កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី២៨ កក្កដា ២០០៩៖ រូបថតអ្នកទោសនៅមន្ទីរ ស២១ ដែលត្រូវដាក់បង្ហាញនៅលើអេក្រង់ទូរទស្សន៍ នៅក្នុងសវនាការកាត់ទោសឌុច
©ស្ទេហ្វានី ហ្សេ
ក្រោយបញ្ចប់សវនាការកាត់ទោសឌុច រយៈពេលប្រាំថ្ងៃចុងក្រោយនេះ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែកក្កដា ការមន្ទិលសង្ស័យនៅតែបន្តកើតមានដដែល។ ចំណោទនៅតែមាន ពោលគឺ តើការកាត់ទោសឌុច នេះមិនមែនកំពុងតែដើរលើផ្លូវខុសទេឬ? សំណួររបស់ភាគីដើមចោទមានភាពស្រពិចស្រពិលនិងមិនមានលំដាប់លំដោយ។ ដោយឡែក សាក្សីវិញ ពួកគេហាក់ដូចជាមានការស្ទាក់ស្ទើរនៅក្នុងការឆ្លើយបំភ្លឺការពិតនៅចំពោះមុខតុលាការ ដោយសារពួកគេមានការភិតភ័យក្រែងចម្លើយទាំងប៉ុន្មានរបស់ពួកគេបែរត្រឡប់មកដាក់បន្ទុកលើរូបខ្លួនវិញ ព្រោះពួកគេទាំងអស់នោះសុទ្ធតែជាអតីតខ្មែរក្រហមបម្រើការនៅក្រោមបង្គាប់របស់ឌុច នៅមន្ទីរសន្តិសុខ ស-២១។ មិនត្រឹមតែប៉ុណ្ណោះ ជានិច្ចកាល ការកាត់ទោសនេះហាក់បីដូចជាឃ្លាតចាកឆ្ងាយពីអង្គហេតុស្តីពីតួនាទីរបស់ឌុចនៅក្នុងមន្ទីរស-២១ បើទោះបីជាជនជាប់ចោទបានទទួលសារភាពកំហុសនិងព្រមទទួលខុសត្រូវផ្នែកសតិអារម្មណ៍ក៏ដោយ។
តើលក្ខខណ្ឌអ្វីខ្លះនៃការឃុំឃាំងអ្នកទោស? តើពួកគេទទួលបានរបបអាហារគ្រប់គ្រាន់ដែររឺទេ? តើពួកគេមានសភាពរូបរាងដូចម្តេចដែរ?... សំណួរទាំងអស់នេះត្រូវបានចោទសួរឡើងដដែល នៅក្នុងសវនាការកាត់ទោសទាំងប្រាំថ្ងៃ ចាប់ពីថ្ងៃទី ២០ ថ្ងៃទី ២១ ថ្ងៃទី ២២ ថ្ងៃទី ២៧ និងថ្ងៃទី២៨ ខែកក្កដា។ ជាមួយនឹងចម្លើយដដែលៗរៀងលើកដូច្នេះ វាមិនបាននាំមកនូវភស្តុតាងថ្មីៗសម្រាប់សំណុំរឿងនោះទេ។ លោកហ៊ឹម ហ៊ុយ អតីតអ្នកយាមគុក លោកប្រាក់ ខាន់ អតីតអ្នកសួរចម្លើយ លោកគក ស្រូវ អតីតកងការពារ និងលោកសួស ធី អ្នកកាន់បញ្ជីឈ្មោះអ្នកទោស បានឡើងមកបំភ្លឺនៅអង្គសវនាការ ដោយឆ្លើយតបទៅនឹងសំណួរខាងលើទាំងនេះ ដែលជួនកាល ត្រូវបានសួរជាច្រើនលើកច្រើនសារ ក្នុងថ្ងៃតែមួយ។
សាក្សីទាំងបួនខាងលើនេះគួរតែអាចឆ្លើយបំភ្លឺបានក្បោះក្បាយ ទាក់ទងនឹងប្រតិបត្តិការរបស់មន្ទីរឃុំឃាំងនិងធ្វើទារុណកម្មស-២១ ព្រមទាំងទំនាក់ទំនងរបស់ពួកគេជាមួយប្រធានរបស់ខ្លួន នោះគឺឌុច តែម្តង ព្រោះថាអ្នកទាំងនោះសុទ្ធតែបានចូលរួមនៅក្នុងភាពយន្តឯកសាររបស់លោករិទ្ធី ប៉ាន់ ដែលមានចំណងជើងថា «មន្ទីរ ស២១ គុកសម្លាប់របស់ខ្មែរក្រហម» ហើយឈុតខ្លះនៃភាពយន្តឯកសារនេះត្រូវបានចាក់បញ្ចាំង នៅក្នុងអង្គសវនាការ ពេលលោកប្រាក់ ខន ឡើងមកបំភ្លឺ នៅថ្ងៃទី២២ ខែកក្កដា។
