កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រចៀវ​រស់​មាន​តម្លៃ​ជាង​ប្រចៀវ​ងាប់
ដោយ ឈាង បុប្ផា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៩-០៥-២០០៨

Image 

© John Vink / Magnum

ប្រទេស​កម្ពុជា​ចិញ្ចឹម​សត្វ​ប្រចៀវ​រាប់លាន​ក្បាល ដែលក្នុង​នោះ​គេ​ឃើញមាន​ពូជ​សត្វ​ជាង​៦០ប្រភេទ​។ ប៉ុន្តែ​ សត្វ​ពូជ​នេះ​កំពុង​តែមាន​ចំនួន​ថយ​ចុះ​។ ទោះ​បីជា​​​ពូជ​សត្វ​​ប្រចៀវ​នេះ​ទទួល​បាននូវការ​កោត​សរសើរ​ជាខ្លាំង​ក៏ដោយ​ ព្រោះ​អាចម៍​របស់​ពួកវា​អាច​យ​កទៅធ្វើ​ជា​​ជី​ធម្មជាតិដ៏​មានប្រសិទ្ធិភាព និង​ជាថ្នាំ​​សម្លាប់​ពពួក​​សត្វ​​​ល្អិតចង្រៃ​ ​ ក៏​​សត្វ​ប្រភេទ​នេះ​គឺ​​ជា​ម្ហូប​អាហារ​ដ៏ពេញ​និយម និង​ជា​គ្រឿង​ក្លែម​ដ៏សំខាន់​របស់អ្នកផឹក​ស្រា។ គេ​ឃើញ​​​ពពួក​សត្វ​ទាំង​នេះ មាន​រស់​នៅ​កន្លែងដ៏ស្ងាត់​ជ្រងំ​មួយ ស្ថិត​នៅក្នុង​ភូមិ​ដ៏តូច​មួយ​ឈ្មោះ អូរ​តាប៉ោង នា​ខេត្ត​ពោធិសាត់ ជាមួយ​ ​​នឹង​អ្នក​ចិញ្ចឹម​សត្វ​មួយ​រូប​ដែល​ប្រៀប​បាន​ដូច​ជា​ទេវតា​ចូល​សន្ធិតក្នុងរូបរបស់​​គាត់​ ព្រោះថា​គាត់​ព្រមលះ​បង់​រាង​កាយ​និង​ព្រលឹង​របស់ខ្លួន​ ដើម្បី​បុព្វហេតុ​សត្វ​ទាំង​នោះ​។

 

ការ​ស្រឡាញ់​សត្វ​ប្រចៀវ​
លោក កេង គីម​សេង បាន​ប្រក់​ដំបូង​​ស្លឹក​ត្នោត​ចំនួន​១៩ នៅ​ជាប់​​នឹង​ដើម​ដូង រឺ​ព្យួរ​ចន្លោះ​ដើម​ឈើនៅ​បរិវេណផ្ទះ ដើម្បី​ធ្វើ​ជម្រក​​អោយ​សត្វ​ប្រចៀវ ព្រោះ​គាត់​​ស្រឡាញ់​​សត្វ​ទាំង​នោះយ៉ាង​​ខ្លាំង​។ គាត់​បាន​កាប់​​ដើម​ឈើ​ហូប​ផ្លែ​​ដែលមាន​ស្លឹក​ទើស​ទែង​ដល់​ការ​ហោះ​ហើរ​ទៅ​មក​របស់​ប្រចៀវ ដើម្បី​ងាយ​ស្រួល​ក្នុងការ​ថែរក្សា​និង​ការពារ​ពួក​វា។ លោក​កេង គីម​សេង​រៀបរាប់អំ​​ពី​សត្វ​ប្រភេទ​នេះ ​ទាំង​អារម្មណ៍​ងុប​ងល់​ ជាមួយនឹង​ស្នាម​ញញឹម​អណ្តែត​អណ្តូង​ ប្រៀប​បាន​ដូច​ជា​កំពុង​តែ​និយាយ​ពី​​​ស្រ្តីគួរ​ជាទីស្រឡាញ់​មួយ​រូបអញ្ជឹង​។ គាត់«​រស់នៅ​»​ជាមួយ​ដែន​ដី​សត្វ​ប្រចៀវ​នេះ​អស់​រយៈពេល​២៦ឆ្នាំ​មកហើយ​។ គាត់ទាម​ទារ​ថា​ «ខ្ញុំ​ចង់​អោយ​គេ​ស្រឡាញ់​ចូល​ចិត្ត​សត្វ​ប្រភេទ​នេះ​។ កាលណា​មានសត្វ​ប្រចៀវ​កាន់​តែ​ច្រើន នោះ​សត្វ​ល្អិត​ដែល​ម​កបំផ្លាញ​ដំណាំ​នឹង​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ។ យើង​​ត្រូវ​​ដឹង​ថា​ពួកវា​ជួយ​ពួកយើង​ កម្ចាត់«​សត្វ​ល្អិត​ចង្រៃ​»អោយអស់​។

