កំបូល (កម្ពុជា) ថ្ងៃទី៦ កក្កដា ២០០៩៖ «តើសាក្សីពិតជាត្រូវជាប់ឃុំឃាំងនៅមន្ទីរ ស-២១ មែនឬ?»
©ស្ទេហ្វានី ហ្សេ
អ្នករួចផុតជីវិតពីមន្ទីរឃុំឃាំងស-២១ ដែលសាធារណៈមិនស្គាល់រហូតមកទល់ពេលនេះ បានឡើងមកបង្ហាញខ្លួន និងផ្តល់សក្ខីកម្មជាបន្តបន្ទាប់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ជានិច្ចកាល សក្ខីកម្មរបស់ពួកគេតែងតែមានភាពស៊ីចង្វាក់គ្នាជាមួយចម្លើយជាលាយលក្ខអក្សរនៅក្នុងសំណុំឯកសារសុំចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីរបស់ពួកគេ រឺនៅក្នុងអត្ថបទសរសេររៀបរាប់ពីជីវប្រវត្តិ ដែលពួកគេបានប្រាប់អ្នកសារព័ត៌មាន។ ជាការពិតណាស់ យើងមានអារម្មណ៍ជឿជាក់លើសាក្សីទាំងនេះ ខណៈពេលពួកគេបានរៀបរាប់រឿងទុក្ខវេទនាដែលពួកគេជួបប្រទះ ប៉ុន្តែ នៅមានចំណុចសង្ស័យមួយ នោះគឺថា តើពួកគេពិតជាអ្នកទោសនៅមន្ទីរ ស-២១ រឺមួយនៅពន្ធនាគារមួយផ្សេងទៀត? នេះគឺជាសង្ស័យមួយ ដែលអាចធ្វើអោយសក្ខីកម្មរបស់ពួកគេនឹងចោទជាបញ្ហា ហើយក៏អាចប៉ះពាល់ដល់សក្ខីកម្មពិតប្រាកដរបស់អ្នកនៅរស់រានមានជីវិតផ្សេងទៀត ដែលបានបង្ហាញខ្លួនកាលពីសប្តាហ៍កន្លងទៅនេះ។
ឌុច សំដែងការសង្ស័យលើសក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណីមួយរូប
នៅក្នុងសវនាការ ថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០០៩ សាក្សីថ្មីម្នាក់ទៀតបានឡើងមកផ្តល់សក្ខីកម្ម នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។ ប៉ុន្តែ នៅពេលចាប់ផ្តើមដំណើរការនៃការកាត់ទោស ក្រុមមេធាវីចុងចោទបានលើកឡើងថា «កូនក្តីរបស់ពួកខ្ញុំ [ឌុច] មានមន្ទិលសង្ស័យថាតើសាក្សីដែលយើងនឹងស្តាប់ចម្លើយ នាបន្តិចទៀតនេះ ពិតជាជាប់ឃុំឃាំងនៅមន្ទីរ ស-២១ មែនឬ»។ បន្ទាប់មក សាក្សីថ្មី ឈ្មោះ លី ហ៊ អាយុ ៥៧ឆ្នាំ បានឡើងបង្ហាញខ្លួននៅក្នុងអង្គសវនាការ។ សាក្សីបានពន្យល់ថា នៅឆ្នាំ១៩៧៩ លោកបានផ្លាស់ប្តូរឈ្មោះពី ហៀ ហ៊ មកជា លី ហ៊ វិញ។ ក្រោយមកទៀត អាជីវកររស់នៅខេត្តបន្ទាយមានជ័យរូបនេះ បានរៀបរាប់ដំណើរសាច់រឿង ដែលមានចំណុចជាច្រើន ផ្ទុយស្រឡះពីសក្ខីកម្មរបស់អ្នករស់រានមានជីវិតផ្សេងទៀត ដែលបានផ្តល់សក្ខីកម្មរួចមកហើយ។
