបស់គាត់ឆ្លុះបញ្ចាំងអំពីលំហាត់គណិតវិទ្យាធម្មតាមួយ និងជាការធានាគុណភាពនៃការសារភាពឬ។ ឌុចបានរៀបរាប់យ៉ាងវែងអន្លាយ ថា៖
«បាទ! ខ្ញុំត្រូវបានគេដាក់បញ្ចូលទៅក្នុងការងារ ទាក់ទងនឹងការសារភាព។ ខ្ញុំព្យាយាមធ្វើអស់ពីសមត្ថភាព ទាំងថ្ងៃ ទាំងយប់ ដោយគ្មានពេលសម្រាក។ ប៉ុន្តែ នៅរយៈពេលនោះ ខ្ញុំព្យាយាមគេចពីកន្លែងដែលអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ខ្ញុំ។ ខ្ញុំបានដឹងថាសកម្មភាពឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត ប៉ុន្តែ ខ្ញុំព្យាយាមលួងលោមចិត្តខ្លួនឯង។ រដ្ឋាភិបាលនេះ [ខ្មែរក្រហម] គឺជាអ្នកទទួលខុសត្រូវប្រវត្តិសាស្រ្ត។ ចំណែកខ្ញុំ ខ្ញុំគឺជាភ្នាក់ងារនគរបាលមួយ ហើយក្នុងនាមបែបនេះ ខ្ញុំអាចដោះបន្ទុកពីការងាររបស់ខ្ញុំបាន។ ខ្ញុំភ័យ ខ្ញុំមានអារម្មណប៉ះទង្គិច រំជើបរំជួល។ ប៉ុន្តែ ប្រសិនជាខ្ញុំសំឡឹងមើលរឿងអតីត នាពេលឥឡូវនេះ និងបានអានសំណាររបស់ខ្ញុំ នៅលើចម្លើយសារភាព ខ្ញុំកត់សម្គាល់ឃើញថាអ្វីដែលខ្ញុំបានធ្វើ ពិតជាសាហាវឃោរឃៅជាងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយអង្គភាពពិសេស ដែលដឹកជញ្ជូនអ្នកទោសទៅកាន់ជើងឯក យកទៅសម្លាប់ទៅទៀត។ ខ្ញុំព្យាយាមប្រកាន់សត្យានុម័ត នៅក្នុងចំណារទាំងអស់ ដើម្បីថ្នាក់លើរបស់ខ្ញុំ ដែលនឹងជឿជាក់លើចំណារនេះ ឆ្ពោះទៅកាន់ការចាប់ខ្លួនមនុស្សផ្សេងទៀត។ ហេតុដូច្នេះហើយ ខ្ញុំជាអ្នកទទួលខុសត្រូវឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តនៅមន្ទីរ ស-២១ ហើយខ្ញុំកាន់តែជាអ្នកទទួលខុសត្រូវជាងអ្នកដទៃផ្សេងទៀត [...]។ ប៉ុន្តែ ឯកសារដែលសរសេរពីមាគ៌ាបក្ស ដែលខ្ញុំបានប្រើប្រាស់ ដើម្បីធ្វើការបណ្តុះបណ្តាលបុគ្គលិក គឺជាប្រភេទឯកសារកាន់តែមានភាពឧក្រិដ្ឋកម្មសាហាវជាងចំណារលើចម្លើយសារភាពទៅទៀត។ ហេតុអ្វី? ព្រោះមាគ៌ាបក្សដែលត្រូវបានផ្សព្វផ្សាយ តំណាងអោយការគាបសង្កត់ពិតប្រាកដមួយ លើមនុស្សដែលត្រូវបានបណ្តុះបណ្តាល រឺអប់រំ និងព្រោះថាគឺមាគ៌ាបក្សនេះហើយ ដែលបានធ្វើអោយមានមនុស្សមានភាពសាហាវព្រៃផ្សៃបែបនេះ។ ជាចុងក្រោយ ប្រសិនជាបច្ចុប្បន្ន អស់លោកមើលឃើញរូបថតរបស់ខ្ញុំនៅសម័យនោះ នឹងឃើញថាខ្ញុំមានមោទនភាពលើការងារ ដែលខ្ញុំបានធ្វើ ដើម្បីរក្សាឋានៈរបស់ខ្លួន អោយកាន់តែជឿជាក់។ ប៉ុន្តែ ជាមួយនឹងការត្រឡប់ថយក្រោយ និងការវិភាគ ខ្ញុំនឹងនិយាយថាខ្ញុំមានអារម្មណ៍ខ្មាសអៀន។ [...] ខ្ញុំមានអារម្មណ៍រំជើបរំជួល ចំពោះការបាត់បង់ជីវិតមនុស្សជាង១លាននាក់។[...] ខ្ញុំជាអ្នកទទួលខុសត្រូវលើការស្លាប់មនុស្សជាង១លាននាក់ និងជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មទាំងអស់ រហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ»។
|
|
|