ការងារ​បន្ត​តាំង​ពី​ឪពុក​រហូត​មកដល់កូន​
អ្នក​​ចិញ្ចឹម​រូបនេះ​ធ្លាប់​ស្គាល់​អាចម៍​ប្រចៀវ​​តាំង​ពីកុមារភាព​មក​ម្ល៉េះ​។ គាត់​នៅ​ចាំ​ពីសកម្មភាព​ការងារ​​​របស់​ឪពុក​របស់គាត់​ នៅ​មុន​សម័យ​សង្រ្គាម​ ដែល​បាន​ចិញ្ចឹម​ថនិកសត្វ​ប្រភេទ​នេះ​តែ​មួយ​មុខ​គត់​។ ក្រោយ​របបខ្មែរក្រហម​ ផ្ទះ​សត្វ​ទាំង​នោះ​ត្រូវ​បាន​ដុ​ត​បំផ្លាញ​។ ប៉ុន្តែ របប​ប៉ុល ពត​បាន​ផ្តល់​ជំនាញដ៏​​ប៉ិន​ប្រសប់​មួយ​ដល់​គាត់​ នោះគឺ​ការ​ផលិត​ជី​ធម្មជាតិ​តាម​រយៈលាមក ព្រោះ​កាល​នោះ គាត់​ត្រូវ​គេ​បញ្ជា​អោយ​ទៅ​ធ្វើ​ការ​ងារ​នេះ​នៅក្នុង​សហករណ៍​កសិកម្ម​។ គាត់​មាន​បំណង​ចង់​បញ្ជូន​មនោសញ្ចេតនា​ស្រឡាញ់​សត្វ​ទាំង​នេះ​ទៅអោយ​កូន​ៗ​របស់​គាត់​ ព្រោះ​ ​គាត់​មិន​ដែល​ភ្លេច​ទេ​ថា កូន​ៗរបស់គាត់​អាច​រស់នៅ​បានរហូតមក​ គឺ​ដោយ​សារ​តែ​ការ​លក់​ជីអាចម៍​ប្រចៀវ​ និង​ចង់អោយ​កូនៗ​ដឹង​គុណ​ចំពោះ​សត្វ​រាត្រីចរ​ទាំង​នេះ​។