នៅថ្ងៃទី២ នៃការផ្តល់សក្ខីកម្មរបស់លោកហ៊ឹម ហ៊ុយ នាថ្ងៃច័ន្ទ ទី២០ ខែកក្កដា អតីតឆ្មាំគុកទួលស្លែងរូបនេះត្រូវបានសាកសួរដេញដោលយ៉ាងយូរ ពីសំណាក់លោកស្រី Studzinsky មេធាវីអន្តរជាតិរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី២ ទាក់ទងនឹងការអនុវត្តការធ្វើទារុណកម្មទៅលើរូបលោកប៊ូ ម៉េង អ្នករស់រានមានជីវិតពីមន្ទីរស-២១ និងជាដើមបណ្តឹងរដ្ឋប្បវេណី ដែលបានផ្តល់សក្ខីកម្មកាលពីថ្ងៃទី១ ខែកក្កដា ព្រមទាំងករណីរបស់ភរិយាលោកប៊ូ ម៉េង។ សំណួរទាំងនេះមិនមានទំនាក់ទំនងផ្ទាល់ជាមួយឌុចនោះទេ។
ដោយឈ្ងោកមុខចុះក្រោម គេចចេញពីក្រសែភ្នែករបស់ជនជាប់ចោទ លោកហ៊ឹម ហ៊ុយ អតីតឆ្មាំគុកខ្មែរក្រហមបានប្រាប់តុលាការថាលោកខ្លាចឌុចនៅឡើយទេ។ ទោះយ៉ាងណា នៅក្នុងអង្គសវនាការ លោកបានបកអាក្រាតពីសកម្មភាពជាច្រើនរបស់ឌុច នៅគុកទួលស្លែង។ «នៅមន្ទីរ ស២១ គាត់គឺជាមនុស្សតែម្នាក់គត់ដែលចេញបញ្ជា!»។ សាក្សីបានរៀបរាប់អំពីបរិយាកាសនៃអារម្មណ៍ភ័យខ្លាចយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាតាមដាននិងឃ្លាំមើលគ្នាទៅវិញទៅមក។ យើងត្រូវគោរពតាមបទបញ្ជា និងរក្សារបៀបរៀបរយ»។ លោកហ៊ឹម ហ៊ុយ បានពន្យល់ថា «ឌុចមិនបានបញ្ឈប់ រឺទប់ស្កាត់ការប្រើប្រាស់អំពើទារុណកម្មនោះទេ»។ លោកបានអះអាងជាថ្មីម្តងទៀតថាលោកធ្លាប់បានលឺ «ឌុច និងហ៊ និយាយគ្នានៅមន្ទីរ ស២១ ថា៖ យើងត្រូវសម្លាប់មនុស្សទាំងអស់ និងត្រូវរក្សាទុកត្រឹមតែ៤លាននាក់ប៉ុណ្ណោះ»។ បន្ទាប់មកទៀត សាក្សីបានលំអិតអំពី«គោលការណ៍ដ៏តឹងរឹង»មួយ ចូលជាធរមាននៅក្នុងមន្ទីរ ស-២១ ដែលត្រូវបានតាក់តែងឡើងដោយឌុច។
បន្ទាប់បញ្ចប់ការផ្តល់សក្ខីកម្មរបស់សាក្សី ឌុចត្រូវបានអនុញ្ញាតអោយធ្វើការកត់សម្គាល់ចំពោះការលើកឡើងទាំងអម្បាលមាណរបស់អតីតកូនចៅរបស់ខ្លួន។ ឆ្លើយតបទៅនឹងអតីតបុគ្គលិកក្រោមបង្គាប់របស់ខ្លួន ឌុចបាននិយាយថា «ហ៊ុយ ដឹងយ៉ាងច្បាស់ថាតើនរណាជាមេ ស-២១ នោះគឺសុន សេន»។ ក្រោយមក ឌុចបានសូមអោយសាក្សី ឆ្លើយបំភ្លឺករណីលោកសាស្ត្រាចារ្យភុង តុន ដែលបានបាត់បង់ជីវិតនៅមន្ទីរស-២១ ខណៈពេល ភរិយា និងកូនស្រីរបស់លោកសាស្រ្តចារ្យបានចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងការកាត់ទោសនេះ។