លោកលី ហ៊ បានរៀបរាប់ថា គាត់ត្រូវបានកងទ័ពបដិវត្តន៍ជ្រើសរើសបញ្ជូលទៅក្នុងកងវរៈសេនាធំ ចាប់តាំងពីឆ្នាំ១៩៧២មក។ គាត់ត្រូវបានចាប់ខ្លួន និងឃុំឃាំង នៅការិយាល័យ១៤ ស្ថិតនៅភូមិភាគ២៥ នៅឆ្នាំ១៩៧៦។ បន្ទាប់មក គាត់ត្រូវបានផ្ទេរទៅកាន់គុកតាខ្មៅ រួចមក ត្រូវបញ្ជូនទៅគុកទួលស្លែង។ ក្រោយមក គាត់ត្រូវបញ្ជូនទៅគុកព្រៃស មុននឹងអាចរត់គេចខ្លួនបាន និងវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ។

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៦ កក្កដា ២០០៩៖ សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ លី ហ៊
© ស្ទេហ្វានី ហ្សេ
ចំណុចស្រពិចស្រពិលជាច្រើន ដែលត្រូវបានលើកឡើងដោយលោកលី ហ៊ មានដូចជា៖ គាត់បាននិយាយថា នៅពេលគាត់ត្រូវបានបញ្ជូនមកកាន់មន្ទីរ ស-២១ គាត់គឺជាមនុស្សតែម្នាក់គត់នៅពេលនោះ ដែលត្រូវបានគេនាំយកមក ខណៈនេះ គេបានបញ្ជូនមនុស្សជាច្រើនព្រមគ្នា មកកាន់មន្ទីរនេះ។ គាត់បានអះអាងថា នៅពេលមកដល់ គាត់មិនបានទទួលស្លាកឈ្មោះទេ ប៉ុន្តែ មនុស្សភាគច្រើនដែលមកដល់ទីនេះ ត្រូវមានស្លាកឈ្មោះ។ គាត់បានគូសបញ្ជាក់ថា គាត់ត្រូវបានឃុំឃាំង នៅក្បែរផ្ទះបាយ ខណៈពេល រហូតមកទល់ពេលនេះ មិនទាន់មាននរណាម្នាក់អះអាងថាអ្នកទោសអាចនឹងត្រូវយកទៅដាក់នៅកន្លែងនោះទេ...។ «ទេ! គេមិនអោយខ្ញុំដូរសំលៀកបំពាក់ ដែលខ្ញុំពាក់ ពេលមកដល់នោះទេ»។ លោកប្រធានតុលាការ៖ «តើលោកពាក់សំលៀកបំពាក់អ្វី នៅពេលនោះ?» «សំលៀកបំពាក់ពណ៌ខ្មៅ»។ ប៉ុន្តែ សាក្សីផ្សេងៗ ដែលបានឡើងផ្តល់សក្ខីកម្មមុនរូបគាត់ បានពន្យល់ថា សំលៀកបំពាក់ពណ៌ខ្មៅ ត្រូវបានរឹបអូសជាប្រព័ន្ធ នៅមន្ទីរ ស-២១។ លោកលី ហ៊ ក៏បានអះអាងផងដែរថា លោកបានទទួលរបបអាហារនូវបាយមួយចានតូច ស្របពេលអ្នកនៅរស់រានមានជីវិតផ្សេងទៀតបានលើកឡើងថាពួកគេបានទទួលបាយពីរបីស្លាបព្រាប៉ុណ្ណោះ។ នៅត្រង់ចំណុចនេះ ការលើកឡើងរបស់គាត់ផ្ទុយពីអ្វីដែលអ្នកនៅរស់រានមានជីវិតផ្សេងទៀតបានលើកឡើង រហូតមកទល់ពេលនេះ។
លោក លី ហ៊ បានទទួលស្គាល់ថា លោកមិនសូវចាំប្រវត្តិរបស់ខ្លួនច្បាស់លាស់នោះទេ។ ស្រ្តីជនជាតិកម្ពុជាម្នាក់ នៅក្នុងវិចិត្រសាល បានសំដែងការងឿងឆ្ងល់ខ្លាំងៗ នៅពាក់កណ្តាលថ្ងៃត្រង់ថា «បើគាត់មិនចាំអ្វីសោះ ហេតុអ្វីគាត់ត្រូវបានកោះអញ្ជើញអោយមកផ្តល់សក្ខីកម្ម?»