ការចិញ្ចឹម​ដើម្បីថែរក្សាបរិស្ថាន
បច្ចុប្បន្ន ក្រុមគ្រួសារ​របស់គាត់​មាន​ប្រចៀវ​ពី ៥០០ ទៅ ៦០០០ ០០០ ក្បាល​ ដែល​អាច​ផលិត​អាចម៍​បាន​៣០គីឡូ​ក្នុងមួយ​ថ្ងៃ។ លោក​គឹមសេង​ក៏ប្រមូល​ទិញ​អាចម៍ប្រចៀវ​ពីអ្នក​ភូមិ​ជា​ច្រើន​ទៀត​​ដែរ ដើម្បី​អោយ​អ្នកភូមិទទួល​យក​មុខរបរនេះ និងដើម្បី​​លើកទឹកចិត្ត​ពួកគេ​កុំ​អោយសម្លាប់​សត្វ​ប្រចៀវ ​ ព្រោះ​ថាបើ​អាចម៍ប្រចៀវ​គ្មានអ្នកទិញ​​ទេ​ ពួកគេ​នឹង​ឈប់​ចិញ្ចឹម​វាមិនខាន។​
អតិថិជន​មក​ពីគ្រប់ច្រកល្ហក​នៃប្រទេស​កម្ពុជា​ ដើម្បី​ទិញ​អាចម៍ប្រចៀវ​នៅផ្ទះ​គឹមសេង ក្នុង​តម្លៃ​ ​៥០០ ០០០ រៀល​(១២៥ដុល្លារ)​សម្រាប់​អាចម៍ប្រចៀវ​ ៥០ គីឡូ។ ប៉ុន្តែ​អ្នក​ចិញ្ចឹម​រូប​នេះ​ប្រុង​ប្រយ័ត្ន​បំផុត គាត់​មិន​ចេះតែ​លក់​ផលិតផល​ដ៏មានតម្លៃ​របស់គាត់​អោយគេ​ផ្តេសផ្តាសនោះទេ។ «ខ្ញុំ​ទទួល​តែ​អ្នក​ណា​ដែល​ត្រូវការ​វា​ដើម្បី​ប្រើ​ក្នុង​ចម្ការ​ផ្លែ​ឈើ ឬ​ច្បារបន្លែ​របស់​គេ​ប៉ុណ្ណោះ។ ខ្ញុំ​មិនចង់​អោយ​ជី​ដ៏ល្អ​នេះ​ត្រូវ​ខ្ជះខ្ជាយ​ទៅក្នុង​សាកវប្បកម្ម​នោះទេ...»។


Cambodge - Pursat - chauves-souris - abris © John Vink / Magnum 
© John Vink / Magnum

នៅពេលមាន​ទាហាន​ឬ​ក៏បេសកជន​​របស់​​អាជ្ញាធរមូលដ្ឋាន​ មក​ផ្ទះគាត់​ដើម្បី​ទទូច​​អោយ​គាត់​លក់​សត្វ​ប្រចៀវ​ទាំងនេះ​ទៅ​អោយ​ពួកគេ​ លោក​គឹមសេង​មិន​ស្លន់​ស្លោឡើយ។ គាត់​បដិសេធ​ដាច់អហង្ការ ហើយ​ធ្វើ​ជា​មិនឮ​ពាក្យ​គំរាមកំហែង​របស់​ពួកគេ​។ ប្រសិន​បើ​អតិថិជនមិនគួរ​ជា​ទី​រាប់អាន​​ទាំងនេះ​ ទុកពេលខ្លះ​អោយ​គាត់ធ្វើ​ការពន្យល់ គាត់​នឹង​ផ្តល់​មេរៀន​ខ្លីមួយ​អំពី​អត្ថ​ប្រយោជន៍​នៃការការពារ​សត្វ​ប្រចៀវ​។  អ្នកចិញ្ចឹម​សត្វប្រចៀវផ្សេងទៀតមិន​មាន​ភាពក្លាហាន​ដូច្នេះទេ ពួកគេសារភាពថា​ ពួកគេ​​បាន​យល់​ព្រម​តាម​ការស្នើ​នេះ ព្រោះ​ខ្លាច​អ្នក​​ទាំង​នោះមាន​ការ​​គុំ​កួន។ លោកគឹមសេង​ខឹងសម្បារថា ៖ «មនុស្ស​គឺ​ជាសត្រូវ​ទី​មួយ​របស់​សត្វប្រចៀវ បន្ទាប់​មក​គឺ​សត្វពស់ និង​មៀម!​ ប៉ុន្តែ​បើ​តាមច្បាប់​ វា​មិនមែន​ជា​សត្វ​សម្រាប់​យើង​បរិភោភ​ទេ​!»។

សហគមន៍អភិរក្ស​សត្វប្រចៀវ​ទន់ខ្សោយ
លោកគីម​សេង​មិន​សប្បាយ​ចិត្ត​នឹង​ក្រសែភ្នែក​របស់​ជនរួម​ជាតិ​ឯទៀត​ដែល​ចូល​ចិត្ត​​បរិភោគ​សាច់ប្រចៀវ ហើយ​លោក​​​មាន​ការ​ហត់​នឿយ​ក្នុងការ​តស៊ូ​ការពារ​សត្វទាំងនេះ​តែ​ម្នាក់​ឯង​។ ហេតុ​នេះ​​ហើ​យ​បាន​ជាគាត់​អរគុណ​ជា​ខ្លាំង​ដល់អន្តរាគមន៍​របស់​អង្គការ​បរិស្ថាន​មួយ​ គឺ​ Wildlife Conservation Society ដែល​បាន​ធ្វើ​អោយ​អាកប្បកិរិយា​​អ្នកភូមិ​គាត់​ផ្លាស់ប្តូរ។ នៅ​ឆ្នាំ​២០០៤ ប្រជាពលរដ្ឋ​នៅ​ភូមិអូរ​តាប៉ោង​ចំនួន​២៥គ្រួសារ​បាន​ទទួលប្រាក់​ ១៨០ ០០០ (៤៥ដុល្លារ​) ក្នុង​មួយគ្រួសារ ដើម្បី​រៀបចំ​ជម្រក​អោយ​សត្វប្រចៀវ​នៅ​ជុំ​វិញ​ផ្ទះ​។ នៅឆ្នាំ​២០០៨ គឺ​មានតែ​ ៧ គ្រួសារប៉ុណ្ណោះ​ដែល​នៅ​បន្ត​បេសកកម្ម និង​បន្តប្រមូល​កើប​អាច​ម៍ប្រចៀវ​នេះ។ អ្នក​ផ្សេងទៀត​បាន​បោះបង់​មុខរបរ​នេះ​ចោល ដោយ​យក​លេស​ថាខ្វះ​ថវិកាក្នុង​ការ​ជួសជុល​ជម្រក​សត្វប្រចៀវ ដែល​ខូច​ខាត​ដោយសារ​​ទឹកភ្លៀង និង​ទឹក​នោម​ប្រចៀវ​។


ប្រឈមមុខនឹង​អសុឆន្ទៈរបស់អ្នក​ភូមិ​ លោកគឹមសេង​មានប្រាសាសន៍ថា ៖ «វា​គឺ​ជា​សិល្បៈមួយ​ក្នុងការធ្វើ​​ជម្រក​ដែល​សត្វប្រចៀវចូលចិត្ត​នៅ​!​ ខ្ញុំ​មាន​បច្ចេកទេស​មួយ​ ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​ជានិច្ច​នឹង​បង្ហាញ​ប្រាប់​វិធីនេះ​ទៅ​អ្នក​ដទៃ​ ដែល​ខ្វាយខ្វល់​នឹង​ការការពារ​សត្វទាំងនេះដូចខ្ញុំ​ដែរ»។ ​អ្នកជិតខាង​ម្នាក់​ អាយុ​៧០ឆ្នាំ​ប្លាយ មិនស្ទាក់​ស្ទើរ​នឹង​ការ​ទទួល​យក​ការណែនាំ​ពី​អ្នក​ចិញ្ចឹម​ដ៏ប៉ិនប្រសប់​នេះទេ​។ គាត់​នៅ​សល់​តែ​ជម្រក​សត្វ​ប្រចៀវ​តែ​មួយ​គត់​ ព្រោះ​​សត្វឃ្មុំ​បានមកតាំង​សំបុក​ធ្វើ​អោយសត្វ​ប្រចៀវ​គាត់មួយ​ផ្នែក​ចេញទៅអស់។ ដោយ​មិន​ចាំ​បាច់​គេសួរ​ឡើយ អ៊ំស្រី​ជា​ ហ៊ាង ​បានកាត់​ក្តី​ជីគីមី​«ដែល​មានតម្លៃ​ថ្លៃ ធ្វើ​អោយ​ក្តាំងដី និង​ធ្វើ​ទិន្នផលមិនល្អ»។

ភាពព្រងើយកន្តើយរបស់​អាជ្ញាធរ
អំឡុងពេលនៃ​ការធ្វើ​បទសម្ភាសន៍ កូនប្រុស​ម្នាក់​របស់​លោក​គឹមសេង​​រត់​មក​ប្រាប់​ឳពុក​ថា មាន​គេ​​ដាក់​សំណាញ់​នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពីផ្ទះ។ អ្នក​ចិញ្ចឹម​ប្រចៀវ​រូប​នេះ​ដឹងរួច​​ស្រេច​ទៅ​ហើយថា ប្រចៀវ​រាប់​រយក្បាល​នៅក្នុងភូមិ​នឹង​ជាប់​​នៅ​ក្នុង​អន្ទាក់​នេះ ហើយ​ត្រូវបញ្ចប់​​នៅ​ក្នុង​ចាន​របស់​អ្នកល្មោភ​មួយ​ចំនួន​។ បើតាមរូប​លោក ស្ថានការណ៍​គ្មានអ្វី​​ល្អ​ប្រសើរ​ទេ បើទោះ​ជាមាន​ការដាក់បន្ថែម​នៅ​ឆ្នាំ​២០០៧​នៅក្នុងច្បាប់​ស្តីពីការអភិរក្ស​ព្រៃឈើ និង​ជីវិតសត្វព្រៃ ដែល​បាន​ដាក់​សត្វប្រចៀវ​នៅ​ក្នុងបញ្ជី​សត្វ​អភិរក្ស​ក៏ដោយ​។ គាត់សង្កេតឃើញថា ច្បាប់​នេះ​មិនត្រូវ​បានគេ​អនុវត្ត​នោះឡើយ​។


លោកគឹមសេង​រម្លឹកថា ៖ «ពេលខ្លះ​ យើង​ត្រូវ​ទៅដោះ​សំណាញ់​ដាក់ដោយ​អ្នក​ប្រមាញ់​នៅពេល​យប់​នោះចេញ​។ ជនទុច្ចរិត​ត្រូវ​ចាប់ខ្លួន​បាន​មែន ប៉ុន្តែ​ពេល​ណា​នគរបាល​ផ្តល់​ដំបូន្មាន​ពួកគេ​រួច​ហើយ​ ពួកគេ​ក៏​ត្រូវ​បានដោះលែងវិញភ្លាម​.... ប្រធានឃុំ​ក៏ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​មិនយក​ចិត្ត​ទុក​ដាក់​នឹង​សារសំខាន់​ដែលត្រូវ​ការពារ​ថនិកសត្វ​នេះទេ។ ពួកគេ​មិន​ចាប់​អារម្មណ៍​ទេ។ ដូច្នេះ ខ្ញុំ​ក៏​ឈប់​ចាប់​សំណាញ់​ ព្រោះ​ខ្លាច​មាន​បញ្ហា​ជាមួយ​ម្ចាស់​សំណាញ់​ទាំងនោះ ហើយ​ម្យ៉ាងទៀត​ខ្ញុំ​​គ្មាន​សមត្ថកិច្ច​ធ្វើ​ដូច្នេះទេ»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ការប្រមាញ់សត្វប្រចៀវត្រូវបានហាមឃាត់
សារាចរចេញនៅឆ្នាំ២០០៧ ដើម្បីបំពេញ​បន្ថែម​​មាត្រាមួយលើច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ បានដាក់ទោសការបរបាញ់សត្វប្រចៀវជាបទ​ឧក្រិដ្ឋប្រភេទទី២។ អ្នកបរបាញ់ទាំង​ឡាយណា​ដែល​ព្យាយាមប្រព្រឹត្តអំពើនេះ នឹងត្រូវប្រឈម​មុខនឹងការដាក់ទោសជាប់ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់ពីមួយលានដល់​១០​លាន​រៀល។

គម្រោងអភិរក្សសត្វប្រចៀវ
អង្គការ Wildlife Conservation Society បានចាប់ផ្តើមកម្មវិធី​មួយ​នៅ​ឆ្នាំ​២០០៦ ក្នុងការអភិរក្សពូជ សត្វប្រចៀវ ដោយ​ផ្តោតលើសត្វដែលរស់នៅក្នុងរូងភ្នំ (Scotolus ​Kuhlii) និងសត្វពួន​សម្ងំ​នៅក្នុងដើមត្នោត (Tadareda Plicata)។ សត្វទាំងពីរប្រភេទជាបាណកសី។ លោក​យឹម សាក់សាង អ្នកជំនាញផ្នែកថនិកសត្វនៅ ​WCS បានលើកឡើងថា សត្វប្រចៀវអាច​ស៊ីសត្វល្អិត​រហូតដល់ ១ ២០០ ក្នុងរយៈពេលមួយម៉ោង។ លោកពន្យល់ពីហេតុផលពីរនៃការអភិរក្សសត្វ​ប្រភេទនេះ គឺការពារបរិស្ថាន និងលើក​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការលក់​អាចម៍របស់វា។ អ្នកស្រាវជ្រាវរូបនេះ​ដែល​ត្រៀម​ខ្លួននឹងធ្វើការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ជន​រួមជាតិ លោក គូសបញ្ចាក់ថា៖ «ជនជាតិ​កម្ពុជាខ្លាចសត្វទាំងនេះ ហើយសម្លាប់ និង​បរិភោគវា។ គេប្រទះឃើញមាន​សាច់ប្រចៀវ​នៅលើទីផ្សារ និងនៅក្នុង​ភោជនីយដ្ឋាន​មួយ​ចំនួន»។

អ្នកផ្ទុកមេរោគឆ្កួត
លោកយឹម សាក់សាង មកពី WCS រៀបរាប់​ថា ការសិក្សាមួយបានអោយគេអាច​ផ្ទៀង​ផ្ទាត់រកឃើញនៅក្នុងខ្លួនសត្វប្រចៀវកម្ពុជា មេរោគមួយឈ្មោះ « rabis » (រោគឆ្គួត) ដែលមនុស្សអាចឆ្លងវាបានតាមរយៈប្រចៀវខាំ។ ប៉ុន្តែអ្នកស្រាវជ្រាវរូបនេះអះអាងថា «គ្មានការ​ចម្លងណាមួយមកលើមនុស្សត្រូវរកឃើញនៅ​ឡើយរហូតមកដល់ថ្ងៃនេះ»។ លោកបន្ថែមថា សូមអោយជនជាតិកម្ពុជាកុំព្រួយបារម្ភអី «សត្វ​ប្រចៀវវាយប្រហារលើអ្នក ល្គឹកណាតែ​អ្នក​រំខាន​វាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គេក៏មាន​ថ្នាំចាក់​ការពារដែរ»។

តើតំបន់ណានៃប្រទេសកម្ពុជាសម្បូរសត្វប្រចៀវ​ជាងគេ?
ពពួកថនិកសត្វចេះហើរ​ច្រើនរស់នៅ​ក្នុងរូង​ភ្នំនៅក្នុងខេត្តបាត់ដំបង កំពត កំពង់សោម និងស្ទឹងត្រែង។ ចំនួនសត្វនេះត្រូវគេប៉ាន់​ស្មានថាមាន៦លានក្បាល។ ចំណែកសត្វ​ប្រចៀវគេចិញ្ចឹមវិញរស់នៅក្នុងដើមត្នោត នៅខេត្តកំពង់ចាម ពោធិសាត់ កំពង់ធំ តាកែវ​ កណ្តាល និងកំពត ដែលមានចំនួនរហូត​ដល់​២​លានក្បាល។ ជីអាចម៍ប្រចៀវផលិតដោយ​សត្វប្រចៀវនៅតាមរូងភ្នំគឺល្បីថាមានជីជាតិ​ខ្លាំង ព្រោះវាប្រមូលផ្តុំនូវអាចម៌ប្រចៀវ និងទឹក​នោមរបស់វា។

ដើម្បី​យល់​ដឹងបន្ថែម​អំពី​សត្វប្រចៀវ
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