
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៩ ឧសភា ២០០១៖ លោកវ៉ាន់ ណាត នៅអំឡុងពេលថតភាពយន្តឯកសាររបស់លោកប៉ាន់ រិទ្ធី «មន្ទីរស-២១ គុកសម្លាប់របស់ខ្មែរក្រហម»
©ចន វីង / Magnum
ដូចដែលបានគ្រោងទុក នៅក្នុងកម្មវិធីរបស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សាក្សីដ៏សំខាន់មួយរូប គឺវិចិត្រករ វ៉ាន់ ណាត ដែលអាចគេចផុតពីឋានមរណៈនៅមន្ទីរសន្តិសុខ ស-២១ តាមរយៈរូបគំនូរ ប៉ុល ពត ត្រូវឡើងមកផ្តល់សក្ខីកម្មនៅអង្គសវនាការ នាថ្ងៃច័ន្ទ ទី២៩ ខែមិថុនានេះ។ ក៏ប៉ុន្តែ យើងជឿជាក់ថារយៈពេលត្រឹមតែមួយថ្ងៃនៃការផ្តល់សក្ខីកម្មនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ លោកគឺជាអ្នកនៅរស់រានមានជីវិតពីមន្ទីរ ស-២១ ដំបូងគេដែលត្រូវបានតុលាការកោះអញ្ជើញមកផ្តល់សក្ខីកម្ម ចាប់តាំងពីមានដំណើរការកាត់ទោស ឌុច កាលពីថ្ងៃទី៣០ មីនា មក។ លោកវ៉ាន់ ណាត បានរៀបរាប់ខ្សែជីវិតរបស់ខ្លួន ប្រកបដោយភាពថ្លៃថ្នូរ ស្មោះត្រង់ និងជាក់លាក់។
មិនយល់ហេតុអ្វីបានជាគាត់ត្រូវគេចាប់ខ្លួន
ស្ថិតនៅក្នុងវ័យ ៦៣ ឆ្នាំ លោកវ៉ាន់ ណាត មានសុខភាពទន់ខ្សោយណាស់ ដោយសារមានរោគាពាធ។ ប៉ុន្តែ លោកបានឆ្លើយសំណួរយ៉ាងជាក់លាក់ ស្មោះត្រង់ និងស៊ីចង្វាក់ល្អ។ លោកបានធ្វើការរៀបរាប់ខ្សែជីវិតរបស់លោកឡើងវិញ ដូចដែលលោកបានសរសេរនៅក្នុងសៀវភៅមួយ ចំណងជើងថា «រូបភាពគុកកម្ពុជាមួយ- មួយឆ្នាំនៅក្នុងមន្ទីរ ស-២១ នៃរបបខ្មែរក្រហម»។ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៧ លោកត្រូវបានអង្គការចាប់ខ្លួន ខណៈពេលលោកកំពុងធ្វើការ នៅវាលស្រែ ស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជា [អង្គការជាឈ្មោះស្ថាប័នមួយ ដែលមានបក្សកុម្មុយនីស្តកម្ពុជា នៅពីក្រោយខ្នង] ។ លោកត្រូវបានកោះហៅ ជាមួយនឹងហេតុផលមិនទំនង ហើយលោកត្រូវបង្ខំសួរចម្លើយ និងចោទប្រកាន់ថាជា «ជនក្បត់»។ ភ្លាមនោះ លោកបានរក្សាភាពស្ងៀមស្ងាត់ ទប់អារម្មណ៍របស់ខ្លួន និងចាប់ផ្តើមធ្វើការរៀបរាប់បន្តទៀត។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី២៩ មិថុនា ២០០៩៖ លោកវ៉ាន់ ណាត អ្នកនៅរស់រានមានពីមន្ទីរ ស-២១ ផ្តល់សក្ខីកម្មនៅក្នុងក្របខ័ណ្ឌនៃការកាត់ទោសឌុច