កំបូល (កម្ពុជា) ថ្ងៃទី២១ កក្កដា ២០០៩៖ លោកប្រាក់ ខន នៅពេលឡើងផ្តល់សក្ខីកម្មនៅក្នុងសវនាការ កាត់ទោសឌុច
©ស្ទេហ្វានី ហ្សេ
អតីតអ្នកសួរចម្លើយនៅគុកទួលស្លែងម្នាក់ទៀតធ្វើជាសាក្សី
លោកប្រាក់ ខន អតីតអ្នកសួរចម្លើយនៅមន្ទីរសន្តិសុខ ស២១ បានឡើងបំភ្លឺនៅតុលាការកាត់ទោសឌុច នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០០៩។ អតីតអ្នកសួរចម្លើយនៅក្នុង «ក្រុមអង្កៀម» រូបនេះបានអះអាងថាកុមារត្រូវបានចាប់នៅមន្ទីរ ស-២១ ហើយលោកបានឃើញឈ្មោះ ដែក ប៊ូ មេឆ្មាំគុក ដណ្តើមយកទារកពីស្រ្តីអ្នកទោសជនជាតិវៀតណាមម្នាក់ «រួចបោះទារកនោះពីជាន់លើមក»។
លើសពីនេះ លោកប្រាក់ ខន បានប្រាប់អង្គសវនាការថា មុនដំបូង លោកបានរៀនសូត្រសួរចម្លើយអ្នកទោស តាមរយៈការសង្កេតមើលមិត្តរួមការងាររបស់គាត់ ចាប់តាំងពីឆ្នាំ១៩៧៦មក ហើយក្រោយមក ឌុចបានបង្រៀនរូបលោក ក៏ដូចជាអ្នកសួរចម្លើយផ្សេងទៀត អំពីបច្ចេកទេសធ្វើទារុណកម្ម និងសួរចម្លើយអ្នកទោស។ លោកប្រាក់ ខន បានលើកឡើងថា «គេបានណែនាំយើងមិនអោយធ្វើទារុណកម្មលើអ្នកទោសហួសហេតុដែលនាំអោយអ្នកទោសស្លាប់ដាច់ខាត បើមិនដូច្នោះទេ យើងនឹងមិនអាចទទួលបានចម្លើយសារភាព ហើយយើងអាចនឹងត្រូវដាក់ពិន័យទៀតផង។ យើងត្រូវបានបង្រៀនអំពីវិធីធ្វើទារុណកម្ម ដូចជាការឆក់ខ្សែភ្លើង ការវៃនឹងរំពាត់ ការយកស្បោងគ្របក្បាលអោយថប់ដង្ហើម និងការយកម្ជុលចាក់ក្រចកជាដើម។
បន្តិចក្រោយមកទៀត លោកប្រាក់ ខន បានលើកឡើងប្រាប់លោកស្រីចៅក្រម Carwright ថាឌុចក៏បានណែនាំអោយអ្នកសួរចម្លើយបង្ខំអ្នកទោសអោយផឹកទឹកនោម និងស៊ីអាចម៍ខ្លួនឯង លុតជង្គត់នៅមុខរូបភាពឆ្កែ ដើម្បីជាការអាម៉ាស់ បង្ខំអោយអ្នកទោសឆ្លើយសារភាព។ ការអនុវត្តការធ្វើទារុណកម្មទាំងនេះត្រូវបានធ្វើឡើងតាមបទបញ្ជារបស់ឌុច តាមរយៈការទំនាក់ទំនងផ្ទាល់មាត់ រឺតាមខ្សែសម្លេង។ លោកបានគូសបញ្ជាក់ថា វិន័យនៅកន្លែងសួរចម្លើយ គឺអ្នកទោសយកមក អត់មានសិទ្ធិធ្វើទារុណកម្មមុនទេ ពោលគឺត្រូវតែសួរដេញដោលអស់ចិត្តជាមុនសិន និងធ្វើរបាយការណ៍ទៅអោយឌុច។ លុះត្រាតែមានបទបញ្ជាពីឌុច ទើបគេហ៊ានធ្វើទារុណកម្មលើអ្នកទោស។