ជនជាប់ចោទត្រូវបានអញ្ជើញអោយឡើងបញ្ចេញមតិយោបល់ ទាក់ទងនឹងសក្ខីកម្មរបស់លោកលី ហ៊។ «ខ្ញុំចង់និយាយថា យោងតាមឯកសារ មិត្ត ហៀ ហ៊ បានស្លាប់រួចទៅហើយ។ ឯកសារទាំងនេះបានបង្ហាញអោយយើងឃើញថាគាត់បានស្លាប់ហើយ។ ប្រសិនជាយើងលើកយកបញ្ជីឈ្មោះអ្នកត្រូវបានកម្ទេចនៅមន្ទីរ ស-២១ ដែលរៀបចំដោយសហព្រះរាជអាជ្ញា នៅទំព័រ៥៩ យើងអាចរកឃើញឈ្មោះ ហៀ ហ៊ និងអាចកត់សម្គាល់បានថាគាត់បានបាត់បង់ជីវិតហើយ»។ សម្រាប់ជនជាប់ចោទ ឈ្មោះ ហៀ ហ៊ និង លោក លី ហ៊ «មិនមែនជាមនុស្សតែមួយនោះទេ»។ ការផ្តល់សក្ខីកម្មរបស់លោកលី ហ៊ ត្រូវបានបញ្ចប់ ជាមួយនឹងភាពស្រពិចស្រពិល។
ការសង្ស័យនៅមានបន្តលើចម្លើយសាក្សីផ្សេងទៀត
ក៏ដូចជានៅក្នុងសវនាការកាលពីថ្ងៃម្សិលមិញ ក្រុមមេធាវីការពារក្តីបានបញ្ជាក់ នៅសវនាការ ថ្ងៃអង្គារ ទី៧ ខែកក្កដា ថាខ្លួនមានការសង្ស័យលើសាក្សីដែលនឹងមកបង្ហាញខ្លួនថាពិតជាត្រូវជាប់ឃុំឃាំងនៅមន្ទីរ ស-២១ មែនឬ។ លោកឡាយ ចាន់ អាយុ៥៥ឆ្នាំ គឺជាកសិករ ដែលបានចូលរួមកងទ័ពបដិវត្តន៍ នៅមុនឆ្នាំ១៩៧៥ ហើយគាត់មានតួនាទីជាអ្នកនាំសារ។ នៅអំឡុងឆ្នាំ១៩៧៦ គាត់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនរយៈពេលប៉ុន្មានខែ នៅមន្ទីរស-២១។ គាត់ត្រូវបានចោទប្រកាន់ថាបានចូលរួម «លួចអង្ករ អោយសត្រូវ»។ ពេលវេលាភាគច្រើន គាត់ត្រូវគេបិទមុខ និងមិនបានមើលឃើញអ្វីទាំងអស់ ក្រៅពីគុករបស់ខ្លួន ហើយនៅក្នុងនោះ គាត់មិនអាចក្រោកឈរបានទេ ដោយសារពិដានទាប។

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៧ កក្កដា ២០០៩៖ លោកឡាយ ចាន់ ដើមបណ្តឹងរដ្ឋប្បវេណី បានរៀបរាប់លំអិតអំពីលក្ខខណ្ឌនៃការឃុំខ្លួនដ៏សែនវេទនា «នៅសាលារៀនទួលស្លែង»។
លោកប្រធាន និល ណុល បានសួរសាក្សីថា «តើលោកអាចស្គាល់ឈ្មោះ កន្លែងឃុំខ្លួនលោកដែររឺទេ?» សាក្សី និងជាដើមបណ្តឹងរដ្ឋប្បវេណីរូបនេះបានឆ្លើយថា «មុនដំបូង ខ្ញុំមិនស្គាល់ឈ្មោះទេ។ ប៉ុន្តែ ថ្ងៃមួយ ខ្ញុំភ្ញាក់ផ្អើលនឹងការសន្ទនាមួយរវាងអ្នកយាមពីរនាក់ ដែលបាននិយាយថា ទីនេះគឺសាលារៀនទួលស្លែង។ […] ហេតុដូចនេះហើយ ទើបបានជាខ្ញុំស្គាល់កន្លែងនោះ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំបានវិលត្រឡប់ទៅកាន់កន្លែងនោះម្តង»។ គាត់បានរៀបរាប់ថា «ទីកន្លែងនោះមានការផ្លាស់ប្តូរ។ វាមិនដូចពីមុនទេ»។
ឌុចៈ «គ្មានអ្វីដែលអះអាងថាគាត់ត្រូវជាប់ឃុំឃាំងនៅមន្ទីរ ស-២១ទេ»
ជនជាប់ចោទត្រូវបានអញ្ជើញឡើងមានមតិយោបល់។ ដោយឈរស្ថិតនៅខាងស្តាំដៃពេជ្ឈឃាតរបស់ខ្លួន កាំង ហ្គិកអ៊ាវ ហៅឌុច បានអះអាងថា គាត់មិនបានដឹងថា «ហេតុអ្វីបានជាឈ្មោះ [ឡាយ ចាន់] អាចត្រូវបានដោះលែងអោយមានសេរីភាព ពីមន្ទីរឃុំឃាំង ស២១។ អ្នកទោសទាំងអស់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្ញុំ ខ្ញុំទទួលបញ្ជាកម្ទេចពួកគេ» ។ មិនត្រឹមតែប៉ុណ្ណោះ ឌុចបានបញ្ជាក់ថា «ខ្ញុំបានទៅបើកមើលបញ្ជីអ្នកទោសនៅ ស២១។ ខ្ញុំរកឈ្មោះមិត្ត ឡាយ ចាន់ អត់ឃើញទេ។ ខ្ញុំសូមបញ្ជាក់ថា រកភស្តុតាងស្អីបន្តិចក៏អត់ឃើញដែរ ថាមិត្តឡាយ ចាន់ ទៅរងទុក្ខនៅមន្ទីរ ស២១»។ ដោយឡែក លោកការ សាវុត្ថ សហមេធាវីរបស់ឌុច បានគូសបញ្ជាក់ថា «ប្រហែលជាលោកឡាយ ចាន់ អាចជាប់ឃុំឃាំងនៅកន្លែងផ្សេង ពីមន្ទីរ ស២១ ព្រោះនៅសម័យខ្មែរក្រហម មានមន្ទីរឃុំឃាំងជាច្រើន»។
មេធាវីការពារក្តីមិនជឿជាក់លើសក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបផ្សេងទៀត
លោក ផក ខាន់ អាយុ៥៧ឆ្នាំ ត្រូវបានហៅមកបង្ហាញខ្លួននៅក្នុងអង្គសវនាការ។ គាត់គឺជាអតីតទាហានខ្មែរក្រហម ចាប់ឆ្នាំពីឆ្នាំ១៩៧៥។ នៅឆ្នាំនោះ លោកបានចូលរួមការរំដោះ និងការជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៨ គាត់ត្រូវបានចាប់ខ្លួន ទោះបីជាគាត់ធ្វើបំពេញការងាររបស់ខ្លួន «បានយ៉ាងល្អប្រសើរ សម្រាប់អង្គការក៏ដោយ»។ នៅចុងក្រោយ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ស២១ និងត្រូវបានសួរចម្លើយ និងវ៉ៃធ្វើបាបដោយរំពាត់។ គាត់បានលឺគេនិយាយអំពី «បងខាងកើត» (ឌុច) ព្រោះការមកដល់របស់បងខាងកើតនៅបន្ទប់សួរចម្លើយ ត្រូវបានស្រែកប្រកាសដោយក្រុមពេជ្ឈឃាត។ «ខ្ញុំមិនដឹងថាគេជានរណាទេ។ ខ្ញុំត្រូវបានដាក់អោយដេកសណ្តូកលើដី ក្តាប់មុខនឹងដី ហើយមនុស្សម្នាក់នោះចូលមក និងអង្គុយនៅលើកៅអី។ ខ្ញុំត្រូវបានសួរសំណួររយៈពេលជាយូរ»។ គាត់ត្រូវជាប់ឃុំឃាំង«រយៈពេលប្រហែល៣ ទៅ៤ ខែ»។

ទីស្នាក់ការសមាគម អាដហុក (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៦ កុម្ភៈ ២០០៩៖ សេចក្តីថ្លែងការណ៍របស់លោក ផក ខាន់ ដើមបណ្តឹងរដ្ឋប្បវេណី
ថ្ងៃមួយ សាក្សី ព្រមជាមួយអ្នកទោសផ្សេងទៀត «ត្រូវបានបោះដូចសត្វជ្រូក» ចូលក្នុងឡាន ដើម្បីនាំចេញទៅកន្លែងមួយដែលមិនស្គាល់។ បន្ទាប់ពីធ្វើដំណើររយៈពេលមួយម៉ោង ពួកគេត្រូវបានដាក់នៅក្នុងផ្ទះឈើមួយ ហើយនៅទីនោះ មនុស្សបានបាត់ខ្លួនជាបន្តបន្ទាប់។ នៅពេលនោះ គាត់មានអារម្មណ៍ថាពេលវេលាចុងក្រោយរបស់គាត់បានមកដល់ហើយ។ ដោយត្រូវបិទមុខ ខ្សែជាប់ក ពួកគេត្រូវបានរុញទៅក្បែរមាត់រណ្តៅ។
«ខ្ញុំសន្លប់ពេញមួយយប់។ នៅពេលខ្ញុំដឹងខ្លួនវិញ ខ្ញុំមានសុខភាពទន់ខ្សោយ និងដើរមិនត្រង់ផ្លូវទេ។ ខ្ញុំព្យាយាមក្រោកចេញពីក្នុងរណ្តៅ។ ខ្ញុំមិនដឹងថាកាលនោះ ខ្ញុំស្ថិតនៅជើងឯកនោះទេ» [ជើងឯកស្ថិតនៅជាយទីក្រុងភ្នំពេញ ហើយនៅទីនោះ អ្នកទោសនៅមន្ទីរស២១ ត្រូវបានសម្លាប់]។ ដោយសេចក្តីព្យាយាម ខ្ញុំបានមកដល់ទន្លេ និងរកបានបន្ទះឈើមួយ ដើម្បីបណ្តែតខ្លួនតាមចរន្តទឹក រហូតដល់ស្ពានជ្រោយចង្វា។ ប៉ុន្មានខែក្រោយមក គាត់បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ នៅខេត្តបាត់ដំបង។