© ស្ទេហ្វានី ហ្សេ អ្នកភូមិដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមិនបានដឹងថាគាត់បានប្រព្រឹត្តកំហុសអ្វីនោះទេ។ អ្នកសួរចម្លើយគាត់បានប្រាប់ថាគាត់គឺជាពិរុទ្ធជន។ លោកវ៉ាន់ ណាត រម្លឹកថាគាត់បានលឺគេនិយាយ ដូច្នេះថា «សាកល្បងរកនឹកទៅមើល ព្រោះអង្គការមិនដែលភាន់ច្រឡំ ពេលគេចាប់ខ្លួននរណាម្នាក់នោះទេ!»។ នៅក្នុងបន្ទប់ដែលគេនាំយកគាត់ទៅនោះ គាត់សង្កេតឃើញមានឧបករណ៍ធ្វើទារុណកម្ម ថង់បា្លស្ទិច ដង្កាប់ និងឃើញកៅអីមួយ ប្រឡាក់ទៅដោយស្នាមឈាម។ គាត់ត្រូវគេឆក់អគ្គិសនី រហូតដល់សន្លប់។ បន្ទាប់មក គេជះទឹកលើគាត់ ដើម្បីធ្វើអោយដឹងខ្លួន និងសួររក«បក្សពួក»របស់គាត់។ គាត់ ក៏ដូចជាអ្នកដទៃផ្សេងទៀតត្រូវបង្អត់អាហារ និងត្រូវដឹកតាមឡានយកទៅកន្លែងមួយដែលគាត់មិនស្គាល់។ ពេលចុះពីលើឡាន ពួកគាត់ត្រូវគេបិទមុខ និងដាក់ច្រវ៉ាក់ជាប់ក ស្ទើរតែឈរមិនរួច។ «កងសន្តិសុខនៅជុំវិញពួកយើងបានសើច។ ពួកគេទាក់ពួកយើង។ ខ្ញុំមិនយល់សោះថាខ្ញុំបានធ្វើអ្វីខ្លះ និងមិនយល់ហេតុអ្វីគេស្តីបន្ទោសខ្ញុំ»។
នៅមន្ទីរ ស-២១ លោកវ៉ាន់ ណាតបានបាត់បង់ភាពជាមនុស្សរបស់ខ្លួន
នៅក្នុងអង្គសវនាការ លោកវ៉ាន់ ណាត បានលើកឡើងអំពីលក្ខខណ្ឌ«ដ៏សែនអមនុស្សធម៌» ដែលត្រូវបានដាក់កំហិត មកលើអ្នកទោសនៅក្នុងមន្ទីរសន្តិសុខ ស-២១។ អ្នកទោសទទួលបានបាយត្រឹមតែពីរបីស្លាបព្រាប និងពីរពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ដោយឡែក គោលការណ៍នៃការឃ្លាំមើលអ្នកទោសមានកំរិតតឹងរឹងបំផុត ដូចជាមិនអាចនិយាយគ្នា មិនអាចធ្វើអោយមានសម្លេងអ្វីមួយ សូម្បីតែកំរើកក៏មិនបានដែរ ប្រសិនជាគ្មានការអនុញ្ញាតពីអ្នកទោស។ ជាងគំនូររូបនេះបានរៀបរាប់នៅចំពោះសាធារណៈជនថា «នៅទីនោះ ខ្ញុំបានបាត់បង់ភាពជាមនុស្សរបស់ខ្ញុំ...។ វាគឺជាទំនាក់ទំនងមួយ ដែលគេអាចប្រៀបប្រដូចបានរវាងមនុស្ស និងសត្វធាតុ»។ អ្នកទោសត្រូវគេដាក់ខ្នោះជើងជាប់នឹងរនូត។ «នៅពេលអ្នកទោសត្រូវបង្ខំអោយហាត់ប្រាណ យើងមិនអាចឈប់លោតបាននោះទេ ប្រសិនជាយើងមិនទទួលបញ្ជាពីអ្នកយាម»។ ដោយឡែក នៅបន្ទប់ទឹកវិញ គេបាញ់ទឹកទុយោសម្រាប់ស្រោចផ្កា លើអ្នកទោស១៥នាក់ រយៈពេល៥នាទី។ លោកវ៉ាន់ ណាតបានរៀបរាប់ថា «យើងមិនដែលបានងូតទឹកពិតប្រាកដនោះទេ ហើយយើងត្រូវឆ្លងជម្ងឺស្បែកគ្រប់ប្រភេទ ព្រោះដីនៅសើម បន្ទាប់ពីការងូតទឹករួច...»