ភ្នំពេញ (កម្ពុជា) ថ្ងៃទី១០ មិថុនា ២០០២៖ លោកប្រាក់ ខន អតីតអ្នកសួរចម្លើយខ្មែរក្រហម នៅមន្ទីរស២១ នៅក្នុងការថតភាពយន្តឯកសាររបស់លោកប៉ាន់ រិទ្ធី «មន្ទីរស២១ គុកសម្លាប់ខ្មែរក្រហម»
©ចន វីង/Magnum
នៅថ្ងៃពុធ ទី២២ ឌុចត្រូវបានហៅអោយឡើងបញ្ចេញមតិយោបល់ទៅនឹងសក្ខីកម្មរបស់លោកប្រាក់ ខន។ តួយ៉ាង ឌុចបានបដិសេធថាអ្នកយាមគុកមិនអាចមានសិទ្ធិបោះកុមារតាមមាត់បង្អួចពីជាន់ខាងលើនោះទេ។ បន្ថែមពីនេះ ឌុចបានអះអាងថាគាត់មិនដែលបានឈានជើងចូលបន្ទប់សួរចម្លើយនោះទេ ហើយក៏មិនធ្លាប់ដឹកនាំការសួរចម្លើយផ្ទាល់ដែរ លើកលែងតែការសួរចម្លើយលើរូបលោកកុយ ធួន (អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរក្រហម)។ ឌុចក៏បានច្រានចោលផងដែរថាគាត់មិនធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយលោកប្រាក់ ខននោះទេ ព្រោះលោកប្រាក់ ខន មានកាតព្វកិច្ចគោរពតាមបទបញ្ជាថ្នាក់លើ និងត្រូវរាយការណ៍ទៅប្រធានក្រុមរបស់ខ្លួន ពោលគឺទៅលោកម៉ម ណៃ រឺហ៊។
មិនត្រឹមតែប៉ុណ្ណោះ អតីតប្រធានមន្ទីរឃុំឃាំងរូបនេះបានព្យាយាមសើចចំអកចំពោះសេចក្តីសន្និដ្ឋានរបស់លោកប្រាក់ ខន ទាក់ទងនឹងការបូមឈាម។ ជនជាប់ចោទបានបដិសេធករណីនេះ ដោយស្នើសុំបង្ហាញភស្តុតាងរូបវ័ន្ត ព្រមទាំងទាមទាររកឯកសារ ដែលអាចអះអាងសំដីរបស់សាក្សី…។

លោកគក ស្រូវ អតីតកងការពារខ្មែរក្រហម នៅមន្ទីរ ស២១
©ស្ទេហ្វានី ហ្សេ
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩ លោកគក ស្រូវ អតីតកងការពារ បានឡើងបំភ្លឺនៅក្នុងអង្គសវនាការ។ លោកស្រីចៅក្រម Cartwright បានព្យាយាមធ្វើអោយសាក្សីរូបនេះអះអាងជាថ្មី នូវការលើកឡើងពីមុនរបស់គាត់ ដែលត្រូវបានធ្វើឡើងជាមួយអ្នកប្រវត្តិសាស្រ្ត ឈ្មោះ ដាវីដ ឆាន់ល័រ (David Chandler) ប៉ុន្តែ លោកបានទទួលចម្លើយបដិសេធយ៉ាងសុភាពរាបសា...។ ជាចុងក្រោយ លោកស្រីបានបែរសំឡឹងទៅរកឌុច ដោយអានសំដីដកស្រង់ ដែលគាត់ធ្លាប់បាននិយាយ នៅក្នុង « កិច្ចប្រជុំជីវភាព» មួយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៦ ហើយសំដីទាំងនោះត្រូវបានសរសេរនៅក្នុងសៀវភៅមួយរបស់ឆាន់ល័រ ៖ « អស់លោកត្រូវកាត់ផ្តាច់ចេញពីគំនិត ដែលថាការធ្វើវ៉ៃអ្នកទោស គឺជាទង្វើដ៏សាហាវព្រៃផ្សៅ។ អស់លោកត្រូវវៃអ្នកទោស ដើម្បីបុព្វហេតុជាតិ វណ្ណៈ និងបុព្វហេតុអន្តរជាតិ»។ ឌុច បានច្រានចោលនូវការកត់ត្រាអំពីការណែនាំអោយធ្វើទារុណកម្មលើអ្នកទោស