។ ដោយត្រូវបង្អត់អាហារ អ្នកទោសខ្លះបានចាប់សត្វល្អិត ដែលធ្លាក់ពីលើពិដាន យកមកបរិភោគ ដោយមិនអោយអ្នកយាមដឹងនោះទេ។ ការស្លាប់កើតមានជាបន្តបន្ទាប់។ «ជួនកាល យើងត្រូវទទួលទាននៅក្បែរសាកសពអ្នកទោស»។
វ៉ាន់ ណាត ប្រែក្លាយជាជាងគំនូររបស់ប៉ុល ពត
មួយខែក្រោយមក គាត់ត្រូវបានគេហៅមកកាន់ជាន់ផ្ទាល់ដី។ នៅទីនោះ «បងខាងកើត» (ឈ្មោះដែលមានឌុច នៅពីក្រោយខ្នង) បានប្រាប់គាត់ថាអង្គការត្រូវការរូបគំនូរមួយ។ គេបានបង្ហាញរូបថតមនុស្សម្នាក់ ដែលគាត់មិនស្គាល់ ហើយមិនមែនជានរណាផ្សេងក្រៅពីប៉ុល ពតនោះទេ។ នេះគឺជាលើកទី១ ចាប់តាំងពីការចាប់ខ្លួនគាត់ ព្រោះគាត់ត្រូវអនុញ្ញាតអោយទទួលបាយ។ ហេតុដូចនេះ គាត់ត្រូវគូររូប រហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ ដែលជាឆ្នាំនៃការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។
©Stéphanie Géeបុរសវ័យ៦០ឆ្នាំផ្លាយរូបនេះបានអះអាងថាគាត់មិនត្រូវបានសួរចម្លើយ នៅមន្ទីរ ស-២១ នោះទេ។ ប៉ុន្តែ ជារៀងរាល់ថ្ងៃ លោកតែងតែលឺសម្លេងស្រែកយ៉ាងខ្លោចផ្សារ ចេញពីអគារ។ ស្ថិតនៅក្នុងបន្ទប់គូរគំនូរនៃមន្ទីរ ស-២១ លោកវ៉ាន់ ណាតបានទទួលលក្ខខណ្ឌនៃការឃុំខ្លួនល្អប្រសើរជាងមុន។ ជានិច្ចកាល រឺអាចជារៀងរាល់ថ្ងៃ ឌុចតែងតែមកពិនិត្យមើលកន្លែងគូររូប។ «រាល់លើក ដែលគាត់ចូលមក យើងត្រូវឈរនៅជ្រុងម្ខាង និងរង់ចាំស្តាប់ការណែនាំ។ យើងត្រូវខ្លោបខ្លាចគាត់ និងត្រូវគោរពគាត់ ដូចជាមនុស្សរបស់អង្គការដ៏សំខាន់បំផុត នៅក្នុងគុក»។
ផ្ទាំងគំនូររៀបរាប់អំពីការភ័យខ្លាច
លោកវ៉ាន់ ណាតឆ្លើយសំណួរផ្សេងយ៉ាងល្អិតល្អន់ ស្ថិតនៅចម្ងាយប៉ុន្មានម៉ែត្រពីជនជាប់ចោទ ដែលនៅតែរក្សាទឹកមុខម៉ឺងម៉ាត់ជានិច្ច។ ផ្ទាំងគំនូររបស់សាក្សីត្រូវបានបង្ហាញនៅលើអេក្រង់ជាបន្តបន្ទាប់។ រូបគំនូរទាំងនោះរៀបរាប់អំពីលក្ខខណ្ឌនៃការឃុំឃាំង និងការធ្វើទារុណកម្មមកលើអ្នកទោស តាមរយៈទិដ្ឋភាពដែលគាត់ធ្លាប់បានឃើញ រឺគេរៀបរាប់ប្រាប់គាត់ និងជួនកាល គាត់ស្រមៃទិដ្ឋភាពដោយខ្លួនឯង។ លោកវ៉ាន់ ណាត ក៏បានធ្វើសេចក្តីអធិប្បាយរូបភាពម្តងមួយៗផងដែរ។ នៅថ្ងៃដែលទីក្រុងភ្នំពេញធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់កងទ័ពវៀតណាម ពួកគាត់មានគ្នាប្រហែល១០នាក់ ត្រូវបានគេបញ្ជាអោយចាកចេញពីកន្លែងរបស់ខ្លួន។ ថ្ងៃទី១០ ខែមករា លោកវ៉ាន់ ណាត បានសម្រេចចិត្តបកក្រោយវិញ ទោះបីជាគាត់ភ័យខ្លាចថាទាហានវៀតណាមនឹងសម្លាប់គាត់ក៏ដោយ។ នៅពេលចូលមកដល់រាជធានីរហោឋានគ្មានប្រជាជន គាត់ត្រូវបានទទួលស្វាគមន៍ពីសំណាក់កងទ័ព«មិត្តភាព» កម្ពុជា ដែលធ្វើដំណើរមកជាមួយកងទ័ពប្រទេសជិតខាង។ នៅពេលគាត់ត្រឡប់ទៅស្រុកកំណើតនៅខេត្តបាត់ដំបង់វិញ គាត់បានជួបជុំភរិយា ប៉ុន្តែ គាត់បានដឹងថាកូនទាំងពីររបស់ពួកគាត់មិនមានជីវិតរស់នៅនោះទេ។
ធ្វើសក្ខីកម្ម ប្រឆាំងនឹងការបំភ្លេច
លោកចៅក្រម ឡាវ៉ែញ បានសុំអោយសាក្សីពន្យល់អំពីការលំបាកផ្សេងៗ ដែលគាត់បានជួបប្រទះ បន្ទាប់ពីការរំដោះខ្លួនចេញពីមន្ទីរ ស-២១ និងបទពិសោធន៍វិនាសកម្មដែលគាត់បានហែលឆ្លងកន្លងមក។ «ការឈឺចាប់ និងការបែកបាក់ ដែលគាត់បានជួបប្រទះ នៅអំឡុងពេលជាប់ឃុំឃាំង និងនៅក្នុងរបបប្រល័យពូជសាសន៍នេះ មិនអាចត្រូវបានបំភ្លេចដោយងាយស្រួលនោះទេ។ ប៉ុន្តែ ខ្ញុំព្យាយាមបំភ្លេចវា។ ខ្ញុំព្យាយាមបំភ្លេច ប៉ុន្តែ វាគឺជាការចងចាំដែលនៅតែអន្ទោលតាមប្រាណខ្ញុំជាប់ជានិច្ច។ យើងមិនអាចបំភ្លេចបាននោះទេ។ ខ្ញុំមិនជឿជាក់ខ្ញុំអាចបំភ្លេចអ្វីដែលបានកើតឡើងមកលើរូបខ្ញុំនោះទេ»។
លោកចៅក្រម ឡាវ៉ែញ បានសួរលោកវ៉ាន់ ណាត ថា «យើងបានឃើញថាលោកបានគូររូបជាច្រើន។ លោកបានត្រឡប់មកកន្លែងដដែល នៅក្រោយថ្ងៃរំដោះខ្លួនចេញរបស់លោកបានបន្តិច ដើម្បីគូររូប។ លោកបានចូលរួមការស្រាវជ្រាវឯកសារ។ លោកបានសរសេរសៀវភៅមួយក្បាល។ តើលោកអាចប្រាប់យើងបានដែររឺទេ ថាហេតុអ្វីបានជាលោកគិតថាវាជារឿងចាំបាច់ ដែលត្រូវផ្តល់សក្ខីកម្ម?» «វាគឺជាអ្វីដែលបានខ្ញុំគិត ខណៈពេលខ្ញុំកំពុងធ្វើជាអ្នកទោស។ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថាប្រសិនជាខ្ញុំអាចនៅមានជីវិតរស់នៅ ហើយប្រសិនជាខ្ញុំអាចគេចចេញផុតពីមន្ទីរ ស-២១នេះ ខ្ញុំនឹងប្រមូលព្រឹត្តិការណ៍ទាំងនេះ ដើម្បីបង្ហាញរឿងរ៉ាវអតីតកាល ប្រាប់ដល់យុវជនអោយបានដឹងលឺអំពីការទទួលរងទុក្ខវេទនារបស់យើងកន្លងមកនេះ [...]។ ខ្ញុំចង់អោយអ្នកដែលបានមកដល់មន្ទីរ ស-២១ ជាមួយខ្ញុំ កុំបំភ្លេចរឿងទាំងនោះ។ ខ្ញុំត្រូវតែនិយាយអំពីរឿងទាំងនេះ។ [...] ហេតុដូច្នេះហើយទើបបានជាខ្ញុំប្តេជ្ញា និងព្យាយាមពន្យល់ក្មេងៗ និងកុមារ នៅក្នុងក្របខ័ណ្ឌកម្មវិធីជាច្រើន អំពីប្រវត្តិសាស្រ្តមួយនេះ រហូតដល់យុវជនជំនាន់ក្រោយបានដឹងលឺអំពីអ្វីៗដែលបានកើតឡើង និងដើម្បីកុំអោយព្រឹត្តិការណ៍ទាំងនេះកើតមានឡើងជាថ្មីម្តងទៀត។
ការទទួលបាននូវយុត្តិធម៌ សម្រាប់អ្នកស្លាប់
ចៅក្រមជនជាតិបារាំងបានសួរថា «តើលោកទន្ទឹងរង់ចាំអ្វីម្យ៉ាងជាពិសេស ពីការកាត់ទោសនេះដែររឺទេ?» វិចិត្រករ វ៉ាន់ ណាតបានឆ្លើយតបវិញថា «ចាប់តាំងពីឆ្នាំ១៩៧៩ ខ្ញុំមិនធ្លាប់គិតស្រមៃថាថ្ងៃមួយ ខ្ញុំអាចនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការមួយ ដើម្បីរៀបរាប់បទពិសោធន៍ជីវិតរបស់ខ្ញុំ ប្រាប់សាធារណៈជន និងក្មេងៗជំនាន់ក្រោយ ដើម្បីអោយពួកគេបានដឹងរឿងរ៉ាវអោយបានកើតមានឡើងលើរូបខ្ញុំផ្ទាល់នោះទេ។ សព្វថ្ងៃនេះ ខ្ញុំមានលទ្ធភាពផ្តល់សក្ខីកម្មជាសាធារណៈ។ នេះគឺជាបុព្វសិទ្ធិមួយ ហើយខ្ញុំមិនត្រូវការអ្វីផ្សេងឡើយ។ អ្វីដែលខ្ញុំចង់បាន គឺជារបស់ម្យ៉ាងដែលគេមិនបានប៉ះពាល់បាន នោះគឺយុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិតទៅ។ ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំនោះ គឺការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ នេះហើយគឺជាអ្វីដែលខ្ញុំទន្ទឹងរង់ចាំពីអង្គជំនុំជម្រះ។ ម្យ៉ាងវិញទៀត ខ្ញុំសង្ឃឹមថានៅពេលការកាត់ទោសត្រូវបានបញ្ចប់ យុត្តិធម៌ពិតជាត្រូវបានផ្តល់ជូនអ្នកស្លាប់។ នេះហើយគឺជាលទ្ធផលដែលខ្ញុំរង់ចាំ»។
លោកចៅក្រមបានចោទសួរឡើងវិញ ទាក់ទងនឹងឧបទ្ទវហេតុមួយរវាងជាងគំនូរឈ្មោះ ប៊ូ ម៉េង និងឌុច។ លោកវ៉ាន់ ណាតបានរម្លឹកថា ប៊ូ ម៉េងត្រូវបានធ្វើទារុណកម្ម ដោយសារគាត់បានប្រព្រឹត្តកំហុសឆ្គងមួយ មិនដឹងថាជាកំហុសអ្វីនោះទេ។
នៅថ្ងៃរសៀល សំណួរគួរអោយឆ្ងល់ និងគ្មានប្រយោជន៍ទៅនឹងអង្គសេចក្តីនៃការកាត់ទោស ត្រូវបានសួរទៅលោកវ៉ាន់ ណាត។ តួយ៉ាង លោកចៅក្រម យ៉ា សុខន បានសួរថា «តើលោកបានមើលស្លាកលេខឡាន ដែលបានដឹកអ្នកទោសមកកាន់មន្ទីរ ស-២១ដែររឺទេ ... រឺមួយគេអោយលោកនិយាយឡើងវិញ នូវអ្វីដែលបានពន្យល់រួចហើយ?»
ជាងគំនូរវ័យ៦០ផ្លាយរូបនេះបានរៀបរាប់សាច់រឿងនេះ «នៅពេលសមាជិកអង្គភាពសួរចម្លើយម្នាក់បានមកទារយកស៊ីម៉ង់ត៍បន្តិច ដែលគាត់ត្រៀមប្រើ ដើម្បីធ្វើរូបសំណាកប៉ុល ពត។ «ខ្ញុំគិតថា គេសុំ ដើម្បីបិទពាងទឹកដែលធ្លាយ។ ប៉ុន្តែ បន្តិចក្រោយមក គាត់ឃើញអ្នកទោសម្នាក់ ត្រឡប់មកវិញ ដោយក្បាលជាប់ស៊ីម៉ង់ត៍...
នៅមន្ទីរ ស-២១ «ឌុចក្តាប់គ្រប់យ៉ាង»
ពេលវេលាសម្រាប់ចៅក្រមត្រូវសួរសំណួរត្រូវអស់ បន្ទាប់មក គឺជាវេនរបស់សហព្រះរាជអាជ្ញា ដែលមានរយៈពេល៣០នាទី។ លោករ៉ូប៊ែរ ប៉ឺទី បានវិលត្រឡប់មកកាន់សវនាការវិញ បន្ទាប់ពីអវត្តមាន តាំងពីថ្ងៃទី២០ ខែមេសាមក។ «តើលោកបានសារភាពអ្វីខ្លះ នៅពេលលោកត្រូវគេសួរចម្លើយ នៅខេត្តកណ្តាល?» «តើលោកអាចប្រាប់បានទេថាតើលោកត្រូវជាប់ឃុំឃាំងនៅអគារមួយណា នៅពេលលោកមកដល់មន្ទីរ ស-២១?» «តើបន្ទប់ជាងគំនូរស្ថិតនៅកន្លែងណា?» [...]។ «តើឌុចពិតជាធ្វើអោយលោកមានអារម្មណ៍ភ័យខ្លាចមែនឬ?» វ៉ាន់ ណាតមិនច្បាស់គ្រប់ចំណុចនោះទេ។ ចម្លើយរបស់លោកវ៉ាន់ ណាត៖ «មន្ទីរ ស-២១ គឺជាមន្ទីរដ៏សំខាន់បំផុត ដែលមានឌុច ជាប្រធាន។ ឌុចក្តាប់គ្រប់យ៉ាង នៅទីនោះ។ ថ្នាក់ក្រោមរបស់គាត់ត្រូវតែគោរព និងខ្លោបខ្លាចគាត់។ ខ្ញុំគិតថាគាត់គឺជាមេដ៏ឈ្លាសវៃ ហើយនៅសម័យនោះ ខ្ញុំមើលឃើញថាគាត់គឺជាមេដ៏មានប្រសិទ្ធិភាពមួយ»។
វ៉ាន់ ណាតឃើញឌុច វៃអ្នកទោស
បន្ទាប់មកទៀត គឺជាវេនរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ដែលមួយក្រុមៗ មានរយៈពេល១០នាទី ដើម្បីសួរសំណួរសាក្សី។ មេធាវីមួយរូបហាក់ចង់បង្ហាញអោយឃើញថា«លោកវ៉ាន់ ណាតបានគូររូបជាច្រើនផ្ទាំង ដែលរៀបរាប់ពីទិដ្ឋភាពនៅមន្ទីរ ស-២១ បន្ទាប់ពីការដួលរលំរបបប៉ុល ពត...។ សាក្សីតែងតែឆ្លើយ ដោយភាពស្មោះត្រង់ ព្រមទាំងបានពន្យល់យ៉ាងក្បោះក្បាលអំពីព្រឹត្តិការណ៍ផ្សេងៗ»។
លោក Werner សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី១ បានសួរត្រឡប់ទៅករណីរបស់ ប៊ូ ម៉េង ដែលត្រូវបានលើកឡើងនៅក្នុងសៀវភៅរបស់លោកវ៉ាន់ ណាត។ «លោកបានសរសេរថា នៅចំពោះមុខលោក ជនជាប់ចោទបានទាត់ចំក្បាល លោកប៊ូ ម៉េង ហើយលោកប៊ូ ម៉េង ដួលភ្លាមទៅនឹងដី។ តើលោកចាំព្រឹត្តិការណ៍នេះដែររឺទេ?» «បាទ! ខ្ញុំចាំបាន»។ គួរអោយសោកស្តាយផងដែរ ដែលនៅសវនាការថ្ងៃនេះ មិនសូវមានសំណួរច្រើន ទាក់ទងនឹងចរឹតរបស់ឌុច នៅមន្ទីរ ស-២១។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី២៩ មិថុនា ២០០៩៖ លោកការ សាវុត្ថ សហមេធាវីរបស់ឌុច
© ស្ទេហ្វានី ហ្សេ
ហេតុអ្វី លោកវ៉ាន់ ណាតមិនចង់សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី
លោកការ សាវុត្ថ សហមេធាវីកម្ពុជារបស់ជនជាប់ចោទ បានព្យាយាមធ្វើអោយសាក្សីនិយាយថាអ្នកយាមអាចធ្វើទារុណកម្មអ្នកទោស ដោយមិនអោយឌុច ដឹង។ ប៉ុន្តែ លោកវ៉ាន់ ណាតបានអះអាងថាគាត់មិនអាចធ្វើសេចក្តីសន្និដ្ឋានបែបនេះបានទេ យោងតាមអ្វីដែលគាត់បានឃើញ។ «តើលោកតែងតែឃើញជនជាប់ចោទធ្វើទារុណកម្មអ្នកទោស នៅអំឡុងពេលលោកជាប់ឃុំឃាំងមែនឬ?» «ការធ្វើទារុណកម្មធ្ងន់ធ្ងរ គ្មាន។ ប៉ុន្តែ ការវៃធ្វើបាប មាន។ គាត់បានធ្វើបែបនោះ»។
ដោយឡែក សហមេធាវីអន្តរជាតិរបស់ឌុច លោកស្រី Marie-Paule Canizares (ដែលជំនួសលោកហ្រ្វង់ស័រ រ៉ូ ដែលអវត្តមាន) បានសួរលោកវ៉ាន់ ណាតថាហេតុអ្វីលោកមិនចង់សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ «មនុស្សមានគោលដៅខុសៗគ្នា។ គោលដៅចំបងរបស់ខ្ញុំ គឺគិតអំពីសុខភាពខ្ញុំ។ ខ្ញុំព្រួយបារម្ភខ្លាចក្រែងមិនអាចចូលរួមសវនាការកាត់ទោសបានជាទៀងទាត់។ ទី២ ខ្ញុំជឿជាក់ថានេះមិនមែនជាបញ្ហាបុគ្គលិកសុទ្ធសាធនោះទេ។ វាគឺជារឿងដែលធ្វើអោយប្រជារាស្រ្តកម្ពុជាទាំងមូលចាប់អារម្មណ៍។ ហេតុដូចនេះ ខ្ញុំមិនចង់ចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីនោះទេ។ ផ្ទុយទៅវិញ ប្រសិនជាអង្គជំនុំជម្រះត្រូវការរូបខ្ញុំ ក្នុងនាមជាសាក្សី ខ្ញុំពិតជាយល់ព្រមផ្តល់សក្ខីកម្ម។ ជាទូទៅ អ្នកដែលសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំសំណង។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំមិនសុំសំណងណាមួយទេ»។
នៅចុងបញ្ចប់សវនាការនាថ្ងៃនោះផងដែរ លោកវ៉ាន់ ណាតត្រូវបានលោកប្រធានតុលាការ ថ្លែងអំណរគុណ ចំពោះការចូលរួមរបស់គាត់។ ដោយត្រូវបានសាកសួរនូវសំណួរជាច្រើន សាក្សីអាចបញ្ជាក់អោយឃើញកាន់តែច្បាស់ពីតួនាទីរបស់ឌុច នៅមន្ទីរស-២១។