ដែលមាននៅក្នុងសៀវភៅរបស់អ្នកប្រវត្តិសាស្រ្តសញ្ជាតិអាមេរិករូបនេះ។ ជនជាប់ចោទក៏បាននិយាយផងដែរថាត្រៀមឆ្លើយតបទៅនឹងសំណួរទាំងនេះ «ខណៈពេលដែលលោកឆាន់ល័រ នឹងមកបំភ្លឺនៅក្នុងអង្គសវនាការ»។ បន្ទាប់ពីការផ្តល់សក្ខីកម្មរបស់សាក្សី គក ស្រូវមក ឌុចត្រូវបានអនុញ្ញាតអោយឡើងធ្វើការកត់សម្គាល់លើសក្ខីកម្មទាំងឡាយដែលសាក្សីបានរៀបរាប់។ ឌុចបានច្រានចោលនូវរាល់សក្ខីកម្ម ហើយថា «លោកគក ស្រូវ មិនមែនជាបុគ្គលិកកងការពាររបស់គុកទួលស្លែង ទេ»។ លោកបានលើកឡើងនូវចំណុចមិនស៊ីចង្វាក់មួយចំនួន ព្រមទាំងបានអះអាងថាមិនស្គាល់បុរសម្នាក់នេះទេ។ ទោះយ៉ាងណា សាក្សីនៅតែអះអាងដដែលថា «លោកគឺជាបុគ្គលិកមួយរូបនៅមន្ទីរ ស-២១។ នៅពេលធ្វើជាកងការពារ លោកមានការឈឺចាប់ និងចាត់ទុកខ្លួនឯងគឺជាជនរងគ្រោះ ដែលធ្វើការទាំងបង្ខំ តាមការបញ្ជារបស់ថ្នាក់លើ»។

ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៨ មិថុនា ២០០២៖ លោកវ៉ាន់ ណាត និងលោកសួស ធី នៅក្នុងការថតភាពយន្តឯកសាររបស់លោកប៉ាន់ រិទ្ធី «មន្ទីរស២១ គុកសម្លាប់ខ្មែរក្រហម»
©ចន វីង/ Magnum
នៅថ្ងៃរសៀលនៃសវនាការកាត់ទោស រួចបន្តធ្វើឡើងនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា លោកសួស ធី អតីតអ្នកកាន់បញ្ជីអ្នកទោសនៅគុកទួលស្លែង បានឡើងផ្តល់សក្ខីកម្ម។ សាក្សីបានមានប្រសាសន៍ថានៅពេលអ្នកទោសមកដល់មន្ទីរ ស-២១ «លោកត្រូវធ្វើប្រវត្តិរូបសង្ខេបរបស់អ្នកទោស មុននឹងនាំយកទៅថតរូប និងយកទៅដាក់នៅបន្ទប់ឃុំឃាំង»។ លោកសួស ធីបាននាំយកនូវសក្ខីកម្មដ៏សំខាន់ៗ ទាក់ទងនឹងប្រតិបត្តិការមន្ទីរសន្តិសុខ។ ជាពិសេស លោកគឺជាសាក្សីទី១ ដែលបានលើកឡើងអំពីការបែងចែកនៅមន្ទីរស-២១ ហើយលោកបានរៀបរាប់មែកធាងចំនួន៣ គឺ «មន្ទីរ ស-២១ ក» គឺជាអង្គភាពសួរចម្លើយ និងផ្នែកសេដ្ឋកិច្ច វាយអង្គុលីលេខ និងរូបថត- «មន្ទីរស-២១ ខ» គឺសំដៅអង្គភាពកងការពារ និងអង្គភាពពិសេស ព្រមទាំងក្រុមអ្នកធ្វើម្ហូប - «មន្ទីរស-២១ ឃ» គឺជាអង្គភាពឡូស៊ីស្ទិក ដែលក្រោយមក ត្រូវហៅថា ស-២៤។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី២៨ កក្កដា ២០០៩៖ លោកសួស ធី នៅក្នុងសវនាការកាត់ទោសឌុច
©ស្ទេហ្វានី ហ្សេ
លោកសួស ធីបានលើកឡើងថាលោកគឺជាមនុស្សតែម្នាក់គត់ ដែលត្រូវគ្រប់គ្រងបញ្ជីឯកសារការងារនៅក្នុងមន្ទីរឃុំឃាំងនិងធ្វើទារុណកម្មមួយនេះ។ លោកត្រូវឈរ«ដោយប្រុងប្រយ័ត្ន ២៤ម៉ោង លើ២៤ម៉ោង» ព្រោះ អ្នកទោស «ចាប់ពី ៤នាក់ ១០នាក់ ២០នាក់ រឺ៣០នាក់យ៉ាងតិចបំផុត» អាចនឹងត្រូវដឹកយកមកដល់ បានគ្រប់ពេលវេលា មិនថាថ្ងៃរឺយប់។ នៅពេលអ្នកទោសមកដល់ មានចំនួនតិច ពួកគេត្រូវបានបណ្តើរចាប់តាំងពីមាត់ទ្វារចូលមន្ទីរស-២១ និងដើររហូតដល់បន្ទប់ឃុំឃាំង។ ប្រសិនជាអ្នកទោសមកចំនួនច្រើនវិញ កងកម្លាំងពិសេសដឹកឡានពួកគេ រហូតដល់បរិវេណខាងក្នុង។ នីតិវិធីនេះមានដំណើរយ៉ាងរលូន ពោលគឺ សាក្សី (សួស ធី) ត្រូវចុះទៅជួបអ្នកទោសដែលទើបមកដល់ ដើម្បីចុះឈ្មោះ និងធ្វើប្រវត្តិរូបសង្ខេប រួចប្រគល់អោយទៅកងការពារ ដើម្បីនាំយកទៅដាក់បន្ទប់ឃុំឃាំង អាចជាបន្ទប់ឃុំឃាំងផ្ទាល់ខ្លួន រឺសមូហភាព។ លោកសួស ធីត្រូវប្រគល់បញ្ជីឈ្មោះអ្នកទោសថ្មី «នៅម៉ោង៧ព្រឹក» ដល់ឈ្មោះ ហ៊ រួច ហ៊ ចុះហត្ថលេខាលើបញ្ជីឈ្មោះ ដើម្បីប្រគល់ជូនប្រធានអង្គភាពសួរចម្លើយ។
សាក្សីបានលើកឡើងថា អ្នកទោសសំខាន់ ពួកគេត្រូវឆ្លងកាត់ឌុច តាំងពីពេលមកដល់ភ្លាម។ អ្នកទាំងនោះត្រូវសម្លាប់ ដោយមិនបញ្ជាក់អំពីមូលហេតុ។ មានតែឌុចម្នាក់គត់ ដែលមានសិទ្ធិធ្វើចំណារនៅលើបញ្ជីឈ្មោះ ដោយបញ្ជាក់នៅមុខ ឈ្មោះរបស់ពួកគេ ថា «ត្រូវកម្ទេចចោល»។ សាក្សីត្រូវធ្វើបច្ចុប្បភាពបញ្ជីឈ្មោះអ្នកទោស ដែលត្រូវសម្លាប់។ លោកសួស ធីបានអះអាងថា «នៅអំឡុងពេលធ្វើការនៅមន្ទីរស-២១ លោកមានអារម្មណ៍ភិតភ័យគ្រប់ពេលខ្លាចក្រែងគេចាប់យកទៅសម្លាប់ចោល»។
ខុសពីសាក្សីទាំងបីមុន លោកសួស ធី បានអះអាងថា «លោកមិនត្រូវបានឌុចទាក់ទងមកដោយផ្ទាល់នោះទេ» ប៉ុន្តែ ត្រូវធ្វើឡើងតាមរយៈ ហ៊។ ឆ្លើយតបទៅនឹងសំណួរសហព្រះរាជអាជ្ញាកម្ពុជា សាក្សីបានអះអាងថា «ជាគោលការណ៍ ដើម្បីដឹកអ្នកទោសចេញ រឺចូល ឌុច ក្នុងនាមជាប្រធានមន្ទីរស-២១ គឺជាអ្នកសម្រេច។ គ្រប់យ៉ាងត្រូវតែឆ្លងកាត់ឌុច ជាមុនសិន។ គ្រប់យ៉ាងវាអាស្រ័យលើការអនុញ្ញាតរបស់គាត់»។
អតីតប្រធានគុកទួលស្លែងត្រូវបានអនុញ្ញាតអោយធ្វើការកត់សម្គាល់លើសក្ខីកម្មរបស់សាក្សី ដែលជាអតីតអ្នករៀបចំបញ្ជីឈ្មោះអ្នកទោស។ ឌុចបានបកស្រាយថា «នរណាដែលមិនមានប្រវត្តិរូបជាប់នឹងស-២១ សូមកុំភ្ជាប់ខ្លួនមក ស-២១។ កុំភ្លេចថា ស-២១ គឺជាយន្តការឧក្រិដ្ឋកម្មរបស់ប៉ុល ពត [...]។
ការសួរដេញដោលលើសាក្សីឈ្មោះ សួស ធី បានបញ្ចប់នៅរសៀលថ្ងៃអង្គារ ទី